Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 365


CMF:

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាលើកទី១ ជាមួយគណៈកម្មាធិការកណ្ដាល នៃគណៈកម្មាធិការសាខារាជធានីខេត្ត មន្រ្តីប្រតិបត្តិទីស្នាក់ការកណ្ដាលកាកបាទក្រហម។ ជាពិសេស ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា មកពីបណ្ដាគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីខេត្ត ចំនួន ៤៧៤២ នាក់ ដែលត្រូវបំពាក់កន្សែងនៅថ្ងៃនេះ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំខ្ញុំ សូមក្រាបថ្វាយអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលតែងតែព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។

អរគុណចំពោះឯកឧត្តម ទិត ចំណាន ចំពោះសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា ដែលបានជម្រាបជូនអង្គពិធីទាំងមូល ជាពិសេស ប្អូនយុវជនដែលបានស្គាល់អំពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្ដិភាព។ វឌ្ឍនភាពនៃការងារយុវជន បានផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍកាកបាទក្រហមកម្ពុជា។ ហើយការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា ក៏ផ្សារភ្ជាប់ទៅនឹងសុខសន្ដិភាព និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិ។ សង្រ្គាម និងការបែកបាក់របស់សមាគមជាតិ ទៅជាក្រុម ក៏បានធ្វើឱ្យអាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកឱ្យនៅទំនេរតាំងពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩៤។ ទោះជាយ៉ាងនេះក្ដី កាកបាទក្រហមកម្ពុជានៅក្នុងប្រទេសដែលមានបុព្វការីជននៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ក៏បានចាប់ផ្ដើមប្រតិបត្តិការមនុស្សធម៌ឡើងវិញ នៅក្នុងស្ថានភាពសង្គមសេដ្ឋកិច្ចមួយដ៏សែនលំបាកបំផុត ដើម្បីជួយប្រជាជនកម្ពុជា រួចរស់ពីរបប ប៉ុល ពត ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់បំផុត។ ព្រមទាំងបានតស៊ូអភិវឌ្ឍខ្លួន រហូតដល់សម្រេចបានមកនូវឋានៈស្របច្បាប់ ជាសមាគមជាតិមានតែមួយគត់នៅក្នុងប្រទេសឡើងវិញ យកចិត្តទុកដាក់បំពេញតួនាទីទៅតាមច្បាប់ជាតិ ច្បាប់អន្តរជាតិ ដែលជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

នយោបាយឈ្នះ-ឈ្នះ ឆ្នាំ ១៩៩៨ ក៏បានផ្ដល់ឱកាសឱ្យកាកបាទក្រហមកម្ពុជានូវបរិយាកាសដ៏ប្រសើរ នៅក្នុងការអភិវឌ្ឍស្ថាប័នឱ្យបានរឹងមាំជាជំហានៗ។ ចាកចេញពីការពឹងផ្អែកលើជំនួយអន្តរជាតិ សមាគមជាតិមួយដែលមានភាពចាស់ទុំ និងច្បាស់ការបានស្ទើរតែទាំងស្រុងខាងធនធានហិរញ្ញវត្ថុ និងអាចមានឱកាសចូលរួមជួយដល់សង្គមជាតិមួយចំនួន ដែលរងគ្រោះដោយគ្រោះមហន្តរាយផងដែរ។

ជាមួយគ្នានេះ វឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់ការយកចិត្តទុកដាក់ក្នុងការកសាង អភិវឌ្ឍអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាការធិការកណ្ដាល គណៈកម្មាធិការសាខារាជធានីខេត្តគ្រប់ៗអាណត្តិ ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែបាននិងកំពុងបំពេញតួនាទីជាជំនួយការរបស់រាជរដ្ឋាភិបាល ក្នុងវិស័យមនុស្សធម៌ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ បែងចែកវណ្ណៈ និងជាតិសាសន៍ឡើយ។

ឆ្លុះបញ្ចាំងពីអ្វីដែលកាកបាទក្រហមកម្ពុជាបានឆ្លងកាត់រយៈពេល ៦៩ ឆ្នាំមកនេះ គឺជាសក្ខីកម្មកាន់តែច្បាស់ថែមទៀតថា សន្ដិភាព គឺជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងជាសេចក្ដីសុខរបស់មនុស្សជាតិ។ ដូចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់មានប្រសាសន៍ថា សង្រ្គាមអាចឆេះបានយ៉ាងលឿន ហើយងាយ ប៉ុន្តែការបញ្ចប់សង្រ្គាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់។ សម្រាប់យុវជនជំនាន់ក្រោយនៅជុំវិញពិភពលោក ជំរុញឱ្យពួកគេស្គាល់តម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្រ្គាម ស្គាល់ពីការឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន និងបណ្ដុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារសន្តិភាពដែលមានស្រាប់ បញ្ចប់សង្រ្គាមដែលកំពុងឆាបឆេះ ដើម្បីមនុស្សជាតិ យើងស្គាល់ភាពសុខសាន្ត ការអភិវឌ្ឍ និងវិបុលភាព។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) និយាយនិងដេកយល់សប្តិពីសន្តិភាព កុំឱ្យមានសុបិន្តអាក្រក់ពីសង្គ្រាម

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បងប្អូនជាច្រើនបានលឺពាក្យ “សន្តិភាព”។ ពាក្យសន្តិភាពនេះ នឹងត្រូវនិយាយហើយនិយាយទៀត។ មិនចប់ទេ។ ទោះបីជាដេក ក៏យល់សប្តិឃើញសន្តិភាពដែរ។ ព្រោះមានតែសន្តិភាពទេ ដែលជួយជំរុញនូវសុបិន្តអាក្រក់ កុំឱ្យមកក្បែរយើង។ ទោះបីជាពេលយើងដេកលក់ក៏ដោយ។ ក្នុងសង្រ្គាម មិនថាស៊ីវិល ឬយោធាទេ។ ខ្ញុំមានមិត្តភក្ដិជា(ជនជាតិ)អាមេរិក (ហើយធ្លាប់)រៀនជាមួយគ្នា ដែលធ្លាប់ធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថាន។ យើងនិយាយ(ពីការ)បញ្ចប់សង្រ្គាម។ ឯគាត់ ពិការជើងដោយសារសង្រ្គាម។ ពេលខ្លះ គាត់ថានៅដេកយល់សប្ដិនៅឡើយទេ។ ដេកយល់សប្ដិពេលកំពុងតែផ្ទុះ(សង្រ្គាម)។ ប៉ុន្តែសន្តិភាពបានលុបបំបាត់ ការពារមិនឱ្យសុបិន្តអាក្រក់បែបនោះ ចូលមកក្នុងយុវជន។

(២) យុវជន គឺអនាគត ក្តីសង្ឃឹម និងឱកាស

ថ្ងៃនេះ យើងនិយាយពីយុវជនកាកបាទក្រហម។ បើយើងនិយាយពីយុវជន គឺនិយាយអំពីអនាគត ក្តីសង្ឃឹម និងឱកាស។ យើងអាចធានាកត្តាបីនេះបាន តែនៅក្នុងដំណាក់កាលដែលគ្មានភ្លើងសង្រ្គាមឆាបឆេះ។ បើឆ្លងកាត់សង្រ្គាម គឺមិនស្គាល់ចាស់ឬក្មេងនោះទេ។ តាមពិត បើសិនជាមានសង្រ្គាម អ្នកប៉ុនៗហ្នឹង ៤ពាន់នាក់ហ្នឹង កំពុងពេញអាយុនេះ គឺត្រូវប៉ាន់តែម្ដងសម្រាប់ស្ពាយអាវុធឡើងប្រយុទ្ធ។ ឱកាសសម្រាប់ធ្វើការងារអីផ្សេងប្រហែលជាកុំនិយាយ។ ហ្នឹងហើយដែលខ្ញុំចេះតែនិយាយថា មើល YouTube យុវជននៅអ៊ុយក្រែនកាលពីមុនសង្រ្គាមគិតពីខំរៀន IT ដើម្បីទៅបើកក្រុមហ៊ុន IT។ តែឥឡូវគាត់ទៅបញ្ជាដ្រូនដើម្បីទៅសម្លាប់ម្ខាងទៀត។ បច្ចេកទេសដូចគ្នា ប៉ុន្តែមិនមែនដើម្បីកសាង ប៉ុន្តែដើម្បីបំផ្លាញគ្នា។

