Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ សម្រង់ប្រសាសន៍ 489

CMF:

(១) អរគុណអង្គការ CCF និង PSE បានជួយដល់ប្រជាជនជាង ២០ឆ្នាំមកហើយ

និយាយរួម ថ្ងៃនេះតោងគេមកទេ។ ទី១ សូមអរគុណចំពោះ Scott Neeson ដែលរៀបរាប់អំពីការវិវត្តនៃអង្គការ CCF ក្នុងរយៈពេល ២០ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០០៤។ យើងបានជួបគ្នា ១០ឆ្នាំហើយ ដែលខ្ញុំចាំ។ ដំបូងគឺឆ្នាំ២០១៤។ អម្បាញ់មិញ សួរទៅ ក្មួយៗខ្លះមិនទាន់កើតផង។ អញ្ចឹងបានន័យថាសមាជិកថ្មី។ មើលប៉ុន្មាននាក់កើតក្រោយឆ្នាំ ២០១៤? មានមួយចំនួន។ កាលហ្នឹងមិនដឹងនៅណា។ នៅលេងនៅលើមេឃនៅឡើយមិនទាន់ចុះ។ ជួបលោកតាលោកយាយនៅទីនេះច្រើន។

ថ្ងៃនេះ ក៏មានវត្តមានរបស់លោកស្រី Marie-France des Pallière ដែលមកពីខាងអង្គការ PSE ហើយក៏សូមអរគុណផងដែរ ដែលបានធ្វើសកម្មភាព ២៨ឆ្នាំហើយជួយទៅដល់ប្រជាពលរដ្ឋនៅតំបន់នេះ។ អញ្ចឹង ទាំង CCF ទាំង PSE ថ្ងៃនេះក៏បានមកជួបគ្នា។ តាមពិត ដូចគ្រួសាររបស់ខ្ញុំបានលើកអញ្ចឹង គឺខួបនៅថ្ងៃទី២០ ឯណោះ។ តាមពិត ចង់ធ្វើនៅថ្ងៃទី២០ ប៉ុន្តែដល់ថ្ងៃទី២០នេះ ខ្ញុំរវល់ទៅឥណ្ឌូនេស៊ី ដើម្បីចូលរួមអបអរសាទរប្រធានាធិបតីឡើងកាន់តំណែង។ មកវិញមិនទាន់។ អញ្ចឹងក៏មកធ្វើចំថ្ងៃនេះ។ អត់ចំថ្ងៃចុងសប្ដាហ៍។ ក្មួយៗរៀនខ្លះ …។

ហេងដែរ ថ្ងៃនេះមក បានកើនកូនជាង ១០០០នាក់។ មិនធម្មតា។ មានតែកន្លែងនេះទេ ដែលខ្ញុំមកដល់។ គេស្គាល់ខាងប្រពន្ធខ្ញុំច្រើនជាងខ្ញុំ។ មកចុងក្រោយ ដូចខែមករា ឆ្នាំ២០២០។ កាលនោះ ភ្លើងឆេះផ្ទះប៉ុន្មានខ្នង។ ខ្ញុំក៏ចូលរួមជាមួយគ្រួសារ ជាមួយនឹងឯកឧត្តមអភិបាលរាជធានី និងសប្បុរជន បានកសាងផ្ទះ ហើយក៏បានជួបគ្នា។ ក្រោយមកទៀត ខ្ញុំមិនសូវបានមកទេ។ គ្រួសារខ្ញុំបានមកជាប់។ អញ្ចឹងបានគេស្គាល់តែ ម៉ាក់នី អត់ស្គាល់ ប៉ា ណែត ទេ។ ឥឡូវប៉ាមាន ២ ហើយ។ ពីមុនមាន ប៉ា Scott ឥឡូវមាន ប៉ា ណែត។ Scott កុំច្រណែន។ I just said Scott don’t envy. Normally there’s only Pa Scott. Now there’s another Pa here – Pa Net. So, don’t envy me។

ប៉ុន្តែការលះបង់របស់ Scott ក៏ដូចជាលោកស្រី Marie-France des Pallière និងបុគ្គលិករបស់អង្គការទាំង CCF និង PSE ដែលបានខិតខំក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ក៏បានផ្ដល់ផលជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ជួយច្រើនដល់រាជរដ្ឋាភិបាល។ សម្ដេចតេជោលោកតែងតែគាំទ្រទៅដល់សកម្មភាពនេះ។ ឥឡូវលោកទាំងពីរ(Scott និង Marie) ជាខ្មែររួចទៅហើយ​។ អញ្ចឹងយើងជាខ្មែរទាំងអស់គ្នានៅទីនេះ ជាពិសេសកូនៗ។

អម្បាញ់មិញ ចូលមកជួបជាមួយលោកយាយ។ ភ្ញាក់(នឹង)លោកយាយថា ទៅជិះអាមោរី។ ខ្ញុំសួរថា ស្អីទៅ អាមោរីហ្នឹង។ (ស្តាប់ទៅ)ដូច(ភាសា)ជប៉ុន? តាមពិត ឡូរី។ និយាយត្រង់ លោកយាយបានទៅជិះមុនខ្ញុំ។ ខ្ញុំឃើញតែនៅតាមទូរទស្សន៍ទេ។ អរគុណណាស់ ដែលថ្ងៃនេះសរសើរខ្ញុំថាក្មេង ហើយស ព្រោះនៅក្នុងផ្ទះ ខ្ញុំខ្មៅជាងគេ។ ប្រពន្ធ កូន គេសៗ។ ថ្ងៃនេះ លោកយាយថាក្មេង ហើយស គឺឡើងឈាមតែម្ដង។ អញ្ចឹងកើនអាយុ តែថយភាពយុវវ័យ គេថាកាន់តែក្មេងទៅ។ មកកាន់តែច្រើន លោកយាយសរសើរប៉ុននេះ កាន់តែក្មេងទៀតហើយ។ ប៉ុន្តែថ្ងៃនេះ ហេងវិញទើប(លាបថ្នាំសក់)អស់មួយកំប៉ុងទេ បាន(សក់)រាងខ្មៅ។ បើអត់ទេ (សក់)សដែរ។

ថ្ងៃនេះក៏បានជួបជាពិសេសក្មួយៗ ហើយកូនៗ។ ពុកបានព័ត៌មានច្រើនពី ម៉ាក់នី ដែរ ជាពិសេសអ្នកដែលឃើញសកម្មភាពផ្សេងៗ។ ថ្ងៃមុនឃើញដាក់សារអរគុណខួបកំណើត ប៉ា ណែត។ មើលអ្នកណាខ្លះថ្ងៃមុន ខ្ញុំភ្លេចបាត់ហើយ។ មានលោកយាយហើយ មានក្មួយៗទៀត ២-៣ឆ្នាំមុនឯណោះ សូមអរគុណ។ កូនៗមួយចំនួនក៏បានជោគជ័យច្រើន ហើយមានអ្នករៀនប្រឡងបាក់ឌូប្លិ៍ជាប់ទៅរៀនមហាវិទ្យាល័យ។ ប៉ុន្មាននាក់ទៅបានចេញទៅក្រៅប្រទេស? ឃើញក្លាហានណាស់ ឡើងកាន់កម្មវិធីម្តងៗ គឺក្លាហាន។ និយាយមុតស្រួច ជាងពិធីករគេរាប់ឆ្នាំទៀត។

អម្បាញ់មិញ មានអ្នកដែលត្រៀមអាហារូបករណ៍ទៅចិន។ មើលប៉ុន្មាននាក់បានអាហារូបករណ៍ពីសម្តេចតេជោ រៀនមហាវិទ្យាល័យ? មានទេក្មួយៗ កូនៗនៅទីនេះ? ហើយប៉ុន្មាននាក់មើលត្រៀមបាក់ឌូប្លិ៍ ឬមួយទើបបាក់ឌូប្លិ៍ជាប់? ងើបឈរវិញស្រួលមើលជាង។ PSE មានទេអ្នកជាប់បាក់ឌូប្លិ៍? អត់ទាន់មានទេ។ មើលប៉ុន្មាននាក់ហើយបានទៅចូលរៀនមហាវិទ្យាល័យ? អត់ទាន់ទេ។ ប៉ុន្មាននាក់ចង់ទៅរៀនមហាវិទ្យាល័យ? ចង់(ទាំងអស់គ្នា)។

ឥឡូវអញ្ចេះ ប៉ាមានអាហារូបករណ៍។ ភារម្យ មកដែរ។ កាន់អាហារូបករណ៍នៅទីនេះ។ កន្លងទៅយើងទាក់ទងជាប់។ អញ្ចឹងអ្នកណាចង់ដាក់ មានអាហារូបករណ៍រៀននៅក្នុងប្រទេស តាមសកលវិទ្យាល័យផ្សេងៗ បូកជាមួយនឹងក្រៅប្រទេសមាននៅចិន។ អញ្ចឹង អាចដាក់បានសម្រាប់ទៅរៀន។ អាហារូបករណ៍ឱ្យយើងរៀនបន្តបាន​។ មានអ្នកដែលចាប់ផ្តើមដូចទើបចូលថ្នាក់ទី១២ ប្រឹងប្រឡងជាប់បាក់ឌូប្លិ៍ មានអាហារូបករណ៍ឱ្យទៀត ដើម្បីរៀនត។ ចង់រៀនគឺផ្តល់ឱ្យ ហើយខំប្រឹងរៀនដើម្បីអនាគតរបស់ខ្លួន។

ខាង PSE ដូចគ្នាដែរ អ្នកដែលជាប់បាក់ឌូប្លិ៍ ត្រូវការអាហារូបករណ៍រៀនមហាវិទ្យាល័យ មានបន្តទៀត ឱ្យតែដាក់ចិត្តរៀន អត់បញ្ហា មាននៅក្នុងប្រទេស ក្រៅប្រទេស។ ដូចមាននៅខាងប្រទេសចិនគឺយើងមានមួយចំនួន។ គ្រាន់​តែនៅនោះត្រូវការភាសាចិន ភាសាអីផ្សេងៗ។ នៅក្នុងប្រទេស យើងមានសាលាច្រើនដែរ។ ក្រៅពីនេះគឺការរៀនសូត្រផ្សេងៗ ឃើញដូចរៀននៅសាលារដ្ឋផង ហើយក៏មានរៀននៅសាលាអង្គការបង្រៀនបន្ថែម។ អញ្ចឹងគឺជាការងារល្អណាស់ ចំពោះការរៀនសូត្ររបស់ក្មួយៗ របស់កូនៗ នៅទីនេះ។

ថ្ងៃនេះ រត់តោងមកនេះ តាមពិតថាឱ្យពញ្ញាក់ក៏ពញ្ញាក់ ប៉ុន្តែសំខាន់បំផុត បើសិនជាមករៀបចំស្តង់ដានាយករដ្ឋមន្ត្រី ប្រហែលអត់សប្បាយទេ។ អង្គរក្សពេញហ្នឹងអស់ហើយ។ សូម្បីតែមកអម្បាញ់មិញវង្វេងផ្លូវ ក៏អត់ប្រាប់គេផង។ នាយករដ្ឋមន្ត្រីវង្វេងផ្លូវអម្បាញ់មិញ។ គេបើកទៅដល់នោះ។ បើកៗ សួរថា ទេ!​ ដូចមិនធ្លាប់មកកន្លែងហ្នឹង។ ចូលទៅការ៉ាស់សាំងមួយបានគេប្រាប់ថា ថយក្រោយមកវិញ។ កុំប្រាប់គេ។ ប៉ុន្តែឥឡូវនិយាយដាក់មេក្រូ មានថតឡាយទៀត។ ដល់ទៅលាក់ការពេកទៅ វង្វេងផ្លូវអញ្ចឹង។ ប៉ុន្តែមកជួបគ្នាសប្បាយថ្ងៃនេះ។ ម្ហូបដូចធុំក្លិនឈ្ងុយណាស់ទៅហើយ ជាពិសេស ទៅជិតខាងនោះ ធុំឈ្ងុយមែនទែន។

[ផ្ដើមការសន្ទនា]

សម្ដេចធិបតី៖ ខ្ញុំសូមសួរលោកយាយបន្តិចមើល។ អម្បាញ់មិញគ្រួសារខ្ញុំសួរអត់ទាន់បានអស់។ លោកយាយបានដើរលេងកន្លែងណាខ្លះ? អត់ទាន់ទេ? លោកយាយបានទៅណាខ្លះ?

លោកយាយទី១៖ ចាស ខ្ញុំដើរលេងនេះគឺទៅច្រើនកន្លែងណាស់ ចាំអត់អស់ទេ។

សម្តេចធិបតី៖ ឥឡូវចាំកន្លែងណាច្បាស់ជាងគេ?

លោកយាយទី១៖ ទៅកំពង់សោម ទៅកោះទន្សាយ ទៅកំពត ទៅកែប ទៅសៀមរាប សប្បាយចិត្តណាស់សម្តេចអើយ! បានដើរលេង នាំគ្នារាំពេញឡាន … សប្បាយហើយរំភើបណាស់។

សម្តេចធិបតី៖ រាំពេញឡាន អត់អស់កម្លាំងទេ?

លោកយាយទី១៖ អត់ទេ ហើយបានទៅជិះអីឡើងខ្ពស់នោះទៀត។ សម្ដេចចៅឲ្យទៅជិះពោង ឲ្យរំភើប​។

សម្ដេចធិបតី៖ លោកយាយពាក់ Bikini ដែរ?

លោកយាយទី១៖ ពាក់តើសម្តេច។ នឹកឃើញថាសម្ដេចចៅជួយហើយ ពួយមួយទំហឹងតែម្ដង។

សម្ដេចធិបតី៖ ចុះទៅលេងព្រីនស៍ម៉ាន័រ នៅជិតកៀនស្វាយហ្នឹងឬ?

លោកយាយទី១៖ ចាស! ហ្នឹងហើយទៅលេងនៅនោះ សប្បាយណាស់ ហើយហូបបាយម្នាក់ ១ប្រអប់ៗ ឆ្ងាញ់លេងលោកយាយពួយ ២ប្រអប់ម្នាក់ឯងតែម្ដង។

សម្ដេចធិបតី៖ លេងមួយអស់ដៃហើយ មិនអស់កម្លាំង(យ៉ាងម៉េច អស់បាយ២ប្រអប់)។

លោកយាយទី១៖ អត់អស់កម្លាំងទេ សប្បាយ។ នឹកឃើញថាចំណាស់នេះហើយ ៨០ជាងហើយ កុំខ្វល់ មួយទំហឹងហ្មងទៅ។ ឃើញសម្ដេចទៅកន្លែងផ្សេងៗ ឃើញយាយៗចាប់ថើប ខ្ញុំនឹកឃើញធ្វើម៉េចឲ្យបានថើបសម្ដេចម្ដង។ លើកនេះបានមែន។ ខ្ញុំបានថើបតែចៅជំទាវ នឹកឃើញថា ធ្វើម៉េចបានសម្ដេចចៅមក? ឱបថើបមួយទំហឹងតែម្ដង លេបទុកក្នុងបេះដូងតែម្ដង។

សម្ដេចធិបតី៖ លោកយាយលេបទុកអញ្ចឹង ខ្ញុំចេញទៅធ្វើការងារម៉េចកើត?

