សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាគ្រឿងញៀន និងបទល្មើសឆបោកអនឡាញ ជាចំណុចខ្សោយរបស់សង្គមកម្ពុជា ដែលត្រូវរួមគ្នាបោសសំអាត កុំឱ្យប៉ះពាល់អនាគតប្រទេសជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាគ្រឿងញៀន និងបទល្មើសឆបោកអនឡាញ ជាចំណុចខ្សោយរបស់សង្គមកម្ពុជា ដែលត្រូវរួមគ្នាបោសសំអាត កុំឱ្យប៉ះពាល់អនាគតប្រទេសជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងចាត់ទុកបទល្មើសគ្រឿងញៀន និងបទល្មើសឆបោកតាមអនឡាញ ជាចំណុចខ្សោយក្នុងសង្គមរបស់កម្ពុជា ដែលទាមទារឱ្យមានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបោកសម្អាត ដើម្បីមុខមាត់ប្រទេសជាតិ សង្គម និងសេដ្ឋកិច្ចកម្ពុជា។
ការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគារសុខា ភ្នំពេញ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែង លើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តធ្វើកិច្ចការងារបង្ក្រាបគ្រឿងញៀន ព្រោះវាពាក់ព័ន្ធនឹងសង្គមសេដ្ឋកិច្ចកម្ពុជា ពាក់ព័ន្ធជាមួយយុវជន ដែលជាអនាគតរបស់ជាតិយើង ហើយនេះជាការប្តេជ្ញាចិត្ត មិនមែនដើម្បីសម្រាប់តែជាគោលនយោបាយ របស់រាជរដ្ឋាភិបាលបញ្ជាក់ថាបានធ្វើនោះទេ ប៉ុន្តែធ្វើដើម្បីប្រទេសជាតិ។
សម្តេចបានថ្លែងថា «ប្រទេសរបស់យើងកំពុងឆ្លងកាត់នូវដំណាក់កាលលំបាក តែយើងមិនត្រូវដេកស្លាប់ទេ តែផ្ទុយទៅវិញត្រូវឱ្យយើងពង្រឹងខ្លួនយើង តាមរយៈការសម្អាត នូវអ្វីដែលជាចំណុចខ្សោយរបស់យើង និងពង្រឹងអ្វីដែលជាចំណុចខ្លាំងរបស់យើង ក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាដែលយើងត្រូវសម្អាត បញ្ហា Scams Online ក៏ជាបញ្ហាត្រូវសំអាតផ្ទះយើងដែរ»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការបង្ក្រាបគ្រឿងញៀន ជាការងារអាទិភាពមួយ ដោយបានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលគិតមកដល់ពេលនេះមានចំនួន ១១លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៧មក។
ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០,៧៤៣ករណី កើន១១៣ករណី ស្មើ១,០៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤, ឃាត់ខ្លួនជនសង្ស័យ ចំនួន២៧,៨៨៤នាក់ កើន៨១៣នាក់ ស្មើ៣% និងចាប់យកគ្រឿងញៀនចំនួន៥តោន ៨៩៧គីឡូក្រាម ថយចុះ ៩តោន០១២គីឡូក្រាម ស្មើ៦០,៤៥%។
ដោយឡែកសម្រាប់បទល្មើសឆបោកអនឡាញវិញ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តបោសសម្អាតឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។ ការបោសសំអាតការឆបោកអនឡាញនេះ នឹងមិនដកថយទេ៕





