Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីទីក្រុង Rafah បង្កើនភាពភ័យខ្លាច ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 241
វិភាគអន្តរជាតិ៖ ហេតុអ្វីទីក្រុង Rafah បង្កើនភាពភ័យខ្លាច ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស? វិភាគអន្តរជាតិ៖ ហេតុអ្វីទីក្រុង Rafah បង្កើនភាពភ័យខ្លាច ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស?

(ញូយ៉ក ស៊ីធី)៖ យោធាអ៉ីស្រាអែល ត្រូវបានរាយការណ៍ថាកំពុងត្រៀមលក្ខណៈបើកការវាយលុកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាដែលអាច នឹងក្លាយជាដំណាក់កាលចុងក្រោយ ក្នុងសង្រ្គាមដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដាក់គោលដៅកម្ទេចក្រុមហាម៉ាស។ ប៉ុន្តែ ផែនការធ្វើប្រតិបត្តិការ យោធាទ្រង់ទ្រាយធំមួយផ្សេងទៀតរបស់អ៉ីស្រាអែល កំពុងរងការរិះគន់ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃ ចំពោះមុខការព្រួយបារម្ភពីជោគវាសនា ប្រជាជនប៉ាឡេស្ទីនជាជនភៀសខ្លួនជាង ១លាននាក់កំពុងជ្រកកោនក្នុងទីក្រុង Rafah ដែលជាកន្លែងជ្រកកោនចុងក្រោយបំផុតក្នុងតំបន់ហ្កាហ្សា។

អ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាបណ្ដើរៗលើទីក្រុង Rafah និងបានជួយសង្រ្គោះចំណាប់ខ្មាំង២នាក់ នៅក្នុងបេសកកម្មមួយរបស់ កុម្ម៉ង់ដូរពិសេស។ បើតាមអង្គការសហប្រជាជាតិ វិបត្តិមនុស្សធម៌ដែលអាចកើតចេញពីការវាយលុកជើងគោករបស់អ៉ីស្រាអែលចូលក្នុងទីក្រុង Rafah អាចនឹងក្លាយជា គ្រោះមហន្តរាយ និងនាំទៅរកការសម្លាប់ដ៏រង្គាល។

* តើអ្វីទៅជា Rafah?

Rafah គឺជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងបំផុតនៃតំបន់ហ្កាហ្សា តាមបណ្ដោយព្រំដែនប្រវែង ១២គីឡូម៉ែត្រជាមួយប្រទេសអេហ្ស៉ីប និងជាច្រកចូលដ៏សំខាន់ឆ្លងចូល ទៅក្នុងទឹកដីអេហ្ស៉ីប។ អេហ្ស៉ីប បានបិទព្រំដែនជាមួយទីក្រុង Rafah ដើ​ម្បីទប់ស្កាត់លំហូរជនភៀសខ្លួនប៉ាឡេស្ទីនចូលក្នុងទឹកដីរបស់ខ្លួន ចាប់តាំងពីសង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង។ អេហ្ស៉ីបបានយល់ព្រមបើកច្រកព្រំដែននេះសម្រាប់តែការសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជន ក្នុងតំបន់ហ្កាហ្សា ប៉ុណ្ណោះ អំឡុងមានបទឈប់បាញខ្លីមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រៅពី Rafah នៅមានច្រកឆ្លងព្រំដែនមួយផ្សេងទៀត ដែលគេស្គាល់ថា Kerem Shalom កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែលដែលបានបិទច្រកព្រំដែននេះ មួយផ្នែកធំ។

* ហេតុអ្វី Rafah មានសារៈសំខាន់?

នៅពេលចាប់ផ្ដើមធ្វើប្រតិបត្តិការវាយលុកចូលតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ យោធាអ៉ីស្រាអែលបានរៀបចំនូវអ្វីដែលខ្លួនហៅថា «ច្រករបៀងមនុស្សធម៌» មួយចំនួនសម្រាប់ជនស៊ីវិលគេចចេញពីការទម្លាក់គ្រាប់បែក និងការវាយប្រយុទ្ធគ្នានៅភាគខាងជើងតំបន់ហ្កាហ្សា ឆ្ពោះទៅកាន់ភាគខាងត្បូង។ ប៉ុន្តែ បន្ទាប់ពីបង្គាប់ឱ្យ ជនស៊ីវិលភៀសខ្លួនទៅភាគខាងត្បូង អ៉ីស្រាអែលបានប្រកាសពង្រីកប្រតិបត្តិការយោធាចូលទីក្រុង Khan Younis ក្នុងតំបន់ភាគខាងត្បូង ហើយឥលូវ មានផែនការ វាយលុកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងបំផុតនៃតំបន់ហ្កាហ្សាថែមទៀត។

សន្តិភាពជាមួយអេហ្ស៉ីបពិតជាមានសារៈសំខាន់ចំពោះអ៉ីស្រាអែល ហើយទំនាក់ទំនងមានភាពធូរស្រាលនឹងគ្នា ចាប់តាំងពីប្រទេសទាំង២ ចុះហត្ថលេខាលើសន្ធិសញ្ញា សន្តិភាពមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៧៩។ តាមរយៈសន្ធិសញ្ញាសន្តិភាពនេះ អ៉ីស្រាអែលបានយល់ព្រមដកកងទ័ពចេញពីឧបទ្វីប Sinai រីឯអេហ្ស៉ីបវិញយល់ព្រមរក្សាទុកតំបន់គ្មានយោធាមួយនៅតាមបណ្ដោយព្រំដែន។ ប៉ុន្តែ ភាពតានតឹងរវាងប្រទេសទាំង២ បានឡើងកម្ដៅកាន់តែខ្លាំង ក្រោយសង្រ្គាម ក្នុងតំបន់ហ្កាហ្សាផ្ទុះឡើង ជាពិសេសបន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវមួយរបស់អ៉ីស្រាអែលបានស្នើឱ្យអេហ្ស៉ីបបើកច្រកព្រំដែននៃឧបទ្វីប Sinai ទទួលយកជនភៀសខ្លួន ប៉ាឡេស្ទីន។ ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi និងក្រុមមន្ត្រីរបស់លោកបានច្រានចោលរាល់ការប៉ុនប៉ងបណ្ដេញប្រជាជន ក្នុងតំបន់ហ្កាហ្សាទៅកាន់ អេហ្ស៉ីប ដោយចាត់ទុកថាការធ្វើបែបនេះនឹងការគំរាមកំហែងដល់សន្តិសុខជាតិ ហើយបំផ្លាញក្ដីស្រមៃរបស់ប្រជាជនប៉ាឡេស្ទីនដែលចង់បង្កើតប្រទេសផ្ទាល់ខ្លួន។

* តើ Rafah មានស្ថានភាពបែបណា?

Rafah ធ្លាប់ជាផ្ទះរបស់ប្រជាជនប៉ាឡេស្ទីនជាង ២៨០,០០០នាក់ មុនសង្រ្គាមផ្ទុះឡើង។ តែបច្ចុប្បន្ន ជាងពាក់កណ្ដាលនៃប្រជាជនហ្កាហ្សាសរុបជាង ២.២លាននាក់ កំពុងរស់នៅ និងជ្រកកោនក្នុងទីក្រុងនេះ។ នេះបើតាមអង្គការសហប្រជាជាតិ។ រូបភាពជាច្រើនបានបង្ហាញពីជំរំស្នាក់នៅបណ្ដោះអាសន្នយ៉ាងណែនណាន់តាន់តាប់ ខណៈ មនុស្សជាច្រើនកំពុងប្រឈមមុខនឹងការខ្វះខាតចំណីអាហារ ថ្នាំពេទ្យ និងគ្មានកន្លែងត្រូវភៀសខ្លួនទៀតនោះទេ។ អង្គការសហប្រជាជាតិបានព្រមានពីស្ថានភាពរស់នៅ កាន់តែយ៉ាប់យ៉ឺនរបស់ជនស៊ីវិលក្នុងទីក្រុង Rafah ដោយពួកគេកំពុងត្រូវការចំណីអាហារ ទឹកស្អាត សេវាសុខភាព និងកន្លែងស្នាក់នៅសមរម្យដើម្បីបញ្ចៀសជំងឺឆ្លងនានា។

* តើអ៉ីស្រាអែលមានការយល់ឃើញបែបណា?

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាវាមិនអាចទៅរួចឡើយ ក្នុងការសម្រេចគោលដៅកម្ទេចក្រុមហាម៉ាស ប្រសិនបើអ៉ីស្រាអែល មិនកម្ទេចកងពលតូចចំនួន ៤របស់ក្រុមហាម៉ាសដែលលោកអះអាងថាកំពុងស្ថិតនៅក្នុងទីក្រុង Rafah ទេនោះ។ ព្រមពេលជាមួយគ្នា លោក Netanyahu កំពុងធ្វើ សកម្មភាពយ៉ាងប្រុងប្រយ័ត្ន ខណៈរូបលោកកំពុងយកចិត្តយកថ្លើមក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលនៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក និងរក្សាកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិកដែលកំពុងធ្វើការជាមួយអេហ្ស៉ីប និងកាតា ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឱ្យដឹងថាលោកបានព្រមានលោក Netanyahu កុំឱ្យបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើទីក្រង Rafah ប្រសិនបើមិនមាន ផែនការច្បាស់លាស់ដើម្បីការពារអាយុជីវិតជនស៊ីវិល ហើយថែមទាំងបានចាត់ទុកផងដែរថាប្រតិបត្តិការយោធាអ៉ីស្រាអែលសព្វថ្ងៃធ្វើឡើងជ្រុសហួសហេតុពេក។ ការព្រមាន របស់លោក បៃដិននេះដែរ កើតមានឡើងចំពេលអ៉ីស្រាអែលកំពុងរងសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ ចំពោះការកើនឡើងចំនួនអ្នកស្លាប់ នៅក្នុងសង្រ្គាមហ្កាហ្សា ដោយក្រុមមន្ត្រីហ្កាហ្សា អះអាងថាជនជាតិប៉ាឡេស្ទីនជាង ២៨,០០០នាក់ភាគច្រើនជាជនស៊ីវិលស្ត្រី និងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។​

* ចុះអេហ្ស៉ីបវិញយល់បែបណាដែរ?

អេហ្ស៉ីបគឺស្ថិតនៅក្នុងចំណោមប្រទេសអារ៉ាប់មួយចំនួនតូច ដែលបានចុះសន្ធិសញ្ញាសន្តិភាពជាមួយអ៉ីស្រាអែល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាង អ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងគោលបំណងបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ។ ប្រមុខចារកម្មអាមេរិក CIA និងប្រមុខចារកម្មអ៉ីស្រាអែល Mossad ធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីអេហ្ស៉ីប និងកាតា ក្នុងទីក្រុងគែរកាលពីពេលថ្មីៗនេះ។ អេហ្ស៉ីប និងកាតា ជាប្រទេសអារ៉ាប់តែ២គត់ ដែលមានឥទ្ធិពលអាចចរចាដោយផ្ទាល់ជាមួយហាម៉ាស។ អំលុងកិច្ចពិភាក្សាមួយនៅឯកិច្ចប្រជុំកំពូលទីក្រុងឌបៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រមុខសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit ដែលជាជនជាតិអេហ្ស៉ីបម្នាក់ បាននិយាយថាគោលនយោបាយរបស់រដ្ឋាភិបាលអ៉ីស្រាអែលសព្វថ្ងៃកំពុងគំរាមកំហែងដល់ទំនាក់ទំនងយូរអង្វែងជាមួយអេហ្ស៉ីប និងហ្ស៊កដានី។

លើសពីនេះទៅទៀត សមាជិកសភាអេហ្ស៉ីប លោក Mostafa Bakry ដែលត្រូវបានគេមើលឃើញថាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Sisi ក៏បានអះអាងដែរថា ទីក្រុងគែរបានគំរាមចាត់វិធានការចាំបាច់ តាមរយៈការព្យួរសន្ធិសញ្ញាសន្តិភាពជាមួយអ៉ីស្រាអែលមានអាយុកាលជាង ៤៥ឆ្នាំមកនេះ ប្រសិនបើអ៉ីស្រាអែលបញ្ជូនកងទ័ព វាយលុកចូលទីក្រុង Rafah មែននោះ។

ដ្បិត ការវាយលុកចូលទីក្រុង Rafah ក៏អាចនឹងបង្កបញ្ហាដល់អេហ្ស៉ីបផងដែរ ក្នុងនោះរួមមានទាំងការព្រួយបារម្ភថាក្រុមអ្នកប្រយុទ្ធហាម៉ាសអាចនឹងបន្លំខ្លួនស្ថិតនៅក្នុង ចំណោមលំហូរជនភៀសខ្លួនប៉ាឡេស្ទីនចូលទៅក្នុងទឹកដីអេហ្ស៉ីប៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង