Grand News Asia Close

ហេតុអ្វីបានជាចិន អាមេរិក និងបណ្តាមហាអំណាចផ្សេងទៀត បង្កើនការធ្វើសមយុទ្ធយោធាជាមួយតំបន់អាស៊ីអាគ្នេយ៍?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 290
ហេតុអ្វីបានជាចិន អាមេរិក និងបណ្តាមហាអំណាចផ្សេងទៀត បង្កើនការធ្វើសមយុទ្ធយោធាជាមួយតំបន់អាស៊ីអាគ្នេយ៍? បុគ្គលិកកងទ័ពជើងទឹកមកពីកងទ័ពរំដោះប្រជាជនចិនបានចុះពីនាវាចម្បាំងដែលបំពាក់ដោយគ្រាប់មីស៊ីលរបស់ចិន ក្នុងអំឡុងពេលពិព័រណ៍ការពារជាតិដែលបានធ្វើឡើងនៅឯមូលដ្ឋានទ័ពជើងទឹក Changi របស់ប្រទេសសិង្ហបុរីកាលពីដើមខែនេះ។ រូបថត៖ Reuters

អ្នកជំនាញបាននិយាយថា ប្រទេសចិនកំពុងធ្វើឱ្យខ្លួនឯងក្លាយជាដៃគូសន្តិសុខជំនួសឱ្យសហរដ្ឋអាមេរិក ខណៈពេលដែលពួកគេកំពុងតែអនុវត្ត «ការទូតយោធា» រួមជាមួយនឹងការរៀបចំសមយុទ្ធរួមគ្នាកាន់តែច្រើនឡើងៗ នៅក្នុងតំបន់ដែលមានការចូលរួមពីសំណាក់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

នៅក្នុងខែនេះ ចិននិងឡាវបានធ្វើសមយុទ្ធមិត្តភាពឆ្នាំ ២០២៣ ដែលរួមមានទាំងផ្នែកផ្សេងៗនៃសព្វាវុធ ការហ្វឹកហ្វឺនប្រយុទ្ធ និងប្រតិបត្តិការគាំទ្រ។ សមយុទ្ធយោធាដែនសមុទ្រចិន-សិង្ហបុរី ក៏ត្រូវបានធ្វើឡើងនៅក្នុងដែនទឹកនៃប្រទេសសិង្ហបុរីផងដែរ ដែលក្នុងនោះប្រទេសទាំងពីរបានធ្វើសមយុទ្ធប្រឆាំងនឹងការដាក់មីននៅក្នុងសមុទ្រ និងធ្វើសមយុទ្ធបាញ់កាំភ្លើងធំដោយប្រើប្រាស់គ្រាប់ពិតរបស់កងទ័ពជើងទឹក។

កាលពីខែមេសា ឆ្មាំសមុទ្រចិននិងវៀតណាម បានធ្វើការល្បាតរួមគ្នានៅឈូងសមុទ្រ Beibu ខណៈដែលចិននិងកម្ពុជាក៏បានធ្វើសមយុទ្ធ Golden Dragon 2023 រួមគ្នាដែលរួមមានទាំងសមយុទ្ធបាញ់គ្រាប់ពិតនិងបេសកកម្មការវាយប្រហារភេរវកម្មប្រឆាំងផងដែរ។

សារព័ត៌មាន Global Times បានដកស្រង់សម្តីរបស់លោក Fu Qianshao អ្នកជំនាញយោធាចិនថា ប្រទេសចិននឹងបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីកសាងបរិយាកាសសន្តិភាពនិងស្ថិរភាព «នៅពេលដែលសហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហានៅក្នុងតំបន់នេះ»។

ក្រុមទាហាន​នៅក្នុង​ពិធី​ចាប់ផ្តើម​សមយុទ្ធ​រួម​ដែលមានឈ្មោះថា ​ខែល​មិត្តភាព​ចិន-ឡាវ-២០២៣ (China-Laos Friendship Shield-2023) កាលពីដើម​ខែនេះ។ រូបថត៖ Xinhua

បញ្ហាខាងលើទំនងជានឹងត្រូវលើកឡើងនៅក្នុងកិច្ចសន្ទនា Shangri-La នៅចុងសប្តាហ៍នេះនៅក្នុងប្រទេសសិង្ហបុរី ដែលជាវេតិកាដែលមានការចូលរួមពីសំណាក់មន្ត្រីការពារជាតិ និងអ្នកបង្កើតគោលនយោបាយ ដែលមានជាប់ពាក់ព័ន្ធនៅក្នុងផ្នែកសន្តិសុខរបស់តំបន់អាស៊ីប៉ា-ស៊ីហ្វិក។

លោក Paul J. Smithសាស្ត្រាចារ្យ នៅ Naval War College របស់សហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងកម្មវិធី This Week In Asia ដោយបានពណ៌នាអំពីការកើនឡើងនៃការធ្វើសមយុទ្ធរួមគ្នានេះថា ជាការប៉ុនប៉ងដើម្បីត្រឡប់ទៅរកកម្រិតនៃការធ្វើប្រតិបត្តិការមុនពេលមានជំងឺរាតត្បាត ក្នុងគោលបំណងឆ្លើយតបទៅនឹងអ្វីដែលចិនយល់ឃើញថាជាសកម្មភាពឈ្លានពានរបស់អាមេរិកនិងសម្ព័ន្ធមិត្ត។

នៅក្នុងកិច្ចប្រជុំកំពូល G7 នៅពេលថ្មីៗនេះនៅប្រទេសឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក ជប៉ុន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ពួកគេ បានបន្លឺសំឡេងរួមគ្នាដើម្បីបង្ហាញអំពីការព្រួយបារម្ភកាន់តែខ្លាំងឡើងៗចំពោះទីក្រុងប៉េកាំង និងការស្វែងរកវិធីដើម្បីរារាំងប្រទេសចិន។

លោក Smith បាននិយាយបន្ថែមទៀតថា «និន្នាការនេះកំពុងតែវិវត្តន៍ទៅមុខនៅក្រោមការដឹកនាំរបស់លោក Xi Jinping។ ទីក្រុងប៉េកាំងបានចាត់ទុក «ការទូតយោធា» ជាគោលការណ៍ស្នូលសម្រាប់សកម្មភាពការទូតអន្តរជាតិទាំងមូល»។

ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃការធ្វើសមយុទ្ធរបស់ចិនជាមួយនឹងសមភាគីអាស៊ីអាគ្នេយ៍គឺ «នៅមានកម្រិត» ដោយសារតែសារជាតិ «episodic and cosmetic» របស់ពួកគេ ដោយភាគច្រើនគឺត្រូវអាស្រ័យទៅលើប្រភេទនៃឧបករណ៍ដែលត្រូវបានប្រើផងដែរ។

លោក Smith បាននិយាយថា «ប្រសិនបើប្រទេសចិនដាក់ពង្រាយនូវឧបករណ៍ដែលមិនសូវជឿនលឿន ឬមិនសូវមានភាពស្មុគ្រស្មាញ វាគឺជាសញ្ញាមួយបង្ហាញថាការចូលរួមជាមួយគ្នានៅមានកំណត់ និងត្រូវបានធ្វើឡើងសម្រាប់តែគោលបំណងការទូត ឬទំនាក់ទំនងសាធារណៈតែប៉ុណ្ណោះ»។ លោក Smith បានបន្ថែមទៀតថា «ទាំងការបញ្ចេញទិន្នន័យនិងការផ្តល់សញ្ញា មិនគួរត្រូវបានមើលរំលងនោះឡើយនៅក្នុងវិស័យការទូតយោធា»។

លោក Smith បានឱ្យដឹងទៀតថា ឧទាហរណ៍ប្រសិនបើចិន ឬប្រទេសដែលចូលរួមណាមួយបញ្ជូនឧបករណ៍ទំនើបៗ វានឹងមានការបញ្ជូនព័ត៌មានរសើបៗ ឬរបៀបនៃការធ្វើប្រតិបត្តិការរបស់ឧបករណ៍នោះ ហើយវាច្រើនតែមានបំណងផ្សេងៗជាច្រើន ដោយរាប់ចាប់ពី «ការគំរាមកំហែង, ការបញ្ចុះបញ្ចូលផ្នែកការទូត រហូតដល់ការស្វែងរកទីផ្សារសម្រាប់ការលក់អាវុធនៅពេលអនាគត»។

លោក Smith បានបញ្ជាក់ទៀតថា «ការផ្តល់សញ្ញា» គឺសំដៅលើការផ្ញើសារដោយចេតនា ឬអចេតនា ទាក់ទងនឹងគោលបំណងនៃសមយុទ្ធ ថាតើវាបង្កើតនូវសុច្ឆន្ទៈ ឬជាការផ្ញើសារទៅកាន់ប្រទេសទី៣ ឬទៅកាន់សហគមន៍អន្តរជាតិ។ លោកបានបន្តថា ប្រទេសចិនទំនងជានឹងបង្កើនការធ្វើសមយុទ្ធបែបនេះនៅក្នុងតំបន់ឱ្យបានច្រើនថែមទៀត ដើម្បីជាវិធីមួយនៃការបំបែកចេញពីអ្វីដែលពួកគេមើលឃើញថាជាការទប់ស្កាត់រារាំងរបស់អាមេរិក។

