(វីដេអុ) សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣២ ឆ្នាំ ២០២៤
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះ មហាសង្ឃរាជ សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះរាជាគណៈ ព្រះតេជព្រះគុណ ព្រះមន្រ្តីសង្ឃ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ ជាទីមេត្រី!
ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយស និងសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២» ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ។
[ផ្ដើមសេចក្តីអធិប្បាយ១]
កាលពីពីរថ្ងៃមុន សម្ដេចតេជោក៏បានចូលរួមនៅក្នុងពិធីបើក។ ខ្ញុំក៏បានមើល។ ពេលនោះ គាត់មានប្រសាសន៍មួយម៉ាត់ ដែលខ្ញុំចាប់អារម្មណ៍។ គាត់ថា រូបខ្ញុំដែលនៅក្មេងឲ្យទៅចែកសញ្ញាបត្រ ជួបនិស្សិត ដល់តែសម្ដេចតេជោមានអាយុច្រើន មកចូលរួមកម្មវិធីព្រះសង្ឃ។ តែខ្ញុំចាំ សម្ដេចតេជោបានចាត់ឲ្យខ្ញុំទៅកម្មវិធីព្រះសង្ឃតាំងពីអាយុ ៣០ជាងនោះ ព្រោះកាលមុនលោកទៅជួបតែនិស្សិត កម្មករ/ការិនី ឯខ្ញុំទៅសម្ពោធវត្តរហូត។ អញ្ចឹងបានកាលមុន ចេះតែនិយាយគ្នាលេង គាត់បានស្នាមក្រែមជាប់ថ្ពាល់ ខ្ញុំបានស្នាមស្លាជាប់ផ្ពាល់។
[ចប់សេចក្តីអធិប្បាយ១]
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់គណៈ-សង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃក្រសួងធម្មការ និងសាសនា ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារ ដែលក្រសួង និងគណៈសង្ឃទាំងពីរគណៈ សម្រេចបាននាឆ្នាំកន្លងមក និងស្វែងយល់កាន់តែច្បាស់ ក្នុងគោលដៅលើកកម្ពស់ការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅនៅក្នុងវិស័យធម្មការ និងសាសនា ដើម្បីជំរុញឱ្យវិស័យនេះ ឆ្លើយតបបានកាន់តែប្រសើរឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់សភាពការណ៍វិវត្តនៃស្ថានភាពនយោបាយ សង្គម សាសនា និងសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក។
ក្នុងទិវាដ៏មហោឡារិកនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ អរគុណ និង សូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ សម្តេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្មក្នុងរយៈពេល៣ថ្ងៃនៃអនុសំវច្ឆរមហាសន្និបាត ដោយបានផ្ដោតព្រះហឫទ័យយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ ប្រើប្រាស់អស់នូវព្រះបញ្ញាញាណ បទពិសោធជាក់ស្ដែង មតិយោបល់ គំនិត ទស្សនៈគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់នូវបញ្ហាប្រឈមនានា និងរកដំណោះស្រាយសមស្រប ក្នុងគោលបំណងកាត់បន្ថយនូវបញ្ហាអវិជ្ជមានមួយចំនួនក្នុងសហគមន៍សង្ឃ ពុទ្ធបរិស័ទ និងសង្គមជាតិទាំងមូល ដើម្បីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា លើកកម្ពស់ គុណតម្លៃសីលធម៌សង្គម ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ចាយ បូរិន ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួង និងគណៈសង្ឃទាំងពីរគណៈ សម្រេចបាននាឆ្នាំកន្លងទៅនេះ។ ជាការពិតណាស់ ជោគជ័យទាំងនេះមិនអាចកើតឡើងដោយចៃដន្យនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាឥតឈប់ឈរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការរបស់គណៈសង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា។ ឈរលើស្មារតីនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមលើកទឹកព្រះទ័យ និងទឹកចិត្ត បន្តរក្សានូវស្មារតីសាមគ្គីភាពជាធ្លុងមួយ រៀបចំ និងអនុវត្តផែនការថ្មីៗប្រកបដោយសង្គតិភាព សំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខដុមនីយកម្មសាសនា ក្នុងសង្គមជាតិឱ្យរឹតតែប្រសើរឡើង ជាភិយ្យោភាព។
សាសនាជាប្រភពដ៏សំខាន់ ក្នុងការរួមចំណែកកសាងប្រព័ន្ធច្បាប់ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងគុណតម្លៃក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមនីមួយៗ ដែលធ្វើឱ្យផ្នត់គំនិត ឥរិយាបថ សកម្មភាពមនុស្សពោរពេញដោយមេត្តា ករុណា សាមគ្គីភាព មិត្តភាព ភាតរភាព និងសេចក្តីសុខក្សេមក្សាន្ត។ ការអប់រំតាមបែបព្រះពុទ្ធសាសនាកាន់តែមានតួនាទីយ៉ាងសំខាន់ ដើម្បីធានាថា តម្រូវការខាងផ្នែកសម្ភារៈនៅក្នុងសង្គមត្រូវតែស្ថិតក្នុងក្របខណ្ឌនៃច្បាប់ សីលធម៌ គុណធម៌ សុជីវធម៌ និងសមធម៌។ បន្ថែមលើនេះ ការអប់រំតាមបែបព្រះពុទ្ធសាសនាបានចូលរួមចំណែកក្នុងការពន្យល់សង្គមមនុស្សឱ្យមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍នៃការគោរពច្បាប់ ហើយជាបុណ្យកុសលជួយដល់សង្គមមនុស្សឱ្យមានស្មារតីនឹងនរ ទទួលបាននូវសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។
បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ វត្តអារាម ព្រះសង្ឃ មណ្ឌលវិបស្សនាធុរៈ និងពុទ្ធិកសិក្សាមានការកើនឡើងគួរឱ្យកត់សម្គាល់ និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការកសាងមូលធនមនុស្សឱ្យមានចំណេះដឹងប្រកបដោយគុណធម៌ និង ជាថ្នាលសម្រាប់បណ្ដុះនូវបញ្ញាញាណ និងស្មារតីស្នេហាជាតិ ក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ការអភិវឌ្ឍប្រទេសជាតិប្រកបដោយសមធម៌ និង ចីរភាព ទាមទារឱ្យមានការអប់រំចំណេះជំនាញ បទពិសោធ និងគុណធម៌ សីលធម៌ ចរិយាធម៌ ជាចាំបាច់មិនអាចខ្វះបាន ពិសេសគឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។
ឈរលើស្មារតីនេះ ប្រទេសមួយចំនួនលើពិភពលោកបាន និងកំពុងប្រើប្រាស់ទ្រឹស្តីព្រះពុទ្ធសាសនា ដែលមានលក្ខណៈវិទ្យាសាស្រ្ត ប្រកបដោយសន្តិភាព អហិង្សា និងស្មារតីបម្រើផលប្រយោជន៍រួមដល់មនុស្សជាតិ មកធ្វើជាមធ្យោបាយក្នុងការគ្រប់គ្រង ដឹកនាំ និង ដោះស្រាយនូវវិបត្តិផ្សេងៗ ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់។ ជាក់ស្ដែង មានគំនិតផ្តួចផ្ដើមពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាជាច្រើន ដូចជា ទិវាវិសាខបូជារបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលពុទ្ធសាសនិក និងសន្និសីទព្រះពុទ្ធសាសនាជាច្រើនទៀត សុទ្ធតែមានគោលដៅយកព្រះពុទ្ធសាសនាជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហានានា ដើម្បីធានាឱ្យបាននូវសន្តិភាពប្រកបដោយចីរភាពសម្រាប់តំបន់ និងពិភពលោក។
សមិទ្ធផលដ៏ត្រចះត្រចង់ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនៃភាពធន់ និងភាពរឹងមាំ នៃវិស័យនយោបាយ សង្គម សាសនា និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាអតីតនាយករដ្ឋមន្រ្តី ក្នុងរយៈពេលប្រមាណជាង៤ទសវត្សរ៍កន្លងទៅនេះ។ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ ព្រះរាជាណាចក្រកម្ពុជាសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាការពារយ៉ាងគត់មត់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យធម្មការ និងសាសនា ក៏មានវឌ្ឍភាពគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។
[ផ្ដើមសេចក្តីអធិប្បាយ២]
(១) ពេលសាសនាត្រូវលុបបំបាត់ មនុស្សលែងគិតពីបុណ្យបាប ឬព្រំដែនគុណធម៌និងសីលធម៌
ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយសាសនា។ សាសនាគឺជាមធ្យោបាយមួយសំខាន់ក្នុងការថែរក្សាសុខដុមនៃសង្គម និងសុខសន្តិភាព។ បើមានការលុបបំបាត់សាសនានោះ គឺយើងបានឃើញផលហើយ។ គេសួរថា សាសនាដើរតួនាទីមានភាពវិជ្ជមាន(ដូចម្តេច?)។ យើងពន្យល់ថាមានហេតុផលច្រើន។ យើងពន្យល់ហេតុផលមួយទៀតពីសារៈសំខាន់នៃសាសនា។ ប្រវត្តិសាស្ត្រខ្មែរយើងប្រហែលជាពិសេសជាងគេ គឺមានរយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលសាសនាត្រូវលុបបំបាត់។ ប្រទេសខ្លះមានការបិទសិទ្ធិសេរីភាពសាសនាមួយចំនួន ដើម្បីឱ្យសាសនាមួយទៀតរីក។ នៅកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែនោះ គឺលុបសាសនាចោលតែម្តង។ យើងសង្កេតមើលថា នៅពេលដែលអត់សាសនា តើសកម្មភាពរបស់មនុស្សយ៉ាងម៉េច? (មនុស្ស)លែងគិតពីបុណ្យបាប លែងគិតព្រំដែនគុណធម៌ សីលធម៌។ អ្នកមានគុណក៏លែងមានគុណ។ ឱ្យតែក្បត់នឹងអង្គការគឺអាចវាយប្រហារបាន។ គ្មានការយោគយល់សន្ដោសប្រណីទេ។ ពេលខ្លះយើងមើល(មិនឃើញ)តម្លៃនៃអ្វីមួយ ពេលដែលវានៅ(ជាធរមាន) ពេលដែលយើងប្រើប្រាស់រាល់ថ្ងៃ ដូចជាខ្យល់ជាដើម ដែលយើងមិនសូវមើលឃើញនិងឱ្យតម្លៃប៉ុន្មានទេ។ តែរបស់ទាំងនោះមានតម្លៃ នៅពេលដែលអត់។
(២) ប្រជុំអន្តរជាតិធំ ៣ មានអ្នកចូលរួមពី ៤០ប្រទេសនិយាយពីសន្តិភាព និងការបង្រួបបង្រួមជាតិ
ក្នុងមួយសប្តាហ៍នេះ យើងមានប្រជុំអន្តរជាតិធំៗ ៣។ កិច្ចប្រជុំ CDI របស់គណបក្សនិយមកណ្តាល ដែលមានសមាជិករាប់រយប្រទេសនៅលើពិភពលោក បានបញ្ចប់នៅសៀមរាប។ នៅភ្នំពេញ ទើបបិទព្រឹកមិញ គឺសមាជ ICAPP ដែលមានគណបក្សនយោបាយចូលរួម ៦០ជាង មកពី ៤០ប្រទេស។ ស្អែកនេះ នឹងមានប្រជុំមួយទៀតតំណាងសភា ដែលរៀបចំដោយសភា ដែលប្រធានបទទាំងអស់និយាយតែពីសន្តិភាព និងការបង្រួបបង្រួមជាតិ។ ហេតុអីបានជាយកកម្ពុជា(ជាទីជួបជុំ?)។ អ្នកចូលរួមទាំងអស់សុទ្ធបានលើក និងចង់រៀនពីកត្តាអ្វីដែលនាំឱ្យការរកសន្តិភាពនៅកម្ពុជាបានជោគជ័យ និងមាននិរន្តរភាព។ ប្រទេសខ្លះឈប់បាញ់គ្នាតែមួយរយៈ ក៏វិលទៅវាយគ្នាទៀត។ មានការឈប់បាញ់មួយរយៈ រួចហើយក៏សងសឹកគ្នាឡើងវិញ បង្កើតកំហឹងឡើងវិញ ពេលខ្លះរវាងជាតិសាសន៍ខុសគ្នានៅក្នុងប្រទេសតែមួយដែលកាន់សាសនាខុសគ្នា កាន់និកាយខុសគ្នា។ នៅកម្ពុជាយើង សង្គ្រាមកើតមានមិនចប់រហូត ៥០០ឆ្នាំ។
(៣) នយោបាយឈ្នះឈ្នះ គឺការធ្វើបុណ្យ ការយោគយល់ ការសន្ដោស មិនប្រកាន់ទោសទណ្ឌ
ខ្ញុំបានជួបជាមួយតំណាងគណបក្សមកពីច្រើនប្រទេស។ គេលើកសរសើរ ហើយឆ្ងល់ថា តើកម្ពុជាមានបទពិសោធធ្វើដូចម្តេច? សម្តេចតេជោ បានធ្វើឧទ្ទេសនាមពីនយោបាយឈ្នះឈ្នះ ដែលដាក់ចេញនូវគោលការណ៍អនុគ្រោះ៣ គឺរក្សាជីវិត រក្សាតួនាទី រក្សាទ្រព្យសម្បត្តិ។ ប៉ុន្តែខ្ញុំអាចនិយាយថា នយោបាយឈ្នះឈ្នះ គឺមានមូលដ្ឋានពីសាសនា។ ការអនុវត្តនយោបាយឈ្នះឈ្នះ គឺការធ្វើបុណ្យ ការយោគយល់ ការសន្ដោស ការមិនប្រកាន់ទោសទណ្ឌ និងមានមូលដ្ឋានពីសាសនា។ បើនិយាយពីវត្តមាន និងអវត្តមាននៃសាសនា មិត្តរបស់ខ្ញុំម្នាក់ ឥឡូវរស់នៅអាមេរិក មានឪពុកគាត់ជាពេទ្យនៅក្នុងភូមិជំនាន់ ប៉ុល ពត ហើយត្រូវគេយកទៅវាយចោល។ ដល់រំដោះឆ្នាំ១៩៧៩ អ្នកដែលយកឪពុកគាត់ទៅវាយចោលមិនបានទៅណាទេ។ គាត់នៅរស់នៅក្នុងភូមិជាមួយគ្នា។ កូនសួរម្តាយថា “តានោះយកពុកទៅវាយចោល។ ម៉េចក៏មិនទៅរករឿងគាត់”។ ម្តាយថា “កូនអើយ! មិនចាំបាច់ទេ។ គេធ្វើអាក្រក់ ក៏បានអាក្រក់”។ នេះជំនាន់ប៉ុល ពត បាត់សាសនា គឺវាយអត់ប្រណី តែក្រោយពីរបបប៉ុល ពត ដួលរលំភ្លាម មានការយោគយល់សន្ដោសប្រណីកើតឡើង។
(៤) ពិភពលោកសិក្សាពីកម្ពុជា៖ “នយោបាយឈ្នះឈ្នះ មានមូលដ្ឋានពីព្រះធម៌”
នយោបាយឈ្នះឈ្នះមានសុខសន្តិភាពមកដល់ប៉ុណ្ណេះ គឺដោយសារការទុកចិត្ត មិនមានការសងសឹកគ្នា។ ពេលអង្គុយជជែកគ្នាជាមួយ ឯកឧត្តម ប្រធាន ICAPP និងអនុរបស់គាត់ ខ្ញុំប្រាប់ថា “គន្លឹះគឺការទុកចិត្ត។ នយោបាយ ៣នេះមាននៅលើក្រដាស។ ប៉ុន្តែបើគ្មានការទុកចិត្ត និងការអនុវត្តជាក់ស្តែង ក៏មិនអាច(អនុវត្តបាន)ទេ … យើងមើល នៅកន្លែងខ្លះ (ពេលប្រជាពលរដ្ឋកាប់)គាស់ដីទៅឃើញរណ្តៅដែលមានការកប់គ្រាប់សុទ្ធតែបេ សុទ្ធតែ AK រាប់សែនគ្រាប់ សម្រាប់ច្បាំងតបវិញ។ បើសិនជាការចូលមកនៅឆ្នាំ ១៩៩៨ មានការមិនគោរពពាក្យសន្យា មិនមានការយោគយល់គាត់ ដោយចាប់មេកងពលអី យកទៅកាត់ទោស ពួកគាត់នឹងត្រឡប់ទៅវិញ យកកាំភ្លើងហ្នឹងវ៉ៃ ដែលមកដល់ពេលនេះក៏នឹងមិនទាន់ចប់ផង។ (តែការព្រួយបារម្ភទាំងនោះមិនបានកើតឡើងទេ ដោយសារយើងមាន)សច្ចធម៌និងការយោគយល់។ ខ្ញុំថា “នយោបាយឈ្នះឈ្នះ គឺមានមូលដ្ឋាននៅលើព្រះធម៌” នេះឯង។ នេះហើយជាអ្វីដែលពិភពលោកបានមកសិក្សាពីយើង។ ការផ្ដល់ការយោគយល់និងសច្ចធម៌នេះហើយ ដែលធ្វើឱ្យយើងរួមគ្នា។
(៥) យុទ្ធសាស្ត្រ DIFID សំដៅញែក/បំបែករវាងមេដឹកនាំនយោបាយនិងមេដឹកនាំថ្នាក់ក្រោម
