Grand News Asia Close

(វីដេអូ) សម្តេចតេជោ ហ៊ុន សែន ថ្លែងថាវាមិនទាន់ដល់ពេលនោះឡើយដែលលើកយកករណី «កោះគុត» ទៅកាន់តុលាការអន្តរជាតិ ទៅតាមការញុះញង់របស់ចលនាប្រឆាំងជ្រុលនិយម

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 505


CNV:

(៥) មានក្រុមដែលកំពុងតែបង្វែបញ្ហាពីកម្ពុជា/វៀតណាម មកកម្ពុជានិងថៃពីបញ្ហាអធិបតេយ្យភាពកោះគុត

ថ្ងៃនេះ នឹងចេញជាផ្លូវការនូវការសម្រេចដោយសភា ក៏បានលើករឿងនេះទៅព្រឹទ្ធសភា ហើយព្រឹទ្ធសភាក៏ផ្តល់មតិត្រឡប់មកវិញ។ អរគុណចំពោះរដ្ឋសភាដែលបានយល់ស្របជាមួយនឹងការផ្តល់មតិរបស់ព្រឹទ្ធសភាទាក់ទិនជាមួយនឹងសេចក្តីព្រៀងច្បាប់។ បញ្ហាមួយដែលខ្ញុំព្រះករុណាខ្ញុំ សូមស្នើឲ្យព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនរួមជាតិកម្ពុជា (បានជ្រាបគឺ) គេកំពុងតែដាក់បញ្ហាស្តីពីកោះគុត (ដោយ)បង្វែពីកម្ពុជា/វៀតណាមដែលអាចនឹងឈានទៅដល់ការផ្ទុះអាវុធនៅតាមព្រំដែនក៏អាចថាបាន។ ឥឡូវនេះគេបង្វែមកទិសខាងលិចវិញម្តង។ នៅក្នុងប្រទេសថៃ ក៏មានក្រុមជ្រុលនិយមមួយក្រុម បង្កើតឡើងរឿងកោះគុត។ ឥឡូវនៅក្នុងប្រទេសរបស់យើងនេះ ត្រូវបានពួកជ្រុលនិយមនៅក្រៅប្រទេសអំពាវនាវឲ្យធ្វើបាតុកម្មដើម្បីទាមទារយកកោះគុត។ ខ្ញុំព្រះករុណាខ្ញុំក៏ចង់ចាំមើលថា តើប្រជាពលរដ្ឋរបស់យើងគិតយ៉ាងម៉េច។ ប្រហែលជាប្រជាពលរដ្ឋមិនច្រើនទេដែលស្គាល់កោះគុត។ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងសម្តេចពិជ័យសេនា ទៀ បាញ់ ធ្លាប់បានទៅកោះគុតនៅឆ្នាំ ១៩៩០។

(៦) ឆ្នាំ ២០០១ កម្ពុជានិងថៃឈានដល់អនុស្សារណៈយោគយល់គ្នាស្តីពីតំបន់ត្រួតស៊ីគ្នា

ពេលនោះ ខ្ញុំព្រះករុណាខ្ញុំបានចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC នៅបាងកក ប៉ុន្តែក៏ត្រូវមានការពិភាក្សាជាសំងាត់រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងឧត្តមសេនីយ Yongchaiyudh និងតំណាងរបស់ជប៉ុន។ អញ្ចឹងខ្ញុំព្រះករុណាខ្ញុំទៅដេកនៅកោះកុង ម៉ោងប្រហែលជា ២ ភ្លឺ ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរតាមអូប័រឡើងទៅកោះគុត រួចហើយចេញពីកោះគុត បានធ្វើដំណើរចេញទៅប៉ាតាយ៉ា ដោយទៅដល់ប៉ាតាយ៉ានៅម៉ោង ៤ភ្លឺ។ កោះគុតជាតំ​បន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ ដែលតំបន់នេះ តាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តី Chatichai Choonhavan​ បានចរចាពិភាក្សាជាមួយនឹងខ្ញុំព្រះករុណាខ្ញុំ។ អតីតនាយករដ្ឋមន្រ្តី Chatichai Choonhavan បានមកជួប ខ្ញុំព្រះករុណាខ្ញុំដល់ផ្ទះនៅវិមានឯករាជ្យ ដើម្បីពិភាក្សាគ្នាលើបញ្ហាធ្វើអាជីវកម្មខួងយកប្រេងនៅក្នុងតំបន់ត្រួតស៊ីគ្នានេះ។ ប៉ុន្តែកិច្ចការទាំងអស់មិនអាចឈានទៅមុខបានទេ។ ឆ្នាំ ២០០១ យើងបានបង្កើតអនុស្សារណៈនៃការយោគយល់គ្នាមួយ ដែលរហូតមកដល់ពេលនេះ ២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នាលំអិតណាមួយនៅឡើយ។ យើង​បង្កើតគណកម្មការ២ មួយគឺគណកម្មការទាក់ទងជាមួយនឹងកិច្ចការព្រំដែន និងមួយទៀតអនុគណកម្មការទទួលបន្ទុកជជែកអំពីការធ្វើអាជីវកម្មនៅក្នុងតំបន់ត្រួតស៊ីគ្នា។

