Grand News Asia Close

វិភាគអន្តរជាតិ៖ «សត្រូវថ្មី» របស់អ៊ុយក្រែន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 1144
វិភាគអន្តរជាតិ៖ «សត្រូវថ្មី» របស់អ៊ុយក្រែន វិភាគអន្តរជាតិ៖ «សត្រូវថ្មី» របស់អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ក្នុងសង្រ្គាមអ៊ុយក្រែនមានអាយុ ៦០០ថ្ងៃមកនេះ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏ធំបំផុតដែលអ៊ុយក្រែនមិនអាចខ្វះបាន ដើម្បីបន្ត ធ្វើសង្រ្គាមវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ ប៉ុន្តែ ឥលូវ សហរដ្ឋអាមេរិកបែរប្រែក្លាយជាក្ដីកង្វល់ដ៏ធំមួយសម្រាប់ទីក្រុងកៀវទៅវិញ ក្នុងបរិបទ «សត្រូវថ្មីមួយរបស់អ៊ុយក្រែន» កំពុងលេចមុខឡើងនោះគឺ «ការនឿយណាយនឹងសង្រ្គាមក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច»។

បច្ចុប្បន្ន ជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនកំពុងថយចុះយ៉ាងលឿនរហ័ស រីឯការជាប់គាំងក្នុងសភាអាមេរិកទាំង២ កំពុងរាំងខ្ទប់ ការអនុម័តកញ្ចប់ជំនួយថ្មី ហើយក៏គ្មាននរណាម្នាក់ដឹងថានៅពេលណា ឬក៏ថាតើសភាអាមេរិកអាចដំណើរការពេញលេញឡើងវិញ ឬក៏យ៉ាងណា នោះដែរ? អ៊ុយក្រែនកំពុងប្រឈមមុខនឹងរដូវរងាដ៏លំបាក់សាជាថ្មី ចំពោះមុខភាពមិនច្បាស់លាស់ បន្ទាប់ពីប្រតិបត្តិការវាយបករបស់ខ្លួនមិនអាច ទម្លុះខ្សែការពារសំខាន់ៗរបស់រុស្ស៉ីនៅសមរភូមិ។ មិនតែប៉ុណ្ណោះ ក្នុងពេលដែលលោកខាងលិច តួយ៉ាងសហរដ្ឋអាមេរិកបង្វែរចំណាប់អារម្មណ៍លើ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា រុស្ស៉ីឯណោះវិញកំពុងបង្កើនការផលិតអាវុធ និងស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តមួយចំនួន តូចដូចជាកូរ៉េខាងជើង និងអ៉ីរ៉ង់ជាដើម។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធានាចំពោះ អ៊ុយក្រែនថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែនទាំងក្នុងពេលបច្ចុប្បន្ន និងនៅអនាគត។ ប៉ុន្តែ លោក Austin ក៏ដឹងច្បាស់ដែរពីអំណាចរបស់ក្រុម អ្នកនយោបាយសាធារណរដ្ឋមួយចំនួនតូច ក្នុងសភាអាមេរិក និងតុល្យភាពអំណាចក្នុងសភាដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមសមាជិក សភា «ប្រកាន់នយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ» ជាពិសេសនៅក្នុងសភាតំណារាស្ត្រអាមេរិកតែម្ដង ជាទីដែលមនុស្សម្នាក់ដែល ក្រុមអ្នកនយោបាយទាំងនេះគាំទ្រ កំពុងអង្គុយលើកៅអីជាប្រធានសភាតំណាងរាស្ត្រ។ ចាប់តាំងពីខែកញ្ញាមក សភាអាមេរិកបានបោះឆ្នោតអនុម័ត ២លើក លើកញ្ចប់ថវិកា បញ្ចៀស «ការបិទរដ្ឋាភិបាលសហព័ន្ធ»​​ តែក៏បានដកចេញនូវជំនួយយោធាសម្រាប់អ៊ុយក្រែន ២លើកផងដែរ។

ព្រឹទ្ធសភាអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ កំពុងប្រឹងប្រែងអនុម័តកញ្ចប់ជំនួយឱ្យបានក្នុងខែធ្នូនេះ មុននឹងរដ្ឋាភិបាលលោក បៃដិន ត្រូវប្រឈមមុខនឹងការបិទផ្នែកខ្លះជាថ្មីនៅខែមករា ឆ្នាំ២០២៤។ លោក ចូ បៃដិន បានស្នើសុំកញ្ចប់ថវិកាពីសភាអាមេរិក ១០៦ពាន់លានដុល្លារ ក្នុងនោះមាន ៦១ពាន់លានដុល្លារទុកបញ្ជូនឱ្យអ៊ុយក្រែន ហើយនៅសល់ទុកសម្រាប់អ៉ីស្រាអែល និងអាទិភាពផ្នែកសន្តិសុខជាតិ។ ក្រុមតំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ ត្រូវបានគេរាយការណ៍ថាបានស្នើឱ្យមានការដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ នៅឯ ព្រំដែនអាមេរិក និងម៉ិកស៉ិក​ ជាថ្នូរនឹងជំនួយសម្រាប់អ៊ុយក្រែន តែបញ្ហានេះភាគីទាំងសងខាងនៅតែមានការខ្វែងគំនិតគ្នា។

ប្រសិនបើមិនមានការសម្រុះសម្រួលណាមួយនៅមុនថ្ងៃបុណ្យណូអែលទេ សមាជិកសភាអាមេរិកខ្លះមានការព្រួយបារម្ភថាការអនុម័តកញ្ចប់ជំនួយអាចនឹង ត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤ ហើយប្រសិនបើលោក ដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតី អាមេរិកជាថ្មី នោះកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនអាចនឹងត្រូវដល់ទីបញ្ចប់ក៏ថាបាន បើលោកពិតជាធ្វើតាមអ្វីដែលលោកបានសន្យា។ ជាសាធារណៈ មេដឹកនាំអ៊ុយក្រែនរួមទាំងលោក ហ្សេលេនស្គី បានច្រានចោលការលើកឡើងដែលថាសហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយជំនួយយោធា។ «ខ្ញុំមិនជឿនោះទេថា វានឹងកើតឡើង»។ ជាការលើកឡើងរបស់លោក Andriy Yermak ជាមនុស្សជំនិតម្នាក់របស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាមួយការអះអាងថា លោកផ្ទាល់បានមើលឃើញពីការគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំពីគណបក្សទាំង២ អំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែវិច្ឆិកា។

ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាង ៧៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន ខណៈបណ្ដាប្រទេសអឺរ៉ុបបូកបញ្ចូលគ្នាបានផ្ដល់ជំនួយយោធាជាង ១០០ពាន់លានដុល្លារ។ មន្ទីរបញ្ចកោណបាននិយាយថាខ្លួននៅសល់កញ្ចប់ថវិកា ៥ពាន់លានដុល្លារ ក្រោមសិទ្ធិអំណាចប្រធានាធិបតី presidential drawdown authority ឬ pda ដើម្បីផ្គត់ផ្គង់ឱ្យអ៊ុយក្រែនជាមួយអាវុធយកចេញ ពីឃ្លាំងស្ដុក និងនៅសល់ត្រឹម ១ពាន់លានដុល្លារទុកសម្រាប់ការបំពេញស្ដុកអាវុធឡើងវិញ។ ដោយសារតែការថយចុះចំនួនអាវុធក្នុងស្ដុកនៅទូទាំងបណ្ដា ប្រទេសលោកខាងលិច គួបផ្សំនឹងវិបត្តិនៅមជ្ឈិមបូព៌ា និងបញ្ហារវាងចិន និងតៃវ៉ាន់ផងនោះ ក្រុមអ្នកជំនាញយល់ថាសហរដ្ឋអាមេរិកអាចនឹងមានភាពស្ទាក់ស្ទើរ ក្នុងការផ្ដល់ជំនួយឱ្យអ៊ុយក្រែនច្រើនហួសពីអ្វីដែលពួកគេអាចទិញមកវិញបាននោះទេ។

