Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ​អញ្ជើញ​បិទ​សន្និ​បាត​បូក​សរុប​ការ​ងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 428

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។

​គ្រឿងញៀន បានក្លាយទៅជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភនៅក្នុងសង្គមកម្ពុជា បន្ទាប់ពីការជួញដូរ និងការប្រើ​ប្រាស់​​មានសភាពកាន់ធ្ងន់ធ្ងរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿង​ញៀនជាកិច្ចការដ៏ចាំបាច់មួយសម្រាប់កិច្ចការសន្តិសុខសង្គម ហើយសម្តេចបានដាក់ចេញបទបញ្ជាក្តៅឱ្យ​អាជ្ញាធរពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងឱ្យមានប្រសិទ្ធភាព។

ដើម្បីការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាពសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកែសម្រួល​សមាស​ភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានតែងតាំងឧបនាយករដ្ឋមន្ត្រី៤រូប ជាថ្នាក់​ដឹក​នាំអាជ្ញាធរនេះ ហើយមានថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នរបស់រដ្ឋចំនួន១៤រូបផ្សេងទៀត ជា​សមា​ជិក​។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសចាត់វិធានការក្តៅទៅលើស្ថាប័នកងកម្លាំងប្រដាប់អាវុធ​មាន​កង​ទ័ព និងនគរបាលជាតិ ដោយបណ្តេញចេញពីក្របខណ្ឌ បើរកឃើញមានជាប់ពាក់ព័ន្ធនឹងគ្រឿង​ញៀន។ ក្នុងនោះមានកម្លាំងយោធា និងនគរបាលជាតិមួយចំនួន ត្រូវបានបណ្តេញចេញពីក្របខណ្ឌ​ផង​ដែរ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ អាជ្ញាធរ បង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨,០៦៣ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០,០០២ នាក់។ ចាប់បានគ្រឿងញៀនជិត ៣តោន។ រឹបអូសសារធាតុគីមីផ្សំបាន ១តោន និង៤៦៩គីឡូក្រាម។ ដុតកម្ទេច និងបន្សាបគ្រឿងញៀននិងសារធាតុពាក់ព័ន្ធជាង ៣៤៧តោន និង ១,២០៧គ្រាប់៕

អត្ថបទទាក់ទង