តើកម្ពុជាមានមហិច្ឆតាដូចម្តេចដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតរោងចក្រ សហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរ អង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធី «សំណេះសំណាលជាមួយ បុគ្គលិក កម្មករ និយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការងារ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលពោលគឺជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតលទ្ធភាពការងារឱ្យបានច្រើនសម្រាប់ផ្ដល់ដល់ប្រជាពលរដ្ឋនៅគ្រប់រាជធានី ខេត្ត ជាពិសេសផ្ដល់ការងារទៅដល់មូលដ្ឋានដោយផ្ទាល់៕