Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1224

CMF:

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
លោក Han Xiaojun ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group Co., Ltd និងសហការី
គណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិទាំងអស់ ជាទីស្រលាញរាប់អាន!

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

… បើថាកក់ក្ដៅក៏មិនត្រូវដែរព្រោះរងា ខែកត្ដិក ហើយនៅលើកំពូលភ្នំ។ ឃើញបងប្អូនមកសុទ្ធតែអាវរងា … ទោះជាយ៉ាងណា ថ្ងៃនេះគឺសប្បាយរីករាយណាស់ដែលយើងបានមកជួបជុំគ្នា ជាពិសេសនៅក្រោយព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្ដែតប្រទីប អកអំបុក ប្រពៃណីជាតិយើង ដែលទើបនឹងបញ្ចប់ទៅដោយសប្បាយរីករាយ ហើយប្រជាពលរដ្ឋរបស់យើងរាប់លាននាក់ចូលរួម។ នៅតាមបណ្ដាខេត្តក៏មានការរៀបចំ(ប្រណាំងទូក)។ កោះកុងមានរៀបចំបណ្ដែតប្រទីប(ផងដែរ)។ អរគុណចំពោះការរៀបចំនៅព្រឹកនេះ ចំពោះការចូលរួមដ៏ច្រើនកុះករ ហើយជាពិសេសអ៊ំ ពូមីង ដែលអញ្ជើញមកតាំងពីម៉ោង៣ ដើម្បីអបអរសាទរនូវសមិទ្ធផលនៅថ្ងៃនេះ។

[ចប់សេចក្ដីអធិប្បាយ១]

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពកៃ្រលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំប្ញស្សីជ្រុំ និងឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង វិនិយោគសាងសង់ដោយក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China National Heavy Machinery Corporation របស់ប្រទេសចិន។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវអំណរសាទរចំពោះក្រុមហ៊ុនដែលបានសម្រេចចិត្តធ្វើការវិនិយោគគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលក្នុងអាណត្តិរបស់ឯកឧត្តម ឯកឧត្តមបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីជំរុញការផ្តល់ឥណទានសម្បទានដែលមានការប្រាក់ទាបពីប្រទេសចិនដល់វិស័យថាមពលកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធបណ្តាញជាតិ និងប្រព័ន្ធបណ្តាញចែកចាយអគ្គិសនីនៅតំបន់ជនបទ ហើយនិងខិតខំប្រឹងប្រែងបង្កលក្ខណៈក្នុងការឱ្យក្រុមហ៊ុនចិនមកវិនិយោគបន្ថែមទៀតក្នុងវិស័យថាមពលនៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យកម្ពុជាទទួលបានផ្លែផ្កាដ៏ត្រចះត្រចង់ ។

ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ននានា ថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងរ៉ែ និងថាមពល និង អស់លោក លោកស្រី អ្នកនាងកញ្ញា កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានអញ្ជើញចូលរួម ញ៉ាំងឱ្យពិធីថ្ងៃនេះប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងកាន់តែអធិកអធម។

វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ។ ខ្ញុំសូមបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភានេះ ព្រោះថាមពលអគ្គិសនីមិនមែនត្រឹមតែជាផលិតផលមួយដែលជាតម្រូវការសម្រាប់ប្រជាពលរដ្ឋបច្ចុប្បន្ននោះទេ តែក៏ជាផលិតផលមួយដែលត្រូវការចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យផ្សេងៗ ។  ដូច្នេះការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យបានត្រឹមត្រូវ រីកចម្រើនឆាប់រហ័សដើម្បីឈានទៅសម្រេចបាន “ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា” គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(១) ការវិវឌ្ឍនៃវិស័យអគ្គិសនីពឹងផ្អែកលើកត្តា២គឺ ទី១ បរិស្ថានអំណោយផល ទី២ គោលនយោបាយត្រឹមត្រូវ

នៅក្នុងរបាយការណ៍របស់ឯកឧត្តម កែវ រតនៈ បានបញ្ជាក់អំពីវឌ្ឍនភាពវិស័យអគ្គិសនីរបស់យើងដែលមានវត្ត​មាននៅក្នុងប្រទេសយើងតាំងពីឆ្នាំ ១៩០៦។ អញ្ចឹងមកដល់ម៉ោងនេះ យើងមានការវិវឌ្ឍច្រើន។ ខ្ញុំក៏សុំធ្វើការកោតសរសើរទៅដល់ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនី និងបណ្តាញពាក់ព័ន្ធទាំងអស់ទាំងរដ្ឋ ទាំងឯកជនដែលបានខិតខំចូលរួមចំណែកក្នុងការពង្រីកនូវការគ្របដណ្តប់ការផ្តល់សេវានេះ ។ នៅក្នុងរបាយការណ៍របស់ឯកឧត្តម កែវ រតនៈ អម្បាញ់មិញបានបញ្ជាក់ហើយ បងប្អូនទាំងអស់បានឮហើយ ការវិវឌ្ឍរបស់យើងមកដល់ម៉ោងនេះ គឺពឹងផ្អែកលើកត្តាធំៗ ២ កត្តាទី ១ គឺបរិស្ថានអំណោយផល កត្តាទី ២ គឺគោលនយោបាយត្រឹមត្រូវ។ ស្អីទៅបរិស្ថានអំណោយផល? បរិស្ថានអំណោយផលដែលធំបំផុត គឺសុខសន្តិភាពនិងស្ថេរភាពនេះឯង។

(២) តំបន់តាតៃជាកន្លែងលាក់ទ័ពសម័យសង្គ្រាម

អ្នកខ្លះឲ្យតែខ្ញុំនិយាយពីសុខសន្តិភាពស្ថេរភាព គេចោទពីភាពផ្តាច់ការតែម្តង។ បើគ្មានសុខសន្តិភាពទេ កុំនិយាយពីឡើងភ្នំដោយផ្លូវបេតុង ហើយមកអង្គុយនៅលើភ្នំ។ នៅតំបន់នេះគេហៅថា ភ្នំរះ។ តំបន់នេះ ពីដើមឡើយជាតំបន់អ្វី? អត់សូវមានប្រជាពលរដ្ឋមកដល់ទេ កុំថាឡើយជាប្រភពកសាងថាមពលដើម្បីជួយអភិវឌ្ឍភូមិឃុំនៅឫស្សីជ្រុំ។ បន្តិចទៀត (ថាមពលនេះ នឹងជួយដល់ការរីកលូតលាស់រហូត)តទៅតាតៃលើនិងជុំវិញកន្លែងនេះ។ បើយើងមើលប្រវត្តិនៅទីនេះ ជំនាន់វាយគ្នា … ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ជាកន្លែងប្រមូលទ័ពយកមកលាក់ កុំឲ្យទ័ព លន់ នល់ តាមកម្ទេច។​ ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ជាកន្លែងលាក់ទ័ព ដែលព្រឹទ្ធាចារ្យ សាយ ភូថង ជាមួយសម្តេចពិ​ជ័យ​សេនា ទៀ ​បាញ់ បានកែនទ័ពដើម្បីតស៊ូ។ ជាកន្លែងខ្មែរក្រហមតាមរក។ ការលាក់ទ័ពនៅកន្លែងនេះ បានជួយដល់ការបង្កើតជាកម្លាំងតស៊ូ … កន្លែង(នេះ)វេទនាណាស់។ សូម្បីតែពីក្រោយឆ្នាំ១៩៧៩ ក៏នៅតែជាកន្លែងវាយគ្នាដែរ។ មិនសូវមានប្រជាពលរដ្ឋ។ កន្លែងខ្មែរក្រហមធ្វើសកម្មភាពបាញ់ផ្សេងៗ។

(៣) រំលឹកដលឥស្សរជនសំខាន់ៗ ដែលបានតស៊ូរហូតបានបញ្ចប់សង្គ្រាម

មើលតែកន្លែងនេះមួយចុះ បើ​គ្មានសុខសន្តិភាព ប្រហែលជាគ្មានវត្តមានក្រុមបច្ចេកទេសនៅទីនេះទេ។ ទាហាន ប៉ូលីស ប៉េអឹម (ដែលមានវត្តមាន)នៅទីនេះ (បើជាពេលនោះ)ប្រហែលមិនមែនមកអង្គុយចូលរួមកម្មវិធីទេ។ បើមកក៏មកវាយគ្នាដែរ។ នាយទាហានយើងមួយចំនួនក៏អាចធ្លាប់ប្រយុទ្ធនៅទីនេះ … កាលពីដឹកទ័ពមកមួយកងពលលេខ៥​ មកនោះ ប្រហែលជាមិនបានផ្លូវបេតុងអញ្ចឹងទេ ហើយមិនមែនមកដើម្បីចូលរួមសម្ពោធទេ មែនទេ? មានទាំងគ្រុនចាញ់ របួសនិងស្លាប់ប៉ុន្មាន។ (ដែលយើងអាចធ្វើពិធីថ្ងៃនេះបាន) ហ្នឹងហើយផលនៃសន្តិភាព។ យើងត្រូវរំលឹកទៅដល់ឥស្សរជនសំខាន់ៗដែលខិតខំតស៊ូរហូតសម្រេចពីប្រទេសមានសង្រ្គាម មកបញ្ចប់​សង្រ្គាម … ទីនេះជាសក្ខីភាព។ នៅទីនេះមានព្រឹទ្ធាចារ្យ សាយ ភូថង, សម្តេចពិជ័យ ថ្នាក់ដឹកនាំឥស្សរជនយើងសំ​ខាន់ៗ ដែលចលនាតស៊ូរំដោះ

(៤) ក្រោយការអភិវឌ្ឍអគ្គិសនីឆ្នាំ១៩០៦, ដោយសារសង្គ្រាម ហេដ្ឋារចនាសម្ព័ន្ធដើរថយក្រោយរហូតឆ្នាំ ១៩៩៨

និយាយអំពីវិស័យថាមពល នៅក្នុងរបាយការណ៍ឯកឧត្តម កែវ រតនៈ បានលើកហើយ បើគ្មានសន្តិភាព ប្រទេសយើងនឹងធាក់ថយ។ អគ្គិសនីចាប់ផ្ដើមនៅឆ្នាំ ១៩០៦ ហើយអភិវឌ្ឍរហូតនៅក្នុងសម័យសង្គមរាស្ត្រនិយម … ទោះបីមិនគ្របដណ្ដប់ដូចយើងឥឡូវ(ដែលមានរហូតដល់) ៩៨% ទូទាំងប្រទេសក៏ដោយ ក៏កាលពីពេលនោះមានដំណើរការច្រើន។ មានអគ្គិសនីកម្ពុជាដំណើរការ។ ដោយសារសង្គ្រាម ហេដ្ឋារចនាសម្ព័ន្ធរបស់យើងក៏ដើរថយក្រោយរហូតដល់ឆ្នាំ១៩៩៨ ដែល(ពេលនោះ)មិនមានហេដ្ឋារចនាសម្ព័ន្ធដូងយើងឥឡូវទេ គឺដាច់ដោយដុំនិងទ្រុឌទ្រោមខ្លាំងណាស់។ មានពេលខ្លះ សូម្បីតែនៅរាជធានីភ្នំពេញនេះក៏មានភ្លើងអគ្គិសនីមិនបាន ២៤ម៉ោងដូចរាល់ថ្ងៃដែរ … (គ្រានោះ)កុំថាអ្នកនៅកោះកុង អ្នកនៅថ្មបាំង អ្នកឫស្សីជ្រុំ មានភ្លើង ២៤ម៉ោង សូម្បីតែនៅភ្នំពេញពេលនោះក៏អត់ទាន់មានដែរ។ តែពេលណាហើយយើងនិយាយពីផលសន្តិភាព គេថានិយាយតែពីសន្តិភាព។ អម្បាញ់មិញខ្ញុំនិយាយថាបើបាត់សន្តិភាព វាគ្មានលក្ខណៈអំណោយផល អ្វីដែលកសាងបានពីមុនមក វាក៏នឹងរលាយ វាថយក្រោយទៅវិញ។ មុនសង្គ្រាម រីកចម្រើន (មានសង្គ្រាម)វាថយក្រោយទៅក្រោយ។ អ្វីដែលអាចកសាងបាន ប្រែជាមិនអាចកសាងបានដោយមានការវាយប្រហារគ្នា … អត់ទៅមុខ។

(៥) ពីផលិតបាន ១៥០មេហ្កាវ៉ាត់/ឆ្នាំ១៩៩៨ មកផលិតបាន ៤៤៩៣មេហ្កាវ៉ាត់/ឆ្នាំ២០២២

តែ បើសិនជាមានសន្តិភាព តើនឹងមានអ្វីកើតឡើង? យើងបានផលជាក់ស្ដែងហើយ។ ពីឆ្នាំ១៩៩៨-២០២២ នេះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ក្នុងរបាយការណ៍សង្ខេបច្បាស់ហើយថា នៅក្នុងដំណាក់កាលប៉ុន្មានឆ្នាំនេះ តើយើងរីកស្អី? … សមិទ្ធផលជាក់ស្ដែង គ្រាន់តែអនុភាពផ្ដល់អគ្គិសនីឆ្នាំ១៩៩៨ យើងមានតែ ១៥០ មេហ្កាវ៉ាត់ នៅទូទាំងប្រទេស (គឺ)ស្មើនឹងកន្លែងដែលយើងធ្វើនេះ(តែ)មួយ។ គ្រាន់តែកន្លែងយើងធ្វើនៅខាងក្រោម ២៤៦ មេហ្កាវ៉ាត់ ច្រើនជាងនៅទូទាំងប្រទេសផង។ (ឆ្នាំ)១៩៩៨ យើងមានតែ ១៥០ មេហ្កាវ៉ាត់ ឥឡូវយើងឈានទៅដល់ ៤ ៤៩៥ (មេហ្កាវ៉ាត់) (តួលេខក្នុង)ឆ្នាំ២០២២។ បានន័យថាគ្របដណ្ដប់ ៣០ ដង។ យើងបានកសាងប្រព័ន្ធបញ្ជូនអនុស្ថានីយថ្នាក់ជាតិ ដែលកាលពីឆ្នាំ២០០៨ យើងមិនមាន … ជិត ៣ ៥០០គីឡូម៉ែត្រ។ មិនតិចទេ។ ជាខ្សែបញ្ជូនតង់ស្យុងខ្ពស់។ ៦៣ ស្ថានីយ ២៥ រាជធានីខេត្ត។ ខ្សែចែកចាយពីខ្សែតង់ស្យុងខ្ពស់ចូលជិត ៩ម៉ឺនគីឡូម៉ែត្រ … ហ្នឹងហើយសមិទ្ធផលដែលបានកើតឡើងដោយសារមានសន្តិភាព …។

