សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការគាំទ្ររបស់ប្រជាពលរដ្ឋ គឺកើតចេញពីការមើលឃើញលទ្ធផលជាក់ស្តែងនៃការអភិវឌ្ឍ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចង់បានបេះដូង និងការគាំទ្ររបស់ប្រជាពលរដ្ឋ មិនមែនបានមកពីការនិយាយពិរោះនៅលើវេទិកានោះទេ ប៉ុន្តែគឺលទ្ធផលជាក់ស្តែងដែលបានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ទើបធ្វើឱ្យពួកគាត់ជឿនិងគាំទ្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ២៥០០នាក់ ដែលពិធីនេះ ប្រារព្ធធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល គឺផ្អែកទៅលើការមើលឃើញផ្ទាល់ភ្នែក លឺផ្ទាល់ត្រចៀក រួចហើយទើបពួកគាត់ធ្វើការវិនិច្ឆ័យច្បាស់លាស់ណាស់មុននឹងផ្តល់ការគាំទ្រមកលើរាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដូច្នេះដើម្បីបានឱកាសបម្រើប្រជាពលរដ្ឋបន្តទៀត យើងត្រូវតែខិតខំបម្រើប្រជាជន ឱ្យបានលទ្ធផលជាក់ស្តែងដល់ប្រជាជន ដែលមិនមែនជាគោលនយោបាយប្រជាភិថុតិនោះទេ ដាច់ខាតមិនកុហកប្រជាពលរដ្ឋនោះឡើយ៕