Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបកម្មករ កម្មការិនី និយោជិត ជិតពីរម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 129

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និង និយោជិត ជិត២ម៉ឺននាក់ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នេះ ចំនួន១ដង រួចមកហើយ គឺកាលពីទី៦ មិថុនា ឆ្នាំ២០១៨ ដែលមានកម្មករ-កម្មការិនី -និយោជិត ដែលបានចូលរួមចំនួន ២២៤៧០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨។
ជំនួបនៅថ្ងៃ នេះដែរ គឺជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ១៤៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសចំនួន ៦ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១, រោងចក្រដេរស្រោមដៃចំនួន១ និងដេរស្បែកជើងចំនួន៤។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសចិន។
នៅខេត្តកំពង់ចាម ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៥១០ មានកម្មករ-កម្មការិនី-និយោជិត ប្រមាណជាង ៣ម៉ឺន៦ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ១១១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២១ មានកម្មករនិយោជិត សរុបជាង ២ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ៧៩លានដុល្លារអាម៉េរិក និងជា ខេត្តទី៧ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ។

អត្ថបទទាក់ទង