Grand News Asia Close

ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 375
ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា

(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប លោកស្រី Makreeta LAHTI បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន EDF។ លោកស្រីបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន បាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលនេះនៅកម្ពុជា ។ ជាមួយគ្នានេះ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោកស្រី Makreeta LAHTI និងបានបង្ហាញក្តីរីករាយចំពោះចំណាប់រម្មណ៍របស់ក្រុមហ៊ុន ក្នុងការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ផ្នែកថាមពលកកើតឡើងវិញ និងស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គីសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមអំពីច្បាប់វិនិយោគរបស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគក្នុងវិស័យនេះ ហើយសន្តិសុខថាមពលក៏ជាអាទិភាពមួយ ដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅថ្ងៃអនាគត។

 

អត្ថបទទាក់ទង