(៦) អគ្គិសនីគ្របដណ្ដប់៩៨% នៃភូមិនៅទូទាំងប្រទេស ឬ ៣ ២៨០ ០០០ ខ្នងផ្ទះ

សារព័ត៌មានមួយ(ផូស្ត) ម្សៀចាស់វស្សាមួយនោះចេញមកទៀតហើយ (និងនិយាយថា)រដ្ឋាភិបាលកម្ពុជាគឺប្រជាភិថុតិ។ ធ្វើអីធ្វើជារូបភាព អត់មានពិតប្រាកដទេ។ ខ្ញុំឱ្យទៅសួរប្រជាពលរដ្ឋរាប់លាននាក់ ដែលមកលេងអុំទូកនៅ​ភ្នំពេញថា (ដែលមនុស្សកកកុញ)ហ្នឹង(ជាការ)ថតកុនឬអី? គាត់ទៅលេងសប្បាយ។ អ្នកអុំទូករាប់ម៉ឺននាក់ចូលមក។ ថ្ងៃនេះ មកសួរ​ … អ្នកឫស្សីជ្រុំ ហ្នឹងជាភ្លើងសិប្បនិម្មិតឬភ្លើងមែនទែន? មែនទែន។ មិនមែនគេថតកុនហើយយកទៅវិញទេ។ (ខ្សែតង់ស្យុងខ្ពស់)៨ម៉ឺន៩ពាន់គីឡូនេះ ជាសមិទ្ធផលជាក់ស្ដែង។ ប្រជាពលរដ្ឋបានភ្លើងប្រើជាក់ស្ដែង។ បើសិនជាអត់ភ្លើង សុទ្ធតែទូរស័ព្ទឆ្លាត បានអីដោត? … អញ្ចឹងសមិទ្ធផលជាក់ស្ដែង (គឺការផ្តល់ចរន្តអគ្គិសនីបាន)គ្របដណ្ដប់៩៨% នៃភូមិនៅទូទាំងប្រទេស បើគិតជាខ្នងផ្ទះមាន ៣លាន ២សែន ៨ម៉ឺនខ្នងផ្ទះ ដែលមានភ្លើងចូលទៅដល់ផ្ទះ … នេះហើយជាសមិទ្ធផលពិតប្រាកដ។ ពេលដែលយើងមានសន្តិភាព គឺ(មានការអភិវឌ្ឍដូច)នេះ …។

(៧) សុខចិត្តឱ្យក្រុមប្រឆាំងហៅថាផ្ដាច់ការ ជាជាងឱ្យប្រជាជនថាអត់មានសមត្ថភាព ឱ្យសង្គ្រាមកើតឡើង

អោយតែរដ្ឋាភិបាលនិយាយពីសន្តិភាពគឺ(ចោទថា)ស្មើនឹងផ្ដាច់ការ។ ឱ្យតែយើងនិយាយថាត្រូវតែខិតខំថែរក្សាសន្តិភាព ស្ថិរភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ជាការប្ដេជ្ញាចិត្ត គេតែងតែថា(ការធ្វើដូច)នេះគឺជាការផ្ដាច់ការ។ បើសិនជាការ​ប្ដេជ្ញាចិត្តថែរក្សាសន្តិភាពនិងស្ថិរភាពឱ្យប្រជាពលរដ្ឋ ហើយត្រូវបានគេចោទថាផ្ដាច់ការ ខ្ញុំសុខចិត្តឱ្យគេហៅខ្ញុំថាផ្ដាច់ការ ជាជាងឱ្យប្រជាជនចោទខ្ញុំថាអត់មានសមត្ថភាព ឱ្យសង្គ្រាមកើតឡើង (ធ្វើអោយមានការ)ស្លាប់ឡើងវិញ។ បើខ្ញុំប្ដេជ្ញាចិត្តការពារសន្តិភាព មិនឱ្យប្រជាពលរដ្ឋស្លាប់ មិនឱ្យប្រទេសដើរថយក្រោយ ដូចពេលដែលយើងបាត់សន្តិភាពកាលពីមុននោះ ហើយហៅខ្ញុំថាផ្ដាច់ការ ខ្ញុំសុខចិត្តទទួល។ ខ្ញុំមិនឱ្យប្រ​ជាជនចោទថារដ្ឋាភិបាលអាណត្តិទី៧ ដែល(បន្តគ្រប់គ្រងនិងការពារសមិទ្ធផលបន្តពី)រដ្ឋាភិបាលអាណត្តិមុនៗ ដែលខំតស៊ូបង្រួបបង្រួមជាតិ (ថាមិនមានសមត្ថភាពការពារសន្តិភាពនោះទេ) … អ្នកឫស្សីជ្រុំទើបនឹងស្គាល់ភ្លើងចូលមកដល់។ អ្នកតាតៃលើទើបនឹងស្គាល់ផ្លូវទៅដល់។ អាចមានបង្កើតអាជីវកម្ម បង្កើនសេដ្ឋកិច្ច បន្តិចទៀតកាន់តែរីកចម្រើន។ ខ្ញុំមិនឱ្យប្រជាជនចោទថារដ្ឋាភិបាលថ្មីគ្មានសមត្ថភាពថែរក្សាសេចក្ដីសុខជូនប្រជាជន ជាពិសេសសុខសន្តិភាពដែលបានដោយការលំបាកនិងការលះបង់ច្រើនណាស់របស់ជាតិយើង។ អ្នកឯងថាចុះ ចោទចុះ … អ្នកខ្លះថា ១០០ថ្ងៃនៃរដ្ឋាភិបាលថ្មី សុំទៅកាន់ទុក្ខ។ កាន់តែអ្នកឯងចុះ។ ប្រជាជនរាប់លាននាក់ទើបនឹងចប់បុណ្យអុំទូក ឥឡូវមក(បិទស្ទឹងនៅតាតៃលើ)នេះ តើមកកាន់ទុក្ខឬមកស​ប្បាយ? … (បើថា)កាន់ទុក្ខ  សូមគាត់ទៅ​ធ្វើខ្លួនឯងទៅចុះ។ ឯយើង មកសប្បាយទៅ …។

(៨) បន្តអភិវឌ្ឍអគ្គីសនី/វិស័យថាមពល ជាមួយការទទួលខុសត្រូវ ៣

ឥឡូវ គោលនយោបាយក្នុងវិស័យថាមពល ដែលយើងអភិវឌ្ឍអគ្គីសនីនេះ កន្លងទៅ និងបន្តទៅមុខទៀត យើងធ្វើការអភិវឌ្ឍនិងបន្តអភិវឌ្ឍដោយការទទួលខុសត្រូវ ៣ … ការទទួលខុសត្រូវ ទី១ គឺជំរុញជីវភាពរបស់ប្រជាពល​រដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចឱ្យដើរទៅមុខ។ នេះគឺជាការទទួលខុសត្រូវមួយដែលយើងបានធ្វើនិងបន្តធ្វើតទៅទៀត … ទី២ គឺគិតគូរអំពីផលប៉ះពាល់ទៅដល់មូលដ្ឋាន ទាំងបរិស្ថាន មនុស្សនិងសត្វទាំងអស់ … ទី៣ គឺក្នុងនាមជាប្រទេសមួយនៅក្នុងពិភពផែនដី ត្រូវធ្វើការអភិវឌ្ឍដែលចូលរួមថែរក្សាបរិស្ថាន ជាពិសេសជួយទប់នៅក្នុងការប្រែប្រួលអាកាសធាតុក្នុងពិភពលោក …

(៩) ជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ធ្វើអោយជីវភាពប្រជាពលរដ្ឋធូរធា

ការទទួលខុសត្រូវទី១ គឺរាជរដ្ឋាភិបាលមានភារកិច្ចដាក់គោលដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ ឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសបានកើនឡើង … ពីប្រទេសមានសង្គ្រាម ទៅជាប្រ​ទេសដែលមានសុខសន្តិភាពពេញលេញ ពីប្រជាពលរដ្ឋដែលគ្មានស្ថិរភាព កន្លែងដែលគ្មានសន្តិភាព ទៅជាកន្លែងដែលអាចអភិវឌ្ឍ ប្រជាពលរដ្ឋអាចរស់នៅបាន និងរីកចម្រើនបន្តទៅមុខទៀត។ ពីប្រទេសដែលក្រីក្របាតដៃទទេ ពី ៤០ឆ្នាំជាងមុន ទៅជាប្រទេសដែលមានជីវភាពចំណូលមធ្បមកម្រិតទាប។ យើងដាក់ទិសដៅដើម្បីឱ្យក្លាយទៅជាចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាជនគ្រប់កន្លែងទាំងអស់កាន់តែកើនឡើង …។

(១១) ការអភិវឌ្ឍវិស័យថាមពល គឺដើម្បីសំរួលជីវភាពរស់នៅនិងពង្រីកការអភិវឌ្ឍគ្រប់វិស័យ

ការអភិវឌ្ឍសេដ្ឋកិច្ចនេះ នៅក្នុងនោះគឺការអភិវឌ្ឍវិស័យថាមពលអគ្គិសនី … យើងដាក់គោលដៅជំរុញ(ការផលិត)អគ្គិសនី មិនត្រឹមតែសំរាប់ដោះស្រាយសេចក្តីត្រូវការសាកទូរស័ព្ទ បើក(ភ្លើង)ឱ្យកូនរៀនពេលយប់ជាជាងដុតប្រេងកាត ធ្វើអាជីវកម្មស្រួល ជាជាងទិញនិងបញ្ឆេះម៉ាស៊ីនភ្លើងមកទេ (តែគឺសំរាប់)គាត់ពង្រីកអាជីវកម្ម … អញ្ចឹងត្រូវការទាំងសំរាប់ជីវភាពរស់នៅ ទាំងសំរាប់ពង្រីកការអភិវឌ្ឍគ្រប់វិស័យ។ តិចណាស់ឥឡូវនេះដែលអត់ប្រើថាមពល … គ្រប់វិស័យទាំងកសិកម្ម ទាំងឧស្សាហកម្ម រោងចក្រផ្សេងៗ ទាំងទេសចរណ៍ សេវាកម្ម។ បើកអូតែលម៉េចបាន បើអត់មានភ្លើង ផលិតទឹកស្អាតម៉េចបាន វិស័យសន្តិសុខជាតិ ប៉ូលីស ទាហាន ប៉េអឹម ក៏ប្រើសុទ្ធ​តែប្រអប់ភ្លើង។ អញ្ចឹងជំរុញការអភិវឌ្ឍនេះគឺត្រូវអភិវឌ្ឍន៍វិស័យថាមពលឲ្យកាន់តែរឹងមាំ … បន្តពង្រីក(ការផលិត)ថាមពល …។

(១២) បន្តកសាងនិងរក្សាសន្តិសុខនិងឯករាជ្យភាពថាមពល ដើម្បីធានាការអភិវឌ្ឍ

សន្តិសុខថាមពល និងឯករាជ្យភាពថាមពល គឺជាអ្វីដែលយើងដាក់គោលដៅក្នុងការខិតខំ។ សន្តិសុខថាមពលធា​នាថាយើងអាចផលិតថាមពលខ្លួនឯងបាននៅពេលដែលចាំបាច់។ មួយវឹកកូវីដ ១៩ និងមួយវឹកសង្គ្រាមអ៊ុយក្រែន ដែល(តម្រូវការថាមពល)អគ្គីសនីនៅទូទាំងពិភពលោកកើន រហូតដល់ប្រទេសខ្លះដែលយើងទិញភ្លើងមក គាត់សុំកាត់បន្ថយ(បរិមាណផ្គត់ផ្គង់) ព្រោះ(មានកំណើនសេចក្តី)ត្រូវការនៅក្នុងប្រទេសរបស់គាត់។ បើសិនជាយើងគ្មានសមត្ថភាពផលិតភ្លើងនៅក្នុងស្រុក យើងចាំតែទិញភ្លើងពីក្រៅ គឺយើងនឹងជួបនឹងការប្រឈមដូចខាងលើមិនខាន … អគ្គិសនីហ្នឹងមិនអាចបាញ់តាមអ៊ិនធើណេតបានទេ ទាល់តែមានខ្សែបញ្ជូន។ អញ្ចឹងមានតែប្រទេសជិតខាង។ ប្រទេសខ្លះ ពេលដែលប្រទេសគាត់ត្រូវការកើនឡើង គាត់ត្រូវការបិទ(ការលក់ចេញទៅក្រៅ)។ មួយវិញទៀត គឺតម្លៃ។ បើសិនជាយើងពឹងផ្អែកទៅលើម៉ាស៊ីនភ្លើង បងប្អូនដឹងហើយថាប្រេងឡើងថ្លៃ … អញ្ចឹងបានយើងខិតខំរកប្រភពគ្រប់ទាំងអស់។

សន្តិសុខថាមពលនេះសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ សម្រាប់សេដ្ឋកិច្ច ដោយធានានូវស្ថេរភាព។ បានន័យថាកុំឲ្យឆេះមួយព្រឹក ល្ងាចដាច់ៗ។ អញ្ចឹងធ្វើអ្វីកើត? ម្យ៉ាងទៀត កុំឲ្យតែគេវាយគ្នានៅក្រៅ ភ្លើងយើងឡើងថ្លៃ ព្រោះយើងអត់មានស្អីនៅក្នុងខ្លួន។ អញ្ចឹងយើងខិតខំព្យាយាមទប់ ជាពិសេសការកសាងវារីអគ្គិសនីនេះ ដែលជាប្រភព(ថាមពល)មួយផលិតក្នុងស្រុក ហើយធានាស្ថេរភាព។ ប៉ុន្មានឆ្នាំនេះ ពេលដែលប្រទេសជិតខាងយើងតម្លើងថ្លៃប្រេង យើងមានលទ្ធភាពទប់បាន ទី១ ធានាការផលិតភ្លើងមិនអោយខ្វះ ទី២ តម្លៃសមរម្យ … អញ្ចឹងសន្តិសុខនេះសំខាន់ណាស់។ បើគ្មានសុវត្ថិភាព គ្មានសន្តិសុខខាងថាមពល យើងក៏គ្មានសន្តិសុខសេដ្ឋកិច្ច និងជីវភាពរស់នៅដែរ។ ជីវភាពរស់នៅ និងសេដ្ឋកិច្ចមួយភាគធំគឺពឹងផ្អែកទៅលើថាមពលអគ្គិសនីហ្នឹងហើយ។ អញ្ចឹងការធានានូវស្ថេរភាពនិងប្រសិទ្ធភាពនៅក្នុងការផលិតថាមពលអគ្គិសនី ជាអាទិភាពដែលត្រូវខិតខំបន្ថែម។

(អំពី)ឯករាជ្យភាពថាមពល … (យើងឃើញថា)កម្រ​មានប្រទេសណាដែលអាចផ្គត់ផ្គង់ថាមពលខ្លួនឯងបាន(ដោយខ្លួនឯងនៅ)លើពិភពលោក ព្រោះជួនកាលប្រជាពលរដ្ឋកាន់តែកើន។ ទោះជាយ៉ាងណា ក៏យើងខិតខំពង្រីកសមត្ថភាពខ្លួនឯងដល់កម្រិតណាមួយ។ បើសិនជាហានិភ័យត្រូវកាត់ផ្តាច់អីទាំងអស់ពីខាងក្រៅ យើងក៏មានសមត្ថភាពផ្គត់ផ្គង់ដំណើរការសំខាន់ ជាពិសេសជីវភាពរស់នៅ មន្ទីរពេទ្យជាដើមដោយខ្លួនឯង។ នេះហើយដែលខ្ញុំនិយាយថាសន្តិសុខថាមពលនិងឯករាជ្យភាពថាមពល ជាទិសដៅត្រូវបន្តដើម្បីធានាការអភិវឌ្ឍ …។

(១៣) ក្រៅពីចេញខាត រដ្ឋត្រៀមឧបត្ថម្ភធន ១០០ លានដុល្លារ ទប់ថ្លៃអគ្គិសនី

បងប្អូនដឹងទេ … ប្រទេសណាស់តម្លើងថ្លៃអគ្គិសនី សូម្បីតែប្រទេសជិតខាងយើង … នៅសាំងហ្គាពួរថ្ងៃមុនគាត់តម្លើងថ្លៃប៉ុន្មានភាគរយ ហើយបើនៅអង់គ្លេសដែលខ្ញុំធ្លាប់រៀននៅហ្នឹង សួរមិត្តភក្តិដែលនៅហ្នឹងថាឡើងថ្លៃខ្លាំងមែនទែន។ ហេតុអ្វីបានប៉ុន្មានឆ្នាំនេះ នៅកម្ពុជាយើងធានាបាននូវការមិនឡើងថ្លៃ មិនតែប៉ុណ្ណោះនៅអាចធា​នាទម្លាក់ថ្លៃភ្លើងមួយចំនួន ដូចឯកឧត្តម កែវ រតនៈ (បានលើកឡើងថា)យើងអាចទម្លាក់(ថ្លៃដើម្បី)លើកទឹកចិត្ត (ទោះ)មិនបានច្រើនក៏ដោយ គឺមានថេរវេលា ៣ ខែសម្រាប់វិស័យកសិកម្ម ឧស្សាហកម្មមួយចំនួន។ ឥឡូវយើងកំពុងគិតមើលក្នុងវិស័យទេសចរណ៍ ដើម្បីទម្លាក់(ថ្លៃ)ទៅលើអ្នកដែលប្រើប្រាស់ ជួយលើកទឹកចិត្តគាត់ឲ្យប្រើច្រើន។ សួរថារដ្ឋខាតឬចំណេញ? រដ្ឋអត់ចំណេញទេ។ ក្នុងប៉ុន្មានឆ្នាំនេះ រដ្ឋខាត។ ក្រៅពីខាតឆ្នាំនេះ យើងគ្រោង ១០០ លានសម្រាប់ឧបត្ថម្ភធន (ដូច)ដែលឯកឧត្តម កែវ រតនៈ និយាយ។ ការឧបត្ថម្ភធន១០០ លានដុល្លារនេះ សំរាប់ធ្វើអ្វី? គឺសម្រាប់យកទៅទប់ថ្លៃភ្លើងឲ្យប្រជាពលរដ្ឋប្រើប្រាស់ … រដ្ឋសុខចិត្តខាតកន្លែងខ្លះដើម្បីឲ្យប្រជាពល​រដ្ឋបានថ្លៃភ្លើងទាប។ យើងឲ្យអាទិភាព ២។ ខ្ញុំ(ជ្រើស)យកគោលនយោបាយគិតគូរពីប្រជាពលរដ្ឋ។

(១៤) រដ្ឋសុខចិត្តខាត ដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជន និងរក្សាលំនឹងការអភិវឌ្ឍសេដ្ឋកិច្ច

ដែលប្រទេសនានាតម្លើងថ្លៃអគ្គីសនី យើងបានប្រឹងប្រែងរក្សា(ថ្លៃដដែល ដោយ)រដ្ឋសុខចិត្តខាត ប៉ុន្តែអនុវត្តគោលដៅ ទី១ ជួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កុំឲ្យគាត់មានការលំបាក … ទី២ ជួយរក្សាលំនឹងនិងស្ថេរ​ភាពការអភិវឌ្ឍសេដ្ឋកិច្ចតាមវិស័យផ្សេងៗដែលអាចនឹងដំណើរការបានល្អបើសិនជាថ្លៃភ្លើងទាប។ ពិសេស​ក្នុងដំណាក់កាលកូវីដ១៩ និងក្រោយកូវីដ១៩ នេះ(មាន)ការលំបាក។ ហ្នឹងហើយដែលយើងហៅថាគោលនយោបាយត្រឹមត្រូវ ដែលយើងត្រូវធ្វើការអភិវឌ្ឍវិស័យអគ្គិសនីដើម្បីជួយដល់ប្រជាពលរដ្ឋ។ មិនមែនសិប្បនិម្មិតទេ។ ធ្វើមែនទែន។ (ខ្សែបញ្ជូនតង់ស្យុងខ្ពស់ជាង)៨ម៉ឺនគីឡូ មិនមែនតែខ្សែធំៗ (ដែល)ឃើញបង្គោលខ្ពស់ៗ ស្អាតហ្នឹងទេ។ ខ្សែហ្នឹងតង់ស្យុងខ្ពស់ពី ១១៥ ទៅ៥០០ គីឡូវ៉ុល ហើយចូលមកមានបណ្តាញរង អនុស្ថានីយ៍រង … រហូតដល់បណ្តាញចែកចាយ ខ្សែអូសចូលផ្ទះយើង មានជិត ៩ ម៉ឺនគីឡូម៉ែត្រ។ ត្រូវបន្តធ្វើទៀត ព្រោះឥឡូវយើងចែកចាយបាន ៩៨% ជាង។ នៅសល់ ១% ដែល ១% ហ្នឹងកុំឲ្យសល់ ដាក់ផែនការធ្វើឲ្យបាន។ មិនមែនធ្វើប៉ុណ្ណឹងចប់ទេ ព្រោះតិចទៀតផ្ទះរីក …។

(១៥) គោលការណ៍និងផែនការណ៍ ៦ចំណុច ជម្រុញវិស័យអគ្គិសនី

យើងមានអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ អគ្គិសនីនេះសំខាន់សម្រាប់ទ្រទ្រង់។ អញ្ចឹងសម្រាប់អាណត្តិទី៧ នេះ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយបន្តនិរន្តភាពនៃការវិវត្តន៍វិស័យអគ្គិសនី៖

ទី១ បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនី ធ្វើយ៉ាងណាឲ្យគ្រប់ទីកន្លែងនៅកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់។ ដោយឡែក ខ្ញុំស្នើក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជានិងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយធ្វើយ៉ាងណាផ្គត់ផ្គង់អគ្គិសនីអោយដល់ភូមិជាង ១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ឲ្យទទួលបានអគ្គិសនីប្រើប្រាស់មុនឆ្នាំ២០៣០ នេះ។ ត្រូវធ្វើឲ្យបាន។

ទី២ បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់អតិថិជនប្រើប្រាស់អគ្គិសនីឲ្យកាន់តែទំនើប កាន់តែស្រួល ​ទាំងកាទទួលសេវា សង្គតិភាព តម្លៃក៏ចុះ ការបង់ថ្លៃក៏ស្រួល។ កុំឲ្យតម្លៃចុះ ប៉ុន្ដែការបង់មានការពិបាក។ បង់តាមអនឡាញអីទៅ កុំឲ្យប្រជាពលរដ្ឋ(ពិបាក)ជិះ ម៉ូតូ ឡានទៅបង់នៅប៊ុយរ៉ូ។ បន្ដិចទៀតអ៊ីនធឺណែតចូលមកបង់តែតាមទូរស័ព្ទបន្ដិចហើយបាត់។ ភ្លើងក៏ចុះ ភ្លើងក៏តដល់តម្លៃកាន់តែសមរម្យ​កាន់តែស្រួលទទួលសេវា ហើយធានាបាន ទាំងនេះហើយជាគោលដៅ។

ទី៣ បន្ដការពិនិត្យលទ្ធភាពផ្ដល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឲ្យកាន់តែទាបជាងមុន ដើម្បីសំរួល ដល់ប្រជាពលរដ្ឋ។ យើងបានធ្វើកន្លងមកហើយតាំងពី(តំលៃ) រាប់ពាន់រៀល រហូតចុះមកដល់រាប់រយកន្លែង​ខ្លះ។ យើងចុះមកច្រើន … អញ្ចឹងបានខំពង្រីកប្រភពដែលធានាលំនឹងឲ្យបានច្រើន …។

… ប្រជាពលរដ្ឋនៅកន្លែងនេះ ទី១ មានប្រភពទឹកស្អាតទឹកសាបកាន់តែល្អ។ កាលពីមុននោះ ទឹកប្រៃឡើងមកច្រើន។ ដល់អញ្ចឹងការធ្វើស្រែចំការ(ពិបាក)។ ឥឡូវជួយដំឡើងប្រភពទឹកសា្អតនៅខាងក្នុងស្រួលធ្វើការ។ ទី២ ធានានូវចរន្តអគ្គីសនីដែលមាននិរន្ដរភាព និងទី៣ ធានាតម្លៃ​។ ទោះគេឡើងថ្លៃប្រេង ថ្លៃធ្យូង(ថ្ម) ម៉េចក៏ដោយ នៅនេះប្រើទាំងទឹកប្រើទាំងភ្លើង។ យើងធានាបានហើយឈានដល់ការខិតខំបន្ធូរតម្លៃ។ គម្រោងនីមួយៗ ត្រូវឆ្លងកាត់ច្រើន(ដំណាក់កាល) មុននឹងយើងអនុម័ត ទាំងវារីអគ្គិសនី ទាំងសូឡា ទាំងអីទាំងអស់ កិច្ចការសំខាន់គឺចរចាតម្លៃ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចរចាតម្លៃដើម្បីកុំឲ្យតម្លៃវាខ្ពស់។ ថ្ងៃក្រោយយើងអាចធានានូវតម្លៃជូនប្រជាពលរដ្ឋ។ យើងធ្វើមិនមែនធ្វើឲ្យតែថាបានភ្លើងមកប៉ុន្មានគីឡូវ៉ាត់ទេ (អ្វី)ដែលសំខាន់បានភ្លើងមកដល់ផ្ទះ ប្រជាពលរដ្ឋ បានប្រជាពលរដ្ឋប្រើប្រាស់ស្ថេរភាព លំនឹង ហើយនិងតំលៃកាន់តែធូរសមរម្យ។ នេះជាគោលដៅធំ​សំរាប់យើង។ រោងចក្រ សហគ្រាស បាន(ថាមពលអគ្គីសនីតម្លៃទាប)នេះ យកទៅ(ប្រើ ដើម្បី)កុំឲ្យកើនតម្លៃផលិត។ ជួយទប់តំលៃដើមផលិតឲ្យកាន់តែ​មានប្រសិទ្ធភាព ដើម្បីគាត់ពង្រីកអាជីវកម្ម បង្កើតការងារ បង្កើតសេដ្ឋកិច្ចជូនជាតិ។ នេះជាគោលដៅរបស់យើង។

ទី៤ ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូន ស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន។

ទី៥ ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី, និង

ទី៦ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល

នេះជាគោលការណ៍និងផែនការបន្ដរបស់រាជរដ្ឋាភិបាលអាណត្ដិទី៧ ដែលបានកសាងនិងត្រៀមអនុវត្ដបន្ដ កសាង​មូលដ្ឋានអគ្គិសនីកម្ពុជាឲ្យរីកចំរើន … ជំរុញបន្ដទៀតសមិទ្ធផលដែលយើងបាន(កសាងកន្លងមក)។

(១៦) ការសិក្សានិងគិតគូរពីផលប៉ះពាល់ធ្វើអោយការកសាងវារីអគ្គិសនីប្រើពេលវែង

ចូលដល់ការទទួលខុសត្រូវទី២ គឺការគិតគូរពីផលប៉ះពាល់បរិស្ថាន និងមនុស្សនៅក្នុងតំបន់អភិវឌ្ឍន៍ និងដែលពាក់ព័ន្ធនៅក្នុង​ប្រទេសរបស់យើង។ ពិតណាស់យើងត្រូវការអគ្គិសនី។ យើងត្រូវការអគ្គីសនីដែលយើងផលិតខ្លួនឯង មិនចាំបាច់ពឹងដង្ហើមគេដក។ បា​នន័យថាប្រសិនបើយើងអត់មានប្រភពធ្វើអគ្គិសនី​ខ្លួនឯង យើងទិញពីក្រៅប្រទេស ដោយនាំចូល។ យើងពឹងដង្ហើមគេដក។ ថ្ងៃណាមួយប្រទេសជិតខាង (មាន)បញ្ហាណាមួយគាត់ផលិតលែងបាន ឬគាត់ជាប់ដោះស្រាយបញ្ហា ឬមួយកាត់បន្ថយ(ការផ្គត់ផ្គង់) ឬក៏ដំឡើងថ្លៃ​យ៉ាងម៉េច ហើយយើងមិនមានសមត្ថភាព(ផលិត)ខ្លួន​ឯង យើងនឹងមានគ្រោះថ្នាក់។ អញ្ចឹង ការទទួល​សុខត្រូវទី១ ត្រូវធ្វើ(ខ្លួនឯង) ប៉ុន្ដែការអភិវឌ្ឍយើងត្រូវគិតគូរពីផលប៉ះពាល់ នៅក្នុង​ការអភិវឌ្ឍមួយៗ។

ជាក់ស្ដែង គម្រោង​វារីអគ្គិសនីមួយៗមុននឹងបានចេញជារូបរាងពីការគិតគូរចាប់ផ្ដើម រហូតដល់សាងសង់ បើប្រើពេល ១៨ ឆ្នាំ ទម្រាំបានចេញ។ ដោយសារអី្វ? ត្រូវការរយៈពេល២ ទៅ៤ ឆ្នាំ គិតគូរពីផលប៉ះពាល់បរិស្ថាន។ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជជែកគ្នា ពិគ្រោះគ្នា តើវាប៉ះពាល់អ្វីខ្លះនៅក្នុងមូលដ្ឋាន? ប៉ះពាល់ព្រៃឈើ ប៉ះពាល់អេកូឡូស៊ី ហើយប៉ះពាល់ប្រជាពលរដ្ឋ។ សំខាន់ប្រជាពលរដ្ឋនៅកន្លែងហ្នឹងប៉ះពាល់ស្អីខ្លះ។ ផលដែលបានពីការវិនិយោគ ផលិតភាព​សេដ្ឋកិច្ចនិងសង្គមដល់ប្រជាពលរដ្ឋ តើវាសមស្របជាមួយនឹងផលប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋ ហើយត្រូវជួយគាត់យ៉ាងម៉េច។ កន្លែងខ្លះត្រូវការយូរឆ្នាំដើម្បីសិក្សា។ នៅកន្លែងនេះអត់មានប្រ​ជាពលរដ្ឋ យើងត្រូវគិតពីបរិស្ថាន ព្រៃឈើ និងសត្វដែលនៅទីនេះ។ តើវាប៉ះពាល់ស្អីខ្លះ? យើងគិតសព្វគិតគ្រប់។ មិនមែនក្រុមហ៊ុន​មួយទៅសុំសម្ដេចតេជោកាលពីលោកជានាយករដ្ឋមន្ដ្រី ហើយឥឡូវត្រូវមកឆ្លងខ្ញុំ គ្រាន់​តែថាយក​គម្រោងលើក្រដាស់មួយចុះមកគូសវាសសុំគោលការថាគំរោងហ្នឹងល្អអញ្ចេះៗ ហើយឯកភាពនិងចុះមកឈូសឆាយនោះទេ។ មិនមែនតែគម្រោងវារីអគ្គិសនីទេ។ គំរោងទាំងអស់យើងត្រូវទទួលខុសត្រូវជូនប្រជាពលរដ្ឋ។

(១៧) ទម្រាំទទួលបានវារីអគ្គិសនីមួយ ចំណាយពេល១៨ ឆ្នាំសិក្សាពីផលប៉ះពាល់និងនីតិវិធីសាងសង់

នៅទីនេះ យើងចំណាយ(ពេល)តាំង២០១៩ ដើម្បីសិក្សា គឺមុនកូវីដ១៩ … ទើបយើងចាប់ផ្ដើម(សាងសង់) ព្រោះ ទី១ សិក្សាផលបរិស្ថានទាក់ទងជាមួយក្រសួងស្ថាប័នជំនាញទាំងអស់ ទាក់ទងជាមួយអាជ្ញាធរមូលដ្ឋានដែលជាតំណាងប្រជាពលរដ្ឋ ជជែកគ្នាឲ្យអស់។ ចប់ពីនឹង ចរចារឿងបច្ចេកទេស។ សង់យ៉ាងម៉េចដើម្បីឲ្យកាត់បន្ថយផលប៉ះពាល់។ ត្រូវចរចារឿងហិរញ្ញវត្ថុថាធ្វើម៉េចពេលដែលផលិតទៅត្រូវជួយដល់ប្រជាពលរដ្ឋផ្ដល់ភ្លើងដោយ​តំលៃសមរម្យ មិនមែនផ្ដល់ភ្លើងដោយតម្លៃដែលពិបាកទទួល មិនបានផលដល់ប្រជាពលរដ្ឋនោះទេ។ អញ្ចឹងទម្រាំចាប់ផ្ដើមកសាង ប្រើប្រាស់រយៈពេល ៤ ទៅ ៥ ឆ្នាំទៀត។ បូកសរុបទៅ ១៨ ឆ្នាំទម្រាំបានវារីអគ្គិសនីមួយ។ នៅទីនេះដូចគ្នាបងប្អូនប្រជាពលរដ្ឋ។ នេះហើយជាការទទួលខុសត្រូវ ហើយរាជរដ្ឋាភិបាលអាណត្ដិទី៧ នេះក៏នឹងបន្ដអនុវត្ដនូវគោលការណ៍នេះ។

(១៨) រាជរដ្ឋាភិបាលអាណត្ដិទី៧ បន្ដគោលការណ៍មិនសាងសង់វារីអគ្គិសនីតាមបណ្ដោយដងទន្លេមេគង្គ

កាលពីអាណត្ដិទី៦ (ក្រោមការដឹកនាំនៃ)សម្ដេចតេជោ រាជរដ្ឋាភិបាលបានសំរេចថាយើងនឹងមិនធ្វើវារីអគ្គិសនីដែលនៅលើដងទន្លេមេគង្គទេ ទោះបីជាកន្លែងនឹងវាអំណោយផលយ៉ាងម៉េច ក៏យើងនឹងមិនធ្វើដែរ … ដើម្បីកុំឲ្យប៉ះពាល់បរិស្ថានអេកូឡូស៊ីតាមបណ្ដោយទន្លេមេគង្គ និងទន្លេសាប … រាជរដ្ឋាភិបាល​អាណត្ដិទី៧ នឹងបន្ដអនុវត្ដគោលការណ៍មិនកសាងនិងអភិវឌ្ឍវារីអគ្គិសនីណានៅតាមបណ្ដោយ​ទន្លេមេគង្គនោះទេ … យើងត្រូវការអគ្គីសនីដើម្បី(បំរើអោយការ)រីកចំរើន តែយើង​រកមើលកន្លែងណាដែលការសាងសង់មានការប៉ះពាល់គ្រប់គ្រងបាន ព្រោះពិតណាស់ការសាង​សង់នៅកន្លែងណាក៏មានផលប៉ះពាល់ដែរ។ នៅអាមេរិក កាណាដា ប្រទេសដែលធ្វើវារីអគ្គិសនីច្រើនជាងគេ … ក៏តែងតែមានការប៉ះពាល់ដែរ … អម្បាញ់មិញ ឃើញវាលដែលកាលពីមុនមានដើមឈើ … យើងសម្អាតកន្លែងនេះ។ យើងត្រូវដាំដើមឈើឡើងវិញកន្លែងណាដើម្បីព័ទ្ធ … ជុំវិញនឹងការពារ(ព្រៃឈើ)បានច្រើន។ ថវិកាដែលយកមកដាំ(ដើមឈើ) កន្លែងណាផ្សេងៗទៀត អាហ្នឹងគឺពាក់ព័ន្ធនឹងការចរចានឹងឯង។ ប៉ុន្ដែសំខាន់បំផុតនៅកន្លែងហ្នឹង ប្រសិនបើវាប៉ះពាល់ដល់សត្វអីកន្លែងណា ពិនិត្យមើលជួយសំរួលយ៉ាងម៉េច ផ្លូវដំរីអីយ៉ាងម៉េច ធ្វើដើម្បីឱ្យមនុស្សក៏បានផល បរិស្ថានក៏ត្រូវការពារ … ជាពិសេសត្រូវគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ថាមានការប៉ះពាល់យ៉ាងម៉េច? … ខ្ញុំក៏សូមអរគុណដល់ប្រជាពលរដ្ឋរបស់យើង អ្នកឫស្សីជ្រុំ ឥឡូវអ្នកនៅតាតៃលើ នៅ ជំនាប់ នៅឃុំប្រឡាយ។

(១៩) មូលហេតុមិនបានជំរុញការតបណ្តាញ នាឆ្នាំ២០១៥ ទៅឃុំតាតៃលើ ជំនាប់ និងឃុំប្រឡាយ

ខ្ញុំសូមយកឱកាសនេះប្រកាសចុះជាផ្លូវការ ទោះបីជាបានធ្វើមួយជំហានទៅហើយ។ រាជរដ្ឋាភិបាល តាមរយៈអគ្គីសនីកម្ពុជា នឹងជំរុញការបន្តបណ្តាញប្រព័ន្ធជូនដល់ប្រជាពលរដ្ឋនៅឃុំតាតៃលើ ជំនាប់ ឃុំប្រឡាយ នៅស្រុកថ្មបាំងនេះ ដែលយើងកសាងវិនិយោគជាង ៨០ម៉ឺនដុល្លារ ៣៣គីឡូម៉ែត្រ ដើម្បីរុញភ្លើងឱ្យដល់ផ្ទះប្រជាពលរដ្ឋ។ ចាំ ៨ឆ្នាំ ហើយមែនទេ? ៨ឆ្នាំ ហ្នឹងមានហេតុផល។ តាមពិតភ្លើងត្រូវបាន ៨ឆ្នាំមុន … តែពេលនោះ តាមរបាយការណ៍អគ្គិសនីកម្ពុជាគឺយើងមានការសិក្សាដើម្បីរុញបណ្តាញ ៣៣គីឡូនេះទៅ ប៉ុន្តែមានខាងសកម្មជនបរិស្ថានមួយចំនួនបានពន្យល់បងប្អូនថា កុំឱ្យជឿទុកចិត្តទៅលើរដ្ឋាភិបាល ដាក់បណ្តាញហ្នឹងមកអាចគ្រោះថ្នាក់ … អញ្ចឹងប្រជាពលរដ្ឋក៏បដិសេធ។ នៅតាមឃុំមួយចំនួនមិនមែនទាំងអស់ទេ។ មានបងប្អូនមួយចំនួនថាដោយសារព្រួយបារម្ភ មិនមែនបន្ទោសទេ។ ការព្រួយបារម្ភជាការចាំបាច់ ហើយរដ្ឋាភិបាលត្រូវគិតគូរ។ អញ្ចឹង២០១៥​ យើងអត់បានសាងសង់ទេព្រោះប្រជាពលរដ្ឋមានកង្វល់ ដោយសារមានសកម្មជនបរិស្ថានមួយក្រុម មានទាំងបរទេសទៀតមកប្រាប់ថា “កុំជឿរដ្ឋាភិបាល។ គ្មានបានផលអីទេ។ ទុកអញ្ចឹងទៅ។ បងប្អូននៅអញ្ចឹងល្អជាង។ បញ្ឆេះម៉ាស៊ីនភ្លើង ដោះស្រាយជាក់ស្តែងទៅ”។

អញ្ចឹង ២០១៥ ដល់ពេលនេះមានរយៈពេល ៨ឆ្នាំ។ យើងអត់ធ្វើអីទាំងអស់ ដោយសារកង្វល់របស់ប្រជាជន។ យើងត្រូវគិតគូរពីកង្វល់របស់ប្រជាជន តើវាអាចប៉ះពាល់យ៉ាងណា? ប៉ុន្តែនៅមុនបោះឆ្នោតពីពាក់កណ្តាល ២០២៣ នេះ ប្រជាពលរដ្ឋអ្នកមកពីឃុំទាំង ៣នេះ តាតៃលើ ជំនាប់ និងឃុំប្រឡាយ? … ឥឡូវប៉ុន្មាននាក់ដែលចង់ឱ្យអូសភ្លើងទៅដល់? មើលសុំលើកដៃឱ្យខ្ញុំបន្តិច? អូ!  អញ្ចឹងពិតមែនហើយណា … ទេកុំឱ្យអគ្គិសនីកម្ពុជារាយការណ៍មករដ្ឋាភិបាលថាប្រជាជនចង់បាន តែការពិតអត់ចង់បាន។ ឥឡូវចង់បានមែនទែន? ចង់មែនទែន។ ឥឡូវខ្ញុំសូមប្រកាសជាផ្លូវការ … តាមរយៈអគ្គិសនីកម្ពុជា រដ្ឋាភិបាលសម្រេចផ្តល់ជូនតាមសំណើ(បណ្តាញចរន្ត)ខ្សែ ៣៣គីឡូនេះ ហើយធ្វើម៉េចរុញភ្លើងទៅដល់ឃុំទាំងបីខាងលើនេះក្នុងពេលឆាប់ៗ។ ត្រូវធ្វើម៉េចឱ្យប្រជាពលរដ្ឋបានទទួលផល ហើយប្រជាពលរដ្ឋយល់ថាផលដែលគាត់ទទួលបាននេះនឹងជួយដល់គាត់ដើម្បីអភិវឌ្ឍមិនមែនយកសម្រាប់ល្អមើល ជួយដល់ក្រុមហ៊ុនដើម្បីចំណេញ ហើយអត់បានផលដល់គាត់នោះទេ។

អញ្ចឹងខ្ញុំគិតថាប្រជាពលរដ្ឋប្រហែលជាអ្នកតាតៃលើអាចឃើញអ្នកឫស្សីជ្រុំ បានភ្លើង ហើយអាចប្រៀបធៀបបានថាបើយើងចង់រីកចម្រើនក្នុង ភូមិ/ឃុំ មានលទ្ធភាពធ្វើអាជីវកម្មក្នុងគ្រួសារ ឬមួយក៏សុំតែឱ្យមានភ្លើងឱ្យកូនរៀនពេលយប់ហ្នឹង យើងត្រូវការភ្លើងអគ្គិសនីដែលអាចផ្គត់ផ្គង់បាន ២៤ម៉ោង តម្លៃថោក។ យើងបានសាកល្បងហើយ ប្រើសូឡាតូចៗយកមក ឬមួយក៏ទិញម៉ាស៊ីនតូចៗ ទិញប្រេងទិញអីយកមកចាក់ដើម្បីបញ្ឆេះ ប្រៀបធៀបជាមួយឃុំជិតនេះមានអគ្គិសនី។ បងប្អូនប្រហែលជាអាចយល់ហើយ។ អម្បាញ់មិញខ្ញុំសួរថាឥឡូវចង់បានការអភិវឌ្ឍរបស់រដ្ឋាភិបាល និងវិស័យអគ្គិសនីរុញទៅដល់បងប្អូននេះ ប្រាកដជាឃើញផលពិតប្រាកដនៃគោល​នយោបាយ និងការកសាងជាក់ស្តែងជូនប្រជាពលរដ្ឋហើយ ទើបបានបងប្អូនលើកដៃ … ខ្ញុំសូមអរគុណ។ រដ្ឋាភិបាលមិនធ្វើប្រជាភិថុតិទេ។ អ្នកដែលធ្វើប្រជាភិថុតិ គឺអ្នកដែលទៅឃោសនា អំពាវនាវថាកុំ(ឱ្យបងប្អូន)ទទួល។ រួច ហើយទៅបាត់។ ស្រុកគាត់នៅក្រៅប្រទេសឯណោះ … ខ្ញុំមិនបន្ទោស ខ្ញុំមិនផ្ចាញ់ទេ។ ខ្ញុំក៏មិនថាបងប្អូនគិតខុសដែរ។ កង្វល់របស់បងប្អូនគឺជាអ្វីដែលយើងត្រូវគិត។ ឆ្នាំ ២០១៥ បងប្អូនកង្វល់ពីរឿងមួយចំនួន … បងប្អូនក៏មានការ​មិនទុកចិត្តទៅលើប្រព័ន្ធ ព្រោះពេលនោះឫស្សីជ្រុំក៏ដូចអត់ទាន់បានផលដែរ។ អ្នកឫស្សីជ្រុំ ២០១៥ ដូចអត់ទាន់បានភ្លើងអីស្រួលបួលប្រើដូចឥឡូវទេ …។

(២០) ទាញផលពីវារីអគ្គីសនីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ធ្វើឱ្យថ្មបាំងក្លាយ​ជាស្រុកដែលរីកចម្រើន មានទេសចរ និងការអភិវឌ្ឍផ្សេងៗ

ដោយសារបងប្អូនជឿទុកចិត្ត ផ្តល់នូវយុត្តិធម៌ ហើយជឿនិងឃើញពិតប្រាកដថាតើការអភិវឌ្ឍនិងតបណ្តាញថាម​ពលអគ្គិសនីទៅដល់ឃុំរបស់បងប្អូន ប្រៀបធៀបជាមួយនឹងការមិនបានតបណ្តាញអគ្គីសនីទៅដល់នោះ តើមួយណាផលជាងសម្រាប់បងប្អូន? គឺប្រាកដជាការទទួលបាននូវបណ្តាញជាតិ ដើម្បីបងប្អូនអាចទទួលផលបានដូចអ្នកជិតខាងផ្សេងទៀតនៅឃុំជិតនេះដើម្បីអភិវឌ្ឍខ្លួនហើយ។ ខ្ញុំសូមអបអរសាទរ ហើយអរគុណផងចំពោះការទុក​ចិត្តនេះ។ ៨ឆ្នាំ បើបាន ២០១៥ មកប្រហែលជាបានច្រើន តែពាក្យខ្មែរថា « ស៊ូយឺតជាជាងអត់» មែនទេ? សន្តិភាពយើងបាត់ ៥០០ឆ្នាំ យឺតណាស់នៅក្នុងការកសាង ប៉ុន្តែមកដល់ម៉ោងនេះយើងសម្រេចបាន(សន្តិភាពនិងការអភិវឌ្ឍជាមូលដ្ឋាន)។ អញ្ចឹង ស៊ូមានសន្តិភាពក្រោយ ៥០០ឆ្នាំនៃការផ្ទុះសង្គ្រាម ជាជាងអត់រហូត។ ពេលនេះ រួមគ្នាថែរក្សាឱ្យបាន។ ថាមពលក៏ដូចគ្នា។ ពីមុន(នេះជា)កន្លែងវាយគ្នា។ មិនមានអីទេ។ ឥឡូវបានហើយ។ សូមជួយថែរក្សា ផ្តល់ការគាំទ្រ ហើយទាញផលពីនោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរីកចម្រើន … ឱ្យថ្មបាំងក្លាយ​ជាស្រុកដែលរីកចម្រើន ស្រុកដែលមានលទ្ធភាពទេសចរណ៍ និងសក្តានុពល ព្រមទាំងការអភិវឌ្ឍផ្សេងៗទៀត។ កុំឱ្យនៅជាស្រុកដែលពិបាក ជាកន្លែងដែលចិញ្ចឹមមនុស្សគេចពីការសម្លាប់គ្នាពីជំនាន់ឆ្នាំ៧០ ពីកន្លែងដែលបញ្ជូនកម្លាំងចូលមកដើម្បីវាយគ្នា ដេញបាញ់គ្នារហូតដល់ឆ្នាំ ១៩៩៧ ១៩៩៨ ទៅជាកន្លែងដែលប្រជាពល​រដ្ឋអាចធ្វើដំណើរទៅមកស្រួល មានអ្នកពីក្រៅមកលេង និងអ្នកពីក្នុងចេញទៅក្នុងស្រុក ហើយមានការងារនៅច្រើនទៀតនៅទីនេះ

(២១) កសាងបណ្តាញ ៣៣ គីឡូម៉ែត្រជូនអ្នកទទួលផលបច្ចុប្បន្ន ៦៦៣ គ្រួសារ

សូមបងប្អូនផ្តល់ការគាំទ្រដល់ការកសាងប្រព័ន្ធថាមពលអគ្គិសនីដើម្បីបានជាផលប្រយោជន៍របស់បងប្អូននៅទីនេះ។ ឥឡូវការកសាង(បណ្តាញ) ៣៣គីឡូ ដែលប្រជាពលរដ្ឋនឹងបានទទួលផលបច្ចុប្បន្ន ៦៦៣គ្រួសារ នៅតាតៃលើ ២៦៤គ្រួសារ ដែលយើងការតភ្លើង ១៨គីឡូម៉ែត្រ ចំណាយថវិកា ៤៤ម៉ឺនដុល្លារ ជិតកន្លះលានដុល្លារ នៅឃុំជំនាប់ដែលឆ្លងកាត់ភូមិជំនាប់ និងភូមិច្រកឫស្សី ៣គីឡូ មាន ១៤២គ្រួសារ ចំណាយថវិកា ៦ម៉ឺន៦ពាន់ដុល្លារ ឃុំប្រឡាយដែលមាន ភូមិប្រឡាយ ភូមិសំរោង ភូមិទ័ពឃ្លៃ ភូមិតាងិន និងភូមិចំណារ មាន ២៥៧គ្រួសារ ត្រូវតភ្លើង ១២គីឡូ ឆ្ងាយ ១២គីឡូ ប្រើថវិកាជិត ៣០ម៉ឺនដុល្លារ។ អញ្ចឹងសរុបមកយើងរៀបបណ្តាញតភ្លើងទៅដល់ ៦៦៣គ្រួសារ។ ខ្ញុំជឿថាក្នុង ១០ឆ្នាំទៀត មិនមែនតែ ៦៦៣គ្រួសារទេ អាចចូលដល់ពាន់គ្រួសារ។ គ្រាន់តែអ្នកនៅនេះតូចៗមិញនេះ ប៉ុន្មានឆ្នាំទៀតមានប្រពន្ធមានកូនកើតកូនតទៀតបាត់ហើយ … ឥឡូវយើងរាយបង្គោលអស់ហើយ នៅតខ្សែ។ តាមផែនការនៅតាតៃលើគឺត្រូវធ្វើបញ្ចប់នៅខែមករា ឆ្នាំ២០២៤ នេះ គឺនៅខែក្រោយមួយខែទៀត។ អញ្ចឹង២ខែទៀតបានភ្លើងហើយ។ បានតភ្ជាប់ខ្សែទៅដល់នោះ។ ឥឡូវតភ្ជាប់ទៅឃុំជន្លាប់ នៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយឃុំប្រឡាយ សរុបទាំងអស់ទាំង ៣ឃុំនេះ គឺគម្រោងផែនការធ្វើយ៉ាងណាឱ្យបានក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤​​ មិនមែន​ ២០៣២ ទេ។ ខកខានមក ៨ឆ្នាំហើយ កុំឱ្យចាំ៨ឆ្នាំទៀត។ ធ្វើដើម្បីផលជូនប្រជាពលរដ្ឋឱ្យបានតែម្ដង។ កិច្ចការនេះគឺយើងធ្វើដោយទទួលខុសត្រូវ បងប្អូនប្រជាពលរដ្ឋ។

(២៣) ​ជាមាជិកមួយនៃពិភពផែនដី កម្ពុជាអនុវត្តគោលនយោបាយកសាងថាមពលអគ្គិសនីកាត់បន្ថយផលប៉ះពាល់ជាការបំរែបំរួលអាកាសធាតុ

ទី៣ គឺការទទួលខុសត្រូវទៅដល់បរិស្ថានរួមរបស់សកលលោក ដែលយើងថាការប្រែប្រួលនៃអាកាសធាតុ។ តាម​ពិត ធាតុផ្សំមួយនៃបញ្ហាធ្វើឱ្យអាកាសធាតុពិភពលោកកើន(កំដៅ) គឺការបញ្ចេញឧស្ម័នពុលទៅក្នុងបរិស្ថាន (green house) តាមរយៈរោងចក្រសហគ្រាសច្រើននៅលើពិភពលោក … (ពិភពលោកបាន)ដាក់គោលដៅធ្វើម៉េចកុំឱ្យសីតុណ្ហភាពមានកំណើនលើសពី ១,៥ ដឺក្រេក្នុងមួយឆ្នាំ ដើម្បីកុំឱ្យទឹកកកនៅប៉ូលខាងជើងវារលាយលឿន ដែលនឹងធ្វើអោយទឹកឡើងជន់លិចតំបន់ផ្សេងៗ។ យើងមិនអាចធ្វើរបងឬធ្វើបន្ទប់ដាក់កម្ពុជាដាច់ដោយឡែកពីគេទេ ព្រោះខ្យល់បើ្ររួមគ្នា។ ខ្យល់ព្យុះនៅហ្វីលីពីនអាចប៉ះមកដល់នៅភ្នំពេញ។ ភាពរាំងស្ងួតនៅទ្វីបអាស៊ី អាចប៉ះពាល់ដល់យើង។ បើនិយាយពីការចូលរួមនៅក្នុងការប៉ះពាល់នោះ កម្ពុជាតូចណាស់។ កម្ពុជាបញ្ចេញឧស្ម័នពុលតិចណាស់។ ប្រទេសឧស្សាហកម្មធំៗលើពិភពលោកមានរោងចក្រច្រើន។ កម្ពុជាក្នុងនាមជាប្រទេសទទួលខុសត្រូវ ជាមាជិកមួយនៃពិភពផែនដី យើងត្រូវចូលរួមនៅក្នុងការអនុវត្តគោលនយោបាយកសាងថាមពលអគ្គិសនី ដែលកាត់បន្ថយផលប៉ះពាល់ដោយការបំរែបំរួលអាកាសធាតុ … កម្ពុជាទទួលខុសត្រូវចំពោះកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស លើបរិស្ថាន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងធនធានធម្មជាតិ និងសត្វនៅក្នុងតំបន់ដែលអភិវឌ្ឍនៅក្នុងប្រទេស ហើយចូលរួមធានានូវបរិស្ថាននិងអា​កាសធាតុពិភពលោក។ កម្ពុជាគឺយើងបានធ្វើកិច្ចការច្រើនមកហើយ …។

(២៤) កិច្ចការធំ៥  សំរាប់អន្តរកាលវិស័យថាមពល

ក្នុងសម្រាប់អាណត្តិទី៧ នេះ នៅថ្ងៃទី១១ តុលា មួយខែមុននេះ ខ្ញុំបានប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល ដឹក​នាំសម្របសម្រួលការងារអន្តរកាលវិស័យថាមពលលើកិច្ចការងារធំ ៥។ ទី ១ ជំរុញការអនុវត្តការងារប្រសិទ្ធភាពថាមពល ស្របទៅតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុវត្ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។ ទី ២ បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុនកំណត់នៅកម្ពុជា … សូមប្រកាសឱ្យហើយ។ បើសិនអ្នកណាចង់មកវិនិយោគធ្វើរោងចក្រផលិតអគ្គិសនីដោយធ្យូថ្មនៅកម្ពុជា សូមកុំមកនាំតែខាតលុយជិះយន្តហោះទេ …។

នៅខែវិច្ឆិកា កាលពីឆ្នាំ ២០២១ ហើយនៅខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ខ្ញុំបានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព ៧០០មេហ្គាវាត់មួយនៅ បទុមសាគរ នៅខេត្តកោះកុង ដែលមានការសិក្សាច្រើនហើយពីសមិទ្ធលទ្ធភាព។ ប៉ុន្តែ អត់ចាំពេលណាទេ ខ្ញុំបានសម្រេចឱ្យបញ្ឈប់ ហើយបានឱ្យពិភាក្សាពិនិត្យប្តូរលទ្ធភាពគម្រោងនេះពីផលិតដោយធ្យូងថ្មទៅជាផលិតដោយអគ្គិសនីដុតឧស្ម័ន LNG វិញ។ គំរោង ៧០០ មេហ្គាវាត់ ដែលយើងគ្រោងធ្វើធ្យូងថ្មនេះមិនបាច់ធ្វើទៀតទេ ដូរទៅជា LNG វិញ ព្រោះ LNG ហ្នឹងបំ​ពុលបរិស្ថានតិចជាងធ្យូងថ្ម។ ជាមួយគ្នានេះ ខ្ញុំក៏បានអនុញ្ញាតឱ្យជាគោលការណ៍ឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យលទ្ធភាពឈានទធ្វើការជាមួយក្រុមហ៊ុនដែលមានស្រាប់ក្នុងការផលិតអគ្គិសនីតាមធ្យូងថ្មនេះ ដើម្បីបញ្ចប់ការផលិតក្នុងពេលឆាប់មុនកាលកំណត់យ៉ាងណា ព្រោះយើងមានកុងត្រារយៈពេល។ យើងពិនិត្យលទ្ធភាពជាក់ស្តែង។ ប៉ុន្តែទោះយ៉ាងណាការពង្រីកការផលិតដោយប្រើធ្យូងថ្មយើងលែងមាន។

ទី៣ ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត

ទី៤ លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ឬ EV ដែលបានផលប្រយោជន៍សំខាន់២ … ទី១ ការប្រើប្រាស់ថាមពលដោយការប្រើម៉ូទ័រអគ្គិសនីគឺមានប្រសិទ្ធភាពប្រើប្រាស់ជាងម៉ូទ័រឥន្ធនៈ។ ការធានាការប្រើប្រាស់ថាម​ពលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ ក៏ដូចជាកាត់បន្ថយចំណាយ។

ឧទាហរណ៍៖ ទូរស័ព្ទដៃខ្លះ សាកថ្មតែម្តងប្រើបាន ៣ទៅ៤ថ្ងៃ។ បើទូរស័ព្ទស្មាតហ្វូនអាច ២ថ្ងៃ បើ Nចុចពិលវិញអាច ៥ថ្ងៃឯណោះ។ ទូរស័ព្ទកាលពី ២០ឆ្នាំមុន បង្កើតមកអាធំៗ … សាកមួយដងហ្នឹង ប្រើបានតែមួយកំណាត់ថ្ងៃអស់ហើយបើប្រើច្រើន។ ឥឡូវវាកាន់តែតូច ស៊ីថ្មកាន់តែតិច បានន័យថាថាមពលវាយូរ ឧបករណ៍ប្រើថ្មកាន់តែតិច។ ឥឡូវគេបង្កើតរថយន្តប្រើអគ្គិសនីដើម្បីកុំឱ្យថ្លៃប្រេងឡើង។ ឥឡូវថ្លៃប្រេងឡើងម៉េចក៏ដោយបើយើងទៅចាក់សាំងហ្នឹងវាឡើងចុះហើយ។ ប្រេងយើងនាំចូល។ បើគេវាយគ្នានៅណានៅណីយើងពិបាកទប់ តែថ្លៃអគ្គិសនីដែលមួយផ្នែកបានពីប្រភពកកើត យើងអាចជួយបាន។ ឥឡូវឡានមួយចំនួនប្រើអគ្គិសនី។ គេប្រើអាគុយសាកមួយយប់ ព្រឹកឡើងជិះបាន ៤០០ ទៅ ៥០០គីឡូ មិនបាច់ចាក់សាំង។ ខ្លះគេប្រើសូឡាដាក់លើដំបូល។ យើងខិតខំរកបច្ចេកវិទ្យាបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់។ មួយវិញទៀត ប្រជាពលរដ្ឋក៏អាចចូលរួមដោយផ្ទាល់នៅក្នុងការកាត់បន្ថយនូវអាជាតិពុលផងដែរ … ម៉ូតូជិះមួយហ្នឹងដឹកទៅហ្នឹងក៏វាធាតុផ្សំដែរ។ ម៉ូតូមួយម៉ឺនគ្រឿង ម្នាក់បញ្ចេញឧស្ម័នកាបូនិកតែបន្តិចទៅហ្នឹងគឺវាធ្វើឱ្យច្រើនដូចគ្នាដែរ។ ស្មើរោងចក្រមួយ …។

(២៥) ជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដែលជាបច្ចេកវិទ្យាបច្ចុប្បន្ននិងទៅអនាគត

ខ្ញុំបានឱ្យ ឯកឧត្តម កែវ រតនៈ សិក្សាពីគម្រោងគម្រូមួយនៅភ្នំពេញ ជាមួយបងប្អូនខាងម៉ូតូកង់បី។ ពិនិត្យមើល។ ហ្នឹងបើសិនអាចជួយបាន ថ្ងៃក្រោយគាត់ប្រើអាហ្នឹងច្រើន បរិស្ថានក៏ល្អ ហើយធានាតម្លៃ ធានាមានថាមពល កាត់បន្ថយចំណាយរបស់គាត់។ រឿងសាំងឡើងចុះ ជារឿងមួយ តែបន្ដិចទៀតប្រើអគ្គិសនីប្រើអីច្រើនជួយជីវ​ភាពរស់នៅរបស់ប្រជាពលរដ្ឋដែរ។ យើងសិក្សាមើលអ្វីដែលអាចធ្វើបាន។ ធ្វើអ្វីមួយ យើងសុទ្ធតែដាក់គម្រូ មិនអាចទៅបង្ខំប្រជាពលរដ្ឋបានទេ ហើយក៏មិនត្រូវបង្ខំគាត់ដែរ ត្រូវឱ្យគាត់ស្ម័គ្រចិត្តចូលរួម តាមរយៈការបង្ហាញថា​ ប្រើរបស់ហ្នឹងបានផលល្អជាងរបស់គាត់។​ ដូចនៅទីនេះអញ្ចឹង។ ប្រជាពលរដ្ឋដែលពីឆ្នាំ ២០១៥ ព្រួយបារម្ភ គិតថាមិនចង់បានខ្សែតង់ស្យុងហ្នឹងទេ ប្រើសូឡាប្រើអីបានហើយ ដល់តែមើលទៅអ្នកឫស្សីជ្រុំបានអគ្គិសនីដូចទំនងដែរ (មានអគ្គិសនី)២៤ម៉ោង។ អញ្ចឹងគាត់ចង់បាន។ រឿងយានយន្តប្រើអគ្គិសនីដូចគ្នា។ យើងខិតខំរកមក តែមិនបង្ខំ(ឱ្យប្រើប្រាស់)ទេ។

កន្លែងខ្លះគឺលើកយោបល់តាំងពីមុនខ្ញុំក្លាយជានាយករដ្ឋមន្រ្តីថា “នៅកម្ពុជាគួរតែដាក់គោលការណ៍ហាមមិនឱ្យយកឡានជជុះចូល”។ ដាច់ខ្យល់បាត់ហើយ។ ត្រូវតែឱ្យទិញឡានថ្មីទាំងអស់គ្នា។ បើមិនបើកជម្រើសឱ្យប្រជាជន(ជ្រើសរើស) តម្លៃរបស់គាត់ ពេលណាដែលតម្លៃសមរម្យ គាត់មានលទ្ធភាពធូរធារ គាត់ប្រាកដជាទិញឡានល្អ។ បើទិញឡានចាស់វាពិបាកជួសជុល តែយើងត្រូវធ្វើម៉េចឱ្យជីវភាពរបស់គាត់កើន ឱ្យគាត់ឃើញពីតម្លៃ។ EV ក៏ដូចគ្នា ពេលដែលប្រជាពលរដ្ឋឃើញយើងសាកល្បងជាមួយប្រជាពលរដ្ឋប៉ុន្មានក្រុម ដែលគាត់ស្ម័គ្រចិត្តចូល គាត់ធ្វើទៅបាន ឃើញផលល្អ អ្នកផ្សេងទៀតចូលដោយការស្ម័គ្រចិត្ត … យើងខិតខំស្រាវជ្រាវរកអ្វីដែលល្អជួយដល់ប្រជាពលរដ្ឋ ហើយឱ្យគាត់បានឃើញផលដើម្បីឱ្យគាត់បានទទួលដោយស្ម័គ្រចិត្ត … អញ្ចឹងជម្រុញអោយទទួលប្រើប្រាស់ EV ព្រោះជាបច្ចេកភាពបច្ចុប្បន្ននិងទៅអនាគត ហើយកម្ពុជាត្រូវមានបុរេសកម្ម ប្រមើលមើលអនាគត ហើយខិតខំរកបច្ចេកវិទ្យាយកឱ្យប្រជាពលរដ្ឋយើង …។

អ្នកខ្លះមិនដែលមកស្រុកខ្មែរ។ ខ្ញុំបានជួបពេលគាត់មកបុណ្យអុំទូក។ គាត់ថា “ចុម! នៅកម្ពុជារបស់ទំនើបម្លេះ?” គាត់ស្មានថានៅកម្ពុជាអត់មានអី។ គាត់ខានមកយូរ។ តិចថា អ្នកភ្នំពេញអត់ដែលមកថ្មបាំង ឬអារ៉ែង … តិចថាមកដល់ប្រជាពលរដ្ឋ(នៅតំបន់ហ្នឹង)អត់មាន smart phone។ តិចទូរស័ព្ទចាញ់អ្នកថ្មបាំង។ ត្រូវតែជម្រុញឱ្យបងប្អូន(មានទំនើបកម្ម) តែត្រូវបង្កើនឱ្យប្រជាពលរដ្ឋបានដឹង បានយល់ ហើយជីវភាពគាតកាន់តែអាចមានលទ្ធភាពទទួលយកបាន។ នេះជាគោលដៅសំខាន់របស់យើង …។

[ចប់សេចក្ដីអធិប្បាយ២]

ដូចនេះ ដើម្បីជំរុញការប្រើប្រាស់យាន-យន្តអគ្គិសនី ក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី និងការបង្កើតទីតាំងស្ថានីយបញ្ចូលអគ្គិសនីទាំងរបស់រដ្ឋ និងឯកជន ដែលស្របតាមស្តង់ដារបច្ចេកទេស សុវត្ថិភាពឱ្យបានច្រើនកន្លែងទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(២៦) មានសន្តិភាពនិងស្ថេរភាព កម្ពុជាមានឱកាសរៀនសូត្រ និងលទ្ធភាពបង្កើនជីវភាព

ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការគោលនយោបាយ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មានក្រសួងសាធារណការ មានរ៉ែនិងថាមពល ក្រសួងដែលពាក់ព័ន្ធខ្លះទៀត ដើម្បីរៀបចំផែនការអនុវត្តមួយឱ្យមានសង្គតិភាព។ យានយន្តអគ្គិសនី ត្រូវមានផ្លូវ។ វាត្រូវពាក់ព័ន្ធទៅហ្នឹងភ្លើងសាកថ្មកំណត់តម្លៃយ៉ាងម៉េច ត្រូវ(គិតពី)បរិស្ថាន ត្រូវគិតគូរទាំងអស់ គិតពីតម្លៃជាមួយនឹងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ … យើងគិតគូរជាកញ្ចប់រួមតែម្ដង។ យើងបាន(ធ្វើ)ដំណើរជាបណ្ដើរៗ។ អញ្ចឹងបានថា កម្ពុជាមិនធម្មតាទេ។ ទំនើបកម្មក៏មិនអន់ដែរ ឱ្យតែមានឱកាសមានលទ្ធភាព។ កម្ពុជាមានឱកាស២ ទី១ បរិស្ថានលែងវាយគ្នា អាចមានឱកាសរៀនសូត្រ និងទី២ ឱកាសមានលទ្ធភាពបង្កើនជីវភាពរស់នៅរបស់ខ្លួន

