ឯកឧត្តម សេង ឌីណា៖ ថៃមិនអាចលុបចោលអនុស្សរណៈឆ្នាំ២០០០ ជាឯកតោភាគីបានទេ
ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥– “ភាគីថៃ នឹងមិនអាច លុបចោល អនុស្សរណៈឆ្នាំ២០០០ ឬ MOU 2000 ជាឯកតោភាគីបាននោះទេ”។ នេះជាការបញ្ជាក់របស់ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ឯកឧត្តម សេង ឌីណា បានលើកនូវហេតុផលចំនួន ០២ចំណុច ដែលថាភាគីថៃមិនអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគីបាន រួមមាន៖
“ទី១) MOU 2000 ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ (UN) និងផ្សព្វផ្សាយជាផ្លូវការដោយ UN ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញសហប្រជាជាតិ។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិស្តីពីសន្ធិសញ្ញា (Customary international law of treaties) និងយុត្តិសាស្ត្រនៃតុលាការអន្តរជាតិ ICJ (សាលដីកាក្នុងសំណុំរឿង Somalia v. Kenya, 2017), កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋ បង្កើតជាចំណងផ្លូវច្បាប់ ស្របតាមច្បាប់អន្តរជាតិ គឺជាកិច្ចព្រមព្រៀង ដែលមានតម្លៃដូចសន្ធិសញ្ញា បើទោះជាកិច្ចព្រមព្រៀងនោះត្រូវបានភាគីដាក់ចំណងជើងបែបណាក៏ដោយ”។
ទី២) MOU 2000 មិនមានកាលបរិច្ឆេទផុតកំណត់ ហើយក៏មិនមានបទប្បញ្ញត្តិចែងអំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគីនោះដែរ។
ដូច្នេះ MOU 2000 ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU 2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ។
សូមរំលឹកថា នៅប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថា នាយករដ្ឋមន្រ្តីថៃ ថាគ្រោងនឹងធ្វើប្រជាមតិជាតិ ថាតើត្រូវលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួនពីរជាមួយកម្ពុជា ដែលគ្របដណ្តប់លើការទាមទារព្រំដែន និងដែនសមុទ្រ ឬយ៉ាងណា?។
ដោយ ផែន រតនៈ
- ឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវការ
- บันทึกความเข้าใจ ระหว่างรัฐบาลแห่งราชอาณาจักรกัมพูชา กับรัฐบาลแห่งราชอาณาจักรไทย ว่าด้วยการสำรวจและจัดทำหลักเขตแดนทางบก
- Memorandum of Understanding between the Government of the Kingdom of Cambodia and the Government of the Kingdom of Thailand on the Survey and Demarcation of Land Boundary






