Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 251

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែល​ពិធី​នេះ​ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
និស្សិត​ជ័យលាភីនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី មានចំនួនសរុប ៣ ២៧៩នាក់ (នារី ១ ៣១៩នាក់ ស្មើនឹងជាង៤០%) ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០១៩, ២០២០, ២០២១ និងឆ្នាំ២០២២ ក្នុងនោះ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ២ ៤៣៣នាក់, វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀបចំនួន ៥៣១នាក់ និងនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ៣១៥នាក់។
សញ្ញាបត្រដែលនិស្សិតជ័យលាភី ត្រូវទទួលបាន មានចំនួន ៥កម្រិតផ្សេងគ្នាគឺ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៣០១នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ២ ៨៤៨នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៦៦នាក់ (នារី ២៤នាក់), ថ្នាក់បសុវេជ្ជបណ្ឌិត ចំនួន ៥៦នាក់ (នារី ២០នាក់) និងថ្នាក់បណ្ឌិត ចំនួន ៨នាក់ (នារី ១នាក់)។ ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ មាននិស្សិតអាហារូបករណ៍ចំនួន ១ ០៧៧នាក់ (នារី ៤៩៩នាក់ ស្មើនឹងជាង ៤៦%)។
គិតចាប់ពីឆ្នាំ១៩៨៤ មកដល់ឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីបណ្តុះ បណ្តាល​បាន​ធនធានមនុស្សចំនួន ៣០ ៣៥៤ នាក់ (នារី ៧ ៨១៥ នាក់) ហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជា​មធ្យម គ្រឹះស្ថានទាំងបីបណ្តុះបណ្តាលបានធនធានមនុស្សជាង ៨០០នាក់ ក្នុងមួយឆ្នាំ សម្រាប់ វិស័យ​កសិកម្ម។
ជាមួយនឹងលទ្ធផលខាងលើនេះ គ្រឹះស្ថានឧត្តមសិក្សាទាំងបីបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ ជាបន្តបន្ទាប់ ជាពិសេស ការជំរុញអនុវត្តយុទ្ធសាស្រ្ត១០ឆ្នាំថ្មី២០២១-២០៣០ ដែលត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២១កន្លងទៅ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

អត្ថបទទាក់ទង