Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, បើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅថ្មី ជំហានទី ១ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 210

CMF:

ឯកឧត្តម អ៊ិស៊ិបាស៊ី វីនតារ៉ូ (ISHIBASHI Rintaro) អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន,
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា,
ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល​ និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់,

[សេចក្តីអធិប្បាយ]

(១) សង់ផែកុងតៃន័រទឹកជ្រៅថ្មី និងដាក់ឱ្យប្រើប្រាស់គ្រឿងចក្រ ដើម្បីពង្រីកសមត្ថភាពនិងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើនទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា

ថ្ងៃនេះ ជាកិត្តិយសដែលខ្ញុំបានមកចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅ ជំហានទី១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២ គ្រឿង។ សូមថ្លែងអំណរគុណដល់ ឯកឧត្តមអនុរដ្ឋមន្ត្រី អ៊ិស៊ិបាស៊ិ វីនតារ៉ូ និងគណៈប្រតិភូជប៉ុន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកយាយ លោកតា អ៊ំពូមីង បងប្អូន ជាពិសេសមន្ត្រី និយោជិត កម្មករ-កម្មការិនីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់។ កាលពីថ្ងៃទី១ ឧសភា ដែលជាទិវា(ពលកម្មអន្តរជាតិ)ជាប្រចាំរាល់ឆ្នាំ សម្តេចបានជួបសំ​ណេះសំណាលជាមួយបងប្អូននៅទីនេះមិនដែលខាន។ បើតាមខ្ញុំចាំគឺសឹងតែរាល់ឆ្នាំ ដើម្បីជាការលើកទឹកចិត្តនិងបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះការអភិវឌ្ឍនៅកំពង់ផែខេត្តព្រះសីហនុនេះដែលជាផែយុទ្ធសាស្រ្តរបស់យើង។ ថ្ងៃនេះ យើងមានកម្មវិធី២រួមគ្នា។ ទី១ ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅថ្មី និងទី២ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គ្រឿងចក្រ ដែលទាំងអស់នេះនឹងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាពនិងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនកុងតៃន័រឆ្លងកាត់ នាពេលបច្ចុប្បន្ន និង សម្រាប់ពេលអនាគត

(២) ជប៉ុនផ្តល់ឥណទាន ២៤៣លានដុល្លារ ចំណាយពេល ៣ឆ្នាំ សង់ផែកុងតៃន័រទឹកជ្រៅជំហានទី ១

ក្នុងឱកាសនេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ដែលបានផ្ដល់នូវគ្រឿងចក្រលើកដាក់នៅគៀមផែចំនួន ២គ្រឿង ដែលតម្លៃជិត ១៤លានដុល្លារ តាមហិរញ្ញប្បទានឥតសំណង ក៏ដូចជាផ្ដល់ឥណទានប្រមាណ ២៤៣លានដុល្លារ ដើម្បីសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅជំហានទី១ ដែលយើងបើកការដ្ឋានសាងសង់នៅក្នុងថ្ងៃនេះ។ (គំរោងសាងសង់នឹង)ប្រើពេល ៣៦ខែ ឬ ៣ឆ្នាំ ដែលយើងគ្រោងថាចប់នៅឆ្នាំ២០២៦ មានន័យថានៅឆ្នាំ២០២៦ កន្លែងនេះកាន់តែរវល់បន្ថែមទៀត។ អម្បាញ់មិញ បានជួបនឹងបងប្រុសម្នាក់ធ្វើការ ៤០ឆ្នាំហើយ តាំងពីអាយុ ១០ជាងឆ្នាំ តាំងពីនៅលីវ ឥឡូវទៅជាតាគេទៅហើយ។ (បងប្រុសច្បាស់)ជាឃើញហើយនូវការវិវឌ្ឍនៅទីនេះ។

(៣) ប្រែក្លាយកំពង់ផែជាមជ្ឈ​មណ្ឌល​ឡូជីស្ទីកមានសក្ដានុពលបម្រើវិស័យពាណិជ្ជកម្មតំបន់និងអន្តរជាតិ

កំពង់ផែទឹកជ្រៅរបស់យើងនេះសាងសង់តាំងពីមុនសង្រ្គាម និងដើរតួនាទីសំខាន់ណាស់ក្នុងពាណិជ្ជកម្ម។ វាជាផែមួយដែលភាគច្រើនមានទំនិញពាណិជ្ជកម្មឆ្លងកាត់ នាំចេញនាំចូល នៅទសវត្សរ៍ទី៧០។ (ដោយសារសង្គ្រាមការ)​នាំចូលភាគច្រើនគឺសព្វា​វុធដើម្បីយកមកប្រយុទ្ធគ្នា។ ក្រៅពីនោះ នាំចូលស្បៀងមកឲ្យប្រជាពលរដ្ឋដោយ​សារប្រទេសលែងផលិតអីបាន។ ពីមុនសង្រ្គាមយើងធ្លាប់តែនាំផលិតផលកសិកម្មទៅខាងក្រៅ។ ឥឡូវ(ជាថ្មីម្តងទៀតទីនេះកំពុង)​ក្លាយទៅជាកំពង់ផែដែលមានសក្ដានុពល មិនមែនតែក្នុង(ក្របខណ្ឌ)ប្រទេសទេ តែគឺសក្ដានុពលនៅតំបន់។ រាជរដ្ឋាភិបាលអាណត្តិមុន សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី បានដាក់ទិសដៅក្នុងការកសាងប្រែ​ក្លាយផែនេះជាច្រើនអាណត្តិមកហើយ។ យើងបានឈានដល់ដំណាក់កាលថ្មីហើយ។ ទៅថ្ងៃមុខ យើងនឹងធ្វើកិច្ចការបន្ថែមទៀតដើម្បីប្រែក្លាយផែនេះ មិនត្រឹមជាផែសម្រាប់ឆ្លងកាត់កុងតៃន័រនោះទេ ប៉ុន្តែទៅជាមជ្ឈ​មណ្ឌល​ឡូជីស្ទីក (logistic) តំបន់ ជាចក្ខុវិស័យនិងការខិតខំប្រឹងប្រែងដើម្បីឲ្យកន្លែងនេះមានសក្ដានុពលបម្រើវិស័យពាណិជ្ជកម្មតំបន់និងអន្តរជាតិ តភ្ជាប់កម្ពុជាជាមួយតំបន់និងអន្តរជាតិ ជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា … យើងមានកំពង់ផែហើយ ប៉ុន្តែសមត្ថភាពនិងលទ្ធភាពរបស់យើងនៅមានកម្រិត។ បានន័យថា មិនអាចអោយកប៉ាល់(ដឹកទំនិញ)គ្រប់(ប្រភេទចេញចូល)កន្លែងនេះ(បាននៅឡើយ)ទេ។ យើងត្រូវពឹងផែនៅប្រទេសជិតខាងដើម្បីធ្វើការផ្ទេរផ្ទុក ធ្វើឲ្យបាត់បង់ភាពប្រកួតប្រជែងច្រើន … អម្បាញ់​មិញ ឯកឧត្ដម ប៉េង ពោធិ៍នា បានបញ្ជាក់ពីអត្ថប្រយោជន៍​រួចស្រេចហើយ។

(៤) ទំនាក់ទំនងការទូតកម្ពុជាជប៉ុនអាយុ ៧០ឆ្នាំ តែទំនាក់ទំនងប្រជាជនអាយុជាង ៤០០ឆ្នាំហើយ

ឆ្នាំនេះគឺជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ៧០ឆ្នាំ ពីឆ្នាំ១៩៥៣។ ខ្ញុំបានជួបនិងប្រាប់ឯកឧត្ដម (ISHIBASHI Rintaro) អនុរដ្ឋមន្ត្រី (ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន) ថា (ទោះបី​ជា)ការទូតបានចាប់ផ្ដើមពីឆ្នាំ១៩៥៣ (ក៏ពិតមែន) ប៉ុន្តែទំនាក់ទំនងប្រជាជនកម្ពុជានិងជប៉ុន បើតាមប្រវត្តិសាស្រ្តមានមកជិត ៤០០ឆ្នាំហើយ។ ពីសតវត្សរ៍ទី១៧ ដល់ទី១៩ នៅរាជធានីឧត្ដុង្គ(នៃព្រះរាជាណាចក្រកម្ពុជា) មានភូមិជប៉ុនមួយ។ មាននៅកំណត់ត្រាមួយចំនួន។ អញ្ចឹងបានន័យថាទំនាក់ទំនងប្រជាជននិងប្រជាជន រវាងកម្ពុជានិងជប៉ុន (មានប្រវត្តិ)នៅទីនេះ។ ពីសម័យមុនខទំនាក់ទំនងភាគច្រើនទំនាក់ទំនងគឺតាមផ្លូវទឹកនេះឯង។ ប្រហែលជាពាក់ព័ន្ធនឹងរឿងពាណិជ្ជកម្ម … សំរាប់ការងារសម្ពោធនៅថ្ងៃនេះ ពេលដែលឯកឧត្ដម ស៊ុន ចាន់ថុល និងឯកឧត្ដម លូ គឹមឈន់ រាយការណ៍ឲ្យខ្ញុំកាលពីមួយខែជាងមុនអំពីការវិវឌ្ឍនៃកំពង់ផែ យើងកំពុងតែនៅចរចាគ្នាដើម្បីឈានទៅដល់ការសម្រេច ការឯកភាពគ្នា ចាប់ផ្ដើមបុកគ្រឹះពង្រីកជំហានទីមួយនេះ។ ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្ដម ស៊ុន ចាន់ថុល ក៏ដូចជាឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជរុញការចរចាឲ្យបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣នេះ ដែលជាខួបទី៧០ឆ្នាំរបស់យើង។ យើងធ្វើបាននៅថ្ងៃនេះ សូមអរគុណ។