កញ្ចប់ជំនួយនៅក្រោម pda សម្រាប់អ៊ុយក្រែន បានថយចុះពីអត្រាមធ្យមជាង ១ពាន់លានដុល្លារក្នុងមួយខែមកនៅត្រឹម ៣៥០លានដុល្លារ កាលពីខែតុលា និងមកនៅត្រឹម ២៥០លានដុល្លារកាលពីខែវិច្ឆិកា។ កញ្ចប់ជំនួយយោធាក្រោមគំនិតផ្ដួចផ្ដើម Ukraine Security Assistance Initiative (usai) មានទំហំ ទឹកប្រាក់ ១៨ពាន់លានដុល្លារ ក៏កំពុងថយចុះផងដែរ។ លើសពីនេះទៅទៀត អ្វីដែលសំខាន់គឺការផ្លាស់ប្ដូររដ្ឋាភិបាលនៅអ៉ឺរ៉ុប ក៏កំពុងជាបញ្ហាចោទដែរ។ ជាឧទាហរណ៍ គណបក្សស្ដាំនិយមជ្រុលហូឡង់ Freedom Party របស់លោក Geert Wilders ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីពេលថ្មីៗ បានប្រឆាំងជំទាស់នឹងការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដែលនេះបានបង្កជាការសង្ស័យថាតើហូឡង់នឹងនៅតែអាចដឹកនាំក្រុមចម្រុះផ្គត់ផ្គង់យន្ដហោះចម្បាំង F-16 ដល់អ៊ុយក្រែន តទៅទៀតដែរឬក៏យ៉ាងណា? ចំណែក ស្លូវ៉ាគីវិញ រដ្ឋាភិបាលថ្មីក៏បានបញ្ឈប់ការផ្ដល់ជំនួយដល់អ៊ុយក្រែនរួចហើយដែរ។ ប៉ុន្តែ អ្នកដែល អ៊ុយក្រែនព្រួយបារម្ភជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ពីព្រោះថាបើគ្មានអាមេរិកទេ អឺរ៉ុបក៏ប្រហែលជានឹងមិនអាចបន្តជួយអ៊ុយក្រែនទៀតបាននោះដែរ។

គួរបញ្ជាក់ថា បើតាមលោក Michael Kofman ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Carnegie Endowment for International Peace អ៊ុយក្រែនធ្លាប់បានប្រើប្រាស់ គ្រាប់កាំភ្លើងធំទាំងប្រភេទ១៥២មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ ចន្លោះពី ២២០,០០០គ្រាប់ ដល់ ២៤០,០០០គ្រាប់ក្នុងមួយខែ។ បច្ចុប្បន្ន តួលេខនេះ បានធ្លាក់មក នៅត្រឹមចន្លោះពី៨០,០០០ ដល់៩០,០០០គ្រាប់ក្នុងមួយខែ តែការផលិតគ្រាប់កាំភ្លើងធំរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប គឺមានចំនួនតិចជាងចំនួនគ្រាប់កាំភ្លើងធំ ដែលអ៊ុយក្រែនបានប្រើនេះទៅទៀត។ ពោលគឺអាមេរិក ផលិតបានគ្រាប់កាំភ្លើងធំ ២៨,០០០គ្រាប់ក្នុងមួយខែ និងអឺរ៉ុបផលិតបាន ២៥,០០០គ្រាប់ក្នុងមួយខែ។ ការផលិតរបស់លោកខាងលិចកំពុងកើនឡើងពិតមែន តែវាត្រូវការពេលយ៉ាងហោចមួយឆ្នាំ ឬច្រើនជាងនេះដើម្បីអាចបំពេញស្ដុករបស់ពួកគេឡើងវិញ និងអាចផ្គត់ផ្គង់ឱ្យអ្នកដទៃ។

ផ្ទុយពីអ៊ុយក្រែន រុស្ស៉ីវិញត្រូវបានគេរាយការណ៍ថាកំពុងបង្កើនការផលិតអាវុធ និងថែមទាំងមានការគាំទ្រពីកូរ៉េខាងជើងទៀតផង។ លោក Michael Kofman បាននិយាយថាបើសហរដ្ឋអាមេរិក បញ្ឈប់ ឬកាត់បន្ថយការគាំទ្រ អ៊ុយក្រែនឹងមិនអាចបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំថ្មីណាមួយទៀតនោះទេ។ ពាក្យសម្ដី ស្រដៀងគ្នានេះ លោក ពូទីន ក៏ធ្លាប់បាននិយាយដែរថាបើមិនមានការគាំទ្រពីលោកខាងលិចទេនោះ អ៊ុយក្រែននឹងត្រូវចាញ់ទាំងស្រុង ក្នុងពេលតែមួយសប្ដាហ៍ ប៉ុណ្ណោះ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង