សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ លី ឈាវមីង មេបញ្ជាការកងទ័ពជើងគោកចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ លី ឈាវមីង (General Li Qiaoming) មេបញ្ជាការកងទ័ពជើងគោកចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះដែរ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ លី ឈាវមីង។
ក្នុងជំនួបនេះ សមភាគីទាំងពីរ បានបង្ហាញនូវមោទកភាពចំពោះទំនាក់ទំនងក្នុងប្រវត្តិសាស្រ្តជាង ២,០០០ឆ្នាំ រវាងកម្ពុជា-ចិន ក៏ដូចជាការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៨ ដែលជាស្នាព្រះហស្ថ និងស្នាដៃដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ ដែលត្រូវបានពូនជ្រុំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ លី ឈាវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ក្នុងប្រវត្តិសាស្រ្តទំនាក់ទំនងកងទ័ពជើងគោកប្រទេសទាំងពីរ ដែលការណ៍នេះ នឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