Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ប្រកាសព័ត៌មាន 1030
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពី៖ របាយការណ៍ស្តីពីការខូចខាតប្រាសាទព្រះវិហារ ដោយសារការវាយប្រហារប្រដាប់អាវុធពីសំណាក់កងទ័ពថៃត្រូវបានលាតត្រដាង អមដោយវិធានការអភិរក្ស និងសង្គ្រោះប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាស្នាដៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ៖

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាបកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយមានតំណាងមកពីចិននិងឥណ្ឌា ជាសហប្រធាន។

កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន ៥ប្រទេស រួមមាន៖ បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាម៉េរិក រួមទាំងប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិនិងអន្តរជាតិ និងអ្នកស្រាវជ្រាវខ្មែរ និងបរទេស ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១៥៨រូប។ កិច្ចប្រជុំនេះ គឺដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។

អង្គប្រជុំបានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ និងផលប៉ះពាល់លើសហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋម និងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរ។ ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។

នៅមុនកិច្ចប្រជុំនេះ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការ ICC-ព្រះវិហារ ក៏បានបំពេញទស្សនកិច្ច និងពិភាក្សាការងារអភិរក្ស និងជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមីនា ឆ្នាំ២០២៦ ជាពិសេសការចុះពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារ និងផលប៉ះពាល់លើវិស័យទេសចរណ៍និងសហគមន៍ ដើម្បីរៀបចំរបាយការណ៍ និងអនុសាសន៍ សម្រាប់កិច្ចប្រជុំ ICC-ព្រះវិហារ។

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានជូនដំណឹងអំពីបេសកកម្មប្រឹក្សាយោបល់បច្ចេកទេសរបស់អង្គការយូណេស្កូ និង ICOMOS ចុះមកពិនិត្យប្រាសាទព្រះវិហារនៅសប្តាហ៍ទី១ ក្នុងខែមីនា តាមការអញ្ជើញរបស់កម្ពុជាស្របតាមគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោក។ គោលបំណងនៃបេសកកម្មនេះ គឺដើម្បីវាយតម្លៃស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្តល់យោបល់បច្ចេកទេស ដើម្បីគាំទ្រដល់ការងារអភិរក្សរយៈពេលវែង ស្របតាមគោលបំណងរបស់អនុសញ្ញាបេតិកភណ្ឌពិភពលោក និងគោលការណ៍ប្រតិបត្តិ។ របាយការណ៍នៃបេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជា ស្របតាមបេសកកម្មផ្តល់យោបល់បច្ចេកទេសដែលធ្លាប់បានអនុវត្តកន្លងមក។

សហប្រធានចិននិងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជាសមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារ និងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធានទាំងពីរ បានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេលដែលស្ថានភាពវិលមកប្រក្រតីភាពវិញ។

អង្គប្រជុំក៏បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា៖
-អនុវត្តការងារបន្ទាន់មួយចំនួន ដូចជាការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ
-ការរៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារ និងបរិវេណភ្នំទាំងមូល
-ការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។

សូមរម្លឹកជូនថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីស្ថានភាពខូចខាតរមណីយដ្ឋានប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងនោះមានទាំងការខូចខាតប្រាង្គប្រាសាទនិងតំបន់ជុំវិញ រួមទាំងវត្តកែវសិក្ខាគីរីស្វារៈផងដែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវដល់អង្គការ និងសហគមន៍អន្តរជាតិផ្តល់ការគាំទ្រចំពោះវិធានការបន្ទាន់នានា សំដៅការពារប្រាសាទពីការវាយប្រហារបន្ថែម និងគាំទ្រដល់ការអភិរក្សបន្ត និងជួសជុលស្តារប្រាសាទឡើងវិញ។

ទន្ទឹមនឹងនោះ ក្រសួងក៏បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ អនុសញ្ញា និងពិធីសារក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវបានបង្កើតឡើងសម្រាប់ចងភ្ជាប់រដ្ឋភាគីទាំងអស់ឱ្យគោរព និងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសាកល៕

សូមអរគុណ!

អត្ថបទទាក់ទង