Grand News Asia Close

វិភាគអន្តរជាតិ៖ តើលោក Macron មានផែនការបញ្ជូនកងទ័ពបារាំង ទៅជួយអ៊ុយក្រែន ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 420
វិភាគអន្តរជាតិ៖ តើលោក Macron មានផែនការបញ្ជូនកងទ័ពបារាំង ទៅជួយអ៊ុយក្រែន ឬ? វិភាគអន្តរជាតិ៖ តើលោក Macron មានផែនការបញ្ជូនកងទ័ពបារាំង ទៅជួយអ៊ុយក្រែន ឬ?

(​ប៉ារីស)៖ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក បារាំងតែងតែបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មួយ នោះគឺ៖ «យើងគាំទ្រអ៊ុយក្រែន តែមិន ធ្វើសង្រ្គាមជាមួយរុស្ស៉ី» ហើយគោលការណ៍នេះ បារាំងបានប្រកាន់ខ្ជាប់រហូតមកដល់ថ្ងៃអាទិត្យសប្ដាហ៍មុន។ ប៉ុន្តែ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron ហាក់ដូចជាបានគ្រវែងគោលការណ៍នេះចោល នៅពេលដែលលោកបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើល នៅចំពោះមុខមេដឹកនាំ២៥រូប ដែលបានចូលរួមក្នុងកិច្ចប្រជុំមួយ ដើម្បី ស្វែងរកការគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងទីក្រុងប៉ារីសថា «ការបញ្ជូនកងទ័ពថ្មើរជើងរបស់លោកខាងលិចទៅកាន់អ៊ុយក្រែន មិនគួរត្រូវបានដកចេញពីជម្រើសនៅលើតុឡើយ ដើម្បី រារាំងកុំឱ្យរុស្ស៉ីឈ្នះក្នុងសង្រ្គាមអ៊ុយក្រែន»។ លោក Macron មិនបានបញ្ជាក់អ្វីលម្អិតទេ ឬក៏ថាតើបារាំងខ្លួនឯងនឹងពិចារណាបញ្ជូនទ័ពទៅអ៊ុយក្រែនឬយ៉ាងណានោះទេ? ដោយ គ្រាន់តែសង្កត់ធ្ងន់ពី «​យុទ្ធសាស្ត្រមិនច្បាស់លាស់»។

ការអត្ថាធិប្បាយបែបនេះរបស់លោក Macron គឺជាការផ្លាស់ប្ដូរមួយគួរឱ្យកត់សម្គាល់ ដ្បិតកន្លងមក ប្រធានាធិបតីបារាំងរូបនេះត្រូវបានគេមើលឃើញថាមានជំហរទន់ភ្លន់ជាងគេ ក្នុងចំណោមមេដឹកនាំលោកខាងលិចផ្សេងទៀតចំពោះរុស្ស៉ី។ ជាឧទាហរណ៍៖ លោក Macron កាលពីខែមិថុនា ឆ្នាំ២០២២ បានព្រមានលោកខាងលិចប្រឆាំងនឹងការធ្វើឱ្យរុស្ស៉ី អាម៉ាសនៅអ៊ុយក្រែន ហើយថាគេមិនអាចបដិសេធកិច្ចសន្ទនាជាមួយលោក ពូទីន បាននោះឡើយ។ ក៏ប៉ុន្តែ​ ការព្យាយាមរបស់លោក Macron ក្នុងការដឹកនាំកិច្ចចរចាជាមួយលោក ពូទីន បានទទួលបរាជ័យ រីឯបណ្ដាប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងបក្សសម្ព័ន្ធ NATO តួយ៉ាងដូចជាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត បានបង្ហាញការខកចិត្ត និងខឹងសម្បារនឹងលោក Macron។

ទន្ទឹមគ្នានឹងការប្រកាន់គោលជំហរទន់ភ្លន់ជាមួយរុស្ស៉ីមិនទទួលបានជោគជ័យ បារាំងក៏កំពុងប្រឈមមុខនឹងការថយចុះឥទ្ធិពលនៅក្នុងតំបន់អាហ្វ្រិកដែរ ខណៈកិច្ចប្រឹងប្រែងការទូត មួយចំនួនរបស់លោក Macron ក្នុងនោះរួមមានទាំងការស្នើឱ្យមានការបង្កើតក្រុមចម្រុះអន្តរជាតិមួយប្រឆាំងនឹងក្រុមហាម៉ាស ក៏មិនទទួលបានជោគជ័យទៅទៀត ដោយសំណើនេះ ត្រូវរលាយបាត់ទៅដោយគ្មានបន្សល់ទុកដានអ្វីទាំងអស់។ ម្លោះហើយ លោក Macron ប្រហែលជាមើលឃើញថាកិច្ចប្រជុំក្នុងទីក្រុងប៉ារីស ដើម្បីស្វែងរកការគាំទ្រសម្រាប់អ៊ុយក្រែន គឺជាឱកាសមួយឱ្យលោកស្ដារមុខមាត់របស់បារាំងឡើងវិញ។ ពោលខណៈអ៊ុយក្រែនកំពុងបាត់បង់សន្ទុះប្រយុទ្ធនៅសមរភូមិ ហើយរុស្ស៉ីកំពុងរីកចម្រើនទៅមុខ រីឯកញ្ចប់ជំនួយយោធាថ្មី របស់សហរដ្ឋអាមេរិកទំហំ ៦០ពាន់លានដុល្លារកំពុងជាប់គាំងក្នុងរដ្ឋសភា លោក ម៉ាក្រុង កំពុងសាកល្បងបំពេញចន្លោះទំនេរមួយដោយបង្ហាញឱ្យគេឃើញថាលោកផ្ទាល់ជា «រដ្ឋបុរសដ៏ក្លាហានម្នាក់របស់លោកខាងលិច» ហើយបារាំងមានការប្ដេជ្ញាចិត្តខ្ពស់ជាងគេក្នុងការដឹកនាំអឺរ៉ុបគំាទ្រដល់អ៊ុយក្រែន។

