Grand News Asia Close

(វីដេអូ) សេចក្តីថ្លែងនៃ សម្ដេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 589

CNV:

សម្តេចប្រធាន ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២
សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ
ប្រិយមិត្តបរទេសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ
!

ថ្ងៃនេះ ទូលព្រះបង្គំខ្ញុំ សុំឡើងមានមតិ ដែលគោលដៅសំខាន់បំផុតគឺការសូមជំរាបលារដ្ឋសភា ដែលចាប់ពីថ្ងៃស្អែកនេះទៅ ទូលបង្គំខ្ញុំ នឹងចាកចេញផុតពីសមាជិកសភា ដោយនឹងត្រូវបញ្ជូនលិខិតលាលែងនៅថ្ងៃស្អែក។ ទូលបង្គំខ្ញុំគួរតរំលឹកថា ការអង្គុយនៅក្នុងសភានេះគឺមានរយៈពេលជាងពាក់កណ្តាលជីវិត ដោយចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី១ គឺនៅខែមិថុនា ឆ្នាំ ១៩៨១ រហូតដល់ខែឧសភាឆ្នាំ ១៩៩៣ គឺមានរយៈពេល ១២ ឆ្នាំ។ ក្នុងរយៈពេលនោះ ខ្ញុំបានក្លាយជាសមាជិករដ្ឋសភាក្នុងវ័យ ២៩ ឆ្នាំ ធ្វើជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការ​បរទេស។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណអតីតសមាជិករដ្ឋសភានៅពេលនោះ ដែលនៅពេលនេះយ៉ាងហោចណាស់មាន ៤រូប គឺសម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ជាម យៀប និងឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានបោះឆ្នោតគាំទ្រខ្ញុំ។ នេះជារឿងចម្លែក។ ការបោះឆ្នោតដ៏សម្ងាត់ ប៉ុន្តែខ្ញុំគ្មានបាត់មួយសម្លេងណាសោះនៅពេលនោះ។ ខ្ញុំបានចូលកាន់តួនាទីជានាយករដ្ឋមន្រ្តីនៅក្នុងវ័យ ៣២ឆ្នាំ ដែលបើប្រៀបធៀបទៅនឹងនាយករដ្ឋមន្រ្តីបច្ចុប្បន្នចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាយុ ៤២ឆ្នាំ។ អម្បាញ់មិញ គេហៅថាជាយុវជនដែលមានសក្តានុពល ប៉ុន្តែគេមានអាយុច្រើនជាង ខ្ញុំនៅពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តី​​។

ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះអតីតរដ្ឋសភានៃដំណាក់កាលទី ១ (ក្នុងចន្លោះពីឆ្នាំ)១៩៨១ ដល់ ១៩៩៣ ដែលបានជួយកិច្ចការទាំងឡាយរបស់ខ្ញុំនៅពេលនោះ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ឬក៏ជានាយករដ្ឋមន្រ្តី។ ខ្ញុំសូមគូសរំលេចកិច្ចការសំខាន់ដែល ទី១ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដាក់បន្ថែមសមាសភាពសេដ្ឋកិច្ច ដើម្បីឲ្យខ្ញុំមានឱកាសជំរុញការកែទម្រង់សេដ្ឋកិច្ច ពិសេសកំណែទម្រង់ដីធ្លី។ (ការកែទំរង់នេះបាន)ផ្តល់ឱកាសឲ្យខ្ញុំបានចុះហត្ថលេខាផ្តល់កម្មសិទ្ធិជូនប្រជាជន ទាំងផ្ទះសំបែងនៅក្នុងទីក្រុងនិងដីកសិកម្មនៅជនបទ។ នេះជាកំ​ណែទម្រង់ដែលមានចរិកជានយោបាយផងនិងជាសេដ្ឋកិច្ចផង។ ខ្ញុំនៅចងចាំថា គណៈកម្មការចំពោះកិច្ចមួយត្រូវបានបង្កើតភ្លាមដោយសម្តេចប្រធានសភា ជា ស៊ីម ដែលមានរូបខ្ញុំ, ឯកឧត្តម ខៀវ កាញារីទ្ធ, ឯកឧត្តម ចែម ស្ងួន និងឯកឧត្តម វ៉ាន់ឌី កាអុន និងលោកជំទាវផងដែរ។

ប៉ុន្តែ កំណែទម្រង់ដ៏ធំមួយទៀតដែលនៅទីនេះ យ៉ាងហោចណាស់មានសមាជិកគណៈកម្មការម្នាក់ ដែលពេលនោះមិនមែនជាសមាជិកសភាទេគឺសម្តេចក្រឡាហោម ស ខេង នោះគឺការប្តូរឈ្មោះប្រទេស។ នៅចាំទេ ពេលនោះ ដើម្បីបម្រើឲ្យគោលដៅនៃការបង្រួបង្រួមជាតិ និងឈានឆ្ពោះទៅរកការកែទម្រង់នយោបាយនិងសេដ្ឋកិច្ច យើងបានធ្វើការកែរដ្ឋធម្មនុញ្ញ ដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជា និងដូរទាំងទង់ជាតិថែមទៀតផង។ នោះគឺជាការបើកច្រកដ៏ធំសម្រាប់ជំរុញឲ្យកំណែទម្រង់នយោបាយ ជាពិសេសការឈានឆ្ពោះទៅដោះស្រាយជម្លោះតាមរយៈការចរចា។

ខ្ញុំសូមអរគុណចំពោះអតីតសមាជិករដ្ឋសភាចាស់ទាំងអស់ដែលតែងតែលើកទឹកចិត្តចំពោះខ្ញុំអំពីការចរចា ដែលបានចាប់ផ្ដើមពីការចរចារវាងខ្លួនខ្ញុំជាមួយសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នៅវេទិកា Fère-en-Tardenois ថ្ងៃទី២ ធ្នូ ឆ្នាំ១៩៨៧។ រៀងរាល់ពេលដែលខ្ញុំរាយការណ៍ជូនសភាក្នុងពេលដែលប្រជុំបិទទ្វារ សភាពេលនោះតែងលើកទឹកចិត្តដល់រូបខ្ញុំ។ អ្វីដែលសំខាន់បំ​ផុតថែមទៀតគឺសភាមិនបានទាត់ចោលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសនោះទេ។ ពេលនោះប្រសិន​បើ​សភាទាត់ចោលកិច្ចព្រមព្រៀងនេះ ក៏គ្មានអ្នកណាធ្វើអីបានដែរ។ ប៉ុន្តែ សភាតែងលើកទឹកចិត្តឲ្យមានការដោះស្រាយតាមរបៀបនោះ។

នៅក្នុងរយៈពេលអន្តរកាល ទោះបីមានវត្តមាន UNAMIC បន្ទាប់ទៅមានវត្តមានរបស់ UNTAC ប៉ុន្តែរដ្ឋសភានៃអតីតរដ្ឋកម្ពុជានៅតែធ្វើសកម្មភាពបាន។ ពេលនោះ UNTAC បានត្រួតពិនិត្យទៅលើស្ថាប័ន ៥ មានការពារជាតិ មហាផ្ទៃ យុត្តិធម៌ ព័ត៌មាន និងហិរញ្ញវត្ថុ ប៉ុន្តែសភាជាតិនៅតែអាចបំពេញតួនាទីបាន។ អ្វីដែលសំខាន់ ខ្ញុំបានទទួលសំណូមពរពី UNTAC ដើម្បីបង្កើតឡើងនូវសាលាឧទ្ធរណ៍។ តុលាការរបស់យើងជំនាន់រដ្ឋកម្ពុជា គឺមានសាលាដំបូង និងតុលាការកំពូល។ ដើម្បីឲ្យស្របជាមួយនឹងការរៀបចំ និងការចង់បានរបស់ UNTAC យើងបានស្នើសុំសភាកោះប្រជុំដើម្បីបង្កើតនូវសាលាឧទ្ធរណ៍។ បន្ទាប់ទៅ យើងឈានទៅដល់ការបោះឆ្នោតដែលរៀបរៀងដោយ UNTAC។

ខ្ញុំនៅចាំបានថា សម័យប្រជុំដំបូងនៃសភាធម្មនុញ្ញ គឺបានប្រជុំនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ នេះប្រសិនបើខ្ញុំចាំមិនច្រឡំនោះទេ។ ចំណុចនេះ បើគិតអំពីពេលវេលានៃការដែលខ្ញុំអង្គុយនៅក្នុងសភា ដំណាល់កាលទី១ គឺរយៈពេល ១២ឆ្នាំ គឺពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៣។ ដំណាក់កាលទី២ គឺពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ ដូច្នេះ ទាំងពីរដំណាក់កាលនេះ វាមានរយៈពេល ៤៣ឆ្នាំ។ ដូច្នេះ វាសឹងតែជិតកន្លះសតវត្សរ៍នៃវត្តមានរបស់ខ្ញុំនៅក្នុងរដ្ឋសភា ជាមួយនឹងការគ្រប់គ្រងអំណាចរយៈពេល៤៥ឆ្នាំ ក្នុងនោះតួនាទីជានាយករដ្ឋមន្រ្តីរយៈពេល ៣៨ឆ្នាំ។

ខ្ញុំអរគុណចំពោះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជាដំណើរការដោយរអាក់រអួលខ្លះ និងពេលខ្លះយើងបង្កើតរដ្ឋាភិបាលមិនទាន់ពេលវេលា។ នៅចុងឆ្នាំ១៩៩៨ យើងបង្កើតរដ្ឋាភិបាលយឺតដោយសារមានការជាប់គាំងក្នុងប្រព័ន្ធ ២ភាគ៣។ ឆ្នាំ២០០៣ និង ២០០៤ យើងគាំងជិត ១ឆ្នាំ។ តែទោះបីយ៉ាងណាក៏ដោយ ដំណោះស្រាយមួយត្រូវបានរកឃើញនិងបញ្ចប់នូវភាពជាប់គាំង តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ២ភាគ៣ មកកាន់ ៥០បូក១ ដែលខ្ញុំសូមអរគុណចំពោះសមាជិក/ជិកានៃរដ្ឋសភាគ្រប់ជំនាន់ ដែលបានជួយដល់កិច្ចការរាជរដ្ឋាភិបាល

ខ្ញុំបានដឹកនាំរាជរដ្ឋាភិបាល … បើមិននិយាយពីមុន ហើយនិយាយត្រឹមតែឆ្នាំ១៩៩៨ ដែលខ្ញុំបានដឹកនាំតាមរយៈនយោបាយឈ្នះឈ្នះ បង្កើតឡើងនូវស្ថានភាពអនុគ្រោះសម្រាប់ការកសាងប្រទេសគឺមានរយៈពេល ២៥ឆ្នាំ។ សន្តិភាពមានរយៈពេល ២៥ឆ្នាំហើយ។ ខ្ញុំសូមអរគុណគ្រប់យ៉ាងចំពោះសម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមា​ជិក សមាជិកានៃរដ្ឋសភា ដែលបានគាំទ្រចំពោះរូបខ្ញុំ និងពេលនេះក៏បានបន្តគាំទ្រដល់ជំនាន់ថ្មីដែលកំពុងធ្វើការដឹកនាំរាជរដ្ឋាភិបាល។ ពួកយើងខ្ញុំជាជំនាន់ចាស់បានមកអង្គុយជាសមាជិករដ្ឋសភានៅទីនេះ។ ប៉ុន្តែ ខ្ញុំនិងឯកឧត្តម ប្រាក់ សុខុន ថ្ងៃនេះ(គាត់)មិនមានវត្តមានទេ​ ត្រូវចាកចេញពីរដ្ឋសភានៅថ្ងៃស្អែក។ សូមបញ្ជាក់ថា ខ្ញុំមិនបានលាអ្នកទាំងអស់គ្នាជារៀងរហូតទេ។ យមរាជមិនទាន់ត្រូវការខ្ញុំទេ។ មានតែព្រះឥន្ទមួយគត់ដែលមានសិទ្ធអារកាត់ជីវិតរបស់ខ្ញុំថាដល់ពេលណា។ យមរាជគ្មានសិទ្ធយកខ្ញុំទៅឋាននរកទេ។

(ថ្វីបើ)ខ្ញុំចាកចេញទៅបំពេញមុខងារមួយផ្សេងទៀតក៏ដោយ យើងក៏អាចមានវាសនានឹងជួបគ្នានៅទីនេះម្ដងទៀតប្រសិនបើសភាពការណ៍តម្រូវ នោះគឺសមាជព្រឹទ្ធសភានិងរដ្ឋសភា។ នៅពេលមានសមាជរដ្ឋសភានិងព្រឹទ្ធ​សភា ច្បាស់ណាស់ថាខ្ញុំនឹងវិលត្រឡប់មកទីនេះ។ ខ្ញុំក៏គួរតែបញ្ជាក់ថា ដោយសារតែប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ជាប្រព័ន្ធសមាមាត្រតាមខេត្ត ដូច្នេះបើទោះបីខ្ញុំមិននៅក្នុងរដ្ឋសភាក្តី ខ្ញុំនៅតែមានសិទ្ធចុះហត្ថលេខារៀបចំក្បាលម៉ាស៊ីនរដ្ឋសភា រៀបចំសមាជិករដ្ឋសភា ឬគណៈកម្មាធិការនានាតាមសំណើររបស់ប្រធានគណៈបក្ស។ ខ្ញុំមិនលូកលាន់កិច្ចការរបស់រដ្ឋសភាទេ ក៏ប៉ុន្តែច្បាប់បានតម្រូវឱ្យប្រធានគណៈបក្សជាអ្នកឧទ្ទេសនាមអ្នកណាត្រូវធ្វើអី។ សមាជិករដ្ឋសភាទាំងអស់ក៏មិនទាន់ផ្ដាច់ចេញពីតួនាទីរបស់ខ្ញុំនៅឡើយដែរ។ និយាយយ៉ាងដូច្នេះ មិនមែនសំដៅថានឹងបណ្ដេញសមាជិកសភាណាម្នាក់ចេញពីគណបក្សដើម្បីយកកៅអីនោះទេ។ ខ្ញុំមិនធ្វើយ៉ាងដូច្នេះ​ទេ។ គណបក្សប្រជាជនមានវិន័យនិងរបៀបធ្វើការដោយយោគយល់និងសាមគ្គីភាព។ ខ្ញុំសូមអរគុណ។

ថ្ងៃនេះ សូមប្រកាសប្រគល់ការិយាល័យរបស់នាយករដ្ឋមន្ត្រីនៅក្នុងសភានេះ ជូនទៅរដ្ឋសភាដើម្បីរដ្ឋសភាប្រគល់ទៅនាយករដ្ឋមន្ត្រីថ្មី។ អរគុណចំពោះសម្ដេចប្រធានសភា ដែលក្នុងរយៈពេល ៧ខែនេះ មិនបានដកហូតយកការិយា​ល័យសម្រាប់ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រី ទោះបីខ្ញុំអស់តួនាទីជានាយករដ្ឋមន្ត្រី ទៅផ្ដល់ឱ្យនាយករដ្ឋមន្ត្រីថ្មីទេ។ តែខ្ញុំសូមប្រគល់។ បន្តិចទៀត ខ្ញុំនឹងទៅលាការិយាល័យហើយទើបបានខ្ញុំចាកចេញ។ ខ្ញុំផ្ដល់ជូនដើម្បីរៀបចំឱ្យនាយករដ្ឋមន្ត្រីថ្មីធ្វើការនៅទីនោះ។ គេប្រជុំនៅទីនោះ។ គេទទួលភ្ញៀវនៅទីនោះ។

អរគុណគ្រប់យ៉ាងចំពោះសម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ។ អរគុណប្រិយមិត្តបរទេសដែលបានស្ដាប់ ហើយសង្ឃឹមថាអ្នកដែលបង្រៀនអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រហែលជាអាចនឹងចងចាំបានខ្លះ ជាពិសេសប្រព័ន្ធបោះឆ្នោត។ រឿងនេះខ្ញុំគួរតែត្រូវនិយាយបន្តិច ដើម្បីកុំឱ្យអ្នកមិនយល់ដឹងអំពីកិច្ចព្រមព្រៀងទីប៉ារីសចេះតែភូទបន្ត ។ នៅទីនេះ ហោចបំផុត មានខ្ញុំនិងសម្ដេចពិជ័យសេនា ទៀ បាញ់ ជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​។ ប្រព័ន្ធបោះឆ្នោតសមាមាត្រនៅកម្ពុជាគឺជាប្រព័ន្ធរូបមន្តរបស់ភាគីរដ្ឋកម្ពុជា។ ប្រព័ន្ធដែលប្រទេសធំបានរៀបចំតាក់តែងក្នុងពង្រៀងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស។ ក៏ប៉ុន្តែ ក្នុងគោលដៅកាត់ផ្ដាច់កុំឱ្យខ្មែរក្រហមមានកៅអីនៅក្នុងសភា ពួកយើងខ្ញុំបានពិភភាក្សាគ្នា ជ្រើសយកនិងស្នើសុំធ្វើវិសោធនកម្មដោយរៀបចំប្រព័ន្ធសមាមាត្រតាមខេត្ត និងបានយកទៅឯកភាពគ្នានៅទីក្រុង ញូយ៉ក ក្នុងពេលដែល SNC ចូលកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ។ សង្ឃឹមថាអ្នកដែលតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀង ២៣ តុលា និងចាប់យកចំណុចនេះឱ្យបានកុំឱ្យបង្រៀនខុសក្បួន។ រឿងវាបែបនេះ។ ខ្ញុំនិយាយលើសបន្តិចហើយ។ សូមអភ័យទោស។ សូមជូនពរនិងថ្វាយព្រះពរ សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សូមប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការ អាយុវណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង