សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការពង្រឹងជាចក្ខុវិស័យសុខាភិបាល ត្រូវពង្រឹងពីថ្នាក់មូលដ្ឋាន ឡើងដល់ថ្នាក់ជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានកំពុងផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងគុណភាពវិស័យសុខាភិបាល ដោយចាប់ផ្ដើមពីថ្នាក់មូលដ្ឋានឡើងទៅថ្នាក់ជាតិតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ដើម្បីពង្រឹងគុណភាពសុខាភិបាល រដ្ឋាភិបាលនឹងធ្វើយ៉ាងណាឲ្យគ្រូពេទ្យសុខាភិបាលមានក្រមសីលធម៌ និងវិជ្ជាជីវៈ ដាក់ពង្រាយពេទ្យតាមមណ្ឌលសុខភាពក្នុងមូលដ្ឋាន ជាមួយនឹងការផ្គត់ផ្គង់ឱសថ និងសម្ភារៈពេទ្យឲ្យបានគ្រប់គ្រាន់ទៅដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា ស្របពេលត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងអាគារព្យាបាល និងការរៀបចំប្រព័ន្ធឌីជីថលតាមមណ្ឌលសុខភាព នេះជាការធ្វើជាជំហានៗ ក្នុងការពង្រឹងចក្ខុវិស័យ ត្រូវពង្រឹងចាប់ពីពេលនេះទៅ តាំងថ្នាក់មូលដ្ឋាន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្តទាំងអស់៕