«យើងកំពុងទទួលខុសត្រូវជំនួសហរដ្ឋអាមេរិក ហើយយើងកំពុងចាប់ផ្ដើមធ្វើវាបានយ៉ាងល្អប្រសើរ»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍បារាំង លោក ហ្សេរ៉ូម ពែលលីសស្រ្តង់ឌី (Jérôme Pellistrandi)»។ លោក Macron វិញក៏បានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទដែរថា «សង្រ្គាមនៅអ៊ុយក្រែនគឺជាសង្រ្គាមអឺរ៉ុប» ដោយចង់សំដៅពីលទ្ធភាពនៃ ការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ អាចនឹងបិទបញ្ចប់ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងកៀវ។ លោក Macron បានបន្ថែមដូច្នេះថា «តើយើងគួរតែប្រគល់ អនាគតរបស់យើងទៅក្នុងដៃអ្នកបោះឆ្នោត (ប្រជាជន) អាមេរិក ឬ? ពិតណាស់ ចម្លើយគឺមិនអាចនោះទេ មិនថាពួកគេបោះឆ្នោតឱ្យនរណាក៏ដោយ ហើយយើងមិនគួររង់ចាំអ៊ុតលទ្ធផល (បោះឆ្នោតប្រធានាធិបតីអាមេរិក) នោះដែរ។ យើងត្រូវតែសម្រេចចិត្តឥលូវនេះ»។

ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson លាលែងចេញពីតំណែង គេសង្កេតឃើញថាមិនមានមេដឹកនាំនៅអឺរ៉ុបណាផ្សេងដែលមានវោហារសាស្រ្តប្រឆាំងដាច់ខាត នឹងរុស្ស៉ីដូចលោក Johnson នោះទេ ទោះជានាយករដ្ឋមន្ត្រីអង់គ្លេសសព្វថ្ងៃ លោក Rishi Sunak កំពុងជំរុញដល់ការបញ្ជូនយន្ដហោះចម្បាំងលោកខាងលិចឱ្យអ៊ុយក្រែនក៏ដោយ។

* ដំឡើងសាច់ដុំវោហារសាស្ត្រ
បន្តិចម្ដងៗ លោក Macron បានដំឡើងសាច់ដុំវោហាសាស្ត្ររបស់លោក។ តែក្រុមអ្នករិះគន់បែរជាយល់ថាលោក Macron និយាយផ្សេង ធ្វើផ្សិង។ តាមវិទ្យាស្ថាន Kiel មានមូលដ្ឋានក្នុង ប្រទេសអាល្លឺម៉ង់ នៅក្នុងខែកុម្ភៈនេះ បារាំងបានសន្យាផ្ដល់ជំនួយយោធាក្រោមយុទ្ធសាស្ត្រសន្តិសុខរយៈពេលវែងត្រឹមតែ ៣ពាន់លានអឺរ៉ូប៉ុណ្ណោះសម្រាប់អ៊ុយក្រែន ធៀបទៅនឹងអាល្លឺម៉ង់ ដែលបានសន្យា និងបានផ្ដល់ជំនួយយោធាសរុប ១៧.៧ពាន់លានអឺរ៉ូ ខណៈចក្រភពអង់គ្លេសបានផ្ដល់ជំនួយយោធា ៦.៥ពាន់លានអឺរ៉ុបមកទល់បច្ចុប្បន្នដល់ទីក្រុងកៀវ។

