Grand News Asia Close

សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 300

CMF: 14 June, 2024

(១) ដើរមើលទីតាំង៣ នៃ ១១ប្រឡាយ ក្នុងប្រព័ន្ធប្រឡាយដែលកំពុងតែស្ដារ

សូមអរគុណបងប្អូនទាំងអស់ដែលបានខំប្រឹងកសាង(ប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញនេះ)​។ អម្បាញ់មិញ ខ្ញុំបានសួរមេការថា ធ្លាប់បានធ្វើប្រឡាយដល់ ៧គីឡូម៉ែត្រពីមុនមកទេ? (គាត់ថា) អត់ទេ។ ជាប្រវត្តិសាស្រ្តហើយ ដែលបានចូលរួមធ្វើ។ តាមពិត ថ្ងៃនេះ បានដើរមើលទីតាំង ៣កន្លែងជាផ្នែកនៃ ១១ប្រឡាយ ក្នុងប្រព័ន្ធប្រឡាយដែលយើងស្ដារ។ ពីដើមអាណត្តិ ខ្ញុំបានសម្រេចដាក់ធ្វើគម្រោងធំមួយដែលប្រើប្រាស់ថវិកាជាង ៤០០លាន(ដុល្លារ) បើប្រៀបធៀបទៅ ធំជាងគម្រោងដែលធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដោយសារការចាំបាច់។ តាំងពីដើមទីមក គម្រោងនេះអនុវត្តក្នុង(រយៈពេល) ៨ខែ។ យើងធ្វើដោយសំរេចបានជោគ​ជ័យច្រើន។ កន្លែងនេះ ចាប់ផ្ដើមពីត្រឹមតែខែកុម្ភៈមក។ អញ្ចឹងត្រឹមតែ ៦ខែទេ … យើងធ្វើបានលឿន។សូមអរគុណក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាក្រុមការងារពាក់ព័ន្ធ មានទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដោះស្រាយផលប៉ះពាល់និងចរចារៀបចំគម្រោងថវិកា។ អាជ្ញាធរខេត្ត មានខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលបានចូលរួម។ មិនមានជម្រើសផ្សេងទេ។ បើអត់ចូលរួម អត់ធ្វើឱ្យ។ លិចដដែល។ អញ្ចឹងគឺបានចូលរួមសហការគ្នាដោះស្រាយបញ្ហានេះ។

(២) ប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញស្រាយបញ្ហាបញ្ចេញទឹកពីរាជធានីភ្នំពេញ និងបញ្ចៀសទឹកជន់មកពីតំបន់ឱរ៉ាល់តាមព្រែកត្នោត

គម្រោងនេះមានពីរមុខព្រួញ។ មួយមុខព្រួញ គឺដោះស្រាយ(ចំណោទការបញ្ចេញទឹក)ក្នុងរាជធានីភ្នំពេញ ដែលកែលម្អប្រព័ន្ធរំដោះទឹក និងដាក់លូបន្ថែម។ លូខ្លះ យើងធ្វើមុខកាត់តូច។ ឥឡូវយើងបន្តធ្វើអោយធំ។ ប៉ុន្តែគម្រោងមួយផ្នែកធំនៅខាងក្រៅនេះ គឺបញ្ចៀសទឹក(ជន់មក)ពីព្រែកត្នោត ពីតំបន់ឱរ៉ាល់ ដែលកន្លងទៅបុកមកទីនេះ។ យើងកែប្រឡាយ ១០ខ្សែ ជាង ២៦០គីឡូម៉ែត្រ។ នេះបើថាវែង គឺវែងជាងព្រែកជីកហ្វូណនតេជោ ៨០គីឡូម៉ែត្រ។ អញ្ចឹងព្រែកជីកនេះធ្វើហើយមុន។ ព្រែក/ប្រឡាយនេះ មានសារសំខាន់ណាស់។ យើងប្រើពាក្យថាបញ្ចៀសទឹកពីរាជធានីភ្នំពេញ ប៉ុន្តែផលមិនមែនបានតែរាជធានីភ្នំពេញទេ។ តាមជំនាញរាយការណ៍ ផលដែលបាន ទី១ យើងស្រោចស្រង់តំបន់លិចទឹកជាង ៣០ម៉ឺនហិកតា ដែលមានទាំងការប៉ះពាល់ស្រែចម្ការ ការប៉ះពាល់ផ្ទះលំនៅដ្ឋាន និងប៉ះពាល់តំបន់រោងចក្រ។ សង្កាត់សាក់សំពៅនេះ បើមិនរៀបចំនៅក្នុងផែនការនេះ ទាំងប្រ​ឡាយ ទាំងស្ថានីយបូមទឹក រំដោះទឹក គឺលិចច្រើន … អោយតែទឹកខ្លាំងមក សង្កាត់កន្ទោកលិចហើយ។ អញ្ចឹងគំរោងនេះបណ្ដោះ(បរិមាណទឹកពី)ត្រឹមនោះមក …។

(៣) បង្កើតបានប្រព័ន្ធធារាសាស្រ្ត ជម្លៀសទឹកខួបប្រាំងខួបវស្សាសំរាប់ខេត្តតាកែវ កណ្តាលនិងភ្នំពេញ

ទី២ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធធារាសាស្រ្ត ដែលយើងជម្លៀសទឹកខួបប្រាំងខួបវស្សា សម្រាប់ប្រជាពលរដ្ឋរបស់យើងប៉ុន្មានខេត្តនេះ (ស្រែចម្ការ)៥០ម៉ឺនហិកតា ដែលអាចទទួលផលបាន។ កាលមុន ប្រឡាយខ្លះបានគោករាក់ ហើយប្រឡាយខ្លះតូច និងមិនបានថ្ពក់ពីព្រែកត្នោតមកច្រើន។ ឥឡូវយើងភ្ជាប់។ យើងថែមស្ថានីយបូមទឹក។ យើងធ្វើបានដោយជោគជ័យ។ យើងធានាបានផលច្រើន។ បានប៉ុណ្ណឹង ប្រហែលជាមានកន្លែងភ្ជាប់និស្ស័យច្រើនទៀត ព្រោះបើតាមការធ្វើដំណើរមកអម្បាញ់ម៉ិញ មើលទៅស្ទឹងតូច កន្លែងកូនប្រឡាយនោះ មានអ្នកកំពុងរៀប​ចំកន្លែងទេសចរណ៍ ដែលភាគច្រើនជាកន្លែងភ្ជាប់និស្ស័យក្មេងៗ។ ប្រជាជនបានទាំងផ្លូវទៀត។ អម្បាញ់មិញនៅស្ទឹងតូច កន្លែងទំនប់ យើងមានខ្នងប្រឡាយ ៨ម៉ែត្រសងខាង។ អញ្ចឹង កាលមុនប្រើតែផ្លូវតូចពិបាក ឥឡូវប្រជាពលរដ្ឋមានផ្លូវធំ។ ឥឡូវមានតំបន់ទេសចរណ៍ដែលសហគមន៍អាចបង្កើតបាន។

(៤) ប្រឡាយក្រាលបេតុង ៧គីឡូម៉ែត្រ មិនដែលមានក្នុងប្រវត្តិសាស្ត្រ

សូមអរគុណផងដែរ ដល់ប្រជាពលរដ្ឋយើងដែលរស់នៅតាមបណ្ដោយប្រឡាយដែលបានចូលរួម។ ពេលយើងធ្វើ មិនមែនគ្រាន់តែស្ដារទេ គឺយើងពង្រីក(ទំហំប្រឡាយ/ព្រែក)ទៀត។ ប្រឡាយខ្លះត្រឹមតែ ៣-៤ម៉ែត្រ តែយើងពង្រីក កន្លែងខ្លះ(ពង្រីក)ដល់ ៨០-១០០ម៉ែត្រ ឯទទឹងចង់ប៉ុនព្រែកជីកហ្វូណនតេជោហើយ … ប្រព័ន្ធធារាសាស្រ្តនេះសំខាន់ ដែលយើងចំណាយថវិកាជាង ៤០០លាន(ដុល្លារ)ធ្វើ … យើងត្រូវតែធ្វើដើម្បី(រំដោះទឹក) មិនត្រឹមតែនៅរាជធានីភ្នំពេញទេ តែបានផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋយើង។ ទឹកនេះ ហូរចាក់ទៅក្នុងតំបន់ព្រលានហោះយន្ត ហើយទៅបណ្ដោះ​ទៅទៀត។ ជួយទាំងព្រលានយន្តហោះ ចាក់ទៅប្រឡាយ៩៦ ហើយហួសទៅបាសាក់ផង។ ជួយរៀបចំច្រើន … ពួកយើង(កម្មករ/ការិនី)ចូលរួម។ កុំភ្លេចថតរូបទុកជាអនុស្សាវរីយ៍ ព្រោះ​បន្ដិច​ទៀត គេបង្ហូរទឹកមើលលែងឃើញហើយ។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធនធានទឹក​ប្រាប់ថា ទឹកហ្នឹងតាមពិតត្រូវបង្ហូរហើយ ប៉ុន្តែទុកឱ្យសម្ដេចមើលថ្មសិន។ ដូចនិយាយអញ្ចឹង សួរថានៅស្រុកខ្មែរធ្លាប់ធ្វើប្រឡាយក្រាលបេតុង ៧គីឡូដីទេ? អត់មានទេ។ ជាប្រវត្តិសាស្រ្តហើយ។ ថតរូបពេលចូលដំបូងសុទ្ធតែព្រៃ … ឥឡូវយើងធ្វើបានប៉ុណ្ណេះ ដោយដៃយើងផ្ទាល់ …។

(៥) សមិទ្ធផលការពារទឹកជំនន់បានជាង ៣០ម៉ឺនហិកតា និងជាប្រឡាយប្រព័ន្ធស្រោចស្រព ៥០ម៉ឺនហិកតា

អរគុណសាជាថ្មី ជូនដល់បងប្អូនចូលរួមផ្ទាល់ ប្រជាពលរដ្ឋដែលរស់នៅជុំវិញនៅទីនេះ។ សង្ឃឹមថា ទឹកដែលធ្លាក់ចុះនៅខែវស្សា(នឹងលែងបង្កជាការជន់លិចទៀត)។ ឆ្នាំនេះ យើងអាចថាទឹកធំ​។ ជាទូទៅ ឆ្នាំរោងទឹកធំ។ ខ្ញុំទើបនិយាយលេងជាមួយនឹងឯកឧត្តម មេបញ្ជាការយោធភូមិភាគពិសេស ឯកឧត្តមមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសអង្គរក្សថា រាល់ឆ្នាំមកដេកនៅទីនេះរហូត។ ត្រៀមអន្តរាគមន៍ដាក់ទូកដាក់អី។ ឆ្នាំនេះប្រហែលអស់ការងារហើយ។ ប៉ុន្តែសុខចិត្តអស់ការងាររឿងជម្លៀសទឹកជំនន់ចុះ ឱ្យតែប្រជាជននៅកក់ក្ដៅ។

សង្ឃឹមថា ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់សាក់សំពៅ ទាំងរោងចក្រ លែងព្រួយ លែងសូវមានថតបង្ហោះថាទឹកលិចកន្លះម៉ែត្រចូលក្នុងផ្ទះទៀត ព្រមដោយ(បានជាសមិទ្ធផល)សម្រាប់ប្រជាពលរដ្ឋ ទាំងតំបន់ដែលការពារទឹកជំនន់បានជាង ៣០ម៉ឺនហិកតា និងប្រឡាយប្រព័ន្ធស្រោចស្រព ៥០ម៉ឺនហិកតា សំរាប់ស្រែចម្ការ។ អញ្ចឹងបានផលធំ ដល់ប្រជាពលរដ្ឋយើងរាប់សែនរាប់លាននាក់។ សូមអរគុណសាជាថ្មី និងជូនពរដល់ពួកយើងដែលបានចូលរួម(ជួយកសាង)ផ្ទាល់។ ជូនពរឯកឧត្តម អស់លោកដែលបានចូលរួមមើលទាំងអស់គ្នានៅថ្ងៃនេះ។ ខេត្តនិងក្រសួងស្ថាប័នពាក់ព័ន្ធ សុំបន្តជួយបន្តទៀត …។

នៅការដោះស្រាយផលប៉ះពាល់មួយចំនួនទៀត។ សូមខំប្រឹងដោះឱ្យប្រជាពលរដ្ឋ។ សូម(ប្រជាពលរដ្ឋ)ចូលរួម ដើម្បីយើងបានផលទាំងអស់គ្នា។ បើសិនយើងមិនដោះទេ ទឹកបុកមក លិចយើងហ្នឹងឯង។ អ្នកនៅតាមបណ្ដោយប្រឡាយទឹក។ អញ្ចឹង បើយើងដោះបានល្អ អាចជួយសម្រួលមិនអោយមានការលំបាកនៅទីនោះ។ សូមអរគុណជាពិសេសប្រជាពលរដ្ឋដែលនៅតាមបណ្ដោយប្រឡាយស្ទឹងព្រែកត្នោត។ អរគុណសាជាថ្មី ជូនពរទាំងអស់គ្នា។ ថ្ងៃនេះ ជូន(កម្មករ/ការិនី) ២៤៧នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀលផងដែរ៕​

អត្ថបទទាក់ទង