វិភាគអន្តរជាតិ៖ តើរុស្ស៉ីក្លាយជា «ប្អូនប្រុស» របស់ចិនហើយ មែនឬ?
(វ៉ាស៊ីនតោន)៖ ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ផ្ទុះឡើងកាលខែកុម្ភៈ ឆ្នាំ២០២២មក កិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងចិន បាន រីកធំធាត់លើគ្រប់វិស័យទាំងអស់។ ទីក្រុងមូស្គូមិនបានលាក់បាំងអ្វីនោះទេពីការពិតដែលថាខ្លួនកំពុងពឹងផ្អែកលើចិន នៅក្នុងការប្រឈមមុខជាសកលជាមួយ លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដ្បិតមើលឃើញថាទីក្រុងប៉េកាំងមាន «សត្រូវរួម»។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលបានកើនឡើងដល់ទៅ១៩០ពាន់លានដុល្លារកាលពីឆ្នាំ២០២២ បានបន្តកើនឡើង ៣៩ភាគរយបន្ថែមទៀតក្នុងត្រីមាស ដំបូងនៃឆ្នាំ២០២៣នេះ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញរ៉ែកម្ររបស់រុស្ស៉ីទៅកាន់ប្រទេសចិន និងការនាំចូលទំនិញពីចិនក៏បានកើន ឡើងជាលំដាប់ផងដែរ។ ការវិវត្តបែបនេះបានជំរុញឱ្យមានការជជែកវែកញែកថាទីក្រុងប៉េកាំងកំពុងប្រើប្រាស់ «អនុភាពសេដ្ឋកិច្ច» របស់ខ្លួន និងការប្រេះឆារវាង រុស្ស៉ីជាមួយលោកខាងលិច ដើម្បីប្រែក្លាយរុស្ស៉ីឱ្យក្លាយទៅជា «ប្អូនប្រុស» របស់ខ្លួន ឬអាចនិយាយឱ្យមិនពិរោះស្ដាប់ជាងនេះគឺក្លាយជា «រដ្ឋរណបចិន» សំដៅ កេងចំណេញប្រយោជន៍តែម្ខាងពីរុស្ស៉ី។
ការយល់ឃើញបែបនេះ អាចមកពីការគិតទៅលើសេដ្ឋកិច្ចរបស់ចិនគឺធំជាងរុស្ស៉ី១០ដងឯណោះ។ ក៏ប៉ុន្តែ ទំនាក់ទំនងរវាងមហាអំណាចទាំង២ មិនមែនផ្ដល់ ប្រយោជន៍ឱ្យតែម្ខាង ឬក៏ចិននោះទេ ហើយរុស្ស៉ីខ្លួនឯងក៏នៅតែមានឥទ្ធិពលច្រើនគួរសមផងដែរ។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក ចំណែករបស់ចិន នៅក្នុងពាណិជ្ជកម្មរបស់រុស្ស៉ី មានរហូតដល់ទៅជិត ២២ភាគរយ ហើយបែបនេះឯងទើបមានការគិតថារុស្ស៉ីកំពុងធ្លាក់ចូលទៅក្នុងភាពជាចំណុះចិន។ ពិតណាស់ មើលមួយភ្លែត វាអាចដូចជាការគិតដូច្នោះមែន តែបើពិនិត្យឱ្យល្អិតល្អន់ វាក៏មិនមែនជារឿងចម្លែក ឬក៏មិនធ្លាប់កើតមាននោះដែរ។ ជាឧទាហរណ៍ ចិនមានចំណែក រហូតដល់ទៅ ២៦ភាគរយឯណោះនៅក្នុងការធ្វើពាណិជ្ជកម្មបរទេសរបស់អូស្ត្រាលី បើទោះជារដ្ឋាភិបាលអូស្ត្រាលីបានចូលរួមយ៉ាងសកម្មនៅក្នុងសម្ព័ន្ធភាព ប្រឆាំងនឹងចិន ដូចជាក្វាដ (Quad) និង AUKUS ក៏ដោយ។
ចិន បច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត សម្រាប់ប្រទេសជាង ១២០ ហើយក្នុងចំណោមប្រទេសទាំងនេះមានភាគច្រើនពឹងផ្អែកខាងសេដ្ឋកិច្ចទៅលើចិនខ្លាំង ជាងរុស្ស៉ីទៅទៀត។ ប៉ុន្តែ អតុល្យភាព ឬភាពមិនស្មើគ្នានេះ មិនអាចហាមឃាត់ប្រទេសមួយចំនួន ដកខ្លួនចេញពីកិច្ចព្រមព្រៀងវិនិយោគជាមួយចិននោះទេ ហើយ មានខ្លះថែមទាំងហ៊ានប្រឈមមុខជាមួយទីក្រុងប៉េកាំង ក្នុងជម្លោះព្រំដែន និងងាកទៅរកសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបវិញទៀតផង។ នៅក្នុងករណីរុស្ស៉ី អ្វីដែល ជាបញ្ហាចោទ គឺនៅត្រង់ការនាំចេញឧស្ម័ន ដោយសារតែភាពបត់បែនក្នុងការនាំចេញឧស្ម័នរបស់រុស្ស៉ីមានដែនកំណត់ដោយសារហេដ្ឋារចនាសម្ព័ន្ធ និងការប្រេះឆា ជាមួយអឺរ៉ុប។ តែទោះជាបែបនេះក្ដី នៅពេលនិយាយពីប្រេង ជម្រើសរើសដៃគូរបស់រុស្ស៉ីគឺមានភាពទូលំទូលាយ ដោយគិតត្រឹមម៉ោងនេះ ទំហំនាំចេញប្រេងពីរុស្ស៉ី ទៅឥណ្ឌា មាន ១.៧លានបារ៉ែលក្នុងមួយថ្ងៃ និងនាំចេញទៅកាន់ប្រទេសកំពុងអភិវឌ្ឍតូចៗ ១.៦លានបារ៉ែលក្នុងមួយថ្ងៃ ដែលនេះអាចស៊ីសងគ្នាបានជាមួយ ការនាំចេញប្រេងទៅចិនដែលមានទំហំ ២.២លានបារ៉ែលក្នុងមួយថ្ងៃ។
រុស្ស៉ីក៏មិនមែននាំចូលទំនិញមកពីចិនតែមួយគត់នោះដែរ ដោយមានប្រទេសជាច្រើនទៀតជាប្រភពនាំចូលរបស់រុស្ស៉ី រួមមានតួកគី អេមីរ៉ាតអារ៉ាប់រួម និងបណ្ដា ប្រទេសក្នុងតំបន់អាស៊ីកណ្ដាលជាដើម។ នេះអាចធានាបានថារុស្ស៉ីនៅតែនាំចូលទំនិញសំខាន់ៗសម្រាប់ប្រជាជនរបស់ខ្លួន ក្នុងករណីដែលទំនាក់ទំនងជាមួយចិន មានភាពរកាំរកូសដោយប្រការណាមួយ។ ដូច្នេះវាលឿនពេកហើយ ដែលត្រូវនាំគ្នានិយាយថារុស្ស៉ីកំពុងក្លាយជារដ្ឋចំណុះរបស់ចិន។ រុស្ស៉ីមិនទាន់បានចូលរួមក្នុង គំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចដ៏សំខាន់របស់ចិន នោះគឺគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនោះទេ ហើយក៏មិនបានទទួលស្គាល់ការអះអាងពីអធិបតេយ្យរបស់ចិន ក្នុងតំបន់ ជម្លោះសមុទ្រចិនខាងត្បូងនោះដែរ។ លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ ទីក្រុងមូស្គូបាននិយាយប្រយោលពីឯករាជ្យភាពរបស់ខ្លួន ជុំវិញការចាប់ខ្លួនមនុស្ស ដែលត្រូវបានចោទថាបានលួចលក់ព័ត៌មាន ឬបច្ចេកវិទ្យាសម្ងាត់ឱ្យចិន។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ីត្រូវបានគេមើលឃើញថាមានចេតនាផ្សព្វផ្សាយព័ត៌មាន នេះ ជាសាធារណៈ បើទោះជាពួកគេអាចបិទបាំងរឿងនេះដើម្បីកុំឱ្យចិនខឹងសម្បារក៏ដោយ។
ការអះអាងថារុស្ស៉ីកំពុង ឬនឹងក្លាយជារដ្ឋចំណុះរបស់ចិន មិនទាន់អាចឆ្លើយបាននៅឡើយទេនូវសំណួរមួយដ៏សំខាន់ នោះគឺហេតុអ្វីប៉េកាំងចង់បង្កើតទំនាក់ទំនង មិនមានតុល្យភាពជាមួយមូស្គូ? មែនទែនទៅ វាពិតជាពិបាកខ្លាំងណាស់ ក្នុងការកំណត់ពីបញ្ហា ឬវិស័យដែលរុស្ស៉ីអាចនឹងបដិសេធការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយចិន ក្នុងលក្ខណធម្មតា។ ទីផ្សាររុស្ស៉ីមានភាពបើកចំហចំពោះទំនិញចិន ហើយរុស្ស៉ីមានបំណងផ្គត់ផ្គង់ឱ្យចិននូវធនធានដែលប៉េកាំងត្រូវការជាចាំបាច់។
តែការប៉ុនប៉ងដាក់សម្ពាធណាមួយពីចិន លើរុស្ស៉ីអាចនឹងបង្កហានិភ័យជះត្រឡប់ទៅចិនវិញដូចគ្នា ព្រោះថាថ្នាក់ដឹកនាំរុស្ស៉ី រួមទាំងលោក ពូទីន ប្រាកដជាមិនព្រម ឱ្យរុស្ស៉ីក្លាយជារដ្ឋចំណុះប្រទេសណាមួយឡើយ កុំថាឡើយចិន។ សង្រ្គាមនៅអ៊ុយក្រែនមិនត្រឹមតែពង្រឹងគោលជំហររបស់ចិនក្នុងទំនាក់ទំនងជាមួយរុស្ស៉ី ប៉ុណ្ណោះទេ តែវាក៏ផ្ដល់ផលប្រយោជន៍សំខាន់ៗមួយចំនួនសម្រាប់រុស្ស៉ីដែរ តួយ៉ាងរបៀប ឬវិធីសាស្ត្រទប់ទល់នឹងទណ្ឌកម្ម ក៏ដូចជាការប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងនឹងអាវុធរបស់ លោកខាងលិច ដែលវិធីសាស្ត្រទាំងនេះចិនមិនអាចរកបានពីនរណាផ្សេង ក្រៅពីរុស្ស៉ីនោះឡើយ។ ទីក្រុងប៉េកាំងមានទស្សនៈវិស័យជាយូរណាស់មកហើយថា ការប្រឈមមុខជាមួយលោកខាងលិច ជារឿងចៀសមិនរួច ដូច្នេះទណ្ឌកម្មប្រឆាំងនឹងចិន គឺវាអាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះ។
ម្លោះហើយ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងក្រុមមន្ត្រីរុស្ស៉ី នឹងអនុញ្ញាតឱ្យចិនស្វែងរកបាននូវមេរៀន និងការស្វែងយល់ថាតើត្រូវទប់ទល់នឹង ទណ្ឌកម្មលោកខាងលិចដោយវិធីណា? ថាតើត្រូវចាត់វិធានការបែបណា ទើបមានប្រសិទ្ធភាព ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន? កាន់តែសំខាន់ជាងនេះ អាវុធរបស់ ចិនមួយផ្នែកគឺបានមកពីការទិញពីរុស្ស៉ី ឬក៏ការអភិវឌ្ឍអាវុធរុស្ស៉ី និងសូវៀតបញ្ចូលគ្នា។ ដូច្នេះសង្រ្គាមនៅអ៊ុយក្រែន វាបាន និងកំពុងក្លាយជាការធ្វើតេស្ដសមត្ថភាព លើអាវុធទាំងនេះប្រឆាំងនឹងអាវុធលោកខាងលិចនៅក្នុងសង្រ្គាមជាក់ស្ដែង ហើយចិនអាចរង់ចាំអង្គុយស្រង់មេរៀន និងចំណុចខ្សោយនៃអាវុធទាំងនេះ។
សមត្ថភាពដូចដែលបានរៀបរាប់នេះ វាប្រហែលជាមិនអាចយកទៅប្រើការបានទាំងស្រុងនោះ នៅក្នុងករណីចិនសម្រេចចិត្តធ្វើសង្រ្គាមនៅតៃវ៉ាន់។ ក៏ប៉ុន្តែ ការទទួល បានព័ត៌មាន និងបទពិសោធន៍តែ ២ ឬ៣ភាគ វាក៏អាចផ្ដល់ផលចំណេញដ៏ច្រើនដល់ចិនដែរ។ ពីព្រោះថាបើចិនចង់បានបទពិសោធន៍ ឬមេរៀនបែបនេះចិនមិនអាច យកវាបានដោយទទេៗនោះទេ ពោលគឺត្រូវតែពលីអាយុជីវិតកងទ័ពរបស់ខ្លួន។ ជាសំណាងល្អ ការបង្កើតទំនាក់ទំនងយោធាជិតស្និទ្ធជាមួយរុស្ស៉ី នឹងផ្ដល់ឱកាសឱ្យ ចិនអាចទទួលបានព័ត៌មានដែលខ្លួនចង់បាន ដោយមិនចាំបាច់ចំណាយគ្រាប់កាំភ្លើង ឬកងទ័ពសូម្បីតែម្នាក់។
នៅលើពិភពលោកនេះ គ្មានឡើយទំនាក់ទំនងល្អឥតខ្ចោះសូម្បីតែរុស្ស៉ី និងចិនក៏ដោយ។ ប៉ុន្តែការកំណត់ឱ្យបាននូវប្រយោន៍រួម និងយុទ្ធសាស្ត្រប្រឈមមុខជាមួយ លោកខាងលិចអាចនឹងបង្កើតបានជាមូលដ្ឋានមួយយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មើភាព។ នៅក្នុងអន្តរកម្មបែបនេះ ចិនអាចមានឱកាសធ្វើឱ្យរុស្ស៉ី ក្លាយជារដ្ឋចំណុះរបស់ខ្លួន តែក្នុងបរិបទជាក់ស្ដែង ចិនគ្មានហេតុផលត្រូវតែបង្ខំចិត្តធ្វើដូច្នេះនោះទេ ហើយស្ថានភាពដូចនេះទំនងជានឹងមិនមានការប្រែប្រួលឡើយ ក្នុងរយៈពេល ៥ ទៅ១០ឆ្នាំខាងមុខ៕