(៥) លើកកម្រិតទំនាក់ទំនងកម្ពុជាជប៉ុនទៅ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”

ថ្ងៃនេះ យើងក៏មានការសម្ពោធឲ្យប្រើប្រាស់នូវជើងលើកទម្ងន់/លើកកុងតៃន័រពីរគ្រឿងជាអំណោយរបស់ជប៉ុនតាមឥណទានឥតសំណង។ ឆ្នាំនេះ យើងក៏បានសម្ពោធនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ថ្ងៃមុន ជាមួយឯកឧត្ដម អ៊ូអិណុ ឯកអគ្គរាជទូត ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់។ ថ្ងៃនោះចំថ្ងៃ ៣ខែគត់នៃកំណើតរាជរដ្ឋាភិបាលថ្មី ដែលយើងសម្ពោធដាក់នូវកំណាត់ផ្លូវជាតិលេខ៥​ ​ជាផ្លូវយុទ្ធសាស្រ្តមួយក្នុងប្រព័ន្ធដឹកជញ្ជូនរបស់យើង។ ថ្ងៃនេះ យើងសម្ពោធកំពង់ផែ ហើយថ្ងៃទី២៧ធ្នូ យើងនឹងសម្ពោធនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញ។ ក្នុងប៉ុន្មានខែនេះ យើងបានសម្ពោធសមិទ្ធផលរួមគ្នាជាច្រើន។ នេះហើយគឺជានិមិត្តរូបដ៏សំខាន់នៃការអបអរសាទរនូវខួបទី៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន បានន័យថាការបន្តរីកចម្រើនពូនជ្រុំនៃទំនាក់ទំនង ដោយលេចចេញ ដាក់ចេញផ្លែផ្កានៅលើដីសម្រាប់ប្រទេសនិងប្រជាជនយើងទាំងពីរ។

នៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៨ធ្នូ ជាមួយ ឯកឧត្ដមនាយករដ្ឋមន្រ្តីជប៉ុន Kishida នៅពេលដែលចូលរួមកិច្ចប្រជុំ​កំពូល រំលឹកអនុស្សាវរីយ៍ខួបទី ៥០ អាស៊ានជប៉ុន (យើងបាន)ជជែកគ្នាទៅលើកិច្ចការពង្រឹងទំនាក់ទំនងមិត្តភាពដែលឆ្នាំនេះ យើងមានលក្ខណៈពិសេស២។ ទីមួយគឺយើងរំលឹកខួប ៧០ឆ្នាំនៃការទូត និងទីពីរ យើងបានលើកកម្រិតទំនាក់ទំនងការទូតកម្ពុជាជប៉ុន ទៅជាភាពជាដៃគូ(យុទ្ធសាស្រ្ត)គ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជាជប៉ុន។ នេះជាលក្ខណៈពិសេសនៃឆ្នាំ ២០២៣។ យើងបានជជែកគ្នាថាតើយើងត្រូវធ្វើអ្វី ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ ការភ្ជាប់គ្នារវាងមនុស្ស ការភ្ជាប់គ្នារវាងហេដ្ឋារចនាសម្ព័ន្ធ ការភ្ជាប់គ្នាផ្នែកឌីជីថល ការភ្ជាប់គ្នាពាណិជ្ជកម្ម ការភ្ជាប់គ្នាក្នុងវិស័យសន្តិសុខ និងបង្កើនកម្រិតទំនាក់ទំនង  ពិសេសផ្តោតទៅលើការភ្ជាប់គ្នានូវគំនិតផ្តួចផ្តើមថ្មីៗ និងពង្រឹងនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង។ នេះជាមូលដ្ឋានសសរស្តម្ភមួយដែលសំខាន់។

(៦) ក្នុងចំណោមសសរស្តម្ភ៥ នៃទំនាក់ទំនងកម្ពុជាជប៉ុន មួយគឺធ្វើឱ្យផែក្រុងព្រះសីហនុមានតួនាទីស្នូលក្នុងតំបន់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

កាលពីឆ្នាំកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ជាមួយ(នាយករដ្ឋមន្ត្រីជប៉ុន) ឯកឧត្តម Kishida, ដូចដែលឯកឧត្តមអនុរដ្ឋមន្ត្រីបានលើកអម្បាញ់មិញ, បានឯកភាពគ្នាទៅលើការពង្រឹងទំនាក់ទំនងផ្អែកលើសសរស្តម្ភ៥ ដែលក្នុងនោះមានការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពទី១ សសរស្តម្ភទី១ ហើយផ្តោតខ្លាំងទៅលើកំពង់ផែព្រះសីហនុនេះឯងជាកំពង់ផែស្នូលក្នុងតំបន់។ ជប៉ុនបានដើរតួនាទីសំខាន់មិនត្រឹមតែអំពីផែនេះទេ តែក៏នៅក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡារបស់យើង។ កន្លងទៅជប៉ុនបានជួយនៅក្នុងការអភិវឌ្ឍផ្លូវជាតិលេខ៥ លេខ៦ លេខ៧ ផ្លូវជាតិលេខ១ … ស្ពានគីហ្ស៉ូណា ស្ពានជ្រោយចង្វារ ស្ពានត្សឹបាសាដែលជាស្ពានវែងជាងគេ ២គីឡូជាង រៀបចំជាប្រព័ន្ធភ្ជាប់ទំនាក់ទំនងបំពេញភ្ជាប់គ្នាជាមួយហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា …។

ឥឡូវយើងបន្តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ឥឡូវផ្លូវអាកាសលឿន។ ផ្លូវអាកាសកាលមុនគឺផ្លូវអាកាសតាមយន្តហោះ តែឥឡូវយើងនិយាយផ្លូវអាកាសមួយទៀត ផ្លូវលំហ cyber នេះលឿនជាងផ្លូវយន្តហោះទៅទៀត។ ផ្លូវនេះលឿនណាស់ … ការតភ្ជាប់គ្រប់វិស័យនេះសំខាន់ដើម្បីជំរុញពន្លឿននិងតភ្ជាប់សេដ្ឋកិច្ច មនុស្សនិងមនុស្ស … សូមយកឱកាសនេះថ្លែងអំណរគុណទៅដល់ ឯកឧត្តម Kishida ដែលបានគាំទ្រនឹងគំនិតផ្តួចផ្តើមសំខាន់ៗ ដែលយើងបានជជែកគ្នាក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិយាយរួម និងដោយឡែកទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធនេះក៏វាសមស្របជាមួយនឹងអាទិភាពគន្លឹះៗ របស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺមនុស្ស ផ្លូវ ទឹក ភ្លើង ឌីជីថល។ (ដែលថា)ផ្លូវនេះគឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានទាំងគោក ទាំងទឹក ទាំងអាកាស។ ឥឡូវយើងនិយាយពី​ cyber space ទៀត …។

(៧) ពាណិជ្ជកម្មតាមផ្លូវទឹកនៅតែសំខាន់ ព្រោះដឹកបានច្រើន ធូរថ្លៃ និងតភ្ជាប់រវាងផែនិងផែ ផែនិងដីគោក

ដែលយើងធ្វើផែ យើងនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។ ផែនេះគឺជាចំណុចតភ្ជាប់នៃការដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។ ពាណិជ្ជកម្មរបស់ពិភពលោកមកដល់ម៉ោងនេះ និយាយរួមរាប់សតវត្សរ៍គឺការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកនៅតែដើរតួនាទីសំខាន់។ ពីមុនពាណិជ្ជកម្មផ្លូវទឹកគឺផ្តាច់មុខតែម្តង ព្រោះយើងអត់មានយន្តហោះទេ។ អ្នកដែលមានភូមិសាស្ត្រជាប់គ្នាតាមផ្លូវគោក ពីនេះទៅអឺរ៉ុបទៅអីហ្នឹង គឺតាមនាវា​ តាមសំពៅ។ ឥឡូវយើងមានការដឹកជញ្ជូនតាមផ្លូវអាកាសខ្លះ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ក៏មិនអាចជំនួសផ្លូវទឹកដែ​រ។ ទិន្នន័យយើងមកដល់ម៉ោងនេះ ការដឹកជញ្ជូនទោះបីជាផ្លូវគោកមានធ្វើរថភ្លើងល្បឿនលឿន តផ្លូវរថភ្លើងរាប់ពាន់គីឡូ រាប់ម៉ឺនគីឡូភ្ជាប់ក៏ដោយ ក៏ទំនិញចរាចរតាមផ្លូវទឹកនៅតែច្រើនដដែល ដោយសារមានលក្ខណៈពិសេស ទី១ យើងមើល(ឃើញថាទំហំប្រមាណ) ៩០% នៃការចរាចរណ៍ទំនិញពាណិជ្ជកម្មលើពិភពលោកធ្វើតាមកប៉ាល់ ព្រោះយន្តហោះមិនអាចដឹក ៦ម៉ឺនតោនទេ … ទី២ ការដឹកតាមយន្តហោះក៏វាថ្លៃ … ទី៣ ការតភ្ជាប់វាងាយស្រួលពីកំពង់ផែទៅកំពង់ផែ និងតភ្ជាប់ទៅលើដី …​ ទោះបីជាយើងដាក់គោលដៅកសាងប្រព័ន្ធអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអា​កាស យើងកសាងផ្លូវ highway បន្ថែម ធ្វើទំនើបកម្ម យើងធ្វើការកែលំអផ្លូវដែក កសាងព្រលានយន្តហោះបន្ថែមយ៉ាងណាក្តី ការដាក់ទិសដៅនៅក្នុងការកសាងអភិវឌ្ឍន៍ផែរបស់យើងគឺជាយុទ្ធសាស្ត្រសំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នេះ ដែលមិនអាចចោលបាន។

(៨) បង្កើនសក្តានុពលសេដ្ឋកិច្ចខេត្តតាមបណ្តោយទន្លេមេគង្គនិងទន្លេសាប ដោយភ្ជាប់ជាមួយខេត្តតាមសមុទ្រ

អញ្ចឹងការរៀបចំនៅក្នុងទីនេះតម្រូវឲ្យយើងត្រូវកែច្នៃឲ្យបានកាន់តែប្រសើរ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីធ្វើការសិក្សា រៀបចំផែនការមេមួយនៅក្នុងការសម្របសម្រួលនិងផែនការយុទ្ធសាស្ត្រសម្រាប់ផែរបស់យើង ពិសេសផែព្រះសីហនុជាមួយនឹងផែទឹកប្រៃផ្សេងទៀតដែលយើងមាន ដើម្បីរៀបចំជាយុទ្ធសាស្ត្រប្រទាក់ក្រឡា​និងបំពេញគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា ផែនៅខេត្តព្រះសីហនុនេះ គឺជាផែនាំមុខនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងតំបន់និងក្នុងពិភពលោក។ ហេតុនេះហើយយើងដាក់ទិសដៅឲ្យរៀបចំ ដើម្បីកសាងនិងពង្រឹងផែនេះទៅជា(មជ្ឈ)មណ្ឌល logistics មិនមែនសម្រាប់តែបំរើកំរិតជាតិទេ គឺតំបន់តែម្តង … ខ្ញុំក៏បានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រៀបចំសិក្សា និងរៀបចំយុទ្ធសាស្ត្របន្ថែមថ្មីទៀត វាយតម្លៃឡើងវិញនូវប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកសាប … ត្រូវគិតគូរឡើងវិញ និងវាយតម្លៃថាដើរទៅមុខយ៉ាងម៉េច។ យើងដើរមកដល់ប៉ុណ្ណឹងហើយ តើយើងផ្គុំផែនការតភ្ជាប់ការដឹកជញ្ជូនរវាងទឹកសាបនិងទឹកប្រៃ តាមការធ្វើព្រែកជីក(ហ្វូណន)របស់យើង(ដូចម្តេច) … រៀបចំប្រព័ន្ធ logistics ប្រទាក់ក្រ​ឡា ផ្លូវគោក ផ្លូវទឹក។ អញ្ចឹងទឹកប្រៃក៏យើងយកចិត្តទុកដាក់ ទឹកសាបក៏យើងយកចិត្តទុកដាក់ ហើយជាពិសេស ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចនៅតាមខេត្ត ជាប់តាមបណ្តោយទន្លេមេគង្គ និងទន្លេសាបរបស់យើង ភ្ជាប់ជាមួយនឹងខេត្តតាមបណ្តាសមុទ្រ

(៩) រដ្ឋរៀបចំផែនការមេកំពង់ផែ និងសម្របសម្រួល ទាំងយុទ្ធសាស្ត្រនិងបរិមាណ

យើងរៀបចំផែនការមេមួយដើម្បីត្រៀមសម្របសម្រួល និងបើកឲ្យវិស័យឯកជនចូលរួម។ រដ្ឋាភិបាលជាអ្នកសម្របសម្រួល។ ពាក្យថាអ្នកសម្របសម្រួល មិនមែនដើរក្រោយទេ​ អ្នកសម្របសម្រួលត្រូវតែដើរមុន។ អ្នកមាន​ផែនការដើរមុន។ មិនមែនផែនការមេឆ្លើយតបតាមតម្រូវការមួយៗ ទេ។ ក្រែងលោវាអត់ស៊ីគ្នា។ យើងដាក់ផែនការមុន ហើយឲ្យវិស័យឯកជនចូលរួមតាមផែនការមេរបស់យើង នោះទើបមានប្រសិទ្ធភាព។ ទ្រឹស្តីមួយនៅក្នុងកងទ័ពថា “យឺតតែរលូន រលូនតែលឿន”។ សរុបសេចក្តីមកថា យឺតតែលឿន។ បានន័យថាម៉េច? បើយើងប្រញាប់ប្រញាល់ដើររៀងខ្លួន ដើរមិនស្រួលបុកគ្នា។ ការអភិវឌ្ឍរបស់យើង ផែរបស់យើង ឧទាហរណ៍ ផែទឹកសាប មិនស្រួលកន្លែងណាក៏ជាកន្លែងរៀបចំដែរ។ យើងពិបាក។ ត្រូវមើលទាំងយុទ្ធសាស្រ្តរួមទាំងបរិមាណ។ បរិមាណសំខាន់។ បរិមាណដែលយើងអនុញ្ញាតឲ្យធ្វើ ជាពិសេសនៅលើទឹកសាបនេះ អាស្រ័យទៅ​លើទំហំនៃពា​ណិជ្ជកម្ម។ បើថាបើកហាងលក់តែគុជ បើទីផ្សារវាតូចបើកតែមួយចំណេញ ដល់បើក ២០ ក្រែងលោអត់ចំ​ណេញ … ចំនួនប៉ុន្មានដែលយើងឲ្យ រីកទៅតាមទំហំនៃតម្រូវការ បានន័យថាមានទីផ្សារ។ ទីផ្សារសម្រាប់កំពង់ផែ គឺមានចរន្តចេញចូល គឺមានការប្រើប្រាស់ …។

(១០) អភិវឌ្ឍកំពង់ផែតាមរូបមន្ត PPP និង ឥណទាននានា

យើងត្រូវគិតគូរពីការអភិវឌ្ឍនេះ។ រាជរដ្ឋាភិបាលក្នុងតួនាទីជាអ្នកសម្របសម្រួល រៀបចំផែនការមេត្រូវដើរតួ​។ ការរៀបចំផែនការនេះសូមឲ្យមានការចូលរួមពីវិស័យឯកជន ហើយយករូបមន្ត PPP (public-private sector partnership) ភាពជាដៃគូនៃរដ្ឋនិងវិស័យឯកជនដើម្បីអភិវឌ្ឍ ដែលរដ្ឋដើរតួនាទីកម្រិតណា បើកច្រកឲ្យវិស័យឯកជនចូលរួមកម្រិតណា ក្នុងការចូលរួមអភិវឌ្ឍ(វិស័យកំពង់ផែ)។ វិស័យឯកជនយល់អំពីអាជីវកម្មច្បាស់ជាងយើង ហើយគាត់ចូលរួមនៅក្នុងការគិតគូរ រៀបចំផែនការ និងការអនុវត្តតែម្តង។ រូបមន្ត PPP មានផលចំណេញ២។ ទី១ រដ្ឋអត់ចេញលុយច្រើន។ បើធ្វើផែមួយអស់រាប់រយ រាប់ពាន់លាន វិស័យរដ្ឋត្រូវខ្ចីថវិកា តើធ្វើកម្ចីយ៉ាងម៉េច ឬមួយថវិកាជាតិ? យើងឲ្យវិស័យឯកជនខ្ចីធនាគារ ឲ្យគាត់ចូលរួម។ ទី២ វិស័យឯកជនមានជំនាញ និងវិវឌ្ឍជំនាញរបស់គាត់យកមកធាតុផ្សំក្នុងការអភិវឌ្ឍដើម្បីឲ្យមានប្រសិទ្ធភាពនិងអភិ​បាលកិច្ច។ រដ្ឋដើរតួនាទីនៅក្នុងកម្រិតរដ្ឋ ផ្តល់ជាគោលការណ៍គ្រប់គ្រង ច្បាប់ទម្លាប់អីផ្សេងៗ គាំទ្រដោយវិស័យឯកជន។ អញ្ចឹងរាល់ការវិនិយោគទៅមុខ យើងយករូបមន្តឲ្យអាទិភាពទៅលើ PPP នេះឲ្យច្រើន។ យើងរករូបមន្តនេះអភិ​វឌ្ឍផែនេះ ផែផ្សេងៗ។ កន្លែងខ្លះយើងឲ្យវិស័យឯកជនគ្រប់គ្រងទាំងមូលតែម្តង កន្លែងខ្លះយើងយករូបមន្ត PPP ជាយុទ្ធសាស្រ្ត …។

ជាទស្សនវិស័យ យើងធ្វើឲ្យបានលឿន លុយយើងតិច ថវិកាជាតិត្រូវផ្តោតទៅលើអ្វីដែលសំខាន់ ជាពិសេសទៅលើវិស័យណាដែលជាវិស័យឯកជនមិនចង់ចូលរួមនិងមិនអាចចូលរួម។ វិស័យឯកជនអត់ទៅធ្វើផ្លូវលំទេ។ រដ្ឋត្រូវទុកលុយទៅធ្វើផ្លូវលំ … យើងឲ្យវិស័យឯកជនចូលរួមក្នុងការធ្វើផ្លូវ highway ធ្វើរថភ្លើង ធ្វើព្រលានយន្តហោះធំៗ។ រដ្ឋទុកលុយយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ ពេទ្យមូលដ្ឋាន មណ្ឌលសុខភាព។ យើងចែកគ្នាធ្វើ។ បើសិនជាយើងមិនធ្វើអញ្ចឹងទេ យើងពិបាក។ ទី២ ការទាញនូវឥណទានផ្សេងៗ ក៏ជាកិច្ចការសំខាន់។ កន្លងទៅខ្ញុំក៏សុំអរគុណណាស់ទៅដល់ប្រទេសជប៉ុន ក៏ដូចប្រទេសជាដៃគូជាច្រើនដែលផ្តល់ឥណទានដើម្បីការអភិវឌ្ឍនេះ ដែលជាធាតុផ្សំ ជួយបំពេញបន្ថែមឆ្លើយតបនៅក្នុងតម្រូវការរបស់ប្រទេសជាតិ …។

(១១) ឆ្នាំ ២០២៩ ផែក្រុងព្រះសីហនុ គ្រោងលើកដាក់ទំនិញ ២លានកុងតៃន័រ ឬTEU

ក្នុងការរៀបចំកំពង់ផែក្រុងព្រះស៊ីហនុនេះ កន្លងទៅយើងបានធ្វើការអភិវឌ្ឍច្រើន … ឥឡូវផែកុងតៃន័រឈានទៅដល់ទំហំ ១១ ម៉ែត្រកន្លះ, ផែពហុបំណងមាន ១៣ ម៉ែត្រកន្លះ។ ប៉ុន្មានថ្ងៃទៀត Westerdam ចូលមកហើយ នាំ ៤០០០ នាក់មក។ អង្កាលជំនាន់កូវីដ-១៩ ប្រទេសណាក៏មិនឲ្យ Westerdam ចូលចតដែរ។ សម្តេចតេជោបានទទួលគាត់។ ឥឡូវគាត់មកទៀត។ គេថាប្រទេសតូចតែបេះដូងធំដើម្បីស្វាគមន៍ប្រជាពលរដ្ឋក្នុងនាមមនុស្សធម៌ក្នុងគ្រាអាសន្ន។ ឥឡូវគាត់ត្រឡប់មកវិញ យកទេសចរ ៤០០០ នាក់ ឈាងចូលមក។ យើងមាន cruise ហ្នឹងច្រើន។ មួយកប៉ាល់ដាក់បានរាប់ម៉ឺន រាប់ពាន់នាក់ ស្មើទីក្រុងបណ្តែតទឹកទៅហើយ។ អញ្ចឹងគាត់នាំចូលមកដើម្បីទេសចរស្គាល់ប្រទេសនិងវិស័យទេសចរណ៍នៅយើង …។

នៅក្នុងរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា យើងបានឈានដល់ក្នុងមួយឆ្នាំ២០២៣ មានកុងតៃន័រដូចជា ៧ លានគូប កើនប្រមាណ ១០ ភាគរយ ក្នុងរយៈពេល ២ ឆ្នាំ។ បច្ចុប្បន្ន យើងមានសក្តានុពលភូមិសាស្រ្តល្អ ប៉ុន្តែយើងមិនទាន់ចាប់បានសក្តានុពលអស់ដើម្បីបម្រើសេដ្ឋកិច្ចរបស់យើងទេ ដោយសារលក្ខណៈភូមិសាស្រ្ត។ មកដល់ម៉ោងនេះ យើងកសាងជម្រៅទឹក(ផ្លូវកប៉ាល់)បានតែ ១១ ម៉ែត្រកន្លះ សម្រាប់ផែកុងតៃន័រ ហើយទីតាំងចតកប៉ាល់របស់យើងក៏មានតិច។ តែខ្ញុំកោតសរសើរ ដែលមកដល់ម៉ោងនេះ capacity របស់យើងអាច(លើកដាក់បាន) ៥៥ ម៉ឺន TEU។ TEUហ្នឹង គិតជាខ្នាតកុងតៃន័រ ៦ ម៉ែត្រ។ បើយើងរាប់ TEU ហ្នឹង … capacity យើងបាន ៥៥ ម៉ឺន ប៉ុន្តែយើងធ្វើជាក់ស្តែងបានជិត ៨០ ម៉ឺនទៅហើយ។ សូមកោតសរសើរ។ កម្ពុជាពូកែឆ្នៃ … ទាញអស់សក្តានុពល ប៉ុន្តែបានន័យថាម៉េច?

ឯកឧត្តម លូ គឹមឈន់ ប្រាប់ខ្ញុំថា ទៅមើលផែគ្រប់ប្រទេស សម្តេចមើលតែដៃលើកដាក់ទំនិញបានហើយ។ តែដៃហ្នឹងឈរច្រើន គឺអត់សូវដើរទេ … នៅយើងផែតូច ប៉ុន្តែដៃលើកហ្នឹងវាអត់ឈប់ឈរ ព្រោះកុងតៃន័រចេញចូលរហូត លើកដាក់រហូត។ បងប្អូននៅទីនេះប្រហែលជារវល់ជាប់រហូត។ ហ្នឹង ៧០ម៉ឺន ៨០ម៉ឺនផង។ ឥឡូវឮឯកឧត្តម ប៉េង ពោធិ៍នា ថា ២០២៩ ចូល ២លានកុងតៃន័រ កាន់តែរវល់ទៀតហើយ។ បើយើងពង្រីក យើងត្រូវការកម្លាំងពលកម្ម។ ចង់កាន់តែរវល់ឬមិនសូវរវល់? ខ្ញុំសុំសួរអ្នកធ្វើការ។ ចង់កាន់តែរវល់។ បានន័យថា ទំនិញចេញចូលមកកន្លែងហ្នឹង។ អញ្ចឹងដៃហ្នឹងពេលដែលយើងពង្រីកកុំឲ្យវាឈរច្រើន គឺឲ្យវាដេកច្រើន។ មិនមែនដេកដោយ​សារខូចទេ ប៉ុន្តែដោយសាររវល់លើកដាក់ … សក្តានុពលបច្ចុប្បន្នយើង ១១ ម៉ែត្រកន្លះ អញ្ចឹងកប៉ាល់ដែលចូលមកយើងបានតែ ១៨ភាគរយទេ។ ឧទាហរណ៍ថា ១០០ កប៉ាល់ដឹកទំនិញមកស្រុកខ្មែរ មានតែ ១៨ កប៉ាល់ទេ ដែលដឹកទំនិញចូលមក ក្រៅពីហ្នឹងចេញទៅសាងពីក្រៅ។ កន្លែងខ្លះដឹកទៅដល់ប្រទេសផ្សេង លើកពីប្រ​ទេស​ផ្សេងមកកប៉ាល់តូច ដឹកមកយើង។ កប៉ាល់ផ្សេងៗពីអាមេរិក ពីអឺរ៉ុប ចូលមកយើងអត់រួច។ គេរំលង។ យើងបាន ៨០ម៉ឺនហ្នឹងមិនទាន់អស់ទេ …។

