Grand News Asia Close

បទអត្ថាធិប្បាយ៖ ពលរដ្ឋខ្មែរថ្កោលទោសសម្តីបុគ្គល ហៃ វណ្ណា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 249
បទអត្ថាធិប្បាយ៖ ពលរដ្ឋខ្មែរថ្កោលទោសសម្តីបុគ្គល ហៃ វណ្ណា បទអត្ថាធិប្បាយ៖ ពលរដ្ឋខ្មែរថ្កោលទោសសម្តីបុគ្គល ហៃ វណ្ណា

(ភ្នំពេញ)៖ ថ្មីៗនេះពាក្យសម្តីរបស់មេដឹកនាំបាតុកម្មម្នាក់នៅក្នុងប្រទេសជប៉ុនឈ្មោះ ហៃ វណ្ណា ដែល និយាយញុះញង់ប៉ុនប៉ងបង្កការផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានរងនឹងការថ្កោលទោសជាខ្លាំងពីសាធារណៈមតិ។

បុគ្គលរូបនេះបាននិយាយថា៖ «បើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ»។ បុគ្គលរូបនេះ បានអំពាវនាវឱ្យក្រុមសកម្មជនប្រឆាំងនៅក្នុងប្រទេសកម្ពុជា រិះរកវិធីសាស្ត្រ ធ្វើយ៉ាងណា ដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ។

ពាក្យសម្តីដុតបញ្ឆេះកំហឹងនេះ បានធ្វើឱ្យគេនឹកឃើញដល់សម័យដឹកនាំអតីតកាល នៃរបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជាសម័យខ្មែរក្រហមចន្លោះរវាងពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦មករា ឆ្នាំ១៩៧៩។

សម័យអតីតកាលនោះ គឺជាសម័យដុតបញ្ឆេះកំហឹងមនុស្សជាតិសាសន៍ ប្រឆាំងខ្មែរគ្នាឯង ដោយការនិយាយលាបពណ៌ដាក់ខ្មែរគ្នាឯងថា ជាក្រុម CIA, ក្រុម KGB និងសម័យនោះបានអប់រំមនុស្សថា ការរៀនសូត្រ មិនចាំបាច់ត្រូវរៀនឱ្យចប់ថ្នាក់ខ្ពស់ណាមួយនោះទេ ប៉ុន្តែគឺការចេះកាន់ចប, កាន់ប៉ែល, ការរែកដី, ជីកប្រឡាយ និងការស្តាប់បង្គាប់អង្គការស្លៀកខោ អាវខ្មៅតែមួយប៉ុណ្ណោះ គឺជាមនុស្សអ្នកចេះដឹងពិតប្រាកដ» ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យនោះហើយ។

សម្តីរបស់បុគ្គល ហៃ វណ្ណា គឺមានលំនាំដូចនឹងសម្តីរបស់កម្មាភិបាលដឹកនាំខ្មែរក្រហម ក្នុងសម័យអតីតកាលនោះ ដែលជំរុញឱ្យការដុតកម្ទេចខឿនសេដ្ឋកិច្ចជាតិ, កម្ទេចវប្បធម៌ខ្មែរខ្លួនឯង និងកម្ទេចនូវអ្វីៗ ទាំងអស់ដែលជាគ្រឹះទ្រទ្រង់ភាពរឹងមាំរបស់ជាតិ ឱ្យរលាយសាបសូន្យខ្ទេចខ្ទី។ បុគ្គលរូបនេះ បាននិយាយញុះញង់ ឱ្យមានការធ្វើបាតុកម្ម បង្កវិច្ឆេទ្ធកម្មនៅក្នុងស្រុក ដើម្បីរារាំងមិនឱ្យខ្មែរនៅក្រៅស្រុកឬជនបរទេស ឬអ្នកបណ្តាក់ទុន ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាឡើយ ដើម្បីតែមហិច្ឆតាជំរុញសេដ្ឋកិច្ចខ្មែរឱ្យធ្លាក់ចុះដល់បាតតារាង។

សម្តីរបស់បុគ្គល ហៃ វណ្ណា ដែលមានចរិតបំផ្លាញនូវគ្រឹះទ្រទ្រង់ដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិនេះ បានធ្វើឱ្យយើងគិតថា បើសិនជាបុគ្គលនេះ និងក្រុមរបស់គេ បានក្លាយជាអ្នកដឹកនាំរបស់ជាតិ ខ្មែរមែននោះ តើភាពវិនាសកម្មនៃការបំផ្លាញជាតិ, តើការសងសឹកសម្លាប់គ្នាទៅវិញទៅមក ដោយកំហឹងលេលា ដោយគ្មានការពិចារណាលើវាសនាអនាគតនយោបាយរបស់ខ្មែរនាអនាគត តើវានឹងក្លាយជាយ៉ាងណាទៅវិញ?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងតាមរយៈសារ ក្នុងបណ្តាញសង្គមបញ្ជាក់ថា «ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោ បាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល»។

សម្តេចធិបតីបានសរសេរបន្តស្នើ៖ «កុំឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ដាប់សាររបស់បុគ្គល ហៃ វណ្ណា នេះ និងសូមធ្វើការពិចារណាចុះ ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា»។

សម្តីបង្កភាពញុះញង់របស់បុគ្គល ហៃ វណ្ណា គឺជាការឆ្មក់ឱកាសមួយ បន្ទាប់ពីបុគ្គលរូបនេះ និងក្រុមរបស់ពួកគេ បានបង្កើតនូវព័ត៌មានក្លែងក្លាយមួយចោទថា គំរោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម និងឡាវ ដែលមានខេត្តបួនភាគឥសានកម្ពុជាគឺ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី នៃចក្ខុវិស័យអាស៊ាន និងដែលបានកើតឡើង រយៈពេល២៥ឆ្នាំ រួចមកហើយ គឺជាគម្រោងធ្វើឱ្យបាត់ដីខេត្តខ្មែរទាំងបួនទៅឱ្យបរទេស។

សារសម្តីញុះញង់របស់ ហៃ វណ្ណា និងបក្ខពួក បានបង្កឱ្យមានទំនាស់ពាក្យសម្តីប្រឈមមុខគ្នា ចំពោះក្តីបារម្ភ លើភាពបាត់បង់ទឹកដី និងអធិបតេយ្យភាពជាតិ ខណៈ២៥ឆ្នាំរួចមកនេះ ខេត្តបួននាភាគឦសាន ប្រទេសនោះ មិនបានបាត់បង់ដីមួយចម្រៀកណាឡើយ ប៉ុន្តែថែមទាំងក្លាយជាខេត្តដែលមានការអភិវឌ្ឍតភ្ជាប់បណ្តាញប្រព័ន្ធទឹក, ភ្លើង, ផ្លូវ ដែលបម្រើដល់ជីវភាពប្រជាជនយ៉ាងទូលំទូលាយថែមទៀត។

សម្តីញុះញង់របស់ឈ្មោះ ហៃ វណ្ណា នោះក្រោមមកបានលេច ចេញនូវក្រឡាច្បាស់របស់ខ្លួន គឺការចង់ផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន តាមរយៈការបំផុសមនុស្សដើម្បីឱ្យធ្វើ បាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា វៀតណាម និង ឡាវ ដោយការលើកយកឧទាហរណ៍នៃចលនាបដិវត្តន៍ Generation Z កើតក្នុងប្រទេសបង់ក្លាដេស្ហជាគំរូ។

កម្ពុជាទើបតែមានការឯកភាពទឹកដី និងមានសន្តិភាពពិតប្រាកដ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលទើបនឹងមានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំរួចមកនេះ ប៉ុន្តែភាពញុះញង់ បង្កក្តីមន្ទិលសង្ស័យរបស់ ក្រុមធ្វើនយោបាយប្រឆាំងដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវគេឃើញថា វាគឺជា ដើមចមពិតប្រាកដនៃការ ចង់ឱ្យប្រទេសជាតិ ដែលមានសន្តិភាពធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។ ហេតុដូច្នេះហើយ ទើបបុគ្គល ហៃ វណ្ណា រូបនេះ មិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវាយបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលឡើយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងតាមសារបណ្តាញសង្គមទៀតថាអ្វីដែលឈ្មោះ ហៃ វណ្ណា បាននិយាយនេះ ប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារគាត់ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់គាត់ នឹងក្រុមគ្រួសារទេ។

សំណួរនោះ គឺថាបើសិនជាសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមកមែននោះ តើការធ្លាក់ចុះនោះ នឹងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬទេ? នេះជាប្រសាសន៍បកស្រាយរបស់បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា៖ «កាលណាយើងនិយាយអំពីការធ្លាក់ចុះសេដ្ឋកិច្ច គឺសំដៅទៅលើសេដ្ឋកិច្ចជាតិទាំងមូលដែលមានការធ្លាក់ចុះ គឺនៅក្នុងនោះរួមមានការធ្លាក់ចុះនៃផលិតកម្មនានានៅក្នុងប្រទេស។ ការធ្លាក់ចុះនៃផលិតកម្មនានានៅក្នុងប្រទេស បានធ្វើឲ្យផលប៉ះពាល់។

ទី១៖ គឺកើតមានអតិផរណា។ បើមានអតិផរណា គឺប្រជាពលរដ្ឋ ត្រូវរងគ្រោះមុនគេ គឺអ្នកដែលមានចំណូលថេរ ដូចជាក្រុមពលរដ្ឋដែលជាកម្មកររោងចក្រ, ក្រុមអ្នកដែលធ្វើការឲ្យគេ សុទ្ធតែរងផលប៉ះពាល់ដោយសារអតិផរណា។ ទី២អ្នកដែលមានចំណូលទាប ក្រុមមនុស្សដែលមានចំណូលទាប គឺរងគ្រោះដោយសារតែ ទំនិញឡើងថ្លៃដែលធ្វើឲ្យ គាត់វិបត្តិប្រាក់ចំណូល មិនអាចមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការចាយវាយ និងការរស់នៅចិញ្ជឹមជីវិតរបស់គាត់។

ចំពោះផលប៉ះពាល់ទី២ គឺអ្នកលក់រាយ។ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ នាពេលបច្ចុប្បន្ននេះ កាលណាទំនិញឡើងថ្លៃ នឹងធ្វើឲ្យអ្នកទិញ កាត់បន្ថយការចាយវាយ និងការទិញទំនិញរបស់គាត់, ធ្វើឲ្យផលិតកម្មនិងការលក់ដូរបស់គាត់មានការថមថយ ហើយវិស័យលក់រាយនេះ មានការថមថយ…យើងដឹងថាពលរដ្ឋយើងប្រមាណជា៦០ភាគរយ កំពុងតែស្ថិតនៅក្នុងវិស័យលក់រាយនេះ នឹងត្រូវប្រឈម ជាមួយនិងវិបត្តិនៃប្រាក់ចំណូលផងដែរ។

ដូចគ្នានេះការកាត់បន្ថយចំណាយនានា គឺរួមចំណែកធ្វើឲ្យមានការថយចុះនូវវិស័យ សេវាកម្មមួយចំនួនដួចជាប្រព័ន្ធដឹកជញ្ជូន។ បងប្អូនដែលរត់កងបី, បងប្អូនដែលជាអ្នកប្រកបសេវាដឹកជញ្ជូននានា នឹងត្រូវប្រឈមជាមួយនឹងការថមថយ ដោយសារតែវិបត្តិ ប្រាក់ចំណូលថយចុះ ឬក៏អតិផរណាកើនឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋ លែងសូវធ្វើដំណើរនានា លែងធ្វើដំណើរកំសាន្តនានា លែងសូវធ្វើដំណើរចរាចរណ៍ទៅវិញទៅមកព្យាយាមការកាត់បន្ថយចំណាយផ្សេងៗ ដើម្បីទុកសម្រាប់បំប៉ននូវអាហារ សម្រាប់ការរស់នៅ។

ហើយថ្មីៗនេះក៏យើងដឹងដែរថា ការនាំចូលនូវផលិតផលកសិកម្ម ពីក្រៅប្រទេសមក វាមានបរិមាណច្រើន ហើយកាលណាតែយើងរងវិបត្តិប្រាក់ចំណូលរបស់យើង គឺយើងនឹងរងគ្រោះដោយសារតែ វិបត្តិដោះដូរនៅក្នុងប្រទេសរបស់យើងនេះឯង។ ដូចច្នេះ ការធ្លាក់ចុះនៃសេដ្ឋកិច្ច ការថមថយនៃសេដ្ឋកិច្ច គឺទាញឲ្យមនុស្សគ្រប់រូប រងគ្រោះហើយអ្នកដែលរងគ្រោះ មុនគេគឺក្រុមមនុស្សដែលមានប្រាក់ចំណូលទាប និងក្រុមមនុស្សដែលមានចំណូលថេរ ។

ចំណែកឯអ្នកដែលមានចំណូលខ្ពស់ និងអ្នកដែលមានទ្រព្យសម្បត្តិច្រើន វិបត្តិសេដ្ឋកិច្ចនេះក៏មានផលប៉ះពាល់ដែរ ក៏ប៉ុន្តែក្នុងរយ:ពេលខ្លី ផលប៉ះពាល់អ្នកចំណូលខ្ពស់ អ្នកដែល មានទ្រព្យសម្បត្តិច្រើន ហាក់ដូចជាមិនទាន់ឃើញមានជះឥទ្ធិពល ខ្លាំងទៅលើកំរិតជីវភាពរបស់គាត់ទេ។

ក៏ប៉ុន្តែរយ:ពេលវែងទៅអ្នកដែលមានចំណូលខ្ពស់ ក៏ប្រឈមជាមួយនិងការធ្លាក់ចុះដែរ ក៏ប៉ុន្តែអ្វីដែលប៉ះពាល់មុនគេ គឺអ្នកដែលមានចំណូលទាប និងអ្នកដែលមានចំណូលថេរនឹងត្រូវប្រឈមជាមួយនិងការប៉ះពាល់ នៃវិបត្តិប្រាក់ចំណូលនេះមុនគេ ហើយក្នុងរយ:ពេលខ្លីលឿនជាងគេ»។

បណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា ចំពោះការធ្លាក់ចុះនៃការវិនិយោគ និងភាពវឹកវនៅក្នុងប្រទេស ក៏ជាការរួមចំណែកមួយ ដែលនឹងធ្វើឲ្យអ្នកវិនិយោគ ចាកចេញត្រលប់ទៅក្រៅប្រទេសវិញ ហើយការចាកចេញរបស់ អ្នកវិនិយោគនេះ ក៏ជះឥទ្ធិលពលមុនគេ គឺកម្មករដែលបម្រើការនៅក្នុងរោងចក្រ ដែលត្រូវប្រឈមនឹងភាពអត់ការងារធ្វើ…ហើយកាលណាភាពខ្ទេចខ្ទាំ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច បានថមថយនោះ ភាពឥតការងារធ្វើ នឹងកើតមានឡើង។

