Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 481

CMF:

ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា
សមាជិក សមាជិកា រាជរដ្ឋាភិបាល
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានាប្រចាំកម្ពុជា
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ក្នុង​ពិធីសំណេះ​សំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលត្រូវបានសហការរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៤ និងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងផលិតករក្នុងស្រុកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ពិធីជួបជុំនេះពិតជាមានសារៈសំខាន់ ដោយបានទាក់ទាញតំណាងម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ចូលរួមប្រមាណជិត ២ ៥០០ នាក់ ដែលមកពី ២៥ រាជធានី-ខេត្ត។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

អម្បាញ់មិញចូលមកជួបបងប្អូនមកតាំងពី(ខេត្ត)រតនគិរី ដើម្បីចូលរួម។

[ចប់សេចក្ដីអធិប្បាយ១]

នៅក្នុងនោះ គឺភាគច្រើនជាសហគ្រាសកម្មន្តសាលស្បៀង និងម្ហូបអាហារ នៃសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីជាផ្លូវការចំនួន ៤៤ ៥៥០ មូលដ្ឋាន។

ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមក្នុងពិធី ដែលបង្ហាញពីការចាប់អារម្មណ៍ និងការផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ក៏ដូចជាការបង្ហាញនូវសាមគ្គីភាព មិត្តភាព និងកិច្ចសហការល្អរវាងក្រសួងស្ថាប័នពាក់ព័ន្ធជាមួយដៃគូនៃវិស័យឯកជន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(១) ក្រោយរំដោះពីរបប ប៉ុល ពត ៤៥ឆ្នាំមក គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល គឺជំរុញអភិវឌ្ឍ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី​ ភ្ញៀវកិត្តិយស បងប្អូនទាំងអស់ជាទីមេត្រី

ដូចដែលបានជ្រាបហើយ​ ថ្ងៃនេះ យើងអង្គុយនៅទីនេះ នៅទីតាំងដែលពីដើមជាកោះតូចមួយ ដែលមានអគារ ម៉ាស៊ីនត្រជាក់ ដាក់បាន ៥ ០០០ នាក់ មានសម្ភារៈទំនើប មានអេក្រង់អាចមើលបាននៅកម្ពុជា ដោយសារ ៤៥ឆ្នាំនេះ យើងបានដាក់ទិសដៅមួយគត់​ គឺជំរុញ(ការអភិវឌ្ឍ)ប្រទេសជាតិ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងឱ្យបានរីកចម្រើននិងជឿនលឿន។ នេះគឺជាទិសដៅ ៤៥ឆ្នាំ ក្រោយពីចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ហើយទៅមុខ ១០០-២០០ ឆ្នាំទៀត ទិសដៅមិនដូរទេ ដូរតែវិធីសាស្រ្តនិងអាទិភាព ដើម្បីសម្រេចគោលដៅដូចគ្នា។ កម្ពុជាបានដាក់ទិសដៅឆ្នាំ២០៥០ ដើម្បីឱ្យក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ប្រជាពលរដ្ឋ(មានជីវភាពធូរធារ)។ នេះហើយជាទិសដៅ។ នៅពេលដែលយើងសម្រេចបាននៅឆ្នាំ២០៥០ យើងក៏នឹងដាក់ទិសដៅបន្តឱ្យកាន់តែខ្ពស់។ ហើយនេះ គឺជាមហិច្ឆតារបស់កម្ពុជា ព្រោះគ្មានមហិច្ឆតាណាដែលធ្វើការអភិវឌ្ឍប្រទេសជាតិ និងប្រជាជនត្រូវបញ្ចប់នៅពេលណាមួយនោះទេ។ យើងត្រូវកំណត់ការរីកចម្រើនរបស់យើងឱ្យកាន់តែខ្ពស់ ដើម្បីយើងខំប្រឹងទាំងអស់គ្នា សម្រេច(គោលដៅ)ឱ្យបាន។ ហើយនេះក៏ដូចជាគោលដៅរបស់ក្រុមហ៊ុនមីក្រូ តូច មធ្យម ដូចគ្នា។

(២) វិស័យឯកជន និងរាជរដ្ឋាភិបាល ដាក់ទិសដៅខ្ពស់ ដើម្បីរីកចម្រើន

ពេលដែលយើងចេញពី(របប) ប៉ុល ពត មក អត់មានក្រុមហ៊ុនទេ។ ពេលដែលយើងចាប់ផ្ដើមបើកឱ្យមានវិស័យឯកជន ភាគច្រើនចេញពីក្រុមហ៊ុនតូច ឬមីក្រូនេះឯង ដែលឥឡូវអាចវិវឌ្ឍទៅជាក្រុមហ៊ុនធំ ក្រុមហ៊ុនមធ្យម នេះដោយសារ(ដាក់ទិសដៅ)បែបនេះ។ ដោយសារក្រុមហ៊ុននីមួយៗ ចាប់ផ្ដើមពីចាប់ដៃទទេ ចាប់ផ្ដើមពីតិចតួច ដាក់ទិសដៅ ដើម្បីរីកចម្រើន។ ហើយខ្ញុំគិតថា ៥ពាន់នៃសហគ្រាស មីក្រូ តូច និងមធ្យម ល្ងាចនេះ ១០ឆ្នាំ ឬ១៥ឆ្នាំទៀត ក៏មិននៅតែតូចនោះដែរ បើយើងមានស្ថិរភាព និងការខិតខំប្រឹងប្រែង ជោគជ័យ នឹងក្លាយទៅជាសហគ្រាសធំ ជាច្រើនបន្ថែមទៀត។ នេះគឺជាទិសដៅរបស់សហគ្រាស វិស័យឯកជន ដែលរួមគ្នាដូចជាមួយនឹង(រាជរដ្ឋាភិបាល អភិវឌ្ឍ)ប្រទេសជាតិរបស់យើង។ អញ្ចឹង ៤៥ឆ្នាំ ទិសដៅតែមួយ អាទិភាព និងវិធីសាស្រ្ត គោលនយោបាយប្រែប្រួល ដើម្បីសម្រេចភារកិច្ច។

នៅអាណត្តិទី៧ នេះ ដូចគ្នា ទិសដៅនៅតែបន្ដពីអាណត្តិទី៦ ដែលយើងដាក់ទិសដៅចេញ ឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកខ្លះយកអាហ្នឹងមកឌឺ។ អ្នកខ្លះឆ្ងល់ថា ហេតុអី្វយើងដាក់ទិសដៅខ្ពស់? ទាល់តែយើងដាក់ទិសដៅខ្ពស់ ទើបយើងប្រឹងខ្លាំង ហើយរួមគ្នាសម្រេចភារកិច្ចនេះ ដើម្បីប្រជាពលរដ្ឋរបស់យើង។ ដើម្បីសម្រេចភារកិច្ច យើងត្រូវដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដែលមានអាទិភាពចាំបាច់។ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ដាក់ចេញនូវអាទិភាព ៥៖ កំណើនសេដ្ឋកិច្ច បង្កើនការងារ ប្រកបដោយសមធម៌ ធានាប្រសិទ្ធភាព និងអភិវឌ្ឍន៍ដោយចីរភាព។

(៣) ដើម្បីសម្រេចអាទិភាពទាំង៥ កំណត់វិស័យអាទិភាពសម្រាប់ការអភិវឌ្ឍ ៥

នៅក្នុងអាទិភាពគោលដៅទាំង ៥ នេះ ដើម្បីសម្រេចទាំងនេះ យើងបានកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍ ៥៖ ទី១ គឺការធ្វើពិពិធកម្ម ប្រភពនៃកំណើន។ បានន័យថា ពីមុន យើងមានតែកសិកម្ម ឥឡូវយើងមានកម្មន្ត​សាល ឧស្សាហកម្ម ទេសចរណ៍។ ឥឡូវក្នុងអាណត្តិនេះ យើងត្រូវពង្រីកឱ្យកាន់តែច្រើនទៀត ទាក់ទងនឹងវិស័យ IT ផ្សេងៗ ដើម្បីយើងធ្វើឱ្យកាន់តែរីកចម្រើន នេះទិសដៅកំណត់អាទិភាពទី១។ អាទិភាពទី២ គឺលើកកម្ពស់វិស័យឯកជន ជាពិសេស យកចិត្តទុកដាក់ទៅលើ SMEs។ ទី៣ ​លើកកម្ពស់ប្រព័ន្ធគាំពារសង្គម ព្រោះប្រទេសជឿនលឿន អាស្រ័យទៅលើប្រជាជនមានសុខភាពល្អ។ ដែលខ្ញុំចូលមកម៉ោងនេះ ជួបអ៊ំស្រី ជួបមីង ជួបបង ជួបប្អូន ដែលខ្ញុំឧស្សាហ៍ថា អាយុ ៦០ឆ្នាំពេលនេះ បើយើងប្រៀបធៀប ប្រហែល(មើលទៅ)អាយុ ៤០ឆ្នាំ ក្នុងឆ្នាំ១៩៨០ជាង។ ហើយអ្នកខ្លះមើល បើសិនជាលាបសក់ទៀត ប្រហែលជាមើលច្រឡំអាយុ ៣០ឆ្នាំជាង។ ដោយសារអាហារូបត្ថម្ភ ដោយសារសុខភាពមាំមួន យើងអាចរក្សា(សម្រស់)បាន។ អញ្ចឹងប្រព័ន្ធគាំពារសង្គម យើងត្រូវពង្រឹង។ ទី៤ គឺពង្រឹងការអប់រំ ចំណេះដឹងទូទៅនិងបំណិន។ ប្រជាពលរដ្ឋយើងមានជីវិតហើយ ប្រជាពលរដ្ឋយើងមានសុខភាពហើយ ដើម្បីជំរុញការអភិវឌ្ឍទៅបាន ទាល់តែមានចំណេះដឹងនិងបំណិន។ សហគ្រាសនីមួយៗ គឺពឹងផ្អែកទៅលើជំនាញ។ សហគ្រាសមិនថាតូចឬធំ សូម្បីតែហាងគុយទាវតូចមួយ ឬមួយក៏តូបរុញលក់តាមកន្លែងកម្សាន្តក៏ដោយ តូបកាហ្វេមួយ ក៏ត្រូវការជំនាញអ្នកធ្វើដែរ បើមិនអញ្ចឹង (រកស៊ីលក់ដូរ)ទៅមិនរួចទេ នេះហើយជាទិសដៅ។ នេះហើយជាអ្វីដែលសំខាន់។ ហើយទី៥ ការពារបរិស្ថានដោយចីរភាព។ អញ្ចឹងអាទិភាពទាំង ៥ នេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនទាំងអស់ ប្រហែលជាបានឃើញហើយ ក្នុងរយៈពេល ១០ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងផែនការអនុវត្តច្រើន ពាក់ព័ន្ធនឹងរឿងគាំពារសង្គម ការបណ្ដុះបណ្ដាល អប់រំ ទាក់ទងទៅនឹងការជំរុញ ការរៀបចំប្រព័ន្ធការពារបរិស្ថាន ធ្វើពិពិធកម្មសេដ្ឋកិច្ចផ្សេងៗ ដើរទាក់ម៉ូយផ្សេងៗ។

(៤) ក្រុមហ៊ុនឡានអគ្គិសនីរបស់ចិន BYD នឹងបើកក្រុមហ៊ុនរៀបចំផលិតរថយន្តនៅកម្ពុជា

អម្បាញ់មិញ ខ្ញុំអង្គុយជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល កំពុងនិយាយគ្នា បន្ដិចទៀត ដែល(ទទួលបាន)ព័ត៌មានមក គឺក្រុមហ៊ុន BYD ក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយនឹងគ្រោងមកដាក់ទុន ដើម្បីរៀបចំជាក្រុមហ៊ុនបើករៀបចំផលិតរថយន្តនៅកម្ពុជា។ នេះជាជោគជ័យមួយ សូមអបអរសាទរ។ បងប្អូនដឹងហើយថា BYD ធំ។ យើងមានក្រុមហ៊ុន Ford Toyota Hyundai ឥឡូវ BYD ។ ថ្ងៃមុនឃើញដាក់ ២មកទៀត សុំដើម្បីមកបើករោងចក្រផលិតនៅស្រុកខ្មែរ។ នេះដែលយើងថា ពង្រីកធ្វើពិពិធកម្មនៃប្រភពសេដ្ឋកិច្ចរបស់យើង ច្រវាក់ផលិតកម្ម ដែលយើងសង្ឃឹមថា ថ្ងៃក្រោយ ក្រុមហ៊ុនធំដែលមក នឹងភ្ជាប់ជាមួយនឹងក្រុមហ៊ុនធុនកណ្ដាលនិងធុនតូចរបស់យើងនៅទីនេះ ដើម្បីជាច្រវាក់ផ្គត់ផ្គង់ ធាតុផ្សំ។

(៥) បើកឱកាសឱ្យក្រុមហ៊ុនសហគ្រាសធំចង់មកវិនិយោគ និងយកចិត្តទុកដាក់ដល់សហគ្រាសមីក្រូ តូចនិងមធ្យម

យើងឃើញថា នៅក្នុង ១០ខែនេះ យើងបានធ្វើច្រើន តែល្ងាចនេះ ដោយសារកម្មវត្ថុ និងកម្មវិធី គឺពាក់ព័ន្ធជាមួយនឹងវិស័យឯកជន និង SMEs អញ្ចឹងខ្ញុំសូមលើកតែអាទិភាពទី២ ទេ គឺជាការលើកកម្ពស់វិស័យឯកជន ជាពិសេស ការយកចិត្តទុកដាក់ទៅលើ SMEs ដែលជាអាទិភាពមួយ ក្នុងអាទិភាព៥ របស់រដ្ឋាភិបាលអាណត្តិទី៧។ ហេតុអ្វីបានជាយើងត្រូវលើកកម្ពស់វិស័យឯកជន? ហើយហេតុអ្វីបានជាយើងត្រូវលើកទឹកចិត្ត យកចិត្តទុកដាក់ពិសេសទៅលើ SMEs, MSME មីក្រូ​ សហគ្រាសធុនតូច ធុនមធ្យមរបស់យើង? ពិតណាស់ យើងមិនមែនមិនយកចិត្តទុកដាក់ទៅលើសហគ្រាសធុនធំទេ យើងលើកទឹកចិត្តដូច BYD ក្រុមហ៊ុនធំ ក្រុមហ៊ុនដែលមកផលិតធំ យើងលើកទឹកចិត្ត ទាក់ទាញ។ ប៉ុន្តែយើងក៏ត្រូវមិនចោលនៅក្នុងការជួយជំរុញ និងយកចិត្តទុកដាក់ពិសេសទៅលើ SMEs, MSME ហេតុអ្វី? ហើយរដ្ឋាភិបាលបានធ្វើអ្វីខ្លះជួយដល់វិស័យឯកជន និង SMEs?

(៦) ចំណុចទី១ ដោយយោងទៅលើមាត្រា ៥៦ នៃរដ្ឋធម្មនុញ្ញ ជាហេតុដែលត្រូវយកចិត្តទុកដាក់លើវិស័យឯកជន

អញ្ចឹងល្ងាចនេះ ខ្ញុំសូមលើក ៣ ចំណុចនេះ៖ ចំណុចទី ១ ហេតុអ្វីបានជាវិស័យឯកជន យើងត្រូវយកចិត្តទុកដាក់ គាំទ្រ? ទី១ គឺរដ្ឋធម្មនុញ្ញ។រដ្ឋធម្មនុញ្ញរបស់យើងមាត្រា ៥៦ បានចែងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ អញ្ចឹងចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលថា យើងត្រូវតែប្រកាន់យកសេដ្ឋកិច្ចទីផ្សារ ហើយសេដ្ឋកិច្ចទីផ្សារនេះ គឺពឹងផ្អែកទៅលើស្នូលមួយ គឺវិស័យឯកជន។ រដ្ឋមិនដើរតួនាទីជំនួសវិស័យឯកជនក្នុងសេដ្ឋកិច្ចទីផ្សារទេ។ បើសេដ្ឋកិច្ចផែនការ ដែលយើងធ្វើពីទសវត្សរ៍ ៨០ អាហ្នឹងបានរដ្ឋដើរតួនាទីសំខាន់ក្នុងការរៀបចំផែនការអនុវត្តគ្រប់គ្រងរាល់សហគ្រាសទាំងអស់ អ្វីៗជារបស់រដ្ឋ ហើយរដ្ឋចែកទៅវិញ។ តែក្នុងរដ្ឋធម្មនុញ្ញយើងបានចែងច្បាស់ថា ជាជម្រើសនិងជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលយើងត្រូវធ្វើ។ អញ្ចឹងដើម្បីឱ្យប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដើរ ត្រូវមួយគាំទ្រទៅដល់វិស័យឯកជនដែលជាស្នូល។ នេះហេតុអ្វីដែលយើងត្រូវពង្រឹងវិស័យឯកជន ព្រោះយើងអត់ជម្រើស ព្រោះវានៅរដ្ឋធម្មនុញ្ញរបស់យើង ហើយជាកាតព្វកិច្ចរបស់យើងដែលត្រូវតែធ្វើ។ នេះគឺជាអ្វីដែលសំខាន់។

(៧) កិច្ចការជាច្រើនត្រូវការវិស័យឯកជនចូលរួម

តើកត្តាអ្វីទៀតដែលពាក់ព័ន្ធជាមួយនឹង(ការដែល)ត្រូវពង្រឹងវិស័យឯកជន? វិស័យឯកជនដើរតួនាទីជាស្នូលនៅក្នុងការបំពេញឱ្យរដ្ឋ នៅក្នុងការដោះស្រាយតម្រូវការ ទាំងផលិតកម្ម សេវាកម្ម ជូនទៅដល់ប្រជាពលរដ្ឋយើង ដែលកើនលឿនរីកធំ។ ឥឡូវគ្រាន់តែតែនៅទីនេះ អម្បាញ់មិញ ឧកញ៉ា តែ តាំងប៉ ថាថ្ងៃនេះរៀប ៥ ០០០នាក់ ឆ្នាំក្រោយប្រហែលជាលើសហ្នឹងទៀត ប៉ុន្តែសំខាន់វាអត់មានសាល។ សំខាន់មិនមែនអត់សាល អត់កន្លែងអង្គុយទេ សំខាន់អត់កន្លែងចតឡាន។ ខ្ញុំជឿថា ៥ ០០០នាក់ចូលរួមថ្ងៃនេះយ៉ាងហោចណាស់ក៏ឡាន ២ ០០០ គ្រឿងដែរ។ អាចចេញទៅរាប់បាន។ ដោយសារតម្រូវការ នេះបានទាមទារអី? ទាមទារនូវការចូលរួមរបស់វិស័យឯកជនព្រោះរដ្ឋតែឯងធ្វើអត់ទាន់ទេ។ យើងមិនបាច់និយាយច្រើនទេ តម្រូវការរបស់ប្រជាជនយើងសូម្បីតែរឿងអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងការងារ បើពឹងតែរដ្ឋខ្លួនឯងទៅអត់រួចទេ ទៅដោះមិនទាន់ ព្រោះប្រជាជនពលរដ្ឋយើងឥឡូវមួយឆ្នាំគ្រាន់តែគ្រប់អាយុការងារ ២០ម៉ឺននាក់ បើសិនតែយកតែរដ្ឋ មិនអាចរដ្ឋយកបុគ្គលិកមួយឆ្នាំ ២០ម៉ឺននាក់ទេ ត្រូវតែមានវិស័យឯកជនជួយស្រូប។

សាលារៀនដូចគ្នា កាលខ្ញុំរៀន ចប់បាក់ឌូប្លិ៍ យើងទៅរៀនមួយឆ្នាំដើម្បីត្រៀមយកកៅអី។ យកកៅអីដោយសារអី? ដោយសារសកលវិទ្យាល័យរដ្ឋមានចំនួនតិច កាលនោះប្រជាពលរដ្ឋយើងមិនទាន់មានច្រើនផង។ អ្នកដែលកើតជំនាន់ទសវត្សរ៍ទី៨០ទើបចាប់ផ្ដើមគ្រប់អាយុចូលរៀន អញ្ចឹងបើសិនជាពឹងតែទៅលើសកលវិទ្យាល័យរដ្ឋ យើងដោះស្រាយមិនបានទេ។ បានវិស័យឯកជនចូល យើងពង្រីកសាខារហូតទៅដល់ខេត្តទាំងអស់ដែលនិស្សិតយើងមានឱកាសរៀនសូត្រធ្វើការនៅតាមខេត្តតែម្ដង។ បើមិនអញ្ចឹងទេប្រាកដជាដណ្ដើមកៅអី ប្រឡងយកកៅអី សល់មួយគគោកអត់បានរៀន។ វិស័យសុខាភិបាលដូចគ្នា បើសិនជាយើងពឹងតែពេទ្យរដ្ឋទៅអត់រួចទេ សូម្បីតែពេទ្យកាល់ម៉ែត ធ្វើ៨ជាន់ បើសិនជាយកអ្នកជំងឺទាំងអស់ចូលទៅក្នុងនោះប្រហែលជាអត់មាន(គ្រែដាក់ទេ)…។ សូម្បីតែឥឡូវក៏នៅ(ខ្វះ)កន្លែងស្នាក់នៅ(សម្រាប់អ្នកកំដរ) ពេលខ្លះក៏សម្រាកនៅតាម(សួនច្បារក្នុងពេទ្យ) … អត់មានបន្ទប់គ្រប់ផង។ តែយើងមានគ្លីនិកឯកជន មានប៉ុស្តិ៍ពិគ្រោះយោបល់នៅតាមខេត្ត។ ដូចគ្នាហ្នឹងហើយដែលអាចឆ្លើយតបទៅហ្នឹងតម្រូវការ។ នេះគឺជាកិច្ចការសំខាន់។

ឥឡូវយើងចាប់ផ្ដើមធ្វើហេដ្ឋារចនាសម្ព័ន្ធធំ រដ្ឋយើងធ្វើបានផ្លូវជាតិ យើងបានផ្លូវលំ ផ្លូវមួយចំនួន ប៉ុន្តែបើចង់ធ្វើឱ្យលឿនដោះស្រាយទាន់ដូច Highway។ បន្តិចទៀតយើងធ្វើប្រព័ន្ធព្រែកជីកហ្វូណន។ យើងធ្វើ Highway យើងធ្វើផ្លូវដែក បើសិនជាគ្មានថវិកា និងការចូលរួមពីវិស័យឯកជន យើងអាចធ្វើយូរ ព្រោះរដ្ឋយើងពិបាក ត្រូវខ្ចីថវិកា ឬថវិកាជាតិមានកំណត់ អញ្ចឹងបានបើកឱ្យវិស័យឯកជនធ្វើ យើងចេញមក BOT។ ព្រលានយន្តហោះយើងឱ្យធ្វើ BOT ហ្នឹងហើយបានយើងបានផលច្រើន ព្រោះបើសិនជាមិនឱ្យវិស័យឯកជនចូល រដ្ឋរ៉ាប់រងមិនកើតទេ។ រដ្ឋវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប៉ុន្តែកិច្ចការជាច្រើនវិស័យឯកជនចូលរួម។ អញ្ចឹងបានរដ្ឋបើកឱ្យវិស័យឯកជនចូលរួមដើម្បីរ៉ាប់រង។

(៨) គុណសម្បត្តិនៃវិស័យឯកជនគឺប្រសិទ្ធភាពនិងប្រសិទ្ធផល

ទី២ គុណសម្បត្តិនៃវិស័យឯកជនគឺថាប្រសិទ្ធភាពនិងប្រសិទ្ធផល។ គេតែងតែនិយាយ គេថាក្រុមហ៊ុនដូចគ្នា… ប៉ុន្តែកាលពីធ្វើជំនាន់រដ្ឋដូចអត់សូវចំណេញ ដល់មកឯកជនដូចជាចំណេញ។ ខ្ញុំចាំនៅកងទ័ពកាលខ្ញុំនៅតាមអង្គភាព។ ពេលដែលចុះទៅកន្លែងខ្លះមានចម្ការដំឡូងរបស់អង្គភាព ហើយបន្ទាប់ហ្នឹងមានចម្ការដំឡូងរបស់ឯកជន យើងមើលដឹង។ ជិះឡានទៅគ្រាន់តែចូលកន្លែង ឃើញខៀវស្រងាត់ភ្លាម ដឹងថាឯកជនហើយ ព្រោះអ្វីដែលរួមអាចពិបាកនៅក្នុងការទទួលខុសត្រូវ។ ឡានអង្គភាព ឡានស៊េរីខ្ពស់បើជិះរួមឆាប់ខូចនោះខូច តែឡានស៊េរីឆ្នាំចាស់បើឱ្យទៅឯកជនអត់ងាយខូច។ បញ្ជាក់អំពីអ្វី? ពីការទទួលខុសត្រូវព្រោះបើទទួលឯកជន ឯកជននឹងត្រូវទទួលខុសត្រូវ ចំណេញក៏បានផល ខាតក៏ទទួលខុសត្រូវអញ្ចឹងត្រូវប្រឹង។ តែបើរួមហ្នឹងពិបាកការទទួលខុសត្រូវ មិនមែនបានន័យថាគ្រប់ទាំងអស់ទេ។

(៩) ក្នុងរដ្ឋធម្មនុញ្ញ សេដ្ឋកិច្ចទីផ្សារជាប្រព័ន្ធដែលរាជរដ្ឋាភិបាលត្រូវបន្តទទួល ដោយសារប្រសិទ្ធភាពនិងប្រសិទ្ធផលនិងកត្តាជាច្រើន

នេះហើយដែលជាកត្តាដែលឱ្យរាជរដ្ឋាភិបាលយើងធ្វើកែទម្រង់សេដ្ឋកិច្ចនៅទសវត្សរ៍ទី៨០ សម្ដេចតេជោ លោកឧស្សាហ៍និយាយ យើងធ្វើកំណែទម្រង់សេដ្ឋកិច្ចចុងទសវត្សរ៍ទី៨០ ដោយសារភស្ដុតាងជាច្រើនពីដើមឆ្នាំ៨០មកគាត់ឃើញ។ ឧទាហរណ៍ជាក់ស្ដែង គាត់ឧស្សាហ៍លើករឿងខេត្តតាកែវ ដែលកាលនោះឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន គាត់ជាអភិបាលខេត្ត។ ពីពេលនោះ យើងមានក្រុមសាមគ្គីបង្កបង្កើនផលដែលជារួម ប៉ុន្តែនៅខេត្តតាកែវពេលដែលឯកឧត្តម ប៉ុល សារឿន គាត់ជាអភិបាលខេត្ត ពេលនោះគាត់លួចឱ្យមានជាកម្មសិទ្ធិជាឯកជន ធ្វើបានជោគជ័យខ្លាំង។ នៅពេលដែលកន្លែងខ្លះផ្សេងទៀតការទទួលខុសត្រូវមិនទាន់មាន។ អញ្ចឹងដែលយើងចាប់ផ្ដើមធ្វើកែសម្រួលសេដ្ឋកិច្ចរបស់យើងឱ្យទៅជាទីផ្សារសេរី កម្មសិទ្ធឯកជនជាច្រើន ដើម្បីជូនទៅដល់បងប្អូនដើម្បីបង្កើតនូវផលិតភាពនេះ។ និយាយអញ្ចឹងមិនមែនបង្អាប់រដ្ឋទេ រដ្ឋមានការងារជាច្រើនដែលត្រូវធ្វើ ការងារអាជីវកម្ម ការងារផ្ដល់សេវាកម្មជាច្រើនដែលយើងចាប់ផ្ដើមប្រគល់ទៅឱ្យឯកជនដើម្បីធ្វើ ហើយរដ្ឋផ្ដើមត្រឹមគោលនយោបាយនិងការគាំទ្រផ្សេងៗ។ ប្រសិទ្ធភាពនៃការកែសម្រួលបែបនេះដែលជាការធានា។ នេះហើយគឺអ្វីដែលជាគោលការណ៍ដែលយើងបានកែសម្រួលនិងបន្តជំរុញ រហូតដល់ដាក់ក្នុងរដ្ឋធម្មនុញ្ញរបស់យើង ដែលថាសេដ្ឋកិច្ចទីផ្សារជាប្រព័ន្ធដែលរាជរដ្ឋាភិបាលត្រូវបន្តទទួល ដោយសារប្រសិទ្ធភាពនិងប្រសិទ្ធផលនិងកត្តាជាច្រើនបែបនេះ ហើយជាពិសេសគឺផ្ដល់ផលដល់ប្រជាជនតែម្ដង។ យើងមិនមានការចាំបាច់នៅក្នុងការប្រមូលយកមកដាក់រួម ហើយបានចែកទៅវិញនោះទេ យើងផ្ដល់លទ្ធភាពនៅក្នុងការប្រកួតប្រជែង។

(១០) បន្តគាំទ្រនិងពង្រឹងដល់វិស័យឯកជនដើម្បីដើរតួនាទីជាស្នូលនិងជាដៃគូរបស់រាជរដ្ឋាភិបាលនៅក្នុងការជួយពង្រឹងប្រទេសជាតិ

ឥឡូវស្ថាប័នរដ្ឋយើងក៏យកគំរូពីវិស័យឯកជន នៅក្នុងការដាក់ចេញនូវការរៀបចំគ្រឹះស្ថានមួយចំនួន ដូចជាគ្រឹះស្ថានសាធារណៈរដ្ឋបាលរបស់រដ្ឋ ដែលមានស្វយ័តភាពហិរញ្ញវត្ថុ មានសហគ្រាសសាធារណៈរបស់រដ្ឋ។ សូម្បីតែឥឡូវអាណត្តិទី៧នេះ យើងរៀបចំកែទម្រង់ប្រព័ន្ធលើកទឹកចិត្តមន្ត្រី ក៏ត្រូវផ្អែកទៅលើសមិទ្ធកម្មផងដែរ។ និយាយរួមគឺផ្អែកទៅលើផល អ្នកដែលខំប្រឹងគឺបានផលច្រើន អ្នកដែលមិនខំប្រឹងបានមួយចំនួន គឺថាយើងផ្ដល់ការលើកទឹកចិត្តទៅតាមនេះ។ ឯកជនក៏អញ្ចឹង បើខំប្រឹងខ្លាំង ប្រកួតប្រជែងបានច្រើន យើងចំណេញបានច្រើន យើងរក្សាទុក បើយើងមិនខំប្រឹង យើងខាត។ អញ្ចឹងប្រព័ន្ធនេះហើយគឺជាអ្វីដែលយើងត្រូវធ្វើ។ មួយទៀតលក្ខណៈសម្បត្តិរបស់វិស័យឯកជន គឺការច្នៃប្រឌិតនិងការប្រកួតប្រជែង។ បើសិនប្រព័ន្ធសេដ្ឋកិច្ចយើងមានតែរដ្ឋទេ ស្ថាប័នរដ្ឋក្នុងវិស័យមួយៗមានតែប៉ុន្មាន យើងគ្រប់គ្រង ការប្រកួតប្រជែងនៅមានកម្រិត ប៉ុន្តែនៅក្នុងវិស័យមួយៗ ឧទាហរណ៍នៅក្នុងវិស័យកសិកម្ម ក្រុមហ៊ុនកសិកម្ម នៅក្នុងវិស័យអប់រំ សាលារៀនឯកជនប្រកួតប្រជែងគ្នាច្រើន ដើម្បីធានានូវការច្នៃប្រឌិតដើម្បីជោគជ័យ។ អញ្ចឹងដើម្បីជោគជ័យត្រូវធានានូវការច្នៃប្រឌិត។ ដើម្បីធានានូវការច្នៃប្រឌិត ត្រូវធានាទាំងគុណភាព ភាពសម្បូរបែប និងតម្លៃជូនប្រជាពលរដ្ឋ។ អញ្ចឹងបានផលអី? បានផលនូវការបង្កើតនូវផលិតផល និងសេវាសម្បូរបែប គុណភាពល្អ និងតម្លៃសមរម្យជូនប្រជាពល​រដ្ឋ។ នេះហើយជាមូលហេតុដែលរដ្ឋយើងចាប់ ហើយនៅបន្តគាំទ្រនិងពង្រឹងដល់វិស័យឯកជនដើម្បីដើរតួនាទីជាស្នូលនិងជាដៃគូរបស់រាជរដ្ឋាភិបាលនៅក្នុងការជួយពង្រឹងប្រទេសជាតិរបស់យើង ដើម្បីបន្តគោលដៅរបស់យើងរីកចម្រើនតទៅមុខ នេះជាគោលដៅដែលត្រូវបន្ត។ ហើយរាជរដ្ឋាភិបាលនឹងបន្តជួយទៅទៀត។

(១១) SMEs ដើរតួនាទីសំខាន់ណាស់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនការងារ

ឥឡូវ សំណួរសួរថាហេតុអីបានជាយើងចាំបាច់យកចិត្តទុកដាក់ទៅលើ SMEs ឬ MSMEs នៅកម្ពុជា? ហើយរដ្ឋាភិបាលនៅអាណត្តិទី៧នេះ នៅក្នុងវិធានការគន្លឹះ ៥ (មាន)មួយគឺជួយទៅដល់វិស័យក្រៅប្រព័ន្ធដែលភាគច្រើនគឺ SMEs នេះឯង ដើម្បីទាញចូលមកនិងពង្រឹង។ ហេតុអីបានជាយើងត្រូវការយកចិត្តទុកដាក់? ដោយ​សារ SMEs ដើរតួនាទីសំខាន់ណាស់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនការងារ។ បើយើងមើលនៅលើពិភពលោកសហគ្រាសធុនមីក្រូ តូច និងមធ្យម បើគិតជាចំនួនស្មើនឹង ៩០% នៃមូលដ្ឋានសរុបនៃសហគ្រាសទូទាំងពិភពលោក។ (ធុន)ធំមានតែ ១០% ទេ។ យើងពិតយើងឃើញក្រុមហ៊ុនធំៗឧស្សាហ៍ចេញ មានផលិតផល មានអី Brand តែកុំភ្លេចថា នៅទូទាំងពិភពលោក រាប់សិបលានក្រុមហ៊ុននេះ ៩០% សុទ្ធតែជាក្រុមហ៊ុន លក្ខណៈមីក្រូ តូច និងមធ្យមទាំងអស់។ នៅអាស៊ាន ហើយនៅក្នុងពិភពលោក គ្រាន់តែការងារដែលបង្កើតដោយ MSMEs ៦០% ទៅ ៧០% នៃកម្លាំងពលកម្មពិភពលោកគឺនៅក្នុង MSMEs នេះឯង។ ផលិត​ផលគិតជា ផ.ស.ស ៥០% នៃផលិតផលសរុបរបស់ពិភពលោក។ បើយើងគិតនៅក្នុងក្របខ័ណ្ឌអាស៊ាន MSMEs នេះមាន ៧០លានមូលដ្ឋាន ហើយផ្តល់កម្លាំងសេដ្ឋកិច្ច ៤៤,៨%។ ឥឡូវបើយើងមើលនៅលើកម្ពុជាយើងវិញ ផ្អែកតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ MSMEs របស់យើងមាន ៧៥ម៉ឺនជាងមូលដ្ឋាន នេះយើងរាប់អត់អស់ផង គ្រាន់តែការធ្វើជំរឿន ហើយអាចរីកពីហ្នឹងទៀតក្នុងរយៈពេល ២ឆ្នាំ អាចកែប្រែ។ ហើយកម្លាំងពលកម្មស្រូបយកប្រហែលជិត ៣លាននាក់ ស្មើនឹង ៧០% នៃកម្លាំងការងារសរុប ហើយបើគិតជាភាគរយនៃផលិតផលសម្រេចសរុបរបស់កម្ពុជាយើងមាន ៦៣%។

អញ្ចឹង ឯកឧត្តម លោកឧកញ៉ា បានដឹងរួចមកគ្រាន់តែស្តាប់មើលទិន្នន័យប៉ុណ្ណេះ យើងដឹងថា MSMEs ដើរតួនាទីសំខាន់ប៉ុណ្ណាសម្រាប់កំណើនសេដ្ឋកិច្ច និងបង្កើតការងារគឺធំណាស់។ ហើយដែលត្រូវយើងយកចិត្តទុកដាក់ឱ្យកាន់តែរឹងមាំបន្តទៀត។ នេះជាគោលដៅ ហើយជាមូលហេតុដែលរដ្ឋាភិបាលដាក់ចេញនូវគោលការណ៍គេហៅថាគោលនយោបាយជាច្រើន រហូតទៅយើងដាក់នូវវិធានគន្លឹះមួយដើម្បីជួយទៅដល់វិស័យឯកជន ជាពិសេស SMEs នេះ។

(១២) ការធានាធំមួយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជនគឺការធានានូវសុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម

ឥឡូវ ឯកឧត្តម លោកជំទាវ អង្គពិធីទាំងមូល តើរដ្ឋាភិបាលបានធ្វើអីខ្លះ នៅក្នុង ១០ខែនេះ? ពីអាណត្តិមុនៗយើងបានធ្វើច្រើនណាស់ ដាក់ចេញគោលនយោបាយ ការអនុគ្រោះ ការលើកទឹកចិត្តច្រើន អ្វីដែលយើងធ្វើអាណត្តិនេះ ខ្ញុំសុំរាប់តែ ១០ខែ នេះចុះ ព្រោះបើរាប់ ៤០ឆ្នាំមកនេះប្រហែលជាច្រើន ល្ងាចនេះអត់បាយទាំងអស់គ្នាហើយ។ ជម្រាបជាសង្ខេបផង ដើម្បីធានានូវបរិស្ថានឱ្យវិស័យឯកជន។ រដ្ឋាភិបាលមិនលូកដៃនៅក្នុងវិស័យឯកជនទេ រដ្ឋាភិបាលមិនចាំបាច់មានក្រុមហ៊ុន ដែលរដ្ឋគ្រប់គ្រងនោះទេ។ ពិតណាស់យើងមានគ្រឹះស្ថានសាធារណៈរបស់រដ្ឋមួយចំនួន យើងមានសហគ្រាសសាធារណៈរបស់រដ្ឋមួយចំនួន ដូចជា EDC រដ្ឋាករទឹក អីដែលយើងគ្រប់គ្រងមួយចំនួនទេ ប៉ុន្តែវិស័យសំខាន់ជាច្រើន យើងមានវិស័យឯកជនសឹងទាំងអស់។ អ្វីដែលរដ្ឋត្រូវធានា ទី១ វិស័យឯកជនខ្លាចជាងគេបំផុតគឺស្ថិរភាពបាត់បង់។ ទាំងវិនិយោគិនមកវិយោគក្នុងស្រុកខ្មែរ និងវិនិយោគិនក្នុងស្រុក បើត្រូវការអភិវឌ្ឍដាក់លុយបន្ថែមវិនិយោគទៅលើការពង្រីកសាខា ហាងគុយទាវមួយត្រូវគិតថាស្ថិរភាពថ្ងៃមួយបាត់ឬអត់ ឬមួយកសាងហើយបន្តិចទៀតវាយគ្នាបាត់ទៀត។ តើដាក់នៅខេត្តហ្នឹងទេ បើខេត្តហ្នឹងអត់ស្ថិរភាព? អត់ដាក់ទេ។ អត់មានភ្ញៀវទៅ។ អញ្ចឹងការធានាធំមួយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជនគឺការធានានូវសុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម ដែលត្រូវការពារឱ្យបានដាច់ខាត នៅក្នុងតម្លៃណាក៏ដោយ ដែលយើងតែងតែនិយាយ។ នេះជាការចាំបាច់។ ដើម្បីធានាសិទ្ធិ និងសេរីភាពរបស់វិស័យឯកជន នៅក្នុងការដើរតួនាទីក្នុងការបង្កើតការងារ ក្នុងការជួយជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងត្រូវធានាដែលជាការចាំបាច់ តែមិនមែនតែវិស័យឯកកជនទេ គ្រប់វិស័យទាំងអស់ត្រូវការ។

(១៣) ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចគឺជាកិច្ចការសំខាន់/រដ្ឋជួយចេញខាតថ្លៃភ្លើង

ទី២ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ខ្លាចណាស់ចំណូលយើងដែលចូលមកថ្ងៃនេះ ស្អែកឡើងបាត់តម្លៃពាក់កណ្តាល ដោយសារអតិផរណា។ នេះគឺជាកិច្ចការសំខាន់។ ខ្ញុំទៅប្រទេសមួយចំនួន ខ្ញុំអត់និយាយប្រទេសណាទេ ជួបអ្នក Business ខ្មែរយើង ដែលទៅរកស៊ីនៅហ្នឹង ថវិកាដូចគ្នាតែឆ្នាំនេះដោយសារលុយចុះ ៣០% ឥឡូវគាត់បាត់ ៣០% ដោយសារតម្លៃទំនិញឡើង ៣០%។ អញ្ចឹងអ្វីដែលមានគឺធ្លាក់ ៣០% លុយ ១០០ដូចគ្នា តែឥឡូវដោយសារអតិផរណា ៣០% តម្លៃស្មើ ៧០%ពីឆ្នាំទៅទេ។ ទឹកមួយដប ១០០រៀលឆ្នាំទៅ ឆ្នាំនេះទាល់ ១៣០រៀល ទើបបានទិញបាន។ នេះគឺជាការបាត់បង់ស្ថិរភាព។ ជាមោទនភាពដែលឆ្នាំទៅទោះបីជាកំណើនអត្រា(តម្លៃ)ប្រេង តម្លៃប្រទេសច្រើនណាស់ដែលអតិផរណាតម្លៃផលិតឡើងដោយសាររឿងប្រេង រឿងថ្លៃអគ្គិសនីផលិត គឺឱ្យអតិផរណាខ្ពស់ ប្រទេសខ្លះរាប់រយភាគរយនៅអឺរ៉ុប នៅអីនោះ តែកម្ពុជាយើងធានាបាននូវគឺថាតុល្យភាពនិងអតិផរណាទាបបំផុត ត្រឹមតែ ២ ទៅ ៣% ទេ ដែលធ្វើឱ្យយើងមានលំនឹងស្ថិរភាព។ ថ្លៃភ្លើងនៅយើង ប្រទេសជិតខាងដំឡើងច្រើនណាស់ដោយសារវាយគ្នានៅអ៊ុយក្រែន ដោយសារវាយគ្នានៅ (…) តែភ្លើងនៅយើងដោយសាររដ្ឋាភិបាល EDC បានចេញថវិកា EDC ដូចខាត ១ខែដូចប៉ុន្មានឯណោះឆ្នាំទៅ? ដើម្បីយើងធ្វើយ៉ាងណាលំនឹង កុំឱ្យមានការកើនឡើងខ្លាំង។ បើសិនជាយើងកើនមួយជាពីរដូចនៅប្រទេសខ្លះ ភ្លើងប្រទេសខ្លះឡើងមួយជាបីជាបួន ដោយសារនាំចូលប្រេង នាំចូលអីច្រើន។ យើងមានសំណាងមួយដោយសារ ៦២% នៃប្រភពថាមពលរបស់យើងគឺពីប្រភពកកើតថ្មី ដូចពីវារីអគ្គិសនី ដូចពីសូឡា ពីអី។ ឥឡូវឆ្នាំ២០៣០ នេះ យើងត្រូវបង្កើនការវិនិយោគទៅលើប្រភពអគ្គិសនីតាមគេថាប្រភពកកើតថ្មី ពីសូឡា ពីខ្យល់ ពីវារីអគ្គិសនីថែមទៀត ដើម្បីទប់លំនឹងថាមពលរបស់យើង។ ដើម្បីធានានូវតម្លៃភ្លើងជូនប្រជាពលរដ្ឋរបស់យើង ជាពិសេសវិស័យឯកជន កុំឱ្យឡើងខ្លាំង ព្រោះវាពាក់ព័ន្ធនឹងភាពប្រកួតប្រជែង។

ពិតណាស់ ខ្ញុំឃើញមានការលើកឡើងតាមហ្វេកប៊ុក ថាម៉េចក៏ខែនេះឡើងខ្លាំង ស្អីៗផ្សេងៗ។ ប៉ុន្តែបើប្រៀបធៀបជាមួយប្រទេសជិតខាងតម្លៃរបស់យើងទាប នេះគឺការធានានូវម៉ាក្រូសេដ្ឋកិច្ច ដែលយើងនឹងអាចធ្វើបានក្នុងរយៈពេល ១០ខែនេះ។ សួរថាម៉េចក៏ធ្វើបានពីមុន ឥឡូវក៏អួតម៉េះ កុំភ្លេចថា ១០ខែនេះ ជា ១០ខែ ដែលលំបាក។ ១០ខែ ដែលប្រឈមជាមួយកត្តាសេដ្ឋកិច្ចពិភពលោកមិនពិតប្រាកដ។ អ្នកធ្វើធុរកិច្ចគួរតែយល់ស្ថានភាពឡើងចុះ ពេលខ្លះស្រួលរកស៊ី ពេលខ្លះលំបាក។ សួរថារូបមន្តដដែលៗដូចតែគ្នា សេដ្ឋកិច្ចឡើងចុះ ត្រូវទប់ទល់។ អញ្ចឹង ១០ខែ ដែលយើងធ្វើ អញ្ចឹងបន្តិចទៀតខ្ញុំបញ្ជាក់ សេដ្ឋកិច្ចយើងងើបឡើងវិញ ប៉ុន្តែបើយើងប្រៀបធៀបជាមួយនឹងមុនកូវីដ-១៩ យើងអត់បានដល់ទេ។ មុនកូវីដ-១៩ ស្រួល។ ១០ឆ្នាំមុនកូវីដ-១៩ អ្វីក៏ឡើងស្រួលដែរ។ ចលនទ្រព្យឡើងដូចអីអញ្ចឹង។ ចាប់ផ្តើមពីកូវីដ-១៩ យើងចាប់ផ្តើមធ្លាក់ យើងដកប៉ុន្មានភាគរយ អញ្ចឹងចាប់ផ្តើមស្តារឡើងវិញ។ អញ្ចឹងការធានាស្ថិរភាពនៅក្នុងពេលស្រួលមិនអីទេ តែការធានាស្ថិរភាពនៅក្នុងពេលលំបាក ហើយជាពិសេស យើងប្រឈមជាមួយនឹងស្ថានភាពសេដ្ឋកិច្ចប្រែប្រួលលើពិភពលោក (ការឡើង)តម្លៃ សង្គ្រាមផ្សេងៗ។ នេះគឺជាកត្តាមួយ ដែលខ្ញុំសូមអរគុណចំពោះមន្ត្រីជំនាញរបស់យើង ជាពិសេសក្របខ័ណ្ឌគោលនយោបាយ និងការអនុវត្តគ្រប់កន្លែង ទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលពាក់ព័ន្ធនៅក្នុងការជួយធានានូវលំនឹងម៉ាក្រូសេដ្ឋកិច្ចនេះ។ បើយើងគ្មានគោលនយោបាយត្រឹមត្រូវរត់តាមសភាពការណ៍យើងបញ្ហា។ បើយើងមិនជួយ ថ្លៃភ្លើងនឹងកើន តែបើយើងជួយខ្លាំងពេក យើងអស់លុយ។ នេះបញ្ហា។ អញ្ចឹងការធានាម៉ាក្រូសេដ្ឋកិច្ចនេះសំខាន់ណាស់។

(១៤) ការដាក់ចេញនូវគោលនយោបាយ ការធានាសេដ្ឋកិច្ចទីផ្សារ ការលើកទឹកចិត្តផ្សេងៗ វិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ

ទី៣ គឺការធានាទៅដល់សេដ្ឋកិច្ចទីផ្សារ ការដាក់ចេញនូវគោលនយោបាយ និងការផ្តល់ការលើកទឹកចិត្តផ្សេងៗ នេះគឺជាអ្វីដែលយើងបានធ្វើក្នុងរយៈពេល ១០ ខែនេះ។ ការគាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារធានាក្របខ័ណ្ឌបទដ្ឋានគតិយុត្តយើងបានចេញធ្វើ ការវិនិយោគលើធនធានមនុស្ស និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ យើងអត់ចប់ទេ យើងធ្វើផ្លូវ យើងសម្ពោធផែ យើងវិនិយោគបន្ថែមទៅលើព្រលានយន្តហោះ។ យើងធ្វើប្រព័ន្ធប្រឡាយ ព្រែកជីកហ្វូណន យើងវិនិយោគបន្តទៀត រៀបចំដើម្បីកែសម្រួលប្រព័ន្ធ logistic របស់យើង ប្រព័ន្ធដឹកជញ្ជូន ចរចារៀបចំកែទម្រង់ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក។ ការរៀបចំមកថែមទៀត ការធ្វើផ្លូវនៅតាមបណ្តារាជធានី/ខេត្តផ្សេងៗនៅតែបន្តធ្វើនៅក្នុង ១០ខែនេះ អត់ផ្អាកទេ។ ការវិនិយោគលើធនធានមនុស្សនៅតែបន្ត តែអ្វីដែលសំខាន់គឺយើងបានខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាចំពោះមុខ។

