Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ពិធីបើក​ «អនុសំវច្ឆរ​មហាសនិ្ន បាត​មន្រ្ដី​សង្ឃទូទាំងប្រទេស លើកទី៣៣»

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្រង់ប្រសាសន៍ 1005
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន  ពិធីបើក​ «អនុសំវច្ឆរ​មហាសនិ្ន បាត​មន្រ្ដី​សង្ឃទូទាំងប្រទេស លើកទី៣៣» សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ពិធីបើក​ «អនុសំវច្ឆរ​មហាសនិ្ន បាត​មន្រ្ដី​សង្ឃទូទាំងប្រទេស លើកទី៣៣»


CNV:

ជាបឋម, ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមថ្វាយបង្គំ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី, សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមថ្វាយបង្គំ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃ-នាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមថ្វាយបង្គំ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈឯកឧត្តម លោកជំទាវលោក លោកស្រី, ភ្ញៀវកិត្តិយសជាតិអន្តរជាតិ​ ជាមេត្រី!

ថ្ងៃនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំមានសេចក្ដីសោមនស្ស និងកិត្តិយសបំផុត ដែលបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះបរមរាជានុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមដោយផ្ទាល់ក្នុងពិធីបើក «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដី សង្ឃទូទាំងប្រទេស លើកទី៣៣» នាពេលនេះ ។

ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ សូមថ្លែងអំណរព្រះគុណ និងអរគុណ ប្រកបដោយសទ្ធាជ្រះថ្លា និងសូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង និមន្ត និងអញ្ជើញចូលរួមក្នុងពិធី «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី ៣៣» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងវាយតម្លៃ ការប្រតិបត្តិធម៌   វិន័យរបស់ព្រះសង្ឃ ដើម្បីកែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធ-សាសនា, កំណត់ និងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមទាំងឡាយ, ព្រមទាំង តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសង្ឃប្រកាស ដែលបានដាក់ចេញនាឆ្នាំកន្លងមក, សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព, ការលើកស្ទួយប្រពៃណីទំនៀមទម្លាប់ និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការអភិរក្ស និងការអភិវឌ្ឍព្រះពុទ្ធសាសនា, ការទ្រទ្រង់ និងការលើកកម្ពស់សីលធម៌សង្គម, និងសុខដុមនីយកម្មសាសនានៅកម្ពុជា ។

ជាមួយគ្នានេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា ដែលបានលើកឡើងអំពីសមិទ្ធផល    គួរជាទីមោទនៈ ក្នុងវិស័យធម្មការ និងសាសនា, ជាពិសេសការពង្រឹង និងការពង្រីកពុទ្ធិកសិក្សា, ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យពាហិរសាសនា និងសុខដុមនីយកម្មសាសនា, ដែលជាបុរេ-លក្ខខណ្ឌសម្រាប់សុខសន្តិភាព សុខដុមរមនាសង្គម និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និង ចីរភាព ។

បុព្វបុរសខ្មែរបានបន្សល់ទុកនូវប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់, ឈរលើ មូលដ្ឋាននៃ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែលបានចារិកនៅក្នុងបេះដូងខ្មែរ ព្រម-ទាំងបានផ្សារភ្ជាប់កូនខ្មែរទាំងអស់ ជាគ្រួសារមួយ, ជាសហគមន៍មួយ និងជាពូជសាសន៍មួយ ។ ផ្អែកលើគុណតម្លៃ និងតួនាទីរបស់ព្រះពុទ្ធសាសនា ដែលបាននិងកំពុងចាក់ឫសយ៉ាងជ្រៅ ក្នុងសង្គមខ្មែរ, រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ», ប៉ុន្តែ ពុំមានការរឹតត្បិតលើសិទ្ធិសេរីភាពខាងសាសនានោះទេ ។ នេះ គឺជាដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវមួយ ដែលវិស័យសាសនា, រួមមាន៖ ព្រះពុទ្ធសាសនា, ឥស្លាមសាសនា, គ្រិស្តសាសនា និងសាសនាដទៃទៀត ត្រូវបានបើកទូលាយ ក្នុងការប្រតិបត្តិជំនឿ, ហើយធ្វើឱ្យប្រជាជន ដែលរស់នៅក្នុងសង្គមកម្ពុជា អាចរស់នៅសុខដុមរមនា, មិនមានទំនាស់ប្រេះឆា ឬ ជម្លោះសាសនា នោះឡើយ ។

ទន្ទឹមនេះ, ព្រះពុទ្ធសាសនាបាននិងកំពុងមានឥទ្ធិពលលើប្រព័ន្ធនយោបាយ សង្គម និង សេដ្ឋកិច្ចកម្ពុជា, តាមរយៈការអភិវឌ្ឍផ្នត់គំនិត, ឥរិយាបថ និងសកម្មភាព ដែលឈរលើមូលដ្ឋាន ទស្សនវិជ្ជាព្រះពុទ្ធ ។ ក្នុងន័យនេះ, ព្រះពុទ្ធសាសនា គឺជាកម្លាំងចលករយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន, ទាំងផ្លូវចិត្ត និងផ្លូវកាយ, របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព ។ ម៉្យាងទៀត, ព្រះពុទ្ធសាសនា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខដុមរមនាសង្គម និងនយោបាយកម្ពុជា តាមរយៈការយល់ដឹងកាន់តែប្រសើរអំពីទ្រឹស្តី «កម្មផល» ។

លើសពីនេះ, ការកំណត់ «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»សបញ្ជាក់អំពីការផ្សារភ្ជាប់រវាងការគ្រប់គ្រងរដ្ឋជាមួយនឹងព្រះពុទ្ធសាសនា ឬ ទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ដែលជាចំណងវិចារវិទ្យា, បំពេញឱ្យគ្នាទៅវិញទៅមក ដោយចៀសមិនបាន ។ នេះមានន័យថា ការរីកចម្រើនខាងផ្នែកអាណាចក្រ ត្រូវតែមានការលើកកម្ពស់ខាងផ្នែកពុទ្ធចក្រ  ដើម្បីឱ្យរដ្ឋទទួល បានផលប្រយោជន៍មកវិញ ជាការចេះដឹង និងការធ្វើអំពើល្អរបស់ប្រជាពលរដ្ឋ ។ ទាំងនេះហើយ ដែលបង្កលក្ខណៈឱ្យរដ្ឋគ្រប់គ្រងបានកាន់តែប្រសើរ ព្រមទាំងមិនមានបញ្ហាហិង្សា ឬ អំពើបាបកើតឡើងក្នុងសង្គម ។ នៅពេលប្រជាពលរដ្ឋមានសេចក្ដីសុខ និងរីកចម្រើនក្នុងជីវភាព, ព្រះសង្ឃក៏មានចង្ហាន់ល្អៗ និងទទួលបានវិភាគទានសម្រាប់កសាងទីអារាម សេនាសនៈ ក៏បានល្អដែរ ។

[ចាប់ផ្ដើមេសចក្ដីអធិប្បាយ១]

(១) អាណាចក្រអន់ថយ ពុទ្ធចក្រនិងសាសនាដទៃ នឹងបាត់បង់

អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បញ្ជាក់នៅលើចំណុចនេះបន្តិច។ នេះមិនមែនជាបញ្ហាថ្មីថ្មោងនោះទេ។ (ខ្ញុំព្រះករុណាតែងបានបញ្ជាក់អំពី)ទំនាក់ទំនងរវាងព្រះពុទ្ធសាសនា​ សាសនា ឬក៏និយាយមួយបែបថា អាណាចក្រនិងពុទ្ធចក្រ។ រឿងនេះ មិនអាចផ្ដាច់ចេញពីគ្នាបានទេ។ ចំណងទាក់ទងទៅទីនេះជ្រាលជ្រៅណាស់។ ខ្ញុំព្រះករុណាខ្ញុំ គួរតែរំលឹក ក្នុងការដឹកនាំក្នុងរយៈកាលជិត ៤ទសវត្សរ៍កន្លងទៅនេះ ក្នុងតួនាទីជានាយករដ្ឋមន្រ្តី អម​ទៅដោយតួនាទីផ្សេងៗ ក្នុងរដ្ឋាភិបាល តាំងពីឆ្នាំ១៩៧៩ ខ្ញុំព្រះករុណាខ្ញុំ បានប្រកាន់ភ្ជាប់នូវការបំពេញឱ្យគ្នារវាងពុទ្ធចក្រនិងអាណាចក្រ។

យើងអាចសង្កេតឃើញថា នៅពេលណាដែលអាណាចក្រត្រូវរង្គោះរង្គើ ត្រូវអន់ថយ ពេលនោះពុទ្ធចក្រក៏នឹងបាត់បង់ទៅដែរ។ តួយ៉ាង ដូចជាសម័យ ប៉ុល ពត​ នៅពេលដែលអាណាចក្រត្រូវរង្គោះរង្គើ អំពើប្រល័យពូជសាសន៍មួយបានកើតឡើង ដែលមិនមែនគ្រោះថ្នាក់សម្រាប់តែខាងផ្លូវរដ្ឋនោះទេ ក៏ប៉ុន្តែព្រះសង្ឃក៏ត្រូវទទួលដូចគ្នា។ មិនមែនគ្រាន់តែព្រះសង្ឃនៅក្នុងពុទ្ធសាសនាទេ គ្រឹស្ដសាសនា និងឥស្លាមសាសនា ក៏ដូចជាសាសនាដទៃទៀត ក៏ត្រូវបានបំផ្លិចបំផ្លាញ

(២) សង្រ្គាមព្រំដែនកម្ពុជាថៃ ធ្វើអោយរងគ្រោះមិនតែប្រជាជនទេ សូម្បីព្រះសង្ឃក៏រងគ្រោះផងដែរ

នៅពេលដែលមានបញ្ហា(នានា)កន្លងទៅនេះ កាលដែលប្រជាជនខ្លះ ឧទាហរណ៍ថា ប្រជាជន ឬក៏ថា រដ្ឋ ក៏ដូចជាប្រជាជនជួបការលំបាក ព្រះសង្ឃក៏ខ្វះចង្ហាន់ដែរ។ ពេលមានគ្រោះទឹកជំនន់​ គ្រោះរាំងស្ងួត ប្រជាជនជួបការលំបាក ពេលនោះព្រះសង្ឃក៏គ្មានចង្ហាន់ល្អដែរ។ ប៉ុន្តែ បើសិនជាប្រជាជនរកស៊ីមានបាន រដ្ឋមានប្រាក់ចំណូលខ្ពស់ ពេលនោះ ព្រះសង្ឃក៏មានចង្ហាន់ល្អ ហើយទីអារាមក៏មានការចូលរួមកសាងសាលាសំណាក់នៅទីអារាមនានាផងដែរ។ យើងបានឃើញពិតប្រាកដហើយ នៅពេលដែលសង្រ្គាមព្រំដែនកម្ពុជាថៃបានកើតឡើង មិនគ្រាន់តែប្រជាជនទេដែលជាអ្នករងគ្រោះ សូម្បីព្រះសង្ឃ(ក៏រងគ្រោះផងដែរ) ព្រោះគ្រាប់កាំភ្លើងវាមិនស្គាល់ទីអារាមទេ។ ដូចជានៅទីអារាមមួយចំនួនដែលត្រូវគ្រាប់កាំភ្លើងបាញ់មកលើទីអារាមនោះ ព្រះសង្ឃក៏ត្រូវជួបការលំបាក ក៏ត្រូវភៀសសឹកដូចគ្នា។