(៧) ដល់ពេលវេលារៀបចំច្បាប់ដាក់ក្រុមបង្ករឿងនេះជាក្រុមភេរវកម្មហើយឬនៅ

ឥឡូវនេះ គេកំពុងធ្វើថាឲ្យប្រជាជនកម្ពុជាធ្វើបាតុ​កម្មដើម្បីរុញរដ្ឋាភិបាលឲ្យប្តឹងទៅតុលាការអន្តរជាតិ។ ដំបៅមិនឈឺយកឈើចាក់។ រឿងគេកំពុងតែជជែកគ្នាឯយើងមករុញ។ តើនេះជាអ្វីទៅ ជាអំពើអ្វី? ម្តងហើយម្តងទៀត ពួកគេរុញមិនឲ្យប្រជាជនទទួលបានសេចក្តីសុខតាមរយៈនៃការបង្កើតចលនាប្រឆាំង។ ព្រះតេជព្រះគុណ! តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់​តែងច្បាប់រៀបចំច្បាប់ដាក់ក្រុមនេះជាក្រុមភេរវកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ? នេះមានចំណុចជាការញុះញង់ អុច​អាល ដែលវាអាចនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជានិងថៃ ដែលមិនគ្រាន់តែជាបញ្ហាផ្ទៃក្នុងកម្ពុជានោះទេ។​ វាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ។ ប្រសិនបើយន្តការនៃទំនាក់ទំនងកំពុងតែធ្វើដំណើរ ទាំងខាងថៃទាំងខាងយើង ដោយមិនទាន់ឈានដល់ការសម្រេចចិត្តណាមួយទេ ហេតុអ្វីបានជារុញធ្វើរឿងនេះ? ជំរុញឱ្យមានបាតុកម្មនៅទូទាំងប្រទេស? សូមបងប្អូនប្រជាពលរដ្ឋពិចារណា និងជ្រើសរើសមួយណា រវាងការញុះ​ញង់ឱ្យមានអំពើហិង្សាទាំងក្នុងជាតិ និងជាមួយប្រទេសជិតខាង។

(៨) កម្ពុជា/ថៃ មិនទាន់ប្រើអស់លទ្ធភាពចរចាទ្វេភាគីនៅឡើយទេ

ស្លាកស្នាមសង្រ្គាមនៅប្រាសាទព្រះវិហារ នៅប្រាសាទតាមាន់ តាក្របី មិនទាន់បានបញ្ចប់ផងការឈឺចាប់របស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាប្រជាពលរដ្ឋថៃ ទៅលើការបាត់បង់ប្ដីសី ឬការរបួសស្នាមនៅក្នុងសមរភូមិនៅឡើយទេ។ តើឥឡូវអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ និងអ្នកជ្រុលនិយមនៅកម្ពុជា ដែលជ្រកកោននៅប្រ​ទេស​ក្រៅ គួរត្រូវធ្វើរឿងនេះជាបន្តទៀត ឬក៏ត្រូវឱ្យវាមានសេចក្ដីសុខជាមួយគ្នាសិន? ដោះស្រាយ នៅតែដោះស្រាយ ប៉ុន្តែត្រូវធ្វើដោយការចរចា។ យើងមិនទាន់ប្រើអស់លទ្ធភាពនៃការចរចារវាងទ្វេភាគីនៅឡើយទេ។ តើដល់ពេលហើយឬនៅ ដែលយើងត្រូវនិយាយទៅកាន់តុលាការអន្តរជាតិ? ការទៅកាន់តុលាការអន្តរជាតិ វាគ្រប់គ្រាន់ដើម្បីនឹងយកឈ្នះទេ? មិនមែនជាបញ្ហាតូចតាចទេ។ ការមើលមុខគ្នាមិនត្រង់រវាងប្រទេសជិតខាងដែលនៅ​ជាមួយគ្នា មិនមែនជាបញ្ហាធម្មតាទេ។

