Grand News Asia Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 217
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ

រយៈពេលជាង៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញភាពសកម្មយ៉ាងខ្លាំងតាមរយៈការបញ្ចេញសកម្មភាពនិងស្នាដៃជាច្រើនដ៏គួរឱ្យកត់សម្គាល់។ គ្រាន់តែឈានចូលឆ្នាំ២០២៤ ភ្លាម កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដ៏ស៊ីជម្រៅមួយ ក៏ត្រូវបានប្រកាសឡើងជាមហោឡារិកដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ការប្រកាសដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចាត់ទុកសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសេវាកម្មផ្នែកអត្រានុកូលដ្ឋាន ជាអាទិភាពដើម្បីដោះស្រាយឱ្យបានឆាប់រហ័សនិងម៉ឺងម៉ាត់បំផុត សុទ្ធសឹងជាចំណុចសំខាន់ដែលឆ្លើយតបនឹងអ្វីដែលមហាជនទូទៅចង់បាន។ នេះគឺជាកំណែទម្រង់អាទិភាពខ្ពស់បំផុតមួយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បាន។

យើងនៅចាំបានថា ក្រោយពីការបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ភ្លាម សម្តេចធិបតី ប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចត្រូវបានប្រកាសឱ្យអនុវត្តជាប្រញាប់ក្នុងឆ្នាំ២០២៣។ ដូចការសន្យា គ្រប់ចំណុចទាំងអស់ត្រូវបានរៀបចំ និងប្រកាសឱ្យអនុវត្តរួចរាល់។ ទន្ទឹមនឹងដំណើរការអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ កម្មវិធីកំណែទម្រង់ផ្សេងៗទៀតក៏ត្រូវបានប្រកាសអនុវត្តជាបន្តបន្ទាប់ ក្នុងនោះ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដូចបានលើកឡើងខាងដើមទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

កំណែទម្រង់ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាចំណុចស្លាប់រស់របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង រាល់យុទ្ធសាស្ត្រដែលបានដាក់ចេញតាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល រហូតដល់យុទ្ធសាស្ត្របញ្ចកោណ សុទ្ធតែមានកំណែទម្រង់និងអភិបាលកិច្ចល្អជាស្នូល។ ជាលទ្ធផល ការស្តារនិងកសាងប្រទេសចេញពីគំនរផេះផង់ក្រោយឆ្នាំ១៩៧៩ រហូតបានរីកលូតលាស់ដូចផ្សិតគ្រប់វិស័យក្នុងសម័យទំនើបដូចបច្ចុប្បន្ន គឺជាលទ្ធផលនៃកំណែទម្រង់ជាបន្តបន្ទាប់។

ភាពសកម្មក្លៀវក្លា និងការបង្ហាញស្នាដៃប្រកបដោយផ្លែផ្កាយ៉ាងឆាប់រហ័សជូនប្រជាពលរដ្ឋឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺពោរពេញដោយថាមពលស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត ដែលពិតជាស័ក្តិសមជាឈាមថ្មីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ៕

ដោយ៖ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

អត្ថបទទាក់ទង