Grand News Asia Close

សុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ ក្រោមប្រធានបទ “ការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត៖ ​ដំណើរ​ទៅអនាគត” (ថ្លែងជាភាសាអង់គ្លេស)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ អាស៊ាន | ASEAN 650

CMF:

ឯកឧត្តម​រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
ភ្ញៀវ​កិត្តិយស និងដៃគូសន្ទនារបស់អាស៊ាន
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួម​បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) ដែលកម្ពុជាធ្វើជាប្រធានលើផ្នែកនេះនៅក្នុងឆ្នាំ២០២៤។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានមកកាន់ទីក្រុងអង្គរដែល​ជា​ទីក្រុង​បុរាណដ៏ស្រស់ស្អាតរបស់យើង។ ទីក្រុងអង្គរ​ គឺជា​ភស្តុតាងជាក់ស្តែង​​ នៃការ​ប្រើប្រាស់​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បី​កសាងអច្ឆរិយៈពិភពលោក និងប្រាង្គប្រាសាទ​ដ៏អស្ចារ្យជាច្រើន ដែលនៅបន្ត​គង់វង្ស​អស់រយៈកាល​ ១០០០ ឆ្នាំ ​ ហើយក៏នឹងនៅតែបន្ត​ស្ថិតស្ថេរ​តទៅអនាគតខាងមុខ សម្រាប់មនុស្សជាតិទាំងមូល។

វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល​ គឺ​ជាសសរស្តម្ភដ៏សំខាន់​ ដែល​​ទ្រទ្រង់​វឌ្ឍនភាពរបស់មនុស្សជាតិ ជួយ​ផ្តល់ជា​ដំណោះស្រាយផ្សេងៗ ធ្វើឱ្យជីវិតរបស់យើងកាន់តែល្អ​ប្រសើរ និងងាយស្រួលជាងមុន​ និងបានជួយ​​​ពង្រីកវិសាលភាព និងលទ្ធភាពនៃ​ការ​​គ្រប់គ្រង​របស់​មនុស្សជាតិ​ ទៅ​លើ​សង្គម ធម្មជាតិ និងភពផែនដីរបស់យើង។ យើងបាន​ឆ្លងកាត់​រលក​ជាច្រើន​ នៃការជឿនលឿន​ផ្នែក​​បច្ចេកវិទ្យា ដែលបានផ្លាស់ប្តូរ​ទាំងស្រុង​នូវមូលដ្ឋាន​ឧស្សាហកម្ម ទិដ្ឋភាព​សង្គម បូករួមទាំង​ឥរិយាបថរបស់មនុស្សជាតិ​។ ជាមួយ​នឹង​ការរីកចម្រើន ​នៃបច្ចេកវិទ្យា យើងបាន​កាត់បន្ថយចម្ងាយនៃភូមិសាស្ត្រ បង្កើន​ល្បឿន​ និងពង្រឹង​​សកលភាវូបនីយកម្ម ដែល​បាន​ជួយធ្វើឱ្យ
ពិភព​លោករបស់យើង​ កាន់តែខិតជិតគ្នា និងបាន​ផ្តល់នូវកាលានុវត្តភាព​ជា​ច្រើន នៅ​លើ​ទិដ្ឋភាព ​នៃ​ការចែករំលែកចំណេះដឹង និងការបង្កើតធនធាន​សេដ្ឋកិច្ច​ សម្រាប់ពិភពលោកទាំងមូល។

ខ្ញុំ​អាចនិយាយបានថា អាស៊ានពិតជា​បានទទួលនូវ​ផលប្រយោជន៍យ៉ាងច្រើនពីសកល​​ភាវូបនីយកម្ម ដែល​គាំទ្រ​ដោយ​ការរីកចម្រើន​ នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយ​សកលភាវូបនីយ កម្មនេះ​ហើយ ដែលបានប្រែក្លាយតំបន់អាស៊ាន​ ពីតំបន់​​​ដែលមាន​ប្រទេស​ភាគច្រើន ​ទើបទទួលបានឯករាជ្យថ្មីៗ ទៅជាមជ្ឈមណ្ឌលនៃកំណើនដ៏សំខាន់មួយ​នៃពិភពលោក។​

ឯកឧត្តម លោកជំទាវ លោក លោកស្រី!
នៅពេលដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍ ក្នុងល្បឿនមួយយ៉ាងលឿន យើង​មានភាពចាំបាច់ ដែល​ពិភពលោកត្រូវប្រើប្រាស់ និងត្រួតពិនិត្យ ឱ្យបាន​ហ្មត់​ចត់លើ​បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដែល​អាច​មានឥទ្ធិពល​ ​កែប្រែពិភពលោក។ យើងត្រូវ​តម្រង់ទិស​វឌ្ឍនភាព នៃ​បច្ចេកវិទ្យា ដើម្បីឱ្យ​បច្ចេកវិទ្យា​ អាច​បម្រើ​ និងគាំទ្រ​ដល់​បរិយាបន្នភាព​ ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។

ក្នុងចំណោមបច្ចេកវិទ្យាជាច្រើន ការជួបជុំគ្នាក្នុងសប្តាហ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា​ សិក្សា​ស្វែងយល់ពីប្រធានបទដ៏​សំខាន់ ពោលគឺ «ការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរទៅអនាគត»។ ជាមួយនឹងការ​ប្រមូលផ្តុំ និងចងក្រង​នូវ​ទិន្នន័យជាច្រើន​ បញ្ញាសិប្បនិម្មិត បានក្លាយជាបច្ចេកវិទ្យា​​លេចធ្លោជាងគេ នៅក្នុងចំណោម​បច្ចេកវិទ្យានានា នាពេល​​បច្ចុប្បន្ននេះ​ ទន្ទឹម​នឹង​ការ​រីកចម្រើន ​នៃបច្ចេកវិទ្យា​ Blockchain Quantum Computing Data Science Machine Learning Augmented Reality and Virtual Reality​ Deep Learning ជីវបច្ចេកវិទ្យា​ និងការកែប្រែហ្ស៊ែន​ (Biotechnology and Gene Editing) និងការផ្ទៀតផ្ទាត់ទិន្នន័យជីវសាស្ត្រ (Biometric Authentication)។ ជាការពិត យើង​អាច​មើលឃើញ​ការប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ ស្ទើរតែគ្រប់ទីកន្លែង​ នៅ​ក្នុងជីវិតរបស់យើង តួយ៉ាងដូចជា កិច្ចការសាមញ្ញៗ នៅ​ក្នុង​​ការ​ស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃ​ ជាដើម​។ ទន្ទឹមនឹងការ​ផ្តល់នូវកាលានុវត្តភាព​ជាច្រើន បញ្ញាសិប្បនិម្មិត​ ក៏នាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា​ បញ្ហា​ក្រមសីលធម៌ បរិយាបន្នភាព​ តម្លាភាព ភាពស្មើគ្នា កង្វល់អំពីឯកជនភាព នៃ​ទិន្នន័យ និងតម្រូវការ នៃ​ការបណ្តុះបណ្តាល​ជំនាញ​ឡើងវិញ។

ជាការពិត មនុស្សជាតិរបស់យើង កំពុងឈានជើងចូលទៅក្នុងពិភពមួយ​ ដែលយើង​មិនធ្លាប់ស្គាល់ពីមុនមក ដូច្នេះហើយ យើង​ត្រូវបោះជំហានទៅមុខ ប្រកប​ដោយការ​ប្រុងប្រយ័ត្ន។ ថ្ងៃនេះ ខ្ញុំចង់គូស​រំលេច​អំពី​គោលការណ៍សំខាន់ពីរ ដែលខ្ញុំគិតថា អាចជួយតម្រង់ទិស នៅក្នុងការ​ឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្តែង​ឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក​។

ទីមួយ ខ្ញុំចង់សង្កត់ធ្ងន់ទៅលើភាពចាំបាច់ ដែល​​ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានមូលដ្ឋាន​ដែល​ «យក​ប្រជាជនជាស្នូល»។ ខ្ញុំជឿជាក់ថា យើងពិតជា​មានសិទ្ធិនៅ​ក្នុងការទាញប្រយោជន៍ពី​វឌ្ឍនភាព នៃ​បច្ចេកវិទ្យា ប៉ុន្តែ ទន្ទឹមនេះ​ យើងក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការធានាតុល្យភាព និងធានានូវ​អត្ថប្រ​យោជន៍ ដែល​បច្ចេកវិទ្យា​អាចបម្រើ​ដល់​មនុស្សជាតិ។ វឌ្ឍនភាពថ្មីៗ ដូចជា កម្មវិធី OpenAI’s Sora ដែលជា​ម៉ូឌែលដែល​អាច​​បំប្លែង​អត្ថបទទៅជា​វីដេអូ ឬកម្មវិធី Gemini របស់ Google ដែលជាម៉ូឌែល​ នៃ​កម្មវិធីដ៏មានឥទ្ធិពល ដែល​មានច្រើនទម្រង់ អាចបំពេញតាមតម្រូវការផ្សេងៗ​របស់​អ្នកប្រើប្រាស់។ ទាំងអស់នេះ គឺសុទ្ធ​តែជាកម្មវិធី​ ដែល​​មានសក្តានុពលយ៉ាងធំធេង ប៉ុន្តែ យើង​ក៏​ត្រូវមាន​ការ​ប្រុងប្រយ័ត្ន នៅក្នុងការអភិវឌ្ឍកម្មវិធីទាំងនេះ ប្រកបដោយការទទួលខុសត្រូវផងដែ​រ។ ការចាប់យក និងការប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ ត្រូវមាន​ដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម។ សាធារណជនទូទៅបានសម្តែងការភ័យខ្លាច និងការព្រួយបារម្ភរួចទៅហើយ​ថា សិទ្ធិ និងឯកជនភាព​របស់ពួកគេ អាចនឹង​ត្រូវបានរំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើម​ នៃកម្មវិធីដែលបង្កើតឡើង​ដោយបញ្ញាសិប្បនិម្មិត​។

ប្រសិន​បើគ្មានការអប់រំ និងជំនាញ ជាមូលដ្ឋាន​ និងការចូលរួមជាបន្តបន្ទាប់ ប្រាកដណាស់ថា ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ជាទូទៅ​ នៅ​ក្នុងការបែងចែករវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ឬ ការ​បែងចែករវាងរូបភាពសិប្បនិម្មិត ជាមួយនឹង​រូបភាពដើម។ ពេលខ្លះ ការវិវត្តបែបនេះ បែរជា​បង្កឱ្យមាន​ការខាតបង់​យ៉ាងច្រើន​ដល់​សង្គម និងរដ្ឋាភិបាល។ ការបំប្លែង​រូបភាពដើម តាមរយៈ​បច្ចេកវិទ្យា​​ទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណៈមតិ ហើយ​ក៏អាចបង្កឱ្យ​មាន​ការ​បែងចែកនៅក្នុងសង្គម ភាពច្របូកច្របល់ និង​ អស្ថិរភាព ដែល​អាចប៉ះពាល់ដល់​ភាពសុខដុមនៃសង្គម ក៏ដូចជា សន្តិភាពដែលបានមកដោយលំបាក។ សាធារណជន ក៏បានសម្ដែងនូវក្តីបារម្ភ អំពីការបាត់បង់ការងារ នាពេលអនាគត​ និងបញ្ហាប្រឈម​ផ្សេងៗទៀតផងដែរ​។

ការប្រកាន់អភិក្រម​ដែល​យក​ប្រជាជន​ជាស្នូល នៅក្នុង​ការប្រើប្រាស់​បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏​​ត្រូវជំរុញ ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​​​អ្នក​រៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងស្ថាប័នឯកជន ផងដែរ។ ទន្ទឹម​នឹង​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត យើងក៏ត្រូវមាន​ការអភិវឌ្ឍ​ក្របខណ្ឌបទដ្ឋាន​គតិយុត្ត​ ដើម្បីគាំទ្រដល់វឌ្ឍនភាព នៃបញ្ញាសិប្បនិម្មិត ដោយមានការចូល​រួមវិភាគទាន ពី​គ្រប់​ភាគីពាក់ព័ន្ធ។

ក្នុងស្មារតីនេះ ខ្ញុំ​សូមគូសរំលេច ​​ចំណុចទីពីរ​ ដែល​និយាយ​អំពី​សារសំខាន់ នៃគោលការណ៍ពហុភាគីនិយម»។

ពហុភាគីនិយម គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ នៅ​ក្នុងការចាប់យក​បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះ បម្រើឱ្យ​មនុស្សជាតិ មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើ​បច្ចេកវិទ្យាទាំង​នោះទេ​។ ពហុភាគីនិយមមានសារសំខាន់ នៅក្នុង​ការបង្កើនប្រសិទ្ធភាព តាមរយៈការស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរ ការប្រើប្រាស់ធនធានរួមគ្នា និងការបង្កើត​ភាព​សុខដុម តាមរយៈការ​រៀបចំ​ក្របខណ្ឌ និងវេទិការួម និងការរៀបចំ​របៀបវារៈ សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរួមគ្នា។ ជាការពិត ប្រទេសទាំងឡាយ​ ត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លា នៅ​ក្នុងការចាប់យក​បច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែ យើងក៏ត្រូវធានាថា យើងនៅតែអាចបង្កើតលំហ​សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងការប្រកួតប្រជែងដោយ​ភាពថ្លឹងថ្លែងរបស់យើង​។ «ការកាត់ផ្តាច់​» (decoupling) និង «ការបែងចែក» (fragmentation) មិនគួរក្លាយជាវិធាន​ដែលយើង​ប្រកាន់យកនោះទេ ព្រោះថា បើយើងប្រកាន់យក​អភិក្រម​បែបនេះ យើង​នឹង​ត្រូវ​ប្រឈមនឹង​ហានិភ័យ​ នៃការ​បាត់បង់​ធនធានដែល​មានកម្រិតរបស់​យើងដោយ​ត្រូវផ្តោតទៅលើ​ការព្យាយាមរត់តាម​ទម្រង់ និងស្តង់ដារផ្សេងៗគ្នា សម្រាប់ប្រភេទ​នៃ​បច្ចេកវិទ្យាតែមួយ។

ខ្ញុំជឿជាក់​ថា អាស៊ានដែលមានប្រវត្តិយូរលង់ នៅ​​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​គួរតែត្រូវ​ខិតខំ​តស៊ូមតិឱ្យ​បានខ្លាំងក្លា​បន្ថែមទៀត អំពីភាពចាំបាច់នៅ​ក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិស​អនាគតនៃបច្ចេកវិទ្យាថ្មីៗ។ ប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​របស់អាស៊ាន ពឹងផ្អែកយ៉ាងខ្លាំង ទៅ​លើគោលការណ៍ពហុភាគី ដែលឈរលើ​មូលដ្ឋាន ​នៃ​ស្ថិរភាព សន្តិភាព សមធម៌ និរន្តរភាព និងបរិយាបន្នភាព​។

ខ្ញុំមាន​សេចក្តីរីករាយ ជាមួយនឹង​វឌ្ឍនភាព ដែលសម្រេចបាន​ នៅក្នុង​ផែនការសកម្មភាព អាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០១៦-២០២៥ (APASTI ២០១៦-២០២៥)។ ខ្ញុំសូមផ្តល់អនុសាសន៍ដល់ការរៀបចំ APASTI ២០២៦-២០៣៥​ ឱ្យយកចិត្តទុកដាក់ បន្ថែមទៀត ចំពោះលទ្ធភាព​ទទួលបាន​​បច្ចេកវិទ្យា និងការ​ផ្ទេរ​បច្ចេកវិទ្យា​ ប្រកបដោយសមធម៌ ការ​អភិវឌ្ឍធនធានមនុស្ស​ប្រកបដោយទេពកោសល្យ និងចល័តភាព នៃ​បុគ្គលដែលមាន ទេពកោសល្យ​ តាមរយៈការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស​ដែល​មាន​​ទេពកោសល្យ និងចល័តភាពរបស់​ពួកគេ នៅ​ក្នុងការពង្រឹងកិច្ចសហការ​រវាងតួអង្គពាក់ព័ន្ធ នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ នវានុវត្តន៍​ នៅក្នុងតំបន់ ព្រមទាំងយកចិត្តទុកដាក់លើការវិនិយោគបន្ថែមទៀត នៅ​ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍដែលជំរុញនវានុវត្តន៍។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការពិភាក្សា និងការផ្លាស់ប្តូរស៊ីជម្រៅពេញមួយសប្តាហ៍ យើងនឹង​អាចដាក់ចេញនូវគំនិតជាក់ស្តែងនិយម​ ដែលមាន​មូលដ្ឋាន​នៅលើ​កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុងទិសដៅ​ពន្លឿនការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ ខ្ញុំសូមជូនពរដល់​អ្នកចូលរួមកិច្ចប្រជុំទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងការងាររៀងៗខ្លួន និងសូមជូនពរ​ភ្ញៀវកិត្តិយសទាំងឡាយ​ សូមទទួលបាននូវ​ភាពរីករាយ នៅក្នុងការ​ស្នាក់អាស្រ័យ នៅក្នុងខេត្តសៀមរាប។

ចុងក្រោយ​ ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ ចាប់ពីពេលនេះតទៅ។

សូមអរគុណ!

អត្ថបទទាក់ទង