(៣) ប្រជាពលរដ្ឋទទួលការអប់រំ មានគុណធម៌ល្អ មានសីលធម៌ ងាយស្រួលដល់ការគ្រប់គ្រងក្នុងសង្គម

ចំណុចនេះ គឺត្រូវតែក្លាយទៅជាទស្សនវិជ្ជា (ជា)ប្រធានបទដែលរាជរដ្ឋាភិបាលត្រូវតែប្រមូលផ្ដុំយកចិត្តទុក​ដាក់ក្នុងការបំពេញឱ្យគ្នា។ ខាងផ្នែករដ្ឋវិនិយោគទៅលើវិស័យសាសនា តាមរយៈការផ្ដល់ជំនួយសព្វបែបយ៉ាងសម្រាប់សាសនា ឱ្យសាសនាអភិវឌ្ឍ ដូចជាការជំរុញ/បង្កើនសាលារៀនទាក់ទិននឹងចំណេះដឹងទូទៅ ក៏ដូចជាវិស័យសាសនា។ រដ្ឋទទួលបានអ្វីមកវិញ? ផលប្រយោជន៍យ៉ាងធំដែលរដ្ឋនឹងទទួលបានមកវិញគឺនៅត្រង់ថា គ្មានសាសនាណានៅលើពិភពលោកនេះ ឬនៅកម្ពុជា អប់រំពុទ្ធសាសនិកឱ្យប្រព្រឹត្តិអំពើបាបទេ។ ដូច្នេះ ប្រ​សិនបើប្រជាពលរដ្ឋបានទទួលនូវការអប់រំ ប្រជាពលរដ្ឋមានគុណធម៌ល្អ មានសីលធម៌ល្អ គឺពេលនោះហើយ ជាពេលវេលាដែលល្អបំផុត (និង)ជាការបំពេញឱ្យគ្នា (ដែល)រដ្ឋវិនិយោគជួយទៅលើព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ប៉ុន្តែសាសនាដទៃទៀតមានចំណែកជួយត្រឡប់មកវិញ ទៅលើការអប់រំសីលធម៌ គុណធម៌ អំពើល្អចំពោះពលរដ្ឋ។ ដូច្នេះ វាបង្កលក្ខណៈងាយស្រួលឱ្យរដ្ឋគ្រប់គ្រង់ក្នុងសង្គម

(៤) ចំណងទាក់ទងបដិច្ចសមុប្បាទ/វិចារវិទ្យា បំពេញឱ្យគ្នារវាងសាសនានិងអាណាចក្រ/រដ្ឋ

បើមនុស្សភាគច្រើនប្រ​ព្រឹត្តិ​អាក្រក់ ដូចជាអំពើជ្រុលនិយម ភេរវកម្ម រឿងនេះ/នោះ ច្បាស់ណាស់ថា រដ្ឋនឹងពិបាកគ្រប់គ្រង។ អញ្ចឹង​ទេ ព្រះសង្ឃ ក៏ដូចជាសាសនាដទៃទៀតអាចចូលរួមចំណែក ដើម្បីអប់រំសាសនិករបស់ខ្លួនប្រព្រឹត្តិនូវអំពើល្អ ដែលជាការរួមវិភាគទានមួយសម្រាប់ភាពជឿនលឿនរបស់សង្គម។ នេះជាអ្វីដែលខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់អំពី ចំណងទាក់ទងបដិច្ចសមុប្បាទ ឬហៅថាវិចារវិទ្យា ដែលមានការទាក់ទងគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈរដ្ឋជួយទៅលើវិស័យសាសនា និងវិស័យសាសនាផ្ដល់ផលត្រឡប់មកវិញ(ដែលជួយ)ឱ្យរដ្ឋងាយស្រួលគ្រប់គ្រងសង្គម ដោយសារតែមនុស្សបានទទួលការអប់រំល្អពីវិស័យ​សាសនា

[ចប់សេចក្ដីអធិប្បាយ១]

ក្នុងន័យនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំយល់ឃើញថា រាជរដ្ឋាភិបាល,  គណៈសង្ឃទាំងពីរគណៈ និងជនរួមជាតិ ត្រូវរួមគ្នាបន្តអភិរក្ស និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើន តាមរយៈការពង្រឹងព្រះតួនាទីដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជា, ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីពុទ្ធឱវាទ សំដៅជំរុញការប្រតិបត្តិនូវបរមពុទ្ធោវាទឱ្យបានត្រឹមត្រូវ, ជាពិសេសការធ្វើនូវអំពើល្អ, និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ ។ ឈរលើមូលដ្ឋានទ្រឹស្តីព្រះពុទ្ធសាសនា, ការរីកចម្រើនខាងផ្នែកសម្ភារៈ ត្រូវតែមានតុល្យភាពនឹងការរីកចម្រើនខាងផ្នែកស្មារតី, ពោល គឺចំណង់ខាងផ្នែកសម្ភារៈ ត្រូវអនុលោមជាមួយក្របខ័ណ្ឌគតិយុត្តិ សីលធម៌ និង យុត្តិធម៌សង្គម ។ ការណ៍នេះ, សបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រីកការផ្សព្វផ្សាយ និងការពង្រឹងការយល់ដឹងអំពីទស្សនវិជ្ជាព្រះពុទ្ធ ក្នុងសង្គមជាតិ សំដៅជំរុញការប្រតិបត្តិធម៌វិន័យ, ការកែលម្អផ្នត់គំនិត និងការគោរពច្បាប់ ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា «អនុសំវច្ឆរមហាសន្និបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី ៣៣» នេះ នឹងប្រមូលបាននូវបណ្ដុំបញ្ញាញាណ, បណ្ដុំបទពិសោធន៍ និងទស្សនៈ គ្រប់ជ្រុងជ្រោយ; កំណត់បានត្រឹមត្រូវនូវបញ្ហាប្រឈម មូលហេតុនៃបញ្ហាប្រឈម, កាត់បន្ថយ និងលុបបំបាត់នូវបញ្ហាអវិជ្ជមានទាំងឡាយ; និងដាក់ចេញនូវវិធានការ និងយន្ដការថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជា, លើកកម្ពស់ស្មារតី សាមគ្គីធម៌, និងអភិវឌ្ឍសមត្ថភាព ភាពជាគំរូ និងការអប់រំសីលធម៌ សំដៅលើកស្ទួយសុខសន្តិភាពសិនិទ្ធភាពសង្គម សុខដុមនីយកម្មសាសនា និងការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងចីរភាព។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៥) ​រាជរដ្ឋាភិបាលពីអាណត្តិមុនៗ ចង់បានភូមិឃុំមានសុវត្ថិភាព

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយបន្ថែមបន្តិចលើចំណុចខ្លះ ក្នុងនាមមួយផ្នែកជាព្រះរាជតំណាង និងមួយផ្នែកទៀយក្នុងឋានៈជាប្រធានព្រឹទ្ធសភា ហើយក៏និយាយក្នុងឋានៈជាប្រធានគណបក្សកាន់អំណាចផងដែរ។ ដំបូងខ្ញុំព្រះករុណាខ្ញុំ សូមចូលរួម(ផ្តល់មតិ)ទាក់ទិននឹងការចូលរួមនៃវិស័យសាសនាតាមរយៈការអប់រំ។ តាំង​​ពីអាណត្តិមុនៗ រាជរដ្ឋាភិបាលជំនាន់ខ្ញុំព្រះករុណាខ្ញុំនៅជានាយករដ្ឋមន្រ្តី, សម្ដេចក្រឡាហោម ស ខេង នៅធ្វើជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រហូតមកដល់ពេលនេះ គោលដៅរបស់យើងនៅតែចង់បានភូមិឃុំមានសុវត្ថិភាព។ នេះគឺជាចំណុចដែលព្រះសង្ឃ និងគ្រប់សាសនាអាចជួយបាន តាមវិធីនៃការបញ្ជ្រាបការយល់ដឹងចំពោះប្រជាជន​ ព្រោះព្រះសង្ឃក៏ដូចជាសាសនាដទៃទៀតនៅឯភូមិឃុំនោះឯង។ ច្បាស់ណាស់ថា សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការបំបាត់អំពើហឹង្សា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ល្បែងស៊ីសង ក៏នឹងត្រូវបានកាត់បន្ថយ។

(៦) សូមសាសនាទាំងអស់ផ្ដល់ឱវាទឱ្យបរិស័ទជៀសវាងឧបាយមុខ​ ដើម្បីភូមិ/ឃុំមានសុវត្ថិភាព

បើពិនិត្យអំពីចំនួនទីអារាមនៅក្នុងប្រទេសកម្ពុជា យើងមានរហូតទៅដល់ ៥១៤៤វត្ត មានព្រះសង្ឃចំនួន ៧៥៥៥៦អង្គ វាស្មើនឹង ១ភាគ៥ នៃចំនួនកងកម្លាំងប្រដាប់អាវុធ។ អញ្ចឹងទេ ការជួយយ៉ាងដូច្នេះ វាជាការងាយស្រួល។ អ្វីដែលយើងចង់បានបំផុត គឺភូមិ/ឃុំ មានសុវត្ថិភាព។ សូម្បីតែរោងចក្រក៏យើងចង់បានរោងចក្រមួយជាសហគមន៍សុខសាន្ត។ យើងមិនអាចប្រើវិធីអ្វីក្រៅពីអប់រំនោះទេ។ ឱកាសមានច្រើន។ នៅកម្ពុជាអ្នកដែលកាន់ព្រះពុទ្ធសាសនាមានភាគច្រើន។ អ្នកកាន់គ្រីស្ដមួយចំនួន និងកាន់សាសនាឥស្លាមមានមួយចំនួន សុទ្ធតែមានពេលវេលាចូលព្រះវិហារទីអារាមផងដែរ។ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវចំពោះគ្រប់ទីអារាម ព្រះវិហារ ទាំងឥស្លាមនិងគ្រិស្ដសាសនា មេត្តាផ្ដល់នូវឱវាទ (អោយបរិស័ទ)ជៀសវាងឧបាយមុខ​នានា (ដើម្បី)បង្កើតឱ្យមានស្ថានភាពល្អប្រសើរ(សំរាប់)គ្រប់តួអង្គមនុស្សដែលពាក់ព័ន្ធនឹងគោលដៅ គឺការចង់បានភូមិ/ឃុំមានសុវត្ថិភាព

(៧) ព្រះសង្ឍនិងប្រជាពលរដ្ឋទូទៅ ផុលផុសរួមចំណែកក្នុងខឿនការពារជាតិរបស់ប្រជាជន

ទី២ ខ្ញុំព្រះករុណាខ្ញុំ បន្តអំពាវនាវឱ្យមានការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតឡើងនិងអនុវត្តនូវខឿនការ​ពារជាតិប្រជាជន។ ចំណុចនេះ កម្ពុជាបានអនុវត្តតាំងពីដើមរហូតមក។ ខឿនការពាររបស់ប្រជាជន (មានន័យថា)ភារកិច្ចការពារជាតិ មិនមែនកងទ័ពធ្វើដាច់ដោយឡែកទេ តែត្រូវការរួមចំណែក(ពីប្រជាជន) ហើយដែលក្នុងរយៈពេលកន្លងទៅ ការរួមចំណែកនេះ បានធ្វើផុលផុសណាស់។ ខ្ញុំព្រះករុណាខ្ញុំ(សូមថ្លែង)ចេញពីទីនេះ អរព្រះគុណព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ គ្រប់ទីអារាម, អរគុណប្រជាពលរដ្ឋជាទូទៅដែលបានចូលរួមក្នុងរយៈពេលកន្លងទៅ ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងវិស័យការពារជាតិ។ ជំ​នួយឧបត្ថម្ភនានាត្រូវបានផ្ដល់ទៅដល់មូលដ្ឋាន រហូតទៅដល់មានការផ្ដល់ជាសំភារៈសំរាប់ទ្រទ្រង់សុវត្ថិភាពរបស់កងទ័ព ដូចជាអាវក្រោះជាដើម …​ បើកាលណាជាតិប្រឈមនឹងការបាត់បង់ ជាតិត្រូវគេបំពាន សាសនាក៏ត្រូវ​គេបំពានដែរ។ ដូច្នេះខ្ញុំព្រះករុណា ខ្ញុំបន្តអំពាវនាវសម្រាប់ការចូលរួម​ដើម្បីការពារជាតិ។

(៨) កម្ពុជាចង់បានសេចក្តីសុខនិងរក្សាអ្វីដែលអតីតកាលបានបន្សល់ទុកដោយមានក្បួនខ្នាតត្រឹមត្រូវ

យើងចង់បានតែសេចក្តីសុខ។ យើងមិនត្រូវការឈ្លានពានអ្នកណាទេ។ គេបានចោទយើងថាចង់បានដីគេ។ ខ្មែរបាត់ដីច្រើនណាស់ហើយ។ ដែលនៅសល់ប៉ុណ្ណឹង (យើងគ្រាន់តែចង់)ការពារឱ្យបាន(គង់វង់)។ យើងមិនមានតម្រូវការចង់បានអ្វីពីអ្នកណាទេ។ អ្វីដែលអតីតកាលបានបន្សល់ទុកដោយមានក្បួនខ្នាតត្រឹមត្រូវ គឺយើងរក្សាប៉ុណ្ណឹងទៅបានហើយ។ យើងមិនត្រូវការពង្រីកទឹកដីទៅណាទេ។ អ្នកខ្លះចង់អោយយើងទៅវ៉ៃយកកោះត្រល់និងកម្ពុជាក្រោម, អ្នកខ្លះចង់អោយយើងទៅយកបណ្ដាខេត្តនៅឯប្រទេសថៃ ហើយអ្នកខ្លះទៀតចង់បានទឹកដីពីឡាវត្រឡប់មកវិញ។ ប៉ុន្តែ ពួកគេបានត្រឹមស្រែកពីខាងក្រៅមកទេ។ អ្នកនៅក្នុងស្រុកមានប៉ុន្មានទៅ(ដែលគិតដូចនោះ)? ពួកគេ(នៅក្រៅទាំងនោះ)ចេះតែនិយាយ។ ឯអ្វីដែលជាសេចក្ដីត្រូវការរបស់យើងគឺការការពារជាតិ។ ក្នុងរយៈពេលចុងក្រោយនេះ ដូចដែលសម្ដេចព្រះតេជគុណ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បានដឹងហើយ អំពីសភាពការណ៍ព្រំដែន គឺមានកំដៅឡើងចុះៗ។

(៩) អំពីករណីបាញ់ប្រជាជននៅព្រៃចាន់ “មិនថ្កោលទោសអ្នកបាញ់ បែរជាដាក់សំណួរមករាជរដ្ឋាភិបាល”

ខ្ញុំសូមបង្ហាញនូវភាពគ្រោតគ្រាតបន្តិចទៅចុះ អំពី(រឿងដែល)គេបាញ់ប្រជាជនយើងស្លាប់។ ពួកគេមិនថ្កោលទោសអ្នកដែលបាញ់ប្រជាជនយើងស្លាប់ទេ តែបែរជាមកថ្កោលទោស/ដាក់សំណួរមកលើរាជរដ្ឋាភិបាល។ សូម​ផ្ដាំទៅបណ្ឌិត សេង សារី ដែលឃើញបង្ហោះសារមួយថា “លោកពុកធ្លាប់តែនិយាយរឿងនេះ/នោះ ឥឡូវម៉េចលោកពុកស្ងាត់”។ ឈ្មោះថាបណ្ឌិត អីក៏ល្ងង់ម្លេះ។ តើទីតាំងឈរជើងរបស់ ហ៊ុន សែន នៅកន្លែងណានៅពេលនេះ? មិនមែនជាទីតាំងដែល ហ៊ុន សែន ឈរដូចពីមុនទេ។ បើទុកអោយ ហ៊ុន សែន និយាយដូចកាលពី​ពេលនៅធ្វើជានាយករដ្ឋមន្ត្រី ​​ចាំបាច់រៀបចំបោះឆ្នោតជ្រើសតាំងអោយមាននាយករដ្ឋមន្ត្រីធ្វើអី។ បើឱ្យសម្ដេច​ពិជ័យ ទៀ បាញ់ និយាយ ចុះ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិធ្វើអី? បើឱ្យសម្ដេចក្រឡាហោម ស ខេង និយាយ តើ ស សុខា ធ្វើអី? យើងនិយាយពីអញ្ចឹងវិញ។ បើថាល្ងង់ត្រូវនិយាយអោយច្បាស់ថាល្ងង់ទៅ … កុំធ្វើទស្សនវិទូ ដែលខ្ញុំហៅអាល្ងង់ទូ។ វាពិតជាល្ងង់មែន វាអត់ដឹងកន្លែងទីតាំងឈរជើងនៅកន្លែងណា។

(១០) ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋ​​មន្ត្រី៖ “នាយករដ្ឋមន្ត្រីដឹកនាំនយោ​បាយ​ក្នុងនិងក្រៅប្រទេស”

ហ៊ុន សែន ស្គាល់តួនាទីអស់ទាំងនេះ។​ មិនមែនមានតែ ហ៊ុន សែន ទេ។ អ្នកជំនាន់ជាមួយគ្នានេះ ដែលចេញដំណើរតាំងពីឆ្នាំ១៩៧៩ ជាមួយគ្នា សុទ្ធតែស្គាល់តួនាទីច្បាស់ណាស់។ កន្លែងណាត្រូវនិយាយ កន្លែងណាមិនត្រូវនិយាយ។ យើងបានដកខ្លួនចេញពីរាជរដ្ឋាភិបាលហើយ។​ តើឱ្យខ្ញុំត្រូវទៅនិយាយជួសនាយករដ្ឋមន្ត្រីឬយ៉ាងម៉េច? បើយើងទៅនិយាយជួសនាយករដ្ឋមន្ត្រី តើយើងចាំបាច់រៀបចំនាយករដ្ឋមន្ត្រីធ្វើអី។ រដ្ឋធម្មនុញ្ញ​បានចែងច្បាស់ ជាពិសេសច្បាប់រៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋ​​មន្ត្រីថា “នាយករដ្ឋមន្ត្រីដឹកនាំនយោ​បាយ​ខាងក្នុងនិងក្រៅប្រទេស”។ ដូច្នេះ គេមានតួនាទីត្រឹមត្រូវ (ហើយក្នុងន័យនេះឯង)បានជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាក់ទងជាមួយនឹងប្រធានាធិបតី ដូណាល់ត្រាំម៍។ ជានិច្ចកាលគឺ ដូណាល់ ត្រាំម៍ ហៅទូរស័ព្ទពីសេតវិមានមកទីក្រុងភ្នំពេញទេ ព្រោះហៅពីទីនោះត្រឡប់មកវិញ ងាយស្រួលក្នុងទំនាក់ទំនង(យោងទៅលើ)ពេលវេលារបស់ ប្រធានាធិបតី ត្រាំម៍។ នាយករដ្ឋមន្ត្រី Anwar Ibrahim ​ក៏ត្រូវទំនាក់ទំនងគ្នា។ មិនមែនការទាក់ទងរវាង ប្រធានាធិបតី ត្រាំម៍ ជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន ឬក៏នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាមួយ ហ៊ុន សែន ទេ។ អំណាចបែងចែកអញ្ចឹង។

(១១) “ការប្រមូលផលដើមរដូវ” នៃយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម”

ហេតុអីបានជាខ្លួនធ្វើជាល្ងង់ ឬក៏ប្រើវិធីហ្នឹងដើម្បីបន្តុះបង្អាប់? ទាក់ទងជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ខ្ញុំគិតថាធ្វើត្រូវ ហើយដែលខ្ញុំបង្ហោះសារមួយ​ថានេះជា “ការប្រមូលផលដើមរដូវ” នៃយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម”។ បានសេចក្ដីថា គេមិនមែនដេកមើលទេ។ គ្រាន់តែគេមិននិយាយ។ មិនមែនជារឿងត្រូវតក់​ក្រហល់។ ឧទាហរណ៍ ខ្លះគេ​ប្រមាថវ៉ៃយើង ៣ថ្ងៃ។ ខ្លះប្រមាថថាវ៉ៃយើងយក ៤ខេត្តដើម្បីដោះដូរជាមួយប្រាសាទនេះ/នោះ។ យើងនឹកក្នុងចិត្តថា “បើអ្ហែងក្បាលប៉ាន់ដែក! អ្ហែងមក(ចុះ)”។ យើងនិយាយក្នុងចិត្ត។ យើងមិនបាននិយាយចំហទេ។ នៅទីនេះសុទ្ធតែអ្នកទាហានជើង(ចាស់) ហើយមិនមែនទាហានត្រឹមតែការពារខ្លួននោះទេ។ ពីដើម ជាទាហានដើរឱ្យគេបាញ់ ព្រោះទាហានត្រូវវាយលុកចូលបន្ទាយគេ។ អញ្ចឹងមិនមែនទាហានសម្រាប់ក្រាបបាញ់ទេ ទាហានសម្រុកទៅមុខ។ អញ្ចឹង ទុកឱ្យអ្នកឯងប្រមាថសិនទៅ។ យើងមិនអួតអាងអីទាំងអស់ ក៏ប៉ុន្តែយើងមានសិទ្ធិការពារខ្លួន។

(១២) បានដើរដល់បទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជានិងថៃ

កន្លងទៅ ឧទាហរណ៍បញ្ហានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ គេចង់ឱ្យយើងផ្ទុះអាវុធភ្លាម។ ឥឡូវបើផ្ទុះអាវុធភ្លាមតើលទ្ធផលវាចេញមករបៀបម៉េច សុំជួយឆ្លើយផងមើល? គេកំពុងតែញុះឱ្យយើងផ្ទុះអាវុធ។ ផុតពីរឿងមួយដល់រឿងមួយ។ សូម្បីតែជំពាមកៅស៊ូ ក៏គេបាញ់ដែរពេលយប់ បាញ់ស្ទើររាល់យប់ ប៉ុន្តែខាងរាជរដ្ឋាភិបាល ខាងកងទ័ពណែនាំមិនឱ្យឆ្លើយតបទេ។ អាវុធបាញ់ស្ទើររាល់យប់ រាល់ថ្ងៃ ប៉ុន្តែយើងមិនតបត ព្រោះវាបានដើរដល់ដំណាក់កាលនៃបទឈប់បាញ់ដែលត្រូវគោរព។ ហ្នឹងទីមួយ។ ទី២ បានដើរដល់សេចក្តីថ្លែងការណ៍នៃសន្តិភាពរវាងកម្ពុជា-ថៃ ដែលមានទាំងម៉ាឡេស៊ី មានទាំងសហរដ្ឋអាមេរិក ហើយក៏មានទាំងចិនបានដឹងលឺ និងមិត្តភក្តិនៅលើពិភពលោកបានដឹង។ គេកំពុងតែក្រឡេកមើល។ បើយើងឆ្លងឆ្លើយហួសហេតុ វាទៅជាគេហៅថាជម្លោះពាក្យសំដី។ អញ្ចឹងទេ ប្រកាន់យកយុទ្ធវិធី “ស្ងាត់តែមិនស្ងៀម”។

(១៣) អគ្គភស្តុភាជាន់ខ្ពស់៖ នឹងមានអាវក្រោះម៉ាក DSS សំរាប់បំពាក់ឱ្យកងទ័ព និងនាំចេញ

ក្រឡេកមើលកងទ័ព។ យើងមានការភ្លេចភ្លាំង។ ខ្ញុំទទួលស្គាល់។ យើងមិនបានបំពាក់អាវក្រោះ អាវការពារ អាវសុវត្ថិភាពឱ្យបងប្អូន។ ប៉ុន្តែ ឥឡូវនេះវាលើសពីការគ្រប់គ្រងហើយ។ តើគេធ្វើអី? ហ្នឹងក៏ជាវិស័យការពារជាតិដែលគេធ្វើដោយស្ងាត់ស្ងៀម។ បន្តិចទៀត ខ្ញុំនឹងមាន(អាវក្រោះ)ម៉ាក DSS ផលិតសំរាប់បំពាក់ឱ្យកងទ័ព ហើយនាំចេញទៀត។ កាលដែលខ្ញុំព្រះករុណាខ្ញុំទៅទល់ដែន កងទ័ពគេសុំធ្វើអគ្គភស្តុភាជាន់ខ្ពស់។ (ខ្ញុំទទួល)ថា “អូខេ! ព្រមធ្វើ”។ អគ្គបញ្ជាការជាន់ខ្ពស់ត្រូវធ្វើភស្តុភា។ ខ្ញុំព្រះករុណាខ្ញុំនឹងនិយាយ លើកលែងតែមានតម្រូវការសូមយោបល់របស់នាយករដ្ឋមន្ត្រី និងអ្នកដទៃទៀត។ ឥឡូវក្នុងគ្រុបនេះ ចុចភា្លមគឺមានអ្នកដែលត្រូវចូលរួមប្រជុំអំពីអ្វី ដោះស្រាយយ៉ាងម៉េច?​សូម្បីតែនៅព្រៃចាន់ ពេលដែលកើតរឿងភ្លាម នាយករដ្ឋមន្ត្រីបាន​ទូរស័ព្ទមកសួរថា “ពុក! រឿងហ្នឹងគួរដោះស្រាយយ៉ាងម៉េច?”។ (ខ្ញុំសួរទៅវិញថា) “ចុះកូនឯងដោះស្រាយ​យ៉ាងម៉េច?”។ គាត់ថា “ឥឡូវអត់មានផ្ទុះទេ។ យើងត្រូវនៅទ្រឹងប៉ុណ្ណឹង”។ អ្នកដទៃថា គេបាញ់សម្លាប់ប្រជាជនហើយ យើងហ្នឹងនៅស្ងៀមទៀត។

(១៤) ការមិនតបត គឺដើម្បីរក្សាបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាព

ឥឡូវខ្ញុំសុំសួរត្រឡប់ទៅវិញថា បើសិនជាយើងផ្ទុះអាវុធ តើមនុស្សស្លាប់តែម្នាក់ និងរបួស ៣នាក់ ឬទេ? មានតែលើសពីនោះ។ ថៃក៏ត្រូវស្លាប់ អាចច្រើន ឯយើងក៏ស្លាប់ ដល់ស៊ីសុផុន ឯណោះ។ យើងមិនមែនខ្លាចវាយទេ ក៏ប៉ុន្តែវាយទៅហើយ បានផលស្អីមកវិញ (ក្រៅតែពី)បំផ្លាញកិច្ចព្រមព្រៀមឈប់បាញ់ បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាព។ តើវាគួរទេ? អ្នកឯងនិយាយបាននៅខាងក្រៅទេ ប៉ុន្តែសុំសួរថាពួកអ្នកឯងបានថ្កោលទោសអ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់ និងរបួសហើយឬនៅ? ត្រូវបញ្ជាក់ពីចំណុចនេះឱ្យបានច្បាស់។ តួនា​ទី​វាមានខុសគ្នា។ យើងទាំងអស់គ្នានេះទាំងព្រះសង្ឃទាំងគ្រហស្ថ រាប់ទាំងខ្ញុំព្រះករុណាខ្ញុំ ធ្វើជាភស្តុភាឱ្យកងទ័ពមើល។ ខ្ញុំមើលតាម TikTok អី មានទាំងបុរសមានទាំងស្ត្រី ដេរអាវក្រោះហើយយកទៅបាញ់សាកបានយកទៅឱ្យកងទ័ព។ ហ្នឹងហើយស្ងាត់តែមិនស្ងៀម។ ត្រូវរកវិធីពង្រឹង(ប្រសិទ្ធភាព)ដើម្បីការពារសុវត្ថិភាព។ យើងមិនយកអាវហ្នឹងទៅដាក់ឱ្យគេបាញ់ទេ ប៉ុន្តែជាសុវត្ថិភាពរបស់កងទ័ព។ រកវិធីផ្គត់ផ្គង់កងទ័ពឱ្យបានល្អ។

(១៥) ជម្លោះតូចមួយប្រៀបនឹងដែនដីទាំងមូលដែលមានសន្តិភាព … តែបង្កើតជាកង្វល់ដល់អ្នកខាងក្រោយ ចុះទម្រាំបាត់សន្តិភាពទូទាំងប្រទេសទៀត

មានអ្នកដែលរុញខ្លាំងណាស់ឱ្យយើងផ្ទុះអាវុធថា “អត់ធ្មត់ដល់ណាទៀត”។ ពីមុន គេយកពាក្យអរគុណសន្តិភាពធ្វើជាការលេងសើច។ ក្រោយពេលផ្ទុះអាវុធ ទើបគេបានទទួលស្គាល់ថាពាក្យអរគុណសន្តិភាពមិនសាមញ្ញទេ។ កុំចាំបាត់សន្តិភាពបានស្រែករកសន្តិភាព។ អញ្ចឹង ត្រូវការពារសន្តិភាពទៅ។ វាស្ថិតក្នុងចំណែកតូចមួយនៃដែនដី និងពេលវេលា ក៏ប៉ុន្តែវាក៏មានឥទ្ធិពលចំពោះប្រទេសទាំងមូលដែរ។ បើយើងពិនិត្យមើលលើជម្លោះវាតូចណាស់ បើប្រៀបជាមួយដែនដីទាំងមូលដែលមានសន្តិភាព។ ពេលវេលាតិចណាស់ ហើយភាពរអាក់​​រអួល​នៅកន្លែងតូចតាចមួយចំនួន ​ប្រៀបជា​មួយ(ពេលវេលានិងសកម្មភាព) ២៤ម៉ោងលើ ២៤ម៉ោង។ គ្រាន់តែប៉ុណ្ណឹង វាបង្កើតបាននូវបញ្ហាជាកង្វល់នៃអ្នកខាងក្រោយទៅហើយ។ ចុះទម្រាំដល់បាត់សន្តិភាពទូទាំងប្រទេសទៀត តើវាយ៉ាងម៉េច? អញ្ចឹងទេ ដែលមុននេះគេឌឺពាក្យ “អរគុណសន្តិភាព” ដាក់យើង តើឥឡូវគេបានភ្លឺភ្នែកហើយឬនៅ? មិនមែនជាចៃដន្យទេ ដែលយើងដាក់ចេញនូវចំណុចនេះ។

(១៦) គោលដៅគឺ “សន្តិភាពវិលត្រឡប់មកវិញ ទំនាក់ទំនងជិតខាងល្អត្រូវបានកសាងនិងជួសជុល”

ឥឡូវគេឌឺពាក្យថា “ស្ងាត់តែមិនស្ងៀម” ទៀត។ ប៉ុន្តែពួកអាឌឺហ្នឹងវាមិននៅក្នុងស្រុក។ វានៅក្រៅស្រុក។ សុំអ្នកគិតឱ្យបានច្បាស់។ អ្វីទៅដែលហៅថាគោលដៅរបស់យើង។ គោលដៅរបស់យើងគឺសន្តិភាពវិលត្រឡប់មកវិញ ហើយកសាងនិងជួសជុលទំនាក់ទំនងជិតខាងល្អ។ ឥឡូវ យន្តការជាច្រើនកំពុងតែដំណើរការ ឧ. គណៈកម្មាធិការព្រំដែន JBC កំពុងដើរវាស់វែង។ ប្រជុំគ្នាហើយ គេដើរវាស់វែង។ ម្សិលមិញ វាស់វែងពីបង្គោល ៥២ ដល់ ៥៩។ ដើរវាស់វែង ដើរបោះបង្គោល។ ត្រូវបោះបានប៉ុន្មាន? យោងតាមអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០០ យើងធ្វើបានត្រឹមតែដើររកបង្គោលចាស់ទេ មិនទាន់បានកំណត់ខ្សែព្រំដែននៅកន្លែងណាទេ។ ឥឡូវនេះដល់ដំណាក់កាលដែល JBC ឈានទៅកំណត់ … កន្លែងណាបង្គោលព្រំដែនដែលបានប្រកាសទទួលស្គាល់ទាំងសងខាងហើយ ពីបង្គោលមួយទៅបង្គោលមួយ គេនឹងដើរបោះបង្គោលតាមហ្នឹង។ អញ្ចឹងទុកភារកិច្ចនេះឱ្យគេធ្វើទៅ។ មិនមែនអ្នកឯងអ្នកមកស្រែកទេ ហើយក៏មិនមែនមកតម្រូវឱ្យប្រធានព្រឹទ្ធសភានិយាយដែរ …។

