Grand News Asia Close

តើបងទី២របស់ចិន ពិតជាលក់អាថ៌កំបាំងនុយក្លេអ៊ែរឱ្យសហរដ្ឋអាមេរិកមែនឬ?

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ English ទស្សនៈ-Opinion 1061
តើបងទី២របស់ចិន ពិតជាលក់អាថ៌កំបាំងនុយក្លេអ៊ែរឱ្យសហរដ្ឋអាមេរិកមែនឬ? តើបងទី២របស់ចិន ពិតជាលក់អាថ៌កំបាំងនុយក្លេអ៊ែរឱ្យសហរដ្ឋអាមេរិកមែនឬ?

#វិភាគអន្តរជាតិ

(ប៉េកាំង)៖ ហេតុផលពិតប្រាកដនៃការធ្លាក់ចេញពីតំណែងរបស់មន្ត្រីយោធាកំពូលរបស់ចិន២រូប កាលពីចុងសប្ដាហ៍កន្លងទៅ ប្រហែលជានឹងមិនត្រូវបានលាតត្រដាងឱ្យពិភពលោកខាងក្រៅបានដឹង ការពិតនោះទេ។​ ក៏ប៉ុន្តែការធ្លាក់ចេញពីតំណែងរបស់នាយឧត្តមសេនីយ៍ លោក Zhang Youxia ដែលធ្លាប់ជាមនុស្សជំនិត និងគួរឱ្យទុកចិត្តបំផុតម្នាក់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាន និងកំពុងបង្កជាការចោទសួរនូវសំណួរអំពីបញ្ហាផ្ទៃក្នុងដែល លោក ស៊ី ជីនពីង កំពុងប្រឈម និងអនាគតនៃប្រតិបត្តិការយោធាចិនប្រឆាំងនឹងតៃវ៉ាន់។

លោក Zhang ជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម (CMC) និងឧត្តមសេនីយ៍ម្នាក់ទៀត គឺលោក Liu Zhenli ជាប្រធានសេនាធិការគណៈកម្មការយោធាមជ្ឈិមចិន (CMC) ដែលមានភារកិច្ច ចាត់ចែងការរៀបចំផែនការប្រយុទ្ធ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតក្រោមការសង្ស័យថាបានបំពានធ្ងន់ធ្ងរលើវិន័យ និងច្បាប់។ តាមអ្នកវិភាគ ការស៊ើបអង្កេតនេះមានភាគរយខ្ពស់បំផុត អាចនឹងនាំរកការបណ្ដេញលោក Zhang ដែលជាបងទី២ នៅពីក្រោមលោក ស៊ី ជីនពីងតែម្នាក់គត់ នៅក្នុង CMC រួមទាំងលោក Liu Zhenli ចេញពីយោធា និងគណបក្សកុម្មុយនិស្តចិន។ នៅប្រទេសចិន ជាធម្មតាមន្ត្រីដែលស្ថិតក្រោមការស៊ើបអង្កេតដែលត្រូវបានប្រកាសជាសាធារណៈសឹងតែមិនដែលមានអ្នករួចខ្លួន ឬត្រូវបានគេប្រកាសថាគ្មានទោសពៃនោះឡើយ។

ក៏ប៉ុន្តែអ្វីដែលពិសេស នោះគឺកាលពីថ្ងៃទី២៥ ខែមករា កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថាលោក Zhang ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត ក្រោមការចោទថាបានធ្វើឱ្យលេចធ្លាយទិន្នន័យបច្ចេកទេសស្នូលស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិនទៅឱ្យសហរដ្ឋអាមេរិក និងទទួលសំណូកពីអ្នកដែលចង់ឡើងតំណែង ក្នុងនោះរួមមានទាំងមន្ត្រីម្នាក់ដែលក្រោយមក បានក្លាយជារដ្ឋមន្ត្រីការពារជាតិចិន។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះមានការសង្ស័យ និងចោទសួរពីភាពគួរឱ្យទុកចិត្តបានពីសេចក្ដីរាយការណ៍របស់ Wall Street Journal។ តួយ៉ាង លោក Zhu Zhiqun ជានាយកវិទ្យាស្ថានចិននៃសាកលវិទ្យាល័យ Bucknell University ក្នុងសហរដ្ឋអាមេរិក បាននិយាយថាលោកមានមន្ទិលចំពោះសេចក្ដីរាយការណ៍របស់ Wall Street Journal។ «ខ្ញុំពិតជាមានការសង្ស័យពីភាពគួរឱ្យទុកចិត្តបាននៃសេចក្ដីរាយការណ៍របស់ Wall Street Journal ពីការចោទប្រកាន់ថាលោក Zhang បានលក់ព័ត៌មានសម្ងាត់នុយក្លេអ៊ែរទៅឱ្យសហរដ្ឋអាមេរិក»។ តាមអ្នកជំនាញរូបនេះ មន្ត្រីតូចតាចប្រហែលជាអាចនឹងលក់ព័ត៌មានសម្ងាត់បែបនេះដើម្បីលុយ ឬមានហេតុផលផ្សេងទៀត ប៉ុន្តែសម្រាប់មន្ត្រីកំពូលដូចជាលោក Zhang វាមិនទំនងសោះ។