សម្ដេចតេជោបានមានប្រសាសន៍ថា តុលាការអន្តរជាតិ តុលាការសាលាក្ដីខ្មែរក្រហម មុននឹងចាប់ជារូបរាងគឺមានការតស៊ូមតិខ្លះ។ ពេលនោះ សម្ដេចតេជោប្រកាន់ជំហរមួយយ៉ាងច្បាស់ថា “សុខចិត្តឱ្យតុលាការនេះបរាជ័យ តែមិនឱ្យប្រទេសធ្លាក់សង្គ្រាមវិញ”។ អ្នកបានស្ដាប់ពិតជាបានឮ តែអាចមិនទាន់យល់ច្បាស់។ ដល់ចប់ពិធី ខ្ញុំបានជួបដាច់ដោយឡែកជាមួយប្រធាននិងសហប្រធានរបស់ ICAPP។ ខ្ញុំបានពន្យល់ថា “នៅក្នុងអង្គការចាត់តាំងខ្មែរក្រហម ថ្នាក់ដឹកនាំនយោបាយនិងថ្នាក់ដឹកនាំកណ្ដាលមានមេកងពលមានអីផ្សេងៗ។ អញ្ចឹងយុទ្ធសាស្ត្រ DIFID របស់សម្ដេចដំបូងគឺកាត់ញែក បំបែក រវាងមេដឹកនាំនយោបាយនិងមេដឹកនាំថ្នាក់ក្រោម។ ពេលដែលថ្នាក់ក្រោមចូលមកគឺអស់សង្គ្រាម។ ទាហានបើមេដឹកនាំចូលមកលែងវាយគ្នា មេដឹកនាំនយោបាយស្រែកក៏អត់វាយដែរ។ តែបើមេដឹកនាំទាហាននៅតែវាយ មេដឹកនាំនយោបាយស្រែក(ឱ្យឈប់) ក៏គេនៅតែវាយដែរ។ នេះជាគោលការណ៍”។ ខ្ញុំបានជួបជាមួយមេកងពលខ្មែរក្រហម និងឧស្សាហ៍បាននិយាយគ្នា ពេលដែលខ្ញុំនៅធ្វើជាមេទ័ពជើងគោក។ ខ្ញុំបានសួរថា “ម៉េចបានពូចូលមក? កាន់កន្លែងនៅអន្លង់វែងនៅភ្នំព្រឹកនៅអី រាប់ពាន់ហិកតា គ្រួសារក្នុងដៃ ទ័ពក្នុងដៃរាប់ពាន់នាក់ ហើយគ្រួសាររាប់ម៉ឺននាក់ ច្បាំងបាន៣០ឆ្នាំទៀត”។
(៦) “សុខចិត្តឱ្យតុលាការបរាជ័យ តែមិនឱ្យមានសង្គ្រាមឡើងវិញ”
គាត់ថាដោយសារតួអង្គសម្ដេចតេជោ ដែល(ធ្វើឱ្យគាត់មាន)ការទុកចិត្ត។ (ប្រើ)នយោបាយសន្យានឹងគាត់យ៉ាងម៉េច ក៏គាត់អត់ជឿទេ បើមនុស្សមិនប្រាកដ មិនមានសច្ចធម៌។ គាត់ជឿលើសម្ដេចតេជោ បានហ៊ានទម្លាក់អាវុធចុះ តែក៏នៅតែបម្រុងដែរ។ ចូលមកគេក្រៀក ឱ្យធ្វើយ៉ាងម៉េច។ មានកប់កាំភ្លើងច្រើនរណ្ដៅ តែឥឡូវមិនស្រួលអ្នកកប់ភ្លេចអស់ហើយ។កាលពីកប់ដឹងតែចាំដើមហ្នឹងធំ។ ដល់ឥឡូវ ទៅជាចម្ការដំឡូងអស់ មិនដឹងទៅខាងណា។ ត្រឡប់ទៅវិញ បើសិនជាតុលាការសាលាក្ដីខ្មែរក្រហមចូលមក យើងជាអ្នកគ្រប់គ្រងម្ចាស់ការ ទៅចាប់គាត់ (មុខជាមាន)ទ័ពឡើងមកវិញហើយ។ ហ្នឹងហើយដែលយើងកំណត់ថាតែមេដឹកនាំនយោបាយទេ។ អ្នកនៅខាងក្រោម យើងចាត់ទុកជាជនរងគ្រោះដូចគ្នា ព្រោះជាអ្នកអនុវត្តបទបញ្ជា។ ដោយហេតុនេះហើយ បានជាសម្ដេចតេជោប្រាប់ថា “សុខចិត្តឱ្យតុលាការបរាជ័យ តែមិន(ឱ្យមាន)សង្គ្រាមឡើងវិញ” គឺនៅត្រង់នេះ។ ពួកគាត់បានយល់ស្របថាត្រូវហើយ។
(៧) ការយោគយល់ គឺធម៌ដែលកើតពីការបណ្ដុះបណ្ដាលនៃពុទ្ធសាសនា
ឥឡូវពួកគាត់យល់ថាគឺដោយសារមានការអនុវត្តច្បាស់លាស់ ផ្អែកទៅលើសច្ចធម៌ ទើបអាចទាញបេះដូង និងការទុកចិត្តរបស់អ្នកដែលកាន់កម្លាំងរាប់ម៉ឺននាក់របស់ខ្មែរក្រហម ទម្លាក់អាវុធចូលមកជាមួយយើង ព្រមដោយការរក្សាឱ្យគាត់បន្តជាមេកងពលមេអីបន្តទៀត រួមគ្នាអភិវឌ្ឍ មិនមានការចាប់ចង។ គោលនយោបាយឈ្នះឈ្នះសម្រេចជោគជ័យដោយសារកងទ័ពខ្មែរក្រហមមិនត្រឡប់ទៅធ្វើការប្រយុទ្ធ។ សង្គ្រាមកើតដោយសារកងទ័ពធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ និងបានបញ្ចប់ដោយសារកងទ័ពខ្មែរក្រហម បានចូលរួមជាមួយកងយោធពលខេមរភូមិន្ទ។ នេះដោយសារអី? ដោយសារការជឿទុកចិត្ត និងការអនុវត្តនូវគោលនយោបាយសន្ដោសប្រណីក្រោមនយោបាយឈ្នះឈ្នះនេះឯង។ ការអនុគ្រោះ មិនសងសឹក មិនចាប់ចង បងប្អូនរាប់ម៉ឺននាក់ មេកងពលមេអី ផ្ដល់និងរក្សាតួនាទីដដែល មិនឱ្យបាត់ផលប្រយោជន៍ ហើយថែមទាំងរុញការអភិវឌ្ឍទៅតំបន់ដាច់ស្រយាល រួមទាំងការដោះមីនឱ្យបងប្អូន។ នេះគឺអ្វី? បើយើងនិយាយធម៌ និយាយពីបុណ្យបាប និយាយពីការយោគយល់គឺធម៌(ដែលបានកើតពី)ការបណ្ដុះបណ្ដាល(នៃពុទ្ធសាសនា)របស់យើង។
(៨) ប្រទេសកាន់តែទំនើបសាសនាដើរតួនាទីសំខាន់
ការផ្ដល់ធម៌ ការសង្គ្រោះ ការមិនយកទោសពៃរ៍ … ជាការសំខាន់។ មិនខ្វះទេ អ្នកដែលសម្ដេចតេជោ អនុគ្រោះឱ្យ។ សុទ្ធតែអ្នកដែលចង់សម្លាប់សម្ដេចឆ្នាំ១៩៨០ តែសម្តេចមិនមានការចង់គំនុំ។ នៅក្នុងសង្គមជាតិរបស់យើង ដូចខ្ញុំនិយាយអញ្ចឹង សូម្បីតែក្នុងចំណោមប្រជាពលរដ្ឋយើង ផុតពីឆ្នាំ១៩៩៧ … ម្ដាយប្រាប់ថា “ទុកឱ្យគេទទួលកម្មផលរបស់គេទៅ” គឺជាការអប់រំ។ ថ្វីបើមានការបិទសាសនាពីឆ្នាំ១៩៧៥-៧៩ (៣ឆ្នាំ ៨ខែ ២០ថ្ងៃ) តែការបណ្ដុះបណ្ដាលតាមបែបពុទ្ធសាសនានេះ អ្នកជាម្ដាយមានតាំងពីមុនមក ក្នុងសង្គមជាតិយើង។ នេះជាកិច្ចការសំខាន់ ដែលរដ្ឋត្រូវតែបន្តលើកស្ទួយ មិនថាសាសនាព្រះពុទ្ធ ឬសាសនាផ្សេងទៀត។ ទៅមុខទៀត ខ្ញុំនឹងនិយាយអំពីសារៈសំខាន់ថា ហេតុអីបានជាប្រទេសកាន់តែទំនើប សាសនាដើរតួនាទីសំខាន់។ អ្នកខ្លះថាសាសនាអរូបី ធ្វើទៅអត់ទាន់សម័យ។ មិនដូចនោះទេ។ កាលរៀននៅអាមេរិក ប្រទេសដែលថាទំនើបជាងគេលើពិភពលោក រាល់ថ្ងៃអាទិត្យមនុស្សទៅ church។ នៅឆ្នាំទី៤ សាលាឱ្យរើស ១៦ជំនាញ យកថ្មើរជើង ឬយកអី? ខ្ញុំសួរមិត្តភក្ដិខ្ញុំ។ គេថាអត់ទេ ចាំព្រះជាម្ចាស់ប្រាប់គេ។
(៩) ភាពជោគជ័យក្នុងសម័យទំនើបនេះផ្អែកទៅលើធម៌/សាសនាដែលបានចងក្រងរាប់ពាន់ឆ្នាំមកហើយ
អ្នកខ្លះជឿជំនឿសាសនា។ សួរថាតើមិនឱ្យគាត់ក្លាយទៅជាអ្នកវិទ្យាសាស្ត្រ? អត់ទេ។ សាសនាព្រះពុទ្ធដូចគ្នា។ សាសនាច្រើនណាស់ឥឡូវ។ បើយកទ្រឹស្តីលោកគ្រូជោគជ័យ ពាក្យថាលោកគ្រូជោគជ័យដោយសារវាមានរឿងខ្លះប៉ះពាល់ ប៉ុន្តែគេហៅអត់មានអីខុសទេ បានន័យថាទ្រឹស្ដី Soft skill សម្រាប់បង្រៀន។ ឥឡូវគឺដកស្រង់ពីមួយផ្នែក គឺមានសង្គតិភាពស្របជាមួយការប្រៀនប្រដៅព្រះសង្ឃដូចគ្នា ការគោរពគ្នា ការខិតខំប្រឹងប្រែង ការមិនប៉ែងជើងគ្នា ការប្រកួតប្រជែងដោយសុទ្ធចិត្ត សុទ្ធតែជាមួយគ្នា។ បានន័យថា ភាពជោគជ័យសម័យទំនើបនេះគឺផ្អែកទៅលើធម៌ ទៅលើសាសនាដែលចងក្រងរាប់ពាន់ឆ្នាំមកហើយ។ សង្គមមនុស្សអត់ប្រែប្រួលប៉ុន្មានទេ អ្វីដែលមានតម្លៃពីដើមដល់ឥឡូវ ពិតណាស់សម្ភារៈនិងមធ្យោបាយប្រែប្រួល។ រឿងតែប៉ុណ្ណឹង។ មូលដ្ឋានគ្រឹះនៃសង្គមមនុស្ស ក៏ដូចសាសនា គឺនៅតែដដែល។
[ចប់សេចក្តីអធិប្បាយ២]
ក្នុងន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ឃើញថា ដើម្បីឱ្យស័ក្ដិសមនឹងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ» យើងគប្បីយកចិត្តទុកដាក់លើកតម្កើងព្រះពុទ្ធសាសនាឱ្យបានខ្ពង់ខ្ពស់ឡើងមួយកម្រិតថ្មីទៀត ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាបានយល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅ និងមើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់សម្រាប់ការប្រតិបត្តិព្រះពុទ្ធសាសនា ដែលផ្ដោតលើការមិនធ្វើនូវអំពើអាក្រក់គ្រប់យ៉ាង។ ការធ្វើនូវអំពើល្អ និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ ជាគុណតម្លៃសម្រាប់ជួយឱ្យសង្គមមានសមធម៌ សាមគ្គីធម៌ និងសុខដុមរមនា ស្របតាម យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជារបៀបវារៈ។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺការអភិវឌ្ឍមូលធនមនុស្ស មានមុំចំនួន៥ ក្នុងនោះ មុំទី៥ ផ្តោតលើការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវសកម្មភាពការងារចំនួន ៨ចំណុច ដែលក្នុងនោះ ចំណុចទាក់ទិននឹងព្រះពុទ្ធសាសនា រួមមាន៖
ទី១- ការពង្រឹង និងការបង្កើនកិច្ចសហការក្នុងការអប់រំអំពីសីលធម៌ គុណធម៌ និងសុជីវធម៌ដល់សិស្ស និស្សិត និងយុវជន ទាំងក្នុងនិងក្រៅប្រព័ន្ធអប់រំ
ទី២- ការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីបណ្តុះទម្លាប់មានសីលធម៌ គុណធម៌ និងសុជីវធម៌ និងទម្លាប់គោរពច្បាប់ វិន័យ បញ្ចូលការអប់រំអំពីព្រះពុទ្ធសាសនា និងផ្នែកសិល្បៈវប្បធម៌ខ្មែរទាំងរូបីនិងអរូបី ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ព្រមទាំងផ្សព្វផ្សាយ និងបញ្ជ្រាបទៅគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ និង
ទី៣- ការលើកកម្ពស់ការយល់ដឹង និងការជំរុញតួនាទីព្រះពុទ្ធសាសនា ក្នុងការចូលរួមអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ និងការបំផុសគំនិតច្នៃប្រឌិតដើម្បីចូលរួមលើកកម្ពស់សង្គមជាតិ។
[ផ្ដើមសេចក្តីអធិប្បាយ៣]
(១០) ប្រពៃណី វប្បធម៌ សាសនាព្រះពុទ្ធ និងសាសនាផ្សេងៗ អាចឲ្យប្រទេសទំនើប និងរក្សាអត្តសញ្ញាណ
ខ្ញុំបាននិយាយបន្តិចអម្បាញ់មិញថា តើវាមានភាពផ្ទុយគ្នាទេ រវាងសាសនាដែលចងក្រងរាប់ពាន់ឆ្នាំមកហើយ ជាមួយនឹងវិទ្យាសាស្រ្តដែលទើបនឹងកើតថ្មី និងទៅអនាគត។ ថាអត់មានទេ។ កត្តាសំខាន់គឺចេះប្រើ ដើម្បីជាប្រទីប ជាផែនទីបំភ្លឺផ្លូវ កំណត់ព្រំដែននៃការដើរ។ តើប្រពៃណី វប្បធម៌ សាសនាព្រះពុទ្ធ និងសាសនាផ្សេងៗ ដែលចងក្រងរាប់ពាន់ឆ្នាំមកនេះ ធ្វើឲ្យយើងមិនអាចលោតទៅជាប្រទេសទំនើបបានឬ? មិនដូចនោះទេ។ ផ្ទុយទៅវិញ (ប្រពៃណី វប្បធម៌ សាសនាព្រះពុទ្ធ និងសាសនាផ្សេងៗ ដែលចងក្រងរាប់ពាន់ឆ្នាំមកនេះ)អាចឲ្យយើងក្លាយទៅជាប្រទេសទំនើប ហើយនៅរក្សាអត្តសញ្ញាណរបស់យើងបាន។ យើងកំពុងតែឈានចូល និងនៅក្នុងសាកលភាវូបនីយកម្ម និងទំនើបកម្មសង្គម។ អញ្ចឹងការធ្វើទំនើបកម្ម និងសាកលភាវូបនីយកម្ម ធ្វើឲ្យពីមួយជំនាន់ទៅមួយជំនាន់កាន់តែអភិវឌ្ឍ។
(១១) យុវជនបច្ចុប្បន្នងាយទទួលបានអារ្យធម៌ ឥទ្ធិពលវប្បធម៌ និងការអប់រំពីគ្រប់ប្រភព
ប្រៀបធៀបតែជំនាន់យើងជាមួយជំនាន់ឪពុកម្ដាយរបស់យើង។ ជំនាន់យុវជនឥឡូវ ជាមួយជំនាន់យុវជនដែលជាឪពុកម្ដាយរបស់គាត់ ក៏មានភាពខុសគ្នាទៅហើយ។ រឿងមួយគឺសម្ភារៈ។ ជំនាន់ឪពុកម្ដាយរបស់គាត់ អត់មានទូរទស្សន៍ច្រើនទេ។ អ្នកខ្លះអត់មានទូរស័ព្ទទេ អត់មានមធ្យោបាយ អ្នកខ្លះអត់មានលទ្ធភាពរៀនផង។ នៅតាមស្រុកមួយចំនួន មិនមានសាលាទៅដល់ផង។ យុវជនជំនាន់ឥឡូវ មានទាំងទូរស័ព្ទដៃ។ ជំនាន់ឪពុកម្ដាយ កាលពីឆ្នាំ៨០ជាង និង៩០ជាង កាលឪពុកម្ដាយនៅជាយុវជន ដូចខ្ញុំដែរ ទូរទស្សន៍មិនមានប៉ុស្តិ៍ច្រើនដូចឥឡូវទេ មានតែប៉ុន្មានប៉ុស្តិ៍ … ក្មេងៗឥឡូវ មានជម្រើសច្រើន។ បានសេចក្ដីថា ប្រទេសយើង តាំងពីទសវត្សរ៍ឆ្នាំ៨០ជាង គ្មានទំនាក់ទំនងជាមួយប្រទេសលោកខាងលិចច្រើនទេ។ តែឥឡូវ យើងមានកាន់តែច្រើន។ ការហោះហើរ ទេសចរមក យើងទៅក្រៅប្រទេស។ បានន័យថា មានការងាយស្រួលក្នុងការទទួលអារ្យធម៌ ឥទ្ធិពលវប្បធម៌ និងការអប់រំ ទាំងក្នុងសាលាមួយ ទាំងក្រៅសាលា។ ដែលរអ៊ូថាអត់លុយហ្នឹង ឆែកមើលថា តើម្នាក់ៗចាយមួយខែៗ ប៉ុន្មាន ទៅលើទូរស័ព្ទ ទៅលើ 3G, 4G? មើលតែ(ការផ្សាយអនឡាញ)ហ្នឹង ទាំងល្អទាំងអាក្រក់ ទាំងវប្បធម៌ Hollywood វប្បធម៌លោកខាងកើត និងគ្រប់វប្បធម៌ទាំងអស់ ដែលបង្កើតជាព័ត៌មានច្រើន។
(១២) បើគ្មានកម្លាំងទប់និងតម្រង់ទិស សាកលភាវូបនីយកម្មអាចធ្វើឲ្យអត្តសញ្ញាណជាតិបាត់បង់
អញ្ចឹង សាកលភាវូបនីយកម្មអាចធ្វើឲ្យអត្តសញ្ញាណរបស់ជាតិនីមួយៗ កាន់តែលែងច្បាស់ ពីមួយជំនាន់ទៅមួយជំនាន់។ បើគ្មានកម្លាំងអីដើម្បីទប់ និងតម្រង់ទិស ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែអស់ហើយ។ សំណួរសួរថា តើការឲ្យតម្លៃរបស់មនុស្ស ផ្នត់គំនិតមនុស្សក៏ប្រែប្រួលឬទេ? ពីមុន យើងឲ្យតម្លៃទៅលើអី្វ? ទៅលើសហគមន៍។ ឥឡូវឲ្យតម្លៃទៅលើការអភិវឌ្ឍខ្លួន ផ្អែកទៅលើអី? មានវប្បធម៌ពីរខុសគ្នា។ វប្បធម៌មួយគិតថា ដើម្បីខ្លួនជោគជ័យ ខ្លួនត្រូវតែមានផ្ទះមួយ មានគ្រួសារមួយ មានប្រាក់ខែប៉ុណ្ណេះ មានស្អីៗអញ្ចឹង។ គាត់ផ្ដោតទៅលើបុគ្គល និងសម្ភារៈសម្រាប់ជីវភាព។ នៅកន្លែងខ្លះ គេអត់ឲ្យតម្លៃរឿងហ្នឹងតែមួយទេ។ គេឲ្យតម្លៃថា អ្នកឯងមានវត្ថុទាំំងហ្នឹងហើយ តែត្រូវមានគ្រួសាររស់នៅជុំគ្នាល្អ មានសុភមង្គល និងមិនឈ្លោះគ្នា។
ខ្ញុំចាំរឿងមួយ។ នៅក្នុងប្រទេសអាស៊ីរបស់យើង។ ខ្ញុំសុំមិនបញ្ចេញឈ្មោះ។ គេមានការសិក្សានៅតំបន់មួយជាតំបន់ទេសចរណ៍។ តំបន់នេះ ពីមុន ពេលប្រទេសនេះមិនទាន់រីកចម្រើន ទេសចរណ៍មិនទាន់រីក ប្រជាពលរដ្ឋនៅស្រឡាញ់គ្នា មានអីចែកគ្នា … ទាំងអស់គ្នាមិនសូវមានបាន។ តែពេលទេសចរចូលមក អ្នកជិតខាងឈ្លោះគ្នា ព្រោះបើកហាងកុងគ្នា។ លែងនិយាយរកគ្នា បន្តឲ្យកូនចៅលែងនិយាយគ្នា។ អញ្ចឹង សួរថា តើការអភិវឌ្ឍនាំមកនូវសុភមង្គលកាន់តែល្អ ឬមួយការអភិវឌ្ឍដែលធ្វើឱ្យមានជាងមុន ប្រកួតប្រជែងគ្នា រហូតឥឡូវគាត់លែងមានមិត្តភក្ដិ ដែលពីមុនធ្លាប់តែមួយភូមិគ្រាន់តែមានអីមួយ រត់មកជួយគ្នា។ ឥឡូវលែងដូចមុនហើយ។ ឥឡូវ នៅភ្នំពេញយើងក៏មានដែរ អ្នកដែលនៅជិតគ្នារាប់ឆ្នាំ អត់ស្គាល់គ្នា។
(១៣) “កំណើនបច្ចេកវិទ្យាធ្វើឱ្យមនុស្សដាច់ពីគ្នា មនោសញ្ចេតនាមិនសូវជាប់គ្នា”
កាលទៅប្រជុំនៅហាវ៉ៃ ខ្ញុំធ្លាប់ជជែកគ្នាជាមួយនឹងជនជាតិអាមេរិកាំងម្នាក់។ ខ្ញុំថា “កំណើននៃបច្ចេកវិទ្យាបានធ្វើឱ្យមនុស្សដាច់ពីគ្នា ធ្វើឱ្យមនោសញ្ចេតនាមនុស្សមិនសូវជាប់គ្នា” ដោយសារម្នាក់ៗរវល់រៀងខ្លួនៗ។ មកដល់ផ្ទះ មើលតែទូរទស្សន៍ លែងទៅទាត់បាល់ លែងធ្វើអីជាមួយគ្នា។ គាត់ប្រាប់ខ្ញុំវិញថា “អត់ទេ! បច្ចេកវិទ្យាធ្វើឱ្យគាត់កាន់តែមានមិត្តច្រើន ព្រោះមានថ្ងៃមួយ នៅក្នុងសហគមន៍របស់គាត់ចង់ប្រមូលគ្នាមករត់ Marathon ដើម្បីរៃលុយជួយអ្វីមួយ។ អញ្ចឹងគាត់គ្រាន់តែ post (ក្នុងបណ្ដាញសង្គម)ក្នុងមួយអាទិត្យ គាត់ប្រមូលបាន ១ពាន់នាក់”។ ខ្ញុំសួរគាត់ថា “តើក្នុងមួយពាន់នាក់ហ្នឹង មានអ្នកនៅជិតផ្ទះរបស់អ្នកឯងប៉ុន្មាននាក់?” គាត់អង្គុយគិតមើល គាត់ថា ដូចមិនមាន។ បានន័យថា បើសិនជាគាត់មិនដើរហៅគេ មិនស្គាល់គេនៅក្បែរផ្ទះផង គាត់បង្កើន(មិត្តយ៉ាងម៉េច)។ អញ្ចឹងបានន័យថា មិនមែនមួយណាល្អមួយណាអាក្រក់ទេ តែត្រូវបង្កើនវា។ ពេលជាមួយគ្នា ត្រូវរក្សានូវភាពខ្លាំងរបស់យើង។ ប្រទេសត្រូវមានការរីកចម្រើននិងអភិវឌ្ឍន៍ ប៉ុន្តែក៏ត្រូវថែរក្សាអត្តសញ្ញាណជាតិជាខ្មែរ។
(១៤) ការអប់រំវប្បធម៌ សីលធម៌ សាសនា ជួយឱ្យរកបានជោគជ័យដោយមានព្រំដែន
បើយើងឱ្យតម្លៃតែសម្ភារនិយម ឧទាហរណ៍ថា មនុស្សឥឡូវគាត់ចង់បានតែ like and share views ច្រើននៅក្នុងផេចរបស់គាត់។ គាត់ហ៊ានធ្វើអ្វីៗ ខុសពីវប្បធម៌ទៀត។ តើហ្នឹងគេហៅថាល្អឬ? មិនដូចនោះទេ។ ចង់បាន like និង views ច្រើននៅក្នុងផេចរបស់គាត់ៗ សុខចិត្តធ្វើអ្វីផ្សេងៗ ឱ្យបាត់បង់តម្លៃខ្លួនគាត់ និងតម្លៃគ្រួសារ។ តើធ្វើកើតឬទេ? នេះហើយដែលថា ការរក្សាតម្លៃ។ ត្រូវមានព្រំដែន។ មិនហាមថាមិនឱ្យគាត់ក្លាយជា influencer ទេ។ មនុស្សច្រើនណាស់ ដែលមានអ្នកតាម សូម្បីតែព្រះសង្ឃក៏មានដែរ ទេសនាមាន fan ច្រើន ដូចមហាសង្ឃរាជ ដូចជាសម្ដេចសង្ឃ និងលោកគ្រូជាច្រើន អាចមាន fan។ មាន influencer ជាច្រើន ដែលគាត់មិនចាំបាច់ទៅធ្វើអីខុសប្រពៃណី វប្បធម៌ទេ។ រក្សាបានហើយ នៅមានតម្លៃទៀត។ គេធ្វើបាន។ អញ្ចឹងបានន័យថាម៉េច? គាត់ចង់បានជោគជ័យប៉ុន្តែគាត់នៅមានព្រំដែន។ នេះហើយជាការអប់រំវប្បធម៌ សីលធម៌ សាសនា ដែលមានតួនាទីជួយខ្លាំងបំផុត។
(១៥) អ្វីដែលល្អសម្រាប់កូនចៅនៃប្រទេសមួយ ប្រហែលជាមិនច្បាស់ថាល្អសម្រាប់កូនខ្មែរទេ
ការអប់រំមានតែ ៣ទេ៖ អប់រំនៅផ្ទះ, អប់រំនៅក្នុងសាលា និងអប់រំនៅក្នុងសង្គម។ នៅផ្ទះ មានឪពុកម្ដាយ អាណាព្យាបាល នៅសាលា មានលោកគ្រូអ្នកគ្រូ ហើយនៅក្នុងសង្គម គឺបរិស្ថានជុំវិញ។ ប៉ុន្តែអ្វីដែលកំណត់តម្លៃរបស់មនុស្ស គឺ(ចំណុច)ពីរខាងដើម។ បើយើងមានការកំណត់តម្លៃនៅផ្ទះ នៅសាលា ដែលរឹងមាំហើយ គាត់ចេញទៅក្រៅ(ក៏នៅរក្សាបានតម្លៃ)។ ពិភពខាងក្រៅនេះ តម្លៃនៃអ្វីៗ វាច្របូកច្របល់ … ក្មេងឥឡូវមានទូរស័ព្ទមួយ មានលុយមួយចំនួន ទិញ(internet)4G គាត់មើលស្អីក៏ឃើញដែរ។ ខុសអំពីជំនាន់ឪពុកគាត់។ អត់មានទូរស័ព្ទអត់មានអី គិតតែពីរៀន។ បើអ្នកនៅស្រែទៀត អត់មានទាំងឱកាសរៀនស្រួលបួលផង គ្មានទាំងទូរទស្សន៍មើលផង។ ឥឡូវមានគ្រប់។ អញ្ចឹងការជះឥទ្ធិពល(នៃទូរស័ព្ទសម័យអ៊ីនធើណិតនេះលឿនណាស់។) អីដែលគេធ្វើនៅអាមេរិក ទៅដល់ខេត្តមណ្ឌលគិរី ក៏មើលឃើញដែរ។ លឿនណាស់។ ដូចនេះ (គប្បីពិចារណាថា) អ្វីដែលល្អសម្រាប់អាមេរិក ប្រហែលជាមិនល្អសម្រាប់កូនខ្មែរយើងទេ។
(១៦) គ្រោះថ្នាក់ដែលអមនឹងការអភិវឌ្ឍគឺ ការធ្លាក់ចុះនៃតម្លៃសង្គម និងការដើរឆ្ងាយពីវប្បធម៌
ថ្ងៃមុន មានរឿងមួយផ្អើលតាមហ្វេសប៊ុក។ រឿងស្រាបៀរមួយធ្វើ promotion ដោយយកនារីៗ ស្លៀកខ្លី បាញ់សាប៊ូដាក់គ្នា ជូតឡាន។ ផ្អើលនៅយើង។ ខ្ញុំសួរថា ម៉េចបានទៅដល់ម្លឹង? ថៅកែក្រុមហ៊ុនថា គាត់មិនដឹងទេ។ គាត់ធ្វើកុងត្រាហ្នឹងឱ្យទៅក្រុមហ៊ុនក្មេងៗមួយធ្វើ advertisement។ ក្មេងៗនោះ (អាយុ) ២០ឆ្នាំអីហ្នឹង។ អញ្ចឹងគេទៅស្រាវជ្រាវ concept ពីណា ដូចជាឃើញនៅអាមេរិក នៅជប៉ុន នៅអីអញ្ចឹង មានពាក់ bikini ចូលមកបាញ់សាប៊ូដាក់គ្នា ក៏ទាញអារម្មណ៍។ គ្នាក៏យកមក ដោយភ្លេចគិតថា យកខ្លឹមសារបែបនេះមកដាក់នៅស្រុកខ្មែរ ដែលយើងមានព្រំដែនវប្បធម៌មិនអាចឱ្យធ្វើ(បែបនេះបានទេ)។ អញ្ចឹង បើគ្មានការដាស់តឿន ក្រើនរំលឹកពីដើមទី អាចដើររំលង។ រឿងនេះកែបាន។ រឿងខ្លះទៀតជ្រុលហើយ ពិបាក(កែ)ហើយ។
បើសិនជាយុវជន ក្មេងៗរបស់យើង ចាប់ផ្ដើមធ្វើនូវអ្វីមួយដែលខុសព្រំដែនសីលធម៌ គុណធម៌ ឬច្បាប់ ដោយសារយើង copy ពីគេមក ដោយសារសាកលភាវូបនីយកម្ម ឃើញគេ(ធ្វើហើយ)ល្បីនៅអាមេរិក ក៏យកមកដែរ។ ក្មេងៗ ប្រើដាវ សាមូរ៉ៃ។ ឃើញគេកាប់ក្នុងកុនល្អ ចេញមកទិញកាប់ខ្លួនឯងដែរ។ កុំភ្លេចថា ក្នុងកុន គេកាប់បានលុយ ឯយើងកាប់អស់លុយ។ ក្នុងកុនគេជួលមនុស្សទៅរៀនកាប់។ គេមានកាប់មែនទែនណា។ ឯងយកមកកាប់គ្នាដាច់ដៃ ទៅដល់ពេទ្យ។ ពេទ្យស្តីឲ្យទៀត។ នេះគឺជាគ្រោះថ្នាក់ដែលអមជាមួយនឹងការអភិវឌ្ឍគឺការធ្លាក់ចុះនៃតម្លៃសង្គម និងការដើរឆ្ងាយពីវប្បធម៌ គុណធម៌ពីមួយជំនាន់ទៅមួយជំនាន់ បើសិនជាយើងមិន(ចាត់វិធានការ)។
(១៧) ចំណេះដឹងសាសនា/ធម៌អាថ៌មានសារៈសំខាន់ក្នុងការអប់រំនៅតាមផ្ទះ/គ្រួសារ
យល់ឃើញនូវហានិភ័យនេះ ចាំបាច់ត្រូវបង្កើននូវការអប់រំ។ អប់រំនៅផ្ទះសំខាន់ណាស់ ហើយសាសនាដើរតួនាទីសំខាន់។ ខ្ញុំពីក្មេងអត់ដែលចូលវត្តទេ។ ក្មេងយើងទៅវត្តក៏មិនដឹងធ្វើអីដែរ។ ម៉ែហៅទៅវត្តពេលនៅក្មេង ៤-១០ ឆ្នាំទៅតែលេងបោះអង្គុញនៅក្រៅ ពេលចូលឆ្នាំ។ ប៉ុន្តែ ការអប់រំតាំងពីក្មេងមកតាមរយៈយាយខ្ញុំ តាមរយៈម្តាយខ្ញុំ ប្រាប់ថាមិនត្រូវធ្វើអំពើបាប ដូចជាភូតគេ បោកប្រាស់គេជាដើម។ សួរថាគាត់ចេះមកពីណា? ថាគាត់រៀនពីធម៌។ គាត់យកមកផ្សំក្នុងការរស់នៅ ហើយយកទៅបង្រៀនចៅ កុំឱ្យបោកប្រាស់គេ កុំភរគេ កុំលួចគេ កុំសម្លាប់សត្វ … បើយាយខ្ញុំ សូម្បីតែបាយដែលគាត់លើកមក ហ៊ានសល់តែមួយគ្រាប់ក៏មិនបានដែរ។ គាត់ថាបាប ព្រោះគេខំចំណាយពេលវេលាណាស់ទម្រាំធ្វើបាន។ នៅក្នុងផ្ទះ តើឪពុកម្តាយបានធម៌ទាំងនេះមកពីណាមកបង្រៀន? តម្លៃទាំងនេះបានពីគាត់ប្រឹងរៀនបន្ត ហើយមួយផ្នែកពីសាសនានេះឯង។ នៅក្នុងសាលា គ្រូបង្រៀនមេរៀនជាច្រើន។ យើងទាញពីវប្បធម៌ សីលធម៌ (ពីខាងអាណាចក្រ) និងទាញពីខាងពុទ្ធចក្រដើម្បីបញ្ចូលទៅជាការអប់រំ …។
(១៨) ការរៀនសូត្រយកចំណេះដឹងជាការល្អ តែក៏ត្រូវតែជំរុញឱ្យមានគុណធម៌និងសីលធម៌
អញ្ចឹង ត្រូវពង្រឹងបន្ថែម និងជួយជំរុញបន្ថែម មិនមែនសម្រាប់តែវិស័យសាសនាទេ តែក៏ជួយទាំងសង្គមជាតិយើង ជួយអភិវឌ្ឍដើម្បីរក្សាអត្តសញ្ញាណ។ អភិវឌ្ឍត្រូវតែរីកហើយ ប៉ុន្តែមិនអាចរីកដល់ពេលមួយយើងអស់អីជាខ្មែរ ដែលស្អីក៏ចម្លងគេទាំងអស់ទេ។ អញ្ចឹង ការរៀន ការថែរក្សាជាប់ជាប្រចាំនេះហើយ ដែលជាកត្តាកំណត់កត្តាវិជ្ជមាន និងការអភិវឌ្ឍរបស់យើង។ យើងមិនចង់ដល់ពេលមួយក្មេងៗចាប់ផ្តើមលែងគោរពឪពុកម្តាយ ដែលខ្ញុំតែងតែនិយាយថា កូនខ្មែរខ្លះកើតនៅក្រៅប្រទេសនិងដែលខ្ញុំស្គាល់ ជេរឪពុកជេរម្តាយ។ នៅស្រុកគេ គេអត់មានបង្រៀនពីទំនៀមទម្លាប់ថាត្រូវតែគោរព(ឪពុកម្តាយ)ដាច់ខាត មិនអាចប៉ះអីអញ្ចេះអញ្ចុះទេ។ មានតែក្នុងប្រវត្តិសាស្រ្តប្រពៃណីខ្មែរយើងទេ។ បើយើងមិនបង្រៀនរបៀបហ្នឹង ក្មេងជំនាន់ក្រោយ សូម្បីតែក្មេងៗនៅស្រុកខ្មែរទៅរៀនសាលាបរទេសនៅស្រុកខ្មែរមួយចំនួនក៏ចង់វិល។ សួរថា តើនេះល្អឬអាក្រក់ ឲ្យគាត់រៀនចំណេះដឹងល្អ តែក៏ត្រូវតែជំរុញជ្រុងនៃគុណធម៌និងសីលធម៌។
(១៩) ពុទ្ធសាសនានិងសាសនានានា ជួយចូលរួមជួយអភិរក្ស និងការអប់រំណែនាំពីតម្លៃនៃអត្តសញ្ញាណជាតិ
យើងឃើញ នៅប្រទេសជាច្រើន ដូចជាជប៉ុន ទោះជាមានការវិវត្តដល់ណា ក៏វប្បធម៌របស់គេពីដើមនៅតែរឹងមាំ។ បានន័យ មិនមែនប្រទេសហ្នឹងរីកចម្រើន ទាល់តែបាត់វប្បធម៌ បាត់ប្រពៃណីនោះទេ។ ប្រទេសដូចជប៉ុន ដូចអី យើងឃើញថាក្មេងៗ នៅតែមានការឱនលំទោនដដែល។ តែប្រទេសគេក៏អាចរីកចម្រើនបាន។ នេះជាអ្វីដែលជាផែនទីសម្រាប់ប្រទេសកម្ពុជា និងកូនចៅខ្មែរយើង។ យើងឃើញច្រើន វប្បធម៌បរទេសច្រើន ស្អីៗច្រើនកែច្នៃបាន ប៉ុន្តែកុំឲ្យបាត់អត្តសញ្ញាណ។ យើងមិនហាមថាមិនឲ្យអភិវឌ្ឍទេ សូម្បីតែក្នុងសិល្បៈវប្បធម៌ខ្ញុំក៏បានឯកភាពជាមួយនឹងលោកជំទាវ ភឿង សកុណា។ (ដូចជាការសម្ដែងសិល្បៈ/ដូរ្យដន្ត្រី)សហសម័យ យើងច្នៃបានល្អ។ មិនចាំបាច់អប្សរារាំតែមួយប្រភេទ រាំអ្វីផ្សេងៗទៀតច្នៃភ្ជាប់នឹងនិពន្ធរឿងអីផ្សេងៗទៀត ប៉ុន្តែកុំឲ្យវាហួស។ កន្លែងខ្លះឃើញថតហួស។ អប្សរាលើកសំពត់។ អញ្ចឹងត្រូវមានការណែនាំ តម្រង់ទិស។ ឲ្យច្នៃចុះដើម្បីបង្កើនភាពទាក់ទាញ ដើម្បីឲ្យមានការអភិវឌ្ឍ ប៉ុន្តែរក្សាអត្តសញ្ញាណយើង។ អញ្ចឹងការអភិវឌ្ឍ និងអភិរក្សនេះដើរទន្ទឹមគ្នា។ ការអភិរក្ស និងការអប់រំណែនាំពីតម្លៃ ជាកិច្ចការសំខាន់ ដែលខ្ញុំគិតថាព្រះពុទ្ធសាសនា ក៏ដូចជាសាសនាផ្សេងៗទៀតដែរ (អាចជួយចូលរួមបាន) ព្រោះសាសនាទាំងអស់ដែលខ្ញុំសួរ អត់មានសាសនាណា ដែលបង្រៀនមនុស្សឱ្យកាប់សម្លាប់គ្នា មិនជួយគ្នាទេ គឺសុទ្ធតែមានការគោរព ការស្រលាញ់ ការជួយគ្នាទាំងអស់។
(២០) ទោះបីទំនើបដល់ណា មនុស្សនៅតែជាមនុស្ស រស់នៅត្រូវការពឹងពាក់គ្នាទៅវិញទៅមក
សាសនាប្រៀបដូចជាទ្រឹស្តីនៃការរស់នៅក្នុងសង្គមមួយ ដើម្បីមានសុខដុមនីយកម្ម ជួយគ្នា គោរពគ្នា។ ការអប់រំសាសនាជាទ្រឹស្តីទស្សនវិជ្ជា ផ្សារភ្ជាប់ជាមួយនឹងជំនឿ ជាមួយនឹងប្រវត្តិសាស្រ្ត ដើម្បីឲ្យយើងបន្តរស់នៅក្នុងសង្គម។ ទោះបីទំនើបកម្មអគារដល់ណា ឡានបើកលែងមានមនុស្សក៏ដោយ ក៏យើងនៅតែជាមនុស្ស ខ្លួនយើងនៅតែត្រូវការរស់នៅពឹងពាក់ជាមួយអ្នកដទៃ។ ខ្លួនយើងនៅតែត្រូវការប្រព្រឹត្ដអំពើល្អ និងត្រូវការអ្នកដទៃប្រព្រឹត្ដអំពើល្អ ជួយយើង និងយើងជួយគេពេលជួបការលំបាក។ បេះដូងត្រូវតែមាន ធម៌ត្រូវតែប្រកាន់។ នេះជាមូលដ្ឋាននៃការឯកភាពគ្នា។ បើគ្មាន(ធម៌ដែលនាំឱ្យមានការឯកភាពគ្នា)នេះទេ វប្បធម៌នៃការថែរក្សាសុខសន្ដិភាព ស្ថិរភាព នឹងបែកបាក់ ហើយនឹងមានការបំផ្លាញឡើងវិញ។ អាវុធបច្ចេកវិទ្យាអត់សម្លាប់គ្នាទេ។ វាអាស្រ័យលើមនុស្ស។ អញ្ចឹងហើយបានជាប៉ុន្មានប្រធានបទនេះ និយាយពីគោលនយោបាយរបស់មនុស្សទាំងអស់។
ទាហាន រថក្រោះ កាំភ្លើងធំ កាំភ្លើងមីស៊ីល វាអត់សម្លាប់មនុស្សទេ មានតែមនុស្សចុចប៊ូតុងឲ្យសម្លាប់។ អញ្ចឹងមានតែអប់រំមនុស្សឲ្យចេះប្រើវា។ ថ្នាំជួយមនុស្ស ឬសម្លាប់មនុស្ស។ នេះជាកិច្ចការសំខាន់ក្នុងសង្គមទំនើប។ អញ្ចឹងការបិទ(អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស)នៅថ្ងៃនេះ ជាសមិទ្ធផលសំខាន់ក្នុងការកសាងប្រទេសជាតិ ទោះបីក្នុងវិស័យពុទ្ធចក្រក៏ដោយ ប៉ុន្ដែគឺពិតជាការចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងផ្នែកអាណាចក្រ ជាពិសេសការថែរក្សាអត្ដសញ្ញាណយើងជាខ្មែរ។ ការវិវត្ដដល់ណាក៏ដោយ សូមកុំភ្លេចប្រវត្ដិដើម។ copy បានត្រឹមយកមកមើលជាគំនិត កុំ copy ទាំងស្រុង។ ច្នៃដោយផ្អែកលើអត្ដសញ្ញាណរបស់ជាតិ។ អញ្ចឹង ត្រូវមានការថែទាំ និងបណ្ដុះបណ្ដាលជាប្រចាំ។ ខ្ញុំឃើញសាលាជាច្រើន បាននិមន្ដព្រះសង្ឃអប់រំដល់សិស្សានុសិស្ស។ ពុទ្ធចក្រ និងអាណាចក្រ(ពឹងអាស្រ័យគ្នា)។ ម្សិលម៉្ងៃ ខ្ញុំទៅចែកសញ្ញាបត្រ ក៏មានព្រះសង្ឃទទួលសញ្ញាបត្រ Management ហើយនៅសាលាពុទ្ធិកសិក្សាក៏មានឧបាសកទៅរៀន។
(២១) ជោគជ័យក្នុងសម័យទំនើប គឺបង្រៀន soft skills ទាញចេញពីសាសនា
អញ្ចឹង យើងផ្គួបគ្នា ដើរជាមួយគ្នា។ ឥឡូវបច្ចេកវិទ្យាក៏ជួយ។ និមន្ដព្រះអង្គផ្ទាល់អត់បាន។ ព្រះអង្គរវល់ពេក។ និមន្ដតាមហ្វេសប៊ុក។ ជំនាន់កូវីដ-១៩ បិណ្ឌបាតតាមហ្វេសប៊ុកជាច្រើនដងដែរ។ បច្ចេកវិទ្យាចែករំលែក។ អញ្ចឹងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយបង្កើនឥទ្ធិពលសាសនាក្នុងការអប់រំជាកិច្ចការដែលត្រូវធ្វើ។ ខ្ញុំអរគុណណាស់ដល់ក្រសួងធម្មការ និងសាសនា ក៏ដូចជាក្រសួងអប់រំ និងក្រសួងផ្សេងៗទៀត ព្រោះ hard skills and soft skills សំខាន់។ Hard skills ជាចំណេះដឹង ជំនាញមែន ប៉ុន្ដែខ្វះនៅឥរិយាបថ ខ្វះនៅសីលធម៌ គុណធម៌ដែលជា soft skills អាចនឹងលំបាក។ នេះជាអ្វីដែលខ្ញុំនិយាយថាគ្រូជោគជ័យសម័យទំនើប គឺបង្រៀន soft skills ហើយ soft skills ភាគច្រើនគឺទាញពីសាសនាមិនថា សាសនាព្រះពុទ្ធ គ្រឹស្ដ និងសាសនាផ្សេងៗ …។
(២២) អ្នកនយោបាយខ្លះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ បែកបាក់ការសាមគ្គី ពីរឿងព្រែកជីកហ្វូណនតេជោ
ក្នុងរយៈពេលជាង ១ ឆ្នាំកន្លះ រាជរដ្ឋាភិបាលអាណត្ដិថ្មីបានប្ដេជ្ញាបន្ដថែរក្សានូវសន្ដិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាតិធំៗ និងរក្សាបាននូវលំនឹងសេដ្ឋកិច្ចផងដែរ ព្រមទាំងទប់ស្កាត់ និងធ្វើឲ្យបរាជ័យជាបន្ដបន្ទាប់នូវឧបាយកលទុច្ចរិតមួយចំនួនជាពិសេសរឿងសន្ដិសុខសាធារណៈ។ រឿងបង្រៀនពីសុចរិតភាព។ អ្នកដែលដឹងរឿងហើយនៅតែភូត បាបឬអត់ព្រះអង្គ? រឿងនេះជារឿងមិនចេះចប់សោះ។ អ្នកនយោបាយខ្លះដឹងថារឿងហ្នឹង ដូចជា CLV-DTA ក៏នៅតែទៅភូតគេ ធ្វើឲ្យប្រជាជនភ័យ។ ឥឡូវមក(ដល់)រឿងល្ងាចមិញឃើញរឿងព្រែកជីកហ្វូណន ថាអស់លុយធ្វើស្អីឯណាទៀតហើយ។ ទៅជាអញ្ចឹងកើត។ថាអ្នកមិនដឹងរឿងចុះ ខ្ញុំព្រះករុណាខ្ញុំ មិនថា ប៉ុន្ដែអ្នកដែលដឹងរឿងហើយ នៅតែមានចេតនានិយាយមិនពិត ដើម្បីឲ្យអ្នកផ្សេងជឿខុស។ តើបាបអត់ព្រះអង្គ? ថាមិនដឹងចុះ អត់កំហុស។ ដឹងថាប្រជាជនបារម្ភ ខំទៅបង្កើតរឿងរុញបន្ថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំមិនថាគាត់បាបគាត់អីទេ ប៉ុន្តែបើថាផ្ទាល់ព្រះអង្គថាបាប អ្នកភរហ្នឹងបាបហើយ ព្រោះធ្វើឲ្យប្រជាជនព្រួយបារម្ភ ធ្វើឲ្យមានការមន្ទិលសង្ស័យគ្នាឯង អត់ឲ្យមានការឯកភាពជាតិ។
រឿងព្រែកជីកហ្នឹងយ៉ាងម៉េច។ យើងបុកគ្រឹះថ្ងៃទី ៥ សីហា។ មិនទាន់បានអីផង មានអ្នកស្រែកថាគេឈូសផ្ទះហើយ។ យើងមិនទាន់ធ្វើអីផង។ គាត់ចេញមកវិញថា ខ្ញុំសុំទោស ខ្ញុំនិយាយខុស។ យើងមិនទាន់ជីក គេថាយើងអស់លុយ។ ធ្វើមិនចេញ វាយហើយស្ងាត់។ ខ្ញុំព្រះករុណាខ្ញុំ សូមពន្យល់។ សូមបញ្ជូនសារទៅប្រាប់នីតិវិធីនៃការធ្វើ។ គេមិនមែនសម្ពោធហើយទៅដល់ដាក់ឈូសឆាយទេ។ អាហ្នឹងបានប្រជាជនស្រែកយំ។ គេត្រូវកំណត់និយាមការឲ្យបានច្បាស់ ពិនិត្យឡើងវិញ កន្លែងណាត្រាយផ្លូវ ចុះទៅដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនដែលប៉ះពាល់។ ស្រេចគ្នាហើយបានគេដាក់គ្រឿងចក្រទៅជីក។ អាហ្នឹងបានយើងធ្វើប្រកបដោយធម៌ គិតពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវ។ មិនមែនងាយស្រួលឯណា។ ឥឡូវកំពុងតែទឹកឡើង អ្នកណាទៅជីក? ថ្ងៃមុនយើងចុះទៅយើងស្រាវជ្រាវ។ ថ្ងៃក្រោយចុះទៅកំណត់ទៀតកន្លែងខ្លះមានតូច ប្រហែលជាមិនដល់ ១% នៃកន្លែងដែលត្រូវកែសម្រួល។
មានកន្លែងមួយនៅតាកែវ ដែលតម្រាយចាស់ប៉ះទួលបុរាណ និងវត្តបុរាណ។ អញ្ចឹងគណៈកម្មការត្រូវតែវៀង។ កុំឲ្យប៉ះ។ រឿងតែប៉ុណ្ណឹង។ បើយើងដាក់ភ្លាម ខួងវាយភ្លាមទៅចំ ហ្នឹងហើយដែលថាអត់ទទួលខុសត្រូវ។ ទើបតែ ៣ ខែ ប្រុងឲ្យយើងធ្វើព្រែកជីកឲ្យហើយឬម៉េច? ថាប្រជាពលរដ្ឋភាគច្រើនអត់ដឹងព័ត៌មានច្បាស់ លោកមានបារម្ភ ខ្ញុំព្រះករុណាខ្ញុំ អត់ថាទេ ប៉ុន្តែអ្នកនយោបាយខ្លះដឹងច្បាស់ក្រឡែត តែនៅតែបន្លាចប្រជាពលរដ្ឋ។ ហ្នឹងមិនដឹងថាយ៉ាងម៉េចទេ។ បាបយ៉ាងម៉េចខ្ញុំព្រះករុណាខ្ញុំមិនដឹងទេ គ្រាន់តែថាភូតកុហកដោយចេតនា ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ បែកបាក់ការសាមគ្គីយោគយល់គ្នា។ អញ្ចឹង នយោបាយក៏ត្រូវពឹងផ្អែកលើសច្ចភាពដែលធម៌បានផ្តល់ដែរ … ធ្វើនយោបាយត្រូវមានសុច្ចរិតភាពខ្លះ។ ពេលខ្លះហត់។ យើងមិនមាត់គេថា ចោទទៅ បើមិនមាត់ គេជឿ(ថាពិត បើ)យើងតវ៉ា គេថា។ គេចងជើងយើងរឿងតូចៗ តែទុកឲ្យខាងឯកឧត្តម ស៊ុន ចាន់ថុល ខាងក្រសួងពន្យល់ចុះ។ ជ្រុលជាអញ្ចឹងហើយ គ្រាន់ថារឿងមិនចេះចប់ ហត់ហ្មង អត់រឿងសោះ ក៏រឿងដែរ។ គ្រាន់តែវាយគ្រឹះហើយភ្លាម មានអ្នកស្រែកយំថាយើងទៅវាយផ្ទះគេ។ យើងអត់ទាន់ធ្វើអីផង។
ដល់ពេលយើងកំពុងវាស់វែង ដើម្បីកំណត់ដោះស្រាយឲ្យប្រជាជនបានស្រួល គេថាយើងអត់ធ្វើអី យើងអស់លុយហើយ។ ឯកឧត្តមអគ្គរដ្ឋទូតចិននៅទីនេះ គេថាចិនអត់មានឲ្យលុយទេ។ រឿងគេចរចា រឿងក្រុមហ៊ុនដែលមានធ្វើ មានផែនការរបស់គេ។ គេច្បាស់ហើយគេសុំ។ អ្នកនៅចាំបម្រុងដាក់ពាក្យ។ បើសិនជាអ្នកណាទៅមិនរួច គេសុំសាងយកគម្រោងហ្នឹង។ មាន ២ ឬ៣ ទៀត។ ជាគម្រោង BOT។ គម្រោងរដ្ឋយើងជាមួយនឹងក្រុមហ៊ុនវិនិយោគត្រូវធ្វើ។ ហ្នឹងខ្ញុំសុំពន្យល់បន្តិច។ តែយើងអត់មាត់ ចេះតែចេញតាមកាសែត ហើយប្រជាពលរដ្ឋគាត់ភ័យ ហើយបន្លាចប្រជាពលរដ្ឋឲ្យភ័យក៏បាបដែរ។ រឿងអត់ពិត។ ខ្ញុំជួយពន្យល់ហ្នឹង ដូចជួយអ្នកដែលភរហ្នឹងកុំឲ្យបាបធ្ងន់ពេកដើម្បីឲ្យប្រជាជនបានស្ងប់ចិត្តខ្លះ។
(២៣) ប្រណិប័តន៍សាសនាឲ្យមានសុច្ចរិតភាព ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ អារម្មណ៍របស់ប្រជាជននិងសង្គម
ខ្ញុំព្រះករុណាខ្ញុំ បួសបាន ៧ថ្ងៃដែរ។ ឆ្លងវស្សា ហើយកាលខ្ញុំព្រះករុណាខ្ញុំបួសនោះ ដូចអត់ដែលមានធម៌ណាដែលនិយាយពីរឿងជេរទេ។ តែពេលខ្លះ ខ្ញុំឃើញព្រះសង្ឃខ្លះនៅក្រៅប្រទេសគ្រងស្បង់ចីពរ ជេរសាហាវជាងឧបាសកទៀត។ មានសុទ្ធតែដាក់បណ្តាសារ។ ខ្ញុំថាព្រះពុទ្ធដូចអត់ដែលមានឲ្យចងកំហឹង ចងពៀរ ចងអី ហើយដាក់បណ្តាសារអីអញ្ចឹង។ ព្រះសង្ឃមានតួនាទីជួយរំងាប់ កុំឲ្យទោសៈមានក្នុងខ្លួន។ ស្រាប់តែព្រះសង្ឃអង្គខ្លះនៅក្រៅប្រទេស មិនមែននៅក្នុងទេ។ ខាងក្នុងអត់ទាន់ឃើញ នៅក្រៅគឺប្រហែលជាព្រះអង្គមិនបានរៀន ឬរៀនមិនច្រើនទេ។ មួយថ្ងៃៗដាក់តែទោសៈទៅឲ្យអ្នកស្តាប់ព្រះអង្គ។ អញ្ចឹង មិនដឹងថាព្រះអង្គត្រូវធម៌វិន័យ ឬត្រូវជាមួយការប្រៀនប្រដៅរបស់ព្រះពុទ្ធឬអត់? តែបើជេរខ្លាំងជាងឧបាសកទៀត … អញ្ចឹងការបង្កើតរឿង ដើម្បីនាំព័ត៌មានមិនពិតឲ្យឧបាសក ឲ្យពុទ្ធបរិស័ទ ឲ្យប្រជាពលរដ្ឋមានការសង្ស័យ មានការយល់ច្រឡំដោយចេតនា (ជាការពុំគួរគប្បី)។ ខ្ញុំគិតថាការប្រណិប័តន៍សាសនា បង្រៀននៅក្នុងការថ្លឹងថ្លែង ការមានសង្ឃដីកា ការនិយាយស្តីគឺឲ្យសុច្ចរិតភាព ជាការល្អ ជួយថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់អារម្មណ៍ក្នុងចិត្តរបស់ប្រជាជន និងសង្គមផង។
[ចប់សេចក្តីអធិប្បាយទី៣]
ពេលនេះ គឺជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់យើងខិតខំរួមគ្នា ទាំងរាជរដ្ឋាភិបាល សាសនា អង្គការសង្គម និងវិស័យឯកជន ដើម្បីអភិវឌ្ឍលើគ្រប់វិស័យទាំងសមិទ្ធផលរូបវន្ត ទាំងបញ្ញាស្មារតី និងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើតបាននូវបរិយាកាសអនុគ្រោះដល់ការរស់នៅរបស់ប្រជាជន និងភាពធន់ សំដៅទប់ទល់ការប្រឈមនានា ដោយកត្តាធម្មជាតិក្ដី ដោយកត្តាមនុស្សក្ដី និងជាមូលដ្ឋានសម្រាប់ឈានទៅដល់ការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
អនុសំវច្ឆរមហាសន្និបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលបានប្រព្រឹត្ដទៅអស់ រយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាសម្រេចបានលទ្ធផលដ៏ធំធេង ទទួលបាននូវបណ្ដុំបញ្ញាញាណ បទពិសោធ ទស្សនៈគ្រប់ជ្រុងជ្រោយ កំណត់បានត្រឹមត្រូវនូវបញ្ហាប្រឈម និងដំណោះស្រាយយ៉ាងសមស្រម ដើម្បីលុបបំបាត់នូវបញ្ហានានាទាំងឡាយ។ មិនតែប៉ុណ្ណោះ អនុសំវច្ឆរមហាសន្និបាត កសាងបាននូវយន្ដការថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងសហគមន៍សង្ឃ លើកកម្ពស់ស្មារតីនៃការពង្រឹង និងពង្រីកសាមគ្គីភាព ការអភិវឌ្ឍសមត្ថភាព និងភាពជាគំរូ ដើម្បីកសាងឱ្យបាននូវមូលធនសង្គម សិនិទ្ធភាពសង្គម សុខដុមរមនាសង្គម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យធម្មការ និងសាសនា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាពុទ្ធសាសនិក ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមចំណែកវិភាគទាននូវទស្សនៈ មួយចំនួន ដូចខាងក្រោម៖
ទី១. សូមព្រះមេត្តា និងមេត្តាយកព្រះទ័យ និងយកចិត្តទុកដាក់ ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបន្តអនុវត្តតាមខ្លឹមសារសង្ឃប្រកាសនៃមហាសន្និបាតឱ្យមានប្រសិទ្ធភាព ដោយតាមដាន និងវាយតម្លៃការអនុវត្តគ្រប់សកម្មភាព ខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីធានាឱ្យបាននូវការលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ។
ទី២. គួរដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្សមានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត បញ្ញាស្មារតី និងការទទួលខុសត្រូវក្នុងការរស់នៅក្នុងសង្គម។
ទី៣. គណៈសង្ឃទាំងពីរគណៈ សូមយកព្រះទ័យទុកដាក់លើការប្រតិបត្តិធម៌វិន័យ ដើម្បីពង្រឹងតួនាទីព្រះសង្ឃ និងវត្តអារាម ក្នុងការចូលរួមទប់ស្កាត់ និងដោះស្រាយអធិករណ៍ក្នុងព្រះពុទ្ធសាសនា និង រួមចំណែកថែរក្សានូវបេតិកភណ្ឌដែលមានក្នុងវត្តអារាមឱ្យបានគង់វង្ស។
[ផ្ដើមសេចក្តីអធិប្បាយទី៤]
(២៤) ពង្រីកថ្មី ការពារអ្វីដែលមាន ការពារតម្លៃ និងការពារជំនឿលើសាសនា
ចំណុចនេះ ខ្ញុំបានភ្ជាប់ជាមួយនឹងអ្វីដែលជាការដើរតួនាទីសំខាន់របស់ព្រះសង្ឃ ពុទ្ធសាសនាក្នុងការអប់រំសង្គម អប់រំយុវជន។ ប៉ុន្តែព្រះសង្ឃមានដើរតួនាទីជាគ្រូបង្រៀន ជាគំរូ ដូច្នេះភាពជាគំរូគឺជាកិច្ចការសំខាន់ហើយនៅក្នុងសម័យបច្ចេកវិទ្យានេះ។ រាល់សកម្មភាពមានការងាយស្រួលនឹងចែករំលែកណាស់។ ល្ងាចមិញនេះ ឃើញរូបភាពព្រះអង្គកន្លែងណាមានកំពុងតែវាយគ្នា។ រឿងបន្តិចបន្តួចដែលមានដោយព្រះសង្ឃមួយអង្គ ពីរអង្គឥឡូវសម័យបច្ចេកវិទ្យានេះ អាចធ្វើឲ្យមហាជន និងប្រជាពលរដ្ឋ ឧបាសក អាចមានការយល់ច្រឡំទៅលើសាសនាទាំងមូល។ គ្រងស្បង់ចីពរអត់ដឹងឈ្មោះទេ។ អញ្ចឹងទង្វើ និងសកម្មភាពដែលអាចកើតមានដោយព្រះសង្ឃមួយអង្គៗ អាចជះឥទ្ធិពលធំណាស់ទៅដល់ព្រះសង្ឃរាប់ម៉ឺនអង្គនៅក្នុងប្រទេស ក៏ដូចជាវិស័យសាសនា។ អញ្ចឹងដែលក្នុងរយៈពេល ៣ ថ្ងៃនេះ ឯកឧត្តម ចាយ បូរិន បានរាយការណ៍ បានគិតគូរពិភាក្សាគ្នាលម្អិតព្រោះកិច្ចការនេះ។ យើងមិនត្រឹមតែពង្រីកនូវអ្វីដែលថ្មី ប៉ុន្តែសំខាន់ការពារនូវអ្វីដែលយើងមាន ការពារនូវតម្លៃ ការពារនូវជំនឿរបស់សាសនា។ ការរីកល្អ ប៉ុន្តែរីកមកជាមួយគ្នា កាន់តែធំ កាន់តែលំបាកគ្រប់គ្រង។ គ្នាតិចអត់បញ្ហា តែគ្នាច្រើនកាន់តែលំបាក។ ត្រូវបង្កើនការបណ្តុះបណ្តាល ការអប់រំ ការគ្រប់គ្រងព្រះវិន័យផ្ទាល់ ផ្ទៃក្នុង ព្រោះដើម្បីជួយទៅដល់សាសនាទាំងមូល។
[ចប់សេចក្តីអធិប្បាយទី៤]
ទី៤. ក្រសួងធម្មការ និង សាសនា ត្រូវសហការជាមួយ គណៈសង្ឃនាយក ក្រសួង-ស្ថាប័នពាក់ព័ន្ធ យកព្រះទ័យ យកចិត្តទុកដាក់បណ្តុះបណ្តាលធនធានព្រះសង្ឃ និងមន្រ្តីរាជការ ឱ្យមានជំនាញបច្ចេកវិទ្យាព័ត៌មាន (ជំនាញឌីជីថល) ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ដែលក្នុងនោះ នៅមានចំណុចមួយចំនួនត្រូវយកចិត្តទុកដាក់ រួមមាន (១) ការរៀបចំទំនាក់ទំនង និងអន្តរសកម្មរវាងរដ្ឋបាលថ្នាក់កណ្តាល និងមន្ទីររាជធានី ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ (២) រៀបចំចងក្រងទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធព័ត៌មានវិទ្យា និង(៣) ធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងសាធារណៈតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ក្នុងន័យនេះ ក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និងថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សីលវន្ដ សីលវតី មេដឹកនាំ និងបរិស័ទនៃគ្រប់និកាយសាសនា ព្រមទាំងភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានយាង និមន្ដ និងអញ្ជើញចូលរួម ព្រមទាំងបានរួមចំណែកផ្តល់ចំណេះដឹង បទពិសោធ ប្រាជ្ញាស្មារតី ធ្វើឱ្យអង្គមហាសន្និបាតដំណើរការទៅដោយរលូន និងជោគជ័យគួរជាទីមោទនៈ។
ជាទីបពា្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ និង ជូនពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី មេដឹកនាំ និងសាសនិកគ្រប់និកាយសាសនា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសបិទ «អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣២» ចាប់ពីពេលនេះតទៅ! សូមអរព្រះគុណ និង សូមអរគុណ!