សហជីព និងកម្មករនិយោជិតនៅរាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា
នៅថ្ងៃទី១ ខែឧសភានេះ សហជីពធំៗចំនួន២ បានសហការគ្នាយ៉ាងជិតស្និទ្ធ និងកម្មកម្មករ កម្មការិនីចំនួនសរុបជាង ៣ពាន់នាក់ បានជួបជុំគ្នាដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “សហជីពរួមគ្នាធ្វើឱ្យសហគ្រាសមួយ ជាសហគមនសុខសាន្តមួយ” ដែលរៀបចំឡើងនៅមហោស្រពកោះពេជ្រ។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មាន ឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺជាសក្ខីភាពនៃការបេ្តជ្ញាចិត្តខ្ពស់របស់សហជីពទាំងអស់ រួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងបានចូលរួមចំណែកក្នុងការពង្រឹងនូវយន្តការដោះស្រាយវិវាទការងារដែលអាចកើតមានឡើងនៅកន្លែងការងារ សំដៅធ្វើឲ្យមានភាពកាន់តែប្រសើរឡើង នៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីឲ្យប្រែក្លាយពីសហគ្រាសមួយជាសហគមសុខសាន្តមួយ។
ក្រុមកម្មការិនី ដែលបានចូលរួមក្នុងកម្មវិធីខាងលើនេះ បានលើកឡើងអមជាមួយទឹកមុខសប្បាយរីករាយថា ការងារសព្វថ្ងៃនេះ ប្រសិនបើ មិនមានការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលនោះទេ ក៏ពួកគាត់គ្មានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារផងដែរ។ កម្មការនីទាំងនេះ បានឲ្យដឹងស្រដៀងគ្នាទៀតថា អ្វីដែលជាការកត់សម្គាល់ ក្រៅពីការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរជានិច្ចក្នុងការទាក់ទាញអ្នកវិនិយោគពីបណ្តាប្រទេសផ្សេងៗឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវច្រវ៉ាក់ផលិតកម្ម ផ្តល់មុខរបរ និងការងារប្រាក់ចំណូលទៀងទាត់ជូនដល់កម្មករនិយោជិតគ្រប់វិស័យទាំងអស់។
ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភានេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកកម្មករនិយោជិត គឺជាសមាជិកគ្រួសារ ជាកោសិកា ជាសរសៃឈាម និងជាដៃជើងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកនាំកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខ នាពេលកន្លងមក និងនាពេលខាងមុខ ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តទាក់ទាញវិនិយោគិនមកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតសហគ្រាស បង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ អង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីសរុបមានចំនួន ៦ ៦០០ ក្នុងនោះរួមមាន សហជីពមូលដ្ឋានជាង ៦ពាន់, សហព័ន្ធសហជីព២៨១, សហភាពសហជីព៤២ និងសមាគមនិយោជកចំនួន១២ ក្នុងចំនួននេះបានបញ្ជាក់ថា នៅកម្ពុជាសេរភាពសហជីពត្រូវបានមិនរើសអើង៕






