Grand News Asia Close

មេដឹកនាំថៃពូកែកាឡៃនិងពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង !

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ទស្សនៈ-Opinion 1120
មេដឹកនាំថៃពូកែកាឡៃនិងពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង ! មេដឹកនាំថៃពូកែកាឡៃនិងពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង !

ប្រទេសថៃដែលជាសំបុកនៃបណ្តាញចែកចាយឧក្រិដ្ឋជនឆបោកតាមអនឡាញដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ពេលនេះកំពុងផ្ទុះរឿងអាស្រូវនិងបែកសំបុកឧក្រិដ្ឋជនពេញប្រទេសដែលអាជ្ញាធរពិបាកគ្រប់គ្រង។ រឿងអាស្រូវនេះកំពុងដុតរោលប្រទេសថៃនិងកំពុងធ្វើឱ្យរដ្ឋាភិបាលក្រុងបាងកកក្រពុលមុខខ្លាំងរហូតស្រវាំងភ្នែកមើលអ្វីលែងឃើញនិងគិតអ្វីក៏មិនត្រូវ។ ពួកគេកំពុងកាឡៃនិងពង្រីកករណីលោក កុក អាន ដើម្បីនាំរឿងដល់កម្ពុជា។

តាមពិតនរណាក៏ដឹងដែរថា លោក កុក អាន ក៏មានសញ្ជាតិថៃនិងមានមុខជំនួញក្នុងប្រទេសថៃច្រើនជាងនៅកម្ពុជាទៅទៀត។ ប៉ុន្តែ ដោយហេតុថា លោក កុក អាន គឺជាសមាជិកព្រឹទ្ធសភាកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រធាន ទើបពួកមេដឹកនាំថៃខំទាញរឿងនេះភ្ជាប់ជាមួយប្រទេសកម្ពុជា។ បើចង់ចោទថា លោក កុក អាន ជាអ្នករកលុយឱ្យលោក ហ៊ុន សែន រឹតតែមិនត្រូវទាល់តែសោះ។ វាគួរតែប្រទេសថៃ ឬមេដឹកនាំថៃទេដែលទទួលផលប្រយោជន៍ច្រើនពីជំនួញលោក កុក អាន គឺមិនមែនកម្ពុជាឬលោក ហ៊ុន សែន នោះឡើយ។ 

ម្យ៉ាងទៀត បើនិយាយពីភាពស្និទ្ធស្នាលរវាងលោក ហ៊ុន សែន ជាមួយលោក កុក អាន គឺនៅចាញ់ទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងលោក ហ៊ុន សែន និងលោក ថាក់ ស៊ីន ឆ្ងាយណាស់។ ដូច្នេះ បើអាជ្ញាធរថៃវាយតម្លៃពីភាពជិតស្និទ្ធដើម្បីចាប់កំហុស ប្រហែលជាតុលាការថៃត្រូវចាប់ខ្លួនលោកថាក់ស៊ីនមុនគេពីព្រោះលោកទាំងពីរពិតជាស្និទ្ធស្នាលជាមួយគ្នាខ្លាំងណាស់។ ផ្ទុយទៅវិញ គេកម្រឃើញលោក កុក អាន និងលោក ហ៊ុន សែន ស្និទ្ធស្នាលជាមួយគ្នាណាស់ក្រៅពីថតរូបជាមួយគ្នាជាធម្មតា។ 

ក្រឡេកមើលចំណាត់ការរបស់អាជ្ញាធរថៃ គេអាចយល់បានថា រដ្ឋាភិបាលមួយនេះពិតជាអសមត្ថភាពខ្លាំងណាស់ក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន តែបែរជាមានជំនាញខ្លាំងណាស់ខាងការបង្វែរសាច់រឿង និងទម្លាក់កំហុសឱ្យអ្នកដទៃ។ 

ជាប្រទេសស៊ីវីឡាយមួយដែរ ប៉ុន្តែ សម្រេចអ្វីក៏មិនត្រូវ។ ជាក់ស្តែង ជម្លោះព្រំដែននៅតំបន់មុំ៣ ទាហានថៃបែរជាទៅបិទច្រកព្រំដែនដែលនាំឱ្យប្រជាពលរដ្ឋខ្លួនខាតបង់យ៉ាងខ្លាំង។ 

ពួកគេពង្រីករឿងព្រំដែនរហូតដល់ប្រកាសចង់ផ្តាច់ភ្លើងអគ្គិសនី អ៊ិនធឺណិត និងការផ្គត់ផ្គង់ប្រេងដល់កម្ពុជាជាដើម ប៉ុន្តែ ពេលកម្ពុជាបានប្រកាសផ្តាច់មុនធ្វើឱ្យថៃខាតប្រយោជន៍រាប់រយលានដុល្លារ។ នៅពេលដែលប្រជាជនថៃនាំគ្នាធ្វើបាតុកម្មទាមទារឱ្យទាហានបើកព្រំដែនឡើងវិញដោយសារពួកគេទទួលរងផលប៉ះពាល់ជីវភាពខ្លាំង រឿងអាស្រូវឧក្រិដ្ឋជនឆបោកតាមអនឡាញក៏ផ្ទុះឡើងពេញប្រទេស។ អាជ្ញាធរថៃហាក់ដូចជាទ័លប្រាជ្ញាក៏ប្រញាប់បង្វែររឿងទៅនិយាយពីលោក កុក អាន ដើម្បីទាញភ្ជាប់មកកម្ពុជា។ 

និយាយជារួម ចំណាត់ការរបស់អាជ្ញាធរថៃមិនខុសអ្វីពី«ដុតផ្ទះខ្លួនឯងដើម្បីចម្អិនពងមាន់មួយ»នោះឡើយ ពោលគឺ ដើម្បីតែបានទម្លាក់កំហុសមកលើកម្ពុជា ថៃសុខចិត្តបំផ្លាញផលប្រយោជន៍សេដ្ឋកិច្ចជាតិនិងប្រជាជនខ្លួនឯងយ៉ាងច្រើន។ នេះគឺជារបៀបដឹកនាំបែបនាំរឿងច្រើនជាងដោះស្រាយបញ្ហា។ ហេតុដូច្នេះហើយបានជាប្រទេសនេះមានទំនាស់ជាមួយអ្នកជិតខាងជុំទិសដោយគ្មានប្រទេសជិតខាងណាមួយរស់នៅបានសុខឡើយ៕ 

ដោយ វង្ស មករា 

សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ

 

អត្ថបទទាក់ទង