ការប្រើជម្លោះព្រំដែនក្រោមយុទ្ធសាស្ត្រថ្ពិនភ្នែកនៃការដណ្តើមឥទ្ធិពលនយោបាយនិងជ័យជម្នះសន្តិភាព
នៅពេលដែលមេដឹកនាំថៃបន្តអះអាងពីឆន្ទៈសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ប៉ុន្តែសកម្មភាពជាក់ស្តែងនៅតាមព្រំដែន និងវោហារសាស្ត្រនយោបាយក្នុងប្រទេសថៃ បង្ហាញពីទិស ដៅផ្ទុយគ្នាស្រឡះទៅវិញ។ ការបង្កើនភាពតានតឹង ការលើកយកបញ្ហាព្រំដែនមកនិយាយ ជាប្រ ធានបទជាតិនិយមជ្រុល និងការបង្ហាញភាពរឹងមាំខាងយោធារបស់ខ្លួនផងនោះ បានធ្វើឲ្យមាន សំណួរមួយចោទសួរឡើងថា៖ តើគោលដៅពិតប្រាកដរបស់ប្រទេសថៃនិងយោធាថៃ គឺជាសន្តិភាព ឬជាជ័យជម្នះនយោបាយសម្រាប់ការបោះឆ្នោតនៅក្នុងពេលដ៏ខ្លីខាងមុខ?
ជម្លោះព្រំដែនកម្ពុជា–ថៃ នៅដំណាក់កាលបច្ចុប្បន្ន មិនមែនជាបញ្ហាទឹកដីពិតប្រាកដទេ ប៉ុន្តែ កំពុង ត្រូវបានមេដឹកនាំឱកាសនិយមរបស់ថៃមួយចំនួនកំពុងបំលែងទៅជាឧបករណ៍នយោបាយ ដើម្បី គ្រប់គ្រងវិបត្តិនយោបាយផ្ទៃក្នុង ស្វែងរកប្រជាប្រិយភាព ដើម្បីបង្កើនទុននយោបាយដោយពួក គេ កំពុងតែសាងរូបភាពបំភ័ន្តភ្នែកជាការ “ការពារជាតិ” នៅមុខប្រជាជនរបស់ខ្លួននៅក្នុងប្រទេសថៃ និងអន្តរជាតិ។
នៅផ្នែកនយោបាយក្នុងស្រុក ថៃកំពុងស្ថិតក្រោមសម្ពាធនៃភាពមិនស្ថិរភាពយូរអង្វែង ការបែក បាក់អំណាច ការដណ្តើមប្រជាប្រិយភាពគ្នា និងការខ្វះសមត្ថភាពក្នុងការបង្កើតឯកភាពជាតិ ខាង ផ្នែកនយោបាយ។ ក្នុងបរិបទបែបនេះ ការបង្កើតឲ្យមានជម្លោះជាមួយប្រទេសជិតខាងខ្លួនបានក្លាយជាវិធីសាស្ត្រដ៏ពេញនិយមដែលថៃធ្លាប់បានប្រើម្តងហើយម្តងទៀត ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណជនថៃពីបញ្ហាផ្ទៃក្នុង និងបង្កើនអារម្មណ៍ជាតិនិយមបែបសាមញ្ញៗដោយគ្រាន់តែចំណាយជីវិតមនុស្សជាយោធា(សំដៅខ្មែរសុរិន្ទ– ខ្មែរលើ)មិនមែនជាជាតិសាសន៏ដើមកំណើតថៃដែលខ្លួន បានចិញ្ចឹមដើម្បីឲ្យមកប្រយុទ្ធបង្កើតជាឈុតឆាកល្ខោន ដើម្បីទាក់ទាញប្រជាប្រិយភាពសម្រាប់ស្វែងរកសំឡេងឆ្នោតឲ្យខ្លួនឈានទៅអង្គុយកៅអីនាយករដ្ឋមន្ត្រីអាណត្តិក្រោយនាពេលដ៏ខ្លីខាងមុខនេះតែប៉ុណ្ណោះ។
ការលើកយកបញ្ហាព្រំដែនមកធ្វើជាវេទិកានយោបាយនេះ មិនត្រឹមតែជួយបង្រួបបង្រួមឲ្យមានការគាំទ្របណ្តោះអាសន្នទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឲ្យមេដឹកនាំថៃខ្លះ អាចបង្ហាញខ្លួនថាជាអ្នកជាតិនិយមក្នុងការការពារអធិបតេយ្យភាព ដើម្បីទទួលបានការពេញចិត្តពីសាធារណជន និងស្ថាប័នកំពូលៗដែលមានអំណាចមួយចំនួនក្នុងប្រទេសថៃថែមទៀតផង។
ទោះយ៉ាងណា បញ្ហាសំខាន់គឺភាពមិនស៊ីសង្វាក់គ្នារវាងវោហារសាស្ត្រនយោបាយ និងសកម្មភាពជាក់ស្តែង ខណៈដែលថៃអះអាងពីការគោរពច្បាប់អន្តរជាតិ និងសន្តិភាព តែទង្វើដែលបង្ហាញចេញមក គឺការប្រើសម្ពាធយោធា និងការបង្កើតស្ថានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យការអះអាងនោះក្លាយជាពាក្យនយោបាយ ដែលខ្វះភាពជឿជាក់នៅលើឆាកអន្តរជាតិនិងទទួលបានការថ្កោលទោសជាបន្តបន្ទាប់និងកំពុងតែក្លាយជាប្រទេសមួយដែលឈ្លានពានកម្ពុជាដែលជាប្រទេសតូច ចង់បានសន្តិភាព នោះ។
លើសពីនេះ ការព្យាយាមថែរក្សាមុខមាត់លើឆាកអន្តរជាតិ ដោយនិយាយអំពីសន្តិភាព ខណៈសកម្មភាពនៅលើដីពិតជាក់ស្តែងគឺផ្ទុយពីការពិតនោះ គឺជាការគិតខុសរបស់មេដឹកនាំថៃ និងដែលអាចបង្កជាការខាតបង់យូរអង្វែង ទាំងលើកេរ្តិ៍ឈ្មោះប្រទេស និងទំនុកចិត្តពីដៃគូអន្តរជាតិ។
ជាក់ស្តែង ជម្លោះព្រំដែនកម្ពុជា–ថៃ កំពុងបង្ហាញថា ថៃកំពុងផ្តល់អាទិភាពដល់“ជ័យជម្នះនយោបាយ” ជាជាង “ជ័យជម្នះសន្តិភាព”ពិតប្រាកដដែលមនុស្សលើពិភពលោកប្រាថ្នាចង់បាន។
ការប្រើជម្លោះជាឧបករណ៍គ្រប់គ្រងបញ្ហាផ្ទៃក្នុង និងការសាងរូបភាពនយោបាយបែបនេះ អាចនាំមកនូវផលប្រយោជន៍រយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែប្រវត្តិសាស្ត្រដ៏អាក្រក់ក្នុងការឈ្លានពានប្រទេសកម្ពុជា អាចបញ្ជាក់បានថាជាប្រវត្តិសាស្ត្រមួយដ៏គួរឲ្យអាម៉ាស់និងគួរឲ្យស្អប់ខ្ពើមបំផុតសម្រាប់ប្រជាជនថៃនៅពេលអនាគតទៅវិញទេ ហើយការដែលថៃសាងឡើងនេះវាមិនអាចបង្កើតសន្តិភាពបានយូរអង្វែង ឬធ្វើឲ្យមានស្ថិរភាពក្នុងតំបន់បានឡើយ៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ






