ការដោះលែងទាហាន ១៨ នាក់ ៖ តើថៃហ៊ានលេងល្បែង១០% ឬ ៩០% ?
#ទស្សនៈ
ការដោះលែងទាហាន ១៨ នាក់ តាមមាត្រា ១១៖ ថៃស្ថិតក្នុងស្ថានភាព «ចង់ចំណេញ តែខ្លាចខាតមុខ»
ក្នុងស្មារតីស្នេហាជាតិ ការយកកូនខ្មែរទាំង ១៨ នាក់មកវិញដោយគ្មានការបង្ហូរឈាមបន្ថែម គឺជាជ័យជម្នះមួយ។ វារំលឹកយើងថា «ខ្មែរមិនបោះបង់ខ្មែរ»។ ក្រៅពីនេះ កម្ពុជាប្រើប្រាស់ទាហាន ១៨ នាក់ ធ្វើជា “សាក្សីនៃសន្តិភាព”។
បើពិនិត្យតាមស្ថានភាពជាក់ស្តែង និងយុទ្ធសាស្ត្រចរចា លទ្ធភាព (Probability) នៃការដោះលែងទាហាន ១៨ នាក់ អាចវាយតម្លៃបានដូចខាងក្រោម៖
ខ្ញុំសូមវិភាគខ្លី បែប SWOT (ខ្លាំង ខ្សោយ ឱកាស និងការគំរាមកំហែង) ដោយសង្ខេបចូលគ្នា ដូចតទៅ៖
១. លទ្ធភាពនៃការដោះលែង
១.១~ ដោះលែង
បើគណនា តាមប្រូបាប៊ីលីតេ (Probability) លទ្ធភាពដោះលែងអាចដល់ ៩០% ហេតុអ្វីបានជាមានភាគរយខ្ពស់? ព្រោះថៃស្ថិតក្នុងស្ថានភាព «ចង់ចំណេញ តែខ្លាចខាតមុខ»៖
▪︎ សម្ពាធអន្តរជាតិ៖ មានអាស៊ាន (AOT) នៅចាំ មើលផ្លូវ។ បើថៃមិនដោះលែងតាមការសន្យា ថៃនឹងក្លាយជា “ជនខិលខូច” លើឆាកអន្តរជាតិភ្លាមៗ។
▪︎ ការចង់បញ្ចប់ជម្លោះ៖ រដ្ឋាភិបាលថៃក៏ត្រូវការសន្តិភាពដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងទេសចរណ៍របស់គេវិញដែរ។ ការទុកទាហាន ១៨ នាក់ គ្មានចំណេញអ្វីក្រៅពី “រងការរិះគន់” នោះទេ។
■ តើថៃ «ទុកចំណេញ» ឬ «ខាត»?
(ក)~ ថៃចំណេញ (បើដោះលែង)៖
▪︎ ចំណេញមុខមាត់៖ បង្ហាញពិភពលោកថាគេជាប្រទេសគោរពច្បាប់ និងមានសីលធម៌។
▪︎ ចំណេញសន្តិសុខ៖ បញ្ឈប់ការបង្ហូរឈាម និងកាត់បន្ថយការចំណាយលើសង្គ្រាមដែលគ្មានប្រយោជន៍។
▪︎ ចំណេញសេដ្ឋកិច្ច៖ អាចយកលេសបើកច្រកព្រំដែនរកស៊ីជាមួយខ្មែរឡើងវិញ។
(ខ)~ ថៃខាត (បើទុក ឬមិនដោះលែង)៖
▪︎ ខាតធ្ងន់ធ្ងរ៖ ប្រឈមមុខនឹងការវាយបកពីកម្ពុជា ការថ្កោលទោសពីអាស៊ាន ជាពិសេសចិន ក្រោយកិច្ចប្រជុំនៅយូណាន។
▪︎ បាត់បង់ទំនុកចិត្ត៖ គ្មានប្រទេសណាហ៊ានជឿលើហត្ថលេខារបស់ថៃនៅពេលក្រោយទៀតឡើយ។
▪︎ ហានិភ័យផ្ទៃក្នុង៖ បង្កឱ្យមានសម្ពាធពីសហគមន៍អន្តរជាតិដែលប៉ះពាល់ដល់ការវិនិយោគ។
និយាឲ្យខ្លី បើគេកាន់យូរ គេនឹងរលាកដៃខ្លួនឯង។ សម្រាប់ថៃ ការដោះលែងគឺជាយុទ្ធសាស្ត្រ «កាត់ខាត (Cut Loss)» ដើម្បីយកចំណេញខាងរូបភាពនយោបាយ និងសន្តិភាពត្រឡប់មកវិញ។
១.២~ មិនដោះលែង
ហានិភ័យ ១០% ដែលនាំឱ្យថៃ «មិនដោះលែង» ឬមិនអាចដោះលែងទាហាន ១៨ រូបបានតាមការកំណត់នោះ មិនមែនមកពីការចង់បានមនុស្សឡើយ ប៉ុន្តែវាគឺជា «ឧបសគ្គបច្ចេកទេស និងនយោបាយងងឹត» ដូចខាងក្រោម៖
(a) យុទ្ធសាស្ត្រ «ដោះដូរចំណាប់ខ្មាំងនយោបាយ»៖ «សន្លឹកបៀចុងក្រោយ» ដើម្បីទាមទារលក្ខខណ្ឌបន្ថែមដែលមិនមានក្នុង ១៦ មាត្រា (ឧទាហរណ៍៖ ទាមទារឱ្យកម្ពុជាដកទ័ពចេញពីតំបន់ជាក់លាក់ណាមួយជាមុន)។
(b) ការលូកដៃពី «អំណាចងងឹត/ក្រុមជ្រុលនិយម» នេះគឺជាហានិភ័យខ្ពស់បំផុតក្នុងចំណោម ១០%។ ដើម្បីផលប្រយោជន៍អំណាចក្នុងស្រុក គេប្រើលេសថា «បទឈប់បាញ់ត្រូវបានរំលោភ» ដូច្នេះពួកគេមានសិទ្ធិផ្អាកការដោះលែងទាហានតាម មាត្រា ១១។
(c) បញ្ហា «ខ្សែបញ្ជាការ»៖ ដោយសារគំនុំ ឬមនោគមវិជ្ជា មេបញ្ជាការជួរមុខមិនស្តាប់រដ្ឋាភិបាល ។ ចំណុចនេះ មានក្រុមមានឥទ្ធិពលចង់បានអ្វីបន្ថែម។ (ហានិភ័យខ្ពស់)
(d) យុទ្ធសាស្ត្រ «ពន្យារពេលដើម្បីលាងទិន្នន័យ»៖ ទុកពេលឱ្យភ្នាក់ងារសម្ងាត់របស់គេ (Intelligence) ធ្វើការសាកសួរ ឬ «លាងខួរក្បាល» ទាហានយើងឱ្យកាន់តែស៊ីជម្រៅ មុននឹងបញ្ជូនត្រឡប់មកវិញ។(ហានិភ័យទាប ព្រោះជិត6ខែ)
បើថៃហ៊ានលេងល្បែង ១០% នេះ គេនឹងបាត់បង់ចំណេញ ៩០% នៃមុខមាត់អន្តរជាតិរបស់គេភ្លាមៗ។ តើយើងមាន “ត្រៀមខ្លួនសម្រាប់សេណារីយ៉ូនេះទេ??
២. សេណារីយ៉ូ
២.១. សេណារីយ៉ូល្អបំផុត (Best-Case Scenario): “ជ័យជម្នះការទូតទាំងស្រុង”៖ សន្តិភាពត្រូវបានស្ដារឡើងវិញភ្លាមៗ ទំនុកចិត្តរវាងប្រទេសទាំងពីរកើនឡើង ហើយកម្ពុជាទទួលបានការកោតសរសើរលើឆាកអន្តរជាតិ។
២.២. សេណារីយ៉ូដែលទំនងជាកើតមានបំផុត (Most Likely Scenario): “ជោគជ័យដែលមានការរអាក់រអួលបច្ចេកទេស”៖ ការដោះលែងនៅតែធ្វើឡើង ប៉ុន្តែស្ថិតក្នុងបរិយាកាសតានតឹងបន្តិច។ កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ (Vigilant)។
២.៣. សេណារីយ៉ូអាក្រក់បំផុត (Worst-Case Scenario): “ការក្បត់កិច្ចព្រមព្រៀង ឬការបង្កហេតុពីជនទីបី”៖ ជម្លោះរីករាលដាលដល់កម្រិតតំបន់ ហើយថៃរងសម្ពាធសេដ្ឋកិច្ច និងការទូតយ៉ាងធ្ងន់ធ្ងរពីពិភពលោក។
តើនេះជា«អន្ទាក់ការទូត» ដើម្បីស្ទូចយកភាពស្មោះត្រង់របស់ភាគីថៃមកដាក់លើតុឱ្យពិភពលោកបានឃើញ ឬ វាធ្វើឱ្យកម្ពុជាឈរក្នុងជំហរ “ម្ចាស់ការ” និង “យុត្តិធម៌” បំផុត?
រងចាំមើលទាំងអស់គ្នា ៖ តើថៃហ៊ានលេងល្បែង១០% ឬ ៩០% ??
អត្ថបទ៖ បណ្ឌិត ញិល រដ្ឋា
រូបភាព ៖ pataya mail
រៀន រៀន រៀន





