Grand News Asia Close

ចំណេះដឹងទូទៅ៖ វត្តមួយនៅភ្នំពេញមានប្រវត្តិតាំងពីសតវត្សទី១៥

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 1112
ចំណេះដឹងទូទៅ៖ វត្តមួយនៅភ្នំពេញមានប្រវត្តិតាំងពីសតវត្សទី១៥ ចំណេះដឹងទូទៅ៖ វត្តមួយនៅភ្នំពេញមានប្រវត្តិតាំងពីសតវត្សទី១៥

(ភ្នំពេញ)៖ វត្តព្រះពុទ្ធឃោសាចារ្យ ជាឈ្មោះដើមតាំងពីសម័យកណ្ដាល តែសព្វថ្ងៃត្រូវបានប្ដូរឈ្មោះមកហៅថា វត្តពិភទ្ទរង្សី ហៅ «វត្តចិនដំដែកខាងជើង» វិញ ដោយវត្តនេះជាវត្តដ៏ចំណាស់បំផុតមួយក្នុងចំណោមវត្តដទៃទៀតក្នុងរាជធានីភ្នំពេញ ព្រោះការកសាងវត្តនេះដំបូង គឺតំណាលគ្នានឹងការកកើតរាជធានីចតុម្មុខមង្គល នារជ្ជកាលស្រីសុរិយោពណ៌ទី២ (ព្រះបាទពញាយ៉ាត) ចាប់តាំងពីសតវត្សទី១៥។

យោងតាមពង្សាវតារ សម័យនៃការកសាងរាជធានីចតុម្មុខដំបូង និងការកសាងវត្តនារជ្ជកាលស្រីសុរិយោពណ៌ទី២ (ព្រះបាទពញាយ៉ាត) កន្លែងម្ដុំនោះមានព្រែកមួយដែលមាននាទីជាគូទឹកការពាររាជធានី ហើយក៏មានពួកចិនរកស៊ីដំដែកដែរ ទើបគេហៅឈ្មោះវត្តនេះថា វត្តចិនដំដែក តរៀងមក តែជាឈ្មោះហៅក្រៅទេ។

យោងតាមឯកសាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ វត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង មានបន្សល់ទុកនូវសំណង់ព្រះវិហារបុរាណ១ កុដិ២ និងសាលាឆាន់១ ដែលសាងពីឥដ្ឋបូកបាយអ បើគិតត្រឹមឆ្នាំ២០២៤នេះ ព្រះវិហារនោះមានអាយុកាល១៣៨ឆ្នាំមកហើយ ពោលគឺបានសាងសង់នៅពុទ្ធសករាជ២៤៣០ ឬគ្រិស្ដសករាជ១៨៨៦ នារជ្ជកាលព្រះបាទនរោត្តម ដែលនៅពេលនោះប្រទេសកម្ពុជាស្ថិតក្រោមសម័យអាណានិគមបារាំង។ ព្រះវិហារវត្តពិភទ្ទរង្សី សង់លើខឿនផ្ទាល់ដីតាមទំនៀមទម្លាប់ក្បួនបុរាណមានបណ្ដយ២១ម៉ែត្រ និងទទឹង១២ម៉ែត្រ ហើយប្លង់ព្រះវិហារនេះសល់តែមួយគត់នៅក្នុងរាជធានីភ្នំពេញ។ ព្រះវិហារនេះមានទម្រង់ស្ថាបត្យកម្មបន្តពីសិល្បៈនៅសម័យឧដុង្គ ដែលឃើញមាននៅវត្តវិហារហ្លួង នាក្រុងឧដុង្គ។

ចំពោះគ្រឿងលម្អដែលបំពាក់លើតួព្រះវិហារមានក្បាច់រចនានៅលើស៊ុមទ្វារ បង្អួច និងរងស្បូវ ជាពិសេសនៅតាមសសរនីមួយៗមានបំពាក់ទៅដោយព្ធរា និងកិន្នរី ហើយផ្នែកខាងក្នុងមានគំនូរបុរាណគូរលើគ្រឿងបង្គុំដំបូលអំពីឈើ នៅតាមហប់ខ្យល់គូពីរឿងជាតកផ្សេងៗ ដែលវត្តដទៃទៀតនៅក្នុងរាជធានីភ្នំពេញពុំមានដូច។

ដោយមានសំណើពីព្រះចៅអធិការវត្ត និងពិនិត្យឃើញពីស្ថានភាពទ្រុឌទ្រោមនៃសំណង់ព្រះវិហារនេះ ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការអភិរក្សនិងជួសជុលដោយគម្រោងថវិការបស់ជាតិ។

គួរជម្រាបថា វត្តព្រះពុទ្ធឃោសាចារ្យ ឬវត្តពិភទ្ទរង្សី ហៅ វត្តចិនដំដែកខាងជើង មានទីតាំងស្ថិតនៅតាមបណ្តោយវិថីបារាំង (ផ្លូវ៤៧) កែងនឹងផ្លូវឧកញ៉ា អ៊ុម (ផ្លូវ៨០) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង