Grand News Asia Close

របាយការណ៍៖ សម្ព័ន្ធយោធាលោកខាងលិច NATO នឹងបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូប្រទេសជប៉ុននៅឆ្នាំ២០២៤

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 604
របាយការណ៍៖ សម្ព័ន្ធយោធាលោកខាងលិច NATO នឹងបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូប្រទេសជប៉ុននៅឆ្នាំ២០២៤ របាយការណ៍៖ សម្ព័ន្ធយោធាលោកខាងលិច NATO នឹងបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូប្រទេសជប៉ុននៅឆ្នាំ២០២៤

(តូក្យូ)៖ កាសែត Nikkei របស់ជប៉ុនបានរាយការណ៍ឱ្យដឹងនៅថ្ងៃអង្គារនេះថា អង្គការណាតូនឹងបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៤ ដើម្បីប្រើប្រាស់វាជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ខណៈដែលចិនបានចាត់ទុកផែនការនេះជាការបង្កហេតុក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

កាលពីខែឧសភា ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក បាននិយាយថា សម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក (ណាតូ) គ្រោងនឹងបង្កើតការិយាល័យនៅទីក្រុងតូក្យូ ដែលជាកន្លែងដំបូងគេនៅអាស៊ី ដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់ក្នុងតំបន់ ប៉ុន្តែប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធផែនការនេះ។

នៅពេលនោះ ប្រទេសចិនបាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍អ្វីដែលគេហៅថា «ការប្រឈមមុខដាក់គ្នា» ហើយបានជំរុញឱ្យប្រទេសជប៉ុន អនុវត្តការប្រុងប្រយ័ត្នបន្ថែមទៀតលើបញ្ហាសន្តិសុខយោធា ដោយសារប្រវត្តិសាស្រ្តឈ្លានពានរបស់ខ្លួន។

ការសែត Nikkei ជប៉ុនបានលើកឡើងថា អង្គការណាតូនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយដៃគូធំៗចំនួនបួនរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក ហើយរៀបចំឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយពួកគេនីមួយៗ ដើម្បីបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការ លើបញ្ហាដូចជាសន្តិសុខអ៊ីនធឺណិត និងអវកាស។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីខែមករាកន្លងទៅ ប្រធានអង្គការណាតូ លោក Jens Stoltenberg បានសន្យាជាមួយនាយករដ្ឋមន្ត្រី លោក Fumio Kishida ក្នុងការពង្រឹងទំនាក់ទំនង ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខ «ជាប្រវត្តិសាស្ត្រ» ដោយលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការកើនឡើងនៃអំណាចយោធារបស់ចិន៕

អត្ថបទទាក់ទង