យល់ដឹងពីការចូលវស្សា, ដង្ហែទៀនវស្សានិងសាដក
មុននឹងនិយាយដល់ប្រវត្តិនៃការចាំវស្សា ឬ ការចូលវស្សា និងហែទៀនវស្សា សូមពន្យល់ ពាក្យខ្លះៗដែលប្រើក្នុងទីនេះ៖
– វស្សា=(ន) បាលី,សំស្ក្រឹត មានន័យថា ឆ្នាំ,ភ្លៀង,រដូវភ្លៀង។
– កាន់វស្សា ឬចាំវស្សា = នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់របស់បព្វជិតពុទ្ធសាសនិក ។
– ចូលវស្សា = ប្តេជ្ញាថា នៅក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរ ។
– ដាច់វស្សា = នៅឲ្យកន្លងអរុណក្នុងទីក្រៅអាវាស (វត្ត) ដែលកំណត់ចាំវស្សារបស់ភិក្ខុ សាមណេរ ។
– ទៀនវស្សា = ទៀនធំដែលទាយកទាយិកាប្រគេនដល់ភិក្ខុ សាមណេរឲ្យអុជក្នុងរដូវចូលវស្សា ។
– សាដក = (ន) បាលី, សំស្ក្រឹតមានន័យថាសំពត់ សំពត់ងូត (សំពត់ទឹកភ្លៀង)។
ការចាំវស្សារបស់ព្រះសង្ឃពុទ្ធសាសនិក
ការចូលវស្សា ឬ ចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក សម្រាប់ព្រះសង្ឃថេរវាទក្នុងសកលលោក មានប្រទេសស្រីលង្កា ប្រទេសថៃ ប្រទេសភូមា ប្រទេសលាវ ព្រមទាំងប្រទេសជាច្រើនផ្សេងទៀតក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ ។ រឿងនេះ មានសម្តែងទុកក្នុងគម្ពីរព្រះត្រៃបិដកភាគទី ៧ ក្នុងវស្សូបនាយិកក្ខន្ធកៈ ទំព័រ១ ផ្នែកព្រះវិន័យ។
ក. មូលហេតុនៃការចូលវស្សា
សម័យនោះ ព្រះមានព្រះភាគទ្រង់គង់នៅវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯងការចាំវស្សាព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយនៅឡើយទេ ។ ភិក្ខុទាំងនោះក៏ចេញដេីរទៅកាន់ចារិក ផ្សេងៗអស់ហេមន្តរដូវ ខ្លះអស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណៈជាសាក្យបុត្តិយ៍ មិនសមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅ្រសស់ ជាន់សត្វល្អិតៗ ឲ្យវិនាសសោះ ។ សូម្បីពួកបរិពា្វជកមានលទ្ធិដទៃ ជាអ្នកពោលធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់សម្រាក់ចាំវស្សា ឬ សូម្បីពួកសត្វស្លាបទៀតសេាត ក៏គង់តែធ្វើសំបុកលើចុងឈើ ហើយសម្ងំឈប់សម្រាកចាំវស្សាដែរ។ ពេលមនុស្សទាំងឡាយកំពុងលើកទោសបែបនេះ ពួកភិក្ខុទាំងនោះក៏បានឮច្បាស់នឹងត្រចៀកផ្ទាល់ហើយក៏នាំសេចក្តីនោះទៅក្រាបទូលព្រះសម្ពុទ្ធ ។ ព្រះសាស្តាទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា “អនុជា នាមិ ភិក្ខុវេ វស្សំ ឧបគន្តុំ = ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា” ។
ខ.ការចូលវស្សា ឬចាំវស្សាមានពីរគឺ៖
១.បុរិមិកាវស្សា (វស្សាខាងដើម)
២.បច្ឆិមិកាវស្សា (វស្សាខាងចុង ១)។
សេចក្តីពន្យល់៖
ការចូលបុរិមិកាវស្សា នៅថ្ងៃ១រោច ខែអាសាឍ ហើយចេញនៅថ្ងៃពេញបូណ៌មី ខែអស្សុជ (បើឆ្នាំណាមានអធិកមាស ត្រូវចូលនៅថ្ងៃ ១ រោជ ខែទុតិយាសាឍ ព្រោះមានពុទ្ធានុញ្ញាតថា “អនុជានាមិ ភិក្ខុវេ រាជូនំ អនុវត្តិតុំ = ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចូលវស្សាទៅតាមការ អនុវត្តលេីខែរបស់ព្រះរាជាចុះ ” ។ ការចូលបច្ឆិមិកាវស្សា នៅថ្ងៃ១រោច ខែស្រាពណ៌ ហើយចេញនៅថ្ងៃពេញបូណ៌មីខែកត្តិក ។ ប្រសិនបើភិក្ខុណាមានធុរៈ មិនបានប្តេជ្ញាអធិដ្ឋានបាលីចូលបុរិមិកាវស្សាទេ ភិក្ខុនោះអាចប្តេជ្ញាអធិដ្ឋានបាលីចូលបច្ឆិមិកាវស្សាក៏បានដែរ ប៉ុន្តែភិក្ខុពុំអាចគេចវេះមិនចូលវស្សាណាមួយជាដាច់ខាត ដូចមានពុទ្ធប្បញ្ញាត្តិថា “ន ភិក្ខុវេ វស្សំ ន ឧបគន្តព្វំ យោន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស = ម្នាលភិក្ខុទាំងឡាយភិក្ខុកុំមិនចូលវស្សាឡើយ គឺត្រូវតែចូលវស្សា ភិក្ខុណាមិនចូលវស្សា ភិក្ខុនោះត្រូវអាបត្តិទុក្កដ”។
គ. សត្តាហករណីយ
ភិក្ខុ កាលបើបានប្តេជ្ញាអធិដ្ឋានចូលវស្សា ក្នុងអាវាសណាមួយហើយ ត្រូវស្ថិតនៅក្នុងបរិវេណអាវាសនោះគ្រប់បីខែ គឺមិនត្រូវចេញក្រៅអាវាសនោះឲ្យកន្លងរាត្រីណាមួយឡើយ ដូចមានពុទ្ធប្បញ្ញាត្តិថា “ន ភិក្ខុវេ វស្សំ ឧបគន្ត្វា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវសិត្វា ចារិកា បក្កមិតព្វា យោបក្កមេយ្យ អាបត្តិ ទុក្កដស្ស = ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ខែបី ឬបច្ឆិមិកាវស្សាអស់ខែបីទេ មិនត្រូវចៀសចេញទៅកាន់ចារិកឡើយ, ភិក្ខុណាចៀសចេញទៅត្រូវអាបត្តិទុក្កដ” ។ ប៉ុន្តែបើភិក្ខុមានធុរៈចាំបាច់ អាចលើកសត្តាហៈ (សុំច្បាប់ព្រះ) ជាមុនហើយទើបចេញបាន តែត្រូវត្រឡប់មកអាវាសវិញឲ្យទាន់ចន្លោះថ្ងៃ៧ យ៉ាងយូរបំផុត ។ ឯធុរៈចាំបាច់ដែលភិក្ខុលើកយកមកធ្វើជាមូលហេតុដើម្បីលើកសត្តាហៈនោះគឺ៖
– ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ឧបាសក ឧបាសិកា ចង់ធ្វើទាន ចង់ស្តាប់ធម៌ ចង់ឃើញ ហើយគេបញ្ជូនបម្រើមក ភិក្ខុអាចលើកសត្តាហៈបាន។
– ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតាបិតា បងប្អូនប្រុសមានជម្ងឺ ឬក៏មានសង្ឃកិច្ចត្រូវបំពេញ ភិក្ខុអាចលើកសត្តាហៈបាន។
– បងប្អូនស្រី ញាតិ អ្នកធ្វើការឈ្នួល (វេយ្យាវច្ចៈ) មានជម្ងឺ ហើយគេបញ្ជូនបម្រើមក ភិក្ខុ អាចលើកសត្តាហៈទៅបាន។
ឃ. ឯវិធីលើកសត្តាហៈនោះគឺ៖
ភិក្ខុ ត្រូវគ្រងចីពរឆៀងស្មាម្ខាង ចូលទៅថ្វាយបង្គំព្រះ (ព្រះពុទ្ធរូប) អធិដ្ឋានបាលីលើកសត្តាហៈថា “សចេ មេ អន្តរាយោ នត្ថិ សត្តាហព្ភន្តរេ បុន និវត្តិស្សាមិ = ប្រសិនគ្មានអន្តរាយកើតមានដល់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គ នឹងវិលត្រឡប់មកអាវាសនេះវិញក្នុងចន្លោះនៃ៧ថ្ងៃ” (សូត្របីដង)។ បើភិក្ខុបានលើកសត្តាហៈបែបនេះហើយចេញទៅ ស្រាប់តែមានឧបសគ្គតាមផ្លូវ ធ្វើឲ្យភិក្ខុមិនអាចត្រឡប់មកអាវាសវិញ ក្នុងចន្លោះនៃ៧ថ្ងៃទេ ភិក្ខុនោះឈ្មោះថាដាច់វស្សា តែមិនត្រូវអាបត្តិ (ទោស) ឡើយ ។ នៅមានអន្តរាយមួយចំនួនទៀត ដែលធ្វើឲ្យភិក្ខុត្រូវចេញចាកអាវាស (រត់ចោលវស្សា) តែមិនត្រូវអាបត្តិទេ គឺគ្រាន់តែដាច់វស្សាប៉ុណ្ណោះ។ អន្តរាយទាំងនោះដូចជាសត្វសាហាវបៀតបៀន, សត្វមានពិសបៀតបៀន, ភ្លើងឆេះស្រុក និងទីសេនាសនៈ, ទឹកជន់លិចស្រុក ចោរមកតាំងនៅក្នុងស្រុក, ពួកទាយកជាច្រើនឥតមានសទ្ធាជ្រះថ្លា, ខ្វះចង្ហាន់បិណ្ឌបាត, គ្មានឧបដ្ឋាកដ៏សមគួរ, ស្រីប្រលោមភិក្ខុ ស្រីផ្កាមាសប្រលោមភិក្ខុ, នាងថុល្លកុមារី ប្រលោម ភិក្ខុ, មនុស្សខ្ទើយប្រលោមភិក្ខុ ញាតិប្រលោមភិក្ខុ, ស្តេចប្រលោមភិក្ខុ, ពួកចោរប្រលោមភិក្ខុ, អ្នកលេងប្រលោមភិក្ខុ, ភិក្ខុឃើញកំណប់ទ្រព្យ ភិក្ខុសង្ឃបែកគ្នា។
ង. ការកំណត់ចាំវស្សាក្នុងសម័យពុទ្ធកាល
ស្រុកភូមិណា ដែលស្ថិតនៅឆ្ងាយដាច់ស្រយាល គ្មានវត្តអារាមនៅជិត គេតែងនាំគ្នារៀបចំធ្វើជាសាលានៅកន្លែងណាមួយក្បែរនោះ ហើយនិមន្តភិក្ខុសង្ឃតិច ឬច្រើនអង្គតាមសទ្ធានិមន្ត ឲ្យគង់ចាំវស្សាទីនោះ ដើម្បីងាយស្រួលក្នុងការធ្វើបុណ្យសុន្ទរ៍ទានផ្សេងៗ។ ភិក្ខុមុននឹងសម្រេចចិត្តទទួលនិមន្តចូលវស្សានៅកន្លែងណាមួយ ត្រូវពិនិត្យមើលកន្លែងនោះ ឲ្យបានម៉ត់ចត់ជាមុនសិនសឹមទទួលនិមន្ត ។ បើពិនិត្យឃើញថា កន្លែងដែលគេនិមន្តឲ្យនៅចាំវស្សានោះសមរម្យ គ្មានចង្អៀតទេ ភិក្ខុគប្បីទទួលនិមន្តចុះ ។ ទីកន្លែងដែលព្រះសម្ពុទ្ធទ្រង់ហាមមិនឲ្យចូលវស្សានោះគឺ ក្នុងរូងឈើ, លើប្រគាបឈើ, ក្នុងទីវាលគ្មានសេនាសនៈ, ក្នុងខ្ទមអ្នកតា, ក្រោមឆត្រ, ក្នុងអាងទឹក (និងទីកន្លែងមានរង្កៀស)។