លោកយាយទី១៖ ចិត្តសម្ដេចល្អ ម្លប់ត្រជាក់កូនៗចៅៗជំនាន់ក្រោយ ទុកដឹកនាំចៅៗ កូនៗ ឲ្យបានទៅមុខទៀត។ លោកប៉ា Scott ខ្ញុំក៏ចាស់ហើយ បានសង្ឃឹមជំទាវចៅស្រី និងសម្ដេចចៅប្រុសនេះហើយ អាយុជីវិតផ្ញើនៅហ្នឹង។ តាំងពីខ្ញុំចូលជ្រកក្នុងអង្គការនេះមក ឃើញតែសម្ដេចចៅប្រុស ម៉េចអត់មានគ្រួសារ​ទេ បានជាអត់ឃើញមក។ ឃើញតែគាត់មួយ។ ដល់ឃើញមកទាំងពីរ សប្បាយចិត្តណាស់ រំភើប។

សម្ដេចធិបតី៖ ឥឡូវឃើញចៅស្រីច្រើនជាងចៅប្រុសវិញ។

លោកយាយទី១៖ អត់ទេ ស្រឡាញ់ទាំងពីរស្មើគ្នា។ អម្បាញ់មិញ សុំចៅស្រីហើយ សុំថើបសម្ដេចចៅប្រុសឲ្យឆ្អែតតែម្ដង។

សម្ដេចធិបតី៖ ខ្ញុំមានត្រណមមួយលោកយាយ រឿងឱបថើបនេះ កុំសុំ តែសុំខ្ញុំអៀនណាស់។ យកល្អ ឱបហើយថើបយកតែម្ដងទៅ។

លោកយាយ​ទី១៖ អត់សុំ សម្ដេចចៅប្រុសទេ សុំចៅស្រី។

សម្ដេចធិបតី៖អត់អីទេ ព្រោះស្នាមស្លា ស្នាមក្រែមកន្លែងនេះជាប់ថ្ពាល់ មិនមានបញ្ហា សុវត្ថិភាព។

លោកយាយទី១៖ ក្រែមខ្ញុំជូតចេញហើយ ខ្លាចចៅស្រីអន់ចិត្តសម្ដេចចៅប្រុស នឹកឃើញអញ្ចេះ ថាយី! សម្ដេចទៅណា បានមានក្រមុំៗថើប សុទ្ធតែអាយុ១៧?

សម្ដេចធិបតី៖ គាត់ដឹង លោកយាយ។ ឥឡូវទៅណារួច។ ទៅណាក៏មានគេថតដែរ។ អញ្ចឹងបានមកនេះ អត់ប្រាប់ទាំងអង្គរក្ស។ តែដឹងហ្នឹង គឺមកពេញហ្នឹងហើយ។ រឿងសន្តិសុខ។ អញ្ចឹងបានលួចតោងគ្រួសារមកហ្នឹងឯង។ កម្មវិធីរបស់គាត់ទេ។

លោកយាយទី១៖ គ្រាន់តែគេប្រាប់ភ្លាម ខ្ញុំបត់ជើងសំពះ(បន់សុំឲ្យ)សម្ដេចចៅអញ្ជើញមកម្ដងមក ខ្ញុំថើបតែម្ដងក៏អស់ចិត្ត ដឹងអីពួយ២ខ្សឺត។

សម្ដេចធិបតី៖ បានប៉ុន្មានខ្សឺតហើយថ្ងៃនេះ? ចង់ថែមទៀតក៏បានដែរ បន្តិចទៀត។

លោកយាយទី១៖ ២ខ្សឺត។ ចាំអញ្ជើញទៅវិញ ថែម៣ទៀត ឲ្យគ្រប់ ៥ដង។

សម្ដេចធិបតី៖ អរគុណលោកយាយ។​ អម្បាញ់មិញ ដូចលោកយាយនៅតុនោះ ថាចង់ទៅណានោះ។ ចង់ទៅណាឥឡូវ? ដើរអស់ហើយ តើចង់ទៅណាទៀត? ជួបលោកយាយ និយាយបានច្រើន។ លោកយាយអង្គុយទៅចុះ មិនបាច់ងើបទេ។ ឬមួយកន្លែងណា​ចង់ទៅលេងម្ដងទៀតក៏បាន។

លោកយាយទី២៖ ភ្នំស្អីគេអត់ដែលបានទៅនោះ ភ្នំគូលែន។

សម្ដេចធិបតី៖ ភ្នំគូលែន សៀមរាប។ មិនមែនចង់ទៅ មកពីឮគេអី វូៗ ទឹកលិចពិភពលោកនោះទេឬ?​ កាលមុន (មានម្នាក់)គេថាទឹកលិចទូទាំងពិភពលោក នៅសល់តែគូលែន មិនមែនមូលហេតុហ្នឹងទេឬ? ចង់ទៅលេងលើនោះឬ?

លោកយាយទី២៖ ចង់ទៅលេងលើនោះ លោកចៅ។

សម្ដេចធិបតី៖ ភ្នំគូលែន សៀមរាប។ លោកយាយដូចធ្លាប់ទៅសៀមរាបម្ដងនៅ?

លោកយាយទី២៖ ទៅហើយ តែអត់បានទៅដល់ភ្នំហ្នឹង ចង់ទៅភ្នំ។

សម្ដេចធិបតី៖ មើល តើលោកយាយលោកតាប៉ុន្មាននាក់ចង់ទៅសៀមរាប ទៅលេងគូលែន? ច្រើនដែរតើ។ អញ្ចឹងជូនតាមសំណូមពរ។ ឥឡូវអញ្ចេះ ដោយសារខែនេះខែភ្លៀង ខ្ញុំថា ចាំក្រោយអុំទូក ខែផុតភ្លៀងល្អជាង។ ខែភ្លៀងពិបាកឡើងណាស់។

លោកយាយទី២៖ លោកចៅ សុំទោស កុំយូរពេក ខ្លាចយាយឡើងយន្តហោះទៅមុនបាត់។ ៩៦ហើយលោកចៅ នៅដល់អង្កាល់ទៀត?

សម្ដេចធិបតី៖ ចុះលោកយាយថា ១២០ឆ្នាំឯណោះ នោសល់យូរទៀត។ តែបុណ្យអុំទូកសល់តែ១ខែទៀតតើ ទៅឥឡូវភ្លៀង ពិបាកណាស់។ (ចាំ)ក្រោយអុំទូក លោកយាយនៅលេងអុំទូកនៅនេះហើយ។ អញ្ចឹងប្រហែលចុងខែ១១។ មានឡើងយន្តហោះទៅណាលោកយាយ។ ផុតភ្លៀង ឥឡូវនៅភ្លៀង។ ចាំក្រោយអុំទូក ផុតភ្លៀងហើយ។ ចាំរៀបចំទៅ អត់អីទេ លោកយាយ។ នឹងជូនទៅលេង។ ទាំងCCF និង PSE។ ប៉ុន្ដែ PSE អត់មាន granny?

លោកយាយទី២៖ អរគុណលោកចៅ ជូនពរអាយុវែង ១២០ បាន ២ ដង។

សម្ដេចធិបតី៖ តែ ១២០ បានហើយ ២៤០ ច្រើនណាស់ យូរពេកអផ្សុក។

លោកយាយទី២៖ ចុះយាយនៅបានប៉ុណ្ណាទៀតទៅ លោកចៅ ៩៦ ហើយ! ឈឺក្បាលជង្គង់។

សម្ដេចធិបតី៖ ៩៦ ប៉ុន្ដែនៅមាំ ឈឺក្បាលជង្គង់មិនអីទេ ចាំឡើងភ្នំគូលែន ជូនឡានឡើងដល់លើ។

លោកយាយទី២៖ លោកចៅកុំភ្លេចបាយក្ដាំង! ឲ្យយាយៗអត់ធ្មេញឲ្យគាត់ហូបឲ្យច្រើនជាងខ្ញុំ។ ហូបអត់អស់វ៉ៃ!

សម្ដេចធិបតី៖ (សើច) អញ្ចឹងលោកយាយចាំទៅលេងភ្នំគូលែនទាំងអស់គ្នាក្រោយបុណ្យអុំទូក។ មើលក្មួយៗណាខ្លះ ប៉ុន្មាននាក់ចូលជាសមាជិក Girl Guides? មើលចំណាប់អារម្មណ៍មួយមើល ខាង CCF និង PSE មើលមួយលើកដៃក្រោយខ្ពស់ជាងគេ។ ងើបឈរ!​ ចូល Girl Guides មានចំណាប់អារម្មណ៍ម៉េច? មានម៉ាក់ប្រធានហ្នឹងយ៉ាងម៉េច? សំណូមពរអីយ៉ាងម៉េច?

យុវតីCFF៖ ជាដំបូង សូមជម្រាបសួរដល់លោកប៉ា និងអ្នកម៉ាក់។ ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសប្បាយដោយសារអត់​ដឹងថាមានវត្ដមានរបស់លោកប៉ា គាត់អញ្ជើញមកទេ! ដឹងតែវត្ដមានអ្នកម៉ាក ពេជ ចន្ទមុន្នី ទេ។ មានអារម្មណ៍ថា​សប្បាយ ព្រោះជាការជួបលើកទី២។ លើកទី​១ នៅរាត្រីសមោសរ។ ថ្ងៃនេះ សម្ដេចបានសំណេះសំណាលជា​មួយម៉ាក់យាយជាច្រើន។ មានអារម្មណ៍ថាប្លែក និងបង្កើនបរិយាកាសមួយដែលសប្បាយ ដោយសារតែធ្វើការ​ហត់ទៅ យើងបាននិយាយជាមួយចាស់ៗច្រើន … ផ្ដល់រសជីវិត … មានអារម្មណ៍ថាកក់ក្ដៅ។

ខ្ញុំសូមអរគុណដែលលោកទាំងពីរបានផ្ដល់កិត្តិយសអញ្ជើញមក … សម្រាប់ខ្ញុំ ការចូលជា Girl Guides លើកដំ​បូងហ្នឹងគឺទទួលបានឱកាសច្រើនមែនទែន ដោយបាន​ចូល volunteer ទៅតាមខេត្តផង បោះជំរុំឆ្នាំមុននៅកំពង់ធំ ចេះ​ដេរកាបូប និងធ្វើអីផ្សេងៗទៀតច្រើន។ ជាពិសេស​ ខ្ញុំបង្កើនសមត្ថភាពចូលរួមកម្មវិធីផ្សេងៗ។ ខ្ញុំក៏បានក្លាយជាពិធីករមួយរូប ដែលអញ្ចឹងវាបង្កើនសមត្ថភាព(របស់ខ្ញុំ) អត់សូវភ័យដូចពីមុនទេ។ កន្លែងនេះគឺល្អសម្រាប់ខ្ញុំមែនទែន។ ខាងពួកគាត់ធ្វើក៏បាន​ល្អ។ អ្នកចូលរួមបានទៅក្រៅប្រទេសច្រើនមែនទែន។ មានអារម្មណ៍ថាសប្បាយចិត្ត។

ទាំងខ្ញុំ និងមិត្តភក្ដិខ្ញុំប៉ុន្មាននាក់ទៀតដែលបានចូលរួមកម្មវិធីថ្មីៗ ដែលយើងមិនដែលបានជួប។ ពួកខ្ញុំមិនសូវក្លា​ហានទេ ប៉ុន្ដែអាចនិយាយបាន ​មានគំនិតថ្មីចូលរួមជាមួយនឹងគេ។ មានអារម្មណ៍ថាស្គាល់គេកាន់តែច្រើន make friends។ សូមអរគុណដល់បងស្រី និងលោកប៉ា ដែលបានផ្ដល់ឱកាសមួយនេះដល់ពួកខ្ញុំដែលជាមនុស្សអត់សូវមានភាពក្លាហាន ខ្លាចច្រើន ទោះបីមានគំនិតក៏អត់ហ៊ាននិយាយទៅជាមួយគេទេខ្លាចថាគំនិតខ្លួនឯងខុស។

សម្ដេចធិបតី៖ សុំខាង PSE មួយ។ លោកតានោះលើកដៃខ្ពស់ ចាំបន្តិចទៀត ចាំជូនលោកតានិយាយ។ ឥឡូវក្មួយស្រីសិន។ កម្ពស់មួយម៉ែត្រប៉ុន្មាន?

យុវតីPSE៖ ចាស 172 cm លោកប៉ា! ជាដំបូង នាងខ្ញុំសូមគោរពជំរាបសួរលោកប៉ា និងអ្នកម៉ាក់ជាទីគោរព។

សម្ដេចធិបតី៖ ដើម្បីសម្រួល ដោយសារប៉ា មានពីរ! ប៉ា Scott ខាងនេះហៅពុកចុះ។ អញ្ចឹងមិនបាច់ឈ្មោះក៏បានដឹងតែប៉ាខាងនោះ ពុកខាងនេះ។ ស្រួលសាមញ្ញ។

យុវតីPSE៖ ចាសជាដំបូង នាងខ្ញុំសូមគោរពជំរាបសួរលោកពុក និងអ្នកម៉ាក់ជាទីគោរព។ ជម្រាបសួរដល់ប៉ា Scott និង mommy ជាទីគោរពបានចូលរួមក្នុងកម្មវិធីនេះ។ សម្រាប់នាងខ្ញុំពេលបានចូលរួមក្នុងកម្មវិធី Girl Guides នាងខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយ ពេលបានចូលរួមធ្វើការជាមួយម៉ាក់ហើយនាងខ្ញុំបានរៀនមេរៀនជាច្រើន ជាពិសេសម៉ាក់បានផ្ដល់ឱកាសឲ្យរូបនាងខ្ញុំបានធ្វើជា MC ហើយវាជាក្តីស្រមៃរបស់ខ្ញុំមួយដែលខ្ញុំបានធ្វើជា MC។

នាងខ្ញុំបានរៀនមេរៀនជាច្រើនទាក់ទងនឹងការដឹកនាំ ជំរុញ និងលើកទឹកចិត្តនាងខ្ញុំឲ្យនាងខ្ញុំបានយល់ដឹងពីកម្មវិធីជាច្រើន ដូចជាសកម្មភាពអន្តរជាតិជាដើម។ វាជាចំណែកមួយជំរុញ និងលើកទឹកចិត្តនាងខ្ញុំកាន់តែខិតខំប្រឹងប្រែងរៀនសូត្រ។ អរគុណបងស្រី និងពុកដែលផ្តល់ឱកាសដល់រូបនាងខ្ញុំ។

សម្តេចធិបតី៖ ដល់កូនធំៗ អញ្ចឹងហៅពុក ចង់ភ័យ។ តូចៗហៅពុកមិនអី ធំៗហៅពុកចង់ភ័យ។ លោកតាលើកដៃ អម្បាញ់មិញអញ្ជើញមានប្រសាសន៍ពីហ្នឹងមកទៅ។

លោកតា៖ ខ្ញុំសូមគោរពទាំងអស់គ្នាតែម្តង … ខ្ញុំមិនសូវចេះនិយាយទេ។ អរគុណទាំងអស់គ្នា ខ្ញុំបានមករស់នៅកន្លែងហ្នឹងបានសប្បាយមកដើរលេងគ្រប់កន្លែង ដើរលេងសប្បាយមែនទែន បាន ប៉ា Scott នេះដឹកនាំកូនពៅខ្ញុំនៅកន្លែងគំនរចាក់សំរាមយកមកឲ្យរៀនសូត្របានជ្រៅជ្រះដល់និសិត្សឆ្នាំទី៤។ ចប់អស់ហើយ។ ឥឡូវសូមអរគុណមែនទែន ព្រោះខ្ញុំអ្នកពិបាកវេទនាយ៉ាងខ្លោចផ្សារ គ្មានស្គាល់ភ្នំពេញអីទេ តែបានកូនខ្ញុំមក។ ខ្ញុំទើបនឹងមកក្រោយទេ មកតាមកូន អាណិតកូនណាស់ មកតស៊ូរៀនសូត្រ។ បានប៉ាបណ្តុះបណ្តាល ដឹកនាំពីកន្លែងចាក់សំរាមចាស់យើងនេះ ហូរសំបោរ គ្នាមកតែឯងគត់។ ខ្ញុំអរគុណច្រើនណាស់ សប្បាយរីករាយអស្ចារ្យ សូមអរគុណ។

សម្តេចធិបតី៖ បាទ! អរគុណលោកតា។ សូមអញ្ជើញលោកយាយ។

លោកយាយទី៣៖ ខ្ញុំរំភើបណាស់ថ្ងៃនេះ។ ធ្វើបុណ្យប៉ុន្មានវត្តក៏អរមិនស្មើព្រះរស់ទាំង២ អង្គ ដូចជា ប៉ា Scott និងឯកឧត្តម លោកជំទាវ។ ជាដំបូងខ្ញុំសូមគោរពលោកជំទាវ ឯកឧត្តមជាទីគោរព និងប៉ា Scott ជាទីគោរព ហើយនិងលោកយាយ លោកតាទាំងអស់ជាទីគោរព ហើយនិងបុគ្គលិកអង្គការ លោកគ្រូ អ្នកគ្រូទាំងអស់ជាទីគោរព និងកូនសិស្សទាំងអស់ជាទីគោរព។ បើសិននិយាយទៅខុសឆ្គងយ៉ាងណា ខ្ញុំសូមខន្តីអភ័យទោសឲ្យទូលបង្គំផង។ ខ្ញុំហ៊ានឡើងសុំនិយាយនេះដោយសាររំភើបពេក រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។

ខ្ញុំឈ្មោះ វិន សាបឿន អាយុ ៧៥ឆ្នាំ។ ខ្ញុំសូមអរគុណ ប៉ា Scott ជាខ្លាំងដោយចិញ្ចឹមខ្ញុំតាំងពីឆ្នាំ២០១១ ជីវប្រវត្តិខ្ញុំក្រដើរបេះកំប្លោកលក់ … សូមជូនពរឲ្យមានអាយុយឺនយូរ … ជូនពរដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអង្គការ Scott ទាំងអស់​ បម្រើយាយៗ តាៗ មិនថាយប់ មិនថាថ្ងៃ។ ខ្ញុំកូន ៤នាក់ក្នុងបន្ទុកនៅលំបាក ចុះទម្រាំលោកគ្រូ អ្នកគ្រូ និងអង្គការ Scott កូនចៅរាប់រយរាប់ពាន់ គាត់បម្រើមិនស្គាល់យប់ថ្ងៃ។ ជូនពរលោកគ្រូ អ្នកគ្រូ …។

សម្តេចធិបតី៖ សុំម្នាក់ចុងក្រោយ ក្មួយៗណា កូនៗណា បានចេញទៅក្រៅប្រទេស? បទពិសោធន៍យើងនៅក្រៅយ៉ាងម៉េច? អ្នកណាគេទៅ UK ទើបមក? ខាង debate ផងរៀបរាប់បទពិសោធយើងមើលថាធ្វើម៉េចបានមានឱកាសទៅ UK?

យុវតីដែលបានចេញទៅUK៖ … ខ្ញុំចូលរួមជាមួយកម្មវិធី Girl Guides ជាសមាជិក ទទួលបានបទពិសោធច្រើនមែនទែន ដែលខ្ញុំបានទៅក្រៅប្រទេស មិនថា​តែកម្មវិធីរបស់ Girl Guides ទេ ប៉ា Scott ក៏បានជួយខ្ញុំដែរ។ អញ្ចឹងខ្ញុំបានទៅអាមេរិក ក៏ដូចជាម៉ាក់ ចន្ទមុន្នី ឲ្យខ្ញុំបានទៅអង់គ្លេស។ បទពិសោធដែលទទួលបានគឺច្រើន ខ្ញុំសូមអរគុណដល់ពួកគាត់មែនទែន ដែលគាត់ខិតខំស្វះស្វែងរក scholarship ផ្សេងៗ ដើម្បីឲ្យសិស្សានុសិស្ស ក៏ដូចជាក្មេងៗដទៃទៀត ដែលរស់នៅក្នុងសហគមន៍នេះ គាត់ទទួលបានបទពិសោធច្រើន ក៏ដូចជាអាច explore ខ្លួនឯងជាមួយនឹងបទពិសោធថ្មី ទទួលបានចំណេះដឹងជាច្រើន ក៏ដូចជាបង្ហាញនូវបទពិសោធ និងសមត្ថភាពរបស់គាត់ទៅកាន់ក្មេងៗដទៃទៀត ដើម្បីឲ្យពួកគាត់អាចជាគំរូតាម និងបន្តជាមួយគ្នាផងដែរ។

ថ្ងៃនេះ ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន surprised ដោយមានវត្តមានរបស់លោកពុកមកចូលរួមថ្ងៃនេះ … ខ្ញុំនឹងបន្តឆ្ពោះទៅមុខទៀតជាមួយគោលដៅឲ្យបានជោគជ័យ ក៏ដូចជាសូមឲ្យសិស្សានុសិស្សទាំងអស់គ្នាខិតខំរៀន មិនថាមានភាពលំបាកយ៉ាងណា ឬបាក់ទឹកចិត្តផ្សេងៗ ក៏សូមអ្នកទាំងអស់គ្នាបន្តស្វះស្វែងនូវការសិក្សា ក៏ដូចជាចាប់យកឱកាស ព្រោះមនុស្សម្នាក់ៗនៅទីនេះមានឱកាសទាំងអស់ មិនថាបែបម៉េចទេ។ យើងត្រូវគិតថា យើងនៅតែមានឱកាស មិនថាឱកាសនោះវាកន្លងផុត ឬយើងបង្កើតនូវកំហុសក៏ដោយ តែយើងត្រូវតែរៀនអំពីបទពិសោធ និងកំហុសនោះ ដើម្បី improve ខ្លួនឯង ទៅកាន់គោលដៅរបស់យើង។