តែទោះជាបែបនេះក្ដី លោក Macron បានបង្ហាញម្ដងហើយម្ដងទៀតថាលោកមិនមានការភ័យខ្លាចនោះឡើយ ក្នុងការដើរឆ្លងបន្ទាត់ក្រហម បើទោះជារុស្ស៉ីព្រមានពីផលវិបាកធ្ងន់ធ្ងរ ក៏ដោយ។ កាលពីឆ្នាំ២០២៣ លោក Macron បានក្លាយជាមេដឹកនាំដំបូងគេដែលបានបញ្ជូនរថពាសដែកប្រយុទ្ធផលិតដោយលោកខាងលិចទៅឱ្យអ៊ុយក្រែន នោះគឺរថពាសដែកម៉ាក AMX-10 RCs ដែលមានបំពាក់កាណុង ១០៥មីលីម៉ែត្រ ជាហេតុជំរុញឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀតប្រញាប់ប្រញាលធ្វើតាមរូបលោកដែរ។ កាលពីថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ប្រធានាធិបតីបារាំងរូបនេះបានធ្វើរឿងភ្ញាក់ផ្អើលមួយទៀត ពាក់ព័ន្ធនឹងគំនិតបញ្ជូនកងទ័ពថ្មើរជើងទៅអ៊ុយក្រែន និងអំពាវនាវឱ្យបង្កើតក្រុមចម្រុះសម្ព័ន្ធមិត្តលោកខាងលិចមួយ ដើម្បី ផ្គត់ផ្គង់រថក្រោះ យន្ដហោះចម្បាំង និងមីស៊ីលចម្ងាយឆ្ងាយដល់ទីក្រុងកៀវ។ សម្រាប់លោកឧត្តមសេនីយ៍ Pellistrandi លោក Macron បានជឿជាក់យ៉ាងមុតមាំថាសន្តិសុខរបស់អឺរ៉ុប បានផ្សារភ្ជាប់យ៉ាងជ្រៅទៅនឹងសមរភូមិនៅអ៊ុយក្រែន ដោយប្រសិនបើបណ្ដោយឱ្យរុស្ស៉ីឈ្នះនៅអ៊ុយក្រែន នោះសន្តិសុខរបស់ NATO និងអឺរ៉ុបអាចនឹងស្ថិតនៅក្រោមការគំរាមកំហែងពី រុស្ស៉ី។ ម្យ៉ាងទៀត លោក Macron ក៏ចង់បញ្ជូនសារយុទ្ធសាស្ត្រដ៏រឹងមាំមួយទៅកាន់រុស្ស៉ីដែរថា៖ «កុំធ្វើអ្វីជ្រុលហួសហេតុពេក»។

យល់ឃើញស្រដៀងគ្នានេះដែរ លោក ហ្សង់ ព្យែរ ម៉ូលនី (Jean-Pierre Maulny) ជានាយករងម្នាក់មកពីវិទ្យាស្ថានបារាំងសម្រាប់កិច្ចការអន្តរជាតិ និងយុទ្ធសាស្ត្រ (IRIS) មើលឃើញថា «យុទ្ធសាស្ត្រមិនច្បាស់លាស់ ឬ strategic ambiguity» របស់លោក Macron គឺលើសពីការកំញើញទៅទៀត។ ការលើកឡើងពីការបញ្ជូនកងទ័ពថ្មើរជើងជាការប៉ុនប៉ងមួយ ក្នុងការបង្ហាញថា «យើងកំពុងរួបរួមគ្នាយ៉ាងរឹងមាំ និងជាការបញ្ជូនសារមួយទៅកាន់មូស្គូថាលើសពីការផ្គត់ផ្គង់អាវុធ ជំហានបន្ទាប់គឺការបញ្ជូនកងទ័ពថ្មើរជើង ហើយអ្នក (រុស្ស៉ី) គ្មានឱកាសឈ្នះនោះទេ»។

ក៏ប៉ុន្តែ ការលើកឡើងរបស់លោក Macron នូវគំនិតបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន បានបង្កឱ្យមានការច្របូលច្របល់ និងការខឹងសម្បារនៅក្នុងចំណោមបណ្ដាប្រទេសជា សម្ព័ន្ធមិត្តលោកខាងលិច ដោយក្នុងនោះសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស អ៉ីតាលី អេស្ប៉ាញ ប៉ូឡូញ និងសាធារណរដ្ឋឆែក រួមទាំងប្រមុខអង្គការ​​ NATO ​សុទ្ធតែបានដកខ្លួននៅ ឆ្ងាយពីគំនិតរបស់លោក Macron និងអះអាងថាពួកគេគ្មានផែនការ ហើយនឹងមិនបញ្ជូនកងទ័ពថ្មើរជើងទៅកាន់អ៊ុយក្រែននោះទេ។

គួរបញ្ជាក់ថា កន្លងមក លោក Macron ក៏ធ្លាប់បានបង្កភាពភ្ញាក់ផ្អើលផងដែរ ដោយលោកបាននិយាយថាអង្គការ NATO ប្រៀបដូចជាមនុស្សពិការខួរក្បាល ហើយថាអឺរ៉ុបត្រូវតែមានកងទ័ព ខ្លួនឯង នៅក្រោម «យុទ្ធសាស្ត្រស្វ័យភាព» ដោយមិនអាចបន្តពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខអឺរ៉ុបបានទៀតនោះទេ។ ប៉ុន្តែដោយសារតែការជំទាស់ពីសម្ព័ន្ធមិត្តចំពោះ គំនិតចុងក្រោយបំផុតរបស់លោក លោក Macron អាចនឹងមើលឃើញខ្លួនឯងក្នុងសភាពឯកោបំផុត៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង