Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកពាក់ព័ន្ធគ្រប់រូប ជួយឱ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅដោយជោគជ័យ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 379
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកពាក់ព័ន្ធគ្រប់រូប ជួយឱ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅដោយជោគជ័យ សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកពាក់ព័ន្ធគ្រប់រូប ជួយឱ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅដោយជោគជ័យ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក បានប្រព្រឹត្តទៅដោយរលូន​ និងប្រកប​ដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើត​ស្នាមញញឹមដល់មហាគ្រួសារខ្មែរ​ និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី​។
សម្តេចធិបតី បានគូសរំលេចតាមបណ្តាញសង្គមនាព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា នេះថា «ភាពជោគ​ជ័យនេះ​ អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តា​ក្រុមការងារពាក់ព័ន្ធ​ ជាពិសេស​កងកម្លាំងគ្រប់ប្រភេទ​ ដែលបានលះបង់ពេលវេលា​ និងកម្លាំងកាយចិត្តធ្វើយ៉ាង​ណា​ធានាឱ្យបានសេចក្តីសុខ​ សុវត្ដិភាព​ សណ្តាប់ធ្នាប់សាធារណៈ​ និងបង្កលក្ខណ:គ្រប់បែបយ៉ាង​ ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត»។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងក្នុងនាមសម្តេចផ្ទាល់​ សម្តេចធិបតី ថ្លែងអំណរគុណដល់ក្រុមការងារ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ​ខ្ពស់​ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការសម្អាត​ដោយធានាបាននូវសោភ័ណភាព​ និងអនាម័យ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ​ សិល្បៈ​ការីនីទាំងអស់​ ដែលបានផ្តល់ផ្ទាំងទស្សនីយភាពរីករាយ​ និងការរាំលេងកំសាន្តគ្រប់ទីកន្លែង​ដល់​មហាជន​ ប្រកបដោយភាពស្រស់ស្រាយ​ និងសប្បាយអឺងកង។
សូមបញ្ជាក់ថា បន្ទាប់ពីការខកខានអស់រយៈពេលប្រមាណ៣ឆ្នាំជាប់គ្នា ព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែត​ប្រទីប​ និងសំពះព្រះខែ​ អកអំបុកដែលជាព្រះរាជបវេណីរបស់ខ្មែរ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិ​ក​រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។ ក្នុងព្រះរាជពិធីរយៈពេល៣ថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមទាំងអ្នកទេសចរបរទេសផង ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយក្តីរីករាយបំផុត។
ក្នុងនោះគេបានសង្កេតឃើញថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលំអរតាមបរវេណ​ដងទន្លេ​យ៉ា​ងស្រស់បំព្រងសម្រាប់ជាទីទស្សនា និងកម្សាន្ត។ ដោយឡែកសន្តិសុខ សណ្តាប់ធ្នាប់ ក៏ត្រូវបានយក​ចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ និងកងកម្លាំបពាក់ព័ន្ធគ្រប់ប្រភេទ ជាហេតុធ្វើឱ្យព្រះរាជពិធីរយៈ​ពេល៣ថ្ងៃមិន​មាន​បាតុភាពមិនល្អណាមួយកើតឡើងនោះឡើយ។
ទិដ្ឋភាពដ៏រីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ ធ្វើឱ្យគេមើលឃើញពីតម្លៃសុខសន្តិភាព និងសមត្ថភាពនៃការរៀបចំរបស់រាជរដ្ឋាភិបាលប្រកបដោយភាពល្អប្រសើរ៕

 

អត្ថបទទាក់ទង