[ចប់សេចក្ដីអធិប្បាយ៣]

ជាមួយគ្នានេះដែរ ក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យរៀបចំការផ្តល់សេវាកម្មផ្គត់ផ្គង់ថាមពល និងកំណត់ថ្លៃលក់អគ្គិសនីដល់អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ឱ្យបានសមរម្យ នៅក្នុងកិច្ចការងារនេះ។

ទី៥ ធ្វើការងារការទូតផ្នែកថាមពលបៃតងទាក់ទាញការគាំទ្រ និងការផ្តល់ហិរញ្ញប្បទានសម្បទានសំរាប់ធ្វើការអភិវឌ្ឍ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

(២៧) កម្ពុជាខិតខំផលិតអគ្គិសនីពីប្រភពកកើតឡើងវិញអោយបាន៧០% នៃប្រភពទាំងអស់ នៅឆ្នាំ ២០៣០

អ្វីដែលកម្ពុជាមាននេះ គឺជាគ្រាប់ពេជ្រមួយ។ កម្ពុជាគិតគូរនិងដើរមុនរួចទៅហើយ។ ថ្ងៃនេះ ក្រុមការងាររបស់យើងបានចេញទៅប្រជុំនៅ COP28 នៅទីក្រុងឌូបៃ អារ៉ាប៊ីសាអូឌីត គឺសន្និសិទសកលលោក ស្ដីអំពី “ការប្រែប្រួលអាកាសធាតុ”។ កម្ពុជាមានមោទនភាពអាចប្រកាសនៅទីនោះតែម្ដងអំពីបុរេសកម្មនិងការដែលកម្ពុជាបានសម្រេចបានមកដល់ម៉ោងនេះ។ ឥឡូវគ្រាន់តែថាមពលអគ្គិសនីពីប្រភពកកើត(ឡើងវិញ) យើងមាន ៦២ភាគរយ នៅក្នុងប្រភពសរុបទៅហើយ។ ប្រទេសខ្លះនៅក្នុងតំបន់ទើបតែ ២ភាគរយ ៣ភាគរយទេ។ ប្រទេសក្រៅពី​ហ្នឹង សុទ្ធតែធ្យូងថ្មសុទ្ធតែអីទាំងអស់។ កម្ពុជាមាន ៦២ភាគរយទៅហើយ(បានពីប្រភពកកើតឡើងវិញ)។ ការប្ដេជ្ញាចិត្តរបស់យើង គឺខិតខំធ្វើឱ្យបាន ៧០ភាគរយ យ៉ាងហោចណាស់នៅឆ្នាំ២០៣០ នេះ។ នេះគឺជាគោលការណ៍ទាក់ទាញខ្លាំងណាស់។ ឥឡូវពិភពក៏កំពុងតែចាប់អារម្មណ៍ធ្វើការវិនិយោគលើកទឹកចិត្តទៅដល់ប្រទេសណា ដែលការអនុវត្តគោលការណ៍អំណោយផលក្នុងការចូលរួម(ការពារ)បរិស្ថាន។ សូមអំពាវនាវ និងយក(គំរោងផលិតអគ្គីសនីពី)ប្រភពនេះ ដើម្បីទៅទាញការវិនិយោគពីក្រៅ រួមទាំងវិនិយោគពីប្រទេសចិនមកថែមទៀតផង ដើម្បីបង្កើតនូវកំណើនសេដ្ឋកិច្ច ការងារជូនប្រជាពលរដ្ឋ និងរក្សានូវកំណើននេះ បានផលដល់ប្រជាជន រីកចម្រើនដោយសមធម៌និងមានចីរភាព …។

[ចប់សេចក្ដីអធិប្បាយ៤]

ចំពោះការងារទាំង ៥ ខាងលើនេះ ខ្ញុំព្រះករុណាខ្ញុំស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ និងសម្របសម្រួលឱ្យអស់លទ្ធភាពជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើយ៉ាងណាយើងអាចសម្រេចគោលដៅរបស់យើង ជាពិសេសឆ្នាំ ២០៣០ ឱ្យប្រភពកកើតនេះ មិនតិចជាង ៧០% ដើម្បីប្រទេសយើងក្លាយទៅជាគោលដៅថាមពលស្អាត (Clean Energy Destination) សម្រាប់វិស័យទេសចរណ៍ ការវិនិយោគ។

ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមជម្រាបជូនអង្គពិធីទាំងមូលបន្ថែមថា ដើម្បីជំរុញការធ្វើអព្យាក្រឹតភាពកាបូនក្នុងវិស័យថាមពល កម្ពុជាត្រូវការអភិវឌ្ឍប្រព័ន្ធស្តុកថាមពលទុក ដើម្បីអាចមានលទ្ធភាពបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដែលប្រែប្រួលឡើងចុះលឿនមិនទៀងទាត់ទៅតាមកត្តាធម្មជាតិ។

តាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក្រសួងរ៉ែ និងថាមពល កំពុងសាកល្បងអភិវឌ្ឍគម្រោងប្រព័ន្ធអាគុយស្តុកថាមពលទុក ជាមួយនឹងការអំពាវនាវឱ្យក្រុមហ៊ុនគ្រប់គ្រងគម្រោងអគ្គិសនី កំពង់ដំណើរការ ឬកំពុងសាងសង់ ជួយធ្វើការសិក្សាបឋម សក្ដានុពល បង្កើតស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក pumped storage hydropower នៅក្នុងតំបន់ភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]

យើងផលិតហើយ តែអត់មានអាគុយស្ដុកទុក យើងអត់មាននិរន្តរភាពទេ។​ ដូចសូឡារបស់បងប្អូនអញ្ចឹង។ មានផ្ទាំងសូឡា។ ផ្ទាំងសូឡាហ្នឹងគឺវាចូលមកអាគុយដើម្បីស្ដុកទុក។ ពេលយប់(អំពូលសូឡា)ភ្លឺ ព្រោះព្រះអាទិត្យមិនអាចរះ ២៤ម៉ោងទេ។ បើព្រះអាទិត្យរះ ២៤ម៉ោង អ្នកធ្វើវារីអគ្គិសនីផលិតអគ្គិសនីលែងដាច់ហើយ។ ដើម្បី​ឱ្យនៅពេលព្រះអាទិត្យលិចពេលយប់នៅមានភ្លើង(បំភ្លឺ) យើងត្រូវមានអាគុយសម្រាប់បន្ត … បន្ដិចទៀតយើងមានភ្លើង ២៤ម៉ោងហើយ។ អត់អីទេ … នៅកន្លែងនេះត្រៀមសិក្សារៀបចំ pump storage យើងនៅនេះ ១០០០ មេហ្គាវ៉ាត់ដែលធ្វើនៅទីនេះតែម្ដង។

[ចប់សេចក្ដីអធិប្បាយ៥]

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំអបអរចំពោះក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ដែលបានសិក្សាស្រាវជ្រាវនិងរកឃើញទីតាំងគម្រោងវារីអគ្គិសនីតាតៃលើដែលកំពុងសាងសង់នេះ មានសក្តានុពល និងមានលក្ខណៈភូមិសាស្ត្រអំណោយផល អាចអភិវឌ្ឍវារីអគ្គិសនីបូមទឹកស្តុកទុក (Pumped Storage Hydropower) អានុភាព ១ ០០០ មេហ្កាវ៉ាត់ ដែលអាចឱ្យកម្ពុជាធ្វើការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ឬខ្យល់ ទំហំ ២០០០ មេហ្គាវ៉ាត់បន្ថែមទៀត ផ្គុំជាមួយប្រព័ន្ធស្តុកថាមពលនេះ ដោយយកថាមពលមួយផ្នែកមកបូមទឹកស្តុកទុក ដោយបញ្ចេញថាមពលនៅពេលអាកាសធាតុមានការប្រែប្រួលចុះឡើង។ អំណោយផលដ៏ល្អនេះ នឹងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីសម្រាប់ឆ្នាំ២០២៨ និងឆ្នាំបន្តបន្ទាប់ ដោយការអភិវឌ្ឍប្រភពអគ្គិសនីក្នុងស្រុក និងអាចពិនិត្យលទ្ធភាពបន្ថយថ្លៃលក់អគ្គិសនីសម្រាប់ឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់តទៅទៀត។ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ការស្នើសុំធ្វើការសិក្សាសមិទ្ធិលទ្ធភាពនិងការស្នើធ្វើការវិនិ​យោគរបស់ក្រុមហ៊ុនលើគម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកតាតៃលើនេះ ដែលជាបច្ចេកវិទ្យាថ្មីលើកទី១ ក្នុងប្រវត្តិសាស្រ្តនៃវិស័យថាមពលអគ្គិសនីរបស់កម្ពុជា និងជាការចាប់ផ្តើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។ យើងមិន(ត្រឹមមតែ)សាងសង់ទីនេះមួយទេ តែយើងបង្កើតសមិទ្ធផលប្រវត្តិសាស្រ្តបន្ថែម ដែលជាសមិទ្ធផលសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងតំបន់ នេះគឺសូមធ្វើការស្វាគមន៍ និងយើងសិក្សាបន្តទៅទៀត។

ដូច្នេះ ខ្ញុំស្នើឱ្យគណៈកម្មាធិការអន្តរស្ថាប័នដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា រួមគ្នាធ្វើការជាមួយក្រុមហ៊ុន ពិនិត្យការសិក្សាសមិទ្ធិលទ្ធភាព និងការវិនិយោគគម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ ដើម្បីឱ្យទាន់ពេលវេលាជាមួយការសាងសង់អាងស្តុកទឹកគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលត្រូវប្រើរួមគ្នា។

ដើម្បីជម្រុញឱ្យការងារនេះ ប្រព្រឹត្តិទៅបានជោគជ័យ និងមានប្រសិទ្ធភាព ហើយថែមទាំងការចែងចែកបាននូវផលលាភជូនដល់ប្រជាជននៅតាមមូលដ្ឋាន និងតាមសហគមន៍ប្រកបដោយបរិយាប័ន្ន ខ្ញុំសូមដាក់ចេញនូវអនុសាសន៍បន្ថែមសម្រាប់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធឱ្យអនុវត្តដូចតទៅ៖

ទី១ សួមឱ្យគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ត្រូវយកចិត្តទុកដាក់ជាមួយនឹងការទទួលខុសត្រូវខ្ពស់ចំពោះការគ្រប់គ្រងកិច្ចដំណើរការនៃការសាងសង់វារីអគ្គិសនី ស្របទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវគុណភាព គុណសម្បត្តិរបស់គម្រោង សម្រាប់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងដោយមិនមានបច្ច័យអាក្រក់ណាមួយ ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាននិងមនុស្ស។

ទី២ ក្រុមហ៊ុនត្រូវបន្តកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយនឹងក្រសួងរ៉ែ និងថាមពល អាជ្ញាធរដែនដីខេត្តកោះកុង អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យគម្រោងនេះ ដំណើរការទៅបានដោយរលូន។ ទន្ទឹមនឹងនោះ ខ្ញុំព្រះករុណាខ្ញុំ​ សូមស្នើក្រសួងរ៉ែ និងថាមពល និងក្រសួងស្ថាប័នពាក់ព័ន្ធ សូមយកចិត្តទុកដាក់អនុវត្តភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនតាមស្មារតីនៃកិច្ចព្រមព្រៀងអនុវត្តគម្រោង។

ទី៣ គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវបន្តនូវកិច្ចសហការល្អជាមួយក្រសួងរ៉ែ និងថាមពល ជម្រុញការអនុវត្តគម្រោងផ្សេងៗទៀត ដូចជាគម្រោងវារីអគ្គិសនី គម្រោងខ្សែបញ្ជូនថាមពល និងគម្រោងអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម ដើម្បីធ្វើឱ្យប្រទេសយើងមានអគ្គិសនីប្រើប្រាស់គ្រង់គ្រាន់ មានថ្លៃសមរម្យ ការផ្គត់ផ្គង់អគ្គិសនីមួយប្រកបដោយស្ថិរភាព ឯករាជ្យភាព និងឈានទៅដល់ការធ្វើពាណិជ្ជកម្មអគ្គិសនីជាមួយនឹងប្រទេសជិតខាង និងប្រទេសក្នុងតំបន់ផងដែរ។

ទី៤ បន្តលើកទឹកចិត្តដល់វិនិយោគិនឱ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត នៅក្នុងវិស័យថាមពល ជាពិសេសវិស័យថាមពលកកើតឡើងវិញ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាស្ថានីយបញ្ចូលថាមពលអគ្គិសនីជាដើម។

ទី៥ លើកកម្ពស់ និងផ្សព្វផ្សាយឱ្យមានការយល់ដឹងជាសាធារណៈ និងការចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តគោលនយោបាយជាតិស្ដីពី ប្រសិទ្ធភាពថាមពល ២០២២-២០៣០ ទាំងក្នុងវិស័យសាធារណៈនិងឯកជន។

មុននឹងបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលជានិច្ចកាល តែងតែផ្ដល់ការគាំទ្រយ៉ាងសស្រាក់សស្រាំ ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។  ខ្ញុំព្រះករុណាខ្ញុំ ក៏សូមកោតសរសើ និងអបអរសាទរដល់ក្រុមហ៊ុន SINOMACH ដែលបានខិតខំយកចិត្តទុកដាក់​ដែលបានខិតខំយកចិត្ដទុកដាក់សាងសង់គម្រោងស្របតាមផែនការរហូតឈានដល់ដំណាក់កាលបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនី។

ជាទីបញ្ចប់ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ បដិភាណ៖ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ចាប់ពីពេលនេះតទៅ។ ថ្ងៃនេះ ក៏មានរៀបចំជូនបុគ្គលិក កម្មករ សរុប ៨១០នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល។ ជូនសាលាស្រុកថ្មបាំង ថវិកា ២លានរៀល។ និងជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៣លានរៀល។ ជាថ្មីម្ដងទៀត សូមឱ្យអគ្គិសនីកម្ពុជា បន្តរុញភ្លើងឱ្យដល់(តំបន់នេះ)ក្នុងខែកុម្ភៈ តាមផែនការរបស់យើងជូនអ្នកថ្មបាំងបន្ថែម។ អញ្ចឹងសូមអបអរសាទរទុកឱ្យហើយ។ សូមអរព្រះគុណ និងសូមអរគុណ៕


Selected Comments Samdech Moha Bovor Thipadei Hun Manet, at the river closing ceremony of the Tatai Leu hydropower (150 MW)

[Unofficial translations]

*************

CMF:

(1) The development of the electricity sector depends on two factors – first, a favorable environment and second, the right policy

In his report, HE Keo Rattanak highlighted the progress of our electricity sector, which has been present in our country since 1906. By this time, we have made a lot of progress. I would like to commend the Ministry of Mines and Energy, as well as the Electricity of Cambodia, and relevant networks, both public and private, for their efforts in contributing to the expansion of coverage. In the report of His Excellency Keo Rattanak, just now, as you have heard, our progress so far depends on two major factors – the first is the favorable environment, and the second is the right policy. What is a favorable environment? The biggest favorable environment is peace and stability.

When I am talking about peace and stability, some people accuse me of (holding on to leadership method of a) dictatorship. (But let me ask) if there were no peace, would it be possible for us to climb through a concrete road and sit on a mountain – Phnom Reah, as we just did. Originally, not to mention a source of energy to help develop the villages and communes in Russey Chrum […] if we look at the history for this place, […] from 1970 to 1975, it was a place to gather and hide the troops from the Lon Nol’s troop’s destructive effort. From 1975 to 1979, it was a hideout where the senior resistant leaders such as Say Phu Thong and Samdech Pichey Sena Tea Banh mobilized resistant forces. It was a place where the Khmer Rouge sought after (the resistance). Even after 1979, it was still a place of fighting. There are not many people living here because of Khmer Rouge’s firing activities […]

That we can celebrate this event today is the result of peace. We need to remember the important people who worked hard to realize our goal to transform the war-torn country and end the war […] what we can accomplish here is the testimony […]

(2) Due to the war, infrastructures went backwards until 1998

Speaking of the energy sector […] the country started to produce electricity in 1906 and the effort had continued during the Sangkum Reasnyum era […] although not yet covering as much as 98% of the country, we noticed there were a lot of works accomplished at that time. We had The Electricity Cambodia working. Due to the war, the country’s infrastructure went backwards till 1998. At that time​​, there was no infrastructure like we have now. It was very fragmented and dilapidated. No matter if you are in Koh Kong,​ Thmar Bang, Russey Chrum, even in Phnom Penh there was no electricity for 24 hours […] if peace does not prevail, there is no favorable condition and what was built before would melt, and went backward […]

When there is peace […] we will have concrete achievements […] and the actual one is the fact that (we have been able to change the) power supply in 1998, which was only 150 MW nationwide, […] to 4,495 MW in 2022, according to figures provided […] we have built a national substation transmission system that was not in existence in 2008, […] and some 90,000 km of distribution lines from high voltage lines […]

(3) Let us be called a dictator than being incompetent and letting war break out

One media (posted) an old timer (opposition saying) the Cambodian government is pursuing a demagogical approach. Whatever the government is doing is just for publicity, and it is not real. I would advise him to go ask millions of people who come to enjoy the Water Festival in Phnom Penh whether the crowd was just for filming? […] the 89,000 kilometer (high voltage line) is a factual achievement. People have real access to electricity […] (the provision of electricity) has now covered some 98% of the villages throughout the country. There are 3,280,000 houses with access to electricity […] it is a quantifiable achievement […]

Every time the government says it determines to maintain peace and stability at all costs, (the opposition) always says that (in doing so the government) is a dictatorship. If our determination to keep the peace and stability are accused of being a dictator, I think I would let them call me so rather the people call me the incapable who let the war happen and (killing) returns […] I do not want the people to name the government of the seventh legislative term, which (continues to manage and protect the achievements of the previous) governments that strives to unite the nation (incapable of maintaining peace) […]

(4) Continue to develop electricity/energy sector with three responsibilities

Now, the energy sector development policy, and here we are working on electricity, has continued with three responsibilities […] whereas the first responsibility is to promote the lives of people across the country and to move the economy forward, […] the second is to consider the impact on the environment, human and animals, […] and the third is being one of the countries on the face of this earth, Cambodia participates in caring for the environment, especially to help prevent in the global climate change […]

The first responsibility is that the Royal Government has the duty to set goals to continue to promote national economic growth, reduce poverty, and increase the living standards of the people throughout the country […] from a war-torn country to a country with complete peace, from a place where its people were unstable and without peace into a place where people can develop, live and prosper. From a poor country with bare hands from 40 years ago to a country with a low middle income. We aim to become a high middle income and rich country by 2050 to improve the lives of people […]

Regarding the development of the electricity sector […] we aim to boost electricity not only to solve the need to charge the phone but for children to study at night, rather than burning kerosene. It will be easier to have electricity for every work than to depend on generator […] so, electricity is responding to the need for living and for expanding development in all areas […]

Being energy secured and energy independent are the goals that we set out and move towards. Energy security ensures that we can produce our own energy when needed […] this energy security is very important for people and for the economy as it provides a stable supply […] that would not leave us prone to energy price fluctuation just because there are wars elsewhere. That is because we do not have electricity that we produce in our country. We are trying to avoid that hiccup from happening, especially by constructing hydropower plants, which is a source (energy) produced locally and ensure stability. In recent years, when our neighboring countries raise oil prices, we were trying to do two things – firstly, to ensure plenty of electricity production, and secondly, to maintain a reasonable price […]

His Excellency Keo Rattanak (mentioned that) we are able to lower (the price to) encourage – (although) not much, for a period of three months – for some agricultural and industrial enterprises. We are looking into the possibility of lowering (electricity prices) in the field related to tourism to encourage consumption. Asked if the state will lose or gain from doing that? […] in addition to the loss incurred this year, the state has planned another US$ 100 million as subsidies […] to keep the cost of electricity stable for people […] the state is willing to lose so that people can get lower electricity prices […]

That countries raised the price of electricity we have tried to keep (the prices where they are) and the state is willing to lose by implementing the first goal to help people’s livelihoods so that they do not have difficulties […], and second, to help maintain the stability of economic development in every sector that may work well should the electricity price is low […]

(5) Principles and six-points plan to promote the electricity sector

We have five key priorities – people, roads, water, electricity and technology. Electricity is important for its supporting role. Therefore, for the seventh legislative term, the Royal Government has set out a policy to continue the development of the electricity sector as followed:

First, to promote the development of the electricity sector to ensure that all parts of Cambodia have adequate electricity supply. I request the Ministry of Mines and Electricity of Cambodia and the Electricity Authority of Cambodia to find ways to supply electricity to the more than 1% of villages that do not yet have access to electricity before 2030 […]

Second, to modernize the provision of services to customers to use electricity to be more modern, easier to get services, consistency, price reduction, payment is also easier. Do not let this incident happen – while the price is going down, but it is difficult to do payment […]

Third, to examine the possibility of providing preferential prices and lowering the price of electricity for the people. So far, we have done a lot – from (the price of electricity was at) thousands of riels to now hundreds […]

Fourth, to promote Cambodia’s participation in the energy transition towards a carbon neutral society in line with current global trends […]

Fifth, to promote the participation of the private sector in the investment and business of providing electricity services, […] and

Sixth, to strengthen and expand international cooperation both inside and outside the region in the energy sector […]

(6) Study and figure out long-term impacts of hydropower construction

The second responsibility is to take into account the impacts on environment and human in the hydropower developed areas in our country […] in fact, each hydropower project, with careful planning before taking shape, from start to finish, will take 18 years […] why is that so? It takes two to four years to take into account the environmental impacts […] the results of investment, productivity, economy and society to the people, how it fits with the negative impacts on the people and how to help them. Some places take years to study […]

After that, it is the negotiating phase about technical matters. How to build it to reduce the impact. Negotiate financial matters on how to help people provide electricity at an affordable price, not at a price that is difficult to obtain for the people. So, it would spend at least another four to five years before the actual construction starts. In total, it would take 18 years to get a hydropower up and going […]

(7) No construction of hydropower along the Mekong River; 33 km of electricity network for people in 3 communes

In the sixth legislative term (under the leadership of) Samdech Techo, the Royal Government decided not to build hydropower on the Mekong River. No matter how favorable the location, we will not do it […] so as not to have ecological impacts along the Mekong and Tonle Sap rivers […] the Royal Government of the 7th legislative term will continue to implement the principle of not building and developing any hydropower along the Mekong River […] we need electricity for our growth, but look for places where construction has a manageable impact. Of course, construction anywhere has an impact […]

The Royal Government through Electricite du Cambodge (EDC) will promote the extension of the network to the people in Ta Tai commune on the border of Pralay commune in Thmar Bang district, where we have invested more than 800,000 USD on 33 km of network to supply electricity to people’s homes. We did not build it in 2015 because of people’s worriedness (instigated by) a group of environmental activists, including foreigners, saying, “do not trust the government, to no avail, leave it as is, stay the way you are, use the generator” […] however, before the election in the middle of 2023, Electricite du Cambodge (EDC) reported to the government that the people from these three communes – Tatai Leu, Chumnuab and Pralay communes “wanted” (the power supply) […] the government decided to provide at the people’s request (the power grid of) 33 km to supply the electricity to the above three communes soon […]

The Khmer proverb goes “late is better than never” and it is true, isn’t it? We had lost peace for 500 years. It had protracted our efforts in nation building. As of this moment, we have realized (peace and basic development). In this regard, to have peace after 500 years of war is a chance that we long for, and better than never. Now, let’s take care of it together. Energy as well […] please take care, support and benefit from that to develop and grow the household economy […] let us make Thmar Bang district a prosperous one, a district with touristic potential, and other developments […] do not let the district be an inaccessible area and/or hideout where people escape the killings of the 1970s, and sending troops to fight and chase each other until 1997 and 1998. Make it a place where people can travel in and out, to have outsiders to visit and insiders to go abroad […]

(8) As one of the countries in the world, Cambodia implements the policy of building electricity that reduces the impact on climate change

Third is the responsibility for the global environment, which we call climate change. In fact, one of the components of global warming is the release of greenhouse gases through the world’s many factories, which increases temperatures by more than 1.5 degrees per year. (We have to take due actions) in order to prevent the Arctic ice from melting too fast that it would not flood different areas. We cannot make a fence or make a room for Cambodia separately […] Cambodia is very small. Cambodia emits very little greenhouse gas […] but as a responsible member of the world, Cambodia participates in the implementation of policies to build electricity to reduce the impact of climate change […] Cambodia is responsible for economic growth and people’s livelihoods throughout the country as well as for the environment, both natural resources and animals in the development areas in the country, and contribute to ensuring the environment and global climate […]

(9) Five major tasks for the energy sector transition

For this seventh term, on October 11, one month ago, I assigned the Ministry of Mines and Energy to coordinate the transition of the energy sector on five major tasks. First, to promote the implementation of energy efficiency in accordance with the National Policy on Energy Efficiency 2022-2030, which the Royal Government has implemented and in accordance with the planned action. Second, stop the development of coal-fired power plants and examine the possibility of having the existing coal-fired power plants to stop operating early in Cambodia […] this November 2023, I have decided to stop the project to develop coal-fired power plants – a 700-megawatt power plant in Botum Sakor, Koh Kong province, which has been studied a lot […] and discussed widely to change the feasibility of this project from coal to LNG […]

Third, update the master plan to increase the use of renewable energy […] fourth, to promote the use of electric vehicles or EVs, which have two main benefits […] first, the use of energy by electric motors is more efficient than fuel motors […] I have asked (the Minister of Mines and Energy) HE Keo Rattanak to study a prototype project in Phnom Penh with tricycles drivers. In the near future, if they can use it, the environment will be good, the price will be guaranteed, the energy consumption will be reduced, and they will reduce their expenses […]

(10) Cambodia strives to generate electricity from renewable to 70% of all sources by 2030

Today our team went to the COP28 conference in Dubai, Saudi Arabia – the Global Conference on “Climate Change”. Cambodia is proud to be able to announce there the progress and achievements that Cambodia has made so far. We have now reached 62% of our electricity produced from renewable sources […] we are committed to take the figure to at least 70% by 2030. The world is also interested in investing in countries that implement favorable principles to participate in protecting the environment. Please take (our electricity generation project from) this source to attract foreign investment, including investment from China, to create economic growth, employment for the people and maintain this growth for the benefit of the people to grow equitably and sustainably. For the above five tasks, I request the relevant ministries and institutions to cooperate and coordinate as much as possible with the Ministry of Mines and Energy in order to achieve the goal, especially in 2030 so that the energy that comes from the renewable source will reach no less than 70% for our country to become a clean energy destination for tourism and investment […]./.

អត្ថបទទាក់ទង