Grand News Asia Close

វិភាគអន្តរជាតិ៖ តើចិនបារម្ភកម្រិតណា ចំពោះការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 721
វិភាគអន្តរជាតិ៖ តើចិនបារម្ភកម្រិតណា ចំពោះការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ? វិភាគអន្តរជាតិ៖ តើចិនបារម្ភកម្រិតណា ចំពោះការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ?

(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីថ្ងៃបោះឆ្នោតបឋម Super Tuesday កាលពីសប្ដាហ៍មុន មានការរំពឹងខ្ពស់ថាលោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងត្រូវតតាំងគ្នាសាជាថ្មីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤។ លទ្ធភាពនៃការវិលត្រឡប់មកអង្គុយកៅអីសេតវិមានសាជាថ្មី របស់លោក ត្រាំ មិនត្រឹមតែកំពុងធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកមួយចំនួនឈឺក្បាលនោះទេ ប៉ុន្តែក្រមអ្នកជំនាញក៏ជឿដែរថាចិនកំពុងរង់ចាំអ៊ុតមើលថាតើលោក បៃដិន ឬលោក ត្រាំ ដែលនឹងត្រូវដឹកនាំ សហរដ្ឋអាមេរិកនៅអាណត្តិថ្មី។ ពីព្រោះថាទាំងលោក ត្រាំ និងលោក បៃដិន ត្រូវបានគេរំពឹងថានឹងបន្តអនុវត្តគោលនយោបាយតឹងរ៉ឹងចំពោះចិន បើទោះជារវាងអ្នកទាំង២នរណា ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក៏ដោយ។

តាមក្រុមអ្នកជំនាញ អ្នករៀបចំគោលនយោបាយចិន នឹងត្រូវធ្វើការពិចារណាថាតើរដ្ឋបាលរបស់លោក បៃដិន ឬរដ្ឋបាលលោក ត្រាំ អាចនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងដូចម្ដេចលើ គោលដៅស្នូលរបស់ចិន ក្នុងនោះរួមមានទាំងការគ្រប់គ្រងតៃវ៉ាន់ ការជំរុញការពង្រីកឥទ្ធិពល និងអំណាចរបស់ចិននៅជុំវិញពិភពលោក ព្រមទាំងសេដ្ឋកិច្ច។

* ក្នុងករណីលោក ត្រាំ ឈ្នះក្នុងការបោះឆ្នោត
នៅពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០១៧ ក្នុងនាមជាអ្នកនយោបាយថ្មីថ្មោងម្នាក់ លោក ស៊ី ជីនពីង ត្រូវបានគេមើលឃើញថាបានសម្លឹងឃើញការបើក ចំហទ្វារស្ដារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញ ក្រោយរកាំរកូសខ្លាំងអំឡុងអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា។ ការយល់ឃើញបែបនេះបាន លេចចេញជារូបរាង បន្ទាប់ពីលោក ដូណាល់ ត្រាំ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក ស៊ី ជីនពីង នៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងខែមេសា ឆ្នាំដដែលនោះជាមួយការហៅ លោកប្រធានាធិបតីចិន គឺ «ជាមនុស្សពិសេសបំផុត»។

ប៉ុន្តែ រំលងបានមួយឆ្នាំក្រោយមក ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានប្រែជាល្អក់កករនឹងគ្នាទៅវិញ ដោយលោក ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីចិន ២៥ភាគរយ ឬស្មើនឹងជាង ៥០ពាន់លានដុល្លារ ជាហេតុនាំឱ្យផ្ទះសង្រ្គាមពាណិជ្ជកម្ម។ ទំនាក់ទំនងរ​វាងសហរដ្ឋអាមេរិក និងចិន បានបន្តធ្លាក់ចុះដុនដាបដោយសារបញ្ហាធំៗ រាប់ចាប់ពីសន្តិសុខជាតិអាមេរិកពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei របស់ចិន រហូតដល់កូវីដ១៩។ មកដល់សព្វថ្ងៃ លោក ត្រាំ នៅតែបន្តសរសើរលោក ស៊ី ជីនពីងដដែលអំឡុងធ្វើ យុទ្ធនាការឃោសនាបោះឆ្នោត តែព្រមពេលជាមួយគ្នា លោកក៏បានព្រមានទុកមុនដែរថាអាចនឹងដំឡើងពន្ធលើទំនិញនាំចូលពីចិនរហូតដល់ទៅ៦០ភាគរយ ប្រសិនបើលោកជាប់ ឆ្នោតជាប្រធានាធិបតីអាមេរិក។

