Grand News Asia Close

អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1013
អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

នៅក្នុងឱកាសនៃជំនួប, លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវមានក្ដីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀត។ លោកជំទាវអគ្គលេខាធិការបានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺ ដើម្បីពិភាក្សា និងពិនិត្យឡើងវិញនូវគ្រប់ដំណាក់កាលនៃកិច្ចដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងន័យនេះ, លោកជំទាវ និងគណៈប្រតិភូ បាន វាយតម្លៃខ្ពស់ចំពោះការត្រៀម លក្ខណៈក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ និង បានបញ្ជាក់អំពីការបន្តគាំទ្ររបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងធានាថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២០នេះ មានសារៈសំខាន់ខ្ពស់ សម្រាប់បណ្តាប្រទេសនិយាយភាសាបារាំង។ ជាមួយកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះ, លោកជំទាវមានជំនឿជឿជាក់ថា កិច្ចប្រជុំកំពូលនឹងរៀបចំប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយសង្ឃឹមថានឹងមានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងប្រទេសជាដៃគូជាច្រើននឹងចូលរួម ដែលនេះនឹងបង្ហាញនូវស្មារតីសាមគ្គីភាព និងភាតរភាពក្នុងចំណោមក្រុមប្រទេសនិយាយភាសាបារាំង។

ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកជំទាវ និងគណៈប្រតិភូ ជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាមានកិត្តិយស និងរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងបានថ្លែងអំណរគុណចំពោះអគ្គលេខាធិការដ្ឋានហ្វ្រង់កូហ្វូនី ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំផ្នែកឡូជីស្ទីក, សន្តិសុខ និងកិច្ចការពាក់ព័ន្ធ ដើម្បីធានាបាននូវភាពរលូន និងជោគជ័យនៃការប្រព្រឹតិ្តទៅនៃកិច្ចប្រជុំកំពូលនេះ។ មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនលោកជំទាវ ផងដែរថា កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ អមចំនួនបី រួមមាន៖ (១) វេទិកាសហគ្រិនភាពហ្វ្រង់កូហ្វូនី, (២) ពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី និង (៣) ពិព័រណ៍បច្ចេកវិទ្យាហ្រ្វង់កូតិច (Franco-Tech)៕

អត្ថបទទាក់ទង