Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 1019
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការបន្តយកចិត្តទុកដាក់របស់បណ្តាប្រទេសធំៗលើការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ៖

រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេសឯកឧត្តមប្រធានាធិបតី Donald Trump នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ឯកឧត្តម Michael George DeSombre ទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលបានជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាឱកាសជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចធិបតី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ទៀតថា សហរដ្ឋអាម៉េរិកបន្តជំរុញការរក្សាបទឈប់បាញ់និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ និងបានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន១៥លានដុល្លារសម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និង១០លានដុល្លារផ្សេងទៀត សម្រាប់ការដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជានិងថៃ ក៏ដូចជាការផ្តល់ជំនួយដើម្បីស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងចំពោះការដោះមីនមនុស្សធម៌។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃដល់សន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

សម្តេចបវរធិបតីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយគា្មនការរារាំង និងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ក្នុងការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរដើម្បីជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។
សម្តេចបវរធិបតី និងឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក និងបានឯកភាពបន្តជំរុញវិធានការជាក់លាក់ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម DeSombre ក៏បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយ១០លានដុល្លារផ្សេងទៀត សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះបទឈប់បាញ់និងការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ ផងដែរ។

សូមបញ្ជាក់ជូនជនរួមជាតិជ្រាបដែរថា តាមរយៈនយោបាយការទូតដ៏សកម្ម ត្រឹមត្រូវ និងសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា បណ្តាប្រទេសជាមិត្តជាពិសេសប្រទេសមហាអំណាចបានចាប់អារម្មណ៍មកលើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយបានជួយជ្រោមជ្រែងដើម្បីឈានដល់បទឈប់បាញ់ចំនួនពីរលើក។ លើកទី១ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមពីឯកឧត្តម Donald J.Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងការសម្របសម្រួលពីឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់មក ក្រោមការជំរុញរបស់ប្រធានាធិបតី Donald Trump ក៏មានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមក្រសែភ្នែកជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីដោយផ្ទាល់ និងឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន។

បទឈប់បាញ់លើកទី២ កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្រោមការជួយជ្រោមជ្រែងយ៉ាងសកម្មពីបណ្តាប្រទេសជាមិត្ត ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ាន តាមរយៈជំនួបតាមទូរស័ព្ទផង និងការបញ្ជូនប្រេសិតពិសេសមកកាន់កម្ពុជានិងថៃដើម្បីសម្របសម្រួលដោយផ្ទាល់ផង ក៏ដូចជាតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗទៀត។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក៏មានកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ថៃ និងចិន ដែលបានប្រព្រឹត្តទៅនៅក្នុងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំបានគូសបញ្ជាក់ថា អាទិភាពជាបន្ទាន់គឺការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងការធានានូវការអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅឈានទៅរកសន្តិភាពចីរកាល។

សរុបមកវិញ កម្ពុជាជាប្រទេសតូចមែនតែមានថ្នាក់ដឹកនាំស្រឡាញ់សន្តិភាព និងចង់ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងមានប្រជាជនចេះរួមសាមគ្គីគ្នាយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ នេះគឺជាហេតុផលដែលសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជានិងជួយជ្រោមជ្រែងគ្រប់បែបយ៉ាងដើម្បីបុព្វហេតុដ៏ត្រឹមត្រូវរបស់កម្ពុជា ហើយនេះគឺជាកត្តាធានាយ៉ាងកក់ក្តៅក្នុងជំហានឆ្ពោះទៅការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីនិងដោយយុត្តិធម៌ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដូចដែលបានព្រមព្រៀងគ្នាត្រង់ចំណុចទី៣ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជំហរជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានធ្វើកាលពីពេលកន្លងមក។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ

អត្ថបទទាក់ទង