សម្ដេចធិបតី៖ នេះបានចំជាគេហៅថា អ្នក Debate មែន និយាយមិនឲ្យគូបដិបក្ខមានឱកាសក្នុងការនិយាយ​។ ម៉ោងប៉ុន្មានហើយ? បាយឆ្អិនឬនៅចុងភៅ? ចេញមកបណ្ដើរៗទៅ កូនៗហេវហើយ។

[ចប់ការសន្ទនាឆ្លងឆ្លើយ]

អរគុណណាស់ ថ្ងៃនេះបានមកជជែកលេងជាមួយលោកយាយ ហើយបាន២-៣ខ្សឺត ឡើងកម្លាំង ហើយខានជួបគ្នាមួយរយៈ។ តែទោះយ៉ាងណាក៏ផ្ដាំផ្ញើ ហើយជាពិសេសការផ្ដល់ឱកាសដែលអង្គការ PSE និង CCF និង Girl Guides ក្ដី គឺបានផ្ដល់ឱកាសឲ្យកូនៗនៅទីនេះបានរៀនសូត្រ បានពង្រឹងខ្លួន។ ហើយជាពិសេស ឪពុកម្ដាយ យាយតា ឡើងមក គាត់និយាយបានផល សំខាន់បំផុតបានឃើញចៅ បានឃើញកូនរីកចម្រើន។ អញ្ចឹងខ្ញុំមិនមានអីទេ អបអរសាទរណាស់។ អត់មានកាដូអីពិសេសសម្រាប់ថ្ងៃខួបកំណើតខ្ញុំក្រៅតែពីមកជួបគ្នាហើយសប្បាយជុំគ្នា។ ថ្ងៃនេះ ទោះបីជាមិនរយៈពេលវែងក៏ដោយ ប៉ុន្តែក៏បានជួបគ្នា។ សូមជូនពរដល់លោកតាលោកយាយទាំងអស់ និងកូនៗទាំងអស់នៅទីនេះ ឲ្យជោគជ័យក្នុងការសិក្សា ហើយខំប្រឹងរៀនទាំងអស់គ្នាតទៅទៀត។

អរគុណផងដែរដល់ Scott (Neeson) និងអ្នកស្រី Marie-France des Pallière ក៏ដូចជាបុគ្គលិករបស់អង្គការទាំងពីរ ឲ្យបានជោគជ័យ។ អរគុណណាស់ចំពោះការខិតខំប្រឹងប្រែងមើលថែដល់ទាំងសហគមន៍លោកតាលោកយាយ ទាំងក្មួយៗកូនៗនៅទីនេះទាំងអស់គ្នា។ សូមអរគុណណាស់ដែលបានចូលរួម។ ហើយអរគុណដល់អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ក្នុងការជួយ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវនៅទីនេះក៏បានជួយនៅក្នុងការពង្រឹងយកចិត្តទុកដាក់ទៅដល់សហគមន៍របស់យើង។

មានតែប៉ុណ្ណឹងទេ។ កុំនិយាយយូរពេក ម៉ោងបាយ ខ្លាចដាច់បាយ បាយឆ្អិនហើយ។ ក្មួយៗដាក់បណ្ដើរៗទៅ កុំឲ្យខាន។ ថ្ងៃនេះ ក៏ពាំនាំមកជាមួយ សម្រាប់អង្គការ CCF និង PSE មួយអង្គការនូវអង្ករ១តោន មី៣០០កេស ទឹកក្រូច១០០កេស ទឹកសុទ្ធ១០០កេស និងថវិកា ២០លានរៀលផងដែរ។ ជូនលោក/អ្នកគ្រូសម្រាប់អង្គការ CCF និង PSE ដែលចូលរួមថ្ងៃនេះសរុបចំនួន ៨៩នាក់ សូមជូនម្នាក់ៗ១០ម៉ឺនរៀលផងដែរ។ ជូនលោកតាលោកយាយ ៦៤នាក់ ដែលអញ្ជើញចូលរួមថ្ងៃនេះ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ១០ម៉ឺនរៀលផងដែរ។ សម្រាប់ក្រោយបុណ្យអុំទូក ទៅលេងគូលែនទាំងអស់គ្នា។ ក្មួយៗ CCF និង PSE ចំនួន ៥៦២នាក់ ម្នាក់ៗ ២ម៉ឺនរៀល បន្ថែមលើនេះផងដែរ។ អញ្ចឹងទះដៃឮតែម្ដង។ ជូនពរកូនៗ ប្រឹងរៀន ដើម្បីចាប់យកឱកាស។ ឮជាងគេ អ្នកតូចៗនោះ។ អញ្ជើញទទួលទានបាយ៕

អត្ថបទទាក់ទង