(៩) មានបទពិសោធន៍ ៣៨ឆ្នាំ ក្នុងការដឹកនាំប្រទេស ពីបាត់ដៃទទេឆ្លងកាត់ឧបសគ្គនិងវិបត្តិសេដ្ឋកិច្ច

សូមទូលប្រគេនព្រះតេជព្រះគុណ! ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានពិសោធន៍ជោកជាំលើការងារគ្រប់គ្រងរដ្ឋ និងដឹក​នាំប្រទេស ដែលនៅលើភពផែនដីនេះ មិនមានអ្នកណាមួយដឹកនាំប្រទេសបានយូរជាងខ្ញុំព្រះករុណាខ្ញុំនោះទេ។ ៣៨ឆ្នាំ នៃការធ្វើនាយករដ្ឋមន្រ្តី និងធ្វើរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី នៅឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៥ គឺ ៦ឆ្នាំ អញ្ចឹងវាជាង ៤០ឆ្នាំ។ ឥឡូវនេះ នៅធ្វើប្រធានព្រឹទ្ធសភានៅឡើយ។ អត់មានអ្នកណាដែលមានការដឹកនាំតាំងពីអត់បាយស៊ី ធ្វើឱ្យមានបាយស៊ី, ដឹកនាំតាំងពីមានសង្រ្គាម ធ្វើឱ្យមានសន្តិភាពនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានបទពិសោធន៍។ ទោះបីអ្នកណាថា ខ្ញុំព្រះករុណាខ្ញុំល្ងង់ (ប៉ុន្តែ) ល្ងង់ឬមិនល្ងង់ គឺអ្នកឯងគិតមើលទៅ។ ខ្ញុំអាចនៅជា​មួយនឹងប្រជាពលរដ្ឋរបស់ខ្ញុំ ក្នុងពេលដ៏លំបាក រហូតមកដល់ដំណាក់កាលដែលមានការធូរស្រាលជាង(មុន)។ បើទោះបីជាកត្តាសេដ្ឋកិច្ចពេលខ្លះមានការលំបាក ដោយការញាំញីពីជំងឺកូវីដ១៩, ដោយការញាំញីដោយសង្រ្គាមនៅក្រៅប្រទេស ដែលវាជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុក។

(១០) កត្តាធំពីរធ្វើឱ្យប្រទេសលូតលាស់ គឺស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង

ខ្ញុំព្រះករុណាខ្ញុំ មើលឃើញចំណុចសំខាន់ពីរ ដែលធ្វើឱ្យប្រទេសមួយលូតលាស់បាន។ ទី១ គឺស្ថិរភាពផ្ទៃក្នុង, ទី២ ទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងល្អ។ កត្តាពីរនេះធំណាស់។ មានកត្តាជាច្រើន ប៉ុន្តែកត្តានាំមុខ ទី១ ត្រូវមានស្ថិរភាពផ្ទៃក្នុង។ គ្មានសន្តិភាព គ្មានស្ថិរភាព កុំនិយាយអំពីលទ្ធិប្រជាធិបតេយ្យ កុំនិយាយអំពីសិទ្ធិមនុស្ស កុំនិយាយអំពីអ្វីផ្សេងទៀត ត្រៀមត្រង់សេទៅ បើអត់មានស្ថិរភាពទេ។ អាហ្នឹងនិយាយការពិត។ គ្មានប្រទេសណាមួយអភិវឌ្ឍន៍ដោយខ្វះស្ថិរភាព ឬខ្វះសន្តិភាពនោះទេ អត់ទេ។ ទី២ ជាមួយនឹងប្រទេសជិតខាង ត្រូវតែធ្វើការឱ្យបានជិតស្និត រួមរស់ដោយសន្តិវិធី។

បន្ទាប់ពីបញ្ចប់នូវនយោបាយឈ្នះឈ្នះ ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញនូវគោល​ដៅធំពីរគឺ ទី១ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សារ។ ឥឡូវនេះ ប្រមាណជា ៩៥% ឬលើស ៩៥% ទៅហើយ ដែលយើងបានប្រែក្លាយពីតំបន់សមរភូមិឱ្យទៅជាតំបន់ដែលមានការអភិវឌ្ឍ ការដាំដុះ ឬទៅរហូតដល់ទៅ(បង្កើតជា)ទីផ្សារផង។ ឯនៅសល់ប៉ុន្មានជា ៥% ទៀត ជាអ្វីទៅ? ដីដែលមិនទាន់បំផ្លាញចោលគ្រាប់មីនអស់ ដោយសារគ្រាន់មីននោះស្រុកខ្មែរមានច្រើនពេក តាំងពីឆ្នាំ ១៩៧០។ អញ្ចឹងយើងកំពុងតែបន្ត។ ឥឡូវយើងកំពុងធ្វើជាម្ចាស់ផ្ទះនូវសន្ធិសញ្ញា អូតាវ៉ា ស្ដីពីការប្រឆាំងគ្រាបមីននេះឯង។ ហ្នឹងជាគោលដៅទី១ ដែលខ្ញុំដាក់ចេញ ធ្វើ(ដោយ)ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ។

ទី២ ត្រូវប្រែក្លាយខ្សែព្រំដែនជាមួយនឹងប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។​ ដូច្នេះហើយ ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែធ្វើការចរចាជាមួយនឹងមិត្តភក្ដិដែលជាប់ជិតខាងយើង មានវៀតណាម ឡាវ និងថៃ។ ជម្លោះបានកើតក្នុងមួយរយៈនៅប្រាសាទព្រះវិហារ តាមាន់ តាក្របី ក៏ប៉ុន្តែយើងបានធ្វើឱ្យសភាពការណ៍នេះនៅទ្រឹង តាមរយៈយន្តការយោធានៅហ្នឹងកន្លែង សម្រុះ​សម្រួលដោះស្រាយបញ្ហាកុំឱ្យសង្រ្គាមរីករាលដាលចេញពីតំបន់ព្រះវិហារទៅទូទាំងតំបន់ព្រំដែន តាមរយៈក្រុមប្រឹក្សាសន្តិសុខ តាមរយៈតុលាការឡាអេ។ យើងដោះស្រាយជាមួយឡាវ ពេលនេះបានបោះបង្គោលចំនួន ៨៦% រួចស្រេចទៅហើយ។ យើងដោះស្រាយជាមួយវៀតណាម ពេលនេះ បានដោះស្រាយ(និងបោះបង្គោល)ចំនួន ៨៤% នៅសល់ ១៦% ទៀត នៅបន្តដោះស្រាយ ចរចាជាមួយគ្នា ដើម្បីឈានទៅបោះបង្គោល។