លោក Blake Herzinger អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិកនៃសាកលវិទ្យាល័យស៊ីដនី បាននិយាយថា ខណៈពេលដែលចិនបានព្យាយាមធ្វើឱ្យខ្លួនឯងទៅជាដៃគូសន្តិសុខតានរយៈសមយុទ្ធនៅពេលថ្មីៗនេះ វាមិនបានឆ្លុះបញ្ចាំងអំពីភាពផ្លាស់ប្តូរថ្មីនោះទេ ខណៈដែលប្រទេសមួយចំនួនដូចជា កម្ពុជា និងឡាវ «បានធ្លាក់ចូលកាន់តែជ្រៅរួចទៅហើយទៅក្នុងគន្លងរបស់ទីក្រុងប៉េកាំង»។

ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរ គឺជាអ្នកទទួលជំនួយនិងការវិនិយោគរបស់ចិនយ៉ាងច្រើន ហើយក៏ទទួលបានអត្ថប្រយោជន៍ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលត្រូវបានសាងសង់ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងផ្លូវមួយរបស់ចិន ដើម្បីពង្រីកការតភ្ជាប់សកលផងដែរ។

សម្រាប់ប្រទេសមួយចំនួន ដូចជាសិង្ហបុរី លោក Herzinger បាន និយាយថា នៅក្នុងការរក្សាទំនាក់ទំនងជាវិជ្ជមានជាមួយប្រទេសចិន «ការចូលរួមនៅក្នុងផ្នែកការពារជាតិនៅមានកម្រិតទាប» ហើយក៏ប្រហែលជាមិនអាចបន្តទៅមុខទៀតនោះទេ ដោយសារតែ «ប្រទេសនេះមានទំនាក់ទំនងសន្តិសុខយ៉ាងសំខាន់ជាមួយសហរដ្ឋអាមេរិក»។

សម្រាប់ប្រទេសក្នុងតំបន់ដូចជាសិង្ហបុរី អ្នកជំនាញបាននិយាយថា ការចូលរួមផ្នែកការពារជាតិជាមួយប្រទេសចិន ទំនងជាមិនទៅឆ្ងាយពេកទេ ដោយសារតែរដ្ឋជាទីក្រុងមួយនេះ មាន «ទំនាក់ទំនងសន្តិសុខកាន់តែសំខាន់» ជាមួយសហរដ្ឋអាមេរិក។ រូបថត៖ ផ្ដល់អោយ

លោក Herzinger បាននិយាយទៀតថា «សមយុទ្ធកម្រិតទាប» អាចជួយកសាងកម្រិតនៃការយល់ដឹងរវាងចិននិងយោធានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបញ្ជៀសកុំឱ្យមានបញ្ហាធំជាងនេះ ដោយសារវាមិនមានវិធានការកសាងទំនុកចិត្តណាមួយអាចទូទាត់សងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែបន្តរបស់ប្រទេសចិនដើម្បីបំផ្លាញដល់អធិបតេយ្យភាពរបស់ប្រទេសជិតខាងនោះទេ»។

លោក Herzinger បានបញ្ជាក់ទៀតថា «សរុបមកទីក្រុងប៉េកាំងមិនមែនជាដៃគូសន្តិសុខដែលអាចជឿទុកចិត្តបានសម្រាប់តំបន់នោះទេ ដោយសារតែជម្លោះដែលកំពុងតែបន្តជាមួយប្រទេសជិតខាង និងប្រវត្តិនៃការគំរាមកំហែងដែលសំដៅទៅលើជម្លោះដែនដីរវាងចិននិងរដ្ឋអាស៊ីអាគ្នេយ៍ និងការយាយីរបស់ទីក្រុងប៉េកាំងចំពោះនាវានៅក្នុងតំបន់ ដូចជាការស្ទាក់ចាប់នាវាល្បាតហ្វីលីពីន កាលពីខែមុននៅសមុទ្រចិនខាងត្បូងជាដើម»។

អស់ជាច្រើនទសវត្សរ៍មកហើយដែលប្រទេសក្នុងតំបន់បានហ្វឹកហាត់ជាមួយសមភាគីនៅក្នុងតំបន់ និងលោកខាងលិច។ ហ្វីលីពីននិងអាមេរិកបានធ្វើសមយុទ្ធ Balikatan ខណៈដែលប្រទេសថៃក៏ធ្វើសមយុទ្ធយោធា Cobra Gold រួមជាមួយទីក្រុងវ៉ាស៊ីនតោនសម្រាប់ផ្នែកយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សិង្ហបុរីនិងម៉ាឡេស៊ីក៏ចូលរួមនៅក្នុងសមយុទ្ធ Five Power Defense Arrangements ជាមួយអូស្ត្រាលី នូវែលសេឡង់ និងអង់គ្លេស ខណៈនៅក្នុងខែនេះយោធាសិង្ហបុរីក៏បានហ្វឹកហាត់ជាមួយអាមេរិកផងដែរនៅហាវ៉ៃ នៅក្នុងសមយុទ្ធ Tiger Balm លើកទី ៤២ សម្រាប់ឆ្នាំ ២០២៣។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសដូចជាជប៉ុននិងបារាំង ក៏បានធ្វើសមយុទ្ធរួមគ្នាជាមួយតំបន់ដូចគ្នា។ ទីក្រុងតូក្យូបានធ្វើសមយុទ្ធសុច្ឆន្ទៈជាមួយវៀតណាម, ការបណ្តុះបណ្តាលជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយជាមួយហ្វីលីពីន, ហើយក៏បានចូលរួមជាលើកដំបូងកាលពីឆ្នាំមុន នៅក្នុងសមយុទ្ធ Garuda Shield ដែលជាសមយុទ្ធរួមគ្នារវាងអាមេរិក និងឥណ្ឌូនេស៊ីផងដែរ។

កងទ័ពនិងកងទ័ពជើងទឹករបស់បារាំងនិងឥណ្ឌូនេស៊ី បានធ្វើសមយុទ្ធរួមគ្នាចំនួន ២ ដាច់ដោយឡែកពីគ្នានៅក្នុងខែមីនា ខណៈដែលនៅឆ្នាំ ២០២១ កងទ័ពជើងទឹកបារាំងនិងសិង្ហបុរីបានធ្វើសមយុទ្ធនៅតំបន់ភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង។

លោក Jean-Mathieu Rey ឧត្តមនាវីឯកបារាំង និងជាប្រធានផ្នែកទំនាក់ទំនងការបរទេសនៃកងទ័ពជើងទឹកបាននិយាយថា «ក្នុងនាមជាអ្នកផ្តល់អធិបតេយ្យភាពទូទាំងពិភពលោក និងជាសម្ព័ន្ធមិត្តដ៏ចំណាស់បំផុតរបស់អាមេរិកទីក្រុងប៉ារីស បានអភិវឌ្ឍភាពជាដៃគូជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នាដើម្បីធានាបានថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅតែមានភាពសេរីនិងបើកចំហ សម្រាប់ពហុភាគីនិយម និងសម្រាប់ការគោរពច្បាប់អន្តរជាតិ»។

ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកហ្វីលីពីន កំពុងហោះពីលើទូកល្បាត អំឡុងពេលនៃសមយុទ្ធរបស់កងទ័ពជើងទឹកខ្លួន។ រូបថត៖ AFP

លោក Herzinger បាននិយាយទៀតថា «វាអាស្រ័យលើរដ្ឋអាស៊ីអាគ្នេយ៍ក្នុងការកំណត់នូវផលប្រយោជន៍ជាតិរបស់ពួកគេ និងកំណត់ប្រភេទនៃទំនាក់ទំនងសន្តិសុខដែលសមស្របបំផុតទៅនឹងតម្រូវការរបស់ពួកគេ»។

លោកបានបន្ថែមថា «សម្រាប់ប្រទេសភាគច្រើន ការធ្វើឱ្យមានតុល្យភាពនូវទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង គឺជារឿងចាំបាច់ ខណៈខ្លះទៀតហាក់ផ្អៀងទៅម្ខាងជាងម្ខាងទៀត តែការបណ្តុះបណ្តាលរបស់អាមេរិកនៅតែជាស្តង់ដារកំពូល»។

ដោយកត់សម្គាល់ថា ការដែលរដ្ឋអាស៊ានងាកមកធ្វើសមយុទ្ធរួមគ្នាជាមួយចិន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រការពាររបស់ពួកគេ នោះ លោក Abdul Rahman Yaacob និស្សិតបណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី បាននិយាយថា សមត្ថភាពរយៈពេលវែងរបស់ចិនក្នុងការពង្រីកទំហំ និងវិសាលភាពនៃការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ គឺអាស្រ័យលើថា តើទីក្រុងប៉េកាំងនឹងបង្កើនភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងទៀតដែរឬទេ។

លោកបានបន្ថែមទៀតថា «វានឹងមានសម្ពាធនៅក្នុងស្រុកសម្រាប់បណ្តាប្រទេសអាស៊ានមួយចំនួនដើម្បីរារាំងមិនឱ្យមានការបន្តទំនាក់ទំនងការពារជាតិកាន់តែជិតស្និទ្ធជាមួយប្រទេសចិន»។ លោកបានឱ្យដឹងទៀតថា «ដោយសារតែរដ្ឋក្នុងតំបន់ពឹងផ្អែកទៅលើសហរដ្ឋអាមេរិកសម្រាប់សព្វាវុធនោះ ទីក្រុងវ៉ាស៊ីនតោនអាចនឹងមិនយល់ព្រមលើការដាក់ពង្រាយអាវុធរបស់ឋអាមេរិកនៅក្នុងសមយុទ្ធរួមជាមួយប្រទេសចិន នោះឡើយ»។

លោក Abdul Rahman បានលើកឡើងទៀតថា «ជាឧទាហរណ៍ យើងនឹងមិនអាចឃើញយន្តហោះប្រយុទ្ធ F-35B របស់សិង្ហបុរីចូលរួមនៅក្នុងសមយុទ្ធរួមគ្នាជាមួយកងទ័ពអាកាសចិននោះទេ»។ លោកក៏បានបន្ថែមទៀតថា «ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិកមានភាពស្មុគស្មាញជាង ដោយសារតែមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការបញ្ជានិងការគ្រប់គ្រង និងកម្រិតខ្ពស់នៃអន្តរប្រតិបត្តិការ»។

យន្តហោះចម្បាំង F-35B ត្រូវ​បាន​គេ​និយាយ​ថា​ ជា​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​របស់​ពិភពលោក​ ដែលផលិតឡើងដោយ​អាមេរិក។ រូបថត៖ AFP

យន្តហោះ F-35B គឺជាយន្តហោះចម្បាំងទំនើបបំផុតនៅក្នុងពិភពលោក ដោយវាអាចធ្វើប្រតិបត្តិការលើអាកាសបានយ៉ាងពេញលេញ និងអាចចូលរួមនៅក្នុងបេសកកម្មវាយប្រហារ ហើយថែមទាំងអាចផ្តល់នូវសមត្ថភាពក្នុងការធ្វើសង្គ្រាមអេឡិចត្រូនិច ការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ផងដែរ។

សិង្ហបុរីបានប្រកាសកាលពីខែកុម្ភៈថា ពួកគេនឹងទិញយន្តហោះចម្បាំង F-35B ចំនួន ៨ គ្រឿងទៀត ពីក្រុមហ៊ុនអាមេរិក Lockheed Martin ដើម្បីបង្កើនចំនួនកងយន្តហោះចម្បាំងជំនាន់ទី៥ របស់ខ្លួនឱ្យឡើងដល់ ១២ គ្រឿង។

លោក Collin Koh អ្នកស្រាវជ្រាវនៅសាលា S. Rajaratnam School of International Studies នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា ខណៈពេលដែលសមយុទ្ធនេះបានផ្តល់ឱ្យយោធាក្នុងតំបន់នូវការយល់ដឹងអំពីរបៀបដែលកងទ័ពរំដោះប្រជាជនចិនធ្វើការ និងសមត្ថភាពចុងក្រោយរបស់ពួកគេ តែពួកគេមិនបានផ្តល់នូវព័ត៌មានបន្ថែមច្រើនអំពីការយល់ដឹងអំពីប្រតិបត្តិការថ្មី និងការកសាងអន្តរប្រតិបត្តិការដែលជាអ្វីដែលពួកគេអាចទទួលបានតាមរយៈការចូលរួមនៅក្នុងសមយុទ្ធជាមួយសមភាគីក្រៅតំបន់នោះឡើយ។

លោកបាននិយាយថា «តាមរយៈការចូលរួមរបស់ចិននៅក្នុងការធ្វើសមយុទ្ធ វាក៏បានជួយឱ្យកងទ័ពរំដោះប្រជាជនចិន អាចចូលរួមនៅក្នុងសមយុទ្ធយោធាកាន់តែទូលាយរបស់អាស៊ាន ដូចជាសមយុទ្ធដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង ARF និង ADMM+ ដែលជាបណ្តាញតភ្ជាប់អាស៊ានជាមួយនឹងដៃគូសន្ទនាចំនួន ៨ របស់ខ្លួនដែលរួមមានប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និអាមេរិក»៕

South China Morning Post

អត្ថបទទាក់ទង