(១៧) ជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល មិនថាកងទ័ព៖ “កម្ពុជាមិនសុំឲ្យថៃបើកច្រកព្រំដែនទេ”

គេមានសិទ្ធិនឹងនិយាយ ខ្ញុំក៏មានសិទ្ធិនិយាយដែរ។ ក៏ប៉ុន្តែ បើខ្ញុំនិយាយទៅ វាមិនមែនជារឿងល្អទេ។ យ៉ាងណាក្តី ខ្ញុំមានសិទ្ធិនឹងពន្យល់ប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាល។ មានពេលខ្លះ ខ្ញុំនិយាយក្នុងនាមខ្ញុំផ្ទាល់។ ប្រហែលជាព្រះតេជព្រះគុណ ប្រជាពលរដ្ឋ បានតាមដាន … មិនអត់អ្នកតាមដានទេ។ រឿងនិ​យាយច្រើនពេក។ អារឿងបើកច្រក(ព្រំដែន)នេះ។ មុនហ្នឹងនិយាយម្តងហើយ។ ហ្នឹងតាំងពីជំនាន់រដ្ឋាភិបាល​(ថៃ)មុន។ នាយករដ្ឋមន្រ្តីស្តីទី(ថៃ)មុននោះ និយាយពីរឿងបើកច្រក។ នៅខាងក្នុងយើងនេះ ដូចអត់ឃើញមានអ្នកនាំពាក្យ ឬអ្នកណាស្រែកតបសោះ។ អញ្ចឹងខ្ជិល ហ្នឹងការងាររបស់យើង ទាញ Facebook មកដាក់តែម្តង “សុំបិទ ១០០ឆ្នាំ” ទៀតទៅ។ តាំងពីថៃបិទទល់ដែនមក កម្ពុជាមិនដែលបានទៅសុំបើកទេ ហើយបើសិនជាថៃបិទ ១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ។

ដល់ចុងក្រោយនេះ នាយករដ្ឋមន្រ្តីថៃ និយាយមិនតិចជាង ២ ដងថាមិនបើកច្រក។ អ្នកនាំពាក្យកងទ័ពចេញនិយាយច្រើនដង រហូតដល់ថ្ងៃដែលខ្ញុំព្រះករុណាខ្ញុំប្រតិ​កម្ម​។ រដ្ឋមន្រ្តីការពារជាតិបាននិយាយថា “ក្នុងមួយជីវិតនេះ មិនចរចាដាច់ខាតលើរឿងបើកព្រំដែន”។ ខ្ញុំព្រះករុណាខ្ញុំ ដាក់ក្នុង Facebook ថា “សូមឲ្យថៃបិទ ១០០ឆ្នាំ ឬ ៥០០ឆ្នាំ” ទៀត។ ខ្ញុំសូមបញ្ជាក់ ខ្ញុំប្រឆាំងដាច់ខាតចំ​ពោះសំណើណាក៏ដោយរបស់ភាគីកម្ពុជា ឱ្យបើកព្រំដែនកម្ពុជា-ថៃ។ គេអ្នកបិទ។ យើងកុំទៅសុំបើក។ កុំធ្វើថោក។ រឿងហ្នឹងយើងបានដឹងទាំងអស់គ្នាហើយ។ យើងមិនមែនអ្នកបិទទេ។ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីបានជាយើងទៅអង្វរសុំគេ? សូម “ជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល មិនថាកងទ័ពទេ កម្ពុជាមិនធ្វើថោកទៅសុំឲ្យថៃបើកច្រកព្រំដែនទេ”

(១៨) អ្វីដែលវិនិយោគិនថៃផលិតនៅកម្ពុជា “ត្រូវការពារ និងថែទាំ … ទំ​និញផលិតក្នុងស្រុកជាទំនិញយើង”

កម្ពុជាត្រូវពង្រឹងសមត្ថភាពផលិតទំនិញសម្រាប់ផ្គត់ផ្គង់ ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឲ្យទំនិញថៃ។ រកវិធីហ្នឹងទៅ។ ប៉ុន្តែ ខ្ញុំសូមនិយាយរឿងមួយ។ សូមកុំទៅជ្រុលហួស រហូតដល់អ្នកវិនិយោគថៃផលិតទំនិញនៅកម្ពុជា ក៏មិនព្រមទិញដែរ។ ហ្នឹងខុសក្បួន។ គេផលិតនៅកម្ពុជា ចាត់ទុកជាទំនិញរបស់កម្ពុជា ដូចជា CP ចិញ្ចឹមមាន់ជាដើម ទិញទៅពងមាន់ហ្នឹង។ មានអី។ របស់យើងតើ ម៉េចក៏ទៅជ្រុល។ ម្សិលមិញ ខ្ញុំនិយាយឲ្យអស់ទៅចុះ កូនស្រីខ្ញុំធ្វើអគ្គនាយកទូរទស្សន៍បាយ័ន ហើយគ្នាក៏ក្តាប់ការមិនបានដែរ បើតាមមើលទៅ។ សួរថា “ពុក ឥឡូវហ្នឹង អាបូកូតា គេសុំវាយបុកឡើងវិញ”។ ខ្ញុំថា “បូកូតា របស់ជប៉ុនតើហ្អី”។ ចុះម៉េចមិនឱ្យវាយ? ថា ថៅកែលក់នៅទីនេះគឺជនជាតិថៃ។ វាទៅជាអញ្ចឹងទៅ។ អញ្ចឹងបានជាការនិយាយរបស់ខ្ញុំតែងតែដាស់​តឿន។ អ្វីដែលថៃវិនិយោគនៅទីនេះ ត្រូវការពារ ត្រូវថែទាំ ចាត់ទុកជារបស់យើង។ កុំទៅហួសពីហ្នឹង។ ទំ​និញគេផលិតក្នុងស្រុកយើងគឺជាទំនិញយើង។ រាល់ថ្ងៃ PTT មិនមែនយកប្រេងពីថៃមកលក់ទេ។ PTT យកប្រេងពីម៉ាឡេ​ស៊ី និងសិង្ហបុរី មកលក់ ហើយអត់មានអ្នកទៅចាក់ទៀត។ ហ្នឹងខុសហើយ។ អញ្ចឹងគឺទៅជ្រុល។ ហ្នឹងទីចុងបំផុតសម្លាប់សេដ្ឋកិច្ចខ្លួនឯងទេតើ។ កុំឆ្លាតរហូតដល់សម្លាប់ខ្លួនឯង។ នេះជាវិធីដែលសម្លាប់ខ្លួនឯងហើយ។ កុំទៅជ្រុលដូចជា K01។ វាទៅជាធ្វើយុទ្ធនាការដើរសុំទំនិញតាមហាងយកទៅដុត រហូតដល់ផ្ទុះកំប៉ុងទឹកដោះគោ … ហ្នឹងវាទៅជាជ្រុលនិយមហើយ។ របស់ហ្នឹងយើងយកលុយទៅទិញគេមក។ អញ្ចឹងតើឲ្យគ្នាធ្វើម៉េច? សំ​ណូមពរមើលតែប៉ុណ្ណេះទេ សូមលក់របស់ហ្នឹងឲ្យអស់ទៅ តែកុំយកមកទៀត។ ប៉ុន្តែក្រែងលោមិនអស់ហ្នឹង វានៅតែមិនអស់រហូត។ ប្រយ័ត្នណា។ ខ្ញុំសូមជំរាប ហ៊ុន សែន នៅមានតួនាទីយ៉ាងធំក្នុងឋានៈជាប្រធានបក្សកាន់អំណាច។ ទោះបីបើនាយករដ្ឋមន្រ្តីមិនធ្វើ ក៏ត្រូវដាស់តឿននាយករដ្ឋមន្រ្តីដែរ …។

(១៩) ទាំងសងខាងលេងល្បែងចាញ់ៗ តែអ្នកលោតទាបធ្លាក់មកវិញ មិនសូវឈឺដូចអ្នកលោត​ខ្ពស់

ទាំងសងខាងកំពុងលេងល្បែងចាញ់ៗដូចគ្នា។ ប៉ុន្តែយើងលោតទាប ធ្លាក់មកវិញក៏មិនសូវឈឺខ្លាំងដែរ។ គេលោត​ខ្ពស់ជាង ធ្លាក់មកវិញឈឺខ្លាំង។ វានៅត្រង់ណា? បើយោងតួលេខក្រៅផ្លូវការ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង ១០ពាន់លាន(ដុល្លារ)។ ប៉ុន្តែទំហំពាណិជ្ជកម្មដែលមានកត់ត្រាដោយគយ ឆ្នាំ២០២៤ រវាងប្រទេសទាំង២ មានជាង ៦ពាន់លាន(ដុល្លារ) ដោយក្នុងនោះកម្ពុជានាំចេញទៅថៃមួយពាន់មួយរយលាន ឯថៃនាំមកកម្ពុជាប្រាំពាន់បួនរយលាន។ ដូច្នេះ ថៃមានអតិរេកពាណិជ្ជកម្មជាងបួនពាន់លាន។ អញ្ចឹងអ្នកណាខាត អ្នកណាចំណេញ? សភាពាណិជ្ជកម្មថៃតែងតែប្រកាសថានៅពេលដែលមានបញ្ហា “យើង(ថៃ)បាត់បង់ការនាំចេញជាមួយនឹងកម្ពុជា”។ កម្ពុជាក៏មិនចង់បានរឿងហ្នឹងទេ ប៉ុន្តែយើងបង្ខំចិត្ត។ ដូចជា internet អគ្គិសនី និងប្រេងឥន្ធនៈ។ ថ្ងៃណាក៏គំរាមបិទ និងផ្តាច់។ ការពិតយើងមានសមត្ថភាពផ្គត់ផ្គង់ខ្លួនឯង ក៏ប៉ុន្តែយើងគោរពកុងត្រារកស៊ី។ អញ្ចឹងដល់និយាយច្រើនពេក ប្រាប់ឱ្យរៀបចំ ដល់ម៉ោងផ្តាច់គ្រឹបទៅ។ ដល់អគ្គិសនី។ អគ្គិសនីយើងមាននៅខេត្តកោះកុង ៥០មេហ្គាវ៉ាត់ ប៉ុន្តែដោយសារគោរពកុងត្រារកស៊ីជាមួយគ្នា មានការទិញភ្លើងពីថៃចូលមកកម្ពុជា ២៤មេហ្គាវ៉ាត់។

(២០) ដែលហែកចោលសេចក្ដីថ្លែងការណ៍ “ទុកឲ្យថៃតទល់នឹងប្រធានាធិបតីអាមេរិក និងប្រធានអាស៊ាន”

