Grand News Asia Close

ទីភ្នាក់ងារ IAEA៖ គ្មានហានិភ័យសុវត្ថិភាពភ្លាមៗនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia បន្ទាប់ពីទំនប់វារីអគ្គិសនីដែលផ្គត់ផ្គង់ទឹកត្រជាក់ឱ្យរោងចក្រនេះ រងការខូចខាតនោះទេ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1207
ទីភ្នាក់ងារ IAEA៖ គ្មានហានិភ័យសុវត្ថិភាពភ្លាមៗនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia បន្ទាប់ពីទំនប់វារីអគ្គិសនីដែលផ្គត់ផ្គង់ទឹកត្រជាក់ឱ្យរោងចក្រនេះ រងការខូចខាតនោះទេ ទីភ្នាក់ងារ IAEA៖ គ្មានហានិភ័យសុវត្ថិភាពភ្លាមៗនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia បន្ទាប់ពីទំនប់វារីអគ្គិសនីដែលផ្គត់ផ្គង់ទឹកត្រជាក់ឱ្យរោងចក្រនេះ រងការខូចខាតនោះទេ

(វីយែន)៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ (IAEA) បានឱ្យដឹងនៅថ្ងៃអង្គារទី០៦ ខែមិថុនានេះថា ខ្លួនមិនបានឃើញ «ហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរភ្លាមៗ» ក្រោយទំនប់វារីអគ្គិសនីនៅភាគខាងត្បូងអ៊ុយក្រែនរងការបំផ្ទុះនោះទេ ប៉ុន្តែបានគូសបញ្ជាក់ថា ខ្លួនកំពុងសម្លឹងមើលជម្រើសដើម្បីទទួលបានទឹក សម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបឱ្យនៅត្រជាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣។

ទីក្រុងមូស្គូ និងកៀវបានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការខូចខាតទំនប់វារីអគ្គិសនី Kakhovka ហើយបានផ្តល់ទស្សនៈផ្ទុយគ្នា អំពីស្ថានភាពសុវត្ថិភាពនៅរោងចក្រនុយក្លេអ៊ែរដែលកាន់កាប់ដោយរុស្ស៊ី ដែលមានចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ។

ទំនប់ Kakhovka ស្ថិតនៅលើទន្លេ Dnipro គឺជាអ្នកផ្គត់ផ្គង់អាងស្តុកទឹក ដែលផ្តល់ទឹកត្រជាក់សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។

ទីភ្នាក់ងារ IAEA ​បាននិយាយថា ខ្លួនកំពុង «តាមដានស្ថានការណ៍យ៉ាងដិតដល់» នៅឯរោងចក្រ ប៉ុន្តែមិនបានឃើញ «ហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរភ្លាមៗ» នោះទេ។

ប្រធានទីភ្នាក់ងារនេះ លោក Rafael Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ក្រុមប្រឹក្សាអភិបាលដែលមានសមាជិក ៣៥រូបរបស់ទីភ្នាក់ងារខ្លួន ថា ការខូចខាតទំនប់បាននាំឱ្យមានការថយចុះកម្ពស់ នៃអាងស្តុកទឹកប្រហែល ៥សង់ទីម៉ែត្រក្នុងមួយម៉ោង។

លោក Grossi បានព្រមានថា ទឹកនៅក្នុងអាងមានកម្ពស់ប្រហែល ១៦.៤ម៉ែត្រកាលពីព្រឹកថ្ងៃអង្គារ ហើយប្រសិនបើវាធ្លាក់ចុះក្រោម ១២.៧ម៉ែត្រ នោះវានឹងមិនអាចបូមទៅកាន់រោងចក្របានទេ ដោយបន្ថែមថា រឿងនេះវាអាចកើតឡើងក្នុងរយៈពេល «ពីរបីថ្ងៃខាងមុខ»។

លោកបានបន្ថែមថា កម្មកររោងចក្រកំពុង «ព្យាយាមអស់ពីសមត្ថភាពដើម្បីបូមទឹកឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ចូលទៅក្នុងបំពង់ទឹកត្រជាក់ និងប្រព័ន្ធពាក់ព័ន្ធ» ខណៈដែលការផ្គត់ផ្គង់ដល់ «អ្នកប្រើប្រាស់ទឹកដែលមិនសំខាន់» នៅរោងចក្រត្រូវបានផ្អាក។

លើសពីនេះទៀត IAEA កំពុងរកមើលការបញ្ជាក់ថា តើស្រះទឹកត្រជាក់ដ៏ធំមួយនៅជាប់នឹងទីតាំងនោះ វានឹងអាចផ្តល់ទឹកសម្រាប់ភាពត្រជាក់ «រយៈពេលពីរបីខែឬយ៉ាងណា» សម្រាប់រោងចក្រពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនេះ៕

អត្ថបទទាក់ទង