ច. ទិដ្ឋភាពនៃការចូលវស្សា
ក្នុងការចូលវស្សារបស់ភិក្ខុសង្ឃ ដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាត និងបញ្ញាត្តទុកតមកនោះ ពុំមានពិធីអ្វីអបរួមផ្សំច្រើនទេ គឺបើកាលណាតិថីចូលវស្សាមកដល់ហើយ ភិក្ខុគ្រាន់តែអធិដ្ឋានបាលីចូលវស្សាប៉ុណ្ណោះជាការស្រេច ប៉ុន្តែក្នុងការចូលវស្សារបស់ភិក្ខុសង្ឃកម្ពុជា គេសង្កេតឃើញមានសកម្មភាព និងពិធីអមគួបផ្សំមួយចំនួន កើតមាននៅពេលជាមួយគ្នានោះដែរ។
ភិក្ខុសាមណេរ ដែលស្នាក់នៅរៀនសូត្រឆ្ងាយពីស្រុកកំណើត ត្រូវបានឈប់សម្រាកចំនួនពីរសប្តាហ៍មុនថ្ងៃចូលវស្សា ដើម្បីទៅសួរសុខទុក្ខញាតិញោម ឯញាតិញោមក៏បវារណាចតុប្បច្ច័យត្រៀមទុកប្រើប្រាស់ក្នុងឱកាសចូលវស្សាអស់ខែបី។
មុនថ្ងៃចូលវស្សាមកដល់ អាចារ្យ គណៈកម្មការវត្ត តែងដើរប្រកូកប្រកាសដំណឹងអំពីថ្ងៃចូលវស្សា និងសុំឲ្យឧបាសក ឧបាសិកា ទាយកទាយិកាចំណុះជើងវត្តជួយបរិច្ចាគចតុប្បច្ច័យតាមកម្លាំងសទ្ធា ដើម្បីឧបត្ថម្ភព្រះសង្ឃដែលនឹងគង់ចាំវស្សាក្នុងវត្តរបស់ខ្លួននាឆ្នាំនេះ។
ជិតដល់ថ្ងៃចូលវស្សា ឧបាសក ឧបាសិកា តែងមកកាន់វត្តច្រើនកុះករប្លែកពីធម្មតា ដើម្បីសមាទានសីល ប្រគេនចង្ហាន់ព្រះសង្ឃ បោសច្រាសវត្តអារាមសិតទៀនវស្សា ចាត់ចែងសាដកប្រគេនព្រះសង្ឃ ។ តាមឯកសារនានា បានបញ្ចាក់ថា ព្រះអតីតមហាក្សត្រខ្មែរ ទ្រង់មានព្រះរាជសទ្ធាជ្រះថ្លា បំពេញព្រះរាជកុសលក្នុងឱកាសព្រះសង្ឃចូលវស្សានេះដែរ ដូចជាទ្រង់ឲ្យធ្វើពិធីខ្វាន់នាគ ពិធីសិតទៀនវស្សា និងពិធីនិមន្តទេវរូបចូលវស្សាជាដើម។
នៅល្ងាចថ្ងៃ១៥កើត ខែអាសាឍ គេឃើញឧបាសក ឧបាសិកា មកជួបជុំគ្នាក្នុងវត្ត ហែទៀនវស្សា ហែសាដក និងគ្រឿងសម្ភារៈប្រទក្សិណព្រះវិហារនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បវារណាព្រះសង្ឃចូលព្រះវស្សា វេរទៀនវស្សាសាដក ប្រគេនព្រះសង្ឃ ។ លុះព្រឹកឡើង មានការប្រគេនភត្តាហារចំពោះព្រះសង្ឃទៀត។
នៅល្ងាចថ្ងៃ១រោច ខែអាសាឍ គេឃើញព្រះសង្ឃនិមន្តជួបជុំនៅក្នុងព្រះវិហា ។ ព្រះសង្ឃជាមហាថេរ បានប្រកាសអំពីការចូលវស្សា និងធ្វើការក្រើនរំលឹកអំពីក្រឹត្យវិន័យ ដែលទាក់ទងដល់ការចូលវស្សាថា “ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ទុតិយម្បិ ឥមស្មឹ… វស្សំ ឧបេមិ, តតិយម្បិ ឥមស្មឹ… វស្សំ ឧបេមិ = ខ្ញុំសូមនៅចាំវស្សាអស់ខែបីក្នុងអាវាសនេះ អស់វារវពីរដងផង អស់វារៈបីដងផង” ជាកិច្ចបពា្ចប់នៃពិធីចូលវស្សា។
ពាក្យថាទៀនជានាមស័ព្ទ មានន័យថាគ្រឿងសម្រាប់អុជ ធ្វើដោយក្រមួនឬខ្លាញ់មានអំបោះជាប្រឆេះ សម្រាប់អុជយកពន្លឺជាសក្ការបូជាឬអុជបំភ្លឺតាមធម្មតា ។ ពេលរដូវវស្សាយើងហែទៅប្រគេន ភិក្ខុ សាមណេរសម្រាប់អុជក្នុងខែវស្សាយើងហៅទៀននោះថា ទៀនវស្សា។
មុននឹងឈានដល់ការយល់ដឹងពីទៀនវស្សាខ្ញុំសូមរៀបរាប់ពីឈ្មោះរាយនាមទៀនខ្មែរ ដែលដកស្រង់ពីមជ្ឈមណ្ឌលនគរខ្មែរ៖ ទៀនរាយ, ទៀនគោល, ទៀនកល្ប, ទៀនពេល, ទៀនស្នែងក្របី, ទៀនជើងត្បូង, ទៀនបេះបក, ទៀនកុឡែ, ទៀនបង្វិលពពិល, ទៀនជ័យ, ទៀនវស្សា, ទៀនត្រែង, ទៀនកំភ្លឹង។
»ទៀនកល្ប ទៀនមួយប្រភេទធំខ្លី សម្រាប់អុជជូនដំណើរបុគ្គល ដែលជិតនឹងទទួលមរណភាព (ប្រើតាម ទម្លាប់អ្នកស្រុក ចំពោះតែអ្នកត្រូវការ)។
»ទៀនគោល ទៀនធំលញ់ ដោយក្រមួន ទម្ងន់តាំងពី ១ តម្លឹងឡើងទៅ សម្រាប់ប្រើ ក្នុងពិធីបុណ្យ និងមង្គលការផ្សេងៗ ឬបិទនៅគ្រែទេសនា ដោយសន្មតថា ជាគោលលើសអស់ទៀនទាំងពួង។
»ទៀនជ័យ ទៀនធំ សិតដោយក្រមួន តាំងពីទម្ងន់ ១៦ នាឡិឡើងទៅ សម្រាប់អុជ ក្នុងពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ឬអុជក្នុងពិធីសូត្រ ភាណយក្ស ក្នុងព្រះបរមរាជវាំង (តាមទម្លាប់ រាជប្រពៃណី ក្នុងកម្ពុជរដ្ឋ) អុជទៀនជ័យ, លត់ទៀនជ័យ។
»ទៀនវស្សា ទៀនធំស្រដៀងគ្នា នឹងទៀនជ័យ ប៉ុន្តែសិតដោយ ក្រមួនច្រើន ដែលទាយកទាយិកាធ្វើប្រគេនភិក្ខុសង្ឃ ក្នុងថ្ងៃ ១៥ កើត ឬថ្ងៃ ១ រោចខែអាសាឍ សម្រាប់ព្រះភិក្ខុសង្ឃ អុជបូជាចំពោះព្រះរតនត្រ័យរាល់យប់ ក្នុងរដូវវស្សា សិតទៀនវស្សា, ហែទៀនវស្សា, វេរទៀនវស្សា៕
ប្រភពនៃការសាងទៀនវស្សា
ប្រទេសខ្មែរ មានទំនៀមសាងទៀនវស្សាជាច្រើនរាជ្យមកហើយ បានជាថាដូច្នេះដោយអាងគោល ២ យ៉ាង៖
១.ដោយឃើញបុរាណវត្ថុ គឺជើងទៀនវស្សាធ្វើពីថ្មភក់ ដែលពុទ្ធបរិស័ទវត្តលង្កាក្រៅក្នុងខេត្តសៀមរាប បាននាំយកមកតម្កល់ទុកក្នុងមន្ទីរពុទ្ធសាសនបណ្ឌិត្យ ដែលអ្នកគ្រប់គ្រងមន្ទីរនេះបានតរូបជើងទៀននោះ ព្រមទាំងធ្វើសេចក្តីអធិប្បាយរឿងជើងទៀននោះ ចុះក្នុងទស្សនាវដ្តីកម្ពុជសុរិយា ថាជើងទៀននោះ ប្រហែលជាសាង តាំងពី ព.ស.២៣៥០, គ.ស.១៨០៧, ព.ស.២៤០០, គ.ស.១៨៥៧ ម៉េ្លះ។
២.ដោយឃើញព្រះរាជពង្សាវតារក្រុងកម្ពុជារជ្ជកាលព្រះបរមកោដ្ឋ (ព្រះអង្គឌួង) ថា ថ្ងៃ១៤ កើត ខែអាសាឍហែទៀនវស្សា ថ្ងៃ១៥កើត ខែអាសាឍ ហែទៀនវស្សា ថ្ងៃ១៥កើត ខែអាសាឍ អុជទៀនវស្សា និមន្តព្រះសង្ឃចូលព្រះវស្សា។
ព្រះករុណា បរមកោដ្ឋ ទ្រង់ប្រសូតក្នុង ព.ស.២៣៣៩, គ.ស.១៧៩៥, ទ្រង់សោយរាជ្យក្នុង ព.ស.២៣៩១, គ.ស.១៨៤៨, ទ្រង់សោយទិវង្គត ក្នុងព.ស.២៤០៤, គ.ស.១៨៥៩។
សង្កេតសករាជនៃរឿងទាំង២ គឺរឿងជើងទៀន វស្សារបស់វត្តលង្កាក្រៅហើយនិងរឿងព្រះរាជកុសលសាងទៀនវស្សា របស់ព្រះករុណាបរមកោដ្ឋ ឃើញថា ស្របាលគ្នា គឺថាជើងទៀនវស្សារបស់វត្តលង្កាក្រៅ សាងក្នុងរជ្ជកាលព្រះករុណាបរមកោដ្ឋនោះឯង។
ទៀនវស្សានេះ ឧបាសក ឧបាសិកា ធ្វើដើម្បីព្រះសង្ឃអុជថ្វាយព្រះរតនត្រ័យអស់ខែបី ទៀនវស្សានេះមានទទឹងមាត់មួយតឹក និងកម្ពស់ពីរហត្ថ ធ្វើដោយក្រមួនឃ្មុំ ឬក្រមួនចំបក់, នៅគល់ទៀនខាងក្រោមមានជើងទ្រ ធ្វើដោយឈើ មានក្បាច់ត្របកឈូក, តែនៅមាត់ខាងលើ គេច្រើនធ្វើឡតដែកចាក់ប្រេងដួង ឬប្រេងសណ្តែកដាក់ប្រឆេះអុជ គឺមិនអុជទៀនផ្ទាល់ទេ ព្រោះក្រែងទៀននោះ ឆេះឆាបអស់មុនពេលចេញវស្សា។ អ្នកខ្លះយកផ្កាមាសធ្វើដោយស្ពាន់គ្រប ទៅបិទជាលម្អលើតួទៀនក៏មាន។ របៀបធ្វើទៀនវស្សានេះ មានរចនាច្រើនបែបណាស់តាមការនិយមរបស់អ្នកស្រុក ។ បច្ចុប្បន្ន គេនិយមប្រើចង្កៀងប្រេងកាត សម្រាប់អុជថ្វាយព្រះរតនត្រ័យ គឺមិនសិតទៀនដោយក្រមួនឃ្មុំ ឬក្រមួនចំបក់ដូចជំនាន់មុនទេ ប៉ុន្តែត្រូវអុជឲ្យឆេះរហូតគ្រប់ខែបី មិនឲ្យរលត់ក្នុងខណៈណាមួយឡើយ ។ ទំនៀមធ្វើទៀនវស្សាបូជាព្រះក្នុងរយៈពេលចូលវស្សានេះ ពុំមាននិយាយក្នុងគម្ពីរព្រះពុទ្ធសាសនា (ព្រះត្រៃបិដក) ទេ ប៉ុន្តែមាននិយាយនៅក្នុងសាស្ត្រាអានិសង្សទៀនវស្សា ដែលខ្មែរយើងនិយមសម្តែងនៅពេលចូលវស្សានេះឯង។ គម្ពីរនេះ ពុំមានដាក់ឈ្មោះអ្នកតែង ហើយមិនដឹងជាតែងឡើងក្នុងរាជ្យណាដែរ។ ឯសេចក្តីក្នុងសាស្ត្រានេះ ដំណាលថា កាលព្រះសម្ពុទ្ធទ្រង់គង់ធរមាននៅឡើយ មានបុរសកម្សត់ម្នាក់រកស៊ីកាប់អុសលក់ជាមុខរបរប្រចាំថ្ងៃ។ គាត់តែងសង្កេតឃើញខ្លាឃ្មុំមួយធំ លោតចេញពីរូងមួយរៀងរាល់ថ្ងៃ។ ពេលដែលខ្លាឃ្មុំនោះលោតចេញផុតទៅ គាត់ក៏ដើរទៅមើលឃើញសុទ្ធតែអាចម៍ខ្លាឃ្មុំ ហើយក៏វេចយកមកបង្ហាញអ្នកជិតខាងឲ្យជួយមើល ។ អ្នកជិតខាងប្រាប់ថា “អាចម៍ខ្លាឃ្មុំនេះ គេតែងយកមកស្ងោរធ្វើក្រមួន ធ្វើទៀនអុជ, ចូរអ្នកទៅយកឲ្យច្រើនមក” ។ បុរសកម្សត់នោះ នឹកគិតថា “ចុះបើអាចម៍ខ្លាឃ្មុំនេះ គេអាចយកមក ធ្វើជាទៀនអុជបាន តើគេអាចយកទាននោះ ទៅអុជជាគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គបានឬទេ? ឬមួយជាការមិនសមគួរគប្បី ព្រោះទៀននេះធ្វើអំពីសំណល់មិនស្អាត (អាចម៍) បែបនេះ? ពេលដែលបុរសនោះកំពុងតែនឹកសង្ស័យមិនដាច់ស្រេចក្នុងចិត្តបែបនេះ ស្រាប់តែឃើញព្រះមហារោហន្ទត្ថេរនិមន្តមកដល់ ក៏ទូលសួរលេាកតាមដំណើរ ។ ព្រះមហារោហន្ទត្ថេរ មានដីកាថា ”ជាការប្រសើរណាស់ ” ។ លុះបុរសនោះធ្វើបានជាទៀនច្រើនហើយក៏នាំយកទៅថ្វាយព្រះមានបុណ្យ ។ ព្រះមហារោហន្ទត្ថេរដែលជាអ្នកដឹកនាំទៅនោះ បានទូលព្រះអង្គថា ”បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះបានទៅយកអាចម៍ខ្លាឃ្មុំមកស្ងេារយកក្រមួនលញ់ជាទៀន យកមកអុជបូជាព្រះអង្គ ហើយសង្ស័យថា ក្រែងពុំបានផលានិសង្សអ្វីទេដឹង ទើបខ្ញុំព្រះអង្គនាំគាត់ចូលមកនេះ” ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា ”ម្នាលអាវុសោអើយ! បុរសនេះនឹងត្រូវបានទទួលផលានិសង្សច្រើនប្រការ ប្រាថ្នាអ្វីសឹងបានដូចបំណងទាំងអស់” ។ បុរសនោះស្តាប់ហើយ ត្រេកអរក្រៃលែង ។ នៅពេលដែលបុរសយកទៀនទៅថ្វាយព្រះពុទ្ធអង្គនោះ អានិសង្សបុណ្យកុសលនេះ បានបណ្តាលឲ្យក្តៅក្រហាយ ដល់ព្រះឥន្ទ្រធិរាជទ្រង់បើកទិព្វចក្ខុមើលមក ឃើញបុរសកម្សត់កំពុងប្រាថ្នាកុំឲ្យក្រលំបាក និងកុំឲ្យកព្រីកំព្រាដូចជាតិនេះទៀត ក៏ប្រើព្រះវិស្សកម្មទេវបុត្រឲ្យទៅជបជាប្រាសាទមាសប្រាសាទប្រាក់ ឃ្លាំងមាស ឃ្លាំងប្រាក់ ព្រមទាំងសួនប្រកបដោយដើមឈើពេញទៅដោយផ្កាផ្លែគ្រប់ពណ៌យ៉ាងល្អ មានទាំងអ្នកគាល់បម្រើច្រើនត្រៀបត្រា ពុំមានខ្វះកន្លះអ្វីឡើយ។
លុះបុរសត្រឡប់ពីវត្តជេតពន រកខ្ទមស្លឹកមិនឃើញ ហើយបែរជាឃើញឯប្រាសាទភ្លឺរន្ទាលឆ្អិនឆ្អៅទៅវិញ ក៏ភ័យណាស់រត់ទៅទូលព្រះមហារោហន្ទត្ថេរ ។ ព្រះថេរៈមានដីកាថា ”ចូរអ្នកឡើងទៅនៅចុះ ព្រោះជាលទ្ធផលនៃបុញ្ញកម្មរបស់អ្នកហើយ”។
ដោយសារមានរឿងនិទានដូច្នេះហើយបានជាខ្មែរយេីងនិយមសិតទៀនវស្សាបូជាព្រះ នៅពេលព្រះសង្ឃចូលវស្សា ។ ក្នុងគម្ពីពុទ្ធសាសនាគ្មាននិយាយទាក់ទងដល់ទៀនវស្សាទេ ប៉ុន្តែមាននិយាយពីប្រទីប ។ ប្រទីប ចាត់ទុកជាសក្ការបូជាមួយដែរ សម្រាប់បូជាព្រះរតនត្រ័យ ។ តាមការសន្និដ្ឋានរបស់អ្នកប្រាជ្ញខ្លះថា ការធ្វើទៀនវស្សាបូជាព្រះរតនត្រ័យនេះ បំណងជាមានទំនៀមជាប់មកពីព្រហ្មញ្ញសាសនា ព្រោះពួកព្រាហ្មណ៍ពេលប្រារព្ធធ្វើពិធីផ្សេងៗ តែងយកការអុជភ្លើងជាធំ ។ ពេលប្រារព្ធពិធី គេប្រុងប្រយ័ត្នណាស់មិនឲ្យរលត់ទេ ព្រោះយល់ថា បើទៀន ឬភ្លើងរលត់ក្នុងពេលមិនទាន់ចប់ពិធីវាជាប្រផ្នូលអាក្រក់មួយ ។ ឯការអុជទៀនវស្សានេះក៏មានការប្រុងប្រយ័ត្នដែរ បើទៀនរលត់ក្នុងវស្សា គេយល់ថាជាការដាច់វស្សាហើយ តែក្នុងវិន័យមិនបាននិយាយថា ដាច់វស្សាព្រោះការរលត់ភ្លើងទៀននោះឡើយ។
អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា ការប្រុងប្រយ័ត្នមិនឲ្យរលត់ទៀនវស្សានេះ ជាប្រស្នាមួយពញ្ញាក់ស្មារតីភិក្ខុសង្ឃឲ្យខិតខំអនុវត្តតាមពុទ្ធប្បញ្ញាត្តិ កុំឲ្យមានការថ្លោះធ្លោយដាច់វស្សា ព្រោះវស្សាងាយដាច់ណាស់ ប្រៀបដូចជាភ្លើងទៀនដែរ បើយើងមិនប្រយ័ត្នប្រាកដជាដាច់ពុំខាន ។ អ្នកខ្លះទៀតសន្និដ្ឋានថា ទៀនវស្សានេះជានិមិត្តរូបនៃព្រះប្រាជ្ញាញាណព្រះមហាករុណាទិគុណ របស់ព្រះពុទ្ធអង្គ ដែលតែងតែភ្លឺស្វាងនិងមានជានិច្ច ចំពោះសព្វសត្វ ឥតមានពេលណាអាក់ខាន ឬរលត់ឡើយ។
រឿងដែលឧបាសក ឧបាសិកា និយមធ្វើសាដកប្រគេនសង្ឃសម្រាប់ស្រង់ទឹកនោះ មានសម្តែងទុកនៅក្នុងគម្ពីព្រះត្រៃបិដក ភាគទី ៨ (វិន័យបិដក) ទំព័រ ១២៥ នៃចីវរក្ខន្ធកៈ ផងនិងមាននិយាយក្នុងសាស្ត្រាអានិសង្សសាដកផង។
ក/ គម្ពីព្រះត្រៃបិដក បានឮថា ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី ។ វេលានោះ នាងវិសាខាក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់មេត្តាទទួលភត្តរបស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ ។ ព្រះមានព្រះភាគទ្រង់ ទទួលនិមន្តដោយតុណ្ហីភាព ។ នាងវិសាខាក៏ក្រាបថ្វាយបង្គំលាព្រះសាស្តាចេញទៅ ។ លុះរាត្រីកន្លងទៅមានភ្លៀងធំធ្លាក់ចុះសព្វទ្វីបទាំងបួន ។ គ្រានោះពួកភិក្ខុនាំគ្នាស្រាតងូតទឹក ។ ជួនពេលនោះ នាងវិសាខា បានប្រើទាសីឲ្យទៅនិមន្តព្រះពុទ្ធ និងភិក្ខុសង្ឃដើម្បីទទួលភត្ត ។ នាងទាសីក៏ធ្វើដំណើរទៅដល់វត្តជេតពន រកមើលមិនឃើញពួកភិក្ខុសោះឃើញតែមនុស្សកំពុងងូតទឹកស្រាត ក៏គិតថា ក្នុងអារាមនេះគ្មានពួកភិក្ខុទេ មានតែពួកអាជីវក កំពុងងូតទឹកជម្រះកាយ រួចក៏ត្រឡប់មកកាន់សំណាក់នាងវិសាខាវិញ ហើយជម្រាបថា ”បពិត្រអ្នកនាងម្ចាស់! ក្នុងអារាមគ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវកកំពុងងូតទឹកជម្រះកាយ”។ នាងវិសាខា ជាស្ត្រីឈ្លាសវៃក៏យល់ភ្លាមថា ”ច្បាស់ជាលោកម្ចាស់ទាំងឡាយដាក់ចីវរចេញ ហើយនាំគ្នាងូតទឹកភ្លៀងជម្រះកាយ តែទាសីនេះសម្គាល់ថា ពួកអាជីវកទៅវិញ” ។ នាងវិសាខាក៏ប្រេីនាងទាសីនេាះជាលេីកទីពីរទៀត ។ នាងទាសីក៏ទៅដល់វត្តហើយ រកមើលភិក្ខុទាំងឡាយមិនឃើញសោះ មានតែអារាមទទេ ។ នាងវិសាខា រិះគិតថា ”ច្បាស់ជាលោកម្ចាស់ទាំងឡាយងូតទឹកហើយចូលទៅលំនៅវិញដូចដែល បានជានាងទាសីនេះមិនឃើញ” ។ នាងវិសាខាក៏ប្រើទៅជាលើកទីបី នាងទាសីនេះ ក៏ទទួលបង្គាប់ ហើយធ្វើដំណើរទៅវត្តជេតពនទៀត ។ គាប់ជួនដល់វេលាភត្តកាលហើយ ព្រះសាស្តាក៏ទ្រង់ត្រាស់ឲ្យពួកភិក្ខុរៀបចំចេញដំណើរទៅផ្ទះនាងវិសាខា ដើម្បីទទួលភក្ត តាមការនិមន្ត ។ លុះព្រះមានព្រះភាគ និងភិក្ខុសង្ឃគ្រាន់តែឆាន់រួចភ្លាម នាងវិសាខាក៏ក្រាបទូលថា ”បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមពរប្រាំបីប្រការអំពីព្រះអង្គ” ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ”ម្នាលនាងវិសាខា ធម្មតា ព្រះតថាគតទាំងឡាយគ្មានពរទេ” ។ នាងវិសាខាក្រាបទូលថា”បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមតែពរណាដែលគួរ និងពរណាដែលឥតទោស” ។
ព្រះមានព្រះភាគទ្រង់ត្រាស់ថា ”ម្នាលនាងវិសាខា ចូរនាងនិយាយមកចុះ, ។ នាងវិសាខា ក៏ក្រាបទូលថា ”បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចង់ប្រគេន
១.វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង)
២.អាគន្តុកភត្ត (ភត្តសម្រាប់ភិក្ខុមកដល់ថ្មី)
៣.គមិកភត្ត (ភត្តសម្រាប់ភិក្ខុមានដំណើរចេញទៅឆ្ងាយ)
៤.គិលានភត្ត (ភត្តសម្រាប់ភិក្ខុមានជម្ងឺ)