ពេលដែលខ្ញុំនិយាយហើយ ស្រាប់តែឃើញព័ត៌មានថា ត្រាតកំពុងផ្គត់ផ្គង់(អគ្គិសនី) ឲ្យខេត្តកោះកុង ២៤មេហ្កាវ៉ាត់ ហើយប្រសិនបើមានបទបញ្ជានឹងកាត់ផ្ដាច់។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានសួរទៅ ម៉ាណែត និង កែវ រតនៈ។ (គេឆ្លើយថា) ភ្លើងយើងមាន ប៉ុន្ដែយើងគោរពកុងត្រារកស៊ី។ យប់ហ្នុង(ខ្ញុំ)ប្រាប់ទៅ ណែត​ថា «បើហែងកូនអញ! ផ្ដាច់ភ្លើងឲ្យបានមុនម៉ោង ៥ភ្លឺ»។ នេះមិនមែនតួនាទីប្រធានបក្សទេ (ប៉ុន្ដែ)តួនាទីឪនា​យករដ្ឋមន្ដ្រី។ ពេលហ្នឹងចំពេល កែវ រតនៈ ទៅកោះកុងហ្នឹងទៅទៀត។ មានពិបាកអី បារ៉ែតអញ្ចឹង ផ្ដាច់របស់ថៃគ្រឹប រុញខាងកម្ពុជាឡើង វាចប់ទៅហើយ។ រួចមួយចេញមកទៀតថា “បិទប្រេងត្រឹមតែ ៣ខែ កម្ពុជាចុះចាញ់ហើយ”។ អញ្ចឹង នាយករដ្ឋមន្ដ្រីគេលឿន កុំឲ្យពិបាក បិទប្រេង(នាំពីថៃ)ចោលតែម្ដង ឲ្យចប់រឿង។ ដល់បិទប្រេងនៅឯណោះ អាគ្នាយើងក្នុងស្រុកគ្នា ឈប់យកប្រេងពីថៃហើយ យកប្រេងពីវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មកលក់ ក៏អត់ទិញគ្នាទៀត។ ទៅជ្រុលមួយជំហានទៀត។ រឿងនេះពិភពលោកទាំងមូល ហើយសុទ្ធតែមហាអំណាចទៀត ដូចជាមហាអំណាចអាមេរិក ចិន បណ្ដាប្រទេសអាស៊ានបានដឹង … រឿងខាងភាគីថៃ ហែកចោលសេចក្ដីថ្លែងការណ៍ ថាបញ្ឈប់គ្រប់យ៉ាង។ ទុកឲ្យថៃធ្វើខ្លួនឯងទៅ ហើយតទល់ចំពោះមុខជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋម៉ាឡេស៊ីដែលជាប្រធានអាស៊ានទៅ។ កម្ពុជាមិនទៅទទួលកំហុសជំនួសអ្នកដទៃ ឬទៅរែកពន់កំហុសជំនួសអ្នកដទៃទេ។​

(២១) មិនជ្រៀតជ្រែកកិច្ចការនាយករដ្ឋមន្ដ្រី លើកលែងតែនាយករដ្ឋមន្ដ្រីសួរយោបល់

សូមស្គាល់ ហ៊ុន ម៉ាណែត ឲ្យច្បាស់បន្ដិច។ បើឪនាគ កូនមិនមែនកណ្ដុរទេ។ ច្បាស់ណាស់ថាជាកូននាគដែរ គ្រាន់តែមុខវា ពេលដែលនិយាយត្រូវញញឹម។ មិនញញឹមយ៉ាងម៉េច បើម៉ែវាមុខញញឹម។ កាត់ទៅ(ម្ដាយ)។ និ​យាយយ៉ាងម៉េច មុខនៅតែញញឹម។ ដល់ ហ៊ុន សែន និយាយទៅមុខរាងក្រញ៉ូវ។ ប៉ុន្ដែ អ្វីៗ ជាតួនាទីនាយករដ្ឋមន្ដ្រី និយាយរួមសុទ្ធតែមេដឹកនាំជើងចាស់ បានប្រគល់ការងារនេះទៅឲ្យថ្នាក់ដឹកនាំដែលកំពុងស្ថិតនៅក្នុងជួររដ្ឋាភិបាលសព្វថ្ងៃ។ ជានិច្ចកាលពួកគេសូមរាយការណ៍ជូនប្រធាន/អនុប្រធានគណបក្ស និងគណៈអចិន្ដ្រៃ អំពីគោលការណ៍នានាដែលត្រូវប្រកាន់យក។ ពេលអនុវត្ដជាក់ស្ដែងគឺនាយករដ្ឋមន្ដ្រីចេញធ្វើហើយ។ ដូចគ្នាកាលដែលទៅចរចានៅជាមួយព្រះករុណា និងបញ្ហានានាក្នុងការរៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំព្រះករុ​ណាបាននិយាយជាមួយបង ជា ស៊ីម បង ហេង សំរិន បង សាយ ភូថង ទាំង ៣នាក់ហ្នឹង។

ខ្ញុំបានប្រាប់បងៗទាំង ៣នាក់ថា ប្រសិនបើឲ្យខ្ញុំទៅចរចា ត្រូវឲ្យសិទ្ធិខ្ញុំ។ បើស្អីបន្ដិចក៏មកសួរភ្នំពេញ ធ្វើម៉េចយើងចរចាកើត។ ខ្ញុំព្រះករុណាខ្ញុំមិនជ្រៀតជ្រែកជាមួយនឹងកិច្ចការនាយករដ្ឋមន្ដ្រីទេ លើកលែងតែនាយករដ្ឋមន្ដ្រីសួរយោបល់ថា «រឿងបែបនេះគួរត្រូវធ្វើយ៉ាងម៉េច?»។ ប៉ុន្ដែ ដូចដែលខ្ញុំព្រះករុណាខ្ញុំបាននិយាយពីមុន ខ្ញុំព្រះករុណាខ្ញុំតែងសួរ​ទៅវិញថា “ចុះតើគំនិតរបស់កូនឯង ចង់ដោះស្រាយយ៉ាងម៉េច?”។ ពេលនិយាយទូរស័ព្ទ មិនដែលហៅថាលោកនាយករដ្ឋមន្ដ្រីទេ។ គេថាចង់ដោះស្រាយអញ្ចេះៗ។ ខ្ញុំថា “អើ! បើចង់ដោះស្រាយអញ្ចឹង ក៏ដោះអញ្ចឹង​ទៅ ព្រោះវាសមហេតុសមផលហើយ។ យើងគាំទ្រទៅ។ គេក៏ចង់ឲ្យប្រធានគណបក្ស ឬឪរបស់គេកំពុងមានតួនាទីនៅក្នុងហ្នឹងបានដឹងលឺដែរ។

(២២) សូមកុំភាន់ច្រលំថា “មានការកាត់ដីដោះដូរជាមួយសន្ដិភាព”

ហ្នឹងជារឿងដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយ និងជូនសារទៅអ្នកដទៃ។ តើ​ចង់ឲ្យមានសង្គ្រាមទៀត ឬចង់មានសន្ដិភាព? ខ្លះថា “កាត់ដីដោះដូរជាមួយសន្ដិភាព”។ នាយករដ្ឋមន្ដ្រីបានចេញបំភ្លឺហើយ គ្មានកិច្ចព្រមព្រៀងណាមួយ ដែលនិយាយពីរឿងបាត់បង់ដីធ្លីទេ។ អត់ទាន់មានទេ។ ស្អីទៅជាគន្លឹះនៃបទឈប់បាញ់? (បទ) ឈប់បាញ់ គឺមិនចល័តទ័ព និង/ឬមិនបន្ថែមកងទ័ព … ដល់សេចក្ដីប្រកាសពីសន្ដិភាពនេះ កាត់បន្ថយអាវុធធន់ធ្ងន់ ដោះមីន បង្ក្រាបអនឡាញ ស្អីមួយទៀត? ដូចជាបួនចំណុច។ ការដោះមីន ត្រូវដោះរួមគ្នា។ មិនអាចដើរដោះម្នាក់ឯង ហើយរាយបន្លាលួសយកទេ។ ប្រធាននាធិបតី Trump និង ម៉ាណែត បាននិយាយគ្នាពីរឿងហ្នឹង។ ខាងនោះចង់ដើរដោះតាមចិត្ត។ អត់ទេ បើថាដោះកន្លែងណា ត្រូវដោះរួមគ្នា។ បើមិនអញ្ចឹងដើរទៅមិនដឹងថាកន្លែងណាមីនមិនមីនទេ។ អញ្ចឹង សូមកុំភាន់ច្រលំថា “មានការកាត់ដីដោះដូរជាមួយសន្ដិភាព”។ អត់មានទេ។ បើមិនអញ្ចឹង មិនចាំបាច់ច្បាំងទេ។ ខាងនោះ គំរាមវាយយកតាក្របី។ ប៉ុន្មានថ្ងៃលឺតែគំរាមវាយយកតាក្របី។ បើដើម្បីចៀសវាងសង្គ្រាម យើងឲ្យតាក្របីទៅគេតែម្ដងទៅ។ គេចង់បានប្រាសាទព្រះវិហារ អញ្ចឹងយើងឲ្យប្រាសាទព្រះវិហារទៅគេតែម្ដងទៅ ដើម្បីដោះដូរជាមួយសន្ដិភាព។ ចាំបាច់ទៅវាយធ្វើអី។ បើថាវាឡប់ ឲ្យឡប់តែវាទៅ ប៉ុន្ដែ(នេះ)​វានំាគេឡប់។

(២៣) កម្ពុជាមិនទាន់បានដកសញ្ជាតិជនណាមួយទេ តែនឹងធ្វើ ប្រសិនបើប្រព្រឹត្តដល់កម្រិត

ខ្ញុំសូមព្រមានអ្នកលេងហ្វេសប៊ុក សូមកុំរពឹសដៃចូលទៅខមិ្មនឲ្យសោះ។ ខ្ញុំមិនឲ្យរួចខ្លួនទេ ខ្ញុំប្រាប់ឲ្យហើយ។ ត្រង់នាយករដ្ឋមន្ដ្រីថាម៉េចថាទៅ។ ហ្នឹងរឿងសន្ដិសុខជាតិ ខ្ញុំត្រូវធ្វើហើយៗ កុំមកសុំទោសអី។ និយាយ​គ្នាឲ្យច្បាស់តែម្ដង។ សូមកុំរពឹសដៃ។ សូមផ្ដាំផ្ញើ។ មិនថាព្រះសង្ឃ គ្រហស្ថទេ កុំរពឹសដៃចូលខមិ្មន។ កុំថាទាល់តែផេក ហ៊ុន សែន បានស្រាវជ្រាវ។ អត់ទេ! ផេកណាក៏ដោយដែលបង្ហោះហើយ(អ្នក)ឯងចូលទៅខមិ្មន (បើ)នៅក្រៅស្រុករួចខ្លួន នៅក្នុងស្រុកអត់រួចខ្លួនទេ ប្រាប់ឲ្យហើយ។ នេះមិនមែនជាអំពើផ្ដាច់ការទេ។ អ្នកឯងចូលមកជេរ បំបាក់ទឹកចិត្តកងទ័ព។ អញ្ចឹង(នេះ)ជាអំពើញុះញង់ ហើយអំពើខ្លះជាអំពើក្បត់ជាតិតែម្ដង។ មកដល់ម៉ោងនេះ យើងមិនទាន់មានដកសញ្ជាតិនរណាមួយទេ ក្នុងពេលដែលថៃបានដកសញ្ជាតិ ២នាក់រួចទៅហើយ គឺ លី យ៉ុងផាត់ និង កុក អាន។ នៅលើពិភពលោក មានប្រទេសស្ទើរតែ៨០% មានច្បាប់ដកសញ្ជាតិ។ ដល់ម៉ោងនេះយើងមិនទាន់មានដកសញ្ជាតិនរណាម្នាក់ទេ តែនឹងឈានដល់ ប្រសិនបើប្រព្រឹត្តដល់កម្រិតនោះ

(២៤) សន្តិភាពសម្រាប់ទាំងអស់គ្នា (សូម្បីតែអ្នកដែលឈ្លានពានគេ)

និយាយយ៉ាងដូច្នេះ ថ្ងៃនេះបាត់ធម៌អាថ៌អស់ហើយ។ ខ្ញុំព្រះករុណាខ្ញុំ ពីដើមឧស្សាហ៍និយាយ បើមានសង្រ្គាម គ្រាប់មិនស្គាល់សូម្បីព្រះសង្ឃ។ កាលពីឆ្នាំ១៩៧៣ ខ្ញុំព្រះករុណាខ្ញុំនៅអាយុ ២១ឆ្នាំ នៅខាងពាមជីលាំង។ ខ្ញុំព្រះករុណាខ្ញុំ … ទៅបោះទ័ពក្បែរវត្តលោក។ មានត្រង់សេក្នុងវត្តលោក។ ដល់ពេលយន្តហោះមកបាញ់ យើងនាំគ្នារត់ទៅរកត្រង់សេនៅវត្តលោក ព្រោះផ្ទះនៅក្បែរវត្តលោកហ្នឹងស្រាប់។ មានបងស្រីម្នាក់ (ស្រែកថា) “លោក​អើយ! ជួយផង”។ ព្រះសង្ឃតបថា “ជួយមិនបានទេ អាត្មាក៏ទៅដែរ”។ ដល់ទៅចូល ស្បង់លោកច្រ​ងេងច្រងាង​ ក៏ទើរនឹងមាត់ត្រង់សេហ្នឹង។ យន្តហោះជំនាន់នោះ គេហៅខ្លែងស្រាក់។ វាចេះតែក្រឡឹងៗ។ ក៏ទៅសង្ស័យនឹងលោកថាដាក់សញ្ញា ព្រោះស្បង់នៅមាត់ត្រង់សេហ្នឹងពណ៌បែបហ្នឹង ជាសញ្ញាឲ្យយន្តហោះវាយកន្លែងហ្នឹង។ ព្រះសង្ឃគ្មានលីអូឯណា។ ពេលដែលភ័យមែនទែន ប្រុចចូលទៅក្នុងត្រង់សេប៉ុន្មានអង្គឯណោះ តែមានមួយអង្គជាប់នៅក្រៅ ស្បង់នៅក្រៅ ទៅតែខ្លួន(ទទេ)។ អញ្ចឹងបានថា។ សន្តិភាពមិនមែនសម្រាប់អ្នកណាម្នាក់ទេ គឺសម្រាប់ទាំងអស់គ្នា។ ក៏មិនមែនសម្រាប់តែអ្នកដែលឈ្លានពានយើងដែរ។ អ្នកឈ្លានពានយើង ក៏កាន់តែគ្រោះថ្នាក់។ កុំភ្លេចឲ្យសោះ។

(២៥) ទ័ពខ្មែរមិនបានចូលដីគេ ក៏មិនមានទ័ពទៅពលីនៅដីគេដែរ

ខ្ញុំព្រះករុណាខ្ញុំក៏ធ្លាប់ជាទ័ពម្នាក់ ហើយក៏ជាទ័ពធ្លាប់ប្រយុទ្ធ។ បើទៅវាយគេ ហោចណាស់ត្រូវប្រើ(កម្លាំង)៣ ទៅវាយ១។ ឯយើងអ្នកទប់ទល់ យើងត្រូវការ១ វាយជាមួយ៣។ អ្នក​ឯងមិនមែនក្បាលប៉ានដែកទេ កុំមាត់ឆៅពេក គេក៏មានកាំភ្លើង យើងក៏មានកាំភ្លើង … ខ្លះមកឃោសនាអំ​ពី​បញ្ហាថា ខ្មោចស្អុយ។ ទ័ពខ្មែរអត់មានខ្មោចស្អុយនៅដីគេទេ ព្រោះយើងមិនបានចូលដីអ្នកណាទេ។ សង្ឃឹមថា ប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួនដែលបាត់បង់។ ខ្មោចដែលវាស្អុយនៅតាមទល់ដែននោះ តើវាជាខ្មោចរបស់នរណា។ បើខ្មែរ មិនមានបាត់ទ័ពទេ។ ខ្មែរក៏មិនមានចូលទៅក្នុងដីគេដែរ។ បើថាខ្មោចនៅលើដីអ្នកឯង គឺមានតែខ្មោចទ័ពអ្នកឯង។ ឃើញមានបញ្ជូនសារ សូម្បីតែហ្វេសប៊ុករបស់ខ្ញុំចូលមក។ ខ្ញុំព្រះករុណាខ្ញុំបង្ហោះម្ដងៗ គឺខាងនោះចូលមកមើលច្រើន សុទ្ធតែថាខ្មោចយកមិនអស់។ ខាងនេះមិនមានចូលទៅក្នុងដីរបស់អ្នកឯងទេ។ អញ្ចឹងខាងថៃទេ។ ខ្ញុំសូមជូនសារទៅឲ្យរកកូនចៅថាមានបាត់ឬអត់? ខាងនេះគេយកមកធ្វើបុណ្យធ្វើទានអស់ហើយ។

(២៦) ការកាត់ផ្តាច់ការតភ្ជាប់នានាក្នុងតំបន់ មិនមែនដោយសារសកម្មភាពរបស់កម្ពុជាទេ …

អ្វីដែលខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់គឺ សុំឈប់និយាយពាក្យថា «មិនព្រមបើកព្រំដែន»។ អត់មាននរណាទៅសុំទេ។ សូមផ្ដាំ។ រឿងកាត់ផ្ដាច់ រៀងរាល់ការប្រជុំ មិនថាប្រជុំអន្តរជាតិខ្នាតណាទេ អនុតំបន់មេគង្គ ឬ ACMECS ឬ GMS CLMV អាស៊ាន អាស៊ីបូព៌ា ឬក៏ទូទាំងពិភពលោក តែងនិយាយពីការតភ្ជាប់។ ឥឡូវការតភ្ជាប់វាបាត់​បង់ហើយ។ ការដែលថៃបិទព្រំដែនជាមួយកម្ពុជា វាមិនមែនគ្រាន់តែជាការកាត់ផ្ដាច់ការតភ្ជាប់រវាងកម្ពុជា-ថៃទេ តែវាជាការកាត់ផ្ដាច់ការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ាន អាស៊ីបូព៌ា និងអាស៊ី។ ផ្លូវដែកសិង្ហបុរី-គុនមីង តើឆ្លងកាត់ឯណា? ឆ្លងកាត់ សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា វៀតណាម ហើយបានទៅចិន។ Highway អាស៊ាន ត្រូវឆ្លងកាត់ពីវៀតណាម មកកម្ពុជា ទៅថៃ។ Highway អាស៊ី ដែលតភ្ជាប់រហូតទៅដល់ ទួរគី នៅម្ដុំ Istanbul ក៏វាត្រូវឆ្លងកាត់ប្រទេសទាំងនេះដែរ។ (ការកាត់ផ្តាច់)នេះ មិនមែនជាសកម្មភាពរបស់កម្ពុជាទេ។ ខ្ញុំសង្ឃឹមថា ការវិលត្រឡប់ទៅរកសន្តិភាព ជាដំណើរឆ្ពោះទៅរកសកម្មភាពឈ្នះ-ឈ្នះ ដែលប៉ុន្មានខែកន្លងទៅនេះ យើងស្ថិតនៅក្នុងស្ថានភាពចាញ់-ចាញ់។ កម្ពុជាក៏ចាញ់ ថៃក៏ចាញ់ ព្រោះប្រជាជនត្រូវជួបការលំបាក រត់លូន បន្ថែមទៅដោយបាត់បង់ការធ្វើពាណិជ្ជកម្ម។

(២៧) ទីផ្សារកម្ពុជា សម្រាប់ថៃជាប្រទេសតូច ប៉ុន្តែមិនតូចទេសម្រាប់ប្រជាជនថៃ

ខាងនេះ ក្រុមជ្រុលនិយមតែងនិយាយ តែអ្នកឯងភ្លេចថា «អ្នកប្រើប្រាស់គឺជាចៅហ្វាយ»។ ទីផ្សារកម្ពុជា ទំហំពាណិជ្ជកម្មនាំចូលពីថៃមកកម្ពុជាមិនមែនតូចទេ។ យើងនិយាយតែប៉ុណ្ណេះទៅចុះថា ១ឆ្នាំ ៥ពាន់លានដុល្លារ សម្រាប់ថៃ(ជាប្រទេស)ថាតូច ប៉ុន្តែសម្រាប់ប្រជាជនថៃ មិនមែនតូចទេ ដែលខាតបង់ដោយសារតែបាត់បង់បន្លែបង្ការ ផ្លែឈើ ឬផលិតផលសម្រាប់នាំមកកម្ពុជា។ ទំនិញមួយចំនួននាំចូលមកហើយ លក់មិនដាច់ នាំត្រឡប់ទៅវិញ ដោយប្រជាជនខ្មែរពហិកាមិនប្រើប្រាស់។ ខ្ញុំនៅតែបញ្ជាក់ថា យើងកុំទៅហួសជ្រុល។ ផលិតកម្មដូចជាស៊ីម៉ងត៍ដែលផលិតនៅខេត្តកំពត K-Cement នេះ អាហ្នឹងជាផលិតផលផលិតនៅស្រុកខ្មែរទេតើ គ្រាន់តែអ្នកវិនិយោគមកពីស្រុកថៃ។ បើយើងបិទរោងចក្រហ្នឹងចោល (មិនគឺ)យើងជាអ្នកសម្លាប់ខ្លួនឯង។ កុំទៅជ្រុលហួសពីហ្នឹង។ កុំធ្វើតាម K-01។ វាមិនដែលអ្នកណាយកទំនិញទៅដុតចោល ហើយបង្ហោះវីដេអូទេ ប៉ុន្តែបានដោយសារវាបង្ហោះដែរ ទើបយើងដឹង។ ធ្វើឆ្កួតៗ។ ខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស ដោយសារតែត្រូវនិ​យាយ ប៉ុន្តែនេះគឺថា ពាក្យសំដីរបស់ហ៊ុនសែន ដែលក្នុងនាមជាប្រធានគណបក្សកាន់អំណាច ហើយជាប្រ​ធាន​ព្រឹទ្ធសភា។ ដែលនិយាយអម្បាញ់មិញនេះ មិនមែនជាព្រះរាជតំណាងព្រះមហាក្សត្រទេ។

(២៨) ការញុះញង់ឲ្យរដ្ឋាភិបាលប្រើប្រាស់អា​វុធ មិននាំដល់ផលចំនេញណាមួយឡើយ

សូមជឿជាក់លើរាជរដ្ឋាភិបាល ទុកការងារឲ្យគេធ្វើ ហើយសូមអ្នកដទៃកុំញុះឲ្យរដ្ឋាភិបាលប្រើប្រាស់ប្រដាប់អា​វុធ វាមិននាំដល់ផលចំនេញណាមួយទេ។ ឥឡូវត្រូវការចរចា ហើយការចរចាវាដល់កម្រិតកំពូលហើយ ដែលមានមហាអំណាចមកចុះហត្ថលេខា។ សូមមើលទីកន្លែងចុះហត្ថលេខា ហើយមានសង្កេតទេ។ ទឹកដីម៉ាឡេ ប៉ុន្តែបន្ទប់អាមេរិក។ ខ្ញុំព្រះករុណាខ្ញុំ ស្គាល់អាមេរិកច្បាស់រឿងពិធីការ។ ភាពហ្មត់ចត់របស់អាមេរិក លើបញ្ហាពិធីការមិនធម្មតា។ ខ្ញុំព្រះករុណាខ្ញុំធ្លាប់ទៅប្រជុំនៅអាស៊ានអាមេរិក ២ដង នៅញូវយ៉កម្តង នៅ Sunnylands ម្តង។ នៅញូវយ៉ក ដូចជាឆ្នាំ២០១០ នៅ​ Sunnylands នៅឆ្នាំ២០១៦។ រឿងពិធីការនេះ មានភាពច្បាស់​លាស់ខ្លាំងណាស់។ អូបាម៉ា មកប្រជុំនៅទីក្រុងភ្នំពេញ ច្បាស់លាស់ទាំងពិធីការទាំងសន្តិសុខ។ Joe Biden មកប្រជុំនៅទីក្រុងភ្នំពេញ ច្បាស់លាស់ទាំងពិធីការទាំងសន្តិសុខ។ សូមសង្កេតមើល។ នៅលើទឹកដីម៉ាឡេ ប៉ុន្តែបន្ទប់ចុះហត្ថលេខាគឺបន្ទប់អាមេរិក។ សូម្បីតែ podium និយាយ មិនមែន podium អាស៊ាន ឬម៉ាឡេទេ។ ដឹកពី White House មក។ មើលផ្លាកសញ្ញាខាងមុខ។ ពិធីការត្រូវរៀបចំដោយភាគីអាមេរិក …។

(២៩) ខិតខំដណ្តើមសន្តិភាពដែលបាត់​បង់នៅផ្នែកមួយតាមព្រំដែនតាមរយៈទង្វើឆ្ពោះទៅនិងគាំទ្រសន្តិភាព

ខ្ញុំព្រះករុណាខ្ញុំ អត់និយាយជួសឲ្យនាយករដ្ឋមន្ត្រីទេ ប៉ុន្តែគ្រាន់ថាអំពាវនាវ សូមបន្តគាំទ្រនយោបាយខឿនការ​ពារជាតិរបស់ប្រជាជនទាំងអស់គ្នា ដើម្បីសេចក្តីសុខទាំងអស់គ្នា ខិតខំដណ្តើមមកវិញនូវសន្តិភាព ដែលបាត់​បង់នូវផ្នែកមួយតាមព្រំដែនកម្ពុជាថៃ តាមរយៈទង្វើឆ្ពោះទៅរកនិងគាំទ្រសន្តិភាព។ សូមកុំដៀមដាមពាក្យ “អរគុណសន្តិភាព” ហ្នឹង ដែលយកទៅជាពាក្យលេងសើច។ ឥឡូវក្លាយទៅជារឿងពិតហើយ។ គេកំពុងលេងសើចលើពាក្យ “យុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀម” របស់នាយករដ្ឋមន្ត្រីសព្វថ្ងៃ។ ប៉ុន្តែ ខ្ញុំគ្រាន់តែចង្អុលអោយអ្នកឯង(បានឃើញ)មួយទេ មុនវាយគ្នា ក្នុងពេលវាយគ្នា ក្រោយពេលវាយគ្នា ទ័ពយើងមានអាវក្រោះនិងមានមួកដែកគ្រប់គ្រាន់ទេ? យើងធ្វេសប្រហែស ព្រោះយើងគិតថាមិនមានសង្គ្រាម។ ឥឡូវវាលើសពីគ្រប់គ្រាន់ ហើយខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថានឹងនាំចេញអាវសុវត្ថិភាពនេះទៅផ្គត់ផ្គង់ឲ្យប្រទេសក្រៅទៀត បើសិនគេបញ្ជាទិញ។ ម៉ាករបស់វាគឺ DSS ហើយខ្ញុំព្រះករុណាខ្ញុំ ធ្វើថៅកែតែម្តង។ ព្រះតេជព្រះគុណ ជួនកាលនិមន្តទៅស្រោចទឹកក្បែរៗ ទល់ដែនអី ត្រូវការពាក់។ តែកុំពាក់អី។

[ចប់សេចក្តីអធិប្បាយ២]

«អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣» ដែលនឹងប្រកាសបើកនាពេល បន្តិចទៀតនេះ នឹងប្រព្រឹត្ដទៅក្រោមស្មារតីមហាសាមគ្គីភាពដ៏ទូលំទូលាយ និងស្និទ្ធស្នាលបំផុត ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ប្រកបដោយសុខសន្ដិភាព វិបុលភាព សុភមង្គល, ព្រមទាំងមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់បំផុតរបស់ ព្រះករុណា ព្រះបាទសមេ្ដចព្រះបរមនាថ នរោត្ដម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

(៣០) ការចាប់កងទ័ពកម្ពុជាជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ជាធរមាន ដើម្បីដោះដូររឿងនេះរឿងនោះ ជាអំពើមិនស៊ីវីឡៃ

អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ ភ្លេចនិយាយរឿងកងទ័ពរបស់យើង ១៨នាក់ (ដែលត្រូវបានថៃចាប់ជាចំណាប់ខ្មាំងក្រោយមានបទឈប់បាញ់)។ តាំងពីថ្ងៃដំបូង ខ្ញុំព្រះករុណាខ្ញុំ គិតថា ខ្ញុំព្រះករុណាខ្ញុំ គិតត្រូវណាស់។ (អំ​ពី)ការចាប់កងទ័ពយើង ក្រោយពេលបទឈប់បាញ់(ចូលជាធរមាន)ប៉ុន្មានម៉ោង ខ្ញុំព្រះករុណាខ្ញុំ បានចាត់ទុកបងប្អូនទាំងនេះបានពលីកម្មដើម្បីជាតិរួចស្រេចទៅហើយ។ ច្បាស់ណាស់គេនឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះ។ បងប្អូនទាំងនោះក៏ពិតជាយល់ ក្រុមគ្រួសារក៏ពិតជាយល់។ គេច្បាស់ជាតភ្ជាប់រឿងនេះ រឿងនោះ។

នៅលើពិភពលោក តើច្បាប់អន្តរជាតិនៅទីណាទៅ? Vitit Muntarbhorn ដែលជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាជនជាតិថៃ ទៅណាទៅ(បានជា)មិននិយាយមួយម៉ាត់សោះ។ មុននេះធ្លាប់តែនិយាយ ឥឡូវអត់លឺសូរនិយាយសោះ។ សង្គ្រាមតែងតែមានការដោះដូរឈ្លើយសឹក តែនេះចាប់កងទ័ពយើងលើដីយើងក្រោយបទឈប់បាញ់ យកទៅធ្វើជាចំណាប់ខ្មាំង។ សូមបងប្អូនជនរួមជាតិយោគយល់។ រឿងនេះខ្ញុំព្រះករុណាខ្ញុំ ចាត់ទុកថា បងប្អូនទាំងនេះបានពលីកម្មជីវិតរួចស្រេចទៅហើយ

ផែនការរបស់គេថាផ្តល់ឲ្យយើងនៅថ្ងៃទី១២(វិច្ឆិកា)កន្លងទៅ ប៉ុន្តែវាមានព្រឹត្តិការណ៍នៅឯណានោះ បន្ទច់បង្អាក់ដំណើរនេះ។ ដូច្នេះ វាច្បាស់ណាស់ថា គេចងភ្ជាប់អ្នកទាំង ១៨នាក់ ជាមួយនឹងបញ្ហាដទៃទៀត … ចាំមើលទៅ គេនឹងអាច(តម្រូវ)ថា “ត្រូវតែធ្វើនេះ ត្រូវតែធ្វើនោះ បានគេដោះ”។ អញ្ចឹង យើងចាត់ទុកថាបងប្អូនយើងពលីទៅហើយ។ មិនគួររឿងនេះទៅជាអញ្ចឹង។ ដែលមានទេ រឿងធុនហ្នឹងលើពិភពលោក ដែលជាតិសាសន៍មួយតាំងខ្លួនជាអ្នកស៊ីវិល័យ ហើយចាប់ចំណាប់ខ្មាំងដើម្បីដោះដូរ(រឿងនេះរឿងនោះ)

នេះមិនមែនជាឈ្លើយសឹកទេ។ បងប្អូនយើងស្លូតពេកហើយ។ គេមកចាប់ដៃសុំថតរូប រួចហើយភ្ជង់ចាប់យកតែម្តង ព្រោះអាងថាឈប់បាញ់ហើយ។ ហើយមកដីយើងទៀត។ បងប្អូនយើងស្លូតពេកហើយ។ សុំទោសចំពោះក្រុមគ្រួសារទាំងឡាយ ដែលមានប្តី មានកូន មានឪពុក ដែលខ្ញុំនិយាយរឿងនេះចេញមក។ ខ្ញុំមិនដែលនិយាយរឿង ១៨នាក់ទេ ព្រោះខ្ញុំចាត់ទុកថា ពួកគេបានបូជាជីវិតរួចស្រេចទៅហើយ ព្រោះចុងក្រោយគេនឹង(ប្រើដើម្បី)ធ្វើការដោះដូរអ្វីមួយ។ ដូចបានឃើញស្រាប់ហើយ រឿងព្រឹត្តិការណ៍កើតនៅកន្លែងណាមួយ គេភ្ជាប់នឹងការមិនដោះលែង។ នេះគឺជារឿងអាណោចអាធ័ម។

[ចប់សេចក្តីអធិប្បាយ៣]

ជាថ្មីម្តងទៀត, ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ សូមឱ្យ «អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣៣» នេះ សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ដើម្បីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា, តាមរយៈការអប់រំសីលធម៌សង្គម និងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ។

ជាទីបញ្ចប់, ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធី, សូមមានសុខភាពល្អបរិបូណ៌ សុភមង្គលក្នុងគ្រួសារ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ, និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមនាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ សម្រាប់ឧបត្ថម្ភកម្មវិធីរៀបចំអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ៣៣ ចំនួន ២០ ០០០ ០០០ រៀល ផងដែរ ។

ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមប្រកាសបើក «អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣៣» ចាប់ពីពេលនេះតទៅ។ សូមអរព្រះគុណ និង អរគុណ៕

អត្ថបទទាក់ទង