(១៥) សេដ្ឋកិច្ចយើងមិនទាន់ស្រួលដូចមុនកូវីដ-១៩ ទេ ទាំងអស់គ្នាត្រូវទទួលស្គាល់

សំណួរសួរថាសេដ្ឋកិច្ចឥឡូវស្រួលទេ? ដូចមុនទេ? អាស្រ័យទៅលើមុនពេលណា? បើមុន មុន២០១៩ ឬមុន ២០២០? សេដ្ឋកិច្ចឥឡូវអត់ស្រួលដូចពេលនោះទេ។ ពេលហ្នឹងស្រួលណាស់ ទេសចររាប់លាននាក់មកស្រុកខ្មែរ ២០១៨-២០១៩ លឿនមែនទែន។ ឥឡូវវិស័យទេសចរណ៍យើងងើបពើមៗ ឡើងវិញមិនទាន់ដល់មុនទេ។ យើងដាក់ចេញគោលនយោបាយ ហៅទាំងកុងហ៊្វូសៅលីង យើងមិនទាន់បានទាក់ទងជាមួយឥណ្ឌាទេ តែយើងទៅមុខ។ តែបើប្រៀបធៀបឆ្នាំ២០២១-២០២២ យើងងើបឡើងវិញជាងមុន។ ពីមុនគឺបិទសូន្យតែម្តង hotel នៅសៀមរាបបិទឈឹងតែម្តង អត់បើកឡើងវិញទេ តែឥឡូវយើងងើបឡើងវិញខ្លះ។ អញ្ចឹង សំណួរសួរថាតើយើងល្អជាងមុន ស្រួលជាងមុន សំខាន់សួរតើពេលណា? ខ្ញុំទទួលស្គាល់ថា សេដ្ឋកិច្ចយើងមិនទាន់ស្រួលដូចមុនកូវីដ-១៩ ទេ ទាំងអស់គ្នាត្រូវទទួលស្គាល់។ នេះហើយដែលរដ្ឋាភិបាលត្រូវដាក់ចេញគោលនយោបាយឲ្យសមស្រប ជាពិសេសម៉ោងនេះ ការដាក់ចេញគោលនយោបាយជួយលើកទឹកចិត្ត និងផ្ដល់គោលការណ៍អនុគ្រោះច្រើនណាស់សម្រាប់វិស័យឯកជនដើម្បីជួយបន្ធូរសម្ពាធ។

(១៦) ថវិកាដាក់ ៩% ជាង យើងទម្លាក់ ៧% ដើម្បីឲ្យថវិកាវិល ការអនុគ្រោះពន្ធ ការអនុគ្រោះរឿងអនុលោមភាព ការជួយពង្រឹងផ្សេងៗទៅដល់វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងគ្រប់វិស័យទាំងអស់

ខ្ញុំជួបជាមួយនឹងវិស័យឯកជនកាលពីខែ១១ សំណូមពរវិស័យឯកជនប៉ុន្មានចំណុចឯណោះ។ ខ្ញុំបានដាក់ចេញ ដោះគ្រប់វិស័យទាំងអស់។ ការសម្រួលប្រព័ន្ធថវិកាចេញពីធនាគារ តម្រូវការថវិកាដែលដាក់ ៩% ជាង យើងទម្លាក់ ៧% ដើម្បីឲ្យថវិកាវិល ការអនុគ្រោះពន្ធ ការអនុគ្រោះរឿងអនុលោមភាព ការជួយពង្រឹងផ្សេងៗ ទៅដល់វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ គ្រប់វិស័យទាំងអស់ កសិកម្មដែលយើងដាក់ ដោយសារសេដ្ឋកិច្ចយើងងើបហើយ។ ប៉ុន្តែយើងមិនអាចថាយើងផុតពីការលំបាក យើងត្រូវជួយគ្នា។ អញ្ចឹងហើយបានជារាជរដ្ឋាភិបាលដាក់ច្រើនណាស់នៅក្នុងការងារនេះ។ ពិតណាស់វិស័យខុសគ្នា វិស័យខ្លះយើងឃើញងើបជាងមុន ។ ឧទាហរណ៍រឿងកម្មន្តសាល រឿងវិស័យកាត់ដេរ យើងនាំចេញបានច្រើនជាងមុន ការងារយើងនៅពង្រីកបន្ថែម។ ប៉ុន្តែវិស័យមួយចំនួនអចលនទ្រព្យ វិស័យទេសចរណ៍ វិស័យទាំងនេះគឺជាវិស័យដែលត្រូវវាយប្រហារខ្លាំងជាងគេ។ ឥឡូវយើងជួយថាម៉េចដើម្បីយើងជួយទប់កុំឲ្យដួលធ្លាក់ចុះ ជួយទប់ដើម្បីផ្តល់លទ្ធភាពឲ្យវិស័យឯកជនរឹងដៃរឹងជើងទៅវិញ ហើយជួយយ៉ាងណាដើម្បីមានលទ្ធភាពងើបឡើងវិញជាមួយគ្នា។ ថ្ងៃមុន ខ្ញុំបានជួបជាមួយនឹងតំណាងឧកញ៉ា លី ហួរ ប៉ុន្មានអាទិត្យមុននេះ ក៏បានជជែកគ្នាមើលថា តើអាចធ្វើអ្វីទៀត? ក៏មានសំណូមពរមួយចំនួន។ មួយចំនួនយើងអត់អាចដោះបាន ព្រោះយើងដោះដល់កម្រិតហើយ។ តែមួយចំនួនទៀតគឺយើងអាចជួយបន្ត មួយចំនួនទៀតយើងអាចជួយបន្ថែម។

(១៧) ដាក់គោលដៅទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីរុញវិស័យទេសចរណ៍

វិស័យទេសចរណ៍ខ្ញុំបានជួប។ ស្អែកនេះ ហើយប៉ុន្មានអាទិត្យក្រោយនេះ គឺយើងនឹងត្រូវជួបគ្នានៅដើមឆ្នាំនេះ យើងដាក់គោលដៅគឺថា ទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីរុញវិស័យទេសចរណ៍។ ឥឡូវឆ្នាំ២០២៤ យើងកម្រើកបន្តិច ប៉ុន្តែមិនទាន់បានដូចចិត្តទេ។ យើងសង្ឃឹមឆ្នាំ២០២៥ យើងនឹងរុញបានច្រើន។ ឥឡូវទើបបញ្ចប់នៅក្នុងការរៀបចំដាក់ដំណើរការឡើងវិញនូវយន្តការសិក្សាទីផ្សារផ្សព្វផ្សាយទេសចរណ៍ ហើយយើងទើបភ្ជាប់ជើងហោះហើរជាមួយនឹងឥណ្ឌា យើងភ្ជាប់ជាមួយនឹងប្រទេសមួយចំនួន។ ថ្ងៃមិញ ជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសថៃជជែកគ្នាអំពីយន្តការកម្រិតណាដើម្បីថ្ពក់ទេសចរណ៍ភ្ជាប់ពីថៃមកកម្ពុជាឲ្យកាន់តែប្រសើរ។ ពីក្នុងតំបន់យើងយកពីឆ្ងាយមកផង ទាញមកកៀកហ្នឹងផង ព្រោះទេសចរច្រើនទៅថៃ ទេសចរច្រើនទៅប្រទេសជិតខាង យើងថ្ពក់ហ្នឹងមក (គេ)ក៏បានពីយើងទៅដូចគ្នា។

(១៨) រដ្ឋស្តាប់វិស័យឯកជន ហើយរដ្ឋជួយដោះស្រាយទៅតាមអ្វីដែលវិស័យឯកជនធ្វើ

យើងធ្វើការជាមួយនឹងសមាគមវិស័យឯកជន ហើយយន្តការដែលបង្កើតនេះមិនមែនរដ្ឋធ្វើទេ។ យន្តការដែលរៀបចំថ្មីនេះគឺមានការចូលរួមពីវិស័យឯកជន ព្រោះខ្ញុំប្រាប់ថាទាល់តែវិស័យឯកជនទើបយល់ពីការងាររបស់វិស័យឯកជនល្អជាងរដ្ឋ។ រដ្ឋស្តាប់វិស័យឯកជន ហើយរដ្ឋជួយដោះស្រាយទៅតាមអ្វីដែលវិស័យឯកជនធ្វើ នេះហើយជាតួនាទីរបស់រដ្ឋ។ រដ្ឋមិនចាំបាច់ទៅប្រាប់ថាឯកជនទៅធ្វើអញ្ចេះទេ រដ្ឋគ្រាន់តែប្រាប់ថាឥឡូវវិស័យឯកជនដើរទិសនេះ រដ្ឋផ្តល់គោលការណ៍លើកទឹកចិត្តប៉ុណ្ណេះ ប្រកួតគ្នាទៅ ជួយទៅស្អីដែលរដ្ឋជួយបាន។ ការវិនិយោគខេត្តព្រះសីហនុឆ្នាំ២០២៤ ក៏បានដាក់ទិសដៅមួយចំនួន យើងចេញគោលការណ៍អនុគ្រោះមួយចំនួន ហើយឆ្នាំ២០២៥ និងឆ្នាំ២០២៦ យើងនឹងបន្តទៅទៀត។ ខេត្តព្រះសីហនុមានសក្តានុពលធំនៅក្នុងការជំរុញឧស្សាហកម្ម កម្មន្តសាលច្រើន អចលនទ្រព្យបានរីកលឿនហើយនៅក្នុងរយៈពេលប្រមាណ ១០ ឆ្នាំជាងមុន។ ឥឡូវដល់ទ្រឹង យើងព្យាយាមដើម្បីគាស់ឡើងវិញ ប៉ុន្តែកុំភ្លេចវិស័យផ្សេងទៀតដែលយើងត្រូវធ្វើ។ យើងធ្វើវិនិយោគរាប់រយលានដើម្បីកសាងពង្រឹងផែខេត្តព្រះសីហនុ។ ផែកំពតទើបតែបើក។ យើងត្រូវធ្វើម៉េចជំរុញអាហ្នឹងឲ្យបាន។ នេះហើយគឺអ្វីដែលរាជរដ្ឋាភិបាលបានធ្វើដើម្បីជួយ។ នៅក្នុងការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្ដាល​យើងបានធ្វើហើយច្រើនទៅលើកិច្ចការនេះ។ ហើយយើងបានដាក់ចេញនៅគោលនយោបាយលើកទឹកចិត្តច្រើនដែលបានធ្វើ ហើយខ្ញុំសុំមិនរំលេចថាយើងធ្វើអ្វីទេ។

(១៩) ធ្វើយ៉ាងណាឲ្យប្រព័ន្ធរដ្ឋបាលរបស់យើងកាត់បន្ថយភាពសាំញ៉ាំ កាត់បន្ថយពេលវេលា/តម្លៃ ប្រើប្រព័ន្ធអនឡាញឲ្យច្រើន

ខ្ញុំធ្លាប់និយាយ ធ្លាប់សម្ពោធទៅដល់នេះ យើងថាធ្វើយ៉ាងណាឲ្យប្រព័ន្ធរដ្ឋបាលរបស់យើងកាត់បន្ថយ កាត់បន្ថយភាពសាំញ៉ាំ កាត់បន្ថយពេលវេលា កាត់បន្ថយតម្លៃ ដាក់ប្រព័ន្ធអនឡាញឲ្យច្រើន។ ម្សិលមិញជួបជាមួយនឹងឯកឧត្តម គង់ វិបុល ឥឡូវធ្វើម៉េចរុញអាប្រព័ន្ធអនឡាញឲ្យច្រើន រឿងពន្ធហ្នឹង ដើម្បីធ្វើយ៉ាងម៉េចក្រុមហ៊ុនគាត់ E-filing គាត់ធ្វើអីកាត់អាស្មុគស្មាញហ្នឹងឲ្យច្រើន។ ហើយអគ្គនាយកដ្ឋានពន្ធដារបានកែទម្រង់ច្រើន។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដាក់ចេញនូវកម្មវិធីប្រព័ន្ធ CAMDX ដើម្បីចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម។ ក្រសួងសាធារណការអី ចង់បានលេខឡាន មិនបាច់ទៅតម្រង់ជួរនៅនោះទេ ចុចតែទូរស័ព្ទបានហើយ។ នេះគឺជាអ្វីដែលយើងត្រូវធ្វើ កាត់បន្ថយការិយាធិបតេយ្យ ជំរុញការប្រើប្រាស់(បច្ចេកវិទ្យា) កាត់បន្ថយឲ្យបានច្រើនដើម្បីធានាភាពរឹង យើងបានធ្វើ និងបន្តធ្វើទៅទៀត។

(២០) រដ្ឋាភិបាលធ្វើកំណែទម្រង់ធំនិងមុតស្រួចក្នុងកាលៈទេសៈលំបាក

ខ្ញុំសុំចំណាប់អារម្មណ៍ថា រដ្ឋាភិបាលយើងធ្វើកំណែទម្រង់ធំ ហើយការកែទម្រង់យើងបានធ្វើច្រើនហើយ។ ប៉ុន្តែកែទម្រង់ពេលខ្លះវាមិនខុសពីវិស័យឯកជនទេ ពេលខ្លះការកែសម្រួល កែទម្រង់ គឺធ្វើនៅពេលលំបាក ពេលស្រួលអត់ធ្វើទេ ព្រោះពេលស្រួល យើងមិនសូវចាប់អារម្មណ៍អារឿងកំប៉ិកកំប៉ុក។ ពេលស្រួល! កុំពិបាករឿងបន្តិចបន្តួច ដល់ពេលមានការបញ្ហា កំណែទម្រង់មុតស្រួចខ្លះ។ ទាល់តែពេលដែលយើងលំបាកបានយើងមានពេលអង្គុយ។ អង្គុយមើលព្រោះពេលចំណេញខ្លាចខាតពេលគេទៅផុត។ ព្រោះដូចដីរឿងអចលនទ្រព្យអញ្ចឹងលឿន ហ៊ានតែអង្គុយគិតយូរពេក គេទៅចោល ទិញអត់ទាន់ផែនការ។ ជួនកាលចាត់ចែងមុន បានយើងធ្វើក្រោយ គិតថាចំណូល cashflow មានរហូត ប៉ុន្តែទាល់តែពេលយើងមានបញ្ហាពិបាក បានយើងគិតថាអ្វីដែលយើងគិតពីមុនរាងធូរបន្តិច។

(២១) ពេលខ្លះទាល់តែជួបបញ្ហា ទើបយើងយកពេលមកគិតគូរ កែសម្រួល និងចាត់វិធានការឲ្យបានល្អឡើងវិញ

ថ្ងៃមុន ខ្ញុំជួបវិស័យឯកជនខាងលំនៅដ្ឋាន យើងបង់ពន្ធជាកញ្ចប់ បង់ពន្ធជាកញ្ចប់នេះដោយគិតថា ឥឡូវ បើបង់ពន្ធមួយៗវាយូរ ឥឡូវថាម៉ៅការចុះ បើយើងធ្វើ ១០០(ផ្ទះ)យើងបង់ម្ដង ១០ ចាំធ្វើហើយចាំបង់ម្ដង ១០ ទៀត។ នៅពេលដែលសេដ្ឋកិច្ចកើន អចលនទ្រព្យកើន វិនិយោគិនភាគច្រើនគាត់ថាខ្ជិលបង់ម្ដង១០ បង់ ១០០ តែម្ដងទៅព្រោះ(គម្រោង)គង់តែដើរដដែល។ ដល់ឥឡូវស្នើសុំថាបង់លើកមុនជ្រុលហើយ។ មិនបន្ទោសទេ ប៉ុន្ដែនេះជាធម្មជាតិ។ ពេលដែលស្រួល ការងារល្មមៗមិនសូវអីទេ! រដ្ឋាភិបាលដូចគ្នា កែទម្រង់ខ្លះ ពេលដែលស្ថានភាពស្រួលទៅ យើងពិបាកពន្យល់គ្នាថា(ម៉េចបានជា)ត្រូវតែកែ … គាត់ថាបើមិនខូចកែធ្វើអី? ដើម្បីប្រសិទ្ធភាពទៀត! (គេ)ថាប្រសិទ្ធភាពអី? ប៉ុណ្ណឹងបានហើយ។ អញ្ចឹងរដ្ឋបាលយើងយកឱកាសនេះ ដើម្បីកែទម្រង់ពេលដែលលំបាក។ ពេលសេដ្ឋកិច្ចរាងផ្អាកបន្ដិច យើងអង្គុយវាយតម្លៃជាមួយគ្នាថាការអនុវត្ដពីមុនមានហានិភ័យខ្ពស់អត់? ល្បឿនប៉ុន្ដែហានិភ័យអត់? ហើយរឿងខ្លះពេលកំពុងតែលឿន កែទម្រង់ពិបាកពន្យល់គ្នា។

អាហ្នឹងរឿងថ្ងៃមុន ដែលខ្ញុំទៅកូរ៉េ លើករឿងករណីមួយដែលឆបោក។ ឧកញ៉ា ឡេង ចាន់ណា ដែលគាត់ទៅផ្សាយពាណិជ្ជកម្មនៅក្រៅប្រទេស។ ការផ្សាយរបស់គាត់ រាងល្អពេក។ អញ្ចឹង(ក្លាយជាអ្នក)មានដោយស្រួល! ប៉ុន្ដែ មានព្រះសង្ឃមួយអង្គ(គង់)នៅទីនោះ មានសង្ឃដីកាប្រាប់ញោមៗថា «អាត្មាគិតថាមិនស្រួល! ដូចចំណេញខ្លាំងពេក» អង់គ្លេសគេថា “Too good to be true” គេថាល្អហួស។ អ្នកវិនិយោគស្ដាប់លោកមិនស្ដាប់ទេ ថែមទាំងស្ដីឲ្យលោកទៀតថា «ព្រះតេជព្រះគុណ កុំចេះឆាឆៅគេរកស៊ី»។ មិនបន្ទោសទេ ដោយសារពេលនោះ(បាន)ឃើញមែន ចំណូលអ្នកដាក់មុនមកមែន(លុយ) បាន ៤០% ពេលនោះគឺទៅហើយ។ ទាល់តែមានរឿងបានអង្គុយគិតវាយតម្លៃ។ សូម្បីតែរដ្ឋាភិបាលរបស់យើងក៏វាយតម្លៃមិនចេញដែរ ព្រោះប្រព័ន្ធហ្នឹងវាទំនើបពេក។ ក្បួនហ្នឹងនៅអាមេរិកដូចជាឆ្នាំ២០០០ បោកគេ ៧០ប៉ុន្មានពាន់លាននោះ។ ១៧ ឆ្នាំ ក្បួនដូចគ្នា Ponzi Scheme តែពេលនោះអត់មានអ្នកណាទៅប្រាប់បានទេ កំពុងតែទៅលឿន។ អញ្ចឹងពេលនេះជាពេលដែលរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការមុតស្រួចដើម្បីកែទម្រង់កាន់តែស្រួច។ ពេលអត់លំបាក ៤ ទៅ១០ ដុល្លារ ធូរ តែពេលលំបាកមួយកាក់មួយសេនក៏គិតដែរ។ ពិតមែនទេ?

(២២) ការចងជាក្រុម សមាគម តាមវិស័យនីមួយៗ មានផលវិជ្ជមានដើម្បីជួយគិតកែចំណុចឆកល្វែងដើម្បីការរីកចម្រើន

អញ្ចឹងពេលលំបាកជាពេលដែលយើងរួមគ្នាគិតគូរត្រៀមលក្ខណៈ ព្រោះសេដ្ឋកិច្ចវាឡើងចុះ។ គ្រាន់តែឥឡូវនេះ យើងវាប្រឈមដោយសារវិបត្ដិកូវីដ-១៩ ផង សង្គ្រាមផង។ តែវិបត្ដិឆ្នាំ១៩៩៧ អចលនទ្រព្យអាស៊ានក៏យើងប៉ះ ២០០០ ជាង ក៏យើងធ្លាប់ឡើងចុះដែរ។ សេដ្ឋកិច្ចទីផ្សារត្រូវតែអញ្ចឹង អ្វីដែលយើងយកមេរៀនពីឥឡូវកែទម្រង់ ដើម្បីពេលដែលវិបត្ដិមកដដែលទៀត វិស័យអចលនទ្រព្យ វិស័យផ្សេងៗទៀតដែលប៉ះឥឡូវនេះមានភាពធន់ជាងមុន ដោយសារទាំងវិស័យឯកជន និងរដ្ឋបានរៀនពីបទពិសោធនេះ ហើយបានកែសម្រួល ដើម្បីត្រៀមលក្ខណៈ។ នេះជាការចំាបាច់ដែលយើងត្រូវធ្វើពេលនេះ។ ការរួមគ្នា ពិនិត្យខ្លួនឯង សុខភាពខ្លួនយើង ចាត់វិធានការកែយ៉ាងណាដើម្បីធានាកុំឲ្យមានបញ្ហាតទៅទៀត ត្រូវធ្វើយ៉ាងណា(មិនឲ្យវា)បន្ទច់បង្អាក់ការអភិវឌ្ឍទេ។ នេះដែលខ្ញុំនិយាយពីការកែទម្រង់ ពង្រឹងអភិបាលកិច្ច ដែលរដ្ឋាភិបាលត្រូវធ្វើ ហើយកំពុងធ្វើពេលនេះ។ វិស័យឯកជនក៏ដូចគ្នា វិស័យឯកជនជាអ្នកចំាបាច់ត្រូវធ្វើ។ ហេតុនេះហើយបានជាខ្ញុំសប្បាយរីករាយ ដែលយើងមានជាសមាគម ក្រុម ដែលអង្គុយគិតរួមគ្នាបាន មើលរួមគ្នាអំពីចំណុចឆកល្វែង ហើយរួមគ្នាពង្រឹងដាក់វិធានការក្នុងការកែទម្រង់ពង្រឹងវិស័យយើងនីមួយៗ ព្រោះវិស័យនីមួយៗ បើអត់មានមូលដ្ឋានរឹងមាំ ពេលដែលសេដ្ឋកិច្ចឡើងចុះ យើងលំបាក។

(២៣) សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបឡើងបន្ដិចៗម្ដង បន្ទាប់ពីវិបត្ដិកូវីដ១៩/ព្យាករណ៍កំណើន ៦% ឆ្នាំ ២០២៤

ពីមុនយើងរីកចម្រើនហើយ តែវាមានបញ្ហាប្រឈម(ដូច)ពេលដែលវិបត្ដិកូវីដ១៩ មកដល់ យើង(បាន)ឃើញបញ្ហាប្រឈមរបស់យើងមួយចំនួន។ ឥឡូវថ្ងៃក្រោយ ត្រូវគិតធ្វើយ៉ាងម៉េច ដើម្បីធានា ការផែនការផ្អែកលើបទពិសោធពីមុន។ មកដល់ម៉ោងនេះ ខ្ញុំអាចនិយាយថាសេដ្ឋកិច្ចយើងបានងើបឡើងវិញរើបៗ។ កាលពីឆ្នាំ២០២២ ដូចថយ។ ២០២១ ដកប៉ុន្មានភាគរយ។ ២០២៣ យើងបានកើន ៥ %។ ២០២៤ យើងបានគ្រោងព្យាករ(កំណើន) ៦%។

(២៤) តាមការស្ទង់មតិរបស់វិទ្យាស្ថាន Lowy សក្ដានុពលនៃភាពទាក់ទាញវិស័យឯកជនរបស់កម្ពុជាមានកំណើនលឿនជាងគេក្នុងតំបន់

ហើយអម្បាញ់មិញពេលខ្ញុំជិះឡានមក ឯកឧត្តម សូ ណារ៉ូ បានបាញ់ឲ្យខ្ញុំ វិទ្យាស្ថាន អូស្ដ្រាលី មួយ នៅ Lowy Institute ទើបចេញរបាយការណ៍។ គេមើលពីអំណាចនៃភាពទាក់ទាញរបស់កម្ពុជា ប្រៀបធៀបនឹងឆ្នាំ២០២២ អញ្ចឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុន្មាននេះ កម្ពុជា +០,៧ បានន័យថា កំណើនសក្ដានុពលនៃភាពទាក់ទាញវិស័យឯកជនលឿនជាងគេក្នុងតំបន់។ នេះជាភាពជោគជ័យរបស់យើង។ បានន័យថាម៉េច? វិទ្យាស្ថានអន្ដរជាតិនេះ គឺគាត់ធ្វើស្ទង់ទស្សនៈរបស់អ្នកវិនិយោគ មិនមែនតែនៅកម្ពុជាទេ តែទូទាំង(ពិភពលោក)គាត់ទាញមកថា តើទស្សនៈគេយល់ឃើញម៉េចចំពោះកម្ពុជា? អញ្ចឹងដែលថាភាពវិជ្ជមានរបស់យើង +០,៧ ដែលថាខ្ពស់ប្រៀបធៀបជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់របស់យើង។ នេះគឺជាអ្វីដែលជាមោទនភាពរបស់យើង។ បានន័យថាការព្យាករ និងអនាគតរបស់យើងក្នុងពេលខាងមុខ គឺព្យាករត្រូវ។ មិនមែនតែរដ្ឋយើងជាអ្នកព្យាករទេ តែអន្ដរជាតិបានព្យាករ(ដូចគ្នា)។ អញ្ចឹងទិដ្ឋភាពរួមរបស់យើងគឺមាន(ភាព)វិជ្ជមាន នេះជាដំណឹងល្អរបស់វិស័យឯកជនរបស់យើង សូមចូលរួមអបអរសាទរ។ ព្រោះវិនិយោគគេតែងតែមើលនូវទស្សនៈនៃការវិនិយោគ Perception។ គេធ្វើការសិក្សាផ្សេងៗ គេថាតើអ្នកឯងយល់ថា ការវិនិយោគនៅកម្ពុជាទាក់ទាញប៉ុន្មានឆ្នាំនេះ ប្រៀបធៀបទៅនឹងឆ្នាំទៅ? (បើ)បរិស្ថាននៃការវិនិយោគកម្ពុជាធ្លាក់ចុះ មិនបាន +០,៧ ទេ។ ប្រទេសខ្លះធ្លាក់ចុះ។ ខ្ញុំជិះមកមិញ ជិះដល់ ខ្ញុំបើក(មើល)បន្ដិច មិញឃើញប្រទេសប៉ុន្មានធ្លាក់ចុះ។ កម្ពុជាបាន ០,៧ ខ្ពស់ជាងគេ ខាងវិជ្ជមាន។ ខ្ញុំមិនបានមើលលម្អិត ប៉ុន្ដែជាគោល និយាយអំពីទស្សនៈ និងភាពទាក់ទាញ ភាពទុកចិត្ដ សម្រាប់វិស័យឯកជននៅកម្ពុជា។ អញ្ចឹងបានន័យថា ការធ្វើការបែបនេះ ការដើរទាក់ម៉ូយ របស់ឯកឧត្តម ស៊ុន ចាន់ថុល ខ្ញុំ វិស័យឯកជនជាច្រើន បានដើរទាក់ម៉ូយជាមួយគ្នា យើងបានផលផ្លែផ្កាហើយ។

(២៥) វិនិយោគិនក្នុងប្រទេសដែលជោគជ័យជាឃោសនិកធំ សម្រាប់ការទាក់ទាញវិនិយោគិនពីក្រៅបន្តទៀត

ប៉ុន្ដែ ទាក់ម៉ូយសំខាន់ឲ្យរីក សំខាន់ធ្វើឲ្យអ្នកនៅខាងក្នុងរីកកាន់តែធំ ដើម្បីបង្ហាញសមិទ្ធផលជាក់ស្ដែង។ នេះជាអ្វីដែលសំខាន់ ដែលខ្ញុំនិយាយថា «ចាបមួយក្នុងដៃប្រសើរជាងចាប ២០ ក្នុងព្រៃនោះ»។ ត្រូវថែទាំចាបមួយ (ដែលនោះគឺ)វិស័យឯកជន ក្រុមហ៊ុនយើង គ្រឹះស្ថានតូច មធ្យម ដែលមានក្នុងដៃស្រាប់ឲ្យរីកចម្រើនឲ្យជោគ​ជ័យ ទើបយើងធានាហៅគេមកទៀត។ ខ្ញុំនិយាយអត់មានអ្នកណាជឿទេ តែបើគេឃើញ គេទៅសួរអ្នកវិនិយោគ​នៅស្រុកខ្មែរ(អំពី)បញ្ហាប្រឈម បញ្ហាវិជ្ជមាន អំណោយផល រីកចម្រើនយ៉ាងម៉េច ឃើញវិជ្ជមាន គេនឹងមកហើយ។ ហើយបងប្អូនទាំងអស់នៅទីនេះការខិតខំប្រឹងប្រែង ជាអ្នកទាក់ម៉ូយសំខាន់ណាស់សម្រាប់វិស័យឯកជន និងសេដ្ឋកិច្ចប្រទេសរបស់យើង។ សូមអរគុណ និងចូលរួមពង្រឹងបន្ថែមទៀត។ កិច្ចការទាំងអស់នេះជាកិច្ចការសំខាន់។ អញ្ចឹង ខ្ញុំសូមឲ្យវិស័យឯកជនដើរតួនាទីជាមួយរាជរដ្ឋាភិបាលក្នុងនាមជាដៃគូ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ ពាក្យបីនេះសំខាន់។ រាជរដ្ឋាភិបាលអត់ទៅធ្វើការជំនួសវិស័យឯកជនទេ រដ្ឋាភិបាលត្រឹមបង្កលក្ខណៈជូនវិស័យឯកជន មានស្ថិរភាព សន្ដិភាព ហេដ្ឋារចនាសម្ព័ន្ធ ភ្លើង ទឹក ធានានូវតម្លៃសមស្រប ដាក់ចេញនូវគោលនយោបាយមួយចំនួន ធានាបន្ថយបន្ទុកដើម្បីឲ្យរស់។ ប៉ុន្ដែ វិស័យឯកជនត្រូវរស់ និងរឹងមាំខ្លួនឯង ទើបទៅរួច ត្រូវបន្ដភាពរឹងមាំ ដែលខ្ញុំមានមោទនភាព ដែលខ្ញុំនិយាយអម្បាញ់មិញ។

(២៦) អភិបាលកិច្ចល្អ ប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដើម្បីពង្រឹងការរីកចម្រើនរយៈពេលវែងរបស់ក្រុមហ៊ុននិងស្ថាប័ន

បរិស្ថាន(វិនិយោគ)នៅកម្ពុជាបានអំណោយផលពីក្រុមហ៊ុនដែលអត់មានអីពីទសវត្សរ៍៩០ រហូតក្លាយជាក្រុមហ៊ុនធំជាច្រើនរួចមកហើយ។ អញ្ចឹងក៏គ្មានហេតុផលអីទៀតដែលថាក្រុមហ៊ុនតូចថ្ងៃនេះ មិនអាចរីកទៅជាក្រុមហ៊ុនមធ្យម និងធំ ទៅថ្ងៃក្រោយដែរ។ ប៉ុន្ដែត្រូវចាប់យកឱកាស និងប្រឹងប្រែងដើម្បីយើងជោគជ័យ។ រដ្ឋាភិបាលមិនទៅធានាភាពជោគជ័យជូនទេ គឺឯកជនមានសិទ្ធិ សេរីភាពក្នុងការប្រកួតប្រជែង។ អញ្ចឹង ខ្ញុំសូមឲ្យវិស័យឯកជនយកឱកាសនេះដើម្បីពង្រឹងខ្លួនឯង ជាពិសេសពង្រឹងអភិបាលកិច្ច ដើម្បីយើងរីក។ អាចសួរបទពិសោធឧកញ៉ា តែ តាំងប៉ ក្រុមហ៊ុនកម្រិតធំ អ្នកឧកញ៉ា គិត ម៉េង ឬមួយក្រុមហ៊ុន(ផ្សេង)ទៀតជាច្រើន ដែលកាលពីតូចអត់ត្រូវការប្រព័ន្ធគ្រប់គ្រងទេ។ ត្រឹមតែហាងគុយទាវមួយ មិនត្រូវការប្រព័ន្ធគ្រប់គ្រងទេ ព្រោះឪពុកម្ដាយបងប្អូននៅហ្នឹងទាំងអស់ គណនេយ្យអត់ចំាបាច់ទេ។ ប៉ុន្ដែ ដល់តែពង្រីកសាខា ២៥ រាជធានី/ខេត្ត ត្រូវការប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។ ហើយបើថ្ងៃក្រោយចង់រីកចាប់ដៃគូជាមួយបរទេស ឬឡើងផ្សារភាគហ៊ុនត្រូវការអភិបាលកិច្ចឲ្យកាន់តែច្បាស់។ ហើយបើយើងចង់ទៅធ្វើការដៃគូជាមួយសហគ្រាសមធ្យម សហគ្រាសតូច មកពីជប៉ុន មកពីអឺរ៉ុប គេសួរមុនគេ ប្រាកដជា ប្រព័ន្ធការងារយើងយ៉ាងម៉េច? គេមិនចាប់ដៃគូជាមួយក្រុមហ៊ុនដែលអត់មានប្រព័ន្ធច្បាស់លាស់ទេ។ អញ្ចឹងដើម្បីរីកចម្រើនរយៈពេលវែង ត្រូវការពង្រឹងអភិបាលកិច្ច។ ហើយរាជរដ្ឋាភិបាលនៅបន្តលើកទឹកចិត្ត និងផ្ដល់ការគាំទ្រ យើងផ្ដល់ការអនុគ្រោះច្រើនណាស់ក្នុងពេលលំបាកនេះ ប៉ុន្តែ ខ្ញុំសុំឲ្យវិស័យឯកជនកុំមានផ្នត់គំនិតថាត្រូវតែរដ្ឋជួយផ្ដល់អនុគ្រោះរហូត បើមិនអញ្ចឹងទេមិនរីកទេ។ នេះគឺជាការចាំបាច់។

(២៧) អំពាវនាវឲ្យវិស័យឯកជនខិតខំពង្រឹងខ្លួនឯង ដើម្បីធំរឹងមាំ ទើបសេដ្ឋកិច្ចជាតិរឹងមាំ

កម្ពុជានឹងក្លាយទៅជាប្រទេសអ្នកមានឆ្នាំ២០៥០ ប៉ុន្តែ មុនក្លាយទៅជាប្រទេសអ្នកមាន យើងត្រូវចាកចេញពីប្រទេសក្រីក្រនៅឆ្នាំ២០២៩។ នៅពេលដែលយើងចេញពីប្រទេសអភិវឌ្ឍន៍តិច គេនឹងដកចេញគោលការណ៍អនុគ្រោះមួយចំនួន នាំចេញឥវ៉ាន់ទៅប្រទេសមួយចំនួន គេនឹងដកការអនុគ្រោះ។ ខ្ចីលុយ គេលែងឲ្យខ្ចីកម្ចីឥណទានអនុគ្រោះហើយ។ សំណួរសួរថា បើយើងចេញ គេលែងឲ្យ ចុះយើងនៅធ្វើប្រទេសក្រីក្រទៅមិនស្រួល? យើងមានជម្រើស ប៉ុន្តែសួរថា តើយើងក្លាយទៅជាប្រទេសអ្នកមានឬទេ បើយើងនៅដេកដួល នៅដេកចាំតែប្រទេសមួយចំនួនផ្ដល់ការអនុគ្រោះ? អត់បានទេ មែនទេ? ក្រុមហ៊ុនដែលក្លាយពីតូចមកធំ មិនមែនគាត់ទេ គាត់ត្រូវពង្រឹងខ្លួនឯងដើម្បីរស់ ដើម្បីធំរឹងមាំ។ នេះគឺជាកិច្ចការសំខាន់ ហើយខ្ញុំគិតថា វិស័យឯកជនរបស់យើងខិតខំប្រឹងប្រែង រដ្ឋាភិបាលនឹងជួយផ្ដល់ឲ្យ ប៉ុន្តែ ខ្ញុំសូមអំពាវនាវឲ្យវិស័យឯកជនខិតខំយ៉ាងណាពង្រឹងខ្លួនឯង ដើម្បីក្លាយទៅជាតួអង្គកាន់តែច្រើន រីកកាន់តែធំ មានលំនឹង សូម្បីតែសហគ្រាសធុនតូច មធ្យម ថ្ងៃក្រោយក៏មានការពង្រឹងខ្លួនឯងច្បាស់លាស់។ នេះទើបសេដ្ឋកិច្ចយើងរឹងមាំ វិស័យឯកជនយើងរឹងមាំ។

(២៨) ការពង្រឹងអភិបាលកិច្ច បង្កើតសមាគម និងចងក្រងគ្នាជាក្រុម ដើម្បីជួយពង្រឹងគ្នា ជាកិច្ចការសំខាន់

ហើយការពង្រឹងអភិបាលកិច្ចនេះគឺសំខាន់ណាស់។ ហើយការបង្កើតសមាគម និងការចងក្រងគ្នាជាក្រុមដើម្បីជួយគ្នា ពង្រឹងគ្នានេះ គឺជាកិច្ចការសំខាន់ ហើយខ្ញុំសូមលើកទឹកចិត្ត ដើម្បីយកយន្តការសមូហភាពនេះ ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកនៃវិស័យឯកជន។ ហើយខ្ញុំសូមលើកទឹកចិត្តឲ្យគ្រប់វិស័យទាំងអស់ រួមគ្នាធ្វើបែបនេះ ព្រោះកុំភ្លេចថា យើងមិនមែនប្រកួតគ្នាឯងទេ។ កម្ពុជាត្រូវប្រកួតប្រជែងជាមួយពិភពលោក អញ្ចឹងយើងត្រូវរួមកម្លាំងគ្នា ដើម្បីឲ្យផលិតផលខ្មែរ វិស័យឯកជនខ្មែរ នៅក្នុងវិស័យនីមួយៗរឹងមាំ រួមគ្នាប្រកួតនឹងប្រទេសដទៃដែលនាំចេញផលិតផលដូចគ្នា រួមគ្នាបង្កើតបរិស្ថានធុរកិច្ចមួយដែលល្អនៅកម្ពុជា ដើម្បីរួមគ្នាទាញវិនិយោគមកកម្ពុជា។ គេមកចាប់ដៃគូ។

(២៩) ពេលចេញទៅក្រៅប្រទេស ជួបអ្នកធុរកិច្ច តែងធ្វើការងារ៣ដំណាក់កាល, តែដំណាក់កាលទី៣ Business Matching សំខាន់ជាងគេ ក្នុងការភ្ជាប់ទំនាក់ទំនងឯកជនកម្ពុជានិងបរទេស

រាជរដ្ឋាភិបាលរបស់យើងពេលទៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង ឯកឧត្ដម ស៊ុន ចាន់ថុល បានធ្វើការ។ យើងធ្វើការពេលដែលយើងចេញក្រៅប្រទេស កន្លងទៅ យើងមាន៣ដំណាក់កាល។ ដំណាក់កាលទី១ គឺបើកខ្ញុំចូលបើក។ វេទិកាមួយទៀត គឺការឆ្លើយ ការធ្វើបទបង្ហាញពីជំនាញ មានការសួរដេញដោល។ ហើយវេទិកាទី៣ គឺការភ្ជាប់គ្នារវាងវិស័យឯកជននិងឯកជន។ កន្លែងខ្លះយើងធ្វើតែទី១ និងទី២។ ខ្ញុំសុំឲ្យគ្រប់វេទិកាទាំងអស់ ប្រទេសទាំងអស់ដែលយើងទៅ ត្រូវធ្វើចំណុចទី៣នេះ គឺ Business Matching ត្រូវធ្វើគ្រប់ទាំងអស់ដើម្បី business គាត់ជួបគ្នា។ វិស័យឯកជនទៅជួបគ្នាជាមួយខ្ញុំ គាត់ស្ដាប់ហើយគាត់ចេញហើយ។ គាត់ស្ដាប់វាគ្មិនរបស់យើង មានឧកញ៉ា សុខ ពិសិដ្ឋ អីៗ ខាងជំនាញ CDC យើងលើកហើយ។ ប៉ុន្តែ ក្រោយពីនេះ គាត់ត្រូវការភ្ជាប់គ្នា ដូរ business cards។ Business card ហ្នឹងហើយដែលគាត់មក។ Business ភាគច្រើនបើឲ្យកាតទៅឧបនាយករដ្ឋមន្រ្តី គាត់មិនហ៊ានមកជួបទេ ទូរស័ព្ទមកពិបាកទាក់ទង តែបើទៅឲ្យជួប business គ្នាគាត់ គាត់ស្រួលទាក់ទង។ ឥឡូវ ប៉ុន្មានដែលមក ឯកឧត្ដម ស៊ុនចាន់ថុល? កម្មវិធីដែលខ្ញុំទៅជាមួយអ្នកឧកញ៉ា គិត ម៉េង យើងបានរៀបចំ Business Matching ភាគច្រើនពេលហ្នឹងហើយដែលពេលភ្ជាប់ទំនាក់ទំនងរវាងអ្នកវិស័យឯកជនកម្ពុជា និងវិស័យឯកជនរបស់បរទេស គាត់ស្គាល់គ្នា រដ្ឋមិនមានលូកដៃទេ ភ្ជាប់មកទៅ។ ដូចបង្កើតមិត្តភក្ដិ បងប្អូន។ នេះហើយគឺជាការងារដែលវិស័យឯកជនសូមចូលរួមដើរតួជាមួយគ្នា ព្រោះខ្ញុំបានត្រឹមតែបើកវេទិកាទេ ខ្ញុំមិនអាចទៅជួប ១០០-២០០-៣០០ក្រុមហ៊ុន ដែលគេមកទេ។ ឯកឧត្ដម ស៊ុន ចាន់ថុល អ្នកឧកញ៉ា គិត ម៉េង គាត់អត់មានពេលជួបទាំងអស់ដែរ។ មានតែវិស័យឯកជនដែលទៅអម។ កន្លែងខ្លះយើងមានច្រើនក្រុមហ៊ុនទៅ ចប់ពីហ្នឹង យើងដាក់តុទៅ វិស័យឯកជនខាងកសិកម្មទៅអង្គុយកន្លែងហ្នឹង អ្នកខាងវិស័យឯកជនបារាំង អាមេរិកអី គេមកជួប ដូរគ្នាកន្លែងហ្នឹង។ ហ្នឹងហើយកិច្ចការដែលត្រូវភ្ជាប់ទំនាក់ទំនង បានន័យថា ភ្ជាប់និស្ស័យវិស័យឯកជននិងវិស័យឯកជន បានន័យថា ធ្វើមេអណ្ដើកឲ្យ ដល់ពេលកើតកូនចៅ នៅកម្ពុជា សម្រាប់សេដ្ឋកិច្ចយើង។

(៣០) ជួបរដ្ឋមន្រ្តីការបរទេសថៃ គេចង់បានយន្តការបើកច្រកឲ្យឯកជននិងឯកជនជួបគ្នាឲ្យបានច្រើន

អញ្ចឹងកិច្ចការដែលយើងរៀបកន្លងទៅបានល្អ អរគុណណាស់ សភាពាណិជ្ជកម្ម អ្នកឧកញ៉ា គិត ម៉េង ក៏ដូចជាឯកឧត្ដម ស៊ុន ចាន់ថុល និងវាគ្មិនយើង និងវិស័យឯកជនយើងជាច្រើន ដែលរួមគ្នាធ្វើបែបនេះ។ … ថ្ងៃមិញ ខ្ញុំជជែកជាមួយរដ្ឋមន្រ្តីការបរទេសថៃដូចគ្នា គាត់ចង់បានយន្តការដើម្បីយើងបើកច្រកឲ្យឯកជននិងឯកជនជួបគ្នាឲ្យបានច្រើន។ ខ្ញុំថាស្វាគមន៍ ធ្វើម៉េចរៀបចំឲ្យឯកជនមកជួបគ្នាទៅ គាត់ស្រួលនិយាយគ្នា គាត់ចេះនិយាយភាសាធុរកិច្ច រដ្ឋមិនចេះទេ ខ្ញុំល្ងាចនេះមិនចេះនិយាយភាសាធុរកិច្ចទេ ខ្ញុំចេះតែនិយាយភាសាគោលនយោបាយ តែបើឲ្យខ្ញុំទៅធ្វើ Accounting ខ្ញុំមិនចេះទេ។ កាលពីខ្ញុំរៀនសេដ្ឋកិច្ច ថ្នាក់ Accounting ខ្ញុំបូកលេខមិនត្រូវ បូកចុងក្រោយ Debit, Credit ហ្នឹង បូកទៅសល់លេខរហូត។ អញ្ចឹងបានថាចប់ត្រឹមគោលនយោបាយធ្វើចេញ ទុកឲ្យអ្នកគណនេយ្យគេភ្ជាប់នឹងអ្នកគណនេយ្យ អ្នកខាងកសិកម្មជួបជាមួយកសិកម្ម …។ នេះគឺជាអ្វីដែលវិស័យឯកជនដើរតួនាទីជាដៃគូជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ។

(៣១) វិស័យឯកជនរីក និងរឹងមាំ ត្រូវការភាពបុរេសកម្មចូលរួមក្នុងការពង្រឹង និងស្វ័យពង្រឹងខ្លួនឯង ជួយដល់រដ្ឋាភិបាល ហើយរដ្ឋាភិបាលនឹងបន្តគាំទ្រជួយដល់វិស័យឯកជនវិញ

ហើយសូមយកឱកាសនេះអរគុណសាជាថ្មីជូនទៅដល់ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធសមាគមសហគ្រិនធុនតូចមធ្យមកម្ពុជា ក៏ដូចជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ ក៏ដូចជាសមាគម និងសមាគមទាំងអស់នៅទូទាំងប្រទេសរបស់យើងគ្រប់វិស័យ ដែលរួមគ្នាក្នុងការពង្រឹង។ ហើយខ្ញុំសូមឲ្យយកឱកាសនេះដើម្បីយើងរួមគ្នាជំរុញសេដ្ឋកិច្ចយើងឲ្យងើបឡើងវិញ ដើម្បីយើងជំរុញគ្រប់វិស័យឡើងវិញ។ ពង្រឹងក្នុងការពង្រឹងខ្លួនឯង ពង្រឹងដៃគូ ត្រូវពង្រឹងខ្លួនឯង រដ្ឋមិនចាំបាច់ទៅដើរតួនាទីជាអ្នករុញ ឬធ្វើប៉ូលីសរហូតទេ ទុកឲ្យឯកជនធ្វើខ្លួនឯង ពង្រឹងអភិបាលកិច្ច ការងារមួយចំនួន។ អភិបាលកិច្ចមិនមែនបានន័យថា ឲ្យតែអភិបាលកិច្ច សុទ្ធតែទាក់ទងនឹងរដ្ឋាភិបាលនោះទេ អភិបាលកិច្ចក្រុមហ៊ុនមួយគឺការគ្រប់គ្រង មានប្រព័ន្ធគ្រប់គ្រងស្រួលបួល ធានាខុសត្រូវ។ អភិបាលកិច្ចក្នុងវិស័យឯកជនក៏ដូចគ្នាដែរ គ្រាន់តែពាក្យយើងប្រើពាក្យហ្នឹង តែបើគ្មានអភិបាលកិច្ចល្អ យើងធ្វើមិនរីកចម្រើនទេ។ ខ្ញុំមានមិត្តភក្ដិខ្ញុំម្នាក់ គ្រប់គ្រងតែ Pharmacy តូចមួយ អត់មានប្រព័ន្ធគ្រប់គ្រង តែថ្នាំហ្នឹងមិនច្បាស់ផង លក់មិនស្រួល ប្រព័ន្ធថ្នាំដែលហួសដឺឡេ មិនចេញផង កុំថាទៅគ្រប់គ្រងដល់សាខា១០០នោះ។ អញ្ចឹងដើម្បីរីក ទាល់តែពង្រឹង។ សេដ្ឋកិច្ចកម្ពុជារីក ទាល់តែវិស័យឯកជនរីក ហើយរឹងមាំ។ អញ្ចឹងវិស័យឯកជនរីក និងរឹងមាំ ត្រូវការភាពបុរេសកម្មចូលរួមក្នុងការពង្រឹង និងស្វ័យពង្រឹងខ្លួនឯង ជួយដល់រដ្ឋាភិបាល និងរដ្ឋាភិបាលនៅបន្តគាំទ្រជួយដល់វិស័យឯកជនតទៅទៀត។

ថ្ងៃនេះ ខ្ញុំតែប៉ុណ្ណឹងចុះ ព្រោះគេប្រាប់ថាបាយឆ្អិនម៉ោង៦។ អញ្ចឹងខ្ញុំអរគុណសាជាថ្មីជូនទៅដល់ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនទាំងអស់ ភ្ញៀវជាតិ/អន្តរជាតិ តំណាងទូត និងទូតមកពីគ្រប់បណ្ដាប្រទេស ដែលបានចូលរួមជាដៃសម្រាប់ជួយទៅដល់វិស័យឯកជន និងសេដ្ឋកិច្ចកម្ពុជា។ ខ្ញុំសូមជូនពរអង្គពិធីទាំងមូល សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ទទួលបានពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ ហើយសូមចូលរួមជូនពរឲ្យវិស័យឯកជនកម្ពុជាក្លាយទៅជាស្នូលដែលសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចជាតិយើង ក្លាយទៅជាប្រទេសអ្នកមាននៅក្នុងឆ្នាំ២០៥០។

សូមអរគុណ!

[ចប់សេចក្ដីអធិប្បាយ២]

អត្ថបទទាក់ទង