Grand News Asia Close

វិភាគអន្តរជាតិ៖ លោក Netanyahu អាចប្រឈមនឹងជម្រើសរវាង «បទឈប់បាញ់ និងអាយុជីវិតរដ្ឋាភិបាលរបស់លោក»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 789
វិភាគអន្តរជាតិ៖ លោក Netanyahu អាចប្រឈមនឹងជម្រើសរវាង «បទឈប់បាញ់ និងអាយុជីវិតរដ្ឋាភិបាលរបស់លោក» វិភាគអន្តរជាតិ៖ លោក Netanyahu អាចប្រឈមនឹងជម្រើសរវាង «បទឈប់បាញ់ និងអាយុជីវិតរដ្ឋាភិបាលរបស់លោក»

(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាច្រើនខែមកហើយ ដែលលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានបដិសេធបញ្ជាក់ឱ្យច្បាស់ៗពីផែនការបញ្ចប់សង្រ្គាម ប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ជាគោលជំហរមួយដែលក្រុមអ្នករិះគន់រូបលោកមើលឃើញថាជា «កលយុទ្ធនយោបាយ»។ ប៉ុន្តែលោក Netanyahu ហាក់ត្រូវបានបង្ខំ ឱ្យធ្វើការសម្រេចចិត្តមួយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីផែនការសម្រាប់បទឈប់បាញ់ថ្មីមួយ។ ពោលគឺលោកកំពុងប្រឈមមុខនឹងជម្រើសមួយ ដ៏ពិបាករវាង «ការរស់រានមានជីវិត» នៃរដ្ឋាភិបាលស្ដាំនិយមជ្រុលរបស់លោក និងការទទួលយកបទឈបបាញ់មួយ ដែលនាំចំណាប់ខ្មាំងត្រឡប់មកផ្ទះរបស់ពួកគេវិញ ហើយ ធ្វើឱ្យរូបលោក និងអ៉ីស្រាអែលរួចផុតពីភាពឯកោនៅលើឆាកអន្តរជាតិ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក បៃដិន បានប្រកាសពីផែនការបទឈប់បាញ់ថ្មីមួយ ដែលលោកផ្ទាល់បាននិយាយថាត្រូវបានធ្វើបទបង្ហាញដោយអ៉ីស្រាអែលទៅកាន់ ក្រុមអ្នកចរចាអាមេរិក កាតា និងអេហ្ស៉ីបដែលកំពុងប្រឹងប្រែងជំរុញឱ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា។ ក្រុមមន្ត្រីអ៉ីស្រាអែលបានទទួលស្គាល់ លក្ខខណ្ឌ នៅក្រោមផែនការបទឈប់បាញ់នេះត្រូវបានអនុម័តយល់ព្រមពីគណៈរដ្ឋមន្ត្រីកិច្ចការសង្រ្គាមរបស់អ៉ីស្រាអែល តែនៅមិនទាន់បង្ហាញទៅកាន់ប្រជាជនអ៉ីស្រាអែល នៅឡើយទេ។ បច្ចុប្បន្ន ក្រុមអ្នកវិភាគបាននិយាយថាវាជាពេលវេលាមួយដែលលោក Netanyahu ត្រូវតែធ្វើការសម្រេចចិត្តចំពោះមុខសម្ពាធទាំងក្នុងស្រុក និងអន្តរជាតិ។ ក្នុងនោះមេដឹកនាំស្តាំនិយមជ្រុល ២នាក់ ក្នុងរដ្ឋាភិបាលរបស់លោក Netanyahu គឺលោក Bezalel Smotrich ជារដ្ឋមន្ត្រីហិរញ្ញវត្ថុអ៉ីស្រាអែល និងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir បានគំរាមថានឹងធ្វើឱ្យរដ្ឋាភិបាលលោក Netanyahu ដួលរលំ ប្រសិនបើលោកនាយករដ្ឋមន្ត្រីហ៊ានទទួលយកបទឈប់បាញ់ប្រកាសដោយលោក បៃដិន នៅមុននឹងក្រុមហាម៉ាសត្រូវបានកម្ទេចទាំងស្រុង។

អ្នកនយោបាយអ៉ីស្រាអែលមួយចំនួន ក្នុងគណបក្ស Likud របស់លោក Netanyahu ផ្ទាល់ក៏បានសន្យាដែរថានឹងចូលរួមជាមួយលោករដ្ឋមន្ត្រីទាំង២។ ក្នុងពេលដំណាលគ្នាដែរ លោក Benny Gantz និងលោក Gadi Eisenkot ដែលសុទ្ធសឹងជាអតីតមេដឹកនាំយោធាអ៉ីស្រាអែល និងដែលបានចូលរួមក្នុងគណៈរដ្ឋមន្ត្រីកិច្ចការសង្រ្គាមផងនោះ បានព្រមានថា ពួកគេនឹងដកការគំាទ្រនៃគណបក្ស National Unity របស់ពួកគេ នៅត្រឹមថ្ងៃទី៨ ខែមិថុនា ក្នុងករណីលោក Netanyahu បរាជ័យក្នុងការកំណត់ឱ្យច្បាស់ពីជំហានត្រូវដើរឆ្ពោះទៅ មុខ។ មិនតែប៉ុណ្ណោះ សូម្បីតែគណបក្សផ្សេងទៀតក្នុងប្រទេសអ៉ីស្រាអែល ក៏បានចាប់ផ្ដើមធ្វើយុទ្ធនាការដើម្បីរំលំរដ្ឋាភិបាលរបស់លោកជាបណ្ដើរៗដែរ។

ផែនការបទឈប់បាញ់ប្រកាសដោយលោក ចូ បៃដិន ចែកចេញជា ៣ដំណាក់កាល។ នៅក្រោមផែនការនេះ ចំណាប់ខ្មាំងនឹងត្រូវបានដោះលែងជាថ្នូរនឹងការដោះលែង ជនជាតិប៉ាឡេស្ទីនកំពុងជាប់ឃុំក្នុងពន្ធនាគារនៅអ៉ីស្រាអែល បទឈប់បាញ់បណ្ដោះអាសន្នមួយដែលនឹងនាំទៅរកបទឈប់បាញ់អចិន្ត្រៃយ៍ និងការកសាងតំបន់ហ្កាហ្សាឡើងវិញ។ ចំណាប់ខ្មាំងជាង ១០០នាក់ត្រូវបានដោះលែង ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់មួយកាលពីខែវិច្ឆិកា ឆ្នាំមុន ខណៈមនុស្ស ១២៥នាក់ ត្រូវបានគេជឿជាក់ថាកំពុងជាប់ឃុំក្នុងដៃ ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធមួយចំនួនទៀតក្នុងតំបន់ហ្កាហ្សា រី​ឯជាច្រើននាក់ត្រូវគេរាយការណ៍ថាបានស្លាប់។

កាលពីសប្ដាហ៍មុន ប្រជាជនអ៉ីស្រាអែលត្រូវគេទុកឱ្យស្ថិតក្នុងភាពស្រពេចស្រពិល ចំពោះសេចក្ដីថ្លែងការណ៍ចំនួន២ ចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ឆ្លើយតបទៅនឹងការប្រកាសរបស់លោក បៃដិន។ គ្មានសេចក្ដីថ្លែងការណ៍ណាមួយទទួលយកផែនការបទឈប់បាញ់ទាំងស្រុង ឬក៏បដិសេធទាំងស្រុងថាផែនការនេះត្រូវបានស្នើ ឡើងដោយអ៉ីស្រាអែល ទៅកាន់ក្រុមអ្នកសម្របសម្រួល មែនឬយ៉ាងណានោះដែរ។ ការចេញសេចក្ដីថ្លែងការណ៍ទាំងនេះត្រូវបានគេមើលឃើញថាមានចេតនាដើម្បីទុកឱ្យលោក Netanyahu មានជម្រើសច្រើន។ សេចក្ដីថ្លែងការណ៍ទី១ បាននិយាយថាលោក Netanyahu បានអនុញ្ញាតឱ្យក្រុមអ្នកចរចាអ៉ីស្រាអែលធ្វើបទបង្ហាញពីផែនការបទឈប់បាញ់មួយ ដែលនឹងនាំទៅរកការដោះលែងចំណាប់ខ្មាំង ក៏ដូចជាអនុញ្ញាតឱ្យអ៉ីស្រាអែលបន្តធ្វើសង្រ្គាម រហូតដល់សម្រេចគោលដៅទាំងអស់ ក្នុងនោះរួមមានការកម្ទេចសមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស។

ចំណែក សេចក្ដីថ្លែងការណ៍ទី២វិញ បានបញ្ជាក់ឡើងវិញពីគោលដៅទាំងនេះសម្រាប់ការបិទញ្ចប់សង្រ្គាម និងបន្ថែមថាការលើកឡើងថាអ៉ីស្រាអែលនឹងយល់ព្រមទទួលយក បទឈប់បាញ់អចិន្ត្រៃយ៍ មុននឹងអ៉ីស្រាអែលសម្រេចគោលដៅរបស់ខ្លួនទាំងស្រុង គឺជារឿងមិនអាចកើតឡើងទេ។​ ជាពិសេស វាមិនអាចកើតឡើងឡើយ បើអ៉ីស្រាអែលមិនអាច សម្រេចបានជ័យជម្នះទាំងស្រុងលើអ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា ដែលជាគោលដៅមួយត្រូវបានលោក បៃដិន ច្រានចោលថាជាកម្មុវត្ថុមិនច្បាស់លាស់នាំឱ្យមានសង្រ្គាម គ្មានទីបញ្ចប់។

ក្រុមអ្នករិះគន់លោក Netanyahu បានចោទប្រកាន់រូបលោកថាកំពុងព្យាយាមអូសបន្លាយសង្រ្គោម ដើម្បីគេចវេសរៀបចំការបោះឆ្នោតថ្មីមួយ និងចង់លុបបំបាត់ការយល់ឃើញថា ការបរាជ័យរបស់ចារកម្មអ៉ីស្រាអែល និងគោលនយោបាយ ជាហេតុនាំឱ្យមានការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ តែយ៉ាងណាក៏ដោយ ទាញចេញពីបទពិសោធន៍ កាលពីអតីតកាល អ្នកវិភាគអ៉ីស្រាអែលមួយចំនួនមិនជឿនោះទេថាលោក Netanyahu មានបំណងបោះបង់ចោលដៃគូក្នុងក្រុមចម្រុះស្ដាំនិយមរបស់លោក។ សម្រាប់លោក Reuven Hazan ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Hebrew University of Jerusalem យល់ថា បើចង់ឱ្យរឿងបែបនេះកើតឡើងមែន ទាល់តែ មានលោក Netanyahu ថ្មីម្នាក់ទៀត។ លោក Hazan បានបញ្ជាក់បន្ថែមដូច្នេះថា «មិនថានៅពេលណាទេ លោក Netanyahu តែងតែមានជម្រើសជានិច្ចសម្រាប់អ្វីដែលល្អ ចំពោះ ប្រទេសជាតិ ឬក៏ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលរបស់លោក ឬក៏សម្រាប់គណបក្សរបស់លោកផ្ទាល់។ និយាយជារួមកលោក Netanyahu តែងតែដើរទៅមុខជាមួយ ក្រុមអ្នកស្ដាំនិយមជ្រុលរបស់លោកជានិច្ច»។ តាមសាស្ត្រាចារ្យរូបនេះដដែល លោក Netanyahu បានរៀនពីរបៀបនិយាយពាក្យ «យល់ព្រម ក៏ប៉ុន្តែ» ទៅកាន់សហរដ្ឋអាមេរិក ហើយរង់ចាំឱ្យក្រុមហាម៉ាសនិយាយថា «ទេ» ហើយនឹងអូសបន្លាយស្ថានការណ៍ ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា សម្រាប់លោក Reuven Hazan ដោយសារតែការបោះឆ្នោតប្រធានាធិបតីអាមេរិកកាន់តែខិតជិតមកដល់ លោក Netanyahu អាចនឹងត្រូវការតែការថែរក្សាអាយុជីវិត នយោបាយរបស់លោកប៉ុណ្ណោះ រហូតដល់ទិវាពលកម្មអាមេរិកនៅចុងរដូវក្ដៅ ព្រោះនៅបន្ទាប់ពីនោះរដ្ឋបាលលោក បៃដិន នឹងត្រូវផ្ដោតលើការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ខាងមុខ។ «តើលោក Netanyahu ត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្ដូរ១៨០ដឺក្រេឬ ហើយធ្វើរឿងល្អដើម្បីប្រទេសឬ?…កុំរំពឹងខ្ពស់ពេក ព្រោះសុន្ទរកថាមួយរបស់លោក ចូ បៃដិន មិនមែនមានន័យថាគេអាចនឹងបានឃើញលោក Netanyahu ថ្មីម្នាក់ទៀតនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក Hazan៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង