Grand News Asia Close

អាហ្រ្វិកខាងត្បូង កំពុងពិចារណាលើជម្រើស ទាក់ទងនឹងដីកាចាប់ខ្លួនលោក ពូទីន របស់ ICC​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 865
អាហ្រ្វិកខាងត្បូង កំពុងពិចារណាលើជម្រើស ទាក់ទងនឹងដីកាចាប់ខ្លួនលោក ពូទីន របស់ ICC​ អាហ្រ្វិកខាងត្បូង កំពុងពិចារណាលើជម្រើស ទាក់ទងនឹងដីកាចាប់ខ្លួនលោក ពូទីន របស់ ICC​

(ចូហាន់ណេស្បឺគ)៖ មន្ត្រីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងម្នាក់ នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាប្រទេសអាហ្វ្រិកខាងត្បូង កំពុងពិចារណាលើជម្រើសជាច្រើនរបស់ខ្លួន ពាក់ព័ន្ធនឹងដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងនឹងលោក វ្ល៉ាឌីមៀ ពូទីន ក្នុងករណីដែលប្រធានាធិបតីរុស្ស៉ីរូបនេះទទួលយកការអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស BRICS នៅខែសីហាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងនាមជាសមាជិក ICC អាហ្វ្រិកខាងត្បូង មានកាតព្វកិច្ចអនុវត្តមានតាមដីកាចាប់ខ្លួនលោក ពូទីន ដែលត្រូវបានចេញដោយតុលាការអន្តរជាតិមួយនេះកាលពីខែមីនា កន្លងទៅ ដោយចោទប្រកាន់ប្រមុខវិមានក្រឹមឡាំងរូបនេះពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន តាមរយៈការបណ្ដេញកុមារអ៊ុយក្រែនទាំងបង្ខំទៅកាន់ប្រទេសរុស្ស៉ី ឬទឹកដីអ៊ុយក្រែនដែលទាហានរុស្ស៉ីកំពុងកាន់កាប់។ ប៉ុន្តែ ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ហើយក្រុមមន្ត្រីរុស្ស៉ីខ្លះថែមទាំងគំរាមទៀតផងថាការចាប់ ខ្លួនលោក ពូទីន មានន័យស្មើនឹងប្រកាសសង្រ្គាមជាមួយរុស្ស៉ី។

អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៥ ខែមករាដើមឆ្នាំ២០២៣ បានអញ្ជើញលោក ពូទីន រួចរាល់ហើយ ឱ្យចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស BRICS ក្នុងទីក្រុង ចូហាន់ណេស្បឺគ (Johannesburg) ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហាខាងមុខ។ ក្រុមប្រទេស BRICS មានសមាជិកដូចជាប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

បើតាមលោក ហ្សេន ដេងហ្គ័រ (Zane Dangor) ជាអគ្គនាយកនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃរដ្ឋាភិបាលអាហ្រ្វិកខាងត្បូង មកទល់នឹងពេលនេះមិនទាន់មានការ សម្រេចចិត្តច្បាស់លាស់ណាមួយនៅឡើយទេ ជុំវិញដីកាចាប់ខ្លួនលោក ពូទីន ហើយរដ្ឋមន្ត្រីពាក់ព័ន្ធនឹងកិច្ចនេះនឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាលើជម្រើស នៅក្នុងពេលឆាប់ៗនេះ។ មិនមានការបញ្ជាក់ថាតើអ្វីទៅជាជម្រើសរបស់អាហ្វ្រិកខាងត្បូងនោះទេ។ ប៉ុន្តែ បើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមានជម្រើសមួយដែលទទួលបានការគាំទ្រពីក្រុមមន្ត្រីភាគច្រើន នោះគឺការស្នើសុំឱ្យចិនរៀបចំកិច្ចប្រជុំកំពូល BRICS នៅខែសីហា ជំនួសអាហ្វ្រិកខាងត្បូង ខណៈចិនមិនមែនជាសមាជិក ICC នោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅ នៅពេលត្រូវបានសាកសួរថាតើលោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល BRICS ដែរឬក៏យ៉ាងណា វិមានក្រឹមឡាំង បានឆ្លើយតបថារុស្ស៉ីនឹងចូលរួម នៅពេលវេលាស័ក្តិសមណាមួយ៕ ដោយ Fresh News

អត្ថបទទាក់ទង