(១១) មិនគប្បីមានជម្លោះទល់ដែនជាមួយប្រទេសជិតខាង ខណៈកំពុងជំ​រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ព្រះតេជព្រះគុណមួយចំនួនបាននិមន្ត ប្រជាជនមួយចំនួនបានទៅលេងទល់ដែន។ សូមទៅមើលទល់ដែន ទៅមើលបង្គោល ហើយឥឡូវកំពុងតែស្រុះស្រួលគ្នា ទាំងជាមួយឡាវ វៀតណាម បន្ថែមបង្គោល(ព្រំដែន)តូចៗមួយចំនួនផ្សេងទៀត ដើម្បីឱ្យប្រជាជនយើងងាយយល់ ងាយដឹងថា កន្លែងណាជាដីយើង កន្លែងណាជាដីគេ។ ព្រះ​អង្គប្រមើលមើលអញ្ចេះ ប្រសិនបើប្រទេសកម្ពុជាមួយ មានជម្លោះទល់ដែនជាមួយនឹងប្រទេសជិតខាង តើកម្ពុជាត្រូវធ្វើអ្វី? កម្ពុជាត្រូវបញ្ចេញកងទ័ពចេញពីបន្ទាយរាប់ម៉ឺននាក់ទៅឈរជើងតាមព្រំដែន។ អ្នកនៅខាងក្រោយ ក៏ត្រូវតែបញ្ជូនភស្តុភារទៅកាន់ព្រំដែន។ តើយើងគួរធ្វើអញ្ចឹងទេ នៅក្នុងស្ថានភាពមួយដែលកំពុងតែជំ​រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទំនាក់ទំនងជិតខាងល្អ ដែលប្រទេសទាំងឡាយជាប់ជិតខាងយើងកំពុងតែបានធ្វើជាមួយយើង។ ពិតហើយ នៅក្នុងប្រទេសនិមួយៗ តែងមានពួកជ្រុលនិយម ប៉ុន្ដែជ្រុលនិយមនៅកម្ពុជាគឺជ្រុលនិយមមិនធម្មតា គឺជ្រុលនិយមដែលគួរត្រូវបានរៀបចំដាក់ក្នុងច្បាប់ចាត់ទុកក្រុមនេះ(ជាក្រុមភេរវកម្ម)។ ប៉ុន្ដែគេមិនហ៊ានដាក់សមាសភាពនាយករដ្ឋមន្ដ្រី ប្រធានាធិបតី រដ្ឋមន្ដ្រីមកទេ។ បើតែហ៊ានដាក់មកគ្រឹបមក គឺឯនេះចេញគ្រីបភ្លាម។ ​សាកល្បងទៅ។ ដល់អញ្ចឹង គេប្រកាសថា អ្នកដឹកនាំគឺជិត ហ៊ុន សែន នៅក្បែរៗ ហ៊ុន សែន ហ្នឹង។ (បើនៅ)ស្ទើភ្លើងកុំអី។

(១២) សូមពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលចរចាជាមួយភាគីថៃ

ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវប្រជាពលរដ្ឋរបស់យើង ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលថៃ​។ សង្ឃឹមថាអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការ​ចរចាដែរ។ ប៉ុន្ដែអ្វីដែលគួរឆ្ងល់ទាំងខាងថៃ អ្នកជ្រុលនិយមថៃ  និងស្រុកខ្មែរ ដែលជ្រកកោននៅបរទេសគេ​ថា ខ្ញុំព្រះករុណាខ្ញុំកំពុងតែពិភាក្សាជាមួយថាក់ស៊ីនដើម្បីចែកផល។ ពេលដែលថាក់ស៊ីនចេញពីកន្លែងឃុំឃាំង​មកផ្ទះ ខ្ញុំព្រះករុណាខ្ញុំក៏បានទៅបាងកកដើម្បីទទួលទានអាហារសួរសុខទុក្ខក្នុងឋានៈជាមិត្តភក្ដិចាស់។ គេថាខ្ញុំព្រះករុណាខ្ញុំទៅពិភាក្សាជាមួយ ថាក់ស៊ីន លើរឿងចែកផលគ្នា។ ឱ! ព្រះអើយព្រះ។ តើយមរាជ​អាចយកមនុស្សហ្នឹងទៅបានអត់? តើមានឋានយមរាជមែនឬអត់? ខ្ញុំព្រះករុណាខ្ញុំមិនច្បាស់ដែរទាល់តែព្រះតេជព្រះគុណ។ រឿងឋានមនុស្ស និងឋានទេព្ដា និងព្រះនិពា្វន្ដ យកមួយណា? ខ្ញុំព្រះករុណាខ្ញុំមិនទៅទេ ឋានទេព្ដា និងព្រះនិ​ពា្វន្ដ។ សុំនៅឋានមនុស្សលោក ព្រោះទៅឋានទេព្ដាក៏មានទេព្ដាយាមទ្វារ មានស្ដេចទេព្ដា មានមន្ដ្រី។ អញ្ចឹងទៅធ្វើ​អី នៅឋានមនុស្សលោក(វិញ)។ ឋានទេព្ដាអត់មានគុយទាវស៊ីទៀត សុខចិត្តនៅឋានមនុស្សលោក។ បើមិនបានចូល KTV Karaoke ជាមួយគេក៏សុខចិត្តថាស្ដាប់គេនិយាយទៅចុះ ព្រោះអភ័ព្វណាស់មួយជីវិតនេះ។ មិនដែលបានស្គាល់។និយាយអញ្ចឹង ប្រសិនបើប្រពន្ធលឺ ថាគាត់នេះប្រសិនបើធ្វើតូចជាងហ្នឹង ប្រហែលទៅមែន។

ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំអំពាវនាវ។ ខ្ញុំមិនដឹងថានាយករដ្ឋមន្ដ្រីកំពុងតែនិយាយរឿងហ្នឹងឬក៏អត់ ប៉ុន្ដែធម្មតា ក្នុងឋានៈខ្ញុំព្រះករុណាខ្ញុំជាប្រធានគណបក្សនយោបាយមួយ និងជាប្រធានព្រឹទ្ធសភា ខ្ញុំព្រះករុណាខ្ញុំបើក​រង្វង់ក្រចកថា សម្ដីនេះមិនមែនជាព្រះរាជតំណាងទេ គឺសម្ដី ហ៊ុន សែន ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា និងជាប្រ​ធានគណបក្សនយោបាយកាន់អំណាច ទោះបីមិនមែនជាសិទ្ធនីតិប្រតិបត្ដិ អំណាចនៅនាយករដ្ឋមន្ដ្រីឯណោះទេ ដែលខ្ញុំព្រះករុណាខ្ញុំសុខចិត្តលះបង់អំណាចនោះដើម្បីឲ្យការបន្ដវេនបានរលូន។ សម្ដេចចាស់ៗសុទ្ធតែU80។ ម្សិលមិញ អ្នកបកប្រែជប៉ុនមិនយល់ថាម៉េចទៅ U80 ឬU70។ ថា U នឹងដូចពួកបាល់ទាត់នោះ​គេមិន U17 និងU១៦ អី។ រដ្ឋាភិបាលមុន មានឧបនាយករដ្ឋមន្ដ្រីអាយុជាង៨០ អញ្ចឹងបានសេចក្ដីថា U90 មានឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីអាយុជាង ៧០ នឹងមិន U៨០ មាន U៧០ …។

(១៣) ករណីជ្រុលហួស អាចបង្កបញ្ហាផ្ទៃក្នុង និង/ឬមានការផ្ទុះអាវុធនៅព្រំដែន

ខ្ញុំព្រះករុណាខ្ញុំសូមលើកទិដ្ឋភាពនឹងមួយដើម្បីអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ស្ងាត់ ទុកឲ្យរាជរដ្ឋាភិបាលធ្វើការ។ប្រសិនបើឈានជ្រុលហួស ស្ថានការណ៍(នឹងមានការវិវត្តន៍ ដែល) ទី១ ផ្ទៃក្នុងអាចមានបញ្ហា ព្រោះរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យធ្វើតែពីសតែពាសទេ។ ទី២ ព្រំដែនអាចមានបញ្ហាផ្ទុះអាវុធ ហើយក៏សូមអំពាវនាវទៅកាន់កងទ័ពមិនឲ្យលឺសូរបញ្ហាហ្នឹង មិនគួរកងទ័ពធ្វើការចល័តនៅតំបន់នោះទេ ទាំងកងទ័ពជើងទឹកជើងគោក។ ខ្ញុំព្រះករុណាខ្ញុំខ្លួនឯងទៅកោះ​គុតនឹងនៅឆ្នាំ១៩៩០ ជាមួយសម្ដេចពិជ័យ(សេនា ទៀ បាញ់) ហើយទៅមួយសារទៀតតាមឡាន ទៅបុណ្យសពបង សាយ ភូថង។ យើងឃើញស្ថានភាពកោះគុតយ៉ាងម៉េច។ ប៉ុន្ដែ ដំណាក់កាលនេះជាដំ​ណាក់កាល​ស្ថិតនៅក្នុងការចរចានៅឡើយ អត់ទាន់បានត្រូវរ៉ូវគ្នាទេ។ ប្រេងនៅក្រោមបាតសមុទ្រឯណោះ គេថាចែកគ្នា ថាក់ ស៊ីន ហ៊ុន សែន បាត់ទៅហើយ។ អាក្រក់ដល់ម្លឹង។ ទេព្ដាអើយ! យមរាជអើយ មេត្តាផ្ដល់យុត្ដិធម៌ហើយកាច់ពួកអាយុត្ដិធម៌ឲ្យវាទៅណាទៅណីទៅចុះ។ ប៉ុន្ដែសុំឲ្យគេបានសេចក្ដីសុខរបស់គេ ខ្ញុំព្រះករុណាខ្ញុំមិនដាក់បណ្ដាសាអីទេ។

 

អត្ថបទទាក់ទង