ដោយឡែក អ្នកជំនាញផ្សេងទៀតបានចោទសួរថាតើលោក Zhang អាចលួចយកព័ត៌មានសម្ងាត់ដែលត្រូវបានការពារយ៉ាងមាំទាំចេញពីចិនបានដោយរបៀបណា? ត្រង់ចំណុចនេះ លោក Neil Thomas ជាអ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់ការវិភាគពីចិននៃវិទ្យាស្ថាន Asia Society បាននិយាយថាប្រាកដណាស់ដើម្បីធ្វើបែបនេះ លោក Zhang ត្រូវតែយកទិន្នន័យសម្ងាត់ចេញពី សាជីវកម្មនុយក្លេអ៊ែរជាតិចិន ហើយបញ្ជូន ឬផ្ទេរទៅឱ្យភ្នាក់ងារណាមួយ។ ប៉ុន្តែការទំនាក់ទំនងរបស់លោកស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង ហើយណាមួយរូបលោកកម្រ ឬសឹងតែមិនដែលជួបអ្នកដទៃ ដោយមិនមានអ្នកអមដំណើរទៅជាមួយនោះទេ។ លោក Thomas បន្ថែមថាប្រសិនបើលោក Zhang ពិតជាចង់លក់ព័ត៌មានសម្ងាត់ឱ្យសហរដ្ឋអាមេរិកមែន ពិតណាស់ វាតម្រូវឱ្យមានការស៊ុមគ្រលុំ ទ្រង់ទ្រាយធំមួយដើម្បីធ្វើការដោយមិនឱ្យគេដឹងក្នុងរយៈពេលយូរបានបែបនេះ។ កាន់តែមិនទំនងទៅទៀត គឺវាពិតជាពិបាកស្រមៃណាស់ថាមន្ត្រីកំពូលមានអំណាចក្រោមតែលោក ស៊ី ជីនពីងម្នាក់ និងមានបទពិសោធន៍ឆ្អិនឆ្អៅក្នុងសង្រ្គាមដូចជាលោក Zhang សុខចិត្តយកជីវិតទៅប្រថុយនឹងលុយ ឬជីវិតហ៉ឺហាត្រឹមតែប៉ុន្មានសិបឆ្នាំចុងក្រោយនៃជីវិតរបស់លោក។ មិនតែប៉ុណ្ណោះបើចង់លក់ព័ត៌មានសម្ងាត់ លោក Zhang ក៏ត្រូវធ្វើការងារជាមួយចារកម្ម CIA របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិនផងដែរ។ តែបណ្ដាញ CIA ក្នុងប្រទេសចិនបានចុះខ្សោយខ្លាំងតាំងពីឆ្នាំ២០១០ ជាពេលដែលទីក្រុងប៉េកាំង ត្រូវបានរាយការណ៍ថាបានសម្លាប់ និងចាប់ខ្លួនរនុកក្នុងធ្វើការឱ្យ CIA រាប់សិបនាក់ដាក់គុក។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់ Wall Street Journal ក៏ហាក់ដូចជាទទួលស្គាល់ផងដែរថាលោក ស៊ី ជីនពីង ប្រហែលជាសម្លឹងឃើញថាលោក Zhang គឺជាការគំរាមកំហែងមួយ។ កាសែតអាមេរិកនេះបានដកស្រង់សម្ដីពីប្រភពមិនបញ្ជាក់អត្តសញ្ញាណដែលបានបង្ហើបឱ្យដឹងថានាយឧត្តមសនីយ៍កំពូលរូបនេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតក្រោមការសង្ស័យថារំលោភអំណាច របស់ខ្លួននៅក្នុង CMC និងត្រូវបានចោទថាបានបង្កើតបណ្ដាញបក្ខពួកដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនដែលនេះជាទង្វើបំផ្លាញឯកភាពផ្ទៃក្នុងនៃគណបក្សកុម្មុយនិស្តចិន។ ការលើកឡើងបែបនេះហាក់ស្របទៅនឹង ការចេញផ្សាយរបស់កាសែតចិន PLA Daily ដែលបានបរិហារលោក Zhang និងលោក Liu ថាបានប្រព្រឹត្តទង្វើដែលកំពុងបំផ្លាញធ្ងន់ធ្ងរដល់អំណាចរបស់លោក ស៊ី ជីនពីន ក្នុងនាមជាប្រធាន CMC ដែលជាស្ថាប័នកំពូលមួយគ្រប់គ្រងលើយោធាចិនទាំងមូល៕

-Fresh News-

អត្ថបទទាក់ទង