(៣) កម្ពុជាមានសន្តិភាព គ្មានអ្នកស្លាប់ដោយសង្រ្គាម ប៉ុន្តែមានយុវជនស្លាប់ដោយសង្រ្គាមក្រៅប្រ​ទេស

ប៉ុន្មានថ្ងៃមុន ខ្ញុំទៅខួបទី៣០(កងពលតូចលេខ៧០)។ ខ្ញុំបានលើករួចហើយ។ សង្រ្គាមមិនរើសមុខថាក្មេង ចាស់ ជនជាតិទេ។ ប្រទេសខ្មែរមានសន្តិភាព គ្មានអ្នកណាស្លាប់ដោយសារសង្រ្គាមទេ។ ប៉ុន្តែ យើងមានយុវជនដែលស្លាប់នៅក្រៅប្រទេសដោយសារសង្រ្គាម។ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លង១ឆ្នាំទៅនេះ ខ្ញុំចាំ ពេលល្ងាចម៉ោង៤ មានរបាយការណ៍មកថា កូនសិស្សខ្មែរយើងម្នាក់ស្លាប់នៅ Gaza ក្នុងពេលកំពុងបាញ់គ្នា។ ក្មួយៗ ក្នុងបន្ទប់៣នាក់ភ័យពេក ភ័យរត់ចេញទៅក្រៅ។ គេបាញ់ស្លាប់ភ្លាមនៅមុខបន្ទប់។ ២នាក់ទៀត ក្រាបក្នុងបន្ទប់។ ខ្ញុំទាក់ទងឯកឧត្ដម ឌិត ទីណា ឯកឧត្ដម សុខចិន្ដា សោភា ឆ្លងឆ្លើយជាមួយក្មួយៗ។ គាត់ប្រាប់ថាគាត់ភ័យពេលដែលឮរថក្រោះនៅខាងក្រៅ ឮគេដើរគោះទ្វារ ថាបើកឬមិនបើក។ បើសិនជាគោះទ្វារបើក តើអ្នកនោះជាអ្នកណា? បើកមកជួយឬមកបាញ់? នេះហើយជាទិដ្ឋភាពក្នុងសង្រ្គាម។ យុវជនយើងដែលជាកងទ័ព ជិត២០០នាក់ កំពុងតែនៅក្នុងត្រង់សេប្រទេសលីបង់ខាងត្បូង ហូបបាយក្នុងត្រង់សេ នៅពេលដែលគ្រាប់ប្លោងធ្លាក់ក្បែរបន្ទាយ ជុំវិញបន្ទាយ។

(៤) សុខសន្តិភាព និងស្ថិរភាព ធានាឱកាសច្រើនបំផុត និងធំបំផុត

អញ្ចឹង សង្រ្គាមមិនស្គាល់មនុស្ស មិនផ្ដល់ឱកាសឲ្យមនុស្សកសាងអនាគតទេ។ ក្មួយៗនៅទីនេះ មកពីសកលវិទ្យាល័យ ២៥ ពិតជាមានអ្នកខ្លះស្ម័គ្រចិត្តចូលកងទ័ព កងនគរបាលជាតិ កងរាជអាវុធហត្ថ ចាប់យកអាជីពការពារជាតិ។ ប៉ុន្តែ ភាគច្រើនប្រហែលជារៀនខាង IT ខាង Management ខាងអក្សរសាស្រ្ត ខាង Film ដើម្បីបង្កើនអនាគតនិងឱកាសរបស់ខ្លួន កសាងជីវភាពរស់នៅក្នុងដំណាក់កាលសន្តិភាព។ ខ្ញុំមិនជឿថា ប្អូនដែលរៀនខាងថតកុន មានគោលបំណងទៅថតក្នុងសមរភូមិនោះទេ។ ភាគច្រើនប្រហែលជាចង់ថតកុនដើម្បីផលិតរឿងរបស់ខ្មែរយើងឲ្យកាន់តែទំនើប កាន់តែល្អ ក្នុងបរិស្ថានសន្តិភាព។ នេះហើយដែលថា បើយើងនិយាយពីយុវជន និយាយពីអនាគត សង្ឃឹមនឹងឱកាស។ អញ្ចឹងសុខសន្តិភាព និងស្ថិរភាពនេះធានាឱកាសច្រើនបំផុត និងកាន់តែធំបំផុត។

(៥) សង្រ្គាមសម្លាប់មនុស្សក្នុងពេលប្រយុទ្ធផង បន្តសម្លាប់មនុស្សដោយការបន្សល់ទុកនូវមីនផង

មួយទៀត សង្រ្គាមមិនស្គាល់អ្នកស្ម័គ្រចិត្តនោះទេ មិនស្គាល់ពេទ្យទេ អឌ្ឍចន្ទក្រហម កាកបាទក្រហមអ្វីទេ។ នៅតំបន់ Gaza អ្នកស្ម័គ្រចិត្ត UN ជាង ២០០នាក់ ត្រូវបានបាញ់ស្លាប់រួចទៅហើយ។ គ្រាប់កាំភ្លើងមិនស្គាល់កាកបាទក្រហមទេ។ ដាក់ក្រវាត់កទៅកាន់តែងាយមើលឃើញពីចម្ងាយ។ អត់មានក្លែងភេទ។ គេមើលមិនឃើញនោះទេ។ អញ្ចឹង សង្រ្គាមមិនស្គាល់អ្នកស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តទេ ព្រោះសង្គ្រាមបង្កើតការមិនទុកចិត្ត។ អ្នកស្ម័គ្រចិត្តគិតថាអ្នកហ្នឹងក្លែងភេទ បន្លំចូលទៅកន្លែងមិនត្រូវ។ សូម្បីអ្នកសារព័ត៌មានដូចគ្នាដែរ ចូលទៅ គេបាញ់ស្លាប់ដូចតែគ្នាទេ។ សង្រ្គាមមិនត្រឹមសម្លាប់មនុស្សក្នុងពេលប្រយុទ្ធគ្នានោះទេ សង្រ្គាមនៅបន្តសម្លាប់មនុស្សនៅកម្ពុជា តាមរយៈការបន្សល់ទុកមីន។

(៦) សល់ដី ១ពាន់ ៧រយគីឡូម៉ែត្រក្រឡាទៀតកំពុងបន្តដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ប្រជាពលរដ្ឋប្រមាណ ១លាននាក់ កំពុងរស់នៅក្នុងតំបន់មានហានិភ័យពីមីន

បន្តិចៗ ខ្ញុំទទួលបានព័ត៌មានថាទាហានយើងជាន់(មីន)ដាច់ជើង។ នៅព្រះវិហារថ្ងៃមុននោះ សមាជិកក្រុមប្រឹក្សាដូចជាមកបោះឆ្នោត។ ទៅវិញភ្ជួរចំការ ផ្ទុះមីនតោន ដាច់ទាំងរទេះ ទាំងត្រាក់ទ័រ ស្លាប់ទាំងមនុស្ស។ មានម្នាក់ទៀតហេង។ ភ្ជួរទៅ មីនតោននេះវាចំចន្លោះថ្នាល។ មនុស្សមួយចំនួនបាត់បង់ប្ដី ឬឪពុក។ តាំងពីឆ្នាំ១៩៩៤មក ក្នុងរយៈពេលជិត៣០ឆ្នាំ យើងដោះមីនបានជាង ៣ពាន់គីឡូម៉ែត្រក្រឡាដីដែលមានពាក់ព័ន្ធនឹងមីន និងកាកសំណល់សង្គ្រាមមិនទាន់ផ្ទុះ។ ឥឡូវយើងនៅសល់ ១ពាន់៧រយគីឡូម៉ែត្រក្រឡាទៀត ដែលនៅបន្តដោះ។ ប្រជាពលរដ្ឋប្រហែលជា ១លាននាក់ កំពុងបន្តរស់នៅក្នុងតំបន់ដែលហានិភ័យដោយមីន។ មិនបាច់(តែតាមខេត្ត)ទេ នៅភ្នំពេញរាល់ថ្ងៃ ក៏ជីកទៅឃើញ។ ជួនកាលគ្រាប់ត្បាល់គ្រាប់ស្អី ដែលនៅសល់។ ខ្ញុំប្រាប់ថានៅសល់ ១ពាន់៧រយគីឡូម៉ែត្រក្រឡានេះ តើប៉ុនណា? ២ដងកន្លះប្រទេសសិង្ហបុរី។ សិង្ហបុរី(ផ្ទៃដី) ៧រយគីឡូម៉ែត្រក្រឡាជាង។ យើងនៅសល់មីន ១ពាន់៧រយគីឡូម៉ែត្រក្រឡា។

(៧) រក្សាសន្តិភាព ដោះមីន មិនដាក់មីនបន្ថែម កសាងកម្លាំងកងទ័ពការពារជាតិ

យើងបន្តថែរក្សាសន្តិភាព ដោះមីន និងកុំដាក់មីនបន្ថែម កសាងកម្លាំងកងទ័ពដើម្បីការពារជាតិ កុំមកប្រយុទ្ធគ្នាផ្ទៃក្នុង នាំអោយបែកបាក់ជាតិ។ ខ្ញុំយកពេលនេះដើម្បីនិយាយទៀត និយាយរហូត។ ដូចបាយអញ្ចឹង។ មាននរណាហូបបាយទ្រលាន់។ បើថាហូបបាយទ្រលាន់ ហើយឈប់ហូបបាយ ក៏អស់ខ្យល់ឥឡូវហើយ។ យើងថាសន្តិភាពដូចខ្យល់។ យើងមើលមិនឃើញទេ។ មិនដឹងថាខ្យល់នៅជុំវិញខ្លួនហ្នឹងមានតម្លៃប៉ុណ្ណាទេ ព្រោះមើលមិនឃើញ ហើយហ្វ្រ៊ីតាំងពីកើតមក មិនដែលអ្នកណាគិតលុយរឿងខ្យល់ទេ។ ឥឡូវមិនបាច់ថាអស់ខ្យល់ទេ គ្រាន់តែខ្យល់មានជាតិពុលច្រើន យើងក៏ប៉ះពាល់សុខភាពដែរ។ កាលខ្ញុំរៀននៅក្រៅប្រទេស ប្រ​ទេសមួយនោះ ជាប្រទេសមហាអំណាច ចេញទៅក្រៅតែមួយម៉ោងទេ ចូលមកវិញយកក្រដាសដាក់ចូលរន្ធច្រមុះផ្លុំចេញមកគឺខ្មៅ។ ជាតិពុលចូលទៅក្នុងខ្លួនយើង។ អញ្ចឹងដែលយើងនៅសុខសប្បាយនេះ ប្រសិន​បើយើងបាត់តែផ្នែកណាមួយ ឧទាហរណ៍ថា ប៉ៃលិនដាច់ទៅវិញចុះ បង្កើតតំបន់អបគមន៍ ប្រទេសយើងចែកជាពីរ ក៏មិនស្រួលដូចរាល់ថ្ងៃដែរ។ នៅព្រំ ល្ងាចមិញឃើញទឹកលិច លោកជំទាវ បាន ស្រីមុំ មកទេ? ទឹកលិចយើងនៅរួមគ្នាដោះស្រាយបាន តែបើសង្គ្រាមអត់ទេ! ដាច់ប្រទេសជាពីរ …។

[ចប់សេចក្តីអធិប្បាយ១]

ក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា ប្អូនៗ ត្រូវតែស្គាល់ និងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រ ប្រទេសជាតិ ដែលផ្សារភ្ជាប់ទៅនឹងប្រវត្តិរបស់កាកបាទក្រហកម្ពុជា ហើយត្រូវតែនាំគ្នាគោរពដឹងគុណ បុព្វការីជនរបស់ខ្លួន ដែលពីមួយជំនាន់ ទៅមួយជំនាន់ លោកទាំងឡាយបានខិតខំ យកជីវិតធ្វើជាដើមទុន ដើម្បីសន្តិភាព ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍ របស់បងប្អូនរួមជាតិ ។ ទន្ទឹមនឹងមានមូលនិធិសម្រាប់ប្រតិបត្តិការកាកបាទក្រហមកម្ពុជា ត្រូវការជាចាំបាច់ណាស់នូវការចូលរួមជា កម្លាំង ស្ម័គ្រចិត្ត។ ប្អូនៗ យុវជន គឺជាកម្លាំងស្ម័គ្រចិត្តដ៏ស័ក្តិសមបំផុត។ តាមរយៈការចែករំលែក ពេលវេលាក្រៅម៉ោងសិក្សា អនុវត្តសកម្មភាព មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត ប្អូនៗ ទទួលបាននូវអត្ថប្រយោជន៍ ជាចំណេះដឹង បទពិសោធ និងបំណិនជីវិតដ៏មានសារៈសំខាន់បំផុត ដោយពុំបាច់ចំណាយប្រាក់, ប្អូនៗ បានប្រព្រឹត្តអំពើល្អ ដែលជាបុណ្យកុសលមិនសាបសូន្យ និងបានអភិវឌ្ឍន៍ខ្លួនឱ្យក្លាយទៅជាមូលធនមនុស្ស ដែលប្រកបដោយគុណវុឌ្ឍិ។ ក្នុងនាមជាយុវជន ប្អូនៗ មិនត្រឹមតែមានចំណេះវិជ្ជា ទទួលបានសញ្ញាបត្រ តែមួយមុខនោះទេ ប្អូនៗ ថែមទាំងមានទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបាននោះគឺ សមត្ថភាព គុណធម៌ ព្រមទាំងសុខភាពល្អ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៨) ការជួយគ្នា និងស្មារតីស្ម័គ្រចិត្ត ជាប្រពៃណីវប្បធម៌កើតលើទឹកដីកម្ពុជា មិនថាពេលសង្គ្រាម ឬក្រោយសង្គ្រាម

ខ្ញុំសូមអរគុណចំពោះអ្នកស្ម័គ្រចិត្ត។ ខ្ញុំធ្លាប់ជជែកជាមួយអ្នកសិក្សាម្នាក់កាលខ្ញុំរៀននៅអង់គ្លេស។ គាត់ថាបានដើរសិក្សាច្រើនប្រទេស។ គេថាប្រទេសដែលចាកចេញពីសង្គ្រាម ប្រជាជនមិនមានស្មារតីស្ម័គ្រចិត្តនោះទេ ព្រោះម្នាក់ៗគិតតែរស់ខ្លួនឯង ព្រួយបារម្ភ និងការពារខ្លួនឯង។ ការស្ម័គ្រចិត្តចែករំលែកមិនសូវមាន។ ប៉ុន្ដែនៅកម្ពុជាយើង មិនដូចនោះទេ។ ការជួយគ្នាយកបុណ្យ អាចជាប្រពៃណីវប្បធម៌របស់យើង។ ស្មារតីស្ម័គ្រចិត្តនេះ បានកើតមានលើទឹកដីរបស់យើង មិនថាជំនាន់សង្គ្រាម ឬក្រោយសង្គ្រាម។ ស្មារតីស័្មគ្រចិត្តតាមរយៈយន្ដការយុវជនផ្សេងៗ ដូចជាកាកបាទក្រហមនេះ គឺជាស្មារតីត្រឹមត្រូវ។ ខ្ញុំសូមអរគុណចំពោះការស្ម័គ្រចិត្តចូលក្នុងយន្ដការយុវជនកាកបាទក្រហម ដើម្បីធ្វើការងារស្ម័គ្រចិត្តចែករំលែកពេលវេលា កំលាំងកាយចិត្ត ជួយគ្នា ជួយដល់សង្គមជាតិរបស់យើង។

(៩) គប្បីសួរសំណួរថា “ចូលជាសមាជិកកាកបាតក្រហម តើអាចជួយអីខ្លះដល់ប្រជាជន ដល់សង្គមជាតិ”

ការនេះ បង្កើននូវឥរិយាបថ និងផ្នត់គំនិត។ ពាក្យមួយឃ្លាដែលអតីតប្រធានាធិបតីអាមេរិកថា «កុំសួរថាប្រទេសជាតិរបស់ខ្លួនផ្ដល់អីឲ្យខ្លួនច្រើនពេក សួរថាខ្លួនយើងអាចផ្ដល់អ្វីខ្លះដល់សង្គមជាតិយើងបាន» … ខ្ញុំសូមឲ្យ(ប្អូនៗមាន)ផ្នត់គំនិតដូចគ្នា។ កុំសួរថា ចូលយុវជនកាកបាទក្រហមឲ្យស្អីខ្ញុំខ្លះ? កុំផ្ដោតលើសំណួរហ្នឹង ប៉ុន្ដែផ្ដោតលើសំណួរថា តាមរយៈយន្ដការកាកបាទក្រហមដែលខ្ញុំចូលជាសមាជិកនេះ តើខ្ញុំអាចជួយអីខ្លះដល់ប្រជាជន ដល់សង្គមជាតិយើងវិញ។ ត្រូវសួរសំណួរហ្នឹង។ នេះជាស្មារតីស្ម័គ្រចិត្តហើយ។ បើឲ្យខ្ញុំចូលកាកបាទក្រហមទាល់តែប្រាប់ខ្ញុំថា ខ្ញុំបានអ្វីសិន មិនគួរចូលទេ (ឬក៏ដើម្បីតែ)បានអាវ បានកន្សែងក្រហមពាក់ថតបង្អួតពួកម៉ាកតាម Facebook Instagram …។

គប្បីសួរថា តើការចូលកាកបាទក្រហមនេះ អាចបង្កលក្ខណៈឲ្យខ្ញុំដែលចង់ជួយមនុស្ស ចង់ចូលយន្ដការមួយដែលប្រមូលអ្នកស្ម័គ្រចិត្ត ផ្ដល់ឲ្យខ្ញុំនូវឱកាសស្អីខ្លះ ដើម្បីអាចចូលរួមជួយសំរេចនូវបំណងរបស់ខ្ញុំ? ការស្ម័គ្រចិត្ត ការលះបង់នូវពេលវេលា អាចថាចំណេះដឹង កំលាំងកាយចិត្តដើម្បីជួយគ្នា ជួយយសង្គមជាតិដើម្បីចែករំលែកដោយមិនគិតកំរៃ មិនទាមទារថាចូលកាកបាទក្រហម ដល់ខ្ញុំរៀនចប់មហាវិទ្យាល័យធានាក្របខណ្ឌឲ្យខ្ញុំ។ មិនដូចនោះទេ។ នេះហើយជាស្មារតីស្ម័គ្រចិត្ត ដែលខ្ញុំគិតថាបងប្អូនចូលមកនេះ ក្នុងបំណងចង់ជួយ និងជួយតាមរយៈយន្ដការមួយដែលបានបង្ហាញស្នាដៃរួចទៅហើយ។

(១០) តម្លៃពិតប្រាកដនៃកាកបាទក្រហមស្ថិតនៅលើទស្សនៈ និងការឲ្យតម្លៃរបស់ប្រជាពលរដ្ឋ

តម្លៃពិតរបស់កាកបាទក្រហមនៅត្រង់ណា? តម្លៃពិតរបស់កាកបាទក្រហម មិនមែនគ្រាន់តែជាអង្គការអន្ដរជាតិនោះទេ។ តម្លៃពិតរបស់កាកបាទក្រហមកម្ពុជាក៏មិនមែនត្រឹមតែយើងមានយន្ដការសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សម្ដេចវររាជមាតាជាប្រ​ធានកិត្តិយសនោះទេ។ តម្លៃពិតប្រាកដនៃកាកបាទក្រហមគឺស្ថិតនៅក្នុងទស្សនៈនិងការឲ្យតម្លៃរបស់ប្រជាពលរដ្ឋ។ មិនមែនអាស្រ័យលើយើងស្លៀកពាក់ខោអាវស្អាត ហើយឲ្យតម្លៃគ្នាឯងនោះទេ។ គឺអាស្រ័យលើប្រជាពលរដ្ឋដែលផ្ដល់តម្លៃថា កាកបាទក្រហមជាអង្គភាពមួយ អង្គការមួយ អាចទុកចិត្តបាន ព្រោះរាល់ពេលមានការលំបាក ឃើញមុខកាកបាទក្រហមជួយមែន។

នេះជាតម្លៃពិតប្រាកដ។ មិនមែនឈ្មោះស្ថាប័នជាអ្នកកំណត់តម្លៃសមាជិកទេ គឺលទ្ធផលដែលសមាជិក និងថ្នាក់ដឹកនាំបានធ្វើពិតប្រាកដនៅលើដី(ជាក់ស្តែង) ជាអ្នកកំណត់តម្លៃនៃអង្គការ។ បើបង្កើតគ្រាន់តែថតរូប ហើយពេលពលរដ្ឋលំបាកអត់ជួយ ក៏ប្រជាជនអត់មានការទុកចិត្តដែរ។ អញ្ចឹង ទោះបីជាយើងធ្វើសកម្មភាពដោយពាក់អាវកាកបាទក្រហម ឬមិនពាក់អាវកាកបាទក្រហម ក្នុងនាមកាកបាទក្រហម ឆន្ទៈ ទឹកចិត្តបំផុសមនុស្សអោយមានស្មារតីចេះជួយគ្នានេះហើយ លទ្ធផលជាក់ស្ដែងនេះហើយគឺជាតម្លៃពិតប្រាកដនៃកាកបាទក្រហមកម្ពុជាបានធ្វើ និងបានកសាងតម្លៃខ្លួនឯងក្នុងក្រអៅបេះដូងប្រជាពលរដ្ឋ។

(១១) “មានការលំបាក មានកាក​បាទ​ក្រហម” បង្កើត បង្កើន និងរក្សាតម្លៃកាកបាទក្រហមក្នុងក្រអៅបេះដូងប្រជាជនពលរដ្ឋ

អញ្ចឹង(តម្លៃពិតប្រាកដនៃកាកបាទក្រហមកម្ពុជា)អាស្រ័យទៅលើអី? អាស្រ័យទៅលើសមាជិកម្នាក់ៗហ្នឹងឯង។ សកម្មភាពអង្គការបង្កើតនៅលើដីគឺអាស្រ័យទៅលើអ្នកធ្វើ។ អញ្ចឹង ទាំងថ្នាក់ដឹកនាំ ទាំងថ្នាក់កណ្តាល ទាំងថ្នាក់រាជធានីខេត្តដែលធ្វើសកម្មភាពជាមួយនឹងសមាជិកទាំងយុវជន គឺថាឲ្យតែមានការលំបាកមានកាក​បាទ​ក្រហម។ ពិតដូចប្អូនៗមានចំណាប់អារម្មណ៍មកអញ្ចឹង។ នេះហើយគឺជាអ្វីដែលបង្កើនតម្លៃ បង្កើតតម្លៃ រក្សាតម្លៃ និងបង្កើនតម្លៃគឺនៅក្នុងការទុកចិត្តរបស់ប្រជាពលរដ្ឋរបស់យើង។ យើងជួយគ្មានរើសនិន្នាការនយោបាយ យើងជួយពេលដែលប្រជាជនមានការលំបាក តិចក្តី ច្រើនក្តី នេះហើយគឺការបង្កើតតម្លៃ ការថែរក្សាតម្លៃ និងបង្កើនតម្លៃរបស់កាកបាទក្រហម នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគឺលទ្ធផលជាក់ស្តែង ដែលគាត់បានផលពិប្រាកដ។ សូមឲ្យបងប្អូនដែលចូលជាសមាជិកកាកបាទក្រហមបន្ថែមជិត ៥០០០ នាក់ថ្ងៃនេះ ប្រកាន់នូវជំហរបែបនេះ ប្រកាន់ជំហរថា យើងជាអ្នកកំណត់តម្លៃខ្លួនយើង ធានានូវការអនុវត្តនូវអភិក្រមគុណធម៌ សីលធម៌។

(១២) យុវជនកាកបាតក្រហមមិនធ្វើខ្លួនជាបន្ទុកដល់សង្គម តែជួយសង្គម ជួយគ្រួសារ ជួយខ្លួនឯង ធ្វើអំពើល្អ ប្រកាន់សីលធម៌ និងគុណធម៌

ស្លៀកពាក់ខោអាវកាកបាទក្រហមគេអត់ស្គាល់ឈ្មោះទេ គេស្គាល់យុវជនកាកបាទក្រហម ចេញទៅធ្វើអំពើល្អ គេអត់ដឹងថាអ្នកណាទេ។ ឃើញក្មេងៗកាកបាទក្រហម ឃើញល្អ។ ប៉ុន្តែបើចេញទៅជ្រែម៉ូតូ គេអត់ដឹងថាអ្នកណាទេ ថាក្មេងៗកាកបាទក្រហមឃើញតែវាជ្រែម៉ូតូ។ ជួនកាលតែ ២នាក់ទេ បង្ហោះតាមហ្វេសប៊ុក គេឃើញ ៥ ពាន់នាក់ចេញទៅសុទ្ធតែជើងបង្ហោះម៉ូតូ។ អ្វីដែលយើងស្លៀកពាក់គឺការទទួលខុសត្រូវ។ តម្លៃរបស់មនុស្សរាប់ម៉ឺននាក់គឺអាស្រ័យទៅលើទង្វើរបស់សមាជិកម្នាក់ៗ។ បើយើងស្ម័គ្រចិត្ត ដាក់ចិត្តចូលហើយ គឺធ្វើឲ្យត្រឹមត្រូវ ដោយផ្តើមចេញពីខ្លួនយើង។ កុំធ្វើខ្លួនយើងជាបន្ទុកដល់សង្គម តែជួយសង្គម ជួយដល់គ្រួសារ ជួយដល់ខ្លួនឯង និងជួយមិនសំដៅទៅលើថាទាល់តែមានថវិកានោះទេ តែជួយតាមការធ្វើអំពើល្អ ជួយតាមការប្រកាន់សីលធម៌ និងគុណធម៌។ ការចូលរួមជួយគ្នា មិត្តជួយមិត្តល្អ ពេលលំបាកហ្នឹងហើយគឺជាតម្លៃ។ ហ្នឹងហើយដែលថាយើងធ្វើឲ្យកាកបាទក្រហមកាន់តែរឹងមាំដោយសារសមាជិកថ្មីចូលទៅ មិនត្រឹមតែជួយថែរក្សាតម្លៃ ប៉ុន្តែបង្កើនសហថាមពលដើម្បីបង្កសកម្ម​ភាពកាន់តែល្អដើម្បីជូនជាតិប្រជាជន និងយុវជនដទៃទៀត។ នេះហើយគឺជាអ្វីដែលទទួលបាន។

[ចប់សេចក្តីអធិប្បាយ២]

យោងតាមទិសដៅការងារចំពោះមុខកាកបាទក្រហមកម្ពុជា ពិតជាមានកិច្ចការត្រូវធ្វើជាច្រើនដើម្បីបណ្តុះបណ្តាលហ្វឹកហាត់ប្អូនៗ ឲ្យបានក្លាយទៅជាអ្នកដឹកនាំវ័យក្មេងក្នុងបុព្វហេតុមនុស្សធម៌ ហើយនេះពិតជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ ខ្ញុំសូមប្រកាសគាំទ្រដល់ទិសដៅការងារទាំងអស់ ហើយក៏សូមអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តដែលជាប្រធានគណៈកម្មការសាខា គណៈគ្រប់គ្រងគ្រឹស្ថានសិក្សាសូមបន្តការជួយជំរុញនិងលើកទឹកចិត្តដល់ការអភិវឌ្ឍយុវជននៅតាមសាខា តាមគ្រឹស្ថានសិក្សាទីប្រឹក្សាដើម្បីការអភិវឌ្ឍមានចីរភាព និងអាចកសាងបានភាពធន់សម្រាប់សហគមន៍សម្រាប់សង្គមជាតិយើង។ ជាមួយគ្នានេះ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនជូនប្អូនៗថា៖

ទី១ សូមបន្តយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រជំនាញឲ្យបានច្បាស់លាស់ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យាពត៌មាន digital និងភាសាបរទេសឲ្យស្របតាមតម្រូវការទីផ្សារក្នុងប្រទេស និងសកលលោក ហើយប្អូនៗត្រូវចាំថាវប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន។

ទី២ ត្រូវបន្តរួមគ្នាបណ្តុះបណ្តាលឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រលាញ់វប្បធម៌ជាតិ ស្មារតីស្នេហាជាតិ និងចៀសផុតអំពីគំនិតទាំងឡាយណាដែលមានលក្ខណៈជ្រុលនិយម ដែលអាចឲ្យមានការបែកបាក់សាមគ្គី ឯកភាពជាតិ។ គិតពិចារណាដោយប្រើប្រាជ្ញាញាណ “ប្រើខួរក្បាលធ្វើសកម្មភាពដោយប្រើឆន្ទៈ ការប្តេជ្ញាចិត្តគឺបេះដូង” ដែលភាសាអង់គ្លេសថា think with your head act with your heart។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

(១៣) យុវជនជាគន្លឹះនៃការថែរក្សាការសាមគ្គីឯកភាពជាតិ ឬការផ្ទុះការបែកបាក់

មុននឹងធ្វើសកម្មភាព ត្រូវគិតពិចារណា។ យើងជានិស្សិត ជាបញ្ញាវ័ន្ត។ ស្រាវជ្រាវឲ្យបានច្បាស់លាស់។ ក្នុងនាមជាខ្មែរ យើងទាំងអស់គ្នាសុទ្ធតែមានស្មារ​តីស្នេហាជាតិជាដាច់ខាត ដើម្បីថែរក្សានិងពង្រឹងសាមគ្គីឯកភាពជាតិ។ នៅក្នុងសម័យ digital នេះ មានកិច្ចការច្រើនណាស់ត្រូវពិចារណា។ ទស្សនៈនៃការរួបរួមគ្នាទៅលើប្រធានបទអ្វីមួយ ត្រូវគិតគូរឲ្យបានច្បាស់។ ដល់ពេលយើងសម្រេចចិត្តហើយ។ ត្រូវអនុវត្តឲ្យបានប្រ​កបដោយពេញបេះដូង និងឆន្ទៈ។ អម្បាញ់មិញខ្ញុំឃើញ video ក្មួយៗ ដែលអះអាងថាសម្រេចចិត្តចូលជាកាកបាទក្រហម។ ប្រហែលជាគាត់បានការគិតពិចារណាច្បាស់ហើយ។ គាត់សម្រេចចិត្តចូលធ្វើការងារនេះ គឺអត់មានរំពឹងអ្វីទេ ក្រៅពីឱកាសស្ម័គ្រចិត្តជួយប្រជាពលរដ្ឋ។ អញ្ចឹងត្រូវមានផ្នត់គំនិត និងបេះដូងជួយជំរុញអនុវត្តការងារនេះឲ្យបានជាប់ជាប្រចាំ។

ស្មារតីស្នេហាជាតិដូចគ្នាត្រូវមាន ជាតិនិយមត្រូវមាន ប៉ុន្តែកុំជាតិនិយមជ្រុល ដែលខ្វះការគិតគូរនាំឲ្យបែកបាក់ជាតិ។ យុវជនគឺជាគន្លឹះនៃការថែរក្សាឬផ្ទុះនៃការបែកបាក់ព្រោះជាកម្លាំងមុតស្រួច។ គេហៅថាឈាមរាវ។ ខ្ញុំអាចនិយាយដូចនេះបាន ព្រោះខ្ញុំធ្លាប់ជាយុវជន។ ប៉ុន្តែឥឡូវអាយុវាជ្រេទៅហើយ។ កាលពីយើងនៅក្មេង ឆាប់ដឹង ឆាប់លឿន ឆាប់ឆេះ។ គេឲ្យធ្វើអី ទៅសិនចាំសួរមូលហេតុ ចាំគិតក្រោយ។ ដល់ពេលយើងរាងជ្រេបន្តិច ៤០ឡើង យើងរាងនៅឆេវឆាវដែរ ប៉ុន្តែយើងអាចដឹងថា យើងធ្លាប់ឆ្លងកាត់រឿងហ្នឹងពីមុន។ យើងនៅគិតគូរឲ្យច្បាស់ ស្រាវជ្រាវឲ្យច្បាស់។ រឿងដែលឆ្លងកាត់ប៉ុន្មានមកនេះ ខ្ញុំមិនថាទេ ប៉ុន្មានខែនេះពេលខ្លះគឺដោយសារអារម្មណ៍ ស្មារតីយើងលឿនពេក ព័ត៌មានអត់គ្រប់ជ្រុងជ្រោយធ្វើឲ្យប៉ះទង្គិចគ្នារវាងខ្មែរនិងខ្មែរ។

(១៤) កុំផ្តោតទៅលើជ្រុងអវិជ្ជមាន តែគិតវិជ្ជមាន រួមគ្នាលើក​តម្កើងវប្បធម៌ឲ្យរឹងមាំ

ត្រូវមានការគិតគូរបានច្បាស់ និងគំនិតវិជ្ជមាន។ ហេតុអ្វីបានជាយើងត្រូវមានគំនិតវិជ្ជមាន? ការគិត ផ្នត់គំនិត ជាកត្តាកំណត់នៃសកម្មភាព។ ធ្វើដូចគ្នា ប៉ុន្តែមានវិធីសាស្ត្រធ្វើ។ ឧទាហរណ៍ ខ្ញុំយករឿងវប្បធម៌កន្លងទៅ ដែលមានប្រធានបទខ្លះ ប្រជាពលរដ្ឋយើងព្រួយបារម្ភថាមានគេចង់បាន ឬគេចង់បន្លំ។ យើងនឹងបាត់។ ជាការឆ្លើយតប យើងធ្វើយ៉ាងម៉េច? ឆ្លើយតបមានលក្ខណៈ២។ ឆ្លើយតបនៅជ្រុងអវិជ្ជមាន យើងអត់ធ្វើអីទេ ក្រៅពីឡើងមកអង្គុយយំស្រែក ហើយបន្ទោសថា ប្រទេសនោះជនជាតិនោះ ចង់លួចរបស់នេះរបស់យើងស្អីៗ។ អង្គុយតែបន្ទោស។ បន្ទោសគ្នាឯងថាមិនចេះជួយថែ។ សួរថាតើទស្សនស្រឡាញ់វប្បធម៌នោះ យើងចង់លើកតម្កើនមែនទេ? បើយើងមានផ្តោតទៅលើជ្រុងអវិជ្ជមាន តែបើយើងគិតវិជ្ជមានវិញ ខ្ញុំឃើញបងប្អូនធ្វើបានល្អ។ តាំងពីចូលឆ្នាំមកនេះ យើងធ្វើកុំឈឺក្បាលរឿងគេចង់បាន ឬែមិនចង់បាន គិតតែពីរួមគ្នាលើក​តម្កើនវប្បធម៌របស់យើង ធ្វើឲ្យរឹងមាំទៅ។ ហ្នឹងគេហៅគំនិតវិជ្ជមាន។

(១៥) គំនិតវិជ្ជមាននាំឲ្យធ្វើសកម្មភាពវិជ្ជមាន

បើចង់ប្រកួតប្រជែងជាមួយគេ កុំទៅអង្គុយវាយប្រហារគេ កុំទៅអង្គុយរកចំណុចខ្សោយគេ រិះគន់គេ។មើលខ្លួនឯង រួមគ្នាពង្រឹងខ្លួនឯង។ កុំទៅអង្គុយនិយាយថា អានេះរបស់គេ អានេះរបស់យើង។ ត្រូវនាំគ្នាថត promote ស្អីដែលរបស់យើងផ្សព្វផ្សាយឲ្យបានច្រើន។ ហ្នឹងហើយគេហៅថាគំនិតវិជ្ជមាន។ គំនិតវិជ្ជមាននេះធ្វើឲ្យយើងធ្វើសកម្មភាពវិជ្ជមាន។ បើឃើញប្រទេសគេមានប្រជាជនរៀនធ្វើបាន robot រហូតទៅដល់ឡើងឋានព្រះច័ន្ទ កុំអង្គុយតែយំ អង្គុយតែបន្ទោសប្រព័ន្ធអប់រំយើង។ ត្រូវរួមកសាងប្រព័ន្ធអប់រំយើង។ កសាងអភិវឌ្ឍន៍សាកលវិទ្យាល័យយើង ដើម្បីយើងអាចកសាងមនុស្សថ្ងៃក្រោយអាចផលិត robot អាចឡើងធ្វើជាអ្នកយានអវកាសយានិកបាន។ ត្រូវធ្វើទស្សនវិជ្ជមាន។ យុវជនត្រូវមានទស្សនវិជ្ជមាន។ បើខ្លាចបាត់កុំទៅអង្គុយយំ កុំទៅអង្គុយជេរគេ។ ត្រូវមករួមគ្នាពង្រឹងខ្លួនឯង ថែរក្សាសាមគ្គីជាតិខ្លួនឯង កុំឲ្យបាត់បង់ទឹកដី កុំឲ្យបាត់បង់វប្បធម៌ កុំឲ្យបាត់បង់សិល្បៈ រួមគ្នាផ្សព្វផ្សាយ រួមគ្នាគាំទ្រ នេះហើយគឺអ្វីដែលយើងមានទស្សនវិជ្ជមាន ធ្វើឲ្យយើងជោគជ័យ។

(១៦) ស្មារតីជាតិនិយម គឺរួមគ្នាថែរក្សា កសាង លើកស្ទួយវប្បធម៌ឲ្យបានច្រើន

យើងស្ម័គ្រចិត្តចូលកាកបាទក្រហម ដើម្បីរួមគ្នាស្ម័គ្រចិត្ត ជួយមួយដៃមួយជើង ជួយប្រជាពលរដ្ឋយើងឲ្យរឹងមាំពេលដែលលំបាក។ ហ្នឹងហើយទស្សនវិជ្ជមាន ដែលខ្ញុំសូមសរសើរ។ បើយើងគ្មានឥរិយាបថ ផ្នត់គំនិតវិជ្ជមាន ហើយអង្គុយចាំដុតផ្ទះ អង្គុយចាំតែវេទនា អង្គុយចាំតែបន្ទោសគ្នា ចង្អុលគ្នា ដូចថ្ងៃមុនរឿង GUMBALL។ បងប្អូនមានការព្រួយបារម្ភដូចគ្នា ទស្សនខុសគ្នា កុំឲ្យវានៅយូរពេក។ តោះរួមគ្នាដើរទៅមុខទៀត។ promote លើកស្ទួយផ្សព្វផ្សាយវិស័យទេសចរណ៍របស់យើងទាំងអស់គ្នា។ កាលពីមុនចូលឆ្នាំៗ ​ទៅ យើងឃើញប្រធានបទចង់ផ្ទុះហ្វេសប៊ុក រឿងស្អីព្រួយបារម្ភគេយកសង្គ្រាន្ក។ ប៉ុន្តែពេលដែលចូលឆ្នាំហើយប្រជាពលរដ្ឋយើងនាំគ្នាលេងល្បែងប្រពៃណី ហ្នឹងហើយគិតវិជ្ជមាននោះ … ពីមុនខ្ញុំឃើញអញ្ចេះ។ ប៉ុន្មានឆ្នាំមុនខ្ញុំឧស្សាហ៍ឃើញបងប្អូនគាត់ផុសតាមហ្វេសប៊ុក។ គាត់ខំគូរស្អាត។ គាត់បង្ហោះទៅ អត់សូវមានអ្នកចាប់អារម្មណ៍។ គាត់ថាបើគេឈ្លោះគ្នា share ដាច់ដៃ។ ខ្ញុំគូរស្អាត គ្រាន់តែខ្ញុំខំឆ្លាក់អក្សរស្អាត ដូចអត់សូវមានអ្នកណាចាប់អារម្មណ៍។ តែឥឡូវពេលដែលអ្នកផុសថតពាក់គ្រងគ្រឿង ឬមួយក្បាច់គុនខ្មែរស្អីៗ ឃើញអ្នក share អ្នក like អ្នកគាំទ្រច្រើន។ នេះហើយស្មារតីជាតិនិយម គឺរួមគ្នាថែរក្សាវប្បធម៌ ថែរក្សារួមគ្នា អត់មានបន្ទោសអ្នកណា គិតអ្នកណា កុំរឿងគិតក្រៅ គិតតែផ្ទៃក្នុងយើងរួមគ្នាកសាង លើកស្ទួយគ្នាឯងឲ្យបានច្រើនទៅ ហ្នឹងហើយទស្សនវិជ្ជមាន។

(១៧) យុវជននិងប្រជាជនត្រូវមានទស្សនវិជ្ជមាន៖ “បើចង់ការពារទឹកដី ត្រូវមូលមតិ រួមគ្នាការពារនិងពង្រឹងជាតិ”

គិតពិចារណាស្រឡាញ់ជាតិដូចគ្នា ប៉ុន្តែមុននឹងធ្វើត្រូវគិតថាតើសកម្មភាពអ្វីធ្វើឲ្យយើងបែកបាក់ ចុះខ្សោយ? សកម្មភាពអ្វីធ្វើឲ្យយើងគោរពគ្នា។ ទោះបីមានទស្សនៈខុសគ្នាក៏ដោយ ប៉ុន្តែមិនឈានទៅដល់ដុតប្រទេសធ្វើឲ្យបែកបាក់ មើលមុខគ្នាមិនត្រូវ។ ត្រូវរួមគ្នាថែរក្សានិងពង្រឹងខ្លួនយើងឲ្យបានខ្លាំង។ បើចង់ការពារទឹកដី ទាល់តែរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេស កសាងមូលដ្ឋានគ្រប់តំបន់ព្រំដែនឲ្យបានជោគជ័យ។ សំខាន់គឺមូលមតិជាមួយគ្នា ក្នុងនាមខ្មែរជាមួយគ្នា ដើម្បីរួមគ្នាការពារនិងពង្រឹងជាតិរបស់យើង។ នេះហើយទស្សនវិជ្ជមាន ដែលយុវជនទាំងអស់ និងប្រជាជនទាំងអស់ត្រូវតែមាន ដើម្បីយើងរួមគ្នា។ ជាតិយើងថយ អត់មានគេឈឺក្បាលជាមួយយើងទេ។ ប្រទេសគេៗ គិតតែរឿងជាតិរបស់គេ។ មិនបាច់តែនិយាយពីជាតិទេ សាកលវិទ្យាល័យមួយប្រកួតគ្នា ទាល់តែយើងពង្រឹងខ្លួនយើង។

រឿងសាកលវិទ្យាល័យផ្សេង គេពង្រឹងខ្លួនគេ អត់មានអ្នកណាមកជួយយើងទេ។ យើងមានតែពង្រឹងខ្លួនដើម្បីឲ្យសិស្សយើងកាន់តែខ្លាំង។ កាកបាទក្រហមដូចគ្នា មានយន្តការកាយាឫទ្ធិ មានយន្តការយុវជនស្ម័គ្រចិត្តច្រើន ដែលត្រូវលើកទឹកចិត្ត។ ប៉ុន្តែកុំថាគេមិនល្អជាងយើងៗ សប្បាយចិត្ត។ អត់ទេកុំទៅប្រៀបធៀប។ គិតតែពីថា ឥឡូវយើងធ្វើល្អបានប៉ុណ្ណេះហើយ យើងអត់ទាន់ល្អឥតខ្ចោះទេ ត្រូវខំប្រឹងខ្លួនឯងដើម្បីកាន់តែល្អឥតខ្ចោះ បង្កើនសមត្ថភាពខ្លួនឯង។ ហ្នឹងហើយកំណត់តម្លៃខ្លួនឯង។ កុំចាំបាច់ទៅប្រៀបធៀប ឬឈឺក្បាលជាមួយអ្នកណា។ គិតតែប្រឹងខ្លួនឯង។ បើអាចជួយគេបាន ក៏ជួយ ក្រៅពីហ្នឹងពង្រឹងខ្លួនយើង ដើម្បីសាមគ្គីឯកភាព កំណត់តម្លៃនៃសកម្មភាពរបស់យើង ជួយទៅដល់ប្រទេសជាតិយើង …។

(១៨) ម្នាក់ៗ គិតវិជ្ជមាន ពង្រឹងខ្លួន ជួយគ្នាក្នុងនាមជាតិខ្មែរ ប្រជាជាតិខ្មែរ យុវជនខ្មែរ

ដែលម្នាក់ៗ គិតវិជ្ជមាន ម្នាក់ៗប្រឹងរៀងៗខ្លួន មិនប្រឹងដើម្បីប៉ែងជើងគ្នា ចោទគ្នា តែប្រឹងដើម្បីពង្រឹងខ្លួនយើង ជួយគ្នាក្នុងនាមជាជាតិខ្មែរ ប្រជាជាតិខ្មែរ យុវជនខ្មែរ និងរួមគ្នាហើយកសាងជាតិយើង នោះហើយគឺជាកត្តាកំណត់នៃការស្ម័គ្រចិត្ត និងការដាក់ទិសដៅគិតគូរវិជ្ជមានរបស់យើង។ បើគ្មានទស្សនវិជ្ជមាន ថ្ងៃណាក៏គិតតែពីខ្មៅដែរ មិនកើតទេ។ មានអ្នកសួរខ្ញុំថា “បងឯងឃើញតែអ្នកក្រៅប្រទេសមួយថ្ងៃៗ តាមជេរអីផង។ តាំងពីអ្នកអត់សក់ ដល់អ្នកសក់វែង។ មួយថ្ងៃៗឃើញតែជេរ។ ឯបងឯងញញឹមរហូតអញ្ចឹង”។ ខ្ញុំអត់ដែរគិតផង។ គេជេរជារឿងរបស់គេ។ គេងើបពីដេក គេអង្គុយគិតពីទស្សនៈអវិជ្ជមាន ឱ្យគេក្តៅចិត្តចុះ។ តែខ្ញុំគិតតែពីធ្វើស្អីខ្លះក្នុងនាមជានាយករដ្ឋមន្ត្រី។ អាចធ្វើអីខ្លះ ដោះបានអីខ្លះ ដើម្បីបង្កើនផលល្អជូនជាតិមាតុភូមិ។ គិតធ្វើតែប៉ុណ្ណឹងទៅបានហើយ។

(១៩) ជាប្រមុខរាជរដ្ឋាភិបាលចំណាយពេលគិតគូរពីជាតិនិងប្រជាពលរដ្ឋ កាកបាតក្រហមត្រូវដាក់ទិសដៅជួយប្រជាពលរដ្ឋ

ម្សិលម្ង៉ៃលួចទៅឆ្លងឆ្លើយជាមួយលោកយាយនៅស្ទឹងមានជ័យអញ្ចឹងទៅ។ ថ្ងៃមុនលួចទៅមើលគេប្រកួតកីឡា។ អ្នកទាំងអស់នេះគឺជាអ្នកដែលយើងត្រូវចំណាយពេលគិតគូរគាត់ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ត្រូវគិតគូរអ្នកដែលគិតគូរដើម្បីជាតិប្រជាពលរដ្ឋយើង។ ប្រជុំជាមួយវិស័យឯកជន ប៉ុន្មានថ្ងៃមុនជួបជាមួយវិស័យអាកាសចរស្អីៗ ដើម្បីរកដោះវិធីយ៉ាងម៉េចជួយសម្រួលឱ្យការហោះហើរមកប្រទេសយើងប្រកួតប្រជែង។ មួយថ្ងៃៗខ្ញុំមានពេលគិតតែរឿងហ្នឹងទេ។ បើសិនជាមួយថ្ងៃៗ ងើបឡើង ខ្ញុំអង្គុយបើកមើលការដែលគេជេរខ្ញុំ មើលតែរឿងអវិជ្ជមាន ដេកតែយល់សប្តិអាក្រក់ មិនបាច់ធ្វើអីទេ …។

កាកក្របាទក្រហមក៏ដូចគ្នា។ យើងត្រូវគិតមួយឆ្នាំៗ មួយពេលៗ មួយខែៗ ត្រូវដាក់ទិសដៅជួយប្រជាពលរដ្ឋណាដែលត្រូវជួយ។ កុំឈឺក្បាលនឹងរឿងផ្សេង។ មានអ្នកដែលវិភាគមិនតិច ដែលវិភាគវាយលើកាកបាទក្រហមទៅទៀត។ គ្រាន់តែចូលធ្វើសកម្មភាព គេថាអង្គការហ្នឹងអត់អព្យាក្រឹត្យ។ ថាតែខ្លួនឯងគិតតែខ្លួនឯង។ ចុះអ្នកដែលថា អ្នកធ្វើត្រូវផ្តោតលើទស្សនៈវិជ្ជមាន ផ្តោតទៅលើគោលដៅធំជាអី? ដើម្បីជួយប្រជាជនដែលលំបាក។ នេះគឺជាការពិត។ នេះហើយដែលអង្គការកាកបាទក្រហមដឹកនាំដោយ សម្តេចកត្តិព្រឹទ្ធបណ្ឌិតដឹកនាំក្នុងរយៈពេលប៉ុន្មានឆ្នាំ។ លើកទី១ ហើយ ហៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅក្នុងវេទិកា។ ដូចរាងរឹងៗមាត់។

(២០) ធ្វើសកម្មភាពវិជ្ជមាន ផ្តល់ផលឱ្យសង្គម រក្សាសន្តិភាព ឯកភាពជាតិ ដោយបេះដូង ការគិតគូរ និងប្តេជ្ញាចិត្តខ្ពស់

ជាគោលដៅ Positive thinking ឬគិតវិជ្ជមាន ធ្វើឱ្យយើងសល់ពេល ផ្តោតទៅលើសកម្មភាពវិជ្ជមាន ធ្វើបានលទ្ធផលវិជ្ជមាន។ យើងអត់ល្អឥតខ្ចោះ ១០០%។ យើងមិនអាចធ្វើអ្វីបានក្នុងមួយថ្ងៃល្អ ១០០% ទេ។ ប៉ុន្តែ ដាក់ទិសដៅដើម្បីខំធ្វើឱ្យបាន ១០០% ក្នុងរយៈពេលទៅមុខ។ ធ្វើមួយជំហាន ធ្វើមួយសកម្មភាពម្តង។ អញ្ចឹង កុំឈឺក្បាលរឿងអវិជ្ជមានច្រើន។ គិតពីរឿងវិជ្ជមាន។ នេះហើយដែលខ្ញុំបាននិយាយពីរឿងទស្សនៈវិជ្ជមាន ដែលយើងត្រូវធ្វើក្នុងជីវិតជាកាកបាទក្រហម ក្នុងជីវិតការងារ ក្នុងជីវិតសិក្សា។ ប្អូនៗ ក៏ដូចគ្នា។ កុំបាន A រហូត បាន B យំបោកខ្លួន … គ្រាន់តែបាន C ម្តងអាដៃ។ ត្រូវខំប្រឹងដើម្បីបាន Aឡើងវិញ។ បើរវល់តែអាដៃដាច់ដៃបាត់ទៅបាន Aមកពីណា។ ចូលពេទ្យដេកអត់បានរៀនធ្លាក់បាត់។ ខឹងខុស ខឹងខាត។ ការពិចារ​ណាគិតឱ្យបានច្បាស់លាស់មុននឹងធ្វើសកម្មភាព។ បើយើងគិតច្បាស់លាស់ សកម្មភាពដែលយើងគិត ជាសកម្មភាពវិជ្ជមាន ផ្តល់ផលឱ្យសង្គម រក្សាសន្តិភាព ឯកភាពជាតិមិនឱ្យបែកបាក់។ យើងត្រូវធ្វើដោយបេះដូង ធ្វើដោយការគិតគូរ និងប្តេជ្ញាចិត្តខ្ពស់ ដែលនេះជាភាពជោគជ័យរបស់យើង។

(២១) វិទ្យាល័យជំនាន់ថ្មីអាចធ្វើ Robot ចេញទៅប្រកួតឈ្នះ ថ្ងៃណាមួយយើងមាន Astronaut លើកដំបូង

មិនថាការងារស្ម័គ្រចិត្ត ឬការងារប្រចាំថ្ងៃនោះទេ ត្រូវការប្តេជ្ញាចិត្តខ្ពស់ចូលរួមជាប្រចាំ។ តិចច្រើនយើងត្រូវធ្វើ។ នេះគឺជាអ្វីដែលខ្ញុំសូមឱ្យយុវជនរបស់យើងជាពិសេសយុវជនកាកបាទក្រហមនៅថ្ងៃនេះ ក៏ដូចជាបងប្អូនយុវជនទាំងអស់ សូមគិតវិជ្ជមាន រួមគ្នាស្នេហាជាតិតាមរយៈការរួបរួមគ្នា បង្កើនផលវិជ្ជមានរបស់ខ្លួន ដើម្បីចូលរួមបង្កើនផលវិជ្ជមានរបស់សង្គមជាតិ ដើម្បីឱ្យខ្មែរកាន់តែខ្លាំង។ ថ្ងៃនេះយើងមិនទាន់ដល់កម្រិតខ្ពស់ ប៉ុន្តែបើប្រៀបធៀប ១០ ២០ឆ្នាំមុន យើងខ្ពស់ជាងមុនហើយ។ ពី ១០ ២០ឆ្នាំមុន យើងមិនទាន់បង្កើត Robot បានខ្លួនឯងទេ។ ឥឡូវ តាមសាលា វិទ្យាល័យជំនាន់ថ្មីអីហ្នឹង អាចធ្វើ Robot ខ្លួនឯង ចេញទៅប្រកួតឈ្នះគេទៀត។ គង់តែថ្ងៃណាមួយយើងអាចមាន Astronaut លើកទី១ របស់កម្ពុជានោះទេ។ តែសូមកុំឱ្យបែកបាក់ មានសង្គ្រាម វាយកាប់ចាក់គ្នា។ យុវជនដែលត្រូវរៀន ទៅជាកាប់ចាក់គ្នាស្លាប់ក្នុងសមរភូមិ បាត់បង់ឱកាស …។

[ចប់សេចក្តីអធិប្បាយ៣]

៣. សូមបន្ដពង្រឹង និង ពង្រីកនូវវប្បធម៌ចែករំលែក ពង្រឹងសកម្មភាព មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត ចេះជួយសិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និង សិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។

៤. បន្តអនុវត្តនូវគោលនយោបាយយុវជន និងសេចក្តីណែនាំនានារបស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព ។

មុននឹងបញ្ចប់, ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នជុំវិញរាជរដ្ឋាភិបាល មន្ទីរ- ជុំវិញខេត្ត និង អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែ សហការ និង ជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហកម្ពុជា ក្នុងគ្រប់កាលៈទេសៈ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ, ទូលព្រះបង្គំជាខ្ញុំសូមលើកហត្ថប្រណម្យ បួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិនៅលើលោក ទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធ នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទ្ធាតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេស បារមី ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជទានប្រោសព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីសួស្តីថ្វាយ និង សូមជួយបីបាច់ថែរក្សា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា, សូមព្រះអង្គទាំងទ្វេ បានប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូរណ៍ និង ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គ ទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ ។

ជាមួយគ្នានេះ, ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក, សូមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តគង់នៅជាម្លប់ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតនៃយើង។

ខ្ញុំសូមគោរពជូនពរ សម្តេច ឯកឧត្ដម លោកជំទាវ គណៈអធិបតី ព្រមទាំង ឯកឧត្ដម-លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី សមាជិក-សមាជិកា គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា, គណៈកម្មាធិការសាខា/អនុសាខា, មន្ត្រីក្រុមប្រតិបត្តិ, ទីប្រឹក្សាយុវជន, អ្នកស្ម័គ្រចិត្ត, ក្មួយៗយុវជន និង ភ្ញៀវកិត្តិយសទាំងអស់ ដែលវត្តមានក្នុងពិធីនេះ សូមបានប្រកបតែនឹងពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។ សូមអរគុណ

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

នៅក្នុងថ្ងៃនេះដែរមានសម្រាប់បងប្អូនយុវជនកាកបាទក្រហម ៤៧៤២នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា ២៥ក្លឹប ក្លឹបនីមួយៗទទួលបានថវិកា ២លានរៀល ហើយក្រុមភ្លេងត្រែយុវជនកាកបាទក្រហមថវិកា ៣លានរៀន និងក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៣លានរៀល។ សូមអរគុណ៕

អត្ថបទទាក់ទង