តើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៉ីរ៉ង់ ជាការគំរាមកំហែងបន្ទាន់មែនឬ?
(វ៉ាស៊ីនតោន)៖ នៅក្នុងវីដេអូមួយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រកាសថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៉ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៉ីរ៉ង់បានព្យាយាមស្ដារកម្មវិធីនុយក្លេអ៊ែរឡើងវិញ ហើយការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងធានាបានថាអ៉ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ។ ប៉ុន្តែនៅពេលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈនោះដែរ វាគ្មានភស្តុតាងណាមួយបញ្ជាក់ បានថាអ៉ីរ៉ង់បានចូលរួមក្នុងសកម្មភាពនុយក្លេអ៊ែរដែលនឹងបង្កការគំរាមកំហែងបន្ទាន់ចំពោះសហរដ្ឋអាមេរិកនោះទេ។ ទាំងលោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏មិនបានបង្ហាញភស្តុតាងណាមួយថា កិច្ចប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរកំពុងធ្វើឡើងនោះដែរ។ លើសពីនេះទៅទៀត នៅឯសនិ្នសីទសារព័ត៌មាន កាលពីថ្ងៃទី២ ខែមីនា នាយកទីភ្នាក់ងារថាមពលអតូមិកអន្តរជាតិ IAEA លោក Rafael Mariano Grossi បាននិយាយថា «យើងមិនឃើញមានកម្មវិធីជាលក្ខណៈប្រព័ន្ធមួយដើម្បីផលិតអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៉ីរ៉ង់នោះទេ»។
មួយថ្ងៃបន្ទាប់មកទៀត នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក CNN លោក Grossi ត្រូវបានសាកសួរថាតើអ៉ីរ៉ង់ពិតជាស្ថិតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ពីការផលិតបានគ្រាប់បែកនុយក្លេអ៊ែរ ឬក៏យ៉ាងណា ចម្លើយរបស់ លោកគឺ «ទេ»។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២៥ ទំនងជាបានបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រតិបត្តិការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅឯរោងចក្រចំនួន២ គឺ Natanz និង Fordow ហើយការខូចខាតនេះក៏ទំនងជា ធ្វើឱ្យរោងចក្រទាំង២នេះមិនអាចធ្វើប្រតិបត្តិការបានទេ ហើយដូច្នេះអ៉ីរ៉ង់មិនមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យដល់៩០ភាគរយដែលជាកម្រិតគ្រប់គ្រាន់ផលិតអាវុធនុយក្លេអ៊ែរឡើយ។ មិនតែប៉ុណ្ណោះ សូម្បីតែរូបភាពផ្កាយរណបជាច្រើន បានគាំទ្រការវាយតម្លៃដែលថាទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ទាំង២បានផ្អាកធ្វើប្រតិបត្តិការ។
អ៉ីរ៉ង់បានប្រកាសឱ្យដឹងថាខ្លួនមានរោងចក្រនុយក្លេអ៊ែរទី៣ ស្ថិតនៅក្នុងទីក្រុង Esfahan ជាទីដែល IAEA មានគម្រោងចុះធ្វើអធិការកិច្ចនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តែដំណើរទស្សនកិច្ចនេះត្រូវបានលុបចោល នៅពេលអ៉ីស្រាអែល វាយប្រហារលើអ៉ីរ៉ង់។ IAEA មិនបានដឹងពីទីតាំងពិតប្រាកដ និងស្ថានភាពនៃរោងចក្រនុយក្លេអ៊ែរទី៣នេះទេ បើទោះជាក្នុងរបាយការណ៍កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ IAEA បានកត់សម្គាល់ថាអ៉ីរ៉ង់បានជូនដំណឹងដល់ខ្លួនថារោងចក្រ ចម្រាញ់អ៊ុយរ៉ាញ៉ូក្នុងទីក្រុង Esfahan ក៏រងការខូចខាតក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលពីខែមិថុនាដែរក៏ដោយ។ ការអះអាងនេះ ទោះជាយ៉ាងណា នឹងមិនអាចត្រូវបានវាយតម្លៃទេ រហូតទាល់តែ IAEA អាចចុះទៅពិនិត្យ ជាក់ស្ដែង។ ប៉ុន្តែបើទោះជារោងចក្រ Esfahan មិនរងការខូចខាតក៏ដោយ ក៏វាគ្មានភស្តុតាងសន្មត់បានថាអ៉ីរ៉ង់កំពុងស្ដារឡើងវិញនូវសារធាតុអ៊ុយរ៉ាញ៉ូម ៤៤០គីឡូក្រាម ឬស្ម្មើនឹងកម្រិត៦០ភាគរយដែលស្ថិតនៅក្បែរកម្រិតផលិតអាវុធនុយក្លេអ៊ែរ នោះដែរ។ ភាគច្រើននៃអ៊ុយរ៉ាញ៉ូម៦០ភាគរយទំនងជាត្រូវបានរក្សាទុកនៅរូងក្រោមដី ក្នុងទីក្រុង Esfahan។ ដូច្នេះបើទោះជាសម្រេចចិត្តថាត្រូវផលិតអាវុធនុយក្លេអ៊ែរនៅមុនការវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ នោះអ៉ីរ៉ង់ក៏ត្រូវចំណាយពេល យូរដែរ បើធៀបទៅនឹងមុនការវាយប្រហារកាលពីខែមិថុនា ឆ្នាំ២០២៥។ ពោលគឺមុនខែមិថុនា ឆ្នាំ២០២៥ តេហេរ៉ង់មានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ដើម្បីផលិតគ្រាប់បែកច្រើនគ្រាប់ក្នុងពេលមួយសប្ដាហ៍ និងអាចផលិត គ្រាប់បែកនុយក្លេអ៊ែរ ក្នុងពេល ៦ខែ។
កាន់តែគួរឱ្យកត់សម្គាល់ ការលើកឡើងរបស់ក្រុមមន្ត្រីអាមេរិក គឺផ្ទុយគ្នាទាំងស្រុងទៅនឹងការលើកឡើងរបស់លោក ត្រាំដែលថាហានិភ័យនុយក្លេអ៊ែរជាកត្តាចម្បងជំរុញឱ្យសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថាសហរដ្ឋអាមេរិកវាយអ៉ីរ៉ង់ ក៏ព្រោះតែអ៉ីរ៉ង់មានផែនការវាយប្រហារមុន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានកត់សម្គាល់ថាសហរដ្ឋអាមេរិកចូលរួម ក្នុងការវាយប្រហារលើអ៉ីរ៉ង់ ដោយសារតែអ៉ីស្រាអែលបានសម្រេចចិត្តរួចទៅហើយថាត្រូវតែវាយប្រហារលើអ៉ីរ៉ង់។ «យើងបានដឹងថាអ៉ីស្រាអែលនឹងធ្វើសកម្មភាព ហើយអ៉ីរ៉ង់អាចនឹងវាយប្រហារសងសឹកលើកងទ័ពអាមេរិក ដូច្នេះប្រសិនបើយើងមិន វាយប្រហារបង្ការទុកមុនឱ្យបានមុនពួកគេបើកការវាយប្រហារទាំងនោះទេ នោះយើងអាចនឹងបង់បាត់កងទ័ពក្នុងចំនួនច្រើន»។ នេះជាការគូសបញ្ជាក់របស់លោក Marco Rubio។
តាមពិតទៅ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី២៨ ខែកុម្ភៈ ក៏បានបញ្ជាក់ច្បាស់ៗដែរថាមិនមានការគំរាមកំហែងបន្ទាន់ពីអាវុធនុយក្លេអ៊ែរអ៉ីរ៉ង់នោះទេ។ មន្ត្រីរូបនេះដដែលបាននិយាយថាការគំរាមកំហែងពីអ៉ីរ៉ង់នោះគឺ មហិច្ឆតារបស់អ៉ីរ៉ង់ដែលចង់បានអាវុធនុយក្លេអ៊ែរ ហើយក្នុងរយៈពេលខ្លី ការគំរាមកំហែងពិតប្រាកដ នោះគឺអាវុធមិនមែននុយក្លេអ៊ែរដូចជាមីស៊ីលដែលអាចបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងក្នុងតំបន់។ ការសន្មត់បែបនេះអាចបញ្ជាក់ថាលោក ត្រាំ ក៏បានដឹងរួចទៅហើយដែរថាមិនមានការគំរាមកំហែងបន្ទាន់ពីអាវុធនុយក្លេអ៊ែរអ៉ីរ៉ង់ទេ។ បន្ថែមពីលើនេះ នៅថ្ងៃដំបូងនៃការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលបានបង្ហាញកាន់តែច្បាស់ទៅទៀតថា កម្មវិធីនុយក្លេអ៊ែរមិនមែនជាកត្តាជំរុញចម្បងនៅពីក្រោយការសម្រេចចិត្តបើកការវាយប្រហារនោះទេ។ នៅថ្ងៃដំបូងការវាយប្រហារគឺផ្តោតលើថ្នាក់ដឹកនាំអ៉ីរ៉ង់ ក្នុងនោះមេដឹកនាំកំពូលអ៉ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ដែលត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសទាំង២។
* ចុះមីស៊ីលអ៉ីរ៉ង់បង្កការគំរាមកំហែងបន្ទាន់ដែរឬ?
នៅក្នុងវីដេអូកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រកាសថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើអ៉ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបាននិយាយថាអ៉ីរ៉ង់នៅតែបន្តអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលឥលូវអាចគំរាមកំហែង ដល់សម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា និងសម្ព័ន្ធមិត្តរបស់យើងក្នុងតំបន់អឺរ៉ុប ព្រមទាំងកងទ័ពរបស់យើងឈរជើងនៅបរទេស ហើយឆាប់ៗ មីស៊ីលអ៉ីរ៉ង់អាចនឹងបាញ់ដល់ទឹកដីអាមេរិក។ ដូច្នេះហើយ សហរដ្ឋអាមេរិកចាំបាច់ត្រូវតែកម្ទេចសមត្ថភាព មីស៊ីលរបស់អ៉ីរ៉ង់។ ក្រោយមកទៀត នៅថ្ងៃទី២ ខែមីនា លោក Hegseth បានបញ្ជាក់ឡើងវិញថាកម្មវត្ថុរបស់សហរដ្ឋអាមេរិក គឺកម្ទេចមីស៊ីលវាយលុករបស់អ៉ីរ៉ង់ កម្ទេចការផលិតមីស៊ីលរបស់អ៉ីរ៉ង់ កម្ទេចកងទ័ពជើងទឹក និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខដទៃទៀត ក៏ដូចជាធានាឱ្យបានថាអ៉ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរ។
មែនទែនទៅ អ៉ីរ៉ង់ពិតជាមីស៊ីលបាលិស្ទីគទំនើបៗដែលមានសមត្ថភាពវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងអ៉ីស្រាអែល។ មីស៊ីលរយៈចម្ងាយមធ្យមរបស់អ៉ីរ៉ង់ក៏អនុញ្ញាតឱ្យតេហេរ៉ង់វាយប្រហារលើផ្នែកខ្លះនៃ តំបន់អឺរ៉ុបផងដែរ។ អ៉ីស្រាអែលបានវាយប្រហារលើសមត្ថភាពផលិតមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ឃ្លាំងស្ដុកមីស៊ីល និងប្រព័ន្ធបាញ់មីស៊ីលអំឡុងការវាយប្រហារកាលពីខែមិថុនា ឆ្នាំមុន ដែលធ្វើឱ្យសមត្ថភាពមីស៊ីលអ៉ីរ៉ង់ចុះខ្សោយ។ អ៉ីរ៉ង់ក៏បានបាញ់ មីស៊ីលជាង ៥០០គ្រាប់លើអ៉ីស្រាអែលផងដែរជាការសងសឹកទៅកាន់ការវាយប្រហារពីអ៉ីស្រាអែលកាលពីខែមិថុនា ឆ្នាំមុនដែលនេះធ្វើឱ្យស្ដុកមីស៊ីលថយចុះ។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ អ៉ីរ៉ង់បានសា្ថបនារោងចក្រមីស៊ីលរបស់ខ្លួនឡើងវិញ ហើយក្រុមមន្ត្រីអាមេរិកបានវាយតម្លៃថាអ៉ីរ៉ង់អាចផលិតមីស៊ីល ១០០គ្រាប់ក្នុងមួយខែ។ ប៉ុន្តែវាមិនមានភស្តុតាងណាមួយបង្ហាញថាអ៉ីរ៉ង់ជិតសម្រេចបានការអភិវឌ្ឍមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក ឡើយ។ ក្នុងកិច្ចចរចានុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ អ៉ីរ៉ង់បានប្រកាសដោយស្ម័គ្រចិត្តពីការកំណត់រយៈចម្ងាយ ២០០០គីឡូម៉ែត្រសម្រាប់មីស៊ីលបាលិស្ទីគ។ តេហេរ៉ង់ត្រូវបានគេមើលឃើញនៅតែអនុវត្តតាមការដាក់កំហិតនេះមុនសង្រ្គាមផ្ទុះឡើង។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបានដំឡើងលទ្ធភាពដែលអ៉ីរ៉ង់អាចនឹងផលិតបានមីស៊ីល ICBM។ ប៉ុន្តែការព្យាករនេះមិនបានក្លាយជាការពិតទេ។ ជាឧទាហរណ៍ក្នុងឆ្នាំ១៩៩៩ សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបានព្យាករថាសហរដ្ឋអាមេរិកនឹងត្រូវប្រឈមមុខនឹងការគំរាមកំហែងពីមីស៊ីល ICBM របស់អ៉ីរ៉ង់នៅឆ្នាំ២០១៥។ រហូតដល់ឆ្នាំ២០២៥ ទើបទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអាមេរិក DIA បានធ្វើការសន្និដ្ឋានក្នុងរបាយការណ៍មួយថាអ៉ីរ៉ង់មិនមានមីស៊ីលបាលិស្ទីគដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិកនោះទេ ហើយអ៉ីរ៉ង់អាចនឹងត្រូវចំណាយពេលរហូតដល់ឆ្នាំ២០៣០ ឬយូរជាងនេះដើម្បីផលិតបានមីស៊ីលបាលិស្ទីគអន្តរទ្វីប ៦០គ្រាប់ ប្រសិនបើអ៉ីរ៉ង់សម្រេចចិត្តថាត្រូវតែផលិត។ អ៉ីរ៉ង់កំពុងអភិវឌ្ឍសមត្ថភាពបាញ់បង្ហោះផ្កាយរណប ជាបច្ចេកវិទ្យាមួយអាចអភិវឌ្ឍមីស៊ីល ICBM ប៉ុន្តែតេហេរ៉ង់នឹងត្រូវប្រឈមមុខនឹងឧបសគ្គបច្ចេកទេស ក្នុងការប្រែក្លាយពីយានបាញ់បង្ហោះផ្កាយរណបទៅជាមីស៊ីល ICBM។
គួរបញ្ជាក់ថា បើតាមសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ការបង្កការខូចខាតមានដែនកំណត់នៃការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់លើអ៉ីស្រាអែលកាលពីខែមេសា និងខែតុលា ឆ្នាំ២០២៤ បានបង្ហាញពីចំណុចខ្សោយនៃជម្រើសអាវុធយោធា មិនមែននុយក្លេអ៊ែររបស់អ៉ីរ៉ង់។ អ៉ីរ៉ងអាចបង្កការខូចខាតច្រើនជាងមុនលើអ៉ីស្រាអែលក្នុងការវាយប្រហារកាលពីខែមិថុនា ឆ្នាំ២០២៥ ក៏ពិតមែន។ តែសមត្ថភាពរបស់អ៉ីស្រាអែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការស្ទាក់ចាប់បំផ្លាញមីស៊ីលអ៉ីរ៉ង់ បានមួយផ្នែកធំ ក៏បានគូសបញ្ជាក់ដែរពីដែនកំណត់នៃសមត្ថភាពមីស៊ីលអ៉ីរ៉ង់។ ក៏ប៉ុន្តែអ្វីដែលកាន់តែគ្រោះថ្នាក់បំផុត នោះគឺការបង្កើតគំរូមួយដែលការកាន់កាប់ត្រឹមមីស៊ីលបាលិស្ទីគត្រូវបានចាត់ទុកជាថាការគំរាមកំហែងបន្ទាន់ និងត្រូវបានយកទៅជាប្រើជាហេតុផលសម្រាប់ការធ្វើសកម្មភាពយោធា៕
-Fresh News-