(១២) ដល់ជំរៅ ១៤,៥ ម៉ែត្រ ៩៣% នៃនាវាដឹកទំនិញចូលបាន ថ្លៃដឹកជញ្ជូននឹងថយ ២០០ដុល្លារ/កុងតៃន័រ

ហេតុអីបានជាយើងត្រូវពង្រីក? មិនគ្រាន់តែបន្ថែមកន្លែងចតកប៉ាល់ទេ ត្រូវជីកបន្ថែមទៀត។ ជំហានមួយនេះយើងជីកទៅដល់ ១៤ម៉ែត្រកន្លះ។ នៅពេលដែលដល់ជំរៅ ១៤ម៉ែត្រកន្លះនេះ កប៉ាល់ ៦ម៉ឺនតោនអាចចូលមកបាន។ កប៉ាល់ ៦ម៉ឺនតោន នេះអាចដឹកកុងតៃន័រ ៦ម៉ែត្រហ្នឹងបាន ៤ពាន់កុងតៃន័រ។ ពេលដែលយើងធ្វើហើយ នៅឆ្នាំ២០២៦ ក្នុងកប៉ាល់១០០ ដឹកមក ៩៣ អាចចូលមកដល់នេះ។ សល់តែ ៧ទេ ទើនៅក្រៅ។ បងប្អូនត្រូវយល់អញ្ចេះ ពេលដែលគេត្រូវច​តសាងកប៉ាល់ គេខាតពេលវេលាខាតលុយ។ បើជៀសបានគេមិនមកយើងទេ គេទៅដល់ផែជិតខាង។ គេទៅដឹកដល់តែម្ដង។ អញ្ចឹងកប៉ាល់ធំៗ មួយចំនួនមិនមកយើងទេ។ យើងខាត។ ឥឡូវកប៉ាល់ដែលដឹកមកដល់យើងតែម្ដង ដាក់ចុះនៅយើងដោយមិនចាំបាច់សាង ហើយបង់លុយថែមទៅកន្លែងផ្សេង ដឹកមកដល់យើងកាន់តែច្រើន ធ្វើឱ្យថ្លៃដឹកជញ្ជូនកាន់តែថយ។ តាមរបាយការណ៍ឯកឧត្តម លូ គឹមឈន់ ឥឡូវមួយកុងតៃន័រជិត ៧០០ដុល្លារ។ បន្តិចទៀតពេលដែលយើងធ្វើជំហានមួយនេះ អាចកាត់បន្ថយមួយកុងតៃន័រជាង ២០០ដុល្លារ ដើម្បីឱ្យគេចូលមក។ ថ្លៃដឹកជញ្ជូនមកយើងកាន់តែថោក។ គេមកកាន់តែច្រើន។ បងប្អូនកាន់តែរវល់បន្តិច …។

(១៣) ជំរុញរៀបចំកន្លែងផ្ញើ/ផ្ទេរទំនិញ ឬ Transshipment នៅឆ្នាំ ២០២៤

បន្ថែមពីនេះទៀត ខ្ញុំបានឱ្យគោលការណ៍រៀបចំជា Transshipment។ សូមឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយស្ថាប័នពាក់ព័ន្ធ ខាងគយ ជាមួយនឹងកំពង់ផែ ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើម៉េចជំរុញពន្លឿនការចរចាគន្លឹះបច្ចេកទេសជាមួយគយ ជាមួយស្ថាប័នមួយចំនួន ឱ្យបានហើយអស់ និងឱ្យចាប់ផ្ដើមឆ្នាំ ២០២៤ ហ្នឹងតែម្ដង។ កន្លែង Transshipment  ពាក្យខ្មែរគេថា កន្លែងយកដាក់ផ្ញើ/ផ្ទេរ។ ឧទាហរណ៍ថាគេដឹកទំនិញមកឆ្ពោះទៅ លាម ឆាបាង ឬមួយទៅផែណា តែគេដឹកមកវាទើនៅលើកប៉ាល់ហ្នឹងចូលមកស្រុកយើង។ ទំហំមានតែ ៣ ទៅ៤ កុងតៃន័រទេ។ បើឱ្យកប៉ាល់ហ្នឹងគាត់ហួសទៅ Laem Chabang វាអស់ថ្លៃ។ យើងអនុញ្ញាតឱ្យគាត់ផ្ញើនៅយើងសិន ដល់ជើងក្រោយមាន ២០ទៅ៣០ កុងតៃន័រ ស្ទូចទំនិញហ្នឹងដាក់ទៅជាមួយ។ គេយកមកផ្ញើនៅយើង។ នៅពេលដែលគេអាចផ្ញើបាន​ គេអាចនាំទំនិញបន្ថែមមកផ្ញើ។ តែបើអត់ឱ្យគេផ្ញើទេ ហ្នឹងគេមិនបាច់ដាក់របស់ហ្នឹងមកទេ។ យើងនៅកណ្ដាល រវាងកំពង់ផែ Laem Chabang​ និង ដាណាង។ យើងនៅកណ្ដាលយុទ្ធសាស្ត្រ រវាងផែដែលរវល់របស់ថៃ និងផែវៀតណាម។ ទាញយកសក្ដានុពលនេះឱ្យបានអស់លទ្ធភាព … ទឹកដីយើងមានអំណោយផលត្រូវទាញឱ្យបាន។ ពេជ្រហ្នឹងត្រូវច្នៃឱ្យអស់លទ្ធភាពទាញយកសក្ដានុពលមកយើង។ ខ្ញុំសូមឱ្យចរចាធ្វើ​ម៉េចរៀបចំឱ្យបានស្រេចមុនដំណាច់ខែ ១២នេះដើម្បីឈានទៅអនុវត្តរៀបចំជា Transshipment នៅកន្លែងនេះ។ យើងមានដីមានអីហើយ។ បានន័យថាបងប្អូនរវល់បន្ថែមទៀត … សកម្មភាពថែមទៀត។ តែមិនមែនបានន័យថារវល់ថែមទៀត អត់រើសកម្មករមកថែមទៀតទេ។ មួយថ្ងៃមានតែ ២៤ម៉ោងទេ។

(១៤) កំពង់ផែភ្ជាប់ដង្ហើមពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច ការដឹកជញ្ជូន រីកចម្រើន

ការពង្រីកសក្ដានុពលនេះ នឹងបន្ថែមកំណើនសេដ្ឋកិច្ចជាតិរបស់យើង។ កន្លែងនេះនឹងបង្កើនឱកាសការងារ ក៏ដូចជាចំណូលបន្ថែមទៅដល់កម្មករនិយោជក ក៏ដូចជាបុគ្គលិកទាំងអស់នៅកំពង់ផែស្វយ័ត។ នេះគឺជាផលដែលយើងចង់បាន ផលដែលយកមកដើម្បីចែករំលែកទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ កំពង់ផែដើរវាជាកន្លែងភ្ជាប់ជាមួយដង្ហើមនៃពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច នៅតាមបណ្ដាខេត្តផ្សេងៗទៀត ការដឹកជញ្ជូនផ្សេងៗទៀត គ្រប់វិស័យទាំងអស់នឹងរីកចម្រើនផងដែរ។ នេះគឺជាអ្វីដែលយើងចង់បាន និងជួយសេដ្ឋកិច្ចជាតិនិងការងារ។ គ្រប់កន្លែងទាំងអស់បានរីកចំរើនដោយសារការអភិវឌ្ឍនៅកំពង់ផែយុទ្ធសាស្ត្រ នៅក្នុងផែរបស់យើងរួមទាំងផែខេតព្រះសីហនុនេះផងដែរ។ ផែមួយដើរ ដឹកជញ្ជូនកាន់តែថោក គេដឹកហើយ។ គេនឹងមកវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ផ្សេងៗទៀត ព្រោះការដឹកជញ្ជូនកាន់តែថោក។ នេះជាការល្អ។ បន្តិចទៀតយើងភ្ជាប់ទន្លេនិងសមុទ្រ យើងធ្វើឱ្យការដឹកជញ្ជូន តាមផ្លូវទឹកទន្លេកាន់តែមានប្រសិទ្ធភាព កាន់​តែថោក … ព្រឹកមិញខ្ញុំមិនទាន់បានមើល គ្រាន់តែមើលចំណងជើងថា អាថ៌កំបាំងនៃការធ្វើព្រែកជីកហ្វូណន។ ខ្ញុំមិនដឹងថាគេធ្វើអីទេ។ អាថ៌កំបាំងអី? ខ្ញុំអត់ចាំបាច់និយាយអាថ៌កំបាំងទេ។ មិនមានអីត្រូវលាក់លៀមទេ។ ការធ្វើព្រែកជីកភ្ជាប់ទន្លេសមុទ្រនេះ បូកជាមួយការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុនេះ គ្មានអីអាថ៌កំបាំងទេ គឺដើម្បីពង្រីកសក្ដានុពលសេដ្ឋកិច្ចកម្ពុជាជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែរីកចម្រើនជីវភាពធូរធារនេះគឺជាកិច្ចការសំខាន់ …។

កាលហ្នឹងយើងមានធ្វើប្រឡាយមួយពីស្វាយរៀងទៅដល់អូរាំងឪ ដើម្បីបង្ហូរទឹកភ្ជាប់ពីទន្លេឱ្យប្រជាពលរដ្ឋធ្វើស្រែ​ចំការ។ គេទៅឃោសនាថាជីកប្រឡាយហ្នឹងហើយ មួយកំណាត់ក្រោមឱ្យវៀតណាមយកបាត់ហើយ។ ទៅជាអញ្ចឹងទៅ។ ខ្ញុំសូមប្រាប់ប្រជាពលរដ្ឋថា មិនមានអីជាអាថ៌កំបាំងទេ។ ការអភិវឌ្ឍនៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនេះ គឺដើម្បីបំរើសក្ដានុពលសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅតាមបណ្ដោយផ្លូវទឹក និងអ្នកនៅក្នុងតំបន់ជាមួយគ្រប់កន្លែងទាំងអស់ ដែលត្រូវការការសម្រួលដោយវិស័យពាណិជ្ជកម្ម និងដឹកជញ្ជូនផ្លូវទឹក …។

(១៥) ឆ្នាំ ២០២៩ ផែព្រះសីហនុនឹងស្វាគមន៍នាវាផ្ទុកទំនិញគ្រប់ទំហំ

ជាជំហាន២ ជំហាន៣ ក្នុងឆ្នាំ ២០២៩ យើងនឹងឈានទៅដល់ការពង្រីក(ធ្វើអោយផ្លូវចរមានជំរៅ)ដល់ ១៧ម៉ែត្រកន្លះ។ យើងអាចទទួលកប៉ាល់(មានចំណុះទំងន់)រហូតដល់ ១៦ម៉ឺនតោន។ កប៉ាល់ធំៗមកពីអាមេរិក មកពីអឺរ៉ុប ស្វា​គមន៍មកកម្ពុជា។ ចង់មកដែរ ឥឡូវតែមកមិនរួច។ កឿង។ ឆ្នាំ ២០២៩ យើងនឹងធ្វើឱ្យផែរបស់យើងអាចស្វាគមន៍ កប៉ាល់គ្រប់ប្រភេទទាំងអស់ មកពីគ្រប់ប្រទេសទាំងអស់ ដឹកនាំទំនិញមកកម្ពុជា។ ការដឹកជញ្ជូនកុងតៃន័រ កើនពី​កប៉ាល់(ដែលដឹក)ត្រឹមតែ ៤ពាន់កុងតៃន័រ ទៅ១ម៉ឺន ៥ពាន់កុងតៃន័រ/TEU ក្នុងមួយកប៉ាល់។ មួយឆ្នាំយើងកើន ពី ៥៥ម៉ឺន ទៅ ២លានកន្លះ … ក្នុងន័យនេះ ខ្ញុំសូមឱ្យឯកឧត្តម អនុរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមអគ្គរាជទូត(ជប៉ុន) ជួយលើកទឹកចិត្ត និងជំរុញស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន ជាពិសេស JICA នៅទីនេះធ្វើការពិភាក្សាជាមួយកម្ពុជា។ កម្ពុជាមានឯកឧត្តម ស៊ុន ចាន់ថុល ជាមេ team ក្នុងការពិភាក្សាគ្នា រៀបចំ master plan ដើម្បីប្រែក្លាយកន្លែងនេះ ទៅជាតំបន់ logistics hub ឬច្រកចេញចូលសម្រាប់តំបន់។ រៀបចំផែនការមេ និងលើកទឹកចិត្តដល់វិស័យឯកជនជប៉ុន ដើម្បីចូលរួមជាដៃគូគន្លឹះរបស់យើងមួយក្នុងការពង្រីកនូវលទ្ធភាពទីនេះ។

អម្បាញ់មិញ បានឱ្យឯកឧត្តម សាយ សំអាល់ ពិនិត្យមើលលទ្ធភាពទៅមុខ … ឥឡូវយើងមានប្រហែល ៧០ហិក​តា ហើយទំនេរដូចជា ៤០ហិកតា (ដែលអាចប្រើប្រាស់)ក្នុងការពង្រីក logistics hub។ ពិនិត្យមើលលទ្ធភាពនៅក្នុងការភ្ជាប់តាមរូបភាពណា។ បើចាំបាច់ពង្រីកតំបន់សេដ្ឋកិច្ចពិសេសដែលភ្ជាប់ជាមួយនឹងផែនេះ គឺភ្ជាប់ភូមិ​សាស្រ្ត។ បើមានកន្លែងដែលអាចភ្ជាប់បាន ជាការល្អ។ បើអត់ទេ ភ្ជាប់រដ្ឋបាល។ បានន័យថា កន្លែងផ្សេងក៏ដោយ ប៉ុន្មានគីឡូម៉ែត្រពីហ្នឹងក៏ដោយ ភ្ជាប់ការគ្រប់គ្រងរដ្ឋបាលទាំងពីរក៏បានដែរ ដើម្បីទៅជា logistics hub ថ្នាក់តំបន់មួយ។ ទំហំប៉ុណ្ណឹងតូចណាស់។ ត្រូវត្រៀមឱ្យហើយ ពិនិត្យមើលឱ្យហើយ … យើងគិតមុន រកទីតាំងមុន ធ្វើផែនការមេមុន។ (កុំអោយ)ពេលដែលវិស័យឯកជនគាត់បុកមក យើងមិនដឹងដាក់នៅឯណា … “លឿនតែយឺត” លឿននឹងឯកភាព ប៉ុន្តែដល់អនុវត្តវាយឺត …។

មជ្ឈមណ្ឌល logistics តំបន់ មិនមែនសំរាប់តែកម្ពុជាទេ គឺនៅតំបន់ភូមិសាស្រ្តយើង។ អញ្ចឹងត្រូវរៀបចំគិតគូរកន្លែងហ្នឹងឱ្យហើយ។ រៀបចំផ្ទះយើងឱ្យស្អាត អញ្ជើញភ្ញៀវមក កុំឱ្យគេមកដល់ឃើញផ្ទះដូចសំបុកកណ្ដុរ (គេ)លែងទៅហើយ។ តែផ្ទះយើងស្អាត មកហើយ ហៅគ្នាមកលេងទៀត។ ផាសុខភាពល្អ។ រៀបចំយន្តការ រៀបចំចក្ខុវិស័យ ក្របខណ្ឌគោលនយោបាយយុទ្ធសាស្រ្ត រៀបចំទីតាំង ព្យាករណ៍ទុកឱ្យហើយ។ ដើរយឺត តែរលូន វាទៅលឿន … ដើរយឺត មិនមែនបានន័យថា នៅទាំងអស់ទេ បានន័យថា គិតគ្រប់ជ្រុងជ្រោយតែប៉ុណ្ណឹង គិតឱ្យគ្រប់ទស្សនៈវិស័យ គ្រប់ជម្រើស ទាំងក្របខណ្ឌនិងការលើកទឹកចិត្ត និងក្របខណ្ឌនៅក្នុងការអភិវឌ្ឍ …។

ថ្ងៃនេះ សក្ខីភាពនៅក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងកម្ពុជាជប៉ុន និងដាក់ទិសដៅសម្រាប់យុទ្ធសាស្រ្តរយៈពេលវែងបានបញ្ជាក់ឱ្យឃើញថា ជប៉ុន គឺពិតជាមិត្តដ៏សំខាន់របស់កម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ពីអតីតកាល បច្ចុប្បន្នកាល និងបន្តទៅអនាគត។

[ចប់សេចក្តីអធិប្បាយ]

ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌវិស័យរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលយើងបានរៀបរាប់អម្បាញ់​មិញនេះ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្នើដល់មិត្តជប៉ុន តាមរយៈឯកឧត្តម អនុវត្តរដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយពិនិត្យលទ្ធភាពគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន​នៅកម្ពុជាបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ពីភ្នំពេញ ដល់ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តីតាកុយ-អរិយក្សត្រ ដែលបច្ចុប្បន្ននេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានកំពុងពិនិត្យសំណើមនេះរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន …។

បន្ថែមលើនេះ ដោយសារប្រទេសជប៉ុនជាប្រទេសជឿនលឿនខាងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន, ខ្ញុំសូមស្នើ ឯកឧត្តមអនុរដ្ឋមន្ត្រី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ជប៉ុន សូមជួយសម្របសម្រួលរៀបចំឱ្យមានកម្មវិធីផ្លាស់ប្តូរចំណេះដឹង ជំនាញ បទពិសោធន៍ និង បច្ចេកវិទ្យាលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា ឱ្យកាន់តែមានគុណភាពប្រសើរឡើង។

ដើម្បីលើកកម្ពស់ផលិតភាពការងារ គុណភាពនៃការផ្តល់សេវា និង គុណភាពនៃការសាងសង់ ជាពិសេសផែកុងតៃន័រទឹកជ្រៅថ្មីនេះ ខ្ញុំសូមគូសបញ្ជាក់នៅចំណុចសំខាន់មួយចំនួន ដូចខាងក្រោម ៖

ទី១. ក្រុមប្រឹក្សាភិបាលថ្នាក់ដឹកនាំ និង មន្ត្រី និយោជិត កម្មករ-កម្មការិនី នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងមូល ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់ល្អប្រសើរ និង ខ្លាំងក្លាថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ សមត្ថភាព និង ប្រសិទ្ធភាពការងាររបស់យើង ដើម្បីលើកកម្ពស់ការផ្តល់សេវាកំពង់ផែឱ្យកាន់តែប្រសើរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មកម្រិតអន្តរជាតិ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ។

ទី២. ក្រសួងសាធារណការ និង ដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែកនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យបានកាន់តែប្រសើរឡើង ដែលទាំងអស់នេះ មានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់ការជឿទុកចិត្តពីសំណាក់អតិថិជន វិនិយោគិនជាតិ-អន្តរជាតិ លើសេវាកំពង់ផែរបស់យើង ។

ទី៣. ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រុមហ៊ុនសាងសង់ និង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និង ត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅថ្មីនេះ ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និង ប្រកបដោយគុណភាពខ្ពស់ និង សឱ្យបាននូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាននៅតំបន់ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតរបស់យើង ។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងនូវអំណរគុណរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានជួយជំរុញរំហូរចរន្តហិរញ្ញប្បទានស់ម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង កំពង់ផែនៅកម្ពុជា ដោយរលូន និង ឆាប់រហ័ស ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មិត្តជប៉ុននឹងបន្ត ផ្តល់កិច្ចសហប្រតិបត្តិការ និង បន្តជួយអភិវឌ្ឍកម្ពុជាបន្ថែមទៀត ជាពិសេសបន្តផ្តល់ការគាំទ្រ និង ជំរុញកិច្ចសហការលើការអនុវត្តគម្រោងសាង់សង់ចំណតផែកុងតៃន័រទឹកជ្រៅថ្មី ជំហានទី ២ និង ជំហានទី ៣ ឱ្យបានលឿនតាមផែនការគ្រោងទុក។

ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អាជ្ញាធរខេត្តព្រះសីហនុ, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ទីភ្នាក់ងារ JICA, ក្រុមហ៊ុនសាងសង់ និង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និង ការពន្លឿនការរៀបចំនីតិវិធី សម្រាប់គម្រោងសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅថ្មី ជំហានទី១ នេះ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅថ្មីជំហានទី ១ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រលើកដាក់ចល័តនៅគែមផែរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខ្ញុំសូមជូនពរ ឯកឧត្តម អ៊ុំស៊ិបាស៊ិ វីនតារ៉ូ អនុរដ្ឋមន្ត្រី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍នៃប្រទេសជប៉ុន និង គណៈប្រតិភូ, ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ, ក្រុមប្រឹក្សាភិបាល មន្ត្រី និយោជិត, កម្មករ-កម្មការិនី នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង និងសមាជិក សមាជិកានៃអង្គពិធី សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ចក្រោមម្លប់ដ៏សែនត្រជាក់ នៃសុខសន្តិភាព និង សូមទទួលបាននូវពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត។

ថ្ងៃនេះផងដែរ (ខ្ញុំសូម​ពាំនាំ)សម្រាប់មន្រ្តី បុគ្គលិក កម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុសរុប ២០០០នាក់ ក្នុងម្នាក់ៗទទួលបាន អាវយឺតមួយ និងថវិកា ៥០០០០ រៀលផងដែរ។ ក្រុមយុវជនកាយរិទ្ធិកម្ពុជា, យុវជនកាកបាទក្រហម, សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក, យុវជននិស្សិត អ.ម.ត, ក្រុមយុវជនស្រលាញ់សន្ដិភាព, សមាគមនារីដើម្បីសន្ដិភាពនិងការអភិវឌ្ឍ សរុប ១០៨០ នាក់ ក្នុងម្នាក់ៗ ថវិកា ២០០០០ រៀល។ ជូនសាលាក្រុងព្រះសីហនុ ថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៣លានរៀល។ និងជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។ សូមអរគុណ៕


Selected Comments Samdech Moha Bovor Thipadei Hun Manet, at the groundbreaking ceremony to construct the first-phase new containers terminal, and the inauguration of the mobile container lifters at the Sihanoukville Autonomous Port (SAP)
[Unofficial translations]

****************

CMF:

(1) Construction of new deep-water container port and commissioning of machinery to expand capacity and modernize ports in response to the growth of Cambodia’s international trade volume

Today, it is an honor for me to attend the groundbreaking ceremony for the construction of the first phase of the deep-water container terminal and the inauguration ceremony of two mobile containers lifters at the edge of the port. Every May 1, which is an International Labor Day every year, Samdech Techo never missed a meeting with the employees/workers here […] to encourage and confirm the Royal Government’s attention to the development of the strategic port of Sihanoukville. Today we have two programs together. First, the groundbreaking ceremony for the construction of a new deep-water container terminal and second is the inauguration of the mobile container lifters, all of which will complement the functions of the Sihanoukville Autonomous Port to expand capacity and modernize the port in response to growth of Cambodia’s international trade volume, which reflects the increase in the number of containers passing through now and in the future […]

(2) Japan provides $243 million loan for three years to build first-stage deep-sea container terminal

On this occasion, I would thank the Government of Japan as well as the people of Japan for providing two forklifts worth nearly US$ 14 million through grants as well as about US$ 243 million loans to build the first phase of the deep-water container terminal, which we opened today. The construction project will take 36 months or 3 years, which we plan to complete in 2026. That means this place will be even busier. I just met an older brother who has been working for 40 years, since he was about 10 years old, when he was single, and now he is a grandpa. Big brother, you can clearly see the progress here […]

(3) Transform the port into a logistics hub with potential for regional and international trade

Our deep-sea port was built before the war and played a very important role in trade. It was a port where most of the goods traded through exports and imports in the 1970s […] now again here it is becoming a potential port not only within the framework of the country but with regional dynamics. The previous Royal Government of Samdech Techo, the former Prime Minister, has set the direction to build this port for many terms already. We have reached a new stage now. In the future, we will do more work to turn this port not only into a container port, but also a regional logistics hub, a vision and an effort to give this place the potential to serve the region’s trade and commerce. Connecting Cambodia with the regional and international trade lines is the lifeblood of Cambodia’s economy […]

(4) Cambodia-Japan diplomatic relations are 70 years old, but the people-to-people relations are over 400 years old

This year is a special year of Cambodia-Japan relations, it is now 70 years counting from 1953. I met and told His Excellency ISHIBASHI Rintaro, Deputy Minister (of Land, Infrastructure, Transport and Tourism of Japan) that although diplomacy began in 1953, the relationship between the people of Cambodia and Japan historically began almost 400 years ago […] during the Edo generation of Japan, between the 17th to the 19th century, there had a Japanese village in the capital Udong (of the Kingdom of Cambodia). There have been some records. That means people-to-people relations between Cambodia and Japan have a history here. In the past, most communication was by water. Probably related to businesses […]

(5) Raising the level of Cambodia-Japan relations to “comprehensive strategic partnership”

In Tokyo on December 18, with the Prime Minister of Japan Kishida, while attending the ASEAN-Japan 50th Anniversary Summit, we discussed the strengthening of friendly relations in this year. we have two special features. First, we commemorate the 70th anniversary of diplomacy, and second, we have elevated Cambodia-Japan diplomatic relations to a comprehensive strategic partnership, the highest level in the history of Cambodia-Japan relations. This is a feature of 2023. We discussed what we need to do to strengthen and expand all-round connectivity, people-to-people connectivity, infrastructure connectivity, digital connectivity, trade connectivity, security connectivity and enhanced relations of all kinds, especially the connection of new initiatives and strengthening of our economic ties. This is an important pillar […]

(6) One of the five pillars of Cambodia-Japan relations is to make Sihanoukville Port play a central role in the region and connect to digital infrastructure

Last year, Samdech Akka Moha Sena Padei Techo and (the Prime Minister of Japan) HE Kishida, as just mentioned by the Deputy Minister) agreed to strengthening relations based on the five pillars, one of which is the strengthening of infrastructure as the first priority. The first pillar focuses on the port of Sihanoukville as the core port in the region. Japan has played an important role not only in this port but also in helping to build interconnected infrastructure. In the past, Japan has helped in the development of National Road 5, 6, 7 and 1 […] the Kizuna Bridge, the Chroy Changvar Bridge, the Tsubasa Bridge, which is the longest bridge of more than two kilometers, and organized an interconnected infrastructure of Cambodia […]

We now continue to connect digital infrastructure, which is fast. Airways used to be about airplanes, but now we talk about another space traveling – cyber space is faster than airplane. This means is very fast […] and with this connectivity we will be able to accelerate and connect economy and economy, people and people […] I am taking this opportunity to thank HE Kishida for supporting the important initiatives we have discussed together to strengthen economic ties, in general, and  in relation to this infrastructure development, in particular, which is in line with the key priorities of the Royal Government’s first phase pentagonal strategy – people, roads, water, electricity and digital. This road refers to infrastructure that includes land, water and air/space, and we are talking about cyber space […]

(7) Water transports/trade routes is still important because it is more transportable, cheaper and connecting the port and the mainland

To this day, or for centuries, water transport/trade route still plays an important role. In the past, the waterway trade routes were exclusive because we did not have a plane. Some are geographically connected by land from here to Europe by boat, and/or by ship […] the traffic on the waterway is still high due to three features. Firstly, we see that about 90% of the traffic of the world’s commercial goods are made through ships because aircraft cannot carry 60,000 tons cargos […]; secondly, air transport is expensive […], and thirdly, it is easy to connect from port to port and to the ground […] although we aim to build infrastructure, roads and airways, and are going to build more highways and modernize them, we improve railways, we build more airports, but we set out directives to develop our port an important element in the first phase pentagonal strategy that cannot be discarded […]

(8) Increase the economic potential of the provinces along the Mekong and Tonle Sap rivers by connecting with the coastal provinces

I have entrusted Deputy Prime Minister Sun Chanthol with the task of conducting a master plan study on the coordination and strategic planning for our port, especially Sihanoukville, along with other seaports that we have to strategically design and complete the interface with each other. However, the port in Sihanoukville is a leading port in trade with the region and in the world. Therefore, we aim to prepare to build and strengthen this port into a logistics hub not only to serve the national level, but the region itself […] I also entrust (the Deputy Prime Minister and Minister of Economy and Finance) HE Dr. Aun Pornmoniroth to study and develop new strategies, re-evaluate the freshwater transport system […] and rethink and evaluate how to move forward. We have walked this far and how do we plan to connect the transport between freshwater and salt water ports through our future canal (Funan Techo) […] and to set up a logistics system to connect the land and waterways. We pay attention therefore to both port along the salt water areas and along the fresh water areas, especially to increase the economic potential in the provinces along the Mekong and Tonle Sap rivers, by connection with the provinces by the sea […]

(9) The state prepares the master port plan and coordinates both the strategy and the quantity

We have to develop a master plan to facilitate and open up to the private sector to participate. The government is the mediator. The word “mediator” does not mean “walk behind”, the mediator must walk in front. The one with the plan walk ahead. A master plan is not for individual needs. The plan and action may not be getting along. We plan ahead and let the private sector participate in our master plan. That would be more effective. One theory in the army is “slow but smooth, smooth but fast.” In short, slow but fast. What does that mean? If we all are in a hurry, we may not make it anywhere for walking into each other. (I mean talking about) port development, for example, freshwater ports, maybe everywhere jumps to the need of development. That would complicate things. Look at the strategy, including the quantity […] how many we are working on and allowing to grow according to market demands. The market for ports is the inflow and outflow of port or its usage […]

(10) Port development according to PPP formula and loans

The Royal Government, in its role as the master plan coordinator, has a role to play. The planning calls for the participation of the private sector and adopts the PPP (public-private sector partnership) formula for public-private partnership for development port sector. The private sector understands business better than we do, and let them involved in planning and implementation. The PPP formula has two benefits. Firstly, the state does not spend a lot of money. If you build a port for hundreds of billions, the public sector will have to borrow money. How could we get a loan from the national budget? We lend money to the private sector to get them involved. Secondly, the private sector has and develops its skills as an element in the development of efficiency and governance. The state plays a role at the state level, provides principles for governing laws and regulations, backed by the private sector, and secondly, attracting credit is an important task. I would like to thank Japan as well as many partnering countries for providing credits for this development, as an element to help meet the needs of the nation […]

(13) Promote the organization of goods storing/transfer or Transshipment in 2024

In addition, I gave the principle of organizing a transshipment location – (a point of interchange between several long-distance shipping routes). HE Dr. Aun Pornmoniroth, with the relevant institutions in the field of customs and with the port, and HE Sun Chanthol, may accelerate the negotiation of technical tips with the customs and some institutions to start (working as a transshipment hub in) 2024. Transshipment hub – in Khmer, it is understood to be a place where goods can be stored for period of time before they can be transferred between shipping routes. For example, they transport goods to Laem ChaBang port or to other port, but it is stuck on the ship that docked in our port, and it’s only 3 to 4 containers. If they let the ship continue to Laem Chabang, it would be expensive. We let them keep it with us until the next shipment comes making the number of containers to 20 or 30, then they can ship them together […] we locate in the middle between Laem Chabang and Da Nang ports. We are at the center of the strategic route between the busy ports of Thailand and the port of Vietnam […] please negotiate how to prepare (for this) before the end of this December to implement the transshipment purpose here […]

(14) Port is the pulse to connecting domestic and foreign trade to boost economic activity and transportation

A working port is a place to connect the pulse of domestic and foreign trade. It will stimulate economic activity in other provinces and other transportation in all sectors will also grow. What we want is to help the national economy and jobs. Everywhere has grown thanks to the development of strategic ports, including Sihanoukville. A working port is when it is cheaper to transport. With low-cost transportation, investors will come in looking for investment in agriculture and other industries. This is good. Soon we connect rivers and sea, and we make river transport more efficient and cheaper […] this morning I had a look at a title “the secret of the Funan Canal.” I do not read what write inside but why is it a secret? There is no secret to tell. There is nothing to hide. The construction of this canal is for the connection of the river and the sea, together with the development of the port of Sihanoukville in order to expand Cambodia’s economic potential, help the economy grow and make the Cambodian people more prosperous, […]

(15) By 2029, Sihanoukville Port will welcome cargo ships of all sizes.

Going through phase-ii and phase-iii, by 2029, we will reach the stage when we have the container berth deepened to 17.5 meters. Then, we can accommodate ships with a capacity of up to 160,000 tons. Large ships from the United States and from Europe are welcome to offload and upload in Cambodia […] by 2029, our port/container berth will be able to welcome all kinds of ships from every country to bring goods to/from Cambodia […] may HE the Deputy Minister (of Japan) as well as HE the Ambassador of Japan encourage and promote the relevant institutions of Japan, especially JICA here, in talks with HE Sun Chanthol, assigned to represent the Cambodian side as the team leader, regarding the master plan to turn this place into a logistics hub or access point for the area […] we now have about 70 hectares, and about 40 hectares are still vacant land and usable to expand logistics hub. Examine the possibilities to connect in what form. If it is necessary, let us expand the special economic zone associated with this port in geographical term. If there is a place that we can connect, it is good. If not, let us connect the administration. This means that no matter where you are, a few kilometers from each other but the two administrations can work with each other or together […]./.

អត្ថបទទាក់ទង