Grand News Asia Close

ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 190
ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
 
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង នាឱកាសនេះ និងសម្តែងការអបអរសាទរជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ទំនាក់ទំនងរវាងកម្ពុជា-ឡាវ នឹងកាន់តែរីកចម្រើនទៅមុខ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្វាយព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានសម្តែងនូវការអបអរសាទរផងដែរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ ។
 
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឱកាសនៃជំនួបនេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ។ ចំពោះទិសដៅទៅមុខ សម្តេចធិបតី បានគាំទ្រការបន្តអនុវត្ត “លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម ដូចដែលមានការរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ។
 
ជារួម ថ្នាក់ដឹកនាំទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៩ មក និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាអាទិ៍៖ វិស័យការពារជាតិ, អប់រំ, ថាមពល, ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” ។
 
ជាចុងក្រោយ ឯកឧត្តមប្រធានរដ្ឋឡាវ បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឡាវ ហើយ សម្តេចធិបតី បានទទួលយកការអញ្ជើញនេះប្រកបដោយក្តីសោមន្សរីករាយ ដោយនឹងកំណត់យកកាលបរិច្ឆេទសមស្របណាមួយ នាពេលខាងមុខ ៕
 

អត្ថបទទាក់ទង