Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបើក “«មហាសន្និបាតលើកទី ៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក”» ក្រោមប្រធានបទ “«ស្រមៃមើលឱកាស”»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រវីដេអូ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 356

CMF:

  • លោកស្រី Juseon Byun ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
  • លោកស្រី Chempaka Emalin Pahamin
  • លោកស្រី Ching Ching Wee-ong ​
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
  • ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGs) ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើទឹកដីអង្គរដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសដ៏មហាឱឡារិកនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅជូនលោកស្រីបណ្ឌិត Juseon Byun ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគណៈប្រតិភូមិត្តកាយឫទ្ធិនារីគ្រប់បណ្ដាប្រទេសក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលមានវត្តមាននៅក្នុងអង្គពិធីនេះ។

ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគមនៅ​ក្រោមម្លប់នៃសុខសន្ដិភាព ស្ថិរភាព ឯកភាពជាតិនៅកម្ពុជា។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោកផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមមិត្តកាយឫទ្ធិនារីកម្ពុជាដែលបានចំណាយទាំងកម្លាំងកាយចិត្ត រៀបចំមហាសន្និបាតនេះឡើងយ៉ាងអធិកអធម។ ខ្ញុំក៏សូមអរគុណរដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការគ្នាបានយ៉ាងល្អក្នុងការ​រៀបចំសណ្ដាប់ធ្នាប់ ការពារសន្ដិសុខ សុវត្ថិភាព ធ្វើឲ្យមហាសន្និបាតលើកទី៧ ប្រព្រឹត្ដទៅដោយរលូន។

  • អង្គមហាសន្និបាតទាំងមូលជាទីមេត្រី!

បន្ទាប់ពីបានស្ដាប់នូវមតិស្វាគមន៍ និងរបាយការណ៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមមិត្តកាយឫទ្ធិនារីកម្ពុជា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំបណ្តុះបណ្តាលដល់នារី ដល់កុមារី យុវតី និងស្រ្តីវ័យក្មេង ឲ្យក្លាយទៅជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។ ខ្ញុំសូមកត់សម្គាល់នូវគុណតម្លៃនៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការចង់ឃើញកុមារី យុវតី និងស្រ្តីវ័យក្មេងកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមធម៌ សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។ ខ្ញុំក៏សូមគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជាដោយសមស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ តម្លៃស្រ្តី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។ ចក្ខុវិស័យ និងមាគ៌ាដ៏ខ្ពង់ខ្ពស់ទាំងនេះពិតណាស់ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់សម្រេចបាន ហើយខ្ញុំជឿជាក់ផងដែរថា រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងអស់ក៏សាទរ និងគាំទ្រចំពោះចក្ខុវិស័យ និងគុណតម្លៃរបស់សមាគមកាយឫទ្ធិនារីទាំងអស់ដូចគ្នាដែរ។ ដូចនេះក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធទាំងអស់សូមចូលរួម និងគាំទ្រជាមួយនឹងចលនានៃសមាគមកាយឫទ្ធិនារីដើម្បីជំរុញឲ្យបេសកកម្មដ៏ថ្លៃថ្លាទាំងនេះសម្រេចបានដោយជោគជ័យ។

  • អង្គមហាសន្និបាតទាំងមូលជាទីមេត្រី!

ខ្ញុំយល់ថាពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ ជាមួយនឹងការគាបសង្កត់ពីកត្តាផ្សេងៗដូចជាកត្តាប្រពៃណី កត្តាសេដ្ឋកិច្ច និងកត្តាកង្វះការយល់ដឹង ស្រ្តីរាប់លាននាក់នៅលើពិភពលោកត្រូវបានរារាំងមិនឱ្យទទួលបាននូវឱកាសនៅក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមនៅក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចឲ្យបានពេញលេញ ពេញសក្ដានុពលរបស់ខ្លួន។ សម្រាប់ខ្ញុំ នេះគឺជាការខាតបង់ដ៏គួរឲ្យសោកស្ដាយនៃមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់បានឱកាសពេញលេញ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ដ្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺយើងនឹងពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។ យើងនឹងជំរុញនូវការចូលរួមរបស់យុវតី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដោយមានសមាគមកាយឫទ្ធិនារីនេះជាយន្តការដ៏ចម្បងមួយ។ យើងក៏នឹងបង្កើនឱកាសទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្ស និស្សិតនារី តាមរយៈការបង្កើនអាហារូបករណ៍ និងកម្មវិធីបំប៉ននៅគ្រឹះស្ថានសិក្សា ការផ្ដល់កន្លែងស្នាក់នៅ ការធានាសុវត្ថិភាព និងការបង្កើនចំនួនគ្រូបង្រៀនជាស្រ្តី ការបង្កើនសមាមាត្រនៃការចូលរួមរបស់ស្រ្តីឲ្យបានជាអតិបរមានៅក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ ការពង្រឹងឱកាសការងារ និងការពារសិទ្ធិធ្វើការងាររបស់ស្រ្តី ព្រមទាំងការបន្តដំឡើងតួនាទីរបស់ស្រ្តីក្នុងការធ្វើសេចក្ដីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម។

ការប្ដេជ្ញាចិត្តទាំងនេះបានបង្ហាញថា រាល់សកម្មភាពដែលសមាគមកាយឫទ្ធិនារីពិភពលោក ក៏ដូចជាមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងធ្វើ ដូចបានគូសបញ្ជាក់មុននេះបន្តិចដោយលោកស្រីបណ្ឌិត Juseon Byun ព្រមទាំងសកម្មភាពដែលសមាគមកាយឫទ្ធិនារីកម្ពុជាបាននិងកំពុងអនុវត្តសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ ក្នុងនាមនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបញ្ជាក់នូវការគាំទ្រជាថ្មីម្ដងទៀតចំពោះរាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីពិភពលោក សមាគមកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសសមាគមកាយឫទ្ធិនារីកម្ពុជា និងសូមរក្សាស្មារតី និងសកម្មភាពទាំងនេះបន្តទៀត ដើម្បីជួយអប់រំ អភិវឌ្ឍសមត្ថភាព សីលធម៌ គុណធម៌ សុជីវធម៌ និងថាមពលកុមារី/យុវតី ឲ្យមានអនាគតល្អ និងក្លាយជាធនធានមួយដ៏ចាំបាច់ក្នុងការកសាងប្រទេសទៅថ្ងៃខាងមុខ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឲ្យមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ទទួលបានជោគជ័យត្រចះត្រចង់ ប្រកបដោយលទ្ធផលជាផ្លែផ្កាតាមការរំពឹងទុក។ ខ្ញុំសូមបួងសួងសូមដល់វត្ថុសក្ដិសិទ្ធទាំងឡាយនៅក្នុងលោក ជាពិសេស បារមីក្រុងអង្គរដ៏ពិសិដ្ឋរបស់យើង សូមប្រោះព្រំសព្វសាធុការពរជ័យមហាបវរប្រសើរ ជូនចំពោះគណៈប្រតិភូ កាយឫទ្ធិនារីទាំងអស់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសបើក «មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក» ចាប់ពីពេលនេះតទៅ។

សូមអរគុណ!

អត្ថបទទាក់ទង