តាមក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Oxford Economics ការដំឡើងពន្ធបែបនេះនឹងបង្កើតភាពចលាចលមួយដ៏ធំនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម ឬអាចធ្វើឱ្យការនាំចេញរបសចិន ទៅកាន់សហរដ្ឋអាមេរិកធ្លាក់ចុះពី១ភាគ៥ រហូតដល់៣ភាគរយ។ «ប្រសិនបើមានការកាត់ផ្ដាច់ទំនាក់ទំនងបែបនេះ វាអាចនឹងបង្កផលប៉ះពាល់ដល់ចិនយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែថាតើរឿងបែបនេះ អាចនឹងកើតឡើងឬក៏អត់ វាមិនច្បាស់នោះទេ ហើយក៏គ្មាននរណាម្នាក់អាចនិយាយបាននោះដែរថាតើលោក ត្រាំ នឹងធ្វើអ្វី។ នេះហើយគឺជាបញ្ហា»។ នេះជាការយល់ឃើញរបស់លោក Bala Ramasamy ជាសាស្ត្រាចារ្យសេដ្ឋកិច្ចម្នាក់ មកពី China Europe International Business School ក្នុងទីក្រុងសៀងហៃ។ ពិតណាស់ គេមិនច្បាស់នោះទេថាតើលោក ត្រាំ នឹងធ្វើតាមអ្វីដែលលោកបាននិយាយដែរឬក៏យ៉ាងណា។ ប៉ុន្តែសេដ្ឋកិច្ច និងការងារនៅក្នុងសហរដ្ឋអាមេរិកក៏អាចនឹងរងប៉ះពាល់ដែរ ប្រសិនចិនចាត់វិធានការសងសឹក ខណៈក្រុមអ្នកជំនាញបាននិយាយថាចិនក៏ប្រហែលជាបានរៀបចំផែនការទប់ទល់រួចហើយដែរ។ ក្នុងនោះក្រុមហ៊ុនចិនកាន់តែច្រើនឡើងបានសម្ពោធហាងនៅតាមកន្លែងជាច្រើន ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន ហើយកំពុងសម្លឹងការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីផ្សារដទៃដូចជាអឺរ៉ុប និងបណ្ដាប្រទេសជាដៃគូរបស់ខ្លួន នៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ដើម្បីប៉ះប៉ូវការខាតបង់ណាមួយ។

* តើជាឱកាសរបស់ចិនឬ?
ទោះជាមានការបារម្ភចំពោះលោក ដូណាល់ ត្រាំក៏ពិតមែន តែនេះមិនមែនមានន័យថាថ្នាក់ដឹកនាំចិនចង់ឱ្យលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀតនោះទេ។ នៅក្នុងជំនួបនៅឯកិច្ចប្រជុំកំពូលមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោក ចូ បៃដិន និងលោក ស៊ី ជីនពីង សម្រេចបានគោលដៅមួយចំនួននៃការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ មានស្ថិរភាពឡើងវិញ ក្នុងនោះរួមមានការស្ដារឡើងវិញបណ្ដាញទំនាក់ទំនងយោធាកម្រិតខ្ពស់ ដែលនេះជាសមិទ្ធផលមួយត្រូវបានសហគមន៍អន្តរជាតិមើលឃើញថាជាសញ្ញា វិជ្ជមានសម្រាប់ការថែរក្សាសន្តិភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ប៉ុន្តែ លោក ចូ បៃដិន បានបង្កការខឹងសម្បារ និងការខកចិត្តយ៉ាងខ្លាំង នៅក្នុងចំណោមក្រុមមន្ត្រីគោលនយោបាយការបរទេសរបស់ចិន ចាប់តាំងពីរូបលោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ដោយសារតែលោកនៅតែរក្សានយោបាយដំឡើងពន្ធលើចិនសល់ពីសម័យលោក ត្រាំ ហើយមិនតែប៉ុណ្ណោះថែមទាំងដាក់ចេញគោលនយោបាយរឹតត្បិតជាច្រើនដើម្បី ទប់ស្កាត់កុំឱ្យបច្ចេកវិទ្យាទំនើបៗកម្រិតខ្ពស់របស់អាមេរិក ធ្លាក់ទៅក្នុងដៃចិនយកទៅប្រើក្នុងការអភិវឌ្ឍសមត្ថភាពយោធា និងបច្ចេកវិទ្យាទៀតផង។ ក្រុមអ្នកវិភាគបាននិយាយថា ការរឹតត្បិតបែបនេះក្នុងពេលបច្ចុប្បន្ន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យបន្ទះឈីបរបស់ចិន។ លោក ចូ បៃដិន ក៏បានគូសបញ្ជាក់ពីវិធានការទាំងនោះផងដែរ នៅក្នុងសុន្ទរកថា ស្ដីពីស្ថានភាពប្រទេសជាតិទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang សង្កត់ ធ្ងន់នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលប៉េកាំង ពីភាពចាំបាច់សម្រាប់ចិនជំរុញការអភិវឌ្ឍបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ទាល់ខ្លួន និងពឹងផ្អែកលើខ្លួនឯង។

នៅក្នុងអាណត្តិរបស់លោក ចូ បៃដិន គេសង្កេតឃើញពីភាពល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសក្នុងតំបន់អាស៊ី។ ជាឧទាហរណ៍ រដ្ឋបាលលោក បៃដិន បានជួយសម្របសម្រួលឱ្យទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ កាន់តែខិតជិតគ្នាលើកិច្ចសហប្រតិបត្តិការស្ដីពីសន្តិសុខតំបន់ និងការធ្វើសមយុទ្ធយោធា ដោយសុខ ចិត្តទុកជម្លោះប្រវត្តិសាស្ត្រមួយឡែកសិន។ លើសពីនេះទៅទៀត លោក បៃដិន ក៏បានផ្ដល់ការគាំទ្រយ៉ាងសម្បើមផងដែរដល់សម្ព័ន្ធភាព AUKUS និង Quad ដែលធ្វើឱ្យចិនកាន់តែ បារម្ភខ្លាំងឡើង ក្នុងពេលដំណាលគ្នាពង្រឹងទំនាក់ទំនងជាមួយ NATO គាំទ្រអ៊ុយក្រែន និងបញ្ចុះបញ្ចូលដោយជោគជ័យឱ្យប្រទេសអឺរ៉ុបជាដៃគូចូលរួមក្នុងផែនការទប់ស្កាត់នូវអ្វីដែលលោកហៅថាហានិភ័យខ្សែចង្វាក់ផ្គត់ផ្គង់ទាក់ទងនឹងទំនិញចិន។

ត្រង់ចំណុចនេះ អ្នកវិភាគគោលនយោបាយការបរទេស លោក Shen Dingli យល់ថា «លោក បៃដិន ប្រើប្រាស់យុទ្ធសាស្ត្រសម្ព័ន្ធមិត្តដើម្បីធ្វើឱ្យចិនឯកោ មានប្រសិទ្ធភាពល្អជាង លោក ត្រាំ ហើយខណៈលោក បៃដិន ទំនងជានឹងមិនដំឡើងពន្ធបន្ថែមលើចិន លោកអាចធ្វើឱ្យសមត្ថភាពរបស់ចិនក្នុងការផលិតផលិតផលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ ចុះខ្សោយជាងមុន។ ដូច្នេះលោក បៃដិន មិនមែនជាឱកាសរបស់ចិននោះទេ»។ ណាមួយ មិនទាន់ទាំងបានឡើងកាន់តំណែងម្ដងទៀតផង លោក ត្រាំ បានធ្វើឱ្យអឺរ៉ុបស្រងាកចិត្តបណ្ដើរៗទៅហើយកាលពីខែកុម្ភៈកន្លងទៅ នៅពេលដែលលោកនិយាយថាលោកនឹងមិនការពារប្រទេសជាសមាជិក NATO ណាមួយដែលមិនព្រមបង់វិភាគទានលើវិស័យការពារជាតិនោះទេ។ លោកត្រាំក៏បានបង្ហាញពីឆន្ទៈដាក់ចេញវិធានការពាណិជ្ជកម្មប្រឆាំងអឺរ៉ុបផងដែរ ហើយដែលវិធានការទាំងនេះអាចនឹងធ្វើឱ្យមានភាពតានតឹងជាមួយប្លុកអឺរ៉ុបដែលកំពុងមានការសង្ស័យស្រាប់លើ រូបលោកថាមានជំហរទន់ភ្លន់ជាមួយលោក វ្ល៉ាឌីមៀ ពូទីន ជាពិសេសចំពេលដែលលោកកំពុងប្រឹងប្រែងរារាំងកុំឱ្យសភាអាមេរិកអនុម័តកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។

ម្លោះហើយបើរឿងទាំងនេះកើតឡើងពិតមែន នោះវាអាចនឹងក្លាយជាឱកាសមួយសម្រាប់លោក ស៊ី ជីនពីង ដើម្បីបំបែកបំបាក់ទំនងទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រុមអ្នកជំនាញចិន បានកត់សម្គាល់ថា «នយោបាយឯកតោភាគីនិយម» របស់លោក ត្រាំ បានបង្ហាញពីផលប្រយោជន៍តិចតួចប៉ុណ្ណោះ ក្នុងការរក្សាតួនាទីរបស់សហរដ្ឋអាមេរិកក្នុងនាមជាមេដឹកនាំពិភពលោកមួយដែលមានសណ្ដាប់ធ្នាប់។ លោក ត្រាំ ក៏ត្រូវបានក្រុមអ្នករៀបចំគោលនយោបាយការបរទេសចិន ចាត់ទុកដែរថាជា «កត្តាអស្ថិរភាពមួយ» សម្រាប់នយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក។ ជាងនេះទៅទៀត បន្ថែមពីលើការអត្ថាធិប្បាយពី NATO អតីតប្រធានាធិបតីអាមេរិករូបនេះបានរិះគន់ សន្ធិសញ្ញាយោធារបស់អាមេរិកជាមួយជប៉ុន និងកូរ៉េខាងត្បូង ហើយធ្លាប់គំរាមជាច្រើនដងពីការដកកងទ័ពអាមេរិកចេញពីប្រទេសជាសម្ព័ន្ធមិត្តទាំង២នេះផងដែរ។

តាមក្រុមអ្នកវិភាគ ការចុះខ្សោយនៃប្រព័ន្ធសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ នឹងផ្ដល់ផលចំណេញដល់ចិន នៅពេលនិយាយដល់សំណុំរឿងតៃវ៉ាន់ដែលចិនព្រមានថានឹងប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមជាមួយដែនកោះមួយនេះ ក្នុងករណីចំាបាច់។ ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់នេះដែរ លោក ត្រាំ បានគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់សភាអាមេរិកទាំង២ ក្នុងការជំរុញទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់។ ប៉ុន្តែ វោហារសាស្ត្ររបស់លោក ត្រាំ តែងតែបង្ហាញពីការស្ទាក់ស្ទើរក្នុងការការពារតៃវ៉ាន់ ដែលលោកយល់ថានឹងអូសឲ្យអាមេរិកធ្លាក់ចូលក្នុងសង្រ្គាមមួយដែលមានការខាតបង់ធ្ងន់ធ្ងរជាមួយចិន។ ការណ៍នេះត្រូវបានក្រុមអ្នកវិភាគខ្លះមើលឃើញថាអាចនឹងក្លាយជាការបញ្ជូនសារមួយប្រាប់ប៉េកាំងថា សហរដ្ឋអាមេរិកមិនមែនកំពុងផ្តោតលើជោគវាសនារបស់តៃវ៉ាន់នោះទេ។

តែទោះជាបែបនេះក្ដី ការវិលត្រឡប់ជាថ្មីណាមួយរបស់លោក ត្រាំ អាចនឹងធ្វើឱ្យអ្វីៗទាំងអស់ពិបាកប៉ាន់ស្មាន ហើយអាចនឹងបង្កហានិភ័យធំ ប្រសិនបើមានការប្រឈមមុខដាក់គ្នារវាងចិន និងសហរដ្ឋអាមេរិក។ នេះបើតាមលោក Brian Wong ជាអ្នកជំនាញម្នាក់មកពី Centre on Contemporary China and the World នៃសាកលវិទ្យាល័យហុងកុង (University of Hong Kong)។ លោក Brian Wong បន្ថែមថាអាណត្តិទី២របស់លោក បៃដិនវិញ គេអាចនឹងមើលឃើញពីជោគជ័យបន្ថែមលើប្រព័ន្ធពហុភាគី និងកិច្ចប្រឹងប្រែងខ្ទប់ការកើនឡើងឥទ្ធិពលចិន ជាមួយវិធីសាស្ត្រដែលមិនបណ្ដោយឱ្យភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ធ្លាយចេញពីការគ្រប់គ្រង។

លោក បៃដិន នៅក្នុងអាណត្តិរបស់លោកបានលើកឡើងជាច្រើនដង ថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ ប្រសិនមានការវាយប្រហារពីចិន ទោះជាសេតវិមាន តែងតែចេញមុខបញ្ជាក់បន្ថែមពីការអត្ថាធិប្បាយរបស់លោកក៏ដោយ។ តែនិយាយជារួម មិនថាលោក បៃដិន ឬលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខទេ ក៏ការប្រកួតប្រជែង ការប្រឈមមុខដាក់គ្នា និងការដាក់សម្ពាធលើចិនដោយសហរដ្ឋអាមេរិកនៅតែមានដដែល តែខុសគ្នាត្រង់វិធីសាស្ត្រប៉ុណ្ណោះ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង