Grand News Asia Close

ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សព្វព្រះរាជ​ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ខេត្តតាកែវ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ទំព័ររូបថត ព័ត៌មានជាតិ 326
ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សព្វព្រះរាជ​ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ខេត្តតាកែវ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សព្វព្រះរាជ​ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ខេត្តតាកែវ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វព្រះរាជ​ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ដែលរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុង​ភូមិ​ខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា​ក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់​ដឹក​នាំ មន្ត្រីរាជការខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួម​ប្រជាពលរដ្ឋ​ខេត្តតាកែវ​ ជា​ច្រើនរូបទៀត។

«រុក្ខទិវា» ត្រូវបានបានផ្តួចផ្តើមប្រារព្ធចាប់តាំងពីឆ្នាំ១៩៥២មក ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមាន​ភាព​វិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ បន្ទាប់មក​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធីរុក្ខទិវានេះឡើងវិញ ជារៀងរាល់​ឆ្នាំ ចាប់​តាំង​​ពីឆ្នាំ១៩៩២មក ដើម្បីបន្តស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតន​កោដ្ឋ។ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តប្រារព្ធពិធី​រុក្ខ​ទិវានេះ ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាល​នីតិ​កាលទី៧ នៃរដ្ឋសភា។

ពិធីរុក្ខទិវាលើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ ស្ថិតនៅទីតាំងស្ថានីយ​ផ្សព្ធ​ផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នារ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលស្ថិត​នៅ​ជាប់ជាមួយនឹងចម្ការឈើរុក្ខទិវាដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ធ្លាប់បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​កាលពី​ឆ្នាំ​២០០៨។

ស្ថានីយបន្ទាយអង្គរត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨៧ ដោយគណៈកម្មាធិការ​ប្រជា​ជន​បដិវត្តន៍ខេត្តតាកែវ និងប្រគល់មកឱ្យនាយកដ្ឋានរុក្ខាប្រមាញ់ បច្ចុប្បន្នរដ្ឋបាលព្រៃ​ឈើ ដើម្បីគ្រប់គ្រង និងបង្កើតស្ថានីយដាំឈើលើផ្ទៃដីទំហំ ១,១០០ហិកតា។

ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០១១ ផ្ទៃដីទំហំ ៩៨៤ហិកតា ត្រូវបានប្រើប្រាស់ដើម្បី​ដាំ​ដុះ​ឈើ​ប្រភេទប្រេងខ្យល់ និងអាកាស្យាដោយប្រើថវិការដ្ឋ។ នៅឆ្នាំ២០១៧ រាជរដ្ឋា​ភិបាល​​បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្ម និងដាំដុះដើមឈើឡើង វិញលើ​ទី​តាំងនេះ ហើយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបានដាំឈើប្រេងខ្យល់ជាចម្ការថ្មី​លើផ្ទៃដី​ទំហំ ៨៤១ហិកតា។ ដោយឡែកក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបាន​សម្រេចផ្តល់​ដី​ទំហំ ៧៨ហិកតានៃដីស្ថានីយនេះ សម្រាប់សាងសង់ប្រាសាទកតញ្ញូ សាលាទទួល​ពុទ្ធ​បរិស័ទ ប្រាសាទព្រះគោ-ព្រះកែវ សាលាសំណាក់ធម៌ និងសំណង់សិល្បការ្យ​ផ្សេង​ទៀត​ដែលស្ថិតនៅជាប់នឹងទីតាំងប្រារព្ធពិធីនេះ ដើម្បីជាប្រយោជន៍សាធារណៈ។

សម្រាប់ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើទីតាំងនេះ ដែលមានទំហំ ៣ហិកតា។ ដោយឡែកក្នុងឆ្នាំ​២០២៤នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើប​បាន​បញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦,៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតា​ផ្សេង​ទៀត នៅស្ថានីយ ផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវា បានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាម​បណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជាចលនា​ស្រឡាញ់​ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើត​ជាចម្ការ​ឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្ត​អារាម រមណីយដ្ឋាន និងសួនឯកជននានា។

ជាងនេះទៀត រដ្ឋបាលព្រៃឈើក៏បានបណ្តុះ និងដាំកូនឈើ បានជាង ២០,៥០​លាន​ដើម​ផងដែរ តាមរយៈថវិការដ្ឋគិតត្រឹមឆ្នាំ២០២៤នេះ ជាមួយសមត្ថភាពបណ្តុះ​កូន​ឈើ​ដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជាច្រើនលានដើម​ផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់​បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត៕ (Fresh News)

អត្ថបទទាក់ទង