ដូច្នេះការស្តារនិងផ្តល់ទំនុកចិត្ត ដើម្បីឲ្យអ្នកវិនិយោគ វិលត្រលប់មកវិញ គឺត្រូវតែចំណាយពេលវេលាហើយការកសាងនូវកេរ្តិ៍ឈ្មោះ ក៏ត្រូវការពេលវេលាច្រើន ដើម្បីការវិលត្រលប់របស់វិនិយោគិនទាំងនោះ មកវិញផងដែរ៖ «ដូច្នេះហើយអ្នកដែលរងគ្រោះមុនគេបំផុត នោះគឺគ្មានអ្នកណាក្រៅពី បងប្អូនកម្មករ របស់យើងនោះ ដែលរងគ្រោះដោយផ្ទាល់ ជាមួយនិងការបិទនៃរោងចក្រទី២ គឺអ្នករងគ្រោះដោយប្រយោល បន្ទាប់គឺក្រុមមនុស្សដែលលក់ម្ហូបអាហារ និងដឹកជញ្ជូនបងប្អូនកម្មករនេះ ត្រូវរងគ្រោះជាបន្ត បន្ទាប់ៗ ដែលថមថយនូវវិបត្តិប្រាក់ចំណូល។

ហើយទី៣ អ្នកដែលរងគ្រោះបន្តឥទ្ធិពលពី អ្នកលក់ម្ហូបអាហារ គឺបងប្អូនកសិកររបស់យើងដែលផលិត ផលិតផលកសិកម្ម បងប្អូនប្រកបរបរលក់រាយ ដែលផលិតផលម្ហូបអាហារ និងប្រើប្រាស់ផ្សេងៗ សម្រាប់បងប្អូនកម្មករក៏ត្រូវរងគ្រោះបន្តគ្នា ហើយបន្ទាប់ពីនោះទៀតគឺអ្នកដែលមានផ្ទះជួល ក៏ត្រូវរងគ្រោះដោយសារតែវិបត្តិនៃការបិទរោងចក្រដែរ។

អញ្ចឹងទាំងអស់នេះគឺជាផលអវិជ្ជមាន យ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋកម្ពុជាយើងហើយជាពិសេស ដូចដែលបានជម្រាបជូនពីខាងដើម គឺបងប្អូពលរដ្ឋយើង ដែលមានចំណូលថេរ មានចំណូលទាប បងប្អូនកម្មករ បងប្អូនប្រកបមុខរបរក្រៅប្រព័ន្ធតូចតាច និងត្រូវតែរងគ្រោះមុនគេហើយ ហើយនេះគឺជាផលប៉ះពាល់ដ៏អវិជ្ជមាន នៃការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ច»។

ដូច្នេះបុគ្គល ហៃ វណ្ណា ត្រូវមើលឱ្យឃើញច្បាស់ថា បើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះហើយ អ្នករងគ្រោះដំបូងគេបំផុត គឺគ្មានអ្នកណាទេក្រៅពីប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុកនោះ។

ពលរដ្ឋខ្មែរ ត្រូវមើលឃើញឱ្យច្បាស់នូវគំនិតទុច្ចរិតរបស់បុគ្គល ហៃ វណ្ណា នេះពីព្រោះក្រោយការនាំក្រុមគ្រួសាររបស់ខ្លួនចាកចេញពីប្រទេសកម្ពុជាទៅរស់នៅជប៉ុនអស់ហើយ បុគ្គលនេះ មិនបានគិតគូរពីសុខទុក្ខដល់ពលរដ្ឋខ្មែរដូចគ្នាដែលកំពុងរស់នៅក្នុងស្រុកឡើយ។ ដើម្បីតែមហិច្ឆតានយោបាយបម្រើជនក្បត់ជាតិបីជំនាន់ បុគ្គលរូបនេះកំពុងតែនិយាយញុះញង់ឱ្យសកម្មជនគាំទ្រគណបក្សប្រឆាំង បង្កចលាចល ដើម្បីការសម្លាប់សេដ្ឋកិច្ចជាតិខ្មែរ ដែលជាគ្រឹះទ្រទ្រង់មនុស្ស១៧លាននាក់ក្នុងប្រទេសកម្ពុជាហើយ៕

អត្ថបទរបស់លោកម៉ារ យ៉ារិទ្ធិ អ្នកកាសែតជើងចាស់នៃប្រទេសកម្ពុជា

 

អត្ថបទទាក់ទង