Grand News Asia Close

ទស្សនៈ៖ ប្រទេសមួយខ្លាំង គ្មានពាក្យថាបែកបាក់សាមគ្គីជាតិនោះទេ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1009
ទស្សនៈ៖ ប្រទេសមួយខ្លាំង គ្មានពាក្យថាបែកបាក់សាមគ្គីជាតិនោះទេ ទស្សនៈ៖ ប្រទេសមួយខ្លាំង គ្មានពាក្យថាបែកបាក់សាមគ្គីជាតិនោះទេ

#opinion

(ភ្នំពេញ)៖ ការកសាងប្រទេសមួយអាចជារឿងមិនលំបាកពេក ប៉ុន្តែការកសាងប្រទេសឱ្យក្លាយជាប្រទេសខ្លាំង និងមានភាពរឹងមាំយូរអង្វែង មិនមែនជារឿងធម្មតានោះឡើយ។ ប្រទេសមួយខ្លាំង មិនមែនមានន័យថា ខ្លាំងតែផ្នែកសេដ្ឋកិច្ចតែមួយមុខនោះទេ ប៉ុន្តែត្រូវជាសមាសភាពរួមនៃវិស័យសំខាន់ៗជាច្រើន។

ដើម្បីឱ្យប្រទេសមួយក្លាយជាប្រទេសខ្លាំង ត្រូវការទាំងសេដ្ឋកិច្ចដែលមានស្ថិរភាព ប្រព័ន្ធអប់រំមានគុណភាព ប្រព័ន្ធការពារជាតិរឹងមាំ និងការទូតមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា អ្វីដែលមិនអាចខ្វះបានជាដាច់ខាត នោះគឺ «ឯកភាពជាតិ»។

មិនថាប្រទេសនោះដើរតាមរបបប្រជាធិបតេយ្យ ឬកុម្មុយនីស្តនោះទេ ប្រសិនបើមានឯកភាពជាតិផ្ទៃក្នុងតែមួយ វានឹងជួយរុញច្រានឱ្យគ្រប់វិស័យ និងផ្នែកពាក់ព័ន្ធអាចដំណើរការទៅតាមផែនការដែលបានគ្រោងទុក ដោយមានទិសដៅច្បាស់លាស់ និងប្រសិទ្ធភាព។

ប្រព័ន្ធអប់រំត្រូវតែពង្រឹងឱ្យមានគុណភាព សេដ្ឋកិច្ចត្រូវតែដំណើរការយ៉ាងសកម្ម សព្វាវុធទំនើបត្រូវមានជាខែលការពារជាតិ ខណៈដែលការទូតត្រូវតែមានភាពរឹងមាំ និងឆ្លាតវៃ។ ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះសំខាន់ ដែលនាំឱ្យប្រទេសមួយអាចឈានទៅរកភាពខ្លាំងបាន។

គ្មានប្រទេសណាអាចក្លាយជាប្រទេសខ្លាំង ដោយគ្មានធនធានមនុស្សមានចំណេះដឹងនោះទេ ហើយក៏មិនអាចខ្លាំងបានដែរ ប្រសិនបើខ្វះមេដឹកនាំវៃឆ្លាត និងមានចក្ខុវិស័យ។ នេះមានន័យថា ភាពខ្លាំងរបស់ប្រទេស ត្រូវចាប់ផ្តើមពីប្រជាជនស៊ីវិល រហូតដល់ «ក្បាលម៉ាស៊ីន» នៃការគ្រប់គ្រងរដ្ឋ។

តួយ៉ាងដូចជា ប្រទេសចិន ដែលធ្លាប់ឆ្លងកាត់សង្គ្រាមផ្ទៃក្នុងជាច្រើនដំណាក់កាល ធ្លាប់បាត់បង់ឥទ្ធិពលនៅឧបទ្វីបកូរ៉េ និងធ្លាប់បាត់បង់កោះតៃវ៉ាន់ឱ្យជប៉ុនគ្រប់គ្រង។ លើសពីនេះ ចិនក៏ធ្លាប់ជួបវិបត្តិផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រជាជនរាប់សិបលាននាក់បាត់បង់ជីវិត។ ទោះជាយ៉ាងណា ប្រវត្តិសាស្ត្រឈឺចាប់ទាំងនេះ បានក្លាយជាមេរៀនដ៏មានតម្លៃ ដែលជួយបម្លែងចិនឱ្យក្លាយជាមហាអំណាចលើពិភពលោកមួយនាពេលបច្ចុប្បន្ន ដោយមានឯកភាពជាតិតែមួយជាគ្រឹះ។

អ្នកជំនាញជាច្រើនមើលឃើញថា ប្រជាជនចិនមានកម្រិតវប្បធម៌ ស្មារតីជាតិនិយម និងការយល់ដឹងអំពីអត្តសញ្ញាណជាតិខ្ពស់។ នេះជាចំណុចសំខាន់មួយ ដែលកម្ពុជាអាចរៀនសូត្របាន មិនមែនក្នុងន័យចម្លងតាមទាំងស្រុងនោះទេ ប៉ុន្តែជាការសិក្សាពីរបៀបដែលគេអាចរួមគ្នាកសាងប្រទេស ដើម្បីយកចំណុចសមស្របមកអភិវឌ្ឍជាតិខ្លួនឯង។

ជាក់ស្តែង ប្រទេសមួយខ្លាំង មិនមែនពឹងផ្អែកលើតែរាជរដ្ឋាភិបាល ឬមេដឹកនាំតែមួយជ្រុងនោះទេ ប៉ុន្តែជាការចូលរួមរបស់ប្រជាជនទាំងមូល។ ការបន្ទោសគ្នា រុញកំហុសដាក់គ្នា មិនត្រឹមតែមិនជួយឱ្យប្រទេសខ្លាំងឡើយ ប៉ុន្តែថែមទាំងបើកដៃឱ្យអ្នកជិតខាងមើលងាយ និងឆ្លៀតឱកាសផងដែរ។

ដូច្នេះហើយ ប្រទេសមួយខ្លាំង គ្មានពាក្យថា «បែកបាក់សាមគ្គីជាតិ» នោះទេ។ សម្រាប់កម្ពុជា នៅថ្ងៃខាងមុខ ត្រូវតែបន្តពង្រឹងឯកភាពជាតិផ្ទៃក្នុងឱ្យបានរឹងមាំ ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ។ ប្រជាជនត្រូវតែបង្កើនចំណេះដឹង និងជំនាញ ដើម្បីចូលរួមជាកោសិកាសង្គមដ៏សកម្ម ធ្វើឱ្យកម្ពុជាអាចឈានទៅមុខដោយជំនឿជាក់ មានមុខមាត់ និងកិត្តិយសលើឆាកអន្តរជាតិ៕

-Fresh News-

អត្ថបទទាក់ទង