៥.គិលានុបដ្ឋាកភត្ត (ភត្តសម្រាប់ភិក្ខុអ្នកបម្រេីភិក្ខុជម្ងឺ)
៦.គិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជម្ងឺ)
៧.ធុវយាគូ (បបរសម្រាប់ភិក្ខុឆាន់ជានិច្ច)
៨.ឧទកសាដិកា (សំពត់ងូត) សម្រាប់ភិក្ខុនី
ព្រះសាស្តាទ្រង់ត្រាស់ថា ”ម្នាលនាងវិសាខា ល្អហើយ! ល្អហើយ! នាងបានពរប្រាំបីប្រការអំពីតថាគត ជាការប្រពៃពិត, ម្នាលនាងវិសាខាបើដូច្នេះ តថាគតអនុញ្ញាតពរប្រាំបីដល់នាង”។ ព្រោះមានដំណើរដើមដានបែបនេះហើយ ទើបពុទ្ធសាសនិកខ្មែរ និយមធ្វើសាដកសម្រាប់ប្រគេនភិក្ខុសង្ឃ សម្រាប់ស្រង់ទឹក ជៀសវាងស្រង់ទឹកអាក្រាតកាយ, រហូតមកដល់បច្ចុប្បន្ននេះ។
ខ/ សាស្ត្រាអានិសង្សសាដក៖ សេចក្តីតំណាលថា មានទាសាទាសី ប្តីប្រពន្ធពីរនាក់ ។ គាត់មានកូនក្រមុំម្នាក់ឈ្មោះ ”នាងអមយ្យទាសី” ។ ក្រោយមក ឪពុកនាងក៏ទទួលមរណភាពទៅ ។ នាងក៏រស់នៅជាមួយម្តាយ ហើយធ្វើជាទាសីគេទាំងពីរនាក់ម្តាយកូនតទៅទៀត ។ ថ្ងៃមួយ នៅពេលចូលវស្សា នាងអមយ្យទាសីបានឃើញអ្នកស្រុកនាំគ្នាយកសាដកទៅប្រគេនព្រះភិក្ខុសង្ឃ ក៏កើតមានសេចក្តីជ្រះថ្លាក្រៃលែង ប៉ុន្តែនាងគ្មានលទ្ធភាពរកលុយកាក់ ដើម្បីយកទៅទិញសាដកដូចអ្នកស្រុកឯទៀតទេ ព្រោះនាងទ័លក្រពេកណាស់។ នាងគិតមិនលេចសោះ ក្នុងការស្វែងរកលុយកាក់សម្រាប់ធ្វើសាដក, នាង និងម្តាយ ក៏សម្រេចចិត្តចុងក្រោយទៅសំពះ ម្ចាស់ (ថៅកែ) សុំបន្ថែមថ្លៃឈ្នួលខ្លួន តែម្ចាស់ប្រាក់ក៏ពុំព្រមថែមឲ្យ ព្រោះនាងជំពាក់គេក្រែលណាស់ទៅហើយ ។ នាងអស់តម្រិះ ក៏ថយមកគិតទៀតថា ”ឱអញអើយ! កើតមកជាអ្នកទ័លក្រ លំបាកវេទនាឃើញការកុសលនៅនឹងមុខហើយ ឈោងចាប់យកដូចគេពុំបាន តើកាលណាឡើយនឹងបានធ្វើបុណ្យនឹងគេ, បើអញស្លាប់អំពីជាតិនេះទៅ ទៅចាប់កំណើតថ្មីមុខជានៅតែបម្រើគេពុំឃ្លាតឡើយ, ណ្ហើយចុះ ដើម្បីកុំឲ្យសល់ខានធ្វើបុណ្យដែលអញមានសេចក្តីជ្រះថ្លាទាំងម្ល៉េះ អញសុខចិត្ត ខ្លាស់ (ខ្ទាស់) ស្លឹកឈើស្លៀក” ។ លុះនាងគិតហើយក៏ផ្លាស់សំពត់អំពីខ្លួនយកទៅបោកគក់ឲ្យជ្រះក្អែល ជ្រះក្លិនឆ្អេះឆ្អាប យកទៅជ្រលក់ទឹកអម្ចត់រួចយកទៅប្រគេនព្រះសង្ឃតាមចិត្តជ្រះថ្លា ហើយតាំងចិត្តអធិដ្ឋានថា ”សេចក្តីជ្រះថ្លាដែលញាំងចិត្តឲ្យនាំមកបូជានូវសំពត់សាដកក្នុងគ្រានេះ, លុះអនាគតជាតិទៅ សូមកុំឲ្យខ្ញុំស្គាល់ការខ្វះខាតដូចជាតិនេះទៀតឡើយ” ។ ក្រោយមក ដោយអំណាចផលានិសង្ស ដែលនាងបានកសាងសំពត់សាដកនេះ នាងក៏បានទៅជាឯកអគ្គមហេសីនៃព្រះរាជាមួយព្រះអង្គ ។ ដោយសារមាននិទាននេះហើយទើបខ្មែរយើងនិយមធ្វើសំពត់សាដក ប្រគេនព្រះសង្ឃ ជាទំនៀមមកដល់សព្វថ្ងៃ។
តំណមក្នុងឱកាសចូលវស្សា
តាំងពីបុរាណកាលរៀងមកក្នុងរយៈពេលបីខែនេះ ប្រជារាស្ត្រខ្មែរជាពុទ្ធសាសនិក មានទំនៀមតំណមផ្សេងៗ ដូចជាតំណមរៀបមង្គលការកូនចៅ តំណមសង់ផ្ទះសម្បែង ដោយចាត់ទុកថា ”ជាថ្ងៃឃ្លុប” ។ ចំពោះតំណមនេះ អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា ”តំណមហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍កូនចៅនោះ ព្រោះបុរាណណាចារ្យយើងយល់ថា ខែវស្សាជាខែដែលភ្លៀងធ្លាក់ប៉ប៉ិចប៉ប៉ាច់ និងជាខែដែលយើងមមាញឹកបង្កបង្កើនផល” ។ ឯតំណមហាមមិនឲ្យសង់ផ្ទះសម្បែងនោះ ព្រោះលោកយល់ថា ខែវស្សាធ្វើឲ្យដីជ្រាយ និងធ្វើឲ្យឈើសើម ឬជាហេតុមិនអាចធ្វើផ្ទះសម្បែងបានល្អទេ។ តែបច្ចុប្បន្នភាពនេះមិនសូវមានការតមទេ ឲ្យតែមានពេល ហើយភ្លៀវអាចចូលរួមបានច្រើនគេចាប់ផ្តើមធ្វើ ឬរៀបអាពាហ៍ពិពាហ៍៕
តើទៀនវស្សារលត់ឈ្មោះថាដាច់វស្សាដែរឬទេ?
ចំពោះទៀនវស្សា ដែលតម្កល់ក្នុងវត្តនានា នោះតាំងពីវេលាអុជហើយសម័យបច្ចុប្បន្នពុំមានត្រណមអ្វីតឹងតែងទេ សម័យបុរាណ មានត្រណមតឹងណាស់ គឺលោកចៅអធិការវត្តតែងតែចាត់ភិក្ខុសាមណេរ ១ រូប ឬ ២ រូប ឲ្យនៅថែរក្សាទៀនវស្សាជានិច្ច ដោយផ្លាស់វេនគ្នាចាំដរាបដល់គ្រប់ ៣ ខែ គឺរហូតដល់ថ្ងៃចេញវស្សា មិនឲ្យរលត់ទៀននោះឡើយ បើរលត់គេជឿថានឹងដាច់វស្សា តែតាមច្បាប់ព្រះពុទ្ធសាសនា វស្សារបស់ភិក្ខុណាដែលបានចូលក្នុង វត្តណានីមួយហើយលុះត្រាតែភិក្ខុនោះ ធ្វើឲ្យទាស់ខុស នឹងវិនយប្បញ្ញត្តិ មានដើរចេញចាកវត្តឲ្យកន្លងរាត្រីដោយពុំបានអធិដ្ឋានសត្តាហកិច្ចជាដើម ទើបដាច់ មិនមែនដាច់ដោយរលត់ទៀនវស្សានោះទេ។
ត្រណមិនឲ្យរលត់ទៀនវស្សាកណ្តាលវស្សានេះ ជាប្រស្នាមួយដែលរាប់បញ្ចូលក្នុងបណ្តាប្រស្នាអាថ៌កំបាំង លំបាកវិនិច្ឆ័យដែរ។
អ្នកសរសេររឿងនេះសូមវិនិច្ឆ័យ អំពីត្រណមនោះដូចតទៅនេះ៖ ធម្មតា ពួកព្រាហ្ម ក្នុងប្រទេសឥណ្ឌាវេលាធ្វើយញ្ញវិធី ឬមង្គលពិធីផ្សេងៗ គេតែងយកភ្លើងជាធំ ។ រឿងនេះសឹងមានក្នុងព្រះសុត្តន្តបិដកថា អគ្គិហុតមុខា យញ្ញា យញ្ញទាំងឡាយ (ក្នុងសាសនាព្រាហ្មណ៍) មានការបូជាភ្លើងជាប្រធាន ។ អធិប្បាយថា ពួកព្រាហ្មណ៍កាលគេធ្វើការបូជាយញ្ញ ឬមង្គលអ្វីមួយគេតែងអុជទៀនឲ្យឆេះតាំងពីដំបូងរហូតដល់ទីបំផុត មិនឲ្យរលត់កណ្តាលការ បើរលត់គេយល់ថាមិនល្អ គឺគេសម្គាល់ភ្លើងនោះជាប្រផ្នូល ជាភស្តុតាងថា បើភ្លើងនោះ ឆេះដល់ចប់ពិធី សេចក្តីសុខសេចក្តីចម្រើននឹងមានដល់អ្នកធ្វើពិធីនោះ រហូតមួយជីវិត បើរលត់កណ្តាលការ សេចក្តីសុខសេចក្តីចម្រើនក៏រលត់កណ្តាលជីវិតដែរ។
ប្រទេសកម្ពុជា វេលាធ្វើពិធីផ្សេងៗ ដូចយ៉ាងព្រះរាជពិធីរាជាភិសេក ឬចម្រើនព្រះជន្មវស្សានៃព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង តែងយកទៀនជ័យជាគោល តាមបែបព្រាហ្មណ៍ ។ ទៀនជ័យនោះកាលណាអុជហើយ គេរក្សាទុកមិនឲ្យរលត់ ដរាបដល់អស់កិច្ចព្រះរាជពិធីនោះទើបរលត់ដោយពិធី ហៅថា ពិធីរំលត់ទៀនជ័យដែលព្រះរាជាទ្រង់ប្រារព្ធ ជាមួយនឹងសម្តេចព្រះសង្ឃនាយកទាំងពេលអុជទាំងពេលរំលត់។
សេចក្តីសន្និដ្ឋាន
ពេលវេលានៃការចាំវស្សាបីខែនេះ ជារយៈពេលមួយមានតម្លៃពិសេសព្រោះវាជាសញ្ញា ដាស់ស្មារតីបព្វជិតពុទ្ធសាសនិក ឲ្យបង្កើនសេចក្តីព្យាយាមបំពេញគន្ថធុរៈក្តី វិបស្សនាធុរៈក្តី ឲ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់ ។ រីឯឧបាសក ឧបាសិកា ក៏បានមើលឃើញច្បាស់អំពីខ្លឹមសារនៃការចាំវស្សារបស់ភិក្ខុសង្ឃដែរ ។ ដូច្នេះហើយបានជាគេខិតខំឧបត្ថម្ភចតុប្បច្ច័យផ្សេងៗ ចំពោះលោកយ៉ាងខ្លាំងប្លែកពីធម្មតា ដូចជាទៀនវស្សា (ប្រេង) សាដក, ដាក់បិណ្ឌ, ភ្ជុំបិណ្ឌ… ដើម្បីសម្តែងនូវសមានចិត្ត, ចូលរួមអបអរសាទរ រំលែកនូវការលំបាកខ្វះខាត និងដើម្បីជាផលានិសង្សសម្រាប់ខ្លួនផង។
______________
ផ្សាយចេញពីវត្ត ប្រាសាទស្រះកណ្តាល (ខ្ចាស់)
បន្ទាយមានជ័យ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៣
រៀបរៀងដោយ៖ សាមណេរ ធម្មាលង្ការោ ចាន់ សុជន
អត្ថបទធម្មទានដោយ៖ FB សច្ចធម៌