Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឲ្យកាន់តែប្រសើរ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 392
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឲ្យកាន់តែប្រសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឲ្យកាន់តែប្រសើរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានលើកទឹកចិត្ត និងផ្តល់នូវទស្សនវិស័យមួយចំនួនដល់ក្រសួងកិច្ចការនារី ក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឲ្យកាន់តែប្រសើរ។

អនុសាសន៍ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនោះ រួមមាន៖

ទី១-លើកទឹកចិត្តឲ្យក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ បន្តវិនិយោគលើស្ត្រី នៅក្នុងក្របខណ្ឌគោលនយោបាយជាតិ និងនៅតាមវិស័យជាប្រព័ន្ធ តាមរយៈការរៀបចំថវិកាឆ្លើយតបយេនឌ័រ និងការអភិវិឌ្ឍធនធានមនុស្សនៅក្នុងក្រសួងស្ថាប័ន។

ទី២-ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសវិស័យឯកជន សូមបន្តកិច្ចសហការពង្រឹងនិងពង្រីកវិធានការគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតតូចនិងមធ្យម លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។

ទី៣-ក្រសួងពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខណ្ឌជាតិគាំពារសង្គម និងសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល សំដៅធានាឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាដោយបរិយាបន្ន។

ទី៤-ក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យឌីជីថល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការអប់រំចំណេះដឹងនិងជំនាញបច្ចេកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEM) ដែលជាវិស័យមានប្រជាប្រិយភាពនៅក្នុងសម័យឌីជីថល។

ទី៥-ដើម្បីលើកម្ពស់តុល្យភាពជីវិតនិងការងារ (Work-Life Balance) ក្រសួងកិច្ចការនារីត្រូវយកចិត្តទុកដាក់ និងធ្វើការសិក្សា ដោយសហការជាមួយដៃគូរដ្ឋ(ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) និងឯកជន លើអត្ថប្រយោជន៍សង្គមដែលទទួលស្គាល់ពីតម្លៃការងារនៅក្នុងផ្ទះ និងការថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្ត្រី និងក្មេងស្រី និងផ្តល់ជម្រើសក្នុងជីវិតរស់នៅឱ្យកាន់តែច្រើនដល់ស្ត្រី។

ទី៦-ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនា នៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលមធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ ក្រសួងត្រូវពង្រឹងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនិងក្មេងស្រី។

ទី៧-ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តន៍កម្មវិធីនិងវិធានការនានាក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រ នៅក្នុងគ្រប់កម្រិតនិងគ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូបទាំងស្ត្រីនិងបុរសមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបាននូវជម្រើសនិងភាពជាតំណាង នៅក្នុងការចូលរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ប្រកបដោយបរិយាបន្ននិងចីរភាព។

ទី៨-ដើម្បីរក្សាភាពសុខដុមរមនានៅក្នុងគ្រួសារ និងប្រសិទ្ធិភាពការងារ ក្រសួងមហាផ្ទៃត្រូវពិនិត្យលទ្ធភាពក្នុងការរៀបចំតែងតាំងស្ត្រីដែលជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្តល់ឱកាសឱ្យបម្រើការនៅមូលដ្ឋានដែលនៅជិតគ្រួសាររបស់ពួកគាត់។ សម្ដេចបានស្នើឲ្យក្រសួងកិច្ចការនារី សម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធផ្សេងទៀត នៅក្នុងការបញ្ចូលនូវអាទិភាពនេះ នៅក្នុងដំណើរការអភិវឌ្ឍ និងគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ផែនការយុទ្ធសាស្ត្រនារីរតនៈ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីតាមវិស័យស្របតាមរបៀបវារៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកការលើកកម្ពស់សមភាពយេនឌ័រ ជាអភិក្រមអាទិភាពស្នូល និងអន្តរវិស័យ៕